ចូរ​មក​តាម​ខ្ញុំ ឆ្នាំ ២០២៤
ថ្ងៃទី ២៩ ខែ មករា–ថ្ងៃទី ៤ ខែ កុម្ភៈ ៖ « យើង​នឹង​រៀបចំ​ផ្លូវ​សម្រាប់​អ្នក​រាល់​គ្នា » ។ នីហ្វៃ​ទី​១ ១៦–២២


« ថ្ងៃទី ២៩ ខែ មករា–ថ្ងៃទី ៤ ខែ កុម្ភៈ ៖ ‹ យើង​នឹង​រៀបចំ​ផ្លូវ​សម្រាប់​អ្នក​រាល់​គ្នា › ។ នីហ្វៃទី​១ ១៦–២២ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )

« ថ្ងៃទី ២៩ ខែ មករា–ថ្ងៃទី ៤ ខែ កុម្ភៈ ។ នីហ្វៃ​ទី​១ ១៦–២២ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )

រូបភាព
មនុស្ស​កំពុង​ពិនិត្យ​មើល​លីអាហូណា

ថ្ងៃទី ២៩ ខែ មករា–ថ្ងៃទី ៤ ខែ កុម្ភៈ ៖ « យើង​នឹង​រៀបចំ​ផ្លូវ​សម្រាប់​អ្នក​រាល់​គ្នា »

នីហ្វៃ​ទី​១ ១៦–២២

នៅពេល​គ្រួសារ​លីហៃ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ដែនដី​សន្យា ព្រះអម្ចាស់​បាន​ធ្វើ​ការ​សន្យា​នេះ​ជាមួយ​នឹង​ពួកគេ ៖ « យើង​នឹង​រៀបចំ​ផ្លូវ​សម្រាប់​អ្នក​រាល់​គ្នា បើ​សិន​ជា​អ្នក​រាល់គ្នា​កាន់​តាម​បញ្ញត្តិ​ទាំងឡាយ​របស់​យើង » ( នីហ្វៃ​ទី​១ ១៧:១៣ ) ។ ច្បាស់ណាស់ ការសន្យា​នោះ​ពុំ​មាន​ន័យ​ថា ការ​ធ្វើ​ដំណើរ​នឹង​មាន​ភាពងាយ​ស្រួល​នោះទេ—សមាជិក​គ្រួសារ​នៅ​តែ​មាន​ការមិន​ចុះ​សម្រុង​គ្នា បាក់​ធ្នូ ហើយ​មនុស្ស​មាន​ការលំបាក និង​បាន​ស្លាប់ ហើយ​ពួកគេ​នៅតែ​ត្រូវ​សង់​សំពៅ​ពី​វត្ថុ​ធាតុ​ដើមទៀត ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅពេល​គ្រួសារ​បាន​ប្រឈម​មុខ​នឹង​ទុក្ខលំបាក ឬ​ការងារ​ដែល​ហាក់​ដូចជា​មិន​អាច​ធ្វើ​ទៅ​បាន នីហ្វៃ​បាន​ដឹង​ថា ព្រះអម្ចាស់​ពុំ​ដែល​ចេញ​ឆ្ងាយ​នោះទេ ។ លោក​បាន​ដឹង​ថា ព្រះ « នឹង​ចិញ្ចឹម [ ពួក​អ្នក​ស្មោះត្រង់ ] ហើយ​ផ្ដល់​កម្លាំង​ដល់​គេ ព្រមទាំង​ផ្ដល់​ផ្លូវ​ឲ្យ ដើម្បី​គេ​អាច​សម្រេច​នូវ​អ្វីៗ​ដែល​ទ្រង់​បាន​បញ្ជា​ពួកគេ » ( នីហ្វៃ​ទី​១ ១៧:៣ ) ។ បើ​បងប្អូន​មាន​ការងឿង​ឆ្ងល់​ថា ហេតុអ្វី​រឿង​អាក្រក់ៗ​កើត​ឡើង​ចំពោះ​មនុស្ស​ល្អ​ដូចជា​នីហ្វៃ និង​គ្រួសារ​របស់​លោក នោះ​បងប្អូន​អាច​រកឃើញ​ប្រាជ្ញា​វាងវៃ​នៅ​ក្នុង​ជំពូក​ទាំងនេះ​បាន ។ ប៉ុន្តែ​ប្រហែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​បងប្អូន​នឹង​មើល​ឃើញ​អ្វី​ដែល​មនុស្ស​ល្អ​ធ្វើ នៅពេល​ដែល​មាន​រឿង​អាក្រក់​កើត​ឡើង ។

គំនិត​សម្រាប់​ការរៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន និង​សាសនាចក្រ

នីហ្វៃ​ទី​១ ១៦–១៨

រូបភាព
រូបតំណាង​ថ្នាក់​សិក្ខាសាលា
ព្រះអង្គ​សង្គ្រោះ​នឹង​ជួយ​ខ្ញុំ​ឲ្យ​ប្រឈមមុខ​ទៅនឹង​ឧបសគ្គ​ក្នុង​ជីវិត ។

គ្រួសារ​របស់​នីហ្វៃ​បាន​ប្រឈម​មុខ​ទៅនឹង​បញ្ហា​លំបាក​មួយ​ចំនួន—ដូច​យើង​ទាំងអស់​គ្នា​ដែរ ។ តើ​បងប្អូន​អាច​រៀន​អ្វី​ខ្លះ​ពី​នីហ្វៃ អំពី​ការប្រឈម​មុខ​ទៅនឹង​ទុក្ខលំបាក​ដោយ​មាន​សេចក្តី​ជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ? សូម​អាន​បទពិសោធន៍​ទាំងឡាយ​របស់​លោក​នៅក្នុង នីហ្វៃទី​១ ១៦:១៧–៣២; ១៦:៣៤–៣៩; ១៧:៧–១៦; ១៨:១–៤ និង ១៨:៩–២២ ។ សូម​ពិចារណា​កត់ត្រា​នូវ​អ្វី​ដែល​បងប្អូន​រកឃើញ​នៅក្រោម​ចំណងជើង​ដូច​នេះ ៖ « ការប្រឈមមុខ » « របៀប​ដែល​នីហ្វៃ​ឆ្លើយតប » និង « របៀប​ដែល​ព្រះអម្ចាស់​បាន​ជួយ » ។ តើ​បងប្អូន​រៀន​អ្វីខ្លះ​ដែល​បងប្អូន​អាច​អនុវត្ត​បាន​ចំពោះ​បញ្ហា​ដែល​បងប្អូន​ប្រឈមមុខ ?

បន្ទាប់ពី​បាន​រៀន​ពី​នីហ្វៃ និង​គ្រួសារ​របស់​លោក​មក បងប្អូន​អាច​កត់ត្រា​គំនិត​បន្ថែម​នៅក្រោម​ចំណងជើង​ទាំងនេះ ៖ « ការប្រឈមមុខ​របស់​ខ្ញុំ » « របៀប​ដែល​ខ្ញុំ​ឆ្លើយតប » « របៀប​ដែល ព្រះអម្ចាស់​អាច​ជួយ​ខ្ញុំ » ។ នៅពេល​បងប្អូន​ធ្វើ​ដូច្នេះ បងប្អូន​អាច​យោង​ទៅ​បទគម្ពីរ​ដូច​នេះ ៖ ម៉ាថាយ ១១:២៨–៣០; យ៉ូហាន ១៤:២៦–២៧; ម៉ូសាយ ២៤:១៣–១៥ ។ ទំនុក​តម្កើង​ដូចជា​បទ « ខ្ញុំ​រក​ក្តី​សុខ​ឯ​ណា ? » ( ទំនុក​តម្កើង ល.រ. ៦៩ ) អាច​ពង្រឹង​សេចក្តី​ជំនឿ​របស់​បងប្អូន​ទៅលើ​ព្រះអង្គ​សង្រ្គោះ និង​ជំនួយ​ដែល​ទ្រង់​ប្រទាន​ឲ្យ​អំឡុងពេល​នៃ​ការសាកល្បង​បាន ។

សូមមើល​ផងដែរ អាន់ថូនី ឌី ភើគីន « Remember Thy Suffering Saints, O Our God » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ១០៣–១០៥; « He Will Give You Help » « The Lord Guides Lehi’s Journey » « The Lord Commands Nephi to Build a Ship » និង « Lehi’s Family Sails to the Promised Land » ( វីដេអូ ) បណ្ណាល័យ​ដំណឹងល្អ; « ជួយ​ដល់​ជីវិត » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

នីហ្វៃ​ទី​១ ១៦:១០–១៦, ២៣–៣១; ១៨:១១–២២

ព្រះ​ដឹកនាំ​ខ្ញុំ​តាមរយៈ​មធ្យោបាយ​តូចតាច និង​សាមញ្ញៗ ។

នៅពេល​ព្រះ​បាន​ដឹកនាំ​គ្រួសារ​របស់​លីហៃ​ចូល​ទៅ​ក្នុង​ទីរហោស្ថាន ទ្រង់​មិនបាន​ប្រទាន​ឲ្យ​ពួកគេ​នូវ​ផែនទី​ដែល​បង្ហាញ​ពី​ស្ថានភាព​លម្អិត​នៃ​ដំណើរ​នោះ​ទេ ។ ផ្ទុយទៅវិញ ទ្រង់​បាន​ប្រទាន​លីអាហូណា​ដល់​ពួកលោក ដើម្បី​ណែនាំ​ពួកលោក​រាល់ថ្ងៃ​វិញ ។ នៅពេល​បងប្អូន​អាន នីហ្វៃ​ទី​១ ១៦:១០–១៦, ២៣–៣១ និង ១៨:១០–២២ សូម​ពិចារណា​ធ្វើ​បញ្ជី​នៃ​សេចក្តីពិត​មួយ​ដែល​បង្ហាញ​អំពី​របៀប​ដែល​ព្រះ​ដឹកនាំ​បុត្រា​បុត្រី​របស់​ទ្រង់ ( ឧទាហរណ៍ នីហ្វៃ​ទី​១ ១៦:១០ អាច​បង្រៀន​ថា ពេលខ្លះ ព្រះ​ដឹកនាំ​យើង​តាម​របៀប​ដែល​ពុំ​បាន​រំពឹងទុក ) ។ តើ​បងប្អូន​ឃើញ​មាន​ភាពស្រដៀង​គ្នា​អ្វីខ្លះ រវាង​លីអាហូណា និង​ព្រះវិញ្ញាណ​បរិសុទ្ធ ? តើ « មធ្យោបាយ​ដ៏​តូចតាច » អ្វី​ខ្លះ​ដែល​ទ្រង់​បាន​នាំមក​នូវ « ការណ៍​ដ៏​ធំធេង​ឡើង » នៅក្នុង​ជីវិត​របស់​បងប្អូន ?

សូមមើល​ផងដែរ អាលម៉ា ៣៧:៧, ៣៨–៤៧; គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:៣៣–៣៤ ។

រូបភាព
លីហៃ​កំពុង​ប្រើ​លីអាហូណា

If Ye Are Prepared Ye Shall Not Fear [ បើសិនជា​អ្នករាល់គ្នា​បាន​ប្រុងប្រៀប​ទុកជា​ស្រេច នោះ​អ្នករាល់គ្នា​នឹង​មិន​ត្រូវ​ខ្លាច​ឡើយ ] ដោយ ក្លាក ខេលី ផ្រាយ

នីហ្វៃទី​១ ១៧:១–៦, ១៧–២២

ការសាកល្បង​របស់​ខ្ញុំ​អាច​ជា​ពរជ័យ​មួយ ។

ទោះបីជា​នីហ្វៃ និង​បងប្អូន​របស់​លោក​មាន​ឧបសគ្គ​ដូចគ្នា​នៅ​ទីរហោស្ថាន​ក៏ដោយ ក៏​បទពិសោធន៍​របស់​ពួក​លោក​គឺ​ខុសគ្នា​យ៉ាង​ខ្លាំង​ដែរ ។ បងប្អូន​អាច​នឹង​ប្រៀបធៀប​រក​ភាពខុសគ្នា​នៃ​ដំណើររឿង​នៃ​ការធ្វើ​ដំណើរ​នៅក្នុង​ទីរហោស្ថាន​របស់​នីហ្វៃ ( សូមមើល នីហ្វៃ​ទី​១ ១៧:១–៦ ) ជាមួយ​នឹង​ដំណើររឿង​នៃ​ការធ្វើ​ដំណើរ​របស់​បងប្រុស​របស់​លោក​បាន ( សូមមើល នីហ្វៃ​ទី​១ ១៧:១៧–២២ ) ។ តើ​នីហ្វៃ​បាន​ដឹង ឬ​ធ្វើ​អ្វីខ្លះ ដែល​បាន​ជួយ​លោក​ឲ្យ​មាន​ទស្សនវិស័យ​ដ៏​ស្មោះត្រង់ ? សូម​ពិចារណា​សរសេរ​អំពី​ការសាកល្បង​នាពេល​ថ្មីៗ​នេះ ឬ​ពេល​បច្ចុប្បន្ន​មួយ​ដែល​គិត​ចេញពី​ទស្សនវិស័យ​នៃ​សេចក្ដី​ជំនឿ និង​ការដឹងគុណ ។ តើ​បងប្អូន​មាន​អារម្មណ៍ ឬ​រៀន​អ្វីខ្លះ​ពី​រឿង​នេះ ?

សូមមើល​ផងដែរ អេមមី អេ រ៉ាយ « ព្រះគ្រីស្ទ​ប្រោស​អ្នក​ដែល​ប្រេះឆា » លីអាហូណស ខែ ឧសភា ឆ្នាំ ២០២២ ទំព័រ ៨១–៨៤, « No Strength without Struggle » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

ពេលវេលា​គិតពិចារណា​ស្ងាត់ៗ ។ ការចំណាយ​ពេល​គិត ពិចារណា ជញ្ជឹង​គិត ឬ​សរសេរ​អាច​នាំ​ទៅរក​ការបំផុស​គំនិត ។ វា​អាច​ជួយ​យើង​ឲ្យ​មើល​ឃើញ​ពី​របៀប​ដែល​គោលលទ្ធិ ឬ​គោលការណ៍​នៃ​ដំណឹងល្អ​មាន​ទំនាក់ទំនង​ទៅនឹង​ជីវិត​របស់​យើង ។ នៅពេល​បងប្អូន​បង្រៀន​អ្នក​ដទៃ សូម​ផ្តល់​ពេល​ឲ្យ​ពួកគេ​ដើម្បី​គិត​ពិចារណា និង​សរសេរ​ចំណាប់​អារម្មណ៍​របស់​ពួកគេ ។ ការណ៍​នេះ​ក៏​អាច​បង្កើន​ឆន្ទៈ​របស់​ពួកគេ​ដើម្បី​ចែកចាយ​គំនិត និង​អារម្មណ៍​របស់​ពួកគេ​ជាមួយ​អ្នក​ដទៃ​ផងដែរ ។

នីហ្វៃ​ទី​១ ១៩:២២–២៤; ២០–២២

ខ្ញុំ​អាច « ប្រៀបធៀប​បទ​ព្រះគម្ពីរ​ទាំងអស់ » ទៅ​នឹង​ខ្លួន​ខ្ញុំ​បាន ។

ដោយសារ​ព្រះគម្ពីរ​បាន​សរសេរ​ជា​យូរយា​ណាស់​មក​ហើយ វា​មើល​ទៅ​ហាក់​ដូចជា​មិន​ទាក់ទង​នឹង​យើង​នៅ​សព្វថ្ងៃ​នេះ​ទេ ។ ប៉ុន្តែ​នីហ្វៃ​ដឹង​ច្បាស់​ជាង ។ លោក​បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​ប្រៀបធៀប​បទ​ព្រះគម្ពីរ​ទាំងអស់​ទៅនឹង​ខ្លួន​យើង ដើម្បី​ទុកជា​ប្រយោជន៍ និង​ការ​ចេះដឹង​ដល់​យើង » ( នីហ្វៃទី១ ១៩:២៣ ) ។ នេះ​ជា​ហេតុផល​មួយ​ដែល​នីហ្វៃ​បាន​រក​ឃើញ​អានុភាព​ខាង​វិញ្ញាណ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ព្រះគម្ពីរ ។

សូម​ពិចារណា​ពី​សំណួរ​ដូច​ខាង​ក្រោម​នេះ នៅពេល​បងប្អូន​អាន នីហ្វៃទី​១ ២០–២២ ៖

នីហ្វៃ​ទី​១ ២០:១–៩ ។តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​អ្វី​ខ្លះ​អំពី​ប្រជាជន​នៅក្នុង​សម័យ​របស់​អេសាយ ? តើ​បងប្អូន​រកឃើញ​អ្វីខ្លះ​ដែល​អនុវត្ត​ចំពោះ​បងប្អូន​បាន ?

នីហ្វៃ​ទី​១ ២០:១៧–២២ ។តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​អ្វីខ្លះ អំពី​របៀប​ដែល ព្រះវរបិតា​សួគ៌​បាន​ដឹកនាំ​ប្រជាជន​នៅ​សម័យ​របស់​អេសាយ ? តើ​ទ្រង់​អញ្ជើញ​បងប្អូន​ឲ្យ​ធ្វើ​តាម​ទ្រង់​ដោយ​របៀបណា ?

តើ​បងប្អូន​បាន​រកឃើញ​អ្វីខ្លះ​ទៀត​នៅក្នុង នីហ្វៃទី​១ ២០–២២ ដែល​បងប្អូន​អាច « ប្រៀបធៀប » ទៅនឹង​ខ្លួន​បងប្អូន​បាន ?

ដើម្បី​ទទួល​បាន​គំនិត​បន្ថែម សូមមើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

គំនិត​សម្រាប់​បង្រៀន​កុមារ

នីហ្វៃ​ទី​១ ១៦:១០, ២៨–២៩; ១៨:៨–១៣, ២០–២២

នៅពេល​ខ្ញុំ​គោរព​តាម​បញ្ញត្តិ​ទាំងឡាយ នោះ​ព្រះអម្ចាស់​ដឹកនាំ​ខ្ញុំ ។

  • ប្រសិនបើ​បងប្អូន​មាន​ត្រីវិស័យ ផែនទី ឬ​អ្វី​ផ្សេងទៀត​ដែល​ជួយ​យើង​ឲ្យ​ស្វែងរក​ផ្លូវ​របស់​យើង នោះ​បងប្អូន​អាច​បង្ហាញ​វា​ដល់​កូនៗ​របស់​បងប្អូន​បាន ។ ការណ៍​នេះ​អាច​ជា​របៀប​ដ៏​ល្អ​មួយ​ដើម្បី​ចាប់ផ្តើម​ការពិភាក្សា​អំពី​លីអាហូណា ដែល​បងប្អូន​អាច​អាន​បាន​នៅក្នុង នីហ្វៃទី​១ ១៦:១០, ២៨–២៩ ។ តើ​មាន​ហេតុផល​អ្វីខ្លះ​ដែល​ត្រីវិស័យ ឬ​ផែនទី​អាច​មិន​ដំណើរការ ? ហេតុអ្វី​បាន​ជា​ពេល​ខ្លះ លីអាហូណា មិន​ធ្វើការ​ឲ្យ​គ្រួសារ​របស់​លីហៃ ? ( សូមមើល នីហ្វៃទី​១ ១៨:៩–១២, ២០–២២ ) ។ តើ​ព្រះវរបិតា​សួគ៌​បាន​ប្រទាន​អ្វីខ្លះ​ដល់​យើង​នៅ​សព្វថ្ងៃ​នេះ ដើម្បី​ដឹកនាំ​យើង​ឲ្យ​ត្រឡប់​ទៅរក​ទ្រង់​វិញ ?

  • ដើម្បី​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​អនុវត្ត​តាម​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​លីអាហូណា​នៅក្នុង នីហ្វៃទី​១ ១៦:១០, ២៦–៣១; ១៨:៨–២២ បងប្អូន​អាច​អញ្ជើញ​ពួកគេ​ឲ្យ​គិត​អំពី​ការសម្រេច​ចិត្ត​សំខាន់ៗ ឬ​ពិបាកៗ​នានា ។ តើ​ព្រះ​បាន​ប្រទាន​អ្វីខ្លះ​ដល់​យើង​ដើម្បី​ណែនាំ​យើង​នៅ​សព្វថ្ងៃ​នេះ ដែល​វា​មាន​ដំណើរការ​ដូច​លីអាហូណា​ដែរ​នោះ ? ( សូមមើល​ឧទាហរណ៍ អាលម៉ា ៣៧:៣៨–៤៤ ) ។ សូម​ពិចារណា​ចែកចាយ​បទពិសោធន៍​ផ្ទាល់ខ្លួន​មួយ នៅពេល​ដែល​ព្រះវរបិតា​សួគ៌​បាន​ដឹកនាំ​បងប្អូន ។

នីហ្វៃ​ទី​១ ១៦:២១–៣២

ខ្ញុំ​អាច​ធ្វើ​ជា​គំរូ​ល្អ​ដល់​គ្រួសារ​របស់​ខ្ញុំ ។

  • កាល​បងប្អូន​អាន នីហ្វៃទី​១ ១៦:២១–៣២ រួមគ្នា សូម​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​ស្វែងយល់​ពី​របៀប​ដែល​គំរូ​របស់​នីហ្វៃ​បាន​ផ្តល់​ពរ​ដល់​គ្រួសារ​របស់​លោក ( សូមមើល​វីដេអូ « The Lord Guides Lehi’s Journey » [ បណ្ណាល័យ​ដំណឹងល្អ ] ) ។ ការណ៍នេះ​អាច​នាំ​ឲ្យ​មាន​ការពិភាក្សា​អំពី​របៀប​ដែល​យើង​អាច​បាន​ដូចជា​នីហ្វៃ​ដែរ ។ សូម​អញ្ជើញ​កូនៗ​របស់​បងប្អូន​ឲ្យ​រៀបចំ​ផែនការ​មួយ​ដែល​ពួកគេ​អាច​ធ្វើ​បាន ដើម្បី​ធ្វើ​ជា​ឥទ្ធិពល​ល្អ​ដល់​សមាជិក​គ្រួសារ​ផ្សេង​ទៀត ។

នីហ្វៃ​ទី​១ ១៧:៧–១៩; ១៨:១–៤

ព្រះវរបិតា​សួគ៌​អាច​ជួយ​ខ្ញុំ​ឲ្យ​ធ្វើ​កិច្ចការ​ពិបាកៗ​បាន ។

  • កុមារ​ចូលចិត្ត​រឿង​និទាន ។ បងប្អូន​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ជួយ​បងប្អូន​ប្រាប់ពី​ដំណើរឿង​របស់​នីហ្វៃ​ដែល​ត្រូវបាន​បញ្ជា​ឲ្យ​សង់​សំពៅ​មួយ ( សូមមើល នីហ្វៃទី​១ ១៧:៧–១៩; ១៨:១–៤; សូមមើល​ផងដែរ « ជំពូក​ទី ៧ ៖ ការសង់​សំពៅ » នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​មរមន ទំព័រ ២១–២២ ឬ​វីដេអូ « The Lord Instructs Nephi to Build a Ship » [ បណ្ណាល័យ​ដំណឹងល្អ ] ) ។ ពួកគេ​ក៏​អាច​ច្រៀង​ជាមួយ​គ្នា​ផង​ដែរ​នូវ​ឃ្លា​ទីពីរ​នៃ​បទ « ភាពក្លាហាន​របស់​នីហ្វៃ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៦៤ ) ។ តើ​អ្វី​បាន​ជួយ​នីហ្វៃ​ឲ្យ​មាន​ភាពក្លាហាន នៅពេល​បងប្អូន​របស់​លោក​ចំអក​ឲ្យ​លោក​ដែល​ព្យាយាម​សង់​សំពៅ ?

  • នីហ្វៃ​មិន​ចេះ​សង់​សំពៅ​នោះ​ទេ ដូច្នេះ​លោក​ពឹងផ្អែក​លើ​ការណែនាំ​ពី​ព្រះអម្ចាស់ ។ បន្ទាប់ពី​បាន​អាន នីហ្វៃទី​១ ១៨:១ ជាមួយ​បងប្អូន​ហើយ នោះ​កូនៗ​របស់​បងប្អូន​អាច​បំពេញ ទំព័រ​សកម្មភាព​សប្តាហ៍​នេះ ។ នៅពេល​ពួកគេ​ធ្វើ​កិច្ចការ​នោះ សូម​និយាយ​ជាមួយ​ពួកគេ​អំពី​របៀប​ដែល​ព្រះវរបិតា​សួគ៌​អាច​ជួយ​យើង​ឲ្យ​ធ្វើ​កិច្ចការ​លំបាកៗ​បាន ដូចជា​ទ្រង់​បាន​ជួយ​នីហ្វៃ​ដែរ ។

ដើម្បី​ទទួល​បាន​គំនិត​បន្ថែម សូមមើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

រូបភាព
នីហ្វៃ និង​គ្រួសារ​លោក​នៅ​លើ​សំពៅ

They Did Treat Me with Much Harshness [ ពួកគេ​បាន​ធ្វើ​បាប​ខ្ញុំ​យ៉ាង​ព្រៃផ្សៃ ] ដោយ វ៉លធើរ រ៉េន