« ផ្លូវផ្ទាល់របស់យើងទៅកាន់ទីក្រុងអេម៉ោស » លីអាហូណា ខែ កក្កដា ឆ្នាំ ២០២៣ ។
ចូរមកតាមខ្ញុំ
ផ្លូវផ្ទាល់របស់យើងទៅកាន់ទីក្រុងអេម៉ោស
សកម្មភាពសាមញ្ញប្រាំ យ៉ាងដែលអាចជួយយើងឲ្យដឹងថាព្រះអង្គសង្គ្រោះតែងគង់នៅជិតជានិច្ច ។
ឪពុករបស់ខ្ញុំបានទទួលមរណភាពដោយសារជំងឺមហារីកកាលខ្ញុំមានអាយុ ៤ ឆ្នាំ ។ កាលខ្ញុំធំឡើង ខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាគាត់ត្រូវស្លាប់ ។ ខ្ញុំបានដាក់ការសង្ស័យលើព្រះ ហើយទូលសួរថា ហេតុអ្វីបានជាជីវិតនេះអយុត្តិធម៌ម្ល៉េះ ។ ដប់ឆ្នាំក្រោយមកកាលខ្ញុំមានអាយុ ១៤ ឆ្នាំ ខ្ញុំបានជួបជាមួយពួកអ្នកផ្សព្វផ្សាយសាសនា ។ កាលពួកគេបង្រៀនយើង ម្ដាយរបស់ខ្ញុំមានអារម្មណ៍ថា ពួកគេកំពុងបង្រៀនសេចក្ដីពិត ហើយថាយើងគួរតែស្តាប់ ។ នៅពេលយើងចូលរួមក្នុងសាសនាចក្រ នោះដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ និងការយល់ដឹងអំពីផែនការនៃសេចក្ដីសង្គ្រោះ បានចូលមកក្នុងជីវិតរបស់ខ្ញុំនៅក្នុងគ្រាដែលខ្ញុំត្រូវការវាបំផុតនោះ ។
ក្រោយមកពេលដែលខ្ញុំបានផ្សារភ្ជាប់ទៅនឹងឪពុកម្តាយរបស់ខ្ញុំនៅក្នុងព្រះវិហារបរិសុទ្ធ នោះម្តាយរបស់ខ្ញុំបានខ្សឹបប្រាប់ខ្ញុំថា « ម៉ាក់មានអារម្មណ៍ថា ប៉ារបស់កូនមានវត្តនៅទីនេះ » ។ កាលខ្ញុំគិតអំពីពរជ័យនៃការផ្សារភ្ជាប់ ខ្ញុំដឹងថា ព្រះអម្ចាស់បានជ្រាបដឹងពីគ្រួសាររបស់យើង ហើយថាទ្រង់តែងតែនៅជាមួយយើង សូម្បីតែក្នុងពេលដែលយើងមិនបានដឹងក៏ដោយ ។
តើអ្នកធ្លាប់ងឿងឆ្ងល់ថា តើព្រះអង្គសង្គ្រោះទ្រង់ញាណដឹងពីអ្នកដែរឬទេ ? តើទ្រង់ញាណដឹងពីការពុះពារនឹងកង្វល់របស់អ្នកដែរឬទេ ? តើទ្រង់នឹងមានព្រះបន្ទូលអ្វីខ្លះមកកាន់អ្នក ប្រសិនបើអ្នកអាចដើរ និងទូលទៅកាន់ទ្រង់ ?
ទ្រង់យាងដើរជាមួយពួកគេ
បីថ្ងៃក្រោយពីការសុគតរបស់ព្រះយេស៊ូវគ្រីស្ទ សិស្សពីរនាក់របស់ទ្រង់បានដើរតាមផ្លូវទៅកាន់ទីក្រុងអេម៉ោស ដែលមានចម្ងាយប្រហែលប្រាំពីរម៉ែល ( ១២ គីឡូម៉ែត្រ ) ពីក្រុងយេរូសាឡិម ។ ពួកគេបានស្លុងក្នុងគំនិតផ្ទាល់របស់ពួកគេ និងមានការព្រួយបារម្ភ ពេលមានជនចម្លែកចូលរួមជាមួយពួកគេ ។
ជនចម្លែកបានសួរថា « តើរឿងអ្វីដែលអ្នកនិយាយគ្នា កំពុងដែលដើរទៅដោយមានមុខស្រងូត ? »
ពួកសិស្សបាននិយាយគ្នាអំពីព្រឹត្តិការណ៍នាពេលថ្មីៗនេះ « គឺពីដំណើរលោកយេស៊ូវ ពីស្រុកណាសារ៉ែត » ។ ពួកគេជឿថាព្រះយេស៊ូវបានយាងមកប្រោសលោះសាសន៍អ៊ីស្រាអែល ប៉ុន្តែទ្រង់ត្រូវបានថ្កោលទោស និងឆ្កាងដោយអយុត្តិធម៌ ។ ពួកគេក៏បាននិយាយផងដែរថា អស់អ្នកដែលស្គាល់ព្រះគ្រីស្ទច្បាស់បាននិយាយថា ទ្រង់មានព្រះជន្មរស់ឡើងវិញហើយ ។
ជនចម្លែកបានប្រាប់ពួកគេថាពួកគេ « ក្រនឹងជឿអស់ទាំងសេចក្តី ដែលពួកហោរាបានទាយទុកមក » ។ ទ្រង់បានរំព្ញកឡើងវិញអំពីអ្វីដែលព្រះគម្ពីរបានបង្រៀន និងអំពីរបៀបដែលព្រះគ្រីស្ទបានបំពេញតាមការព្យាករណ៍ ។ ការណ៍នេះធ្វើឲ្យសិស្សពេញដោយអំណរ ។
នៅពេលពួកគេទៅដល់អេម៉ោស ពួកសិស្សបានសុំឲ្យជនចម្លែក « នៅជាមួយនឹង [ ពួកគេ ] » ។ នៅពេលទទួលទានអាហារពេលល្ងាចជនចម្លែកបានប្រសិទ្ធពរដល់នំប៉័ង ហើយកាច់នំបុ័ង ។ ភ្លាមនោះពួកសិស្សបានស្គាល់ថាជនចម្លែកនោះមិនមែនជាមនុស្សចម្លែកទេ ប៉ុន្តែទ្រង់គឺជាព្រះអង្គសង្គ្រោះរបស់ពួកគេ ! ( សូមមើល លូកា ២៤:១៣–៣២ ) ។
ទ្រង់គង់នឹងយើង
យើងប្រហែលជាឆ្ងល់ថា ហេតុអ្វីបានជាសិស្សទាំងពីរនាក់មិនស្គាល់ព្រះអង្គសង្គ្រោះ ខណៈកំពុងយាងដើរជាមួយពួកគេ ។ ហើយតើញឹកញាប់ប៉ុនណា ដែលយើងមិនយល់ថា ទ្រង់យាងដើរជាមួយយើង ? ជារឿយៗយើងផ្តោតអារម្មណ៍ទៅលើឧបសគ្គនានា ហើយសូម្បីតែអំណរនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង ក៏យើងមិនឃើញដែរថា ព្រះអង្គសង្គ្រោះគង់នៅក្បែរយើងដែរ ។
យើងប្រហែលជាមើលមិនឃើញពីរបៀបដែលទ្រង់គង់នៅជាមួយយើង ធ្វើការជាមួយយើង ហើយព្រះកន្សែងជាមួយយើងទេ ។ សូម្បីតែនៅក្នុងគ្រាដ៏សោកសៅបំផុតរបស់យើងក៏ដោយ ប្រសិនបើយើងយកចិត្តទុកដាក់ នោះយើងអាចមានអារម្មណ៍ថា ទ្រង់គង់នៅជាមួយយើង ហើយឮព្រះសូរសៀងរបស់ទ្រង់ថា ៖ « ចូរបង្អង់សិន ឲ្យបានដឹងថា យើងជាព្រះ » ( ទំនុកដំកើង ៤៦:១០ ការគូសបញ្ជាក់បានបន្ថែម សូមមើលផងដែរ គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:១៦ ) ។
ផ្លូវផ្ទាល់ខ្លួនរបស់យើង
យើងម្នាក់ៗមានទិសដៅមួយដើម្បីឈោងចាប់ក្នុងជីវិតនេះ ។ ពេលខ្លះក្នុងដំណើររបស់យើងអាចប្រឈមមុខនឹងជំងឺ ឬយើងអាចពុះពារនឹងភាពទន់ខ្សោយរបស់យើងផ្ទាល់ ។ យើងប្រហែលជាមានបញ្ហាលុយកាក់ ឬឧបសគ្គដែលបណ្តាលមកពីភាពជោគជ័យ ទ្រព្យសម្បត្តិ និងភាពឆ្មើងឆ្មៃ ។
ពេលយើងធ្វើដំណើរតាមផ្លូវផ្ទាល់ខ្លួនរបស់យើងទៅកាន់ស្រុកអេម៉ោស យើងនឹងមិនដើរតែម្នាក់ឯងទេ ។ យើងអាចទូលសុំព្រះអង្គសង្គ្រោះឲ្យគង់នឹងយើង ។ នេះគឺជាសកម្មភាពសាមញ្ញចំនួនប្រាំដែលនឹងជួយយើងឲ្យចូលទៅជិតទ្រង់ ។
រូបភាពរចនាដោយ ឡាវវីតា រេយ៉េស-ឃារូ
១. អធិស្ឋានជារៀងរាល់ថ្ងៃ
ការអធិស្ឋានគួរធ្វើមុនគេក្នុងជីវិតប្រចាំថ្ងៃរបស់យើង ។ វាអាចជួយយើងឲ្យទទួលបានភាពជាដៃគូ និងការណែនាំពីព្រះវរបិតាសួគ៌ ។ យើងអាចទូលសូមភាពរឹងមាំ ដើម្បីដើរតាមព្រះរាជបុត្រាទ្រង់ និងទូលសូមព្រះចេស្តានៃព្រះវិញ្ញាណ ជាពិសេសនៅគ្រាដែលគំនិតរបស់យើងអាចនាំយើងឲ្យប្រព្រឹត្តអំពើបាប ។
យុវជន យ៉ូសែប ស្ម៊ីធ ខណៈដែលអធិស្ឋានទូលអង្វរព្រះសូមចម្លើយ បានដឹងថា មាសត្រូវកំពុងព្យាយាមបញ្ឈប់លោក ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៦ ) ។ ដូចយ៉ូសែបដែរយើងត្រូវតែបន្តអធិស្ឋាន ហើយទុកចិត្តថា ព្រះវរបិតាសួគ៌មិនដែលនឿយហត់ នឹងស្ដាប់យើងឡើយ ។ ទ្រង់នឹងជួយយើងឲ្យយល់ពីពេលវេលា និងចម្លើយរបស់ទ្រង់ ។
២. ទទួលទានព្រះគម្ពីរទាំងឡាយ
ព្រះអង្គសង្រ្គោះបានធ្វើជាគំរូមួយសម្រាប់យើង ដោយការសិក្សាព្រះគម្ពីរទាំងឡាយ ។ ទ្រង់បានដកស្រង់ពីព្រះគម្ពីរ ជាញឹកញាប់នៅពេលទ្រង់បង្រៀន ។ ការសិក្សាព្រះគម្ពីរជាប្រចាំជួយយើងឲ្យមានគំនិតច្បាស់លាស់ និងបើកចិត្តទូលាយ មានដួងចិត្តដែលទទួលយកវត្ថុដ៏មានតម្លៃចំពោះព្រះបន្ទូលនៃព្រះ ហើយត្រៀមខ្លួនបម្រើជាស្រេច ។
ពេលយើងសិក្សាព្រះគម្ពីរ ព្រះវិញ្ញាណបរិសុទ្ធអាចបំពេញបំណងប្រាថ្នាឲ្យយើងធ្វើល្អ ។ វានឹងធ្វើឲ្យទស្សនៈរបស់យើងកាន់តែមើលឃើញច្បាស់ នូវអ្វីដែលភ្នែកធម្មតារបស់យើងមើលមិនឃើញ ។ វានឹងជួយយើងឲ្យឮសម្រែករបស់អ្នកខ្វះខាត ។ យើងនឹងទទួលបានពរដើម្បីធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ក្នុងការសម្រាលទុក្ខអ្នកដែលកំពុងតែត្រូវការការសម្រាលទុក្ខ ( សូមមើល ម៉ូសាយ ១៨:៨–៩ ) ។ បន្ទាប់មកនៅពេលយើងប្រឈមមុខនឹងកិច្ចការនានាប្រចាំថ្ងៃ នោះយើងនឹងមិនដើរតែម្នាក់ឯងឡើយ ។ ព្រះអង្គសង្គ្រោះនឹងយាងដើរជាមួយយើងមួយជំហានម្តងៗ ។
៣. ធ្វើតាមព្យាការីដែលរស់នៅ
យើងគួរធ្វើតាមដំបូន្មានរបស់ព្យាការីជាទីស្រឡាញ់របស់យើងគឺប្រធាន រ័សុល អិម ណិលសុន និងពួកព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈដទៃទៀត ។ បន្ទាប់មកយើងនឹងរកឃើញថា ផ្លូវរបស់យើងទៅកាន់ទីក្រុងអេម៉ោស នឹងមានសុវត្ថិភាព និងគ្មានឧបសគ្គ ។ ពួកលោកនឹងដឹកនាំយើងដោយសុវត្ថិភាព ហើយជួយយើងឲ្យដឹងថា ព្រះអង្គសង្គ្រោះគង់នៅជាមួយយើង ។
៤. អញ្ជើញទ្រង់គង់នៅជាមួយ
ពេលយើងរៀនអំពីព្រះយេស៊ូវគ្រីស្ទ ហើយនៅពេលយើងគោរពតាមបញ្ញត្តិរបស់ទ្រង់ នោះគឺយើងយាងអញ្ជើញព្រះអង្គសង្គ្រោះឲ្យគង់នៅជាមួយយើង ។ យើងរៀនស្គាល់ឥទ្ធិពលរបស់ទ្រង់ក្នុងជីវិតរបស់យើង ។
សិស្សទាំងពីរនាក់នៅលើផ្លូវទៅកាន់ទីក្រុងអេម៉ោស បានដើរជាមួយព្រះអង្គសង្គ្រោះបានទូលទៅកាន់ទ្រង់ ហើយមានអារម្មណ៍ថា មានសេចក្តីខ្មួលខ្មាញ់នៅក្នុងចិត្តរបស់ពួក ( សូមមើល លូកា ២៤:៣២ ) ។ ពួកគេបានទូលអង្វរទ្រង់ថា « សូមនៅជាមួយនឹងយើងខ្ញុំសិន » ( លូកា ២៤:២៩ ) វាក៏គួរតែជាការអង្វរកររបស់យើងផងដែរ ។
នៅពេលពួកសិស្សបានស្គាល់ព្រះអង្គសង្គ្រោះ ភ្លាមនោះទ្រង់បានបាត់ព្រះកាយពីភ្នែកពួករបស់គេ ។ ពួកសិស្សបានត្រឡប់ទៅក្រុងយេរូសាឡិមវិញភ្លាមៗ ហើយបានធ្វើជាសាក្សីដល់ពួកសាវកថា ព្រះអង្គសង្រ្គោះមានព្រះជន្មរស់ឡើងវិញហើយ ។ ពេលដែលគេបានថ្លែងទីបន្ទាល់នោះព្រះអម្ចាស់ « ឈរនៅកណ្តាលគេ » ម្តងទៀត ( លូកា ២៤:៣៦ ) ។ យើងក៏អាចមានអារម្មណ៍ថា ទ្រង់គង់នៅក្នុងចំណោមយើងផងដែរ ។
៥. ការរំឮកសេចក្តីសញ្ញាជាប្រចាំ
ពិធីបរិសុទ្ធ និងសេចក្ដីសញ្ញាទាំងឡាយនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ អាចផ្លាស់ប្តូរនិស្ស័យរបស់យើងបាន ។ ប្រធាន ដាល្លិន អេក អូក ជាទីប្រឹក្សាទីមួយក្នុងគណៈប្រធានទីមួយ បានមានប្រសាសន៍ថា « ការថ្វាយបង្គំ និងការអនុវត្តរបស់យើងចំពោះគោលការណ៍ដ៏អស់កល្បជានិច្ច ធ្វើឲ្យយើងខិតជិតព្រះ ព្រមទាំងលើកតម្កើងលទ្ធភាពរបស់យើងដើម្បីមានសេចក្តីស្រឡាញ់ផងដែរ » ។១ ឧទាហរណ៍ ៖ ពិធីបុណ្យជ្រមុជទឹកអនុញ្ញាតឲ្យព្រះអម្ចាស់លាងសម្អាតយើង ។ ហើយប្រសិនបើយើងស្មោះត្រង់ និងគោរពតាមសេចក្ដីសញ្ញានៃព្រះវិហារបរិសុទ្ធ និងពិធីបរិសុទ្ធដែលរៀបចំយើង ឲ្យរស់នៅក្នុងវត្តមានរបស់ព្រះនៅថ្ងៃណាមួយទាំងជាមួយព្រះវរបិតា និងព្រះរាជបុត្រារបស់ទ្រង់ ។
ពិធីសាក្រាម៉ង់ជួយយើងឲ្យចងចាំ និងអនុញ្ញាតឲ្យយើងរំឮកសេចក្ដីសញ្ញារបស់យើង ឲ្យយើងប្រែចិត្ត ហើយព្យាយាមម្ដងទៀត ។ នៅពេលយើងទទួលទានសាក្រាម៉ង់ នោះយើងបញ្ជាក់ពីឆន្ទៈរបស់យើង ក្នុងការលើកដាក់មកលើខ្លួនយើងនូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ហើយប្ដេជ្ញាចិត្តចងចាំទ្រង់ ហើយរក្សាបទបញ្ញត្តិរបស់ទ្រង់ជានិច្ច ។ យើងក៏បានទទួលសេចក្តីសន្យាវិញថា ព្រះវិញ្ញាណរបស់ទ្រង់នឹងគង់នៅជាមួយនឹងពួកយើងជានិច្ច ។ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៧៧,៧៩ ) ។ យើងគួរតែចងចាំពិធីបរិសុទ្ធ និងសេចក្ដីសញ្ញាដែលយើងបានចុះជានិច្ច ។
ព្រះអង្គសង្រ្គោះនឹងគង់នៅជិត
នៅលើផ្លូវផ្ទាល់របស់យើងទៅទីក្រុងអេម៉ោស ព្រះអង្គសង្គ្រោះអញ្ជើញយើង ដោយសេចក្តីស្រឡាញ់ឲ្យមករកទ្រង់ ហើយរីករាយនឹងទ្រង់ ។ នៅពេលយើងអធិស្ឋានជារៀងរាល់ថ្ងៃ ទទួលទានព្រះគម្ពីរទាំងឡាយ ធ្វើតាមព្យាការីដែលរស់នៅ យាងអញ្ជើញទ្រង់ឲ្យគង់នៅនឹងយើង ហើយរំឮកសេចក្ដីសញ្ញារបស់យើង នោះទ្រង់នឹងគង់នៅជិតយើង ។ បន្ទាប់មកយើងនឹងដឹងដូចសិស្សនៅលើផ្លូវទៅទីក្រុងអេម៉ោសបានដឹងថា ព្រះយេស៊ូវគ្រីស្ទបានមានព្រះជន្មរស់ឡើងវិញ ហើយថាទ្រង់ពិតជាមានព្រះជន្មរស់នៅ ហើយស្រឡាញ់យើង ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះរបស់យើង ។ ទ្រង់ទន្ទឹងរង់ចាំជួបយើង ហើយណែនាំយើងដោយសុវត្ថិភាពនៅលើផ្លូវរបស់យើង ។