« ពាក្យសម្ដីនៃប្រាជ្ញាវាងវៃ » ប្រធានបទ និង សំណួរ ( ឆ្នាំ២០២៣ )
មគ្គទេសក៍សិក្សាដំណឹងល្អ
ពាក្យសម្តីនៃប្រាជ្ញាវាងវៃ
ក្រឹត្យវិន័យផ្នែកសុខភាពរបស់ព្រះអម្ចាស់ដែលផ្ដល់ពរដល់យើងទាំងខាងរូបកាយ និងខាងវិញ្ញាណ
រូបកាយរបស់មនុស្សគឺជាអព្ភូតហេតុមួយ ។ រូបកាយនីមួយៗត្រូវបានបង្កើតឡើងដោយកោសិកា ជាលិកា សរីរាង្គ និងប្រព័ន្ធដ៏ស្មុគស្មាញទាំងឡាយ ដែលទាំងអស់នេះធ្វើការរួមគ្នាដើម្បីដំណើរការ ។ សូមគិតអំពីការណ៍នេះ—បេះដូងរបស់មនុស្សលោតច្រើនជាង ១០០,០០០ ដងនៅក្នុងមួយថ្ងៃ ។ ខួរក្បាលគ្រប់គ្រងការគិត ការដកដង្ហើម និងគំហើញ រួមជាមួយនឹងដំណើរការជាច្រើនទៀត ។ ហើយរាងកាយថែមទាំងអាចព្យាបាលខ្លួនឯង និងប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគបានទៀតផង ។
ប៉ុន្ដែដូចជាអព្ភូតហេតុអស្ចារ្យទាំងនេះ អ្វីមួយដ៏អស្ចារ្យបំផុតអំពីរូបកាយរបស់មនុស្សនោះគឺថា មនុស្សម្នាក់ៗគឺត្រូវបានបង្កើតឡើងឲ្យដូចជារូបរបស់ព្រះ ( សូមមើល ម៉ូសេ ២:២៧ ) ។ រូបកាយរបស់យើងគឺជាអំណោយមកពីទ្រង់ ។ រូបកាយរបស់យើងជួយយើងសម្រេចគោលបំណងដ៏អស់កល្បជានិច្ចរបស់យើង ដើម្បីប្រែក្លាយកាន់តែដូចជាព្រះ នៅពេលយើងជ្រើសរើសគោរពតាមបទបញ្ញត្ដិរបស់ទ្រង់ ។ យើងអាចថ្លែងអំណរគុណដល់ទ្រង់សម្រាប់អំណោយទាននៃរូបកាយដ៏មានតម្លៃរបស់យើង តាមរយៈការប្រព្រឹត្ដិចំពោះរូបកាយរបស់យើងដោយការថែទាំ និងការគោរព ។ របៀបដ៏សំខាន់មួយដែលយើងអាចធ្វើបែបនេះបាន គឺដោយការរស់នៅតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃ—បានបើកសម្តែងពីគោលការណ៍នៃសុខភាពល្អដែលផ្ដល់ពរដល់យើងទាំងខាងរូបកាយ និងខាងវិញ្ញាណ ។
តើពាក្យសម្ដីនៃប្រាជ្ញាវាងវៃគឺជាអ្វី ?
ពាក្យសម្ដីនៃប្រាជ្ញាវាងវៃ គឺជាវិវរណៈដែលព្រះអម្ចាស់បានប្រទានដល់ព្យាការី យ៉ូសែប ស្ម៊ីធ នៅក្នុងឆ្នាំ១៨៣៣ ដែលឥឡូវនេះត្រូវបានកត់ត្រានៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៩ ។ ពាក្យសម្ដីនៃប្រាជ្ញាវាងវៃបង្រៀនយើងឲ្យបរិភោគរបស់ទាំងឡាយដូចជាគ្រាប់ធញ្ញជាតិ ផ្លែឈើ និងឱសថជារុក្ខជាតិ ហើយជៀសវាងរបស់ទាំងឡាយដូចជាថ្នាំជក់ គ្រឿងស្រវឹង តែ និងកាហ្វេ ។ លើសពីនេះទៀត ព្យាការីបានបង្រៀនថា យើងគួរតែជៀសវាងពី « សារធាតុដែលមានគ្រោះថ្នាក់ ខុសច្បាប់ ឬញៀន ឬអ្វីដែលធ្វើឲ្យបាត់បង់ការវិនិច្ឆ័យ » ផ្សេងទៀត ។ ពាក្យសម្ដីនៃប្រាជ្ញាវាងវៃ និងថ្នាក់ដឹកនាំសាសនាចក្រមិនបានបញ្ជាក់រាល់គ្រប់សារធាតុ ឬការប្រព្រឹត្ដដែលបង្កគ្រោះថ្នាក់ដល់យើងនោះទេ—យើងត្រូវបានលើកទឹកចិត្ដឲ្យប្រើប្រាស់ « ប្រាជ្ញា និងការវិនិច្ឆ័យដែលប្រកបដោយការអធិស្ឋានក្នុងការធ្វើការជ្រើសរើស » ដែលជះឥទ្ធិពលលើសុខភាពរបស់យើង ។
កាលពីដើម ទោះបីជាពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ត្រូវបានប្រទានមក « ពុំមែនដោយព្រះបញ្ញត្តិ ឬការបង្ខំទេ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៩:២ ) អ្នកបម្រើរបស់ព្រះអម្ចាស់បានបង្រៀនចាប់តាំងពីពេលនោះមកថា ការគោរពតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃ គឺជាតម្រូវការសម្រាប់ការទទួលបានពរជ័យពេញលេញនៃដំណឹងល្អដែលបានស្តារឡើងវិញ រួមមានទាំងពិធីបុណ្យជ្រមុជទឹក ការបម្រើបេសកកម្ម និងពិធីការក្នុងព្រះវិហារបរិសុទ្ធ ។
ទិដ្ឋភាពទូទៅនៃប្រធានបទ ៖ ពាក្យសម្ដីនៃប្រាជ្ញាវាងវៃ
មគ្គទេសក៍សិក្សាដំណឹងល្អដែលជាប់ទាក់ទង ៖ ព្រះបញ្ញត្ដិ, ការប្រែចិត្តជឿ, ការគោរពប្រតិបត្ដិ
ផ្នែកទី ១
ពាក្យសម្ដីនៃប្រាជ្ញាវាងវៃគឺជាក្រឹត្យវិន័យរបស់ព្រះអម្ចាស់អំពីសុខភាព
ការពិតដែលថាព្រះអម្ចាស់នឹងប្រទានវិវរណៈដូចជាពាក្យសម្ដីនៃប្រាជ្ញាវាងវៃ បង្ហាញអ្វីមួយដែលសំខាន់អំពីទ្រង់—និងអំពីយើង ។ មនុស្សមួយចំនួនអាចរំពឹងថា សាសនាគឺខ្វល់ខ្វាយតែជាមួយនឹងរឿងរ៉ាវខាងវិញ្ញាណតែប៉ុណ្ណោះ ហើយថារូបកាយរបស់យើងមិនមែនជាបញ្ហាធំដុំអ្វីឡើយ ។ ប៉ុន្ដែនៅក្នុងដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ យើងបានរៀនថា នៅក្នុងព្រះនេត្ររបស់ព្រះ រូបកាយរបស់យើងគឺពិសិដ្ឋ ហើយរូបកាយ និងវិញ្ញាណគឺមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ។ ពាក្យសម្ដីនៃប្រាជ្ញាវាងវៃគឺជាសញ្ញាសម្គាល់នៃសេចក្ដីស្រឡាញ់របស់ព្រះ—ទ្រង់ប្រទានបញ្ញត្ដិនេះដល់យើង ដោយសារទ្រង់សព្វព្រះទ័យឲ្យយើងមានសុខភាពល្អ និងរីករាយ ទាំងខាងរូបកាយ និងខាងវិញ្ញាណ ។
រឿងទាំងឡាយដែលត្រូវពិចារណា
-
ផ្នែកមួយនៃពាក្យសម្ដីនៃប្រាជ្ញាវាងវៃ គឺត្រូវបានបំផុសគំនិតមកពីកង្វល់ដែល អិមម៉ា ស្ម៊ីធ បានមាន ។ សូមអានអំពីការណ៍នេះនៅក្នុង « The Word of Wisdom » នៅក្នុង Revelations in Context ។ បន្ទាប់មក ពេលដែលអ្នកអានវិវរណៈនៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៩ សូមរកមើលសេចក្ដីពិតដែលព្រះបានបើកសម្តែងដែលលើសពីការដោះស្រាយកង្វល់របស់ អិមម៉ា ។ តើវិវរណៈនេះបង្រៀនអ្នកអ្វីខ្លះអំពីព្រះអម្ចាស់ និងរបៀបដែលទ្រង់បង្រៀនបុត្រាបុត្រីរបស់ទ្រង់ ?
-
ព្រះអម្ចាស់បានហៅពាក្យសម្ដីនៃប្រាជ្ញាវាងវៃថា « គោលការណ៍ដោយសេចក្ដីសន្យា » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៩:៣ ) ។ ពេលអ្នកអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៩ អ្នកអាចរាយបញ្ជីគោលការណ៍ និងការសន្យាដែលអ្នករកឃើញ ។ និយមន័យនៃ « គោលការណ៍ » មកពីអែលឌើរ ដេវីឌ អេ បែដណា អាចជួយបាន ៖ « គោលការណ៍នៃដំណឹងល្អគឺជាសេចក្ដីណែនាំមួយដែលផ្អែកលើគោលលទ្ធិដើម្បីឲ្យអនុវត្តសិទ្ធិជ្រើសរើសខាងសីលធម៌តាមផ្លូវសុចរិត ។ » បន្ទាប់ពីធ្វើបញ្ជីរបស់អ្នករួចហើយ សូមជញ្ជឹងគិតអំពីអត្ថន័យនៃការធ្វើតាមគោលការណ៍ទាំងនេះ « ដោយការប្រុងប្រយ័ត្ន និងអំណរអរ » ( ខទី ១១ ) ។ នៅពេលដែលអ្នករស់នៅតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃ តើអ្នកបានកត់សម្គាល់ឃើញព្រះអម្ចាស់រក្សាការសន្យារបស់ទ្រង់យ៉ាងដូចម្តេច ?
សកម្មភាពសម្រាប់ការរៀនសូត្រជាមួយអ្នកដទៃ
-
សូមអានជាមួយគ្នា « រូបកាយរបស់អ្នកគឺពិសិដ្ឋ » ចេញពី ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស ។ បន្ទាប់មកហាត់សមនូវអ្វីដែលត្រូវនិយាយនៅពេលនរណាម្នាក់សួរថា ហេតុអ្វីបានជាយើងមិនធ្វើរឿងដូចជាជក់បារី ឬផឹកគ្រឿងស្រវឹង កាហ្វេ ឬតែ ។ នៅក្នុងការឆ្លើយតបរបស់អ្នក អ្នកប្រហែលជាចង់រួមបញ្ចូលពរជ័យដែលបានសន្យាដល់យើង សម្រាប់ការធ្វើតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃ និងចែកចាយពីមូលហេតុដែលវិវរណៈនេះមានសារៈសំខាន់សម្រាប់អ្នកជាពិសេស ។ និយាយអំពីអ្វីដែលអ្នកបានរៀនចេញពីលំហាត់នេះ និងរបៀបដែលអ្នកអាចប្រើការឆ្លើយតបរបស់អ្នកនៅពេលអនាគត ។
-
បរិបទប្រវត្តិសាស្រ្តអាចជួយយើងឲ្យយល់កាន់តែច្បាស់អំពីពាក្យសម្ដីនៃប្រាជ្ញាវាងវៃ និងហេតុអ្វីយើងធ្វើតាមបញ្ញត្ដិនេះ ។ វីដេអូដូចជា « Word of Wisdom: What Is It? » ( នាទី ៥:០៩ ) ឬ « The Word of Wisdom: Development and Practice » ( នាទី ៥:០៥ ) អាចជួយយើងរៀនអំពីសាវតារនៃវិវរណៈនេះបាន ។ កុមារអាចរីករាយនឹងការមើល « The Word of Wisdom » ( នាទី ២:១០ ) នៅក្នុង ដំណើររឿងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ។ និយាយអំពីមូលហេតុដែលវាមានសារៈសំខាន់សម្រាប់ព្រះដើម្បីបង្ហាញច្បាប់នៃសុខភាពនៅពេលដែលទ្រង់បានបង្ហាញការណ៍នេះ ។ តើអ្នកគិតថាពាក្យសម្ដីនៃប្រាជ្ញាវាងវៃបង្ហាញពីសេចក្តីស្រឡាញ់របស់ព្រះចំពោះបុត្រាបុត្រីរបស់ទ្រង់យ៉ាងដូចម្តេច ? អ្នកក៏អាចពិភាក្សាអំពីរបៀបដែលវីដេអូទាំងនេះអាចជួយអ្នកឆ្លើយសំណួររបស់អ្នកដទៃអំពីពាក្យសម្ដីនៃប្រាជ្ញាវាងវៃបានផងដែរ ។
ស្វែងយល់បន្ថែមទៀត
-
Saints: The Story of the Church of Jesus Christ in the Latter Days, vol. 1, The Standard of Truth, 1815–1846 (2018) ទំព័រ ១៦៦–១៦៨
-
ប្រធានបទប្រវត្តិសាសនាចក្រ « Word of Wisdom ( គ&ស ៨៩ ) » នៅលើបណ្ណាល័យដំណឹងល្អ
ផ្នែកទី ២
ការគោរពប្រតិបត្ដិតាមគោលការណ៍នៃពាក្យសម្ដីនៃប្រាជ្ញាវាងវៃអាចនាំមកនូវពរជ័យផ្នែករូបកាយ និងខាងវិញ្ញាណ
ទោះបីជាពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ស្តាប់ទៅហាក់ដូចជាវិវរណៈអំពីកិច្ចការខាងរូបកាយក្ដី ពរជ័យរបស់វាគឺសម្រាប់ទាំងខាងរូបកាយ និងខាងវិញ្ញាណ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៩:១៨–២១ ) ។ ប្រធាន ប៊យដ៍ ខេ ផាកកឺ បានពន្យល់តាមរបៀបនេះថា ៖ « ខ្ញុំបានដឹង … ថាគោលបំណងចម្បងនៃពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ត្រូវកើតឡើងជាមួយនឹងវិវរណៈ ។… បើមនុស្សម្នាក់ ‹ នៅក្រោមឥទ្ធិពលនេះ › ស្ទើរតែមិនអាចស្ដាប់ការនិយាយធម្មតាផង តើពួកគេអាចឆ្លើយតបទៅនឹងការបំផុសគំនិតខាងវិញ្ញាណ ដែលធ្វើឲ្យអារម្មណ៍ដ៏ទន់ភ្លន់បំផុតរបស់គេរំជួលដោយរបៀបណា ? ពាក្យសម្ដីនៃប្រាជ្ញាវាងវៃមានតម្លៃដូចជាក្រឹត្យវិន័យនៃសុខភាពដែរ វាអាចមានតម្លៃចំពោះវិញ្ញាណអ្នក ជាងចំពោះរាងកាយអ្នកទៅទៀត ។ » ការរក្សាបទបញ្ញត្ដិនេះអាចជួយយើងឲ្យមានព្រះវិញ្ញាណបរិសុទ្ធជាដៃគូរបស់យើង ដូច្នេះយើងអាចទទួលបានវិវរណៈ និងរីកចម្រើននៅលើផ្លូវឆ្ពោះទៅរកជីវិតអស់កល្បជានិច្ច ។
រឿងទាំងឡាយដែលត្រូវពិចារណា
-
ខណៈដែលពាក្យសម្ដីនៃប្រាជ្ញាវាងវៃបង្រៀនយើងឲ្យជៀសវាងរបស់មួយចំនួន វាក៏បង្រៀនយើងឲ្យធ្វើកិច្ចការវិជ្ជមានសម្រាប់សុខភាពរបស់យើងផងដែរ ។ សូមមើលវវីដេអូ « Word of Wisdom » (នាទី ១:៤៨ ) ដើម្បីស្វែងយល់ពីរបៀបដែលបុរសម្នាក់បានផ្លាស់ប្តូរជីវិតរបស់គាត់ដោយការធ្វើតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃបានកាន់តែប្រសើរជាងមុន ។ អែលឌើរ រីឆាដ ជី ស្កត បានបង្រៀន « លំហាត់ប្រាណ ការគេងបានគ្រប់គ្រាន់ និងទម្លាប់នៃការបរិភោគល្អបង្កើនសមត្ថភាពរបស់យើងក្នុងការទទួល និងយល់វិវរណៈ » ។ សូមជញ្ជឹងគិតពីរបៀបដែលអ្នកអាចរស់នៅតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃបានកាន់តែប្រសើរ ។ តើការផ្លាស់ប្តូរទាំងនោះអាចផ្តល់អត្ថប្រយោជន៍ដល់អ្នកខាងវិញ្ញាណ និងជួយអ្នកទទួលបានវិវរណៈដោយរបៀបណា ?
-
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន « រូបកាយរបស់បងប្អូន … គឹជាការបង្កបង្កើតដ៏អស្ចារ្យនៃព្រះ ។ វាជារោងឧបោសថរបស់សាច់ឈាម—ព្រះវិហារបរិសុទ្ធសម្រាប់វិញ្ញាណរបស់បងប្អូន » ។ សូមជញ្ជឹងគិតអំពីពាក្យទាំងនេះ នៅពេលអ្នកអាន កូរិនថូសទី១ ៦:១៩–២០ និង គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៩:១៨–២១ ។ សូមពិចារណាពីរបៀបដែលរូបកាយ និងវិញ្ញាណគឺជាប់ទាក់ទងនឹងគ្នា ។ តើពរជ័យផ្នែករូបកាយ និងខាងវិញ្ញាណអ្វីខ្លះ ដែលអ្នកបានទទួលសម្រាប់ការរស់នៅតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ? អ្នកអាចជញ្ជឹងគិតពីរបៀបដែលការគោរពប្រតិបត្ដិតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃអនុញ្ញាតឲ្យអ្នក « ដំកើងព្រះនៅក្នុងរូបកាយ ហើយក្នុងវិញ្ញាណនៃអ្នករាល់គ្នា » ( កូរិនថូសទី១ ៦:២០ ) ។ សូមកត់ត្រាចំណាប់អារម្មណ៍ណាមួយដែលអ្នកទទួលបាន ហើយបន្ទាប់មកធ្វើសកម្មភាពតាមចំណាប់អារម្មណ៍ទាំងនោះ ។
សកម្មភាពសម្រាប់ការរៀនសូត្រជាមួយអ្នកដទៃ
-
ពរជ័យដែលយើងទទួលបានពេលដែលយើងរក្សាពាក្យសម្ដីនៃប្រាជ្ញាវាងវៃអាចមិនតែងតែមកនៅពេល ឬតាមរបៀបដែលយើងរំពឹងគិតនោះទេ ។ សូមអានចេញពីសារលិខិតសន្និសីទទូទៅរបស់អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ រួមគ្នា « Continue in Patience » ដើម្បីស្វែងយល់ពីរបៀបដែលលោកបានរកឃើញរឿងនេះដោយខ្លួនលោកផ្ទាល់ ។ បន្ទាប់មកអ្នកអាចនិយាយអំពីរបៀបដែលព្រះបានប្រទានពរដល់អ្នកទាំងខាងរូបកាយ និងខាងវិញ្ញាណ សម្រាប់ការរក្សាពាក្យសម្ដីនៃប្រាជ្ញាវាងវៃ និងរបៀបដែលទ្រង់អាចប្រទានពរដល់អ្នកនាពេលអនាគត ។
-
ក្នុងស្ថានភាពជាក់លាក់ យើងអាចមានអារម្មណ៍ថាមានសម្ពាធក្នុងការមិនធ្វើតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ។ សូមអាន ដានីយ៉ែល ទី១ រួមគ្នា ហើយកត់សម្គាល់ពីរបៀបដែល ដានីយ៉ែល និងមិត្តភក្តិរបស់គាត់ឆ្លើយតបក្នុងស្ថានភាពស្រដៀងគ្នានេះ ។ បន្ទាប់មកសូមអានពាក្យទាំងនេះមកពីអែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ៖ « ដានីយ៉ែល ត្រូវបានចិញ្ចឹមធំឡើងឲ្យធ្វើជាអ្នកដើរតាមព្រះយេហូវ៉ា ។ ។ គាត់ជឿ និងថ្វាយបង្គំព្រះនៃអ័ប្រាហាំ អ៊ីសាក និង យ៉ាកុប ។ គាត់បានសិក្សាពាក្យសម្ដីរបស់ពួកព្យាការី ហើយគាត់បានដឹងទំនាក់ទំនងរបស់ព្រះនឹងមនុស្ស ។
« ប៉ុន្តែឥឡូវនេះ ទាំងនៅវ័យក្មេង គាត់ត្រូវបានដាក់ឃុំឲ្យធ្វើជាសិស្សនៅទីក្រុងបាប៊ីឡូន ។ គាត់ច្បាស់ជាមានសម្ពាធយ៉ាងខ្លាំងក្នុងការបោះបង់ជំនឿចាស់របស់គាត់ ហើយសម្របខ្លួនទៅនឹងជំនឿរបស់ប្រជាជននៅក្រុងបាប៊ីឡូន ។ ប៉ុន្តែ គាត់នៅស្មោះត្រង់ចំពោះសេចក្ដីជំនឿរបស់គាត់--ទាំងពាក្យសម្ដី និងទង្វើ ។…
« ហើយព្រះអម្ចាស់បានប្រទានពរដល់ដានីយ៉ែល ។ ទោះជាជំនឿរបស់គាត់ត្រូវបានសាកល្បង និងរិះគន់ក្ដី ក៏គាត់បន្ដនៅស្មោះត្រង់ចំពោះអ្វីដែលគាត់បានដឹងដោយបទពិសោធន៍ផ្ទាល់ខ្លួនគាត់ថាជារឿងត្រឹមត្រូវ » ។
តើព្រះអម្ចាស់បានជួយដានីយ៉ែល និងមិត្តភក្តិរបស់គាត់យ៉ាងដូចម្តេចនៅក្នុងស្ថានភាពរបស់ពួកគេ ? ( សូមមើល ដានីយ៉ែល ទី១:៩ ) ។ តើទ្រង់បានប្រទានពរដល់ពួកគេយ៉ាងដូចម្តេចសម្រាប់ការរក្សាការប្តេជ្ញាចិត្តរបស់ពួកគេ ? ( សូមមើល ដានីយ៉ែល ទី១:១៥, ១៧–២០ ) ។ ពិភាក្សាអំពីរបៀបដែលអ្នកអាចធ្វើដូចជាដានីយ៉ែលនៅគ្រប់ពេលដែលការតាំងចិត្ដរបស់អ្នកក្នុងការធ្វើតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃបានជួបនឹងឧបសគ្គ ។
ស្វែងយល់បន្ថែមទៀត
-
លេវីវិន័យ ១០:៩; កូរិនថូស ទី១ ៦:១០; គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៩:១៨–២១
-
ឃ្វីនថិន អិល ឃុក « When Evil Appears Good and Good Appears Evil » » Ensign ខែមីនា ឆ្នាំ២០១៨ ទំព័រ ៣០–៣៧
-
ដេវីឌ អេ បែដណា « គោលការណ៍ទាំងឡាយនៃដំណឹងល្អរបស់យើង » លីអាហូណា ខែឧសភា ឆ្នាំ២០២១ ទំព័រ១២៣–១២៤
-
ប៊យដ៍ ខេ ផាកកឺ « The Word of Wisdom: The Principle and the Promises » Ensign ខែឧសភា ឆ្នាំ១៩៩៦ ទំព័រ ១៧–១៩
-
« Vaping, Coffee, Tea, and Marijuana » New Era ខែសីហា ឆ្នាំ២០១៩ ទំព័រ ២៨