បណ្ណាល័យ
ពិធីបរិសុទ្ធ​នៃ​អំណោយទាន​ពិសិដ្ឋ និង​ការផ្សារភ្ជាប់


« ពិធីបរិសុទ្ធ​នៃ​អំណោយទាន​ពិសិដ្ឋ និង​ការផ្សារភ្ជាប់ » ប្រធានបទ និង សំណួរ ( ឆ្នាំ២០២៣ )

ស្ត្រី​ម្នាក់​ដើរ​នៅ​មុខ​ព្រះវិហារ​បរិសុទ្ធ

មគ្គទេសក៍​សិក្សា​ដំណឹងល្អ

ពិធីបរិសុទ្ធ​នៃ​អំណោយទាន​ពិសិដ្ឋ និង​ការផ្សារភ្ជាប់

របៀប​ដែល​ព្រះ​ដឹកនាំ​បុត្រាបុត្រី​របស់​ទ្រង់​ត្រឡប់​ទៅ​ផ្ទះ​វិញ

ស្រមៃថា​អ្នក​កំពុង​តែ​នៅលើ​ដំណើរ​មួយ​ដ៏​វែងឆ្ងាយ ។ ផ្លូវ​នោះ​គឺ​តូច​ចង្អៀត ហើយ​ពេលខ្លះ​ពិបាក​ក្នុងការ​ស្វែងរក ប៉ុន្ដែ​អ្នក​ដឹងថា​អ្នក​កំពុងតែ​ដើរទៅ​ក្នុង​ទិសដៅ​ដែល​ត្រឹមត្រូវ​ដោយសារតែ​សញ្ញា​សម្គាល់​ជាក់លាក់​ដែលមាន​នៅតាម​ផ្លូវ​នោះ ។ នៅពេល​ដែល​អ្នក​ទៅដល់​កន្លែង​ដែល​មាន​សញ្ញា​សម្គាល់​នីមួយៗ អ្នក​កាន់តែ​ខិតជិត​ទៅដល់​គោលដៅ​របស់​អ្នក​ហើយ ។ នៅទីបំផុត នៅចុង​បញ្ចប់​នៃ​ការធ្វើដំណើរ​របស់​អ្នក អ្នក​មើល​ត្រឡប់ក្រោយ ហើយ​ឃើញពី​របៀប​ដែល​សញ្ញា​សម្គាល់​ទាំងនោះ​បានជួយ​ដឹកនាំ​អ្នក​ឲ្យទៅកាន់​គោលដៅ​របស់​អ្នក ។

នៅក្នុង​ដំណឹងល្អ ពិធីបរិសុទ្ធ​នៃ​អំណោយទាន​ពិសិដ្ឋ​ផ្ទាល់ខ្លួន និង​ការផ្សារភ្ជាប់ គឺ​ដូចជា​សញ្ញា​សម្គាល់​ដែល​នៅតាម​ផ្លូវ​តូចចង្អៀត​នោះ​ដែរ ។ ពិធីបរិសុទ្ធ​ទាំងពីរ​នេះ​គឺ​ចាំបាច់​ដើម្បី​ជួយ​អ្នក​ក្នុងការ​ធ្វើដំណើរ​របស់​អ្នក​នៅក្នុង​ជីវិត នាំ​អ្នក​ខិតទៅ​កាន់តែជិត​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ ពិធីបរិសុទ្ធ​នីមួយៗ​នាំ​អ្នក​ត្រឡប់​ទៅផ្ទះ​នៃ​ទ្រង់​ទាំងទ្វេ​វិញ ជួយ​អ្នក​ឆ្លងកាត់​បញ្ហា​ប្រឈម​នានា​ដែល​អ្នក​ជួបប្រទះ​នៅលើ​ផែនដី និង​រៀបចំ​អ្នក​សម្រាប់​ពរជ័យ​ដ៏​អស់កល្ប​ជានិច្ច​ដែលមាន​សម្រាប់​អ្នក​នៅជីវិត​បន្ទាប់ ។

តើ​ពិធី​បរិសុទ្ធ​នៃ​អំណោយទាន​ពិសិដ្ឋ និង​ការផ្សារភ្ជាប់​គឺជា​អ្វី ?

ពិធីបរិសុទ្ធ​នៃ​អំណោយទាន​ពិសិដ្ឋ និង​ការផ្សារភ្ជាប់​គឺ​ជា​ផ្នែក​ដ៏​ចាំបាច់​នៃ​ផ្លូវ​នៃ​សេចក្ដីសញ្ញា​ដែល​នាំ​យើង​ត្រឡប់ទៅ​កាន់​ព្រះ​វិញ ។ យើង​ចូលរួម​ក្នុង​ពិធី​បរិសុទ្ធ​នៃ​អំណោយទាន​ពិសិដ្ឋ និង​ការផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ក្នុង​អំឡុង​ពិធីបរិសុទ្ធ​ទាំងនេះ យើង​ចុះ​សេចក្តី​សញ្ញា ឬ​ការសន្យា​ជាមួយ​នឹង​ព្រះ ។ ប្រសិនបើ​យើង​ស្មោះត្រង់​ចំពោះ​សេចក្តីសញ្ញា​ដែល​យើង​ធ្វើ​ទាក់ទង​នឹង​ពិធីបរិសុទ្ធ​ទាំងនេះ នោះ​យើង​អាច​ទទួលបាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ទិដ្ឋភាព​ទូទៅ​នៃ​ប្រធានបទ ៖ អំណោយទាន​ពិសិដ្ឋ ការផ្សារភ្ជាប់

មគ្គទេសក៍​សិក្សា​ដំណឹងល្អ​ដែល​ជាប់ទាក់ទង ៖ សេចក្ដីសញ្ញា និង​ពិធីបរិសុទ្ធ ព្រះវិហារ​បរិសុទ្ធ ការចូលរួម​ក្នុង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្ដិ

ផ្នែកទី ១

ក្នុង​អំឡុង​ពិធីបរិសុទ្ធ​នៃ​អំណោយទាន​ពិសិដ្ឋ យើង​ធ្វើ​សេចក្ដីសញ្ញា​ដ៏​ពិសិដ្ឋ​ជាមួយ​នឹង​ព្រះ

រូបភាព​ខាងក្នុង​នៃ​ព្រះវិហារ​បរិសុទ្ធ

ពិធីបរិសុទ្ធ​មួយ​ក្នុង​ចំណោម​ពិធីបរិសុទ្ធ​ដែល​យើង​ទទួល​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ហៅថា​អំណោយទាន​ពិសិដ្ឋ ។ អំណោយទាន​ពិសិដ្ឋ​គឺ​ជា​អំណោយ​មួយ​មក​ពី​ព្រះ ។ ក្នុង​អំឡុង​ពិធី​បរិសុទ្ធ ឬ​ពិធី​ដ៏​ពិសិដ្ឋ​នេះ យើង​រៀន​អំពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ និង​តួនាទី​ដ៏​សំខាន់​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង​ផែនការ​នោះ ។ យើង​ក៏​ចុះ​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ទ្រង់​ផងដែរ ។ ព្រះវរបិតាសួគ៌​បានប្រទានពរ​ដល់យើង​សម្រាប់​ការចុះ និង​រក្សា​សេចក្ដីសញ្ញា​ទាំងនេះ ដោយ​ការប្រទាន​ដល់​យើង​នូវ​ការទាញ​យក​ព្រះចេស្ដា​របស់​ទ្រង់​បាន​កាន់តែ​ច្រើន ។ សេចក្ដីសញ្ញា​ដែល​យើង​ធ្វើ​ដែល​ជា​ផ្នែកមួយ​នៃ​អំណោយទាន​ពិសិដ្ឋ ផ្ដល់​ដល់​យើង​នូវ​ឱកាស​ដើម្បី​លូតលាស់ និង​ផ្លាស់ប្ដូរ ។ តាមរយៈ​សេចក្ដីសញ្ញា​ទាំងនេះ យើង​អាច​ក្លាយ​កាន់តែ​ដូច​ជា​ព្រះយេស៊ូវគ្រីស្ទ និង​មានអារម្មណ៍​នៃ​សេចក្ដី​សុខសាន្ដ ទំនុកចិត្ត និង​សេចក្តី​អំណរ ។

បន្ទាប់ពី​យើង​ទទួលបាន​អំណោយទាន​ពិសិដ្ឋ​សម្រាប់​ខ្លួន​យើង​ហើយ យើង​អាច​ចូលរួម​ក្នុង​ពិធីបរិសុទ្ធ​នៃ​អំណោយ​ទាន​ពិសិដ្ឋ​ជំនួស​មនុស្ស​ដទៃ​ដែល​បាន​ស្លាប់ ។ នៅក្នុង​ពិភព​វិញ្ញាណ អ្នក​ទាំងឡាយ​ដែល​បាន​ស្លាប់​​អាច​ជ្រើសរើស​ទទួលយក​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ក៏ដូច​ជា​ពិធីបរិសុទ្ធ​ដែលបាន​ធ្វើ​សម្រាប់​ពួកគេ និង​ទទួលបាន​សេចក្ដី​សង្គ្រោះ និង​ភាពតម្កើងឡើង ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • ក្នុង​អំឡុងពេល​ទទួល​អំណោយទាន​ពិសិដ្ឋ យើង​ធ្វើ​សេចក្ដី​សញ្ញា​ថា​នឹង​រស់នៅ​តាម​ក្រឹត្យវិន័យ​ចំនួន​ប្រាំ​ផ្សេងៗគ្នា ។ សូម​អាន​អំពី​ក្រឹត្យវិន័យ​ទាំងនេះ​នៅក្នុង​ផ្នែកទី ២៧.២ នៅក្នុង ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ( បណ្ណាល័យ​ដំណឹងល្អ ) ។ តើ​អ្នក​កំពុង​រស់នៅ​តាម​ក្រឹត្យវិន័យ​ទាំងនេះ​រួចហើយ​ដោយរបៀបណា ? តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​រស់នៅតាម​ក្រឹត្យវិន័យ​ទាំងនេះ​បាន​កាន់តែ​ពេញលេញ ? តើ​ព្រះយេស៊ូវគ្រីស្ទ​ធ្វើ​ជា​គំរូ​ដល់​ការរស់នៅ​តាម​ក្រឹត្យវិន័យ​ទាំងនេះ​យ៉ាង​ដូចម្ដេច ? ពិចារណា​ពី​របៀប​ដែល​ការរស់នៅ​តាម​ក្រឹត្យវិន័យ​នីមួយៗ​អាច​ជួយ​អ្នក​ឲ្យ​ក្លាយកាន់​តែដូចជា​ទ្រង់ ។

  • យើង​មាន​សំណាង​ដែល​បាន​រស់នៅ​ក្នុងអំឡុង​ពេល​ដែល​ព្រះវិហារ​បរិសុទ្ធ​ត្រូវបាន​សាងសង់​នៅ​ជុំវិញ​ពិភពលោក ។ អែលឌើរ ដេវីឌ អេ បែដណា បានបង្រៀន ៖ « ដោយ​យល់​ច្បាស់ ការប្រកាស​អំពី​ព្រះវិហារ​បរិសុទ្ធ​ថ្មី​នីមួយៗ​គឺជា​ប្រភព​នៃ​អំណរ​ដ៏​អស្ចារ្យ និង​ជា​មូលហេតុ​មួយ​ដើម្បី​ថ្លែង​អំណរគុណ​ចំពោះ​ព្រះអម្ចាស់ ។ ប៉ុន្ដែ ការផ្ដោត​ចម្បង​របស់​យើង​គួរតែ​ទៅលើ​សេចក្ដី​សញ្ញា និង​ពិធីបរិសុទ្ធ ដែល​អាច​ផ្លាស់ប្ដូរ​ដួងចិត្ត​យើង ហើយ​បង្កើន​ការលះបង់​របស់​យើង​ចំពោះ​ព្រះអង្គ​សង្គ្រោះ ហើយ​មិនមែន​តែ​លើ​ទីតាំង ឬ​សម្រស់​នៃ​អគារ​នោះ​ឡើយ » ។ តើ​អ្នក​ជឿ​ថា​សេចក្ដីសញ្ញា និង​ពិធីបរិសុទ្ធ​ទាំងឡាយ​នៃ​អំណោយ​ទាន​ពិសិដ្ឋ​អាច​ផ្លាស់ប្ដូរ​ដួងចិត្ដ​របស់​អ្នក​បាន​ដោយ​របៀបណា ? តើ​សេចក្ដីសញ្ញា និង​ពិធីបរិសុទ្ធ​ទាំងឡាយ​នេះ​អាច​បង្កើន​ការទុកចិត្ដ​របស់​អ្នក​ចំពោះ​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀបណា ? សូម​ពិចារណា​ពី​របៀប​ដែល​ការផ្តោត​លើ​សេចក្ដីសញ្ញា និង​ពិធីបរិសុទ្ធ​នៃ​អំណោយទាន​ពិសិដ្ឋ​នៅក្នុង​របៀប​នេះ អាច​ជួយ​រៀបចំ​អ្នក​សម្រាប់​ភាពតម្កើងឡើង​បាន ។

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • នៅក្នុង​សុន្ទរកថា​របស់​លោក « ហេតុអ្វី​ជា​ផ្លូវ​នៃ​សេចក្តីសញ្ញា » អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បាន​ប្រៀបធៀប​ការរស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ទៅនឹង​ការជៀសវាង « កំហុស​កំសោយ » នៅក្នុង​កីឡា​វាយកូនបាល់ ។ សូម​អាន​អំពី​ការប្រៀបធៀប​នេះ​នៅក្នុង​សារលិខិត​របស់​លោក ហើយ​ពិភាក្សា​អំពី​អ្វី​ដែល « កំហុស​កំសោយ » ដែល​យើង​ជៀសវាង​ដោយ​ការរក្សា​សេចក្តីសញ្ញា​ទាំងប្រាំ​ដែល​យើង​ធ្វើ​ក្នុងអំឡុង​ពេល​ទទួល​អំណោយទាន​ពិសិដ្ឋ ( សូមមើល ក្បួនខ្នាត​ទូទៅ២៧.២ ) ។ អ្នក​ក៏​អាច​មើល​វីដេអូ​នៃ​កាប្រកួត​កីឡា​វាយកូនបាល់ ឬ​ក៏​អាច​លេង​កីឡា​វាយកូនបាល់​ក៏បាន​ដែរ ដើម្បី​មើល​ថា​តើ​កំហុស​កំសោយ​គឺ​ជា​អ្វី ។ បន្ទាប់មក​ពិភាក្សា​អំពី​ពរជ័យ​ផ្សេងៗ​ទៀត​នៃ​ការរក្សា​សេចក្តីសញ្ញា​ដែល​អែលឌើរ គ្រីស្តូហ្វឺសិន ចែកចាយ​នៅក្នុង​សារលិខិត​របស់​លោក ។ តើ​ពរជ័យ​ទាំងនេះ​ពង្រឹង​បំណង​ប្រាថ្នា​របស់អ្នក​ដើម្បី​ដើរតាម​ផ្លូវ​នៃ​សេចក្ដីសញ្ញា និង​ទទួលបាន​អំណោយ​នៃ​អំណោយទាន​ពិសិដ្ឋ ឬ​រក្សា​សេចក្តី​សញ្ញា​ដែល​អ្នក​បានធ្វើ​រួច​ហើយ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ដោយ​របៀបណា ?

  • ផ្នែក​នៃ​អំណោយទាន​ពិសិដ្ឋ​រួមមាន​ការពាក់​សម្លៀកបំពាក់​ដ៏​ពិសិដ្ឋ នៅពេល​យើង​ធ្វើ​សេចក្តីសញ្ញា និង​ទទួល​ពិធីបរិសុទ្ធ ។ ចូរ​ពិចារណា​ពិភាក្សា​អំពី​ឧទាហរណ៍​មួយ​ចំនួន​នៃ​ឱកាស​ផ្សេងទៀត​នៅពេល​ដែល​យើង​ស្លៀក​សម្លៀក​បំពាក់​ពិសេស និង​ហេតុអ្វី​បានជា​សម្លៀក​បំពាក់​នោះ​មានសារៈ​សំខាន់​ចំពោះ​បទពិសោធន៍​នៅក្នង​ព្រះវិហារ​បរិសុទ្ធ ។ បន្ទាប់មក​អ្នក​អាច​មើល​វីដេអូ « Sacred Temple Clothing » ( នាទី ៤:១២ ) ដែល​ពន្យល់​ពី​អ្វី​ដែល​សម្លៀក​បំពាក់​ព្រះវិហារ​បរិសុទ្ធ​តំណាង​ឲ្យ និង​ហេតុអ្វី​បានជា​សមាជិក​ដែល​ទទួលបាន​អំណោយទាន​ពិសិដ្ឋ​ពាក់​សម្លៀក​បំពាក់​ព្រះវិហារ​បរិសុទ្ធ​នៅក្រោម​សម្លៀក​បំពាក់​របស់​ពួកគេ​ជា​រៀងរាល់ថ្ងៃ ។ និយាយ​អំពី​របៀប​ដែល​សម្លៀក​បំពាក់​ដ៏​ពិសិដ្ឋ​ជួយ​យើង​បង្ហាញ​អារម្មណ៍​នៃ​ភក្ដីភាព​ចំពោះ​ព្រះ និង​ជួយ​យើង​ឲ្យ​ខិតកាន់តែ​ជិត​ទ្រង់ ។ អ្នក​ក៏​អាច​ពិនិត្យ​មើល​សុន្ទរកថា​របស់​ស៊ីស្ទើរ ចេ អាណែត ដិននីស « ត្រូវ​ប្រដាប់​ខ្លួន​ដោយ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ​វិញ » ដើម្បី​ស្វែងយល់​បន្ថែម​អំពី​សម្លៀក​បំពាក់​ព្រះវិហារ​បរិសុទ្ធ ។ ឬ​អ្នកអាច​រុករក​ជាមួយ​គ្នា​នៅលើ​ទំព័រ « ព្រះវិហារ​បរិសុទ្ធ » នៅលើ​គេហទំព័រ ChurchofJesusChrist.org ដើម្បី​ស្វែងរក​ធនធាន​មាន​ប្រយោជន៍​បន្ថែម​ទៀត​អំពី​ព្រះវិហារ​បរិសុទ្ធ រួមទាំង​ធនធាន​ដែល​បង្ហាញ​ដល់​អ្នក​ពី​ផ្នែក​ខាងក្នុង​នៃ​ដំណាក់​របស់​ព្រះអម្ចាស់ ។ តើ​អ្នក​អាច​ប្រើ​ធនធាន​ទាំងនេះ​ដើម្បី​ជួយ​អ្នកដទៃ​ដែល​អាច​មាន​សំណួរ​អំពី​ព្រះវិហារ​បរិសុទ្ធ និង​សម្លៀក​បំពាក់​ព្រះវិហារ​បរិសុទ្ធ​ដោយ​របៀបណា ?

ស្វែង​យល់​បន្ថែម​ទៀត

ផ្នែកទី ២

ពិធីបរិសុទ្ធ​នៃ​ការផ្សារភ្ជាប់​ចងភ្ជាប់​យើង​ទៅនឹង​គ្រួសារ​នៃ​ព្រះ និង​គ្រួសារ​នៅលើ​ផែនដី​របស់​យើង​ជារៀងរហូត

ក្រុមគ្រួសារ​ជាច្រើន​ជំនាន់​នៅឯ​ព្រះវិហារ​បរិសុទ្ធ

ពរជ័យ​ដ៏​អស្ចារ្យ​បំផុត​មួយ​ចំនួន​របស់​ព្រះ​សម្រាប់​បុត្រាបុត្រី​របស់​ទ្រង់​អាចកើត​មាន​តាមរយៈ​ពិធីបរិសុទ្ធ​នៃ​ការផ្សារភ្ជាប់ ។ ក្នុងអំឡុង​ពិធី​បរិសុទ្ធ​នេះ​បុរស និង​ស្ត្រី​ម្នាក់​ចូលទៅ​ក្នុង​សេចក្តី​សញ្ញា​អាពាហ៍ពិពាហ៍ថ្មី និង​អស់កល្ប​អស់កាល​ជានិច្ច នៅពេល​ដែល​ពួកគេ​ធ្វើ​សេចក្តីសញ្ញា​ដ៏​ពិសិដ្ឋ​ជាមួយ​គ្នា និង​ជាមួយនឹង​ព្រះអម្ចាស់ ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣១:១–៤ ) ។ ប្រសិន​បើ​គូសា្វមី​ភរិយា​មាន​ភាពស្មោះត្រង់​ចំពោះ​សេចក្ដីសញ្ញា​របស់​ពួកគេ ពួកគេ​អាច​ត្រូវបាន​ចងភ្ជាប់​ទៅនឹង​គ្រួសារ​របស់​ព្រះ និង​គ្រួសារ​នៅលើ​ផែនដី​របស់​ពួកគេ​សម្រាប់​ភាព​អស់កល្ប​ជានិច្ច ។ ពួកគេ​ក៏ទទួល​បាន​ការសន្យា​ពរជ័យ​ដ៏​អស្ចារ្យ​ដែលនឹង​មកដល់​នៅក្នុង​ជីវិត​បន្ទាប់​ផងដែរ ។

ការផ្សារភ្ជាប់​អាច​ត្រូវបាន​ធ្វើ​ជំនួស​អ្នក​ដែលបាន​ស្លាប់​ហើយ ដូច្នេះ​ពួកគេ​ក៏​អាច​ទទួលបាន​ពរជ័យ​ដ៏​អស់កល្ប​ជានិច្ច និង​បាន​ជួបជុំគ្នា​ជារៀង​រហូត​ជាមួយ​គ្រួសារ​របស់​ពួកគេ និង​គ្រួសារ​របស់​ព្រះ​ផងដែរ ។ ដូចជា​ពិធីបរិសុទ្ធ​បព្វជិត​ភាព​ទាំងអស់​ផ្សេងទៀត​ដែរ ពិធីបរិសុទ្ធ​នៃ​ការផ្សាភ្ជាប់​ត្រូវបាន​ធ្វើឡើង​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​អាចនាំ​មកនូវ​សេចក្ដីសុខសាន្ដ និង​គោលបំណង​នៅក្នុង​ជីវិត​នេះ ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • នៅពេល​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រទាន​អំណាច​ដល់​ពេត្រុស « កូនសោ​នៃ​នគរ​ស្ថានសួគ៌ » ទ្រង់​បាន​ប្រទាន​អំណាច​ផ្សារភ្ជាប់​ឲ្យ​ទៅ​លោក—អំណាច​ដើម្បី​ផ្តល់​ពរជ័យ​នៅលើ​ផែនដី​ដែលនឹង​បន្ត​នៅលើ​ស្ថានសួគ៌ ( សូមមើល ម៉ាថាយ ១៦:១៩ ) ។ សូមអាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ១១០:១៣–១៦; ១៣២:៧, ៤៥–៤៦ ដើម្បី​ស្វែងយល់​អំពី​របៀប​ដែល​កូនសោ​ទាំងនេះ​ត្រូវបាន​ស្តារឡើង​វិញ​ដល់​ព្យាការី យ៉ូសែប ស្ម៊ីធ នៅថ្ងៃចុងក្រោយ ។ ឥឡូវនេះ​កូនសោ​ទាំងនេះ​ត្រូវបាន​កាន់កាប់​ដោយ​ព្យាការី​បច្ចុប្បន្ន​របស់​យើង ហើយ​កូនសោ​ទាំងនេះ​បង្រួប​បង្រួម​គ្រួសារ​សម្រាប់​ភាពអស់កល្ប​ជានិច្ច ។ ប៉ុន្ដែ​អំណាច​នៃ​ការផ្សារភ្ជាប់ « អាច​មើលទៅ​ជា​គោលលទ្ធិ​មួយដ៏​ធំដុំ​ណាស់ » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ១២៨:៩ ) ។ ហេតុអ្វី​បានជា​វា​ហាក់​ដូចជា​ដូច្នោះ ? តើ​វា​នាំមកនូវ​សេចក្ដី​សង្ឃឹម​យ៉ាងដូចម្ដេច​ក្នុងការ​ដឹង​ថា​ទំនាក់ទំនង​គ្រួសារ​ដែល​ត្រូវបាន​ផ្សារភ្ជាប់​នៅលើ​ផែនដី ក៏​ត្រូវបាន​ផ្សារភ្ជាប់​នៅលើ​ស្ថានសួគ៌​ផងដែរ​នោះ ?

  • ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖ « សេចក្តី​សញ្ញា​នៃ​អាពាហ៍ពិពាហ៍​ដែល​បាន​ធ្វើ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ត្រូវ​បាន​ចងភ្ជាប់​ដោយ​ផ្ទាល់​ទៅ​នឹង​[ សេចក្តី ] សញ្ញា​របស់​អ័ប្រាហាំ ។ នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​គូស្វាមី​ភរិយា​ត្រូវបាន​ណែនាំ​ឲ្យ​ស្គាល់​ពី​ពរជ័យ ទាំងអស់ ដែល​បាន​រក្សា​ទុក​សម្រាប់​កូនចៅ​របស់​អ័ប្រាហាំ អ៊ីសាក និង យ៉ាកុប ដែល​ស្មោះ​ត្រង់ » ។ សូមអាន​អំពី​ពរជ័យ​មួយចំនួន​នៃ​ពរជ័យ​ទាំងនេះ​នៅក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ៧៦:៥០–៦០; ១៣២:១៩ ។ តើ​អ្នក​អាច​នៅ « សុចរិត ហើយ​ពិត » (គោលលទ្ធិ និង​សេចក្ដីសញ្ញា ៧៦:៥៣ ) ចំពោះ​សេចក្តីសញ្ញា​របស់​អ្នក​ជាមួយនឹង​ព្រះ​ដើម្បី​អ្នក និង​មនុស្ស​ជាទី​ស្រឡាញ់​របស់​អ្នក​អាច​ទទួលបាន​ការសន្យា​ដ៏​អស្ចារ្យ​បំផុត​របស់​ទ្រង់​ដោយ​របៀបណា ? សរសេរ​ចំណាប់​អារម្មណ៍​ណាមួយ​ដែល​អ្នក​ទទួលបាន ហើយ​បន្ទាប់មក​ធ្វើ​សកម្មភាព​លើ​ចំណាប់អារម្មណ៍​ទាំងនោះ ។

  • ពិធីបរិសុទ្ធ​នៃ​ការផ្សារភ្ជាប់​ត្រូវបាន​ទទួល​នៅ​អាសនា​ដ៏​បរិសុទ្ធ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ តើ​អ្នក​គិតថា​អាសនា​អាច​តំណាង​ឲ្យ​អ្វី ? បទគម្ពីរ​ទាំងនេះ​អាច​ដឹកនាំ​ការគិត​របស់អ្នក ៖ លោកុប្បត្តិ ៨:២០; ២៦:២៣–២៥; នីហ្វៃទី​១ ២:៧; ម៉ូសេ ៥:៥–៩ ។ តើ​និមិត្ត​សញ្ញា​នៃ​អាសនា​បាន​ណែនាំ​អ្វីខ្លះ​ដល់​អ្នក​អំពី​ពិធីបរិសុទ្ធ​នៃ​ការផ្សារភ្ជាប់ និង​ទំនាក់ទំនង​គ្រួសារ ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • តាមប្រពៃណី ត្រា​ត្រូវបាន​ប្រើ​សម្រាប់​ឯកសារ​ស្រប​ច្បាប់ សញ្ញាប័ត្រ ឬ​លិខិត​សំខាន់ៗ ដើម្បី​បង្ហាញ​ថា​ឯកសារ​ទាំងនេះ​គឺ​ស្របច្បាប់ ។ ប្រហែល​ជា​អ្នក​អាច​មើល​រូបភាព​ត្រា​ប្រភេទ​ផ្សេងគ្នា​មួយ​ចំនួន ឬ​បង្កើត​ត្រា​ផ្ទាល់ខ្លួន​របស់​អ្នក ។ បន្ទាប់មក​មើល​សុន្ទរកថា « អំណាច​នៃការ​ផ្សារភ្ជាប់ » ដោយ​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ជាមួយគ្នា ឡើងវិញ ។ តើ​អ្វីខ្លះ​ជា​ភាពខុសគ្នា​រវាង​ត្រា​នៅលើ​ផែនដី និង​អំណាច​នៃ​ការ​ផ្សារភ្ជាប់​របស់​ព្រះ ? តើ​ពរជ័យ​អ្វីខ្លះ​ដែល​អាចកើត​មាន​តាមរយៈ​អំណាច​នៃ​ការផ្សារភ្ជាប់​របស់ទ្រង់ ? ប្រសិនបើ​អ្នក​បានទទួល​ពិធីបរិសុទ្ធ​នៃ​ការផ្សារភ្ជាប់​នៅក្នុង​ដំណាក់​របស់​ព្រះអម្ចាស់​សម្រាប់​ខ្លួនអ្នក ឬ​សម្រាប់​បុព្វការីជន សូម​ពិចារណា​ចែកចាយ​បទពិសោធន៍​របស់អ្នក ។ តើ​អ្នក​បាន​ដឹង​ដោយ​របៀបណា​ថា ព្រះអម្ចាស់​ទទួលស្គាល់​ពិធីបរិសុទ្ធ​នៃ​ការផ្សារភ្ជាប់​របស់​អ្នក​ថា « ស្របច្បាប់ » ឬ​ត្រឹមត្រូវ ?

  • ពេលខ្លះ ស្ថានភាព​គ្រួសារ​លំបាក ឬ​មិនមាន​ភាពវិជ្ជមាន​ធ្វើ​ឲ្យ​វា​ពិបាក​ក្នុងការ​ចង់​រស់នៅ​ជាមួយ​គ្រួសារ​របស់​យើង​សម្រាប់​ភាពអស់កល្ប​ជានិច្ច ។ ឬ​ប្រហែល​ជា​សមាជិក​គ្រួសារ​មិន​គោរព​សេចក្ដីសញ្ញា​នៃ​អាពាហ៍ពិពាហ៍​របស់​ខ្លួន​គាត់ ដូច្នេះ​យើង​សង្ស័យ​ថា​គ្រួសារ​របស់​យើង​នឹង​រឹងមាំ​ជា​រៀងរហូត​ឬ​អត់ ។ អំពី​ករណី​បែបនេះ អែលឌើរ ដេវីឌ អេ បែដណា​បានបង្រៀន ៖ « ចំពោះ​បងប្អូន​ដែល​បាន​ជួប​ការ​ឈឺចាប់​ដោយសារ​ការ​លះ​លែង​គ្នា​នៅ​ក្នុង​គ្រួសារ​របស់​បងប្អូន ឬ​ឈឺចាប់​ដោយសារ​ការ​បំពាន​ទំនុក​ចិត្ត សូម​ចាំ​ថា វា​ចាប់​ផ្ដើម​ជាថ្មី​ម្ដងទៀត​ជាមួយ​នឹង​បងប្អូន ! ចំណង​ភ្ជាប់​មួយ​នៅ​ក្នុង​តំណ​ភ្ជាប់​នៃ​ជំនាន់​ទាំងឡាយ​របស់​បងប្អូន​អាច​នឹង​ត្រូវ​ផ្ដាច់ ប៉ុន្តែ​ចំណង​ភ្ជាប់​សុចរិត​ផ្សេង​ទៀត និង​អ្វី​ដែល​នៅ​សេស​សល់​នៃ​តំណ​ភ្ជាប់​នោះ​គឺ​មាន​សារៈសំខាន់​ដ៏​នៅ​អស់កល្ប ។ បងប្អូន​អាច​បន្ថែម​កម្លាំង​ដល់​តំណ​ភ្ជាប់​របស់​បងប្អូន ហើយ​ប្រហែល​ជា​ជួយ​ស្ដារ​ចំណង​ដែល​ដាច់​នោះ​ឡើង​វិញ​ផង ។ កិច្ចការ​នោះ​អាច​សម្រេច​បាន​ម្ដង​មួយៗ » ។ សូម​អាន​ប្រសាសន៍​របស់​អែលឌើរ បែដណា ជាមួយគ្នា ហើយ​បន្ទាប់មក​បង្កើត​ច្រវ៉ាក់​ធ្វើ​ពីក្រដាស ។ បន្ទាប់មក​អ្នក​អាច​សរសេរ​ម្នាក់​ម្តងៗ​នៅលើ​តំណភ្ជាប់​មួយ​អំពី​អ្វី​ដែល​អ្នក​នឹង​ធ្វើ ដើម្បី​ក្លាយជា​តំណភ្ជាប់​ដ៏​រឹងមាំ​នៅក្នុង​គ្រួសារ​របស់​អ្នក​តាមរយៈ​អំណាច​នៃ​ការផ្សារភ្ជាប់​របស់​ព្រះអង្គសង្គ្រោះ ។

ស្វែង​យល់​បន្ថែម​ទៀត