« ថ្ងៃទី ២២–២៨ ខែ មករា ៖ ‹ ប្រដាប់អាវុធដោយសេចក្ដីសុចរិត និងដោយព្រះចេស្ដានៃព្រះ › ។ នីហ្វៃទី១ ១១–១៥ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )
« ថ្ងៃទី ២២–២៨ ខែ ខែ មករា ។ នីហ្វៃទី១ ១១–១៥ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )
ថ្ងៃទី ២២–២៨ ខែ មករា ៖ « ប្រដាប់អាវុធដោយសេចក្ដីសុចរិត និងដោយព្រះចេស្ដានៃព្រះ »
នីហ្វៃទី១ ១១–១៥
នៅពេលព្រះមានកិច្ចការដ៏មហិមាឲ្យព្យាការីរបស់ទ្រង់ធ្វើ ទ្រង់តែងតែប្រទានដល់ព្យាការីរូបនោះនូវការនិមិត្តដ៏អស្ចារ្យ ។ ម៉ូសេ យ៉ូហាន លីហៃ និង យ៉ូសែប ស្ម៊ីធ សុទ្ធតែមានការនិមិត្តដូចនោះ—ការនិមិត្តដែលពង្រីកគំនិតរបស់ពួកលោក ហើយជួយពួកលោកឲ្យមើលឃើញថាតើកិច្ចការរបស់ព្រះពិតជាអស្ចារ្យ និងគួរឲ្យស្ញប់ស្ញែងប៉ុនណា ។
នីហ្វៃក៏មានការនិមិត្តមួយក្នុងចំណោមការនិមិត្តដែលផ្លាស់ប្តូរជីវិតទាំងនេះផងដែរ ។ លោកបានមើលឃើញការងារបម្រើរបស់ព្រះអង្គសង្គ្រោះ អនាគតនៃកូនចៅរបស់លីហៃនៅលើដែនដីសន្យា និងជោគវាសនានៃកិច្ចការរបស់ព្រះនៅថ្ងៃចុងក្រោយ ។ បន្ទាប់ពីការនិមិត្តនេះ នីហ្វៃបានរៀបចំខ្លួនធ្វើកិច្ចការដែលនៅខាងមុខបានយ៉ាងល្អប្រសើរ ។ ហើយការអានអំពីការនិមិត្តនេះក៏អាចជួយរៀបចំបងប្អូនបានផងដែរ—ដោយសារព្រះក៏មានកិច្ចការឲ្យបងប្អូនធ្វើនៅក្នុងនគររបស់ទ្រង់ផងដែរ ។ បងប្អូនស្ថិតនៅក្នុងចំណោម « ពួកបរិសុទ្ធក្នុងសាសនាចក្រនៃកូនចៀម » ដែលនីហ្វៃបានមើលឃើញ « ដែលបានខ្ចាត់ខ្ចាយពាសពេញលើផ្ទៃផែនដី ហើយពួកគេប្រដាប់អាវុធដោយសេចក្ដីសុចរិត និងដោយព្រះចេស្ដានៃព្រះ ដោយសិរីល្អដ៏អស្ចារ្យ » ( នីហ្វៃទី១ ១៤:១៤ ) ។
សូមមើលផងដែរ « Nephi Sees a Vision of Future Events » ( វីដេអូ ) នៅលើបណ្ណាល័យដំណឹងល្អ ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងសាសនាចក្រ
ព្រះបានបញ្ជូនព្រះយេស៊ូវគ្រីស្ទមក ជាការបង្ហាញពីសេចក្ដីស្រឡាញ់របស់ទ្រង់ ។
នៅពេលនីហ្វៃបានទូលសួរទេវតាអំពីអត្ថន័យនៃដើមឈើនៅក្នុងការនិមិត្តរបស់លីហៃ ទេវតាអង្គនោះអាចមានបន្ទូលយ៉ាងសាមញ្ញថា « វាតំណាងឲ្យសេចក្តីស្រឡាញ់នៃព្រះ » ។ ផ្ទុយទៅវិញ ទ្រង់បានបង្ហាញនីហ្វៃនូវបណ្តុំទីសម្គាល់ និងព្រឹត្តិការណ៍នានាពីព្រះជន្មរបស់ព្រះអង្គសង្គ្រោះ ។ សូមរកមើលទីសម្គាល់ និងព្រឹត្តិការណ៍ទាំងនេះ នៅពេលបងប្អូនអាន និងជញ្ជឹងគិតអំពី នីហ្វៃទី១ ១១ ។ តើបងប្អូនរកឃើញអ្វីខ្លះដែលជួយបងប្អូនឲ្យយល់ពីមូលហេតុដែលព្រះយេស៊ូវគ្រីស្ទគឺជាការបង្ហាញដ៏សំខាន់នៃសេចក្តីស្រឡាញ់របស់ព្រះ ?
បងប្អូនក៏អាចនឹងពិចារណាមើលវីដេអូព្រះគម្ពីរប៊ីបនៅក្នុងបណ្ណាល័យដំណឹងល្អ ដែលទាក់ទងទៅនឹងព្រឹត្តិការណ៍នានាដែលនីហ្វៃបានមើលឃើញផងដែរ ។ តើព្រះអង្គសង្គ្រោះបានជួយបងប្អូនឲ្យទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌យ៉ាងដូចម្ដេច ?
សូមមើលផងដែរ ស៊ូសាន អេច ផតធ័រ « សេចក្តីស្រឡាញ់នៃព្រះ ៖ សេចក្ដីរីករាយបំផុតដល់ព្រលឹង » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ៣៣–៣៥ ។
ខ្ញុំអាច « ប្រដាប់អាវុធដោយសេចក្តីសុចរិត » និងអំណាច ។
នីហ្វៃពុំបានរស់នៅដើម្បីធ្វើទីបន្ទាល់ច្រើនអំពីអ្វីដែលលោកបានមើលឃើញក្នុងការនិមិត្តរបស់លោកទេ ។ តើបងប្អូនគិតថា ហេតុអ្វីវាមានតម្លៃចំពោះនីហ្វៃដើម្បីដឹងអំពីរឿងទាំងអស់នេះ ? ហេតុអ្វីបានជាវាមានតម្លៃចំពោះបងប្អូនដើម្បីដឹងពីរឿងទាំងអស់នេះ ? សូមសួរសំណួរទាំងនេះ រាល់ពេលដែលបងប្អូនអានអំពីអ្វីមួយដែលនីហ្វៃបានមើលឃើញនៅក្នុងការនិមិត្តរបស់លោក ( សូមមើល នីហ្វៃទី១ ១២–១៤ ) ។ តើបងប្អូនទទួលបានចំណាប់អារម្មណ៍អ្វីខ្លះ អំពីតួនាទីរបស់បងប្អូននៅក្នុង « កិច្ចការដ៏ធំ ហើយ …អស្ចារ្យ » របស់ព្រះអម្ចាស់ ? ( នីហ្វៃទី១ ១៤:៧ ) ។ តើកិច្ចការដ៏ធំ ហើយអស្ចារ្យមួយចំនួនដែលទ្រង់បានធ្វើសម្រាប់បងប្អូនមានអ្វីខ្លះ ?
សូមពិចារណាជាពិសេសពីការសន្យានៅក្នុង នីហ្វៃទី១ ១៤:១៤ ។ តើព្រះអង្គសង្គ្រោះបានបំពេញការសន្យានេះនៅក្នុងជីវិតរបស់បងប្អូនយ៉ាងដូចម្តេច ? ( សម្រាប់ឧទាហរណ៍មួយចំនួន សូមមើល ដេវីឌ អេ បែដណា « ដោយព្រះចេស្ដានៃព្រះដោយសិរីល្អដ៏អស្ចារ្យ » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ២៨–៣០ ជាពិសេសកថាកណ្ឌពីរចុងក្រោយ ) ។
តើ « សាសានាចក្រដ៏ធំ ហើយគួរខ្ពើមឆ្អើម » ដែលនីហ្វៃបានមើលឃើញនោះគឺជាអ្វី ?
ប្រធាន ដាល្លិន អេក អូក បានពន្យល់ថា « សាសានាចក្រដ៏ធំ ហើយគួរខ្ពើមឆ្អើម » ដែលនីហ្វៃបានពិពណ៌នាតំណាងឲ្យ « ទស្សនវិជ្ជា ឬអង្គការទាំងឡាយណាដែលជំទាស់ទៅនឹងជំនឿទៅលើព្រះ ។ ហើយ ‹ ការជាប់ជាឈ្លើយ › ដែល ‹ សាសនាចក្រ › នេះព្យាយាមនាំពួកបរិសុទ្ធទៅ នឹងពុំមានការជាប់ឃុំខាងរូបកាយច្រើនដូចជាការជាប់ជាឈ្លើយក្នុងគំនិតខុសឆ្គងនោះទេ » ( « Stand as Witnesses of God » Ensign ខែ មីនា ឆ្នាំ ២០១៥ ទំព័រ ៣២ ) ។ តើព្រះអង្គសង្រ្គោះបានជួយបងប្អូនឲ្យចៀសវាង—និងរត់គេចពី—ការជាប់ជាឈ្លើយក្នុងគំនិតខុសឆ្គងទាំងនោះយ៉ាងដូចម្ដេច ?
ព្រះនឹងឆ្លើយតបខ្ញុំ ប្រសិនបើខ្ញុំទូលសួរដោយសេចក្ដីជំនឿ ។
តើបងប្អូនធ្លាប់មានអារម្មណ៍ដូចជាបងប្អូនពុំទទួលបានវិវរណៈផ្ទាល់ខ្លួនសោះ—ថាព្រះពុំបានមានបន្ទូលមកកាន់បងប្អូនដែរឬទេ ? តើនីហ្វៃបានឲ្យដំបូន្មានអ្វីខ្លះដល់បងប្រុសរបស់លោក នៅពេលពួកគេមានអារម្មណ៍ដូចនេះ ? ( សូមមើល នីហ្វៃទី១ ១៥:១–១១ ) ។ តើបងប្អូនអាចអនុវត្តតាមការទូន្មានរបស់នីហ្វៃនៅក្នុងជីវិតរបស់បងប្អូនដោយរបៀបណា ?
រូបភាពរូបតំណាងថ្នាក់សិក្ខាសាលា ការកាន់ខ្ជាប់ទៅនឹងព្រះបន្ទូលនៃព្រះ ជួយខ្ញុំឲ្យទប់ទល់នឹងឥទ្ធិពលរបស់សាតាំង ។
នីហ្វៃតែងតែមានរឿងបន្ទាន់ដើម្បីនិយាយទៅកាន់ពួកបងប្អូនប្រុសរបស់លោក ។ ប៉ុន្តែលោកហាក់ដូចជាឲ្យតម្លៃខ្លាំងជាពិសេសទៅលើអ្វីដែលលោកបានប្រាប់ពួកគេនៅក្នុង នីហ្វៃទី១ ១៥:២៣–២៥ ។ តើអ្វីជាសារលិខិតរបស់នីហ្វៃ ហើយហេតុអ្វីបងប្អូនគិតថា លោកមានអារម្មណ៍មុតមាំចំពោះរឿងនោះ ?
អែលឌើរ ដេវីឌ អេ បែដណា បានបង្រៀនថា « បន្ទូលរបស់ព្រះ » អាចសំដៅទៅលើព្រះគម្ពីរ ប្រសាសន៍របស់ពួកព្យាការីនៅរស់ និងព្រះយេស៊ូវគ្រីស្ទដោយផ្ទាល់ ។ តើបងប្អូនគិតថា « ការកាន់ខ្ជាប់ » ទៅនឹងព្រះគម្ពីរ និងប្រសាសន៍របស់ពួកព្យាការីនៅរស់មានន័យយ៉ាងដូចម្ដេច ? តើ « ការកាន់ខ្ជាប់ » ទៅនឹងព្រះយេស៊ូវគ្រីស្ទអាចមានន័យយ៉ាងដូចម្ដេច ? បងប្អូនអាចរកមើលចម្លើយដែលអាចមានចំពោះសំណួរទាំងនេះនៅក្នុងសារលិខិតរបស់អែលឌើរ បែដណា បាន « ប៉ុន្តែពួកយើងឥតយកចិត្តទុកដាក់ដល់គេឡើយ » ( លីអាហូណា ខែ ឧសភា ឆ្នាំ ២០២២ ទំព័រ ១៤–១៦ ) ។
តើការកាន់ខ្ជាប់ទៅនឹងព្រះបន្ទូលនៃព្រះជួយបងប្អូនឲ្យទប់ទល់ទៅនឹងមារសត្រូវយ៉ាងដូចម្ដេច ? ការបំពេញតារាងមួយដូចតារាងមួយនេះអាចជួយរៀបចំគំនិតរបស់បងប្អូនបាន ៖
… ជួយខ្ញុំឲ្យយកឈ្នះសេចក្ដីងងឹតនៃការល្បួងដោយរបៀបណា ? ( សូមមើល នីហ្វៃទី១ ១២:១៧ ) |
… ជួយខ្ញុំ « កុំឲ្យយកចិត្តទុកដាក់ » លើរឿងឥតប្រយោជន៍ និងភាពឆ្មើងឆ្មៃនៃលោកិយដោយរបៀបណា ? ( នីហ្វៃទី១ ១២:១៨ ) | |
តើការកាន់ខ្ជាប់ទៅនឹងព្រះគម្ពីរ និងប្រសាសន៍របស់ព្យាការីដែលនៅរស់ … | ||
តើការកាន់ខ្ជាប់ទៅនឹងព្រះអង្គសង្គ្រោះ … |
សូមមើលផងដែរ « ដំបងដែក » ទំនុកតម្កើង ល.រ. ១៧២; ហ៊ោរហេ អែហ្វ ស្សែបាយូស « ការស្ថាបនាជីវិតទប់ទល់នឹងមារសត្រូវ » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ៥០–៥២ ។
ព្រះគម្ពីរប្រៀបដូចជាដំបងដែកដែលនាំយើងទៅកាន់ដើមឈើជីវិត ។
ដើម្បីទទួលបានគំនិតបន្ថែម សូមមើលទស្សនាវដ្តី លីអាហូណា និង ដើម្បីកម្លាំងនៃយុវជន ប្រចាំខែនេះ ។
គំនិតសម្រាប់បង្រៀនកុមារ
ព្រះវរបិតាសួគ៌បានចាត់ព្រះយេស៊ូវគ្រីស្ទឲ្យមក ដោយសារទ្រង់ស្រឡាញ់ខ្ញុំ ។
-
ដើម្បីបង្រៀននីហ្វៃអំពីសេចក្តីស្រឡាញ់របស់ព្រះ ទេវតាមួយអង្គបានបង្ហាញដល់នីហ្វៃនូវព្រឹត្តិការណ៍ទាំងឡាយស្ដីពីព្រះជន្មរបស់ព្រះអង្គសង្គ្រោះ ។ បងប្អូនអាចធ្វើដូចគ្នាសម្រាប់កូនៗរបស់បងប្អូនបាន—ដោយផ្តល់ឲ្យពួកគេនូវរូបភាពនៃព្រឹត្តិការណ៍ទាំងឡាយដែលនីហ្វៃបានមើលឃើញនៅក្នុង នីហ្វៃទី១ ១១:២០, ២៤, ២៧, ៣១ និង ៣៣ ( សូមមើល សៀវភៅរូបភាពដំណឹងល្អ ល.រ. ៣០, ៣៥, ៣៩, ៤២, ៥៧ ) ។ នៅពេលបងប្អូនអានខគម្ពីរទាំងនេះ សូមជួយកូនៗរបស់បងប្អូនឲ្យស្វែងរករូបភាពដែលត្រូវនឹងខគម្ពីរនោះ ។ តើយើងរៀនអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទនៅក្នុងខគម្ពីរ និងរូបភាពទាំងនេះ ?
-
ការច្រៀងចម្រៀងមួយបទដូចជាបទ« ទ្រង់បញ្ជូនបុត្រាទ្រង់មក » ( សៀវភៅចម្រៀងកុមារ ទំព័រ ២០–២១ ) អាចជួយកូនៗរបស់បងប្អូនឲ្យទទួលអារម្មណ៍នូវសេចក្ដីស្រឡាញ់របស់ព្រះបាន ។ បន្ទាប់ពីបងប្អូនច្រៀងហើយ សូមសួរកូនៗរបស់បងប្អូនថា តើពួកគេរៀនអ្វីខ្លះមកពីបទចម្រៀងនេះ ។ តើមានអ្វីខ្លះទៀតដែលយើងរៀនអំពីសេចក្ដីស្រឡាញ់របស់ព្រះមកពី នីហ្វៃទី១ ១១:២២–២៣ ?
ប្រើសិល្បៈដើម្បីជួយកុមារឲ្យរៀន ។ ពេលបងប្អូនបង្រៀនកុមារនូវដំណើររឿងខគម្ពីរមួយ សូមជួយពួកគេឲ្យស្រមៃពីដំណើររឿងនោះ ។ បងប្អូនអាចប្រើរូបភាព វីដេអូ អាយ៉ង សម្លៀកបំពាក់ជាដើម ។
នីហ្វៃទី១ ១៣:២៦–២៩, ៣៥–៣៦, ៤០
ព្រះគម្ពីរមរមនបង្រៀនសេចក្ដីពិតដ៏មានតម្លៃ ។
-
ដើម្បីជួយកូនៗរបស់បងប្អូនឲ្យផ្ដល់តម្លៃលើសេចក្តីពិត « ដ៏ច្បាស់ និងពិសេសៗ » នៅក្នុងព្រះគម្ពីរមរមន បងប្អូនអាចគូររូបភាពមួយ ហើយអញ្ជើញកូនៗរបស់បងប្អូនឲ្យផ្លាស់ប្តូរ ឬដកផ្នែកខ្លះៗនៃរូបភាពចេញ ដើម្បីធ្វើឲ្យវាមើលទៅខុសប្លែក ។ បងប្អូនអាចប្រើរូបនេះដើម្បីបង្រៀនថា អ្វីៗក្នុងព្រះគម្ពីរប៊ីបត្រូវបានផ្លាស់ប្តូរ ហើយយកចេញបន្តិចម្តងៗ ។ សូមអានជាមួយគ្នាក្នុង នីហ្វៃទី១ ១៣:៤០ និងនិយាយអំពីរបៀបដែលព្រះគម្ពីរមរមន ( « កំណត់ត្រាចុងក្រោយទាំងនោះ » ) ជួយយើងឲ្យយល់ពី « សេចក្ដីដ៏ច្បាស់ និងពិសេសៗ » ដែលបានបាត់ពីព្រះគម្ពីរប៊ីប ( កំណត់ត្រា « ដំបូង » ) ។ តើសេចក្តីពិត « ដ៏ច្បាស់ និងពិសេសៗ » អ្វីខ្លះដែលបងប្អូនបានរៀនមកពីព្រះគម្ពីរមរមន ?
-
វីដេអូ « The Book of Mormon—a Book from God » ( បណ្ណាល័យដំណឹងល្អ ) អាចជួយកូនៗរបស់បងប្អូនឲ្យមើលឃើញពីមូលហេតុដែលវាមានសារៈសំខាន់ដើម្បីមានទាំងព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមន ។ កុមារអាចរីករាយក្នុងការបង្កើតរូបភាពរចនាឡើងវិញមកពីវីដេអូនោះ ។
ព្រះគម្ពីរមរមនស្ដារឡើងវិញនូវសេចក្ដីពិតនៃដំណឹងល្អដែលបានបាត់បង់អំឡុងពេលនៃការក្បត់សាសនា ។
ការកាន់ខ្ជាប់ទៅនឹងព្រះបន្ទូលនៃព្រះ ជួយខ្ញុំឲ្យទប់ទល់នឹងការល្បួងបាន ។
-
សូមផ្តល់ឱកាសឲ្យកូនៗរបស់បងប្អូនចែកចាយនូវអ្វីដែលពួកគេចងចាំអំពីការនិមិត្តរបស់លីហៃ ។ វាអាចជាជំនួយបាន ពេលប្រើរូបភាព ដូចជារូបភាពនៅក្នុងមេរៀនកាលពីសប្តាហ៍មុនជាដើម ។ តើមានអ្វីខ្លះដែលរារាំងមនុស្សមិនឲ្យទៅដល់ដើមឈើនោះ ? តើមានអ្វីខ្លះដែលបានជួយពួកគេឲ្យទៅដល់ដើមឈើនោះ ? បងប្អូនអាចសុំឲ្យពួកគេរកមើលដំបងដែកនៅក្នុងរូបភាព ។ សូមអានជាមួយគ្នាក្នុង នីហ្វៃទី១ ១៥:២៣–២៤ ដើម្បីស្វែងយល់ថា តើដំបងដែកតំណាងឲ្យអ្វី និងរបៀបដែលវាអាចជួយដល់យើងបាន ។
ដើម្បីទទួលបានគំនិតបន្ថែម សូមមើលទស្សនាវដ្តី ប្រិយមិត្ត ប្រចាំខែនេះ ។
Nephi’s Vision of Mary [ ការនិមិត្តរបស់នីហ្វៃអំពីម៉ារា ] ដោយ ជេមស៍ ចនសុន