ចូរ​មក​តាម​ខ្ញុំ ឆ្នាំ ២០២៤
ថ្ងៃទី ១២–១៨ ខែ កុម្ភៈ ៖ « ពួកយើង​បាន​រស់នៅ​តាម​របៀប​នៃ​សុភមង្គល » ។ នីហ្វៃ​ទី​២ ៣–៥


« ថ្ងៃទី ១២–១៨ ខែ កុម្ភៈ ៖ ‹ ពួកយើង​បាន​រស់នៅ​តាម​របៀប​នៃ​សុភមង្គល › ។ នីហ្វៃទី​២ ៣–៥ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )

« ថ្ងៃទី ១២–១៨ ខែ កុម្ភៈ ។ នីហ្វៃ​ទី​២ ៣–៥ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )

រូបភាព
នីហ្វៃ និង​ភរិយា​របស់​លោក

ថ្ងៃទី ១២–១៨ ខែ កុម្ភៈ ៖ « ពួកយើង​បាន​រស់នៅ​តាម​របៀប​នៃ​សុភមង្គល »

នីហ្វៃ​ទី​២ ៣–៥

ពេល​អាន​នៅក្នុង នីហ្វៃ​ទី​១ បងប្អូន​អាច​ទទួល​បាន​ចំណាប់​អារម្មណ៍​ថា នីហ្វៃ​មាន​ភាពទាក់ទាញ​ណាស់ ។ « មាឌ​ធំ​មាំមួន » ទាំង​ខាង​រូបកាយ និង​ខាង​វិញ្ញាណ ( នីហ្វៃទី​១ ២:១៦ ) ហាក់​ដូចជា​បញ្ហា​ដែល​លោក​ប្រឈមមុខ មិន​អាច​ធ្វើ​ឲ្យ​លោក​រង្គោះរង្គើ​ឡើយ ។ ឬ​យ៉ាងហោច​ណាស់ នោះ​ជា​អ្វី​ដែល​យើង​អាច​សន្មត​បាន ។ ខណៈពេល​ដែល​សេចក្ដី​ជំនឿ​របស់​នីហ្វៃ​អស្ចារ្យ​នោះ ពាក្យ​សម្ដី​ដ៏​ទន់ភ្លន់​របស់​លោក​នៅក្នុង នីហ្វៃ​ទី​២ ៤ បង្ហាញ​ថា​សូម្បីតែ​មនុស្ស​ស្មោះ​ត្រង់​បំផុត​ពេល​ខ្លះ​ក៏​មាន​អារម្មណ៍ « វេទនា » និង « រំខាន​ដោយ​ងាយ » ដោយ​ការល្បួង​ដែរ ។ ត្រង់​នេះ យើង​ឃើញ​មនុស្ស​ម្នាក់​ដែល​កំពុង​ព្យាយាម ដែល​ចង់​មាន​អំណរ ប៉ុន្តែ « ចិត្ត​ថ្ងូរ​ទៅ​វិញ ព្រោះ​តែ​អំពើ​បាប​ទាំង​ឡាយ [ របស់​ខ្លួន ] » ។ យើង​អាច​យល់​រឿង​នេះ​បាន ហើយ​យល់ពី​ការបេ្ដជ្ញាចិត្ត​ដែល​ពោរពេញ​ដោយ​ក្ដីសង្ឃឹម​ដូច​តទៅ​នេះ​បាន ៖ « ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ខ្ញុំ​ស្គាល់​អ្នក​ដែល​ខ្ញុំ​ទុកចិត្ត » ( សូមមើល នីហ្វៃ​ទី​២ ៤:១៥–១៩ ) ។

ខណៈពេល​ដែល​នីហ្វៃ និង​ប្រជាជន​របស់​លោក​បាន​រៀន​រស់នៅ « តាម​របៀប​នៃ​សុភមង្គល » ( នីហ្វៃ​ទី​២ ៥:២៧ ) ពួកគេ​ក៏​បាន​រៀន​ផងដែរ​ថា សុភមង្គល​មិន​កើត​មក​ដោយ​ងាយៗ ឬ​គ្មាន​អំឡុងពេល​នៃ​សេចក្តីទុក្ខព្រួយ​នោះទេ ។ ពិតណាស់ វា​កើតឡើង​មកពី​ការទុកចិត្ត​លើ​ព្រះអម្ចាស់ ដែល​ជា « ថ្ម​នៃ​សេចក្តី​សុចរិត [ របស់​យើង ] » ( នីហ្វៃ​ទី​២ ៤:៣៥ ) ។

គំនិត​សម្រាប់​ការរៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន និង​សាសនាចក្រ

នីហ្វៃ​ទី​២ ៣:៦–២៤

រូបភាព
រូបតំណាង​ថ្នាក់​សិក្ខាសាលា
យ៉ូសែប ស៊្មីធ ត្រូវ​បាន​ជ្រើសរើស​ដោយ​ព្រះ​ដើម្បី​ស្ដារ​ដំណឹងល្អ​ឡើងវិញ ។

លីហៃ​បាន​ចែកចាយ​ជាមួយ​កូនប្រុស​របស់​លោក យ៉ូសែប នូវ​ការព្យាករ​ដែល​បាន​ផ្តល់​ដោយ​យ៉ូសែប នៃ​ស្រុក​អេស៊ីព្ទ ។ ការព្យាករ​នេះ​គឺ​អំពី​យ៉ូសែប ស្ម៊ីធ នា​ពេល​អនាគត ជា « អ្នក​មើល​ឆុត​ម្នាក់​ដ៏​ជម្រើស » ។ តើ ខទី ៦–២៤ ថ្លែង​ថា យ៉ូសែប ស៊្មីធ នឹង​ធ្វើអ្វីខ្លះ​ដើម្បី​ផ្តល់ពរ​ដល់​ប្រជារាស្ត្រ​របស់​ព្រះ ? សូម​ពិចារណា​ពី​របៀប​ដែល​កិច្ចការ​របស់​យ៉ូសែប ស្ម៊ីធ បាន​ធ្វើ​ដែលមាន « តម្លៃ​ដ៏​មហិមា » ចំពោះ​បងប្អូន ។ បងប្អូន​អាច​ទទួល​បាន​គំនិត​មួយ​ចំនួន​មកពី​វីដេអូ​នេះ​អំពី​យ៉ូសែប ស្ម៊ីធ នៅក្នុង​កម្រង « Prophets of the Restoration » ក្នុង​បណ្ណាល័យ​ដំណឹងល្អ ។ សូម​គិត​អំពី​សំណួរ​ដូច​នេះ ហើយ​សូម​ពិចារណា​កត់ត្រា​ចម្លើយ​របស់​បងប្អូន ៖

  • តើ​បងប្អូន​ដឹង​អ្វីខ្លះ​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ដោយសារ​អ្វី​ដែល​យ៉ូសែប ស្ម៊ីធ បាន​បង្រៀន ?

  • តើ​ជីវិត​របស់​បងប្អូន​នឹង​ខុសគ្នា​យ៉ាងណា ដោយសារ​អ្វី​ដែល​ព្រះអម្ចាស់​បាន​ស្ដារឡើងវិញ​តាមរយៈ​យ៉ូសែប ស្ម៊ីធ ?

  • តើ​ជីវិត​របស់​បងប្អូន​នឹង​ទៅ​ជា​យ៉ាងណា ប្រសិនបើ​ការស្ដារឡើងវិញ​មិន​បាន​កើតឡើង​ទេ​នោះ ?

ផ្នែក​មួយ​នៃ​បេសកកម្ម​ដ៏​សំខាន់​របស់ យ៉ូសែប ស្ម៊ីធ គឺ​ដើម្បី​នាំ​មកនូវ​ព្រះគម្ពីរ​មរមន ។ តើ​បងប្អូន​រៀន​អ្វី​ខ្លះ​មកពី​ជំពូក​នេះ អំពី​មូលហេតុ​ដែល​ព្រះគម្ពីរ​មរមន​មាន​សារៈសំខាន់ ? ជា​ពិសេស បងប្អូន​អាច​រកមើល​ហេតុផល​នានា​នៅក្នុង ខទី ៧, ១១–១៣, ១៨–២៤ បាន ។

សូមមើល​ផងដែរ ការបកប្រែ​ដោយ យ៉ូសែប ស្មីធ លោកុប្បត្តិ ៥០:២៤–៣៨ ( នៅក្នុង​ជំនួយ​ការសិក្សា ); Gospel Topics « Joseph Smith » បណ្ណាល័យ​ដំណឹងល្អ; « សរសើរ​ដល់​លោក » ទំនុក​តម្កើង ល.រ. ១៦ ។

រូបភាព
ព្យាការី យ៉ូសែប ស៊្មីធ

Prophet of the Lord [ ព្យាការី​របស់​ព្រះអម្ចាស់ ] ដោយ ដេវីឌ លីនស្លី

នីហ្វៃ​ទី​២ ៤:១៥–៣៥

« ឱ​ព្រះ​អម្ចាស់​អើយ ទូលបង្គំ​បាន​ទុកចិត្ត​ទៅ​លើ​ព្រះ​អង្គ » ។

នីហ្វៃ​បាន​មាន​ប្រសាសន៍​ថា លោក​នឹង « សរសេរ​អំពី​រឿង​ទាំង​ឡាយ​នៃ​ព្រលឹង​ខ្ញុំ » ( ខទី ១៥ ) ។ កាល​បងប្អូន​អាន​អ្វី​ដែល​លោក​បាន​សរសេរ​នៅក្នុង នីហ្វៃ​ទី​២ ៤:១៥–៣៥ សូម​សួរខ្លួន​ឯង​ថា « តើ​អ្វី​ជា​រឿង​ទាំងឡាយ​នៃ​ព្រលឹង ខ្ញុំ ? » សូម​ពិចារណា​សរសេរ​វា​ទុក ដូចជា​នីហ្វៃ​បាន​ធ្វើ​ដែរ ហើយ​ចែកចាយ​វា​ជាមួយ​មនុស្ស​ដែល​បងប្អូន​ស្រឡាញ់ ។

ការមើលឃើញ​ពី​របៀប​ដែល​នីហ្វៃ​បាន​រកឃើញ​ការលួងលោម​នៅពេល​លោក​មាន​អារម្មណ៍​ក្តុកក្តួល​ចិត្ត និង​ថប់បារម្ភ អាច​ជួយ​ដល់​បងប្អូន​បាន នៅពេល​បងប្អូន​មាន​អារម្មណ៍​ស្រដៀង​គ្នា​នេះ ។ សូម​មើល​ក្នុង ខទី ១៥–៣៥ រកមើល​វគ្គបទគម្ពីរ​ដែល​នាំឲ្យ​បងប្អូន​ទទួល​បាន​ការលួងលោម ។ តើ​បងប្អូន​ស្គាល់​អ្នក​ផ្សេង​ទៀត​ដែល​អាច​នឹង​ទទួលបាន​ការលួងលោម​នៅក្នុង​វគ្គបទគម្ពីរ​ទាំង​នេះ​ដែរ​ឬ​ទេ ?

សូមមើល​ផងដែរ រ៉ូណល អេ រ៉ាសបាន « រឿង​ទាំងឡាយ​នៃ​ព្រលឹង​របស់​ខ្ញុំ » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ៣៩–៤១ ។

នីហ្វៃ​ទី​២ ៥

ខ្ញុំ​អាច​រកឃើញ​សុភមង្គល​​នៅក្នុង​ការរស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

តើ​បងប្អូន​គិតថា ភាព​សប្បាយរីករាយ​មាន​ន័យ​យ៉ាងណា ? នីហ្វៃ​បាន​សរសេរ​ថា ប្រជាជន​របស់​លោក​បាន​រស់នៅ​តាម « របៀប​នៃ​សុភមង្គល » ( នីហ្វៃ​ទី​២ ៥:២៧ ) ។ បងប្អូន​អាច​ស្វែងរក​ជម្រើស​ដែល​នីហ្វៃ និង​ប្រជាជន​របស់​លោក​បាន​ធ្វើ ដែល​បាន​ជួយ​ពួកគេ​ឲ្យ​មាន​ភាព​សប្បាយរីករាយ ( សូមមើល​ឧទាហរណ៍ នីហ្វៃទី​២ ៥:៦, ១០–១៧ ) ។ តើ​អ្វី​ដែល​អាច​ជួយ​បងប្អូន​ឲ្យ​ស្ថាបនា​ជីវិត​មួយ​ដែល​មាន​សុភមង្គល​ដូច​ប្រជាជន​នីហ្វៃ ?

នីហ្វៃ​ទី​២ ៥:២០–២១

តើ​មាន​បណ្ដាសា​អ្វីខ្លះ​ដែល​កើត​មានឡើង​ចំពោះ​ពួកសាសន៍​លេមិន ?

នៅក្នុង​ជំនាន់​នីហ្វៃ បណ្តាសា​របស់​សាសន៍​លេមិន​គឺថា ពួកគេ​នឹង​ត្រូវ « បាន​កាត់​ចេញ​ពី​វត្តមាន [ របស់​ព្រះ ] … ដោយ​ព្រោះ​សេចក្តី​ទុច្ចរិត​របស់​ពួកគេ » ( នីហ្វៃ​ទី​២ ៥: ២០–​២១ ) ។ ការណ៍​នេះ​មាន​ន័យ​ថា ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​ត្រូវបាន​ដកចេញ​ពី​ជីវិត​របស់​ពួកគេ ។ ក្រោយមក នៅពេល​ដែល​សាសន៍​លេមិន​ឱបក្រសោប​យក​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នោះ « ពាក្យ​បណ្តាសា​នៃព្រះ​ក៏ឈប់​តាម​ពួកគេ​តទៅទៀត​ដែរ » ( អាលម៉ា ២៣:១៨ ) ។

ព្រះគម្ពីរ​មរមន​ក៏បាន​ថ្លែង​ផងដែរ​ថា សញ្ញាសម្គាល់​ស្បែក​ខ្មៅ​បាន​ធ្លាក់​មក​លើ​ពួកសាសន៍​លេមិន បន្ទាប់​ពី​ពួកសាសន៍​នីហ្វៃ​បាន​បែក​ចេញ​ពី​ពួកគេ ។ សញ្ញាសម្គាល់​ពី​ធម្មជាតិ និង​រូបរាង​នេះ គឺ​មិនត្រូវ​បានយល់​ទាំងស្រុង​នោះទេ ។ សញ្ញាសម្គាល់​នេះ​ពីដំបូង​គឺ​គ្រាន់​តែ​បែងចែក​ពួក​សាសន៍​លេមិន ពី​ពួកសាសន៍​នីហ្វៃ​ប៉ុណ្ណោះ ។ ក្រោយមក នៅពេល​ដែល​សាសន៍​នីហ្វៃ និង​សាសន៍​លេមិន​នីមួយៗ​បាន​ឆ្លង​កាត់​អំឡុង​ពេល​នៃ​ភាពទុច្ចរិត និង​សុចរិត សញ្ញាសម្គាល់​នោះ​ប្រែជា​មិន​ទាក់ទងគ្នា​ទៅវិញ ។

ព្យាការី​បាន​អះអាង​នៅ​ក្នុងជំនាន់​របស់​យើងថា ស្បែក​ខ្មៅ​គឺ​មិនមែន​ជា​សញ្ញាសម្គាល់​នៃ​ការមិន​គាប់​ព្រះទ័យ ឬ​បណ្តាសា​របស់​ទ្រង់​ឡើយ ។ ប្រធាន រ័សុល អិម ណិលសុន បាន​ប្រកាស​ថា ៖ « ខ្ញុំ​សូម​បញ្ជាក់​ដល់​បងប្អូន​ថា ជំហរ​របស់​បងប្អូន​ចំពោះ​ព្រះភ័ក្រ្ត​ព្រះ​គឺ​មិន​ត្រូវបាន​កំណត់​ដោយ​ពណ៌សម្បុរ​របស់​បងប្អូន​នោះឡើយ ។ ព្រះ​សព្វព្រះទ័យ ឬ​មិន​សព្វ​ព្រះទ័យ​គឺ​អាស្រ័យ​ទៅលើ​ការលះបង់​របស់​បងប្អូន​ចំពោះព្រះ និង​បទបញ្ញត្តិ​របស់​ទ្រង់ ហើយ​មិនមែន​ដោយសារ​ពណ៌សម្បុរ​របស់​បងប្អូន​នោះឡើយ » ( « Let God Prevail » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៩៤ ) ។

ដូចជា​នីហ្វៃ​បាន​បង្រៀន ព្រះអម្ចាស់ « ពុំ​បដិសេធ​អ្នក​ណា​ម្នាក់ ដែល​មក​រក​ទ្រង់​ឡើយ គឺ​ទាំង​ខ្មៅ និង​ស ទាំង​បាវ​គេ និង​សេរី ទាំង​ប្រុស និង​ស្រី … មនុស្ស​ទាំង​អស់ ទាំង​ពួក​សាសន៍​យូដា និង​ពួក​សាសន៍​ដទៃ ក៏​ដូច​គ្នា​នៅ​ចំពោះ​ព្រះ​ដែរ » ( នីហ្វៃទី ២ ២៦:៣៣ ) ។

សូមមើល​ផងដែរ « Till We All Come in the Unity of the Faith » ( វីដេអូ ) បណ្ណាល័យ​ដំណឹង​ល្អ ។

ដើម្បី​ទទួល​បាន​គំនិត​បន្ថែម សូមមើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

គំនិត​សម្រាប់​បង្រៀន​កុមារ

នីហ្វៃ​ទី​២ ៣:៦–២៤

យ៉ូសែប ស៊្មីធ គឺជា​ព្យាការី ។

  • សូម​ពិចារណា​អំពី​របៀប​ដែល​បងប្អូន​អាច​បង្រៀន​កូនៗ​របស់​បងប្អូន​អំពី​កិច្ចការ​ដ៏​អស្ចារ្យ​ដែល​ព្រះ​បាន​សម្រេច​តាមរយៈ​យ៉ូសែប ស្ម៊ីធ ។ ដើម្បី​ចាប់ផ្តើម បងប្អូន​អាច​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​ស្វែងរក​ពាក្យ « អ្នក​មើលឆុត » នៅក្នុង នីហ្វៃទី​២ ៣:៦ និង​ពន្យល់​ថា ព្យាការី​ទាំងឡាយ​គឺ​ត្រូវ​បាន​ហៅ​ថាជា​អ្នក​មើលឆុត ដោយសារ​ព្រះវរបិតាសួគ៌​ជួយ​ពួកលោក​ឲ្យ​មើលឃើញ​អ្វី​ដែល​ពួកយើង​មិន​អាច​មើល​ឃើញ ។ សូម​ចែកចាយ​មូលហេតុ​ដែល​បងប្អូន​មាន​អំណរគុណ​ក្នុង​ការមាន​អ្នក​មើលឆុត​ដែល​កំពុង​ដឹកនាំ​សាសនាចក្រ ។

  • សៀវភៅ​រូបភាព​ដំណឹងល្អ មាន​រូបភាព​ជាច្រើន​ដែល​បងប្អូន​អាច​ប្រើ​បាន ដើម្បី​បង្រៀន​អំពី​កិច្ចការ​របស់​ព្រះ​ដែល​បាន​ធ្វើឡើង​តាមរយៈ​យ៉ូសែប ស្ម៊ីធ ( សូមមើល រូបភាព ៨៩–៩៥ ) ។ សូម​ឲ្យ​កូនៗ​របស់​បងប្អូន​ចែកចាយ​អ្វី​ដែល​ពួកគេ​ដឹង​អំពី​រូបភាព​នេះ ។ ហេតុអ្វី យ៉ូសែប ស្ម៊ីធ ត្រូវ​បាន​ហៅ​ថាជា « អ្នក​មើល​ឆុត​ម្នាក់​ដ៏​ជម្រើស » ? តើ​យ៉ូសែប ស្ម៊ីធ បាន​ធ្វើ​អ្វីខ្លះ​ដែល​មាន « តម្លៃ​ដ៏​មហិមា » ? ( ខទី ៧ ) ។

នីហ្វៃទី​២ ៤:១៥–៣៥

ខ្ញុំ​ចូលចិត្ត « ការណ៍​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់ » ។

  • តើ​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​សប្បាយចិត្ត ? សូម​ពិចារណា​អាន​ខគម្ពីរ​ជាមួយ​គ្នា​មកពី នីហ្វៃទី​២ ៤ ដើម្បី​រក​មើល​អ្វី​ដែល​នីហ្វៃ​រីករាយ ឬ​ធ្វើ​ឲ្យ​លោក​សប្បាយចិត្ត ( សូមមើល ខទី ១៥–១៦, ២០–២៥, ៣៤–៣៥ ) ។ នៅក្នុង​សារលិខិត​របស់​លោក « រឿង​ទាំងឡាយ​នៃ​ព្រលឹង​ខ្ញុំ » អែលឌើរ រ៉ូណល អេ រ៉ាសបាន បាន​ចែកចាយ « ការណ៍​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់ » ចំនួន​ប្រាំពីរ​យ៉ាង ដែល​មាន​តម្លៃ​ចំពោះ​លោក ( លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ៣៩–៤១ ) ។ ប្រហែលជា​បងប្អូន​អាច​មើល​បញ្ជី​របស់​លោក​ជាមួយ​គ្នា ហើយ​ពិភាក្សា​អំពី « ការណ៍​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់ » ដែល​មាន​តម្លៃ​ចំពោះ​បងប្អូន ។

  • នីហ្វៃទី​២ ៥ ក៏​ពិពណ៌នា​ផងដែរ​អំពី​ការណ៍​ទាំងឡាយ​ដែល​បាន​ជួយ​នីហ្វៃ​ឲ្យ​រស់នៅ « តាម​របៀប​នៃ​សុភមង្គល » ( ខទី ២៧ ) ។ បងប្អូន​អាច​ផ្តល់​នូវ​ពាក្យ ឬ​រូបភាព​មួយ​ចំនួន​ដែល​តំណាង​ឲ្យ​ការណ៍​ទាំងនេះ ហើយ​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​ផ្គូផ្គង​វា​ទៅនឹង​ខគម្ពីរ​នៅក្នុង ជំពូកទី ៥ ។ ឧទាហរណ៍​មួយ​ចំនួន​រួមមាន​គ្រួសារ ( ខទី ៦ ) ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ ( ខទី ១០ ) បទគម្ពីរ ( ខទី ១២ ) កិច្ចការ ( ខទី ១៥ និង ១៧ ) ព្រះវិហារ​បរិសុទ្ធ ( ខទី ១៦ ) និង​ការហៅបម្រើ​ក្នុង​សាសនាចក្រ ( ខទី ២៦ ) ។ តើ​ការណ៍​ទាំងនេះ​នាំយើង​ឲ្យមាន​សុភមង្គល​ដោយ​របៀប​ណា ?

នីហ្វៃ​ទី​២ ៥:១៥–១៦

ព្រះវិហារ​បរិសុទ្ធ​គឺជា​ដំណាក់​របស់​ព្រះអម្ចាស់ ។

  • នៅពេល​បងប្អូន​អាន នីហ្វៃទី​២ ៥:១៥–១៦ ឲ្យ​កូនៗ​របស់​បងប្អូន​ស្តាប់ នោះ​ពួកគេ​អាច​ធ្វើជា​កំពុង​ជួយ​នីហ្វៃ​សាងសង់​ព្រះវិហារ​បរិសុទ្ធ ។ បងប្អូន​ក៏​អាច​បង្ហាញ​រូបភាព​អគារ​ខុសៗ​គ្នា​ដល់​ពួកគេ ដោយ​រួមទាំង​ព្រះវិហារ​បរិសុទ្ធ​ផងដែរ ។ តើ​ព្រះវិហារ​បរិសុទ្ធ​ខុសពី​អគារ​ផ្សេងទៀត​ដោយ​របៀប​ណា ? សូម​ចែកចាយ​ជាមួយ​គ្នា​ពី​មូលហេតុ​ដែល​ព្រះវិហារ​បរិសុទ្ធ​មាន​សារៈសំខាន់​ចំពោះ​បងប្អូន ( សូមមើល​ផងដែរ « ខ្ញុំ​ចូល​ចិត្ត​មើល​ព្រះ​វិហារ​បរិសុទ្ធ » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៩៩ ) ។

ការបង្រៀន​មាន​គ្រប់​ឱកាស​ទាំងអស់ ។ សូម​កុំ​គិតថា ការបង្រៀន​គ្រួសារ​របស់​បងប្អូន​ជា​អ្វីមួយ​ដែល​បងប្អូន​បង្រៀន​ម្តង​ក្នុង​មួយ​សប្តាហ៍​នៅ​អំឡុង​ម៉ោង​រៀន​ធម្មតា​ឡើយ ។ សូម​គិត​ថា វា​គឺជា​អ្វី​ដែល​បងប្អូន​អាច​ធ្វើ​បាន​គ្រប់ពេល​ទាំងអស់ ។

ដើម្បី​ទទួល​បាន​គំនិត​បន្ថែម សូមមើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

រូបភាព
នីហ្វៃ​កំពុង​សង់​ព្រះវិហារ​បរិសុទ្ធ

The Temple of Nephi [ ព្រះវិហារ​បរិសុទ្ធ​របស់​នីហ្វៃ ] ដោយ ម៉ៃឃល ធី ម៉លម៍