ឆ្នាំ ២០២៣
ការហៅ​របស់​យើង​ដើម្បី​ចែកចាយ​ដំណឹង​ល្អ​របស់​ព្រះអង្គ​សង្គ្រោះ
ខែ កក្កដា ឆ្នាំ ២០២៣


« ការហៅ​របស់​យើង​ដើម្បី​ចែកចាយ​ដំណឹង​ល្អ​របស់​ព្រះអង្គ​សង្គ្រោះ »​លីអាហូណា ខែ កក្កដា ឆ្នាំ ២០២៣ ។

ការហៅ​របស់​យើង​ដើម្បី​ចែកចាយ​ដំណឹង​ល្អ​របស់​ព្រះអង្គ​សង្គ្រោះ

ក្នុង​នាម​ជា​អ្នក​បម្រើ​របស់​ព្រះ​យើង​ត្រូវ​បាន​ហៅ​ឲ្យ​ចែកចាយ​ក្ដី​សង្ឃឹម​ដែល​ព្រះអង្គ​សង្គ្រោះ​ប្រទាន​ឲ្យ តាមរយៈ​ព្រះជន្ម ការ​បង្រៀន ដង្វាយធួន និង​ដំណឹង​ល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ទ្រង់ ។

រូបភាព
អ្នក​ផ្សព្វ​ផ្សាយ​សាសនា​ជា​អែលឌើរ​ពីរ​នាក់​កំពុង​មើល​ថេបប្លិត

កាលជា​អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង​នៅ​ប្រទេស​អង់គ្លេស​ដៃគូ​របស់​ខ្ញុំ និង​ខ្ញុំ​បាន​បង្រៀន​បុរស​ម្នាក់​ដែល​ឆ្លងកាត់​បទពិសោធន៍​ដ៏​គួរ​ឲ្យ​ភ័យខ្លាច ដែល​ជា​ព្រឹត្តិការណ៍​គំរាម​កំហែង​ដល់​អាយុ​ជីវិត​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី​២ ។ គាត់​បាន​ចូលរួម​ក្នុង​ជម្លោះ​ប្រដាប់​អាវុធ​នៅ​លើ​ទឹកដី​នោះ ហើយ​បន្ទាប់មក​បាន​រួចជីវិត​ពីការ​វាយលុក​កប៉ាល់​ដែល​គាត់​ជិះ មុន​ពេល​ត្រឡប់​ទៅ​មាតុ​ប្រទេស​របស់គាត់​នៅ​អង់គ្លេស​វិញ ។ ពេល​គាត់​បានមក​ដល់​ប្រទេស​អង់គ្លេស​វិញ​គាត់​មាន​អារម្មណ៍​ក្តុកក្តួល និង​ការដឹង​គុណ​ចំពោះ​ការ​ត្រឡប់​មក​ផ្ទះ​វិញ​ដោយ​សុវត្ថិភាព គាត់​បានលុត​ជង្គង់​ថើបដី និង​បាន​ថ្លែង​អំណរ​គុណ ។

នៅពេល​យើង​បង្រៀន​គាត់​អំពី​ការស្ដារ​ឡើងវិញ ហើយ​ពិពណ៌នា​អំពី​ការនិមិត្ត​ដំបូង​របស់ យ៉ូសែប ស្ម៊ីធ គាត់​បាន​យំ ។ គាត់​បាន​រៀបរាប់​អំពី​សាក្សី​ដ៏​ច្រើន​លើសលប់​ដែល​គាត់​បាន​ទទួល ទាំង​ទឹក​ភ្នែក ។ គាត់​បាន​ពន្យល់​ថា សារលិខិត​នៃ​ការស្ដារឡើងវិញ​បាន​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ស្រដៀង​គ្នា​នឹង​អារម្មណ៍​ដែល​គាត់​មាន នៅពេល​គាត់​ត្រឡប់​មក​ទឹកដី​អង់គ្លេស​វិញ​ដោយ​សុវត្ថិ​ភាព ។ គាត់​មាន​អារម្មណ៍​ថា គាត់​មាន​ជោគវាសនា​ដ៏​នៅ​អស់កល្បជានិច្ច ។

រូបភាព
ក្រុម​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅក្នុង​ប្រទេស​អង់​គ្លេស

អែលឌើរ ឃ្វីនថិន អិល ​ឃុក មាន​ប្រសាសន៍ថា « ដំណឹង​ល្អ​ដែល​បាន​ស្ដារឡើងវិញ​ផ្តល់​នូវ​ពន្លឺ​ដែល​កូនចៅ​របស់​ព្រះ​ត្រូវការ​ក្នុង​អំឡុង​ពេល​ដ៏ច្របូក​ច្របល់​នេះ ( ជួរ​ខាង​លើទី​ប្រាំ​ពី​ស្តាំ ) ដែល​បាន​បម្រើ​ក្នុង​បេសកកម្ម​របស់​ចក្រភព​អង់គ្លេស ជាមួយ​នឹង​អែលឌើរ ជែហ្វ្រី អរ ហូឡិន ​( ជួរ​លើ​ទីប្រាំពីរ​ពី​ឆ្វេង ) ។

ខាង​ស្តាំ ៖​ ទទួល​សិទ្ធិ​ប្រើប្រាស់​រូបថត​ពី​អ្នក​និពន្ធ

ការហៅ​របស់​យើង​ក្នុង​នាម​ជា​អ្នក​បម្រើ​របស់​ព្រះ

ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​យើង​គឺ​ជា​អ្នក​បម្រើ​របស់​ព្រះ ។ ក្នុង​នាម​ជា​អ្នក​បម្រើ​របស់​ទ្រង់​បេសកកម្ម​របស់​យើង​គឺ ដើម្បី​ចែកចាយ​ជាមួយ​អ្នក​ដទៃ—ដូចជា​អស់​អ្នក​ដែល​ខ្ញុំ​បាន​បង្រៀន​នៅ​ប្រទេស​អង់គ្លេស​ដែរ—ជា​សេចក្ដី​សង្ឃឹម​ដែល​ព្រះអង្គ​សង្គ្រោះ​ប្រទាន​ឲ្យ​តាមរយៈ​ព្រះជន្ម ការបង្រៀន ដង្វាយធួន និង​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ​របស់ទ្រង់ ( សូម​មើល ​នីហ្វៃទី​៣ ២៧:១៣–១៤ ) ។ នោះមិន​មែន​ជាកិច្ចការ​ងាយស្រួល​ទេនៅ​ក្នុង​ពិភពលោក​ដែល​ពោរពេញ​ដោយ​មន្ទិល​សង្ស័យ​ ក្តី​អស់សង្ឃឹម និង​ភាពងងឹត ប៉ុន្តែ​ដំណឹងល្អ​ដែលបាន​ស្ដារឡើងវិញ​ផ្តល់​នូវ​ពន្លឺ​ដល់​បុត្រាបុត្រី​របស់​ព្រះ ដែល​ត្រូវការ​ក្នុង​គ្រាដ៏​ច្របូក​ច្របល់​នេះ ។

ប្រធាន រ័សុល អិម ណិលសុន បាន​ប្រកាស​ថា ពិភពលោក​ត្រូវ​ការដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ក្នុង​ពេល​នេះ​ជាង​ពេលណាៗ​ទាំងអស់ ៖ « ដំណឹងល្អ​របស់​ទ្រង់​គឺ​ជា ចម្លើយ​តែ​មួយ​គត់ នៅពេល​ដួងចិត្ត​របស់​មនុស្ស​នៅក្នុង​ពិភពលោក ត្រូវ​បាន​គំរាមគំហែង​ឲ្យ​ស្រយុតចិត្ត​ដោយ​ភាពភ័យ​ខ្លាច ។ ការណ៍​នេះ​គូសបញ្ជាក់​អំពី​តម្រូវការ​បន្ទាន់​សម្រាប់​យើង​ទាំងអស់​គ្នា ដើម្បី​ធ្វើតាម​ការបង្រៀន​របស់​ព្រះអម្ចាស់​ទៅ​កាន់​ពួកសិស្ស​របស់​ទ្រង់​ឲ្យ ‹ ទៅ … ពេញ​សព្វ​ក្នុង​ក្នុងលោកិយ ទាំងមូល ហើយ​ផ្សាយ​ដំណឹងល្អ​ទូទៅដល់ គ្រប់ មនុស្ស​ទាំងអស់​ចុះ › [ ម៉ាកុស ១៦:១៥ គូស​បញ្ជាក់​បន្ថែម សូម​មើល​ផងដែរ ម៉ាថាយ ២៨:១៩ ] ។ យើង​មាន​ការទទួល​ខុសត្រូវ​ដ៏ពិសិដ្ឋ​ដើម្បី​ចែកចាយ​ព្រះចេស្ដា និង​ភាព​សុខសាន្ដ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ជាមួយ​មនុស្ស​ទាំងអស់ ដែល​នឹង​ស្ដាប់តាម​ហើយ​ដែល​នឹង​ទុក​ឲ្យ​ព្រះ​ឈ្នះ​នៅក្នុងជីវិត​របស់ពួកគេ » ។ ប្រធាន ណិលសុន ​បានបន្ថែមថា ​« យើង​ម្នាក់ៗ​មាន​តួនាទី​មួយ​នៅក្នុង​ការ​ប្រមូលអ៊ីស្រាអែល » ។

រូបភាព
ពួកផ្សព្វ​ផ្សាយ​សាសនា​ជា​ស៊ីស្ទើរ និង​គូស្វាមី​ភរិយា​មួយគូ​កំពុង​មើល​ទូរសព្ទ

វិធីមួយ​ដែល​យើង​បំពេញ​តួនាទី​នោះគឺ ព្រម​ទទួល​យក​ការអំពាវនាវ​ឲ្យ​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញម៉ោង ។ យើង​ដឹង​ដូច​ប្រធាន ណិលសុន បាន​សង្កត់ធ្ងន់​នា​ពេល​ថ្មីៗ​នេះ​ថា ការទទួល​ខុសត្រូវ​ចម្បង​របស់​យុវជន គឺ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​ដែល​ត្រូវបាន​រក្សាទុក​សម្រាប់​ការប្រមូល​ផ្តុំ​នៅ​ថ្ងៃ​ចុងក្រោយ​នេះ ។ សម្រាប់​ពួកគេ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​គឺជា « ការទទួលខុសត្រូវ​មួយ​នៃ​បព្វជិតភាព » ។ ទោះបីជា​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​ជា​ជម្រើស​សម្រាប់​យុវនារី ក៏​ដោយ​ក៏​ប្រធាន​ណិលសិន បាន​ស្នើសុំ​ឲ្យ​ពួក​គេ​ទូលសួរ​ព្រះអម្ចាស់​ថា តើ​ទ្រង់​មាន​ព្រះទ័យ​ឲ្យ​ពួកគេ​បម្រើ​ដែរ​ឬ​ទេ ។ លោក​បាន​ប្រាប់​ពួកគេ​ថា ៖ « អ្វី​ដែលអ្នក​បាន​ធ្វើនៅក្នុងកិច្ចការនេះ​គឺ​អស្ចារ្យណាស់ ! » ។ ហើយ​ពិតណាស់​ព្រះអម្ចាស់​ត្រូវការ​គូស្វាមីភរិយា​រៀមច្បង ដើម្បី​បម្រើ​តាម​កាលៈទេសៈ​ដែល​អនុញ្ញាតិ្ត​សម្រាប់​ពួកគាត់ ។ នៅ​ក្នុង​ប្រសាសន៍​របស់ ប្រធាន ណិលសិន « ការខិតខំ​របស់​ពួកគាត់​គឺ​មិនអាច​ជំនួស​បាន​ដោយ​ងាយ​នោះ​ទេ » ។

វិធី​មួយ​ទៀត​ដែល​យើង​បំពេញ​តួនាទី​របស់​យើង​ក្នុង​ការ​ប្រមូល​សាសន៍​អ៊ីស្រាអែល​គឺ​ត្រូវ​ចងចាំ​សេចក្ដីសញ្ញា​របស់​យើង​ដើម្បី « ឈរ​ជា​សាក្សី​ដល់​ព្រះ​គ្រប់​ពេល និង​គ្រប់​សេចក្តី និង​គ្រប់​ទីកន្លែង » ( ម៉ូសាយ ១៨:៩ ) ។ យើង​មិន​ចាំបាច់​ត្រូវ​ហៅ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ពេញម៉ោង​ដើម្បី​អាច​ឈរ​ជា​សាក្សី​នោះ​ទេ ។ កាល​យើង​រស់នៅ​តាម​​ដំណឹងល្អ សេចក្ដី​ស្រឡាញ់ និង​ការបម្រើ​អ្នក​ដទៃ ឈរ​យ៉ាង​រឹងមាំ​ក្នុងការ​ប្រឈមមុខ​នឹង​ការល្បួង និង​ការបៀតបៀន ហើយ​ទទួល​បាន​ទីបន្ទាល់​ទាំង​ពាក្យ​សម្តី និង​ទង្វើ​នោះ​យើង​នឹង​នាំ​អ្នកដទៃ​ខិត​កាន់តែ​ជិត​ព្រះ​យេស៊ូវ​គ្រីស្ទហើយ ។

ការចែកចាយ​ដំណឹងល្អ​អាច​គួរ​ឲ្យ​រុញរា សូម្បីតែ​សម្រាប់​អ្នក​ដែល​បាន​បម្រើ​បេសកកម្ម​រួច​ហើយ​ក៏​ដោយ ។ ប៉ុន្តែ​ពេល​យើង​មាន​ទីបន្ទាល់​ដ៏​រឹងមាំ​អំពី​ព្រះអង្គ​សង្គ្រោះ និង​ការស្ដារឡើងវិញ នោះ​យើង​មិន​អាច​ឈប់​ធ្វើ​ជា​សាក្សី​អំពី​អ្វី​ដែល​យើង​ដឹង​នោះទេ ។

រូបភាព
ស្ត្រី​ញញឹម

សារៈសំខាន់​នៃ​ទីបន្ទាល់

តើ​យើង​ពង្រឹង​ទីបន្ទាល់​របស់​យើង​យ៉ាង​ដូច​ម្ដេច ដើម្បី​យើង​អាច​ធ្វើ​ជា​អ្នក​ផ្សព្វ​ផ្សាយ​សាសនា​ដ៏​មាន​ប្រសិទ្ធ​ភាព ? យើង​គ្រាន់តែ​ត្រូវ​ធ្វើ​តាម​ដំបូន្មាន​របស់​ព្យាការី​ដែល​រស់នៅ​របស់​យើង​ប៉ុណ្ណោះ ។ ទីបន្ទាល់​របស់​យើង​រីកចម្រើន​នៅពេល​យើង ៖

  • ពន្លឿន​សន្ទុះ​ខាង​វិញ្ញាណ​របស់​យើង ។

  • មាន​ពេលវេលា​សម្រាប់​ព្រះអម្ចាស់ ។

  • ពង្រឹង​គ្រឹះ​ខាង​វិញ្ញាណ​របស់​យើង ។

  • ទុក​ឲ្យ​ព្រះ​ឈ្នះ​នៅ​ក្នុង​ជីវិត​របស់​យើង ។

  • ស្តាប់​​ទ្រង់ ។

នៅពេល​យើង​សិក្សា​ប្រសាសន៍​របស់​ប្រធាន ណិលសុន និង​យក​ចិត្ត​ទុកដាក់​លើ​ដំបូន្មាន​របស់​លោក នោះ​យើង​នឹង​ពង្រឹង​ទីបន្ទាល់​របស់​យើង​អំពី​ព្រះ​សង្រ្គោះ និង​ដំណឹងល្អ​របស់​ទ្រង់ តួនាទី​របស់​ព្យាការី យ៉ូសែប ស្ម៊ីធ នៅក្នុង​ការស្តារឡើងវិញ ភាពពេញលេញ​នៃ​ព្រះគម្ពីរ​មរមន និង​ការហៅ​ពួក​ព្យាការី និង​សាវក​សម័យ​ទំនើប ។ ទីបន្ទាល់​ដែល​បាន​ពង្រឹង​នឹង​រៀបចំ​យើង—ហើយ​បង្កើន​បំណង​ប្រាថ្នា​របស់​យើង—ដើម្បី​ស្តាប់​តាម​ការអំពាវនាវ​របស់​ប្រធាន ណិលសុន ដែល​ជា​ព្យាការី​ឲ្យ​ប្រមូល​សាសន៍​អ៊ីស្រាអែល​ទាំង​សងខាង​នៃ​វាំងនន ។

ដើម្បី​ចែកចាយ​ដំណឹងល្អ​ប្រកប​ដោយ​ប្រសិទ្ធភាព យើង​មិន​ចាំបាច់ជា​អ្នក​ពូកកែ​វោហារ​ស័ព្ទ​នោះ​ទេ ។ យើង​មិន​ចាំបាច់​ចេះ​ពី​គោលលទ្ធិ​នៃ​ដំណឹងល្អ​គ្រប់​យ៉ាង​ទេ ។ យើង​ពុំ​ចាំបាច់​ទន្ទេញ​ខគម្ពីរ​រាប់​សិប​គម្ពីរ​ទេ ។ យើង​ថែម​ទាំង​មិន​ចាំបាច់​ទទួល​បាន​ការ​អប់រំ​ខ្ពង់ខ្ពស់​ផង​ដែរ ។ ការណ៍​ទាំងនោះ​ជួយ​យើង​ចែកចាយ​សារលិខិត​របស់​យើង ប៉ុន្តែ​អំណាច​នៃ​ការប្រែចិត្តជឿ​ពិត​បាន​មកពី​ចិត្ត​ដ៏​រាបសា​ជា​ទីបន្ទាល់​ដ៏​រស់រវើក និង​ជា​សាក្សី​បញ្ជាក់​មកពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ ។

ព្យាការី យ៉ូសែប ស៊្មីធ បាន​មានប្រសាសន៍​ថា « គ្មាន​មនុស្ស​ណាម្នាក់​អាច​ផ្សាយ​ដំណឹង​ល្អ​ដោយ​គ្មាន​ព្រះ​វិញ្ញាណ​បរិសុទ្ធទេ » ។

« ភ្លើង​ឆេះ​ក្នុង​ឆ្អឹង​ខ្ញុំ »

នៅ​ឆ្នាំ ១៨៣០ បន្ទាប់​ពី​បាន​ឮ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បង្រៀន​អំពី​សារលិខិត​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ ព្រិកហាំ យ៉ង់ បានចង់​ដឹង​ពី​សេចក្ដីពិត​ដោយ​ខ្លួន​របស់​លោក អំពី​អ្វី​ដែល​ពួក​គេ​កំពុង​បង្រៀន ។ តាម​វិធីសាស្ត្រ ដែល​លោក​បានសិក្សា​អំពី​ព្រះគម្ពីរ​មរមន ព្រម​ទាំង​បុគ្គលិកលក្ខណៈ​របស់​មនុស្ស​ដែល​បាន​ថ្លែងទីបន្ទាល់​អំពី​រឿង​នេះ និង​ព្យាការី យ៉ូសែប ស្ម៊ីធ ។

មាន​អ្វីមួយ​អំពី​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ពី​ដើម​ទាំងនោះ​ដែលបានធ្វើឲ្យរំជួលដល់​ដួងចិត្ត និង​ព្រលឹង​របស់​ព្រិកហាំ ។ លោក​បាន​មាន​ប្រសាសន៍​ថា « សក្ខីភាព​របស់​ពួកគេ​គឺដូច​ជា​ភ្លើង​ឆេះ​នៅក្នុង​ឆ្អឹង​របស់​ខ្ញុំ » ។

អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់​ក្នុង​ចំណោម​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំង​នោះ​គឺ​លោក​អេឡាស៊ើរ មីល័រ បាន​ក្លាយ​ជា​សមាជិក​នៃ​សាសនាចក្រ​តែ​បួន​ខែ​ប៉ុណ្ណោះ ។១០ ពួក​អ្នកផ្សព្វផ្សាយ​សាសនា​សព្វថ្ងៃនេះ​ហៅលោក​​ថា « អ្នក​មក​ថ្មី » ហើយ​លោក​មិន​ពូកែ​និយាយ​នៅ​ទីសាធារណៈ​ទេ ។ ប៉ុន្តែ​រឿង​ទាំង​នោះ​មិន​សំខាន់​ទេ ។

រូបភាព
អេឡាស៊ើរ មីល័រ

អេឡាស៊ើរ មីល័រ

ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​ប្រធាន ព្រិកហាំ យ៉ង់ បាន​ប្រកាស​ថា ៖ « កាល​ខ្ញុំ​ឃើញ​បុរស​ម្នាក់​គ្មាន​វោហារ ឬ​ទេពកោសល្យ​ក្នុង​ការ​និយាយ​នៅ​ទី​សាធារណៈ​ដែល​អាច​និយាយ​បាន​តែ​ប៉ុណ្ណោះ​ថា ‹ ខ្ញុំ​ដឹងថា ព្រះ​គម្ពីរ​មរមន​ពិត​ដោយ​អំណាច​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ [ ហើយ ] › ថា​យ៉ូសែប​ស្ម៊ីធ​ជា​ព្យាការី​នៃ​ព្រះ​អម្ចាស់ › [ ហើយ ] ព្រះ​វិញ្ញាណ​បរិសុទ្ធ​ចាត់ចែង​ការណ៍​ទាំងនោះ​សម្រាប់​បុគ្គល​នោះ បំភ្លឺ [ ដល់ ] ការ​យល់​ដឹង​របស់​ខ្ញុំ ហើយ​ពន្លឺ សិរីល្អ និង​អមតភាព​នៅ [ ពី ] មុខ​ខ្ញុំ » ។

ប្រធាន​យ៉ង់​បាន​មាន​ប្រសាសន៍​ថា លោក​ត្រូវ​បាន​ហ៊ុមព័ទ្ធ និង​ពោរពេញ​ទៅ​ដោយ​ពន្លឺ និង​សិរីល្អ ហើយ​ថា​លោក​បាន​ដឹង​ដោយ​ខ្លួន​លោកថា ទីបន្ទាល់​របស់ អេឡាស៊ើរ ពិត ។

ប្រធាន យ៉ង់ បាន​មាន​ប្រសាសន៍​ថា ៖ « ពិភពលោក​ដែល​មាន​ប្រាជ្ញា និង​អានុភាព​របស់​វា មាន​ភាព​ល្បី​ខ្ចរខ្ចាយ​ទាំងអស់ និង​ការ​បង្ហាញ​ពី​ស្តេច និង​អំណាច​អស្ចារ្យ​របស់​វា បាន​លិចលង់​ទៅក្នុង​ភាពមិន​សំខាន់​ដ៏​ល្អ​ឥតខ្ចោះ បើ​ប្រៀប​ជាមួយ​នឹង​ទីបន្ទាល់​ដ៏​សាមញ្ញ និង​គ្មាន​ការតុបតែង​របស់​អ្នកបម្រើ​របស់ព្រះ​នោះ » ។១១

ឱ អំណរ​របស់​យើង​មហិមា​ណាស់

ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ប្រកាស​ថា « ក្រោយ​ពី​អ្វីៗ​ទាំង​អស់​ដែល​បាន​និយាយ​នោះ​កាតព្វកិច្ច​ដ៏​ធំ និង​សំខាន់​បំផុត​គឺ​ការ​ផ្សព្វផ្សាយ​ដំណឹង​ល្អ » ។១២

ការគោរព​សេចក្ដីសញ្ញា​របស់​យើង​ក្នុង​នាម​ជា​សមាជិក​នៃ​នគរ​របស់​ព្រះ រួម​មាន​ការចែកចាយ​ដំណឹងល្អ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ។ ការចែកចាយ​ដំណឹងល្អ​គឺជា​ការ​ង្ហាញ​ពី​សេចក្តី​ស្រឡាញ់​ដ៏​ខ្ពង់ខ្ពស់​បំផុត ចំពោះអ្នកជិត​ខាង​របស់​យើង​ដូច​ខ្លួន​យើង​ដែរ ( សូម​មើល ម៉ាថាយ ២២:៣៧–៣៩ ) ។ ការចែកចាយ​ដំណឹងល្អ​គឺជា​បេសកកម្ម​ដ៏​ធំ​របស់​ព្រះអង្គ​សង្គ្រោះ ។

ពួក​យើង​ដែល​បាន​ជួយ​នាំ​ព្រលឹង​មកកាន់​ព្រះ​គ្រីស្ទ​បាន​ភ្លក់​នូវ​អំណរ​ដ៏​អស់កល្បជានិច្ច ដែល​បានសន្យា​ដល់​អស់​អ្នក​ដែល​ធ្វើការ​ដើម្បី​សង្គ្រោះ​កូន​ចៅ​របស់​ព្រះ ( សូម​មើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៨:១៥–១៦ ) ។ ខ្ញុំ​នៅ​តែ​គិត​ដល់​ការបម្រើ​ពេញ​ម៉ោង​របស់​ខ្ញុំ កាល​ធ្វើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង​នៅ​ប្រទេស​អង់គ្លេស—ពី​ដៃគូ​ដែល​ខ្ញុំ​បាន​បម្រើ​ជាមួយ ពី​មនុស្ស​ដែល​យើង​បាន​ជួប ដែល​ជា​បុត្រាបុត្រី​ដ៏​មាន​តម្លៃ​របស់​ព្រះ ដែល​យើង​បាន​ជួយ​នាំ​មក​កាន់​ក្រោល​របស់ទ្រង់ ។ ក្រោយ​មក​ជីវិត​ខ្ញុំ​មិន​ដូច​ពី​មុន​ទេ ។

តាម​បទពិសោធន៍​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ ខ្ញុំ​សូម​ប្រកាស​ពី​ការសន្យា​របស់​គណៈប្រធាន​ទីមួយ​ដល់​អស់​អ្នក​ដែល « និង​នាំ​ការពិត​ទ្រង់​ដល់​លោកិយ » ១៣ មិន​ថា​នៅ​ក្នុង​ប្រទេស ឬ​ក្រៅ​ប្រទេស​នោះ​ទេ ៖ « ព្រះអម្ចាស់​នឹង​ប្រទាន​រង្វាន់ និង​ពរជ័យ​ដ៏មហិមា​ដល់​អ្នក​នៅ​ពេល​អ្នក​បម្រើ​ទ្រង់​ដោយ​រាប​សា និង​ដោយ​ការ​អធិស្ឋាន ។ សុភមង្គល​យ៉ាង​ច្រើន​ថែម​ទៀត រង់​ចាំអ្នក​នៅ​ពេល​អ្នកធ្វើការ​ងារ​ក្នុង​ចំណោម​កូន​ចៅ​របស់​ទ្រង់ » ។១៤