ឆ្នាំ ២០២៣
ការចែកចាយ​ដំណឹងល្អ​របស់​ព្រះ​យេស៊ូវគ្រីស្ទ
ខែ កក្កដា ឆ្នាំ ២០២៣


« ការចែក​ចាយ​ដំណឹងល្អ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ » លីអាហូណា ខែ កក្កដា ឆ្នាំ ២០២៣ ។

មូលដ្ឋាន​គ្រឹះ​នៃ​ដំណឹងល្អ

ការចែកចាយ​ដំណឹងល្អ​របស់​ព្រះ​យេស៊ូវគ្រីស្ទ

រូបភាព
យុវនារី​បើក​ព្រះគម្ពីរ​ដាក់​នៅលើ​ភ្លៅ

នៅពេល​យើង​គិត​អំពី​ពរជ័យ​ដែល​យើង​ទទួល​បាន ពីព្រោះ​យើង​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេ​ស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ នោះ​យើង​ចង់​ចែកចាយ​ដំណឹងល្អ​ជាមួយ​នឹង​មនុស្ស​ដែល​យើង​ស្រឡាញ់ ។ យើង​អាច​ចែកចាយ​ទីបន្ទាល់​របស់​យើង​អំពី​សេចក្ដីពិត​តាមរយៈ​ពាក្យ​សម្តី និង​គំរូ​របស់​យើង ។ យើង​អាច​អធិស្ឋាន​ទូលសុំ​ការបំផុស​គំនិត​ដើម្បី​ដឹង​ថា តើ​នរណា​ត្រូវ​ចែកចាយ​ជាមួយ​នរណា និង​អ្វី​ដែល​ត្រូវ​និយាយ ។

រូបភាព
ព្រះយេស៊ូវ​បាន​យាង​ទៅ​រក​ជន​ពិការ

ស្រឡាញ់​អ្នក​ដទៃ

ផ្នែក​សំខាន់​មួយ​នៃ​ការចែកចាយ​ដំណឹង​ល្អ​គឺ​ការស្រឡាញ់​អ្នក​ដទៃ ។ នៅពេល​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​អ្នក​ដទៃ​តាមរយៈ​ការធ្វើ​ទង្វើ​ដូចជា​ព្រះគ្រីស្ទ នោះ​យើង​កំពុង​ចែកចាយ​ដំណឹងល្អ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ—ដែល​ពេល​ខ្លះ​ទាំង​មិន​បានបញ្ចេញ​វាចា​មួយ​ម៉ាត់​ផង ។ ហើយ​នៅពេល​ដែល​អ្នក​ដទៃ​ដឹង​ថា យើង​ពិត​ជា​យកចិត្ត​ទុកដាក់​ចំពោះ​ពួកគេ​នោះ​ពួកគេ​អាច​នឹង​បើក​ចិត្ត​កាន់តែ​ទូលាយ​ដើម្បី​ស្តាប់​គំនិត​របស់យើង​អំពី​ដំណឹងល្អ ។ ( សូម​មើល ហ្គែរី ​អ៊ី ​ស្ទីវ៉ែនសុន « ស្រឡាញ់ ចែកចាយ អញ្ជើញ »​លីអាហូណា ខែ ​ឧសភា ឆ្នាំ ២០២២ ទំព័រ ៨៤–៨៧ ) ។

ការចែកចាយ​ដំណឹងល្អ​តាម​របៀប​ដ៏​សាមញ្ញ

យើង​អាច​ចែកចាយ​នូវ​អ្វី​ដែល​យើង​ស្រឡាញ់​អំពី​ដំណឹង​ល្អ ។ នៅពេល​យើង​ធ្វើ​វា​ឲ្យ​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង នោះ​វា​នឹង​គ្មាន​អារម្មណ៍​ឆ្គង ឬ​តានតឹង​ទេ ។ ឧទាហរណ៍​យើង​អាច​និយាយ​ជាមួយ​គ្រួសារ និង​មិត្តភក្តិ​របស់​យើង​អំពី​អ្វី​ដែល​យើង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ ។ ឬ​យើង​អាច​ប្រាប់​ពួកគេ​អំពី​សុភមង្គល​ដែល​យើង​ទទួល​អារម្មណ៍​ពេល​យើង​បម្រើ​អ្នក​ដទៃ ។ ( សូម​មើល ឌៀថើរ អេហ្វ អុជដូហ្វ​« Missionary Work: Sharing What Is in Your Heart » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ១៥–១៨ ) ។

អញ្ជើញ​អ្នក​ដទៃ​ឲ្យ​ចូលរួម​ជាមួយ​យើង

យើង​អាច​អញ្ជើញ​អ្នក​ដទៃ​ឲ្យ​រៀន​បន្ថែម​ទៀត​អំពី​ដំណឹង​ល្អ ។ ឧទាហរណ៍​យើង​អាច​អញ្ជើញ​ពួកគេ​ចូលរួម​ប្រជុំ​ក្នុង​សាសនាចក្រ ឬ​សកម្មភាព​សាសនាចក្រ អាន​ព្រះគម្ពីរ​មរមន មើល​វីដេអូ​របស់​សាសនាចក្រ ឬ​ទៅ​សួរសុខទុក្ខ​ជាមួយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ។ បទពិសោធន៍​ទាំង​នេះអាច​ជួយពួក​គេ​ឲ្យទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ និង​ចង់​រៀន​បន្ថែម ។

រូបភាព
ស្ត្រី​វ័យ​ចំណាស់​ពីរ​នាក់​អង្គុយ​និយាយ​គ្នា

សួរ​អំពី​បទពិសោធន៍​របស់​ពួកគេ

បន្ទាប់ពី​មិត្តភក្តិ និង​សមាជិក​គ្រួសារ​មក​ព្រះវិហារ ឬ​ពេល​រៀន​មេរៀន​មួយ​ជាមួយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា យើង​អាច​សួរ​ពួកគេ​អំពី​បទ​ពិសោធន៍​របស់​ពួកគេ ។ ការបង្រៀន​មួយ​ចំនួន​ពី​ដំណឹង​ល្អ​អាច​ជា​រឿង​ថ្មី​សម្រាប់​ពួកគេ​ដូច្នេះ​យើង​អាច​ឆ្លើយ​សំណួរ​ដែល​ពួកគេ​មាន ។ យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់ និង​ការគាំទ្រ​របស់​យើង​ចំពោះ​ការខិតខំ​របស់​ពួកគេ​ដើម្បី​មក​កាន់​ព្រះ​គ្រីស្ទ ។

បន្ថែម​ជំនឿ​របស់​ពួកគេ

យើង​ឲ្យ​តម្លៃ និង​គោរព​ជំនឿ​របស់​អ្នក​ដទៃ ហើយ​យើង​ព្យាយាម​បន្ថែម​ទៅលើ​ជំនឿ​ដែល​ពួកគេ​មាន​រួច​ហើយ ។ ឧទាហរណ៍ ៖ មិត្ត​ម្នាក់​បាន​រកឃើញ​ការលួងលោម​ចិត្ត​នៅក្នុង​ព្រះគម្ពីរ​ប៊ីប ក៏​ប្រហែលជា​អាច​រកឃើញ​ការលួងលោម​ចិត្ត​ក្នុងការ​បង្រៀន​ដែល​យើង​ចែកចាយ​អំពី​ព្រះ​គម្ពីរ​មរមន​ផងដែរ ។

រូបភាព
យុវនារី​ជួយ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ឲ្យ​ឆ្លង​ថ្នល់

ជួយ​ដល់​សមាជិក​ថ្មី​ក្នុង​សាសនាចក្រ

ពេល​មនុស្ស​ចូលរួម​ក្នុង​សាសនាចក្រ​យើង​អាច​ជួយ​ពង្រឹង​ជំនឿ​របស់​ពួកគេ​បាន ។ យើង​អាច​ធ្វើ​ជា​មិត្ត​របស់​ពួកគេ ឆ្លើយ​សំណួរ​របស់​ពួកគេ ហើយ​គាំទ្រ​ពួកគេ​ ពេល​ពួកគេ​ទទួល​ការហៅ ។ យើង​អាច​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​បន្ត​ធ្វើតាម​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​រៀន​អំពី​ដំណឹងល្អ​របស់​ទ្រង់ ។

រូបភាព
អ្នក​ផ្សព្វផ្សាយ​សាសនា​ជា​អែលឌើរ​ពីរ​នាក់ និង​បុរស​ម្នាក់​កំពុងមើល​ទូរសព្ទ​ជាមួយ​គ្នា

បម្រើ​បេសកកម្ម​ពេញ​ម៉ោង

បន្ថែម​ពី​លើ​ការចែកចាយ​ដំណឹងល្អ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង នោះ​សមាជិក​នៃ​សាសនាចក្រ​ក៏​អាច​ត្រូវ​បានហៅ​ឲ្យ​បម្រើ​ជា​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​ផងដែរ ។ ប្រសិនបើ​ពួកគេ​បានត្រៀម​ខ្លួន យុវជន​អាច​បម្រើ​តាំង​ពី​ក្មេង​គឺ​ត្រឹម​អាយុ ១៨ ឆ្នាំ ។ យុវនារី​ និង​មជ្ឈិមវ័យ​វ័យ​ចំណាស់​ក៏​អាច​បម្រើ​បាន​ដែរ ។ អ្នក​អាច​ស្វែងរក​ព័ត៌មាន​បន្ថែម​នៅ​លើ​គេហទំព័រ ChurchofJesusChrist.org/callings/missionary ។