ឆ្នាំ ២០២៣
ការរស់នៅ និង​ការចែកចាយ​ដំណឹងល្អ
ខែ កក្កដា ឆ្នាំ ២០២៣


« ការរស់នៅ និង​ការចែកចាយ​ដំណឹងល្អ » លីអាហូណា ខែ កក្កដា ឆ្នាំ ២០២៣ ។

សម្រាប់​មាតាបិតា

ការរស់នៅ និង​ការចែកចាយ​ដំណឹងល្អ

រូបភាព
យុវនារី​កំពុងមើល​ព្រះគម្ពីរ​ជាមួយ​គ្នា

ជូន​ចំពោះ​មាតាបិតា

វិធី​ពីរ​យ៉ាង​ដែល​យើង​បង្ហាញ​ព្រះ ចំពោះ​ការដឹងគុណ​របស់​យើង​លើ​ដំណឹងល្អ​គឺ​ដោយ​ការរស់នៅ​តាម និង​ចែកចាយ​ដំណឹងល្អ ។ ច្បាប់​ប្រចាំ​ខែ​នេះ​ផ្ដោតលើ​ការធ្វើ​ឲ្យ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ជា​ផ្នែក​ដ៏​សំខាន់​ក្នុង​ជីវិត​របស់​យើង មិន​ថា​តាមរយៈ​ការពង្រឹង​សេចក្តី​ជំនឿ​លើ​ទ្រង់ ការធ្វើ​ការផ្លាស់ប្ដូរ​ដ៏​សំខាន់ ឬ​ការផ្សព្វផ្សាយ​សេចក្ដីពិត​របស់​ទ្រង់​នៅ​ទូទាំង​ពិភពលោក​នោះ​ទេ ។ អំណរ​រង់ចាំ​អស់អ្នក​ដែល​រៀន និង​ធ្វើតាម​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​ចែកចាយ​សារលិខិត​របស់​ទ្រង់​តាមរយៈ​ពាក្យ​សម្តី និង​ទង្វើ ។

ការពិភាក្សា​អំពី​ដំណឹងល្អ

ការចែកចាយ​ដំណឹងល្អ​តាម​រយៈ​ទីបន្ទាល់

សូម​អញ្ជើញ​សមាជិក​គ្រួសារ​ម្នាក់ៗ​ឲ្យ​ចែកចាយ​ទីបន្ទាល់​ខ្លី​មួយ អំពី​គោលការណ៍​នៃ​ដំណឹងល្អ​ដែល​គេ​ពេញចិត្ត ។ សូម​ចែកចាយ​អត្ថបទ​ដកស្រង់​អំពី​កិច្ចការ​ផ្សព្វផ្សាយ​មកពី​អែលឌើរ ឃ្វីនថិន អិល ឃុក នៅ​ទំព័រ ៤ ។ ដោយ​គិត​អំពី​គោលការណ៍​នៃ​ដំណឹងល្អ​ដែល​អ្នក​ទើប​តែ​ចែកចាយ សូម​សួរ​ថា ៖ តើ​មាន​មនុស្ស​ណា​ខ្លះ​ដែល​យើង​អាច​ចែកចាយ​គោលការណ៍​ទាំងនេះ​ជាមួយ​បាន​ទេ ?

មាន​អារម្មណ៍​ខិតកាន់តែ​ជិត​ព្រះយេ​ស៊ូវ​គ្រីស្ទ

សូម​សួរ​កូន​របស់​អ្នក ពេលណា​ដែល​ពួកគេ​មាន​អារម្មណ៍​ខិត​កាន់តែ​ជិត​ព្រះ​យេស៊ូវ​គ្រីស្ទ ។ សូម​ធ្វើបញ្ជី​ពី​ចម្លើយ​របស់​ពួកគេ ។ សូម​ពន្យល់​អំពី​សកម្មភាព​ស្ថាបនា​សេចក្តី​ជំនឿ​ទាំង​ប្រាំ​របស់​អែលឌើរ ផាតទ្រីស៊ីអូ អឹម ហ្គាយហ្វ្រា ( សូមមើល ទំព័រ ៤២–៤៣ ) ។ សូម​ពិចារណា​ធ្វើ​សកម្មភាព​មួយ​ក្នុង​ចំណោម​សកម្មភាព​ទាំង​នេះ​ជា​គ្រួសារ ដែល​អ្នក​យល់ស្រប​ថា អាច​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​នៅ​ក្នុង​ផ្ទះ​របស់​អ្នក ។ សូម​ដាក់​ផែនការ​មួយ​ជាមួយ​គ្នា​ដើម្បី​ផ្តោត​ទៅលើ​សកម្មភាព​នោះ​នៅ​ខែ​នេះ ។

ការផ្លាស់ប្ដូរ​អាច​នាំ​ឲ្យ​មាន​ការរីកចម្រើន​ខាង​វិញ្ញាណ

ការផ្លាស់ប្ដូរ​ទាំង​អ្វី​ដែល​បាន​រំពឹងទុក និង​មិន​បានរំពឹងទុក​គឺជា​ផ្នែក​មួយ​នៃ​បទពិសោធន៍​ក្នុង​ជីវិត​រមែងស្លាប់​របស់​យើង ។ សូម​អាន​អត្ថបទ​ថ្លែងដោយ​អែលឌើរ ស៊ាយរ៉ូ ឈឺម៉ែល នៅ​ ទំព័រ ៣០ អំពី​ការផ្លាស់ប្ដូរ​ជាច្រើន​ប្រភេទ​នៅក្នុង​ជីវិត​របស់​យើង ។ តើ​ការផ្លាស់ប្តូរ​នេះ​អាច​ជួយ​យើង​ឲ្យ​កាន់តែ​ក្លាយ​ដូចជា​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀប​ណា ?

ចូរ​មកតាម​ខ្ញុំ ការកម្សាន្ត​សប្បាយ​ប្រចាំ​គ្រួសារ

ព្រះ​ស្រឡាញ់​បុត្រាបុត្រី​របស់​ទ្រង់​គ្រប់រូប

កិច្ចការ ១០

« ព្រះ​មិន​រើស​មុខ​អ្នក​ណា​ទេ គឺនៅ​ក្នុង​គ្រប់​ទាំង​សាសន៍ អស់​អ្នក​ណា​ដែល​កោតខ្លាច​ដល់​ទ្រង់ ព្រម​ទាំង​ប្រព្រឹត្ត​សេចក្តី​សុចរិត នោះ​គាប់​ដល់​ព្រះហឫទ័យ​ទ្រង់​ដែរ » ( កិច្ចការ ១០:៣៤–៣៥ ) ។

អ្នក​មាន​សិទ្ធិអំណាច​ទូទៅ​មក​ពី​ប្រទេស​ផ្សេងៗ ។ ប្រហែល​ពាក់​កណ្តាល​មក​ពី​សហរដ្ឋ​អាមេរិក ។ អ្នកខ្លះទៀត​មកពី​អាមេរិក​កណ្តាល និង​អាមេរិក​​ខាងត្បូង, អាស៊ី, អឺរ៉ុប, អាហ្វ្រិក, អូសេអានី, ម៉ិកស៊ិក និង​កាណាដា ។

  • តើ​អ្នក​អាច​ប្រាប់​ឈ្មោះ​សាវក ដែល​បាន​កើត​នៅ​ទ្វីប​អឺរ៉ុប​បាន​ដែរ​ឬ​ទេ ?

  • តើ​អ្នក​អាច​ប្រាប់​ឈ្មោះ​សាវក​មក​ពី​អាមេរិក​ខាង​ត្បូង​បាន​ដែរ​ឬ​ទេ ?

  • តើ​អ្នក​អាច​ប្រាប់​ឈ្មោះ​សាវក​ដែល​ឪពុក​ម្ដាយ​របស់​លោក​មក​ពី​ប្រទេស​ស៊ុយអែត និង​ហ្វាំងឡង់​បាន​ដែរ​ឬ​ទេ ?

  • តើ​អ្នក​អាច​ប្រាប់​ឈ្មោះ​សាវក​ដែល​គ្រួសារ​របស់​លោក​​មកពី​ប្រទេស​ចិន​បាន​ដែរ​ឬ​ទេ ?

យើង​អាច​មកពី​កន្លែង​ផ្សេងៗ ប៉ុន្តែ​ព្រះ​ស្រឡាញ់​យើង​ទាំង​អស់​គ្នា ។

ការពិភាក្សា ៖ តើ​យើង​អាច​ដូចគ្នា ឬ​ខុសគ្នា​ពី​មនុស្ស​ឯ​ទៀត​ដោយ​របៀបណា ? តើ​ព្រះ​ស្រឡាញ់​យើង​ដោយ​ផ្អែកលើ​រូបរាង​របស់​យើង ឬ​ទីកន្លែង​ដែល​យើង​មក​ឬ ? សូម​ពិនិត្យ​មើល​ដំណើរ​រឿង​របស់ ពេត្រុស និង កូនេលាស ឡើង​វិញ​ដែល​មាន​នៅក្នុង កិច្ចការ ១០ ។ តើ​ពួកលោក​បាន​រៀន​អ្វីខ្លះ​អំពី​ការវិនិច្ឆ័យ​អ្នក​ដទៃ ? តើ​ចរិតលក្ខណៈ​អ្វី​ខ្លះ​ដែល​សំខាន់​ចំពោះ​ព្រះអម្ចាស់ ?