ជំពូកទី ២០
ព្រះអម្ចាស់ទ្រង់ចាត់ឲ្យអាំម៉ូនទៅមិឌដូណៃ ដើម្បីជួយដោះលែងបងប្អូនលោកដែលជាប់គុក — អាំម៉ូន និងឡាម៉ូណៃ ជួបនឹងបិតារបស់ឡាម៉ូណៃ ដែលជាមហាក្សត្រគ្រប់គ្រងលើដែនដីទាំងមូល — អាំម៉ូនបង្ខំឲ្យស្ដេចចាស់យល់ ព្រមជួយដោះលែងបងប្អូនលោក។ ប្រមាណជាឆ្នាំ ៩០ ម.គ.ស.។
១ហើយហេតុការណ៍បានកើតឡើងថា កាលពួកគេបានតាំងសាសនាចក្រមួយឡើងនៅលើដែនដីរួចហើយ នោះស្ដេចឡាម៉ូណៃមានព្រះទ័យចង់ឲ្យអាំម៉ូនទៅជាមួយនឹងទ្រង់ ទៅកាន់ឯដែនដីនីហ្វៃ ដើម្បីទ្រង់អាចបង្ហាញលោកដល់បិតារបស់ទ្រង់។
២ហើយសំឡេងនៃព្រះអម្ចាស់បានបន្លឺមកអាំម៉ូនថា ៖ អ្នកមិនត្រូវឡើងទៅឯដែនដីនីហ្វៃទេ ត្បិតមើលចុះ ស្ដេចនៅទីនោះនឹងស្វែងរកជីវិតអ្នក តែអ្នកត្រូវទៅឯដែនដីមិឌដូណៃវិញ ត្បិតមើលចុះ ប្អូនអ្នកឈ្មោះ អើរ៉ុន ព្រមទាំងមូឡូកៃ និងអាំម៉ាផងកំពុងតែជាប់គុកនៅទីនោះ។
៣ឥឡូវនេះ ហេតុការណ៍បានកើតឡើងថា កាលអាំម៉ូនបានឮយ៉ាងនោះហើយ នោះលោកបានទូលទៅឡាម៉ូណៃថា ៖ មើលចុះ ប្អូនទូលបង្គំ និងបងប្អូនទូលបង្គំកំពុងតែជាប់គុកនៅដែនដីមិឌដូណៃ ហើយទូលបង្គំនឹងទៅទីនោះ ដើម្បីដោះលែងពួកគេ។
៤ឥឡូវនេះ ឡាម៉ូណៃបានមានបន្ទូលទៅអាំម៉ូនថា ៖ យើងដឹងថា ដោយនូវកម្លាំងនៃព្រះអម្ចាស់ នោះលោកនឹងអាចធ្វើបាននូវការណ៍គ្រប់យ៉ាង។ ប៉ុន្តែមើលចុះ យើងនឹងទៅជាមួយនឹងអ្នកទៅឯដែនដីមិឌដូណៃ ព្រោះស្ដេចដែនដីមិឌដូណៃ ដែលមាននាមថា អាន់ទីអុមណូ គឺជាមិត្តរបស់យើង ហេតុដូច្នេះហើយ យើងនឹងទៅដែនដីមិឌដូណៃ ដើម្បីយើងអាចលួងលោមស្ដេចនៃដែនដីនោះ ឲ្យទ្រង់ដោះលែងបងប្អូនអ្នកឲ្យរួចពីគុក។ ឥឡូវនេះ ឡាម៉ូណៃមានបន្ទូលទៅលោកថា ៖ តើនរណាប្រាប់អ្នកថា បងប្អូនអ្នកកំពុងតែជាប់គុក?
៥ហើយអាំម៉ូនទូលទៅទ្រង់ថា ៖ គ្មានអ្នកណាប្រាប់ទូលបង្គំទេក្រៅពីព្រះ ហើយទ្រង់បានប្រាប់ទូលបង្គំថា — ចូរទៅដោះបងប្អូនអ្នក ព្រោះពួកគេកំពុងតែជាប់គុកនៅដែនដីមិឌដូណៃ។
៦ឥឡូវនេះ កាលឡាម៉ូណៃបានឮការណ៍នេះ នោះទ្រង់បញ្ជាឲ្យពួកអ្នកបម្រើរៀបចំសេះ និងរាជរថទាំងឡាយឲ្យបានស្រេច។
៧ហើយទ្រង់បានមានបន្ទូលទៅអាំម៉ូនថា ៖ តស់ យើងនឹងទៅជាមួយនឹងអ្នក ចុះទៅដែនដីមិឌដូណៃ ហើយនៅទីនោះ យើងនឹងអង្វរស្ដេចឲ្យទ្រង់ដោះលែងបងប្អូនអ្នកឲ្យរួចពីគុក។
៨ហើយហេតុការណ៍បានកើតឡើងថា កាលអាំម៉ូន និងឡាម៉ូណៃ កំពុងតែធ្វើដំណើរទៅទីនោះ ស្រាប់តែគេបានជួបនឹងបិតារបស់ឡាម៉ូណៃ ដែលជាមហាក្សត្រលើដែនដីទាំងអស់។
៩ហើយមើលចុះ បិតារបស់ឡាម៉ូណៃ បានមានបន្ទូលទៅទ្រង់ថា ៖ ហេតុអ្វីបានជាបុត្រមិនបានមករួមក្នុងពិធីបុណ្យជប់លៀងនៅថ្ងៃដ៏មហិមានោះ កាលដែលបិតាបានធ្វើបុណ្យជប់លៀងដល់បុត្រទាំងឡាយ និងប្រជាជនរបស់បិតា?
១០ហើយទ្រង់ក៏បានមានបន្ទូលទៀតថា ៖ តើបុត្រទៅឯណា ជាមួយនឹងសាសន៍នីហ្វៃនេះ ដែលជាកូនចៅនៃមនុស្សភូតកុហក?
១១ហើយហេតុការណ៍បានកើតឡើងថា ឡាម៉ូណៃបានរៀបរាប់ប្រាប់បិតាខ្លួន អំពីទីកន្លែងដែលទ្រង់កំពុងតែទៅ ព្រោះទ្រង់ខ្លាចក្រែងជំទាស់បិតា។
១២ហើយទ្រង់ក៏បានប្រាប់ទៅបិតាដែរ អំពីហេតុដែលធ្វើឲ្យទ្រង់នៅប្រចាំនគររបស់ទ្រង់ ដែលទ្រង់មិនបានទៅរួមក្នុងពិធីបុណ្យជប់លៀង ដែលបិតាទ្រង់បានរៀបចំនោះ។
១៣ហើយឥឡូវនេះ កាលដែលឡាម៉ូណៃបានប្រាប់បិតាខ្លួននូវរឿងអស់ទាំងនេះហើយ មើលចុះ ទ្រង់មានសេចក្ដីអស្ចារ្យជាខ្លាំង ព្រោះបិតាទ្រង់ខឹងនឹងទ្រង់ទៅវិញ ហើយមានបន្ទូលថា ៖ ឡាម៉ូណៃ តើបុត្រនឹងទៅដោះលែងពួកសាសន៍នីហ្វៃទាំងនេះ ដែលជាកូនចៅនៃមនុស្សភូតកុហកឬ? មើលចុះ វាប្លន់ពួកអយ្យកោរបស់យើង ហើយឥឡូវនេះ កូនចៅរបស់វា មកក្នុងចំណោមពួកយើង ដើម្បីនឹងបោកបញ្ឆោតយើងដោយកលល្បិច និងដោយពាក្យភូតកុហក ដើម្បីវាអាចប្លន់ទ្រព្យសម្បត្តិយើងជាថ្មីទៀត។
១៤ឥឡូវនេះ បិតារបស់ឡាម៉ូណៃ បានបញ្ជាឲ្យទ្រង់ប្រហារអាំម៉ូននឹងដាវ។ ហើយទ្រង់ក៏បញ្ជាឡាម៉ូណៃថា ទ្រង់មិនត្រូវធ្វើដំណើរទៅដែនដីមិឌដូណៃឲ្យសោះ តែឲ្យត្រឡប់ទៅដែនដីអ៊ីសម៉ាអែលជាមួយនឹងទ្រង់វិញ។
១៥ប៉ុន្តែ ឡាម៉ូណៃបានមានបន្ទូលទៅទ្រង់ថា ៖ ទូលបង្គំមិនប្រហារអាំម៉ូនទេ ហើយទូលបង្គំក៏មិនត្រឡប់ទៅដែនដីអ៊ីសម៉ាអែលវិញដែរ តែទូលបង្គំនឹងទៅដែនដីមិឌដូណៃវិញ ដើម្បីទូលបង្គំអាចដោះលែងបងប្អូនរបស់អាំម៉ូន ព្រោះទូលបង្គំដឹងថា ពួកគេជាមនុស្សសុចរិត ហើយជាព្យាការីបរិសុទ្ធទាំងឡាយនៃព្រះដ៏ពិត។
១៦ឥឡូវនេះ កាលបិតាទ្រង់បានឮពាក្យទាំងនេះហើយ នោះស្រាប់តែទ្រង់ខឹងនឹងឡាម៉ូណៃ ហើយទ្រង់បានដកដាវបម្រុងនឹងចាក់ឡាម៉ូណៃឲ្យដួលទៅលើដី។
១៧ប៉ុន្តែ អាំម៉ូនបានស្ទុះមក ហើយទូលទៅទ្រង់ថា ៖ មើលចុះ ទ្រង់មិនគួរប្រហារបុត្ររបស់ទ្រង់ឡើយ ទោះជាយ៉ាងណាក៏ដោយ បើបុត្ររបស់ទ្រង់ត្រូវដួលចុះ នោះគង់តែគ្រាន់បើជាងទ្រង់ដែរ ត្បិតមើលចុះ បុត្ររបស់ទ្រង់បានប្រែចិត្តពីអំពើបាបទាំងឡាយរបស់គេ ហើយ ប៉ុន្តែបើសិនជាទ្រង់ត្រូវដួលនៅក្នុងពេលនេះវិញ គឺនៅក្នុងកំហឹងរបស់ទ្រង់ នោះព្រលឹងរបស់ទ្រង់មិនអាចបានសង្គ្រោះឡើយ។
១៨ហើយម្យ៉ាងទៀត ជាការចាំបាច់ដែលទ្រង់ត្រូវស៊ូទ្រាំអត់ធ្មត់ ព្រោះបើសិនជាទ្រង់ប្រហារបុត្ររបស់ទ្រង់ ដែលជាមនុស្សឥតទោស នោះលោហិតរបស់បុត្រទ្រង់នឹងស្រែកពីដី ទៅដល់ព្រះអម្ចាស់ដែលជាព្រះរបស់បុត្រទ្រង់ សូមឲ្យមានការសងសឹកធ្លាក់មកលើទ្រង់ នោះប្រហែលជាទ្រង់នឹងបាត់បង់ព្រលឹងរបស់ទ្រង់ជាមិនខានឡើយ។
១៩ឥឡូវនេះ កាលអាំម៉ូនបានទូលពាក្យទាំងនេះទៅកាន់ទ្រង់ហើយ នោះទ្រង់មានបន្ទូលឆ្លើយមកលោកវិញថា ៖ យើងដឹងថា បើសិនជាយើងប្រហារបុត្ររបស់យើង នោះយើងនឹងកំចាយឈាមនៃជនឥតទោស ព្រោះអីអ្នកទេតើដែលរកបំផ្លាញបុត្រយើង។
២០ហើយទ្រង់យាព្រះហស្តបម្រុងនឹងប្រហារអាំម៉ូនបង់។ ប៉ុន្តែអាំម៉ូនរងដាវទ្រង់ ព្រមទាំងវាយព្រះហស្តទ្រង់បណ្ដាលឲ្យទ្រង់មិនអាចប្រើព្រះហស្តនោះបានឡើយ។
២១ឥឡូវនេះ កាលស្ដេចបានទតឃើញថា អាំម៉ូនអាចប្រហារទ្រង់បាន នោះទ្រង់បានចាប់ផ្ដើមអង្វរអាំម៉ូនឲ្យលើកលែងជីវិតឲ្យទ្រង់។
២២ប៉ុន្តែអាំម៉ូនបានលើកដាវឡើង ហើយទូលទៅទ្រង់ថា ៖ មើលចុះ ទូលបង្គំនឹងចាក់ទ្រង់ លើកលែងតែទ្រង់អនុញ្ញាតឲ្យទូលបង្គំទៅដោះលែងបងប្អូនទូលបង្គំចេញពីគុក។
២៣ឥឡូវនេះ ដោយខ្លាចបាត់បង់ជីវិតរបស់ទ្រង់ នោះស្ដេចមានបន្ទូលថា ៖ បើសិនជាអ្នកលើកលែងជីវិតឲ្យយើង នោះយើងនឹងអនុញ្ញាតឲ្យអ្នកនូវអ្វីដែលអ្នកសូម សូម្បីតែពាក់កណ្ដាលនគររបស់យើងក៏បានដែរ។
២៤ឥឡូវនេះ កាលអាំម៉ូនបានឃើញថា លោកអាចធ្វើឲ្យស្ដេចចំណាស់នេះ ធ្វើតាមបំណងរបស់លោកហើយ នោះលោកក៏ទូលទៅកាន់ទ្រង់ថា ៖ បើសិនជាទ្រង់អនុញ្ញាតឲ្យបងប្អូនទូលបង្គំបានចេញពីគុកមែន ហើយឲ្យឡាម៉ូណៃរក្សានគររបស់ទ្រង់ផង ហើយសូមទ្រង់កុំខឹងនឹងឡាម៉ូណៃ តែអនុញ្ញាតឲ្យឡាម៉ូណៃធ្វើតាមបំណង ទោះជាអ្វីដែលឡាម៉ូណៃយល់ឃើញ នោះទូលបង្គំនឹងលើកលែងជីវិតឲ្យទ្រង់ បើពុំនោះសោតទេ ទូលបង្គំនឹងចាក់ទ្រង់ឲ្យដួលចុះទៅលើដី។
២៥ឥឡូវនេះ កាលអាំម៉ូនបានទូលពាក្យទាំងនេះហើយ នោះស្ដេចក៏ចាប់ផ្ដើមអររីករាយ ព្រោះបានរួចជីវិត។
២៦ហើយកាលទ្រង់បានទតឃើញថា អាំម៉ូនគ្មានបំណងចង់បំផ្លាញទ្រង់ចោលទេ ហើយកាលទ្រង់បានទតឃើញនូវសេចក្ដីស្រឡាញ់ដ៏ធំធេងដែលលោកមានចំពោះឡាម៉ូណៃ ដែលជាបុត្ររបស់ទ្រង់ផងដែរ នោះទ្រង់មានសេចក្ដីអស្ចារ្យជាខ្លាំង ហើយមានបន្ទូលថា ៖ ពីព្រោះអ្នកគ្រាន់តែមានបំណងសូមឲ្យយើងដោះលែងបងប្អូនលោក ហើយសុខចិត្តឲ្យឡាម៉ូណៃ ដែលជាបុត្ររបស់យើងបាននគររបស់ទ្រង់វិញ មើលចុះ យើងនឹងអនុញ្ញាតដល់អ្នកថា បុត្រយើងអាចបាននគររបស់ទ្រង់វិញចាប់ពីពេលនេះរហូតតទៅ ហើយយើងនឹងពុំត្រួតត្រាលើបុត្ររបស់យើងទៀតឡើយ —
២៧ហើយយើងនឹងអនុញ្ញាតដល់អ្នកថា បងប្អូនអ្នកនឹងត្រូវបានដោះចេញពីគុក ហើយអ្នក និងបងប្អូនអ្នកអាចមកជួបនឹងយើងនៅនគររបស់យើង ព្រោះយើងមានបំណងចង់ជួបនឹងអ្នកជាខ្លាំង។ ត្បិតស្ដេចមានសេចក្ដីអស្ចារ្យជាខ្លាំងនឹងពាក្យសម្ដីដែលលោកបានទូល ព្រមទាំងភ្ញាក់នឹងពាក្យពេចន៍ដែលឡាម៉ូណៃ ជាបុត្ររបស់ទ្រង់បានទូលដែរ ហេតុដូច្នេះហើយ ទ្រង់មានព្រះទ័យចង់ដឹងអំពីពាក្យទាំងនោះ។
២៨ហើយហេតុការណ៍បានកើតឡើងថា អាំម៉ូន និងឡាម៉ូណៃបានបន្តដំណើររបស់គេ ឆ្ពោះទៅឯដែនដីមិឌដូណៃ។ ហើយឡាម៉ូណៃបានទទួលការប្រោសប្រណីនៅក្នុងព្រះនេត្រនៃស្ដេចលើដែនដីនោះ ហេតុដូច្នេះហើយ ទើបបងប្អូនរបស់អាំម៉ូន ត្រូវបានដោះលែងពីគុកមក។
២៩ហើយកាលអាំម៉ូនបានជួបនឹងពួកគេហើយ នោះលោកមានចិត្តព្រួយជាខ្លាំង ត្បិតមើលចុះ ពួកគេនៅខ្លួនអាក្រាត ហើយស្បែកគេក៏ដាច់ដាចជាខ្លាំងមកពីត្រូវចងដោយចំណងដ៏ធំៗ។ ហើយពួកគេថែមទាំងមានទុក្ខខាងការអត់ឃ្លាន ការស្រេក និងទុក្ខវេទនាគ្រប់បែបយ៉ាង ទោះជាយ៉ាងណាក៏ដោយ គង់តែពួកគេមានចិត្តទ្រាំទ្រ ចំពោះសេចក្ដីទុក្ខលំបាកអស់ទាំងនេះដែរ។
៣០ហើយការណ៍នោះបានកើតឡើង គឺដោយសារចំណែករបស់គេត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់មនុស្សដែលមានចិត្តរឹងរូស និងក្បាលរឹងលើសលែងទៅទៀត ហេតុដូច្នេះហើយ ប្រជាជនទាំងនោះ មិនព្រមស្ដាប់តាមពាក្យសម្ដីរបស់ពួកគេឡើយ ហើយបានដេញគេចេញ ហើយបានវាយគេ ហើយបានរុញច្រានពួកគេពីផ្ទះមួយទៅផ្ទះមួយ និងពីកន្លែងមួយទៅកន្លែងមួយ រហូតដល់ពួកគេបានមកដល់ដែនដីមិឌដូណៃ ហើយនៅទីនោះ ពួកគេត្រូវបានចាប់យកទៅដាក់គុក ហើយត្រូវចងដោយចំណងដ៏ធំៗ ហើយត្រូវដាក់ក្នុងគុកអស់ជាច្រើនថ្ងៃ ហើយក៏បានរួចដោយសារឡាម៉ូណៃ និងអាំម៉ូន៕