ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ៨–១៤ ខែ មករា ៖ « ខ្ញុំ​នឹង​ទៅ ហើយ​ធ្វើ » ។ នីហ្វៃទី១ ១–៥


« ថ្ងៃទី ៨–១៤ ខែ មករា ៖ ‹ ខ្ញុំ​នឹង​ទៅ ហើយ​ធ្វើ › ។ នីហ្វៃទី​១ ១–៥ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )

« ថ្ងៃទី ៨–១៤ ខែ មករា ។ នីហ្វៃទី១ ១–៥ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )

រូបភាព
គ្រួសារ​របស់​លីហៃ​កំពុង​ធ្វើ​ដំណើរ​នៅ​ទីរហោស្ថាន

Lehi Traveling Near the Red Sea [ លីហៃ​កំពុង​ធ្វើ​ដំណើរ​ក្បែរ​សមុទ្រ​ក្រហម ] ដោយ ហ្គែរី ស្ម៊ីធ

ថ្ងៃទី ៨–១៤ ខែ មករា ៖ « ខ្ញុំ​នឹង​ទៅ ហើយ​ធ្វើ »

នីហ្វៃទី១ ១–៥

ព្រះគម្ពីរ​មរមន​ចាប់​ផ្ដើម​ជាមួយ​នឹង​ដំណើររឿង​មួយ​អំពី​គ្រួសារ​ពិត​មួយ​ដែល​ជួបប្រទះ​នឹង​បញ្ហា​ពិតៗ ។ វា​បាន​កើត​ឡើង​នៅ ៦០០ ឆ្នាំ​មុន គ.ស. ប៉ុន្តែ​មាន​រឿង​ជា​ច្រើន​អំពី​ដំណើរ​រឿង​នេះ ដែល​ហាក់ដូចជា​ស្រដៀង​គ្នា​ទៅនឹង​ក្រុម​គ្រួសារ​មួយ​ចំនួន​នៅ​ពេល​បច្ចុប្បន្ន​នេះ​ផងដែរ ។ គ្រួសារ​នេះ​កំពុង​រស់នៅ​ក្នុង​ពិភព​នៃ​អំពើ​ទុច្ចរិត ប៉ុន្តែ​ព្រះអម្ចាស់​បាន​សន្យា​នឹង​ពួកគេ​ថា ប្រសិនបើ​ពួកគេ​នឹង​ធ្វើ​តាម​ទ្រង់ នោះ​ទ្រង់​នឹង​នាំ​ពួកគេ​ទៅ​រក​សុវត្ថិភាព ។ នៅ​តាម​ផ្លូវ ពួកគេ​ជួប​ទាំង​គ្រា​ល្អ និង​គ្រា​អាក្រក់ ពរជ័យ និង​អព្ភូតហេតុ​អស្ចារ្យៗ​ជា​ច្រើន ប៉ុន្តែ​ពួកគេ​ក៏​មាន​ការ​ជជែក​វែកញែក និង​ការឈ្លោះ​ទាស់ទែង​គ្នា​ផងដែរ ។ នៅក្នុង​ព្រះគម្ពីរ​កម្រ​មាន​ដំណើររឿង​លម្អិត​បែប​នេះ​អំពី​គ្រួសារ​ដែល​ព្យាយាម​រស់នៅ​តាម​ដំណឹងល្អ​ណាស់ ៖ ឪពុកម្តាយ​ដែល​ពុះពារ​ដើម្បី​ជំរុញ​ឲ្យ​មាន​សេចក្តីជំនឿ​នៅក្នុង​គ្រួសារ​របស់​ខ្លួន ហើយ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​របស់​ពួកគេ កូនៗ​ដែល​សម្រេច​ចិត្ត​ថា​តើ​ពួកគេ​នឹង​ជឿ​ឪពុកម្តាយ​របស់​ពួកគេ​ដែរ​ឬអត់ និង​បងប្អូន​ដែល​កំពុង​ប្រឈមមុខ​នឹង​ការច្រណែន និង​ការឈ្លោះ​ទាស់ទែង​គ្នា—ហើយ ពេល​ខ្លះ​អភ័យទោស​ឲ្យ​គ្នា​ទៅវិញ​ទៅមក ។ សរុប​មក វា​មាន​អំណាច​នៅក្នុង​គំរូ​នៃ​សេចក្ដី​ជំនឿ​របស់​គ្រួសារ​ដែល​មិន​ល្អ​ឥតខ្ចោះ​នេះ ។

គំនិត​សម្រាប់​ការរៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន និង​សាសនាចក្រ

នីហ្វៃទី១ ១–៥

ព្រះបន្ទូល​នៃ​ព្រះ​គឺ « មាន​ប្រយោជន៍​ជា​អតិបរមា » ចំពោះ​ខ្ញុំ ។

សារ​ដ៏​លេចធ្លោ​មួយ​នៅក្នុង​ព្រះគម្ពីរ​មរមន​គឺ​ព្រះ​បន្ទូល​នៃ​ព្រះ « មាន​ប្រយោជន៍​ជា​អតិបរមា » ( នីហ្វៃទី​១ ៥:២១ ) ។ នៅពេល​បងប្អូន​អាន នីហ្វៃទី ១ ១–៥ សូម​រកមើល​របៀប​ដែល​ព្រះបន្ទូល​នៃ​ព្រះ​បាន​ប្រទានពរ​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ដល់​គ្រួសារ​របស់​លីហៃ ( ឧទាហរណ៍ សូមមើល ១:១១–១៥; ៣:១៩–២០; ៥:១០–២២ ) ។ តើ​ជំពូក​ទាំងនេះ​បង្រៀន​យើង​អ្វីខ្លះ​អំពី​ព្រះបន្ទូល​របស់​ព្រះ ? តើ​បងប្អូន​រកឃើញ​អ្វីខ្លះ​ដែល​បំផុសគំនិត​បងប្អូន​ឲ្យ​ស្វែងយល់​ក្នុង​ព្រះគម្ពីរ ?

សូមមើល​ផងដែរ « ពេល​ខ្ញុំ​ស្វែង​យល់​គម្ពីរ​ពិសិដ្ឋ » ទំនុក​តម្កើង ល.រ. ១៥៩; « Scriptures Legacy » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

នីហ្វៃទី១ ២

ខ្ញុំ​អាច​ទទួល​បាន និង​ពង្រឹង​ទីបន្ទាល់​របស់​ខ្ញុំ នៅពេល​ខ្ញុំ​ងាក​ទៅរក​ព្រះអម្ចាស់ ។

នីហ្វៃ​ត្រូវ​បាន​គេ​ស្គាល់​ពី​សេចក្តី​ជំនឿ​ដ៏​មាន​អានុភាព​របស់​លោក​ទៅលើ​ព្រះអម្ចាស់ ប៉ុន្តែ​លោក​ត្រូវ​ធ្វើការ​ដើម្បី​ទទួល​បាន​ទីបន្ទាល់​របស់​លោក—ដូចជា​យើង​ទាំងអស់​គ្នា​ដែរ ។ តើ​បងប្អូន​អាន​អ្វីខ្លះ​នៅក្នុង នីហ្វៃទី​១ ២ ដែល​បង្ហាញ​ពី​មូលហេតុ​ដែល​នីហ្វៃ​អាច​ទទួល​បាន​សាក្សី​ថា ពាក្យ​របស់​ឪពុក​លោក​គឺ​ពិត ? ហេតុអ្វី​បាន​ជា​លេមិន និង​លេមយួល​មិន​បាន​ទទួល​សាក្សី​នេះ ? ( សូម​មើល​ផងដែរ នីហ្វៃទី​១ ១៥:២–១១ ) ។ តើ​បងប្អូន​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​បាន​បន្ទន់​ចិត្ត​បងប្អូន​នៅពេល​ណា ?

សូមមើល​ផងដែរ « The Lord Commands Lehi’s Family to Leave Jerusalem » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

នីហ្វៃ​ទី​១ ៣–៤

រូបភាព
រូបតំណាង​ថ្នាក់​សិក្ខាសាលា
ព្រះ​នឹង​រៀបចំ​ផ្លូវ​មួយ​សម្រាប់​ខ្ញុំ​ដើម្បី​ធ្វើ​តាម​ព្រះឆន្ទៈ​របស់​ទ្រង់ ។

នៅពេល​ព្រះអម្ចាស់​បាន​ត្រាស់​បង្គាប់​ឲ្យ​កូនប្រុស​របស់​លីហៃ​ទៅ​យក​ផ្ទាំង​លង្ហិន​ពី​ឡាបាន់ ទ្រង់​ពុំ​បាន​ផ្ដល់​ការណែនាំ​ជាក់លាក់​អំពី​របៀប​ដើម្បី​សម្រេច​នូវ​ការបង្គាប់​នេះទេ ។ ជាញឹកញាប់ នេះ​គឺជា​ការពិត​នៃ​ការបង្គាប់​ដែល​យើង​ទទួល​បាន​មកពី​ព្រះ ហើយ​រឿង​នេះ​អាច​នាំ​ឲ្យ​យើង​មាន​អារម្មណ៍​ដូចជា​ទ្រង់​បាន​តម្រូវ « ឲ្យ​ធ្វើ​ការ​ដ៏​លំបាក » ( នីហ្វៃទី១ ៣:៥ ) ។ តើ​មាន​អ្វី​ខ្លះ​ដែល​បាន​បំផុសគំនិត​ដល់​បងប្អូន​អំពី​ចម្លើយ​របស់​នីហ្វៃ​ចំពោះ​ការបញ្ជា​របស់​ព្រះអម្ចាស់ ដែល​មាន​នៅ​ក្នុង នីហ្វៃទី​១ ៣:៧, ១៥–១៦ ?

កាល​ដែល​បងប្អូន​អាន នីហ្វៃទី​១ ៣–៤ សូម​រកមើល​ភាពខុស​គ្នា​នៃ​ការលំបាក​នានា​ដែល​នីហ្វៃ​បាន​ជួបប្រទះ ។ តើ​ព្រះអម្ចាស់​បាន « រៀបចំ​ផ្លូវ » សម្រាប់​នីហ្វៃ​ដើម្បី « សម្រេច​នូវ​អ្វីៗ ដែល​ទ្រង់ [ បាន​បញ្ជា ] » ដោយ​របៀប​ណា ? ហេតុអ្វី​បាន​ជា​វា​សំខាន់​សម្រាប់​បងប្អូន​ដើម្បី​ដឹង​ពី​អ្វី​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​សម្រាប់​នីហ្វៃ ?

របៀប​ដ៏​មាន​អានុភាព​មួយ​ដែល​ព្រះ​បាន​រៀបចំ​យើង​ដើម្បី​រក្សា​បទបញ្ញត្តិ​របស់​ទ្រង់ គឺ​ដោយ​ការបញ្ជូន​ព្រះយេស៊ូវ​គ្រីស្ទ​ឲ្យ​ធ្វើ​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង ។ សូម​ពិចារណា​អាន​សុន្ទរកថា​របស់​ប្រធាន ដាល្លិន អេក អូក « តើ​ព្រះអង្គ​សង្គ្រោះ​របស់​យើង​បាន​ធ្វើ​អ្វីខ្លះ​សម្រាប់​យើង ? » ( លីអាហូណា ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៧៥–៧៧ ) ។ តើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​រៀបចំ​ផ្លូវ​សម្រាប់​យើង​ម្នាក់ៗ​ដោយ​របៀប​ណា ? ដោយ​ដឹង​ថា​ទ្រង់​បាន​យក​ឈ្នះ​លើ​អ្វីៗ​ទាំងអស់​សម្រាប់​បងប្អូន តើ​បងប្អូន​មាន​អារម្មណ៍​បំផុស​អ្វីខ្លះ​ឲ្យ « ទៅ ហើយ​ធ្វើ » ?

សូមមើល​ផងដែរ « Nephi Is Led by the Spirit to Obtain the Plates of Brass » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ; Gospel Topics « Obedience » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

សូម​ប្រើ​ដំណើររឿង និង​ឧទាហរណ៍​នានា​ដើម្បី​បង្រៀន​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ ។ នៅពេល​បងប្អូន​រៀបចំ​ខ្លួន​បង្រៀន សូម​គិត​អំពី​បទពិសោធន៍​ផ្ទាល់ខ្លួន​ដែល​អាច​បន្ថែម​ជា​សាក្សី​ទីពីរ​ទៅនឹង​ដំណើររឿង​នៅក្នុង​ព្រះគម្ពីរ ។ ឧទាហរណ៍ តើ​ព្រះអម្ចាស់​បាន​រៀបចំ​ផ្លូវ​សម្រាប់​បងប្អូន​ដើម្បី​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ទ្រង់​នៅពេល​ណា ?

រូបភាព
លីហៃ និង​សារ៉ាយ​កំពុង​រាក់ទាក់​នីហ្វៃ និង​ពួក​បងប្រុស​របស់​លោក

Their Joy Was Full [ អំណរ​របស់​ពួកគេ​មាន​ភាពពេញលេញ ] ដោយ វ៉លធើរ រ៉េន

នីហ្វៃ​ទី​១ ៤:១–៣; ៥:១–៨

ការចងចាំ​កិច្ចការ​ទាំងឡាយ​របស់​ព្រះ​អាច​ផ្ដល់​សេចក្ដី​ជំនឿ​ដល់​ខ្ញុំ ដើម្បី​គោរព​តាម​បទបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់​បាន ។

នៅពេល​លេមិន និង​លេមយួល មាន​អារម្មណ៍​ចង់​រអ៊ូរទាំ និង​ត្អូញត្អែរ ជា​ធម្មតា​ពួកគេ​មាន​នីហ្វៃ និង​លីហៃ​នៅជិត​ដើម្បី​លើក​ទឹកចិត្ត ហើយ​គាំទ្រ​ដល់​ពួកគេ ។ នៅពេល​បងប្អូន​មាន​អារម្មណ៍​ចង់​រអ៊ូរទាំ ការអាន​ពាក្យ​របស់​នីហ្វៃ និង​លីហៃ​អាច​ជួយ​បងប្អូន​បាន ។ តើ​នីហ្វៃ និង​លីហៃ​បាន​ព្យាយាម​ជួយ​អ្នក​ដទៃ​ឲ្យ​ស្ថាបនា​សេចក្ដី​ជំនឿ​ទៅលើ​ព្រះ​ដោយ​របៀប​ណា ? ( សូមមើល នីហ្វៃ​ទី​១ ៤:១–៣; ៥:១–៨; សូមមើល​ផងដែរ នីហ្វៃ​ទី​១ ៧:៦–២១ ) ។ តើ​បងប្អូន​រៀន​បាន​អ្វីខ្លះ ដែល​អាច​ជួយ​បងប្អូន​បាន នៅពេល​បងប្អូន​ត្រូវបាន​ល្បួង​ឲ្យ​រអ៊ូរទាំ ឬ​ត្អូញត្អែរ​នោះ ?

នីហ្វៃ​ទី​១ ៤:៥–១៨

« ខ្ញុំ​ត្រូវ​បាន​នាំ​ទៅ​ដោយ​ព្រះ​វិញ្ញាណ » ។

នៅក្នុង នីហ្វៃទី​១ ៤:៥–១៨ តើ​អ្វីខ្លះ​ដែល​ធ្វើ​ឲ្យ​បងប្អូន​ចាប់​អារម្មណ៍​អំពី​សមត្ថភាព​របស់​នីហ្វៃ​ក្នុងការ​ស្គាល់ និង​ធ្វើ​តាម​ព្រះវិញ្ញាណ ? បងប្អូន​អាច​សិក្សា​សារលិខិត​របស់​ប្រធាន រ័សុល អិម ណិលសុន « Revelation for the Church, Revelation for Our Lives » ( Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៣–៩៦ ) ដើម្បី​រៀន​បន្ថែម​ទៀត​អំពី​ការទទួល​វិវរណៈ​មកពី​ព្រះអម្ចាស់ ។

ដើម្បី​ទទួល​បាន​គំនិត​បន្ថែម សូមមើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

គំនិត​សម្រាប់​បង្រៀន​កុមារ

នីហ្វៃ​ទី​១ ២:១៦

ខ្ញុំ​អាច​មាន​ទីបន្ទាល់​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ ។

  • តើ​នីហ្វៃ​ដឹង​ថា អ្វី​ដែល​ឪពុក​របស់​លោក​បាន​បង្រៀន​គឺជា​ការពិត​ដោយ​របៀប​ណា ? សូម​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​នេះ​នៅក្នុង នីហ្វៃទី​១ ២:១៦, ១៩ ។ ពួកគេ​ក៏​អាច​នឹង​រីករាយ​ផងដែរ​នឹង​ការសរសេរ​សកម្មភាព​របស់​នីហ្វៃ​លើ​ដុំឈើ ឬ​វត្ថុ​ផ្សេង​ទៀត ហើយ​បន្ទាប់មក​បង្កើត​អ្វីមួយ​ដោយ​ប្រើ​វត្ថុ​ទាំងនោះ ។ ការណ៍​នេះ​អាច​នាំ​ឲ្យ​មាន​ការសន្ទនា​អំពី​របៀប​ដែល​សកម្មភាព​ទាំងនេះ​ជួយ​យើង​ឲ្យ​ស្ថាបនា​ទីបន្ទាល់ ។

  • បងប្អូន​អាច​បង្ហាញ​កូនៗ​របស់​បងប្អូន​នូវ​រូបភាព ឬ​វត្ថុ​ដែល​តំណាង​ឲ្យ​របស់​ដែល​ពួកគេ​អាច​ស្វែងរក​ទីបន្ទាល់​បាន ដូចជា ព្រះគម្ពីរ​មរមន ឬ​រូបភាព​ព្រះយេស៊ូវ​គ្រីស្ទ ព្រះវិហារ​បរិសុទ្ធ ឬ​ព្យាការី​ដែល​នៅរស់ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ជ្រើសរើស​វត្ថុ​មួយ ហើយ​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​អំពី​របស់​នោះ ។ បងប្អូន​ក៏​អាច​ប្រាប់​កូនៗ​របស់​បងប្អូន​ពី​របៀប​ដែល​បងប្អូន​ទទួល​បាន​ទីបន្ទាល់​របស់​បងប្អូន​ផងដែរ ។ ហេតុអ្វី​បាន​ជា​យើង​ត្រូវការ​ទីបន្ទាល់​ផ្ទាល់​ខ្លួន ?

នីហ្វៃ​ទី​១ ៣–៤

ព្រះ​នឹង​ជួយ​ខ្ញុំ​ឲ្យ​រក្សា​បទបញ្ញត្តិ​របស់​ទ្រង់ ។

  • សូម​ពិចារណា​ប្រើប្រាស់​ធនធាន​ទាំងនេះ​មួយ ឬ​ច្រើន​ដើម្បី​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​និយាយ​អំពី​របៀប​ដែល​ព្រះ​បាន​ជួយ​នីហ្វៃ​ឲ្យ​ទទួល​បាន​ផ្ទាំង​លង្ហិន ៖ នីហ្វៃទី​១ ៣–៤; ទំព័រ​សកម្មភាព​សប្តាហ៍​នេះ; « ភាពក្លាហាន​របស់​នីហ្វៃ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៦៤ ) និង « ជំពូក​ទី ៤ ៖ ផ្ទាំង​លង្ហិន » ( នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​មរមន ទំព័រ ៨–១២ ) ។

  • បងប្អូន និង​កូនៗ​របស់​បងប្អូន​អាច​រីករាយ​នឹង​ការសម្តែង នីហ្វៃទី​១ ៣:២–៧ ។ ប្រហែលជា​បងប្អូន​អាច​សម្តែង​ជា​លីហៃ ហើយ​សុំ​ឲ្យ​កូនៗ​របស់​បងប្អូន​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ​ដើម្បី​យក​ផ្ទាំង​លង្ហិន ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ឆ្លើយតប​តាម​ពាក្យ​សម្ដី​ផ្ទាល់​ខ្លួន​របស់​ពួកគេ ដូចជា​ពួកគេ​ជា​លេមិន និង លេមយួល ឬ​នីហ្វៃ ។ តើ​ព្រះ​បាន​បង្គាប់​យើង​ឲ្យ​ធ្វើ​អ្វី​ខ្លះ ? ( សូមមើល រូបភាព​លេខ ១០៣–១៥ នៅក្នុង សៀវភៅ​រូបភាព​ដំណឹងល្អម៉ូសាយ ១៨:៨–១០ ជា​គំនិត​បន្ថែម ) ។ តើ​យើង​អាច​ដូច​ជា​នីហ្វៃ​ដោយ​របៀប​ណា ?

នីហ្វៃ​ទី​១ ៣:១៩–២១; ៥:១៩–២២

ព្រះគម្ពីរ​មាន​តម្លៃ​ដ៏​មហិមា ។

  • ព្រះគម្ពីរ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ចំពោះ​គ្រួសារ​របស់​លីហៃ ។ ដើម្បី​បង្ហាញ​អំពី​ការណ៍​នេះ បងប្អូន​អាច​អញ្ជើញ​កូនៗ​របស់​បងប្អូន​ឲ្យ​ជួយ​បងប្អូន​តំណាល ឬ​ធ្វើ​សកម្មភាព​អ្វី​ដែល​នីហ្វៃ និង​បងប្អូន​របស់​លោក​បាន​ធ្វើ​ដើម្បី​ទទួល​បាន​ផ្ទាំង​លង្ហិន ៖ ពួកគេ​បាន​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ លះបង់​មាស និង​ប្រាក់​របស់​ពួកលោក ហើយ​លាក់ខ្លួន​នៅក្នុង​រូងភ្នំ​ដើម្បី​ការពារ​ជីវិត​របស់​ពួកលោក ។ ពួកគេ​អាច​អាន នីហ្វៃ​ទី​១ ៥:២១ ហើយ​សូម​និយាយ​អំពី​មូលហេតុ​ដែល​ព្រះគម្ពីរ​មាន​តម្លៃ​យ៉ាង​ខ្លាំង​ដល់​គ្រួសារ​របស់​លីហៃ ។ តើ​ហេតុ​អ្វី​បាន​ជា​វា​មាន​តម្លៃ​ចំពោះ​យើង ? តើ​យើង​អាច​ចាត់​ទុក​ព្រះគម្ពីរ​ដូចជា​របស់​មាន​តម្លៃ​ដោយ​របៀប​ណា ?

រូបភាព
នីហ្វៃ និង​គ្រួសារ​របស់​លោក​កំពុង​សិក្សា​ផ្ទាំង​ចំណារ

នីហ្វៃ និង​គ្រួសារ​របស់​លោក​ឲ្យ​តម្លៃ​លើ​ព្រះគម្ពីរ ។

នីហ្វៃទី​១ ៤:៦

ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ដឹកនាំ​ខ្ញុំ នៅពេល​ខ្ញុំ​ព្យាយាម​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះអម្ចាស់ ។

  • បន្ទាប់ពី​រំឭក នីហ្វៃទី​១ ៣ ឡើងវិញ​ជាមួយ​គ្នា​អំពី​របៀប​ដែល​នីហ្វៃ និង​បងប្អូន​របស់​លោក​បាន​ព្យាយាម​យក​ផ្ទាំង​លង្ហិន​ហើយ សូម​អាន​ជាមួយ​កូនៗ​របស់​បងប្អូន​ក្នុង នីហ្វៃ​ទី​១ ៤:៦ ដើម្បី​ស្វែងយល់​ពី​អ្វី​ដែល​នីហ្វៃ​បាន​ធ្វើ ដែល​អនុញ្ញាត​ឲ្យ​លោក​ទទួល​បាន​ជោគជ័យ​នៅ​ទីបំផុត ។ បន្ទាប់មក កូនៗ​របស់​បងប្អូន​អាច​ធ្វើ​បញ្ជី​នៃ​អ្វី​ដែល​ព្រះ​ចង់​ឲ្យ​ពួកគេ​ធ្វើ ។ តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​យើង​តាម​របៀប​ណា​នៅក្នុង​ស្ថានភាព​ទាំងនេះ ?

ដើម្បី​ទទួល​បាន​គំនិត​បន្ថែម សូមមើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

រូបភាព
នីហ្វៃ​កំពុង​ឈរ​នៅ​ជិត ឡាបាន់ ដែល​ស្រវឹង​ស្រា

I Did Obey the Voice of the Spirit [ ខ្ញុំ​បាន​គោរព​តាម​ព្រះសូរសៀង​របស់​ព្រះវិញ្ញាណ ] ដោយ វ៉លធើរ រ៉េន