ឆ្នាំ ២០២៣
តើ​ឯង​ជឿ​លើ​ព្រះ​ដែរ​ឬ​ទេ ?
ខែ កក្កដា ឆ្នាំ ២០២៣


« តើ​ឯង​ជឿ​លើ​ព្រះ​ដែរ​ឬ​ទេ ? » លីអាហូណា ខែ កក្កដា ឆ្នាំ ២០២៣ ។

សំឡេង​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

តើ​ឯង​ជឿ​លើ​ព្រះ​ដែរ​ឬ​ទេ ?

នៅ​ពេល​មិត្ត​របស់​ខ្ញុំ​បាន​ចែកចាយ​កង្វល់​របស់​នាង ខ្ញុំ​ក៏​យល់​ចិត្ត​នាង​ភ្លាម ។

រូបភាព
យុវនារី និង​យុវជន​កំពុង​និយាយ​គ្នា

រូបភាព​រចនា​ដោយ ខាធី ដុកគ្រីល

ខ្ញុំពិត​ជាមិន​ដែល​សង្ស័យ​អំពី​សេចក្ដី​ពិត​នៃ​ដំណឹងល្អ​ទេ ពេល​ខ្ញុំ​ធំឡើង ។ ទោះជា​យ៉ាងណា​ក៏ដោយ ពេល​ខ្ញុំ​បាន​ឈាន​ដល់​វ័យជំទង់ ខ្ញុំ​បានសង្ស័យ​ថា តើ​ខ្ញុំ​ពិត​ជា​មាន​ទីបន្ទាល់ ឬ​គ្រាន់​តែ​ទទួល​យក​ទៅតាម​តែ​អ្វី​ដែល​ឪពុក​ម្ដាយ និង​មិត្តភក្តិ​របស់​ខ្ញុំ​ជឿ​ឬ ។ ខ្ញុំ​បាន​អធិស្ឋាន​សូម​ឲ្យ​ខ្ញុំ​អាច​ដឹង​ថា​ដំណឹង​ល្អ​គឺ​ពិត ។

ថ្វីបើ​ខ្ញុំ​ត្រូវ​ពុះពារ​នឹង​រឿង​នេះក្តី មាន​យុវនារី​ម្នាក់​ដែល​ខ្ញុំ​បាន​ជួប​នៅ​មហា​វិទ្យាល័យ​ក្នុង​សហគមន៍​របស់​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា នាង​បាន​ដឹង​ថា ខ្ញុំ​យល់​ពី​គោលបំណង និង​ទិសដៅ​ក្នុង​ជីវិត​របស់​ខ្ញុំ ។

នាង​បាន​សួរ​ខ្ញុំថា « តើ​ឯង​ជឿ​លើ​ព្រះ​ដែរ​ឬ​ទេ ? »

ខ្ញុំ​បាន​ប្រាប់​នាង​ថាខ្ញុំ​ជឿ ហើយ​ថា​ព្រះវិហារ​របស់​ខ្ញុំ​បាន​បង្រៀន​អំពី​ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះ និង​គោល​បំណង​នៃ​ជីវិត ។ ខ្ញុំ​ក៏​បាន​ប្រាប់​នាង​អំពី​ព្យាការី យ៉ូសែប ស្ម៊ីធ និង​ការស្តារឡើងវិញ​ផង​ដែរ ។ នាង​បាន​ស្តាប់​ដោយយកចិត្តទុកដាក់ ។

ថ្ងៃ​អាទិត្យ​បន្ទាប់​កាល​នៅ​ព្រះវិហារ ខ្ញុំ​បាន​យក​កូន​សៀវភៅ​អំពី យ៉ូសែប ស្ម៊ីធ និង​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​ឲ្យ​មិត្ត​របស់​ខ្ញុំ ។ បន្ទាប់ពី​នាង​បាន​អាន​កូនសៀវភៅ​នោះ ហើយ​បាន​ចាប់ផ្ដើម​អាន​ព្រះគម្ពីរ​មរមន ខ្ញុំ​ក៏​បាននាំ​នាង​ទៅ​ព្រះវិហារ ។

ក្រោយ​មក​នាង​បាន​ប្រាប់​ខ្ញុំ​ថា នាងស្និទ្ធស្នាលនឹង​បង​ប្រុស​របស់​នាង​ខ្លាំង​ណាស់ ។ គាត់​ធ្លាប់​ជា​អ្នក​បើក​យន្តហោះ​ដ៏​ចំណាន​ដែល​បានសម្តែង ក្នុង​កម្មវិធី​ទូរទស្សន៍​ក្នុងស្រុក ។ គួរ​ឲ្យ​ស្តាយ នៅ​រដូវ​ក្តៅ​មុន​ពេល​យើង​ជួប​គ្នា គាត់​បាន​បាត់បង់​ជីវិត​នៅពេល​ហោះហើរ​ក្នុង​កម្ម​វិធី​ទូរទស្សន៍​មួយ ។ នាង​ខូចចិត្ត​ខ្លាំងណាស់​ព្រោះ​ការស្លាប់​របស់គាត់ ហើយ​ព្រួយបារម្ភ​ពី​គាត់​ព្រោះ​គាត់​បាន​ប្រកាស​ថា គាត់​មិន​ជឿ​ព្រះទេ ។ នាង​បាន​អធិស្ឋាន​ដើម្បី​ដឹង​ពី​ស្ថានភាព និង​គោលជំហរ​របស់​គាត់​ចំពោះ​ព្រះ ។

នៅពេល​នាង​បានចែកចាយ​កង្វល់​របស់នាង ខ្ញុំ​ក៏​យល់​ចិត្ត​នាង​ភ្លាម ។ វា​គឺ​ជា​អារម្មណ៍​នៃ​សេចក្ដីពិត​ដ៏​បរិសុទ្ធ និង​ពន្លឺ ។ ខ្ញុំ​យល់​ថា ការប្រជុំ​របស់យើង​មិន​បាន​កើតឡើង​ដោយ​ចៃដន្យ​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ​ព្រះ​បាន​ឮ ហើយ​ឆ្លើយតប​ទៅនឹង​ការអធិស្ឋាន​ដ៏​ស្មោះសរ​របស់​យុវនារី​ដែល​ខូចចិត្ត​ម្នាក់​នេះ ។

ខ្ញុំ​មាន​ចិត្ត​រាបសា​ដោយ​ដឹង​ថា ព្រះវរបិតាសួគ៌​បាន​ស្គាល់​ខ្ញុំ ហើយ​ចាត់​ទុកថា ខ្ញុំ​ស័ក្តិសម​នឹង​ធ្វើ​ជា​ឧបករណ៍​មួយ​នៅ​ក្នុង​ព្រះហស្ត​របស់ទ្រង់​ក្នុង​ការឆ្លើយតប​ទៅ​នឹង​ការអធិស្ឋាន​របស់​នាង ។ ខ្ញុំ​យល់​ពី​ព្រះ​ប្រាជ្ញាញាណ​ដ៏​អស្ចារ្យ​របស់​ទ្រង់​ក្នុង​ការប្រើ​បទពិសោធន៍​នេះ ដើម្បី​ឆ្លើយ​នឹង​ការអធិស្ឋាន​របស់​ខ្ញុំ​ ដើម្បី​ដឹង​ថា​ដំណឹងល្អ​ពិតផងដែរ ។

បន្ទាប់ពី​រៀបចំ​រួច ខ្ញុំ​បាន​រៀប​កាបូប​សម្រាប់​រយៈពេល​ពីរ​ឆ្នាំ​ដ៏​ល្អ​បំផុត​ក្នុង​ជីវិត​ខ្ញុំ ។ ទន្ទឹម​នឹង​នេះ​ដែរ​មិត្ត​របស់​ខ្ញុំ បានរៀន​ពី​អ្នកផ្សព្វផ្សាយ​សាសនា​ជាមួយ​ប្អូន​របស់​នាង ។ ពួកគេ​ទាំងពីរ​នាក់​បាន​ចូលរួម​ក្នុង​សាសនាចក្រ ហើយ​បន្ទាប់មក​បានបម្រើ​បេសកកម្ម ។ ក្រោយពី​បេសកកម្ម​របស់​ខ្ញុំ មិត្ត​ខ្ញុំ​បាន​សុំ​ឲ្យ​ខ្ញុំ​ធ្វើ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ជូន​បង​ប្រុស​របស់​នាង ។

ខ្ញុំ​ដឹង​ថា​ព្រះ​បាន​ឮ និង​ឆ្លើយតប​ទៅ​នឹង​ការអធិស្ឋាន​ដ៏​ស្មោះសរ ទោះបី​ជា​ពេលខ្លះ​តាមរបៀប ឬ​ពេលវេលា​ដែល​យើង​មិនបាន​រំពឹងទុក​ក៏​ដោយ ។