សន្និសីទទូទៅ
ការផ្សាយ​ដំណឹងល្អ​នៃ​ភាពសុខសាន្ដ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២២


ការផ្សាយ​ដំណឹងល្អ​នៃ​ភាពសុខសាន្ដ

យើង​មាន​ការទទួល​ខុសត្រូវ​ដ៏ពិសិដ្ឋ​ដើម្បី​ចែកចាយ​​ពីព្រះចេស្ដា និង​ភាព​សុខសាន្ដ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ជាមួយ​មនុស្ស​ទាំងអស់​ដែល​នឹង​ស្ដាប់តាម ។

បង​ប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ សូម​ស្វាគមន៍​មក​កាន់​សន្និសីទ​ទូទៅ ! ខ្ញុំទន្ទឹងចាំ​ថ្ងៃនេះ​ដោយ​ការ​រំពឹងទុក​ដ៏អស្ចារ្យ ។ ខ្ញុំ​អធិស្ឋាន​សម្រាប់​បងប្អូន​ជា​រៀង​រាល់​ថ្ងៃ ។ ខ្ញុំ​ក៏​បាន​អធិស្ឋាន​សុំ​ឲ្យ​សន្និសីទ​នេះ​នឹង​ក្លាយ​ជា​ពេល​ផ្លាស់​ប្រែ​ខាង​វិញ្ញាណ​សម្រាប់​បងប្អូន​ម្នាក់ៗ​ផងដែរ ។

ចាប់តាំង​ពី​សន្និសីទ​លើក​មុន​មក ទុក្ខ​លំបាក​នៅ​ក្នុង​ពិភពលោក​នេះ​នៅ​តែ​បន្តមាន ។ ជំងឺរាតត្បាត​ជាសាកល នៅតែ​ជះឥទ្ធិពល​មកលើ​ជីវិតរស់នៅ​របស់យើង ។ ហើយ​ឥឡូវ​នេះ ពិភពលោក​បាន​ញ៉ាំញ៉ើ​ដោយ​ជម្លោះ​ដែល​ធ្លាក់​ស្រោច​​មក​លើ​បុរស ស្ត្រី និង​កុមារ​ស្លូតត្រង់​រាប់​លាន​នាក់ ។

ពួកព្យាការី​បានព្យាករទុកជាមុន​អំពី​ជំនាន់​របស់យើង ជាគ្រា​ដែលនឹងមាន​សង្គ្រាម និង​ពាក្យ​ចចាមអារាម​អំពី​សង្គ្រាម ហើយ​ផែនដី​ទាំងមូល​នឹង​នៅ​ក្នុង​ស្ថានភាពចលាចល ។​ ក្នុង​នាម​ជា​អ្នក​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ យើង​អង្វរ​ដល់​មេដឹកនាំ​នៃ​ប្រជាជាតិ​ទាំងឡាយ សូម​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​ការខ្វែងគំនិត​គ្នា​របស់​ពួកគេ ។ យើង​សូម​អំពាវនាវ​ដល់​មនុស្ស​គ្រប់​ទីកន្លែង​ឲ្យ​អធិស្ឋាន​សម្រាប់​អ្នក​ដែល​ខ្វះខាត ធ្វើ​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន​ដើម្បី​ជួយ​អ្នក​ដែល​មាន​ទុក្ខព្រួយ និង​ស្វែងរក​ជំនួយ​ពី​ព្រះអម្ចាស់​ក្នុង​ការបញ្ចប់​ជម្លោះ​ដ៏​ធំ​ណា​មួយ ។

បងប្អូន​ប្រុសស្រី ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ពិត​ជា​ត្រូវការ​ខ្លាំង​ណាស់​នៅ​សព្វថ្ងៃ​នេះ ។ ការទាស់ទែង និង​ជម្លោះ បំពាន​លើ​អ្វីៗ​ដែល​ព្រះអង្គសង្គ្រោះ​បាន​តាំង និង​បង្រៀន ។ ខ្ញុំ​ស្រឡាញ់​ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ហើយ​សូមថ្លែង​ទីបន្ទាល់ថា ដំណឹងល្អ​របស់ទ្រង់​គឺជាដំណោះស្រាយ​ដ៏​យូរអង្វែង តែមួយគត់សម្រាប់ភាពសុខសាន្ដ ។ ដំណឹងល្អ​របស់​ទ្រង់​គឺជា​ដំណឹងល្អ​នៃ​ភាព​សុខសាន្ដ ។

ដំណឹងល្អ​របស់​ទ្រង់ គឺ​ជា​ចម្លើយ តែ​មួយ​គត់នៅ​ពេល​ដួងចិត្ត​របស់​មនុស្ស​នៅ​ក្នុង​ពិភពលោក​ត្រូវ​បាន​គំរាមគំហែង​ឲ្យ​ស្រយុតចិត្ត​ដោយ​ភាពភ័យ​ខ្លាច ។ ការណ៍​នេះ​គូសបញ្ជាក់​អំពី​តម្រូវការ​បន្ទាន់​សម្រាប់​យើង​ទាំងអស់​គ្នា​ដើម្បី​ធ្វើតាម​ការបង្រៀន​របស់​ព្រះអម្ចាស់​ទៅ​កាន់​ពួកសិស្ស​របស់​ទ្រង់​ឲ្យ​«… ទៅ​ពេញ​សព្វ​ក្នុង​ក្នុងលោកិយ​ទាំងមូល ហើយផ្សាយដំណឹងល្អ​ទូទៅដល់​គ្រប់​មនុស្ស​ទាំងអស់​ចុះ » ។  យើង​មាន​ការទទួល​ខុសត្រូវ​ដ៏ពិសិដ្ឋ​ដើម្បី​ចែកចាយ​​ពីព្រះចេស្ដា និង​ភាព​សុខសាន្ដ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ជាមួយ​មនុស្ស​ទាំងអស់​ដែល​នឹង​ស្ដាប់តាម ហើយ​ដែល​នឹង​ទុក​ឲ្យ​ព្រះ​ឈ្នះ​នៅក្នុងជីវិត​របស់ពួកគេ ។

មនុស្ស​គ្រប់រូប​ដែល​បាន​ធ្វើ​សេចក្ដីសញ្ញា​ជា​មួយ​ព្រះ​បាន​សន្យា​ថា​នឹង​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​អ្នក​ដទៃ ហើយ​ជួយ​ដល់​អ្នក​ដែល​ខ្វះខាត់ ។ យើង​អាច​បង្ហាញ​​សេចក្តីជំនឿ​លើ​ព្រះ ហើយ​ត្រៀម​ខ្លួន​ជានិច្ច​ដើម្បី​ឆ្លើយ​តប​ចំពោះ​អ្នក​ដែល​សួរ​អំពី « ហេតុ​នៃសេចក្ដីសង្ឃឹម​របស់​[ យើង​រាល់គ្នា ] » ។ យើង​ម្នាក់ៗ​មាន​តួនាទី​មួយ​នៅក្នុង​ការ​ប្រមូលផ្ដុំ​អ៊ីស្រាអែល ។

ថ្ងៃនេះ ខ្ញុំ​សូម​បញ្ជាក់​សារជាថ្មី​ដោយមោះមុត​ថា ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យយុវជន ​គ្រប់រូប ​មានភាព​ស័ក្ដិសម ជាយុវជន​ដែល​មាន​សមត្ថភាព ​ឲ្យ​រៀបចំខ្លួន​ដើម្បី​បម្រើ​បេសកកម្ម ។ សម្រាប់​យុវជន​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ការបម្រើ​​ផ្សព្វផ្សាយសាសនា គឺជា​ការ​ទទួលខុសត្រូវ​​មួយ​នៃ​បព្វជិតភាព ។ យុវជនទាំងឡាយ ត្រូវ​បានបម្រុង​ទុក​សម្រាប់​ជំនាន់នេះ ជាពេល​ដែល​ត្រូវ​ធ្វើ​​ការប្រមូលផ្ដុំ​អ៊ីស្រាអែលដូច​ដែលបាន​សន្យា​ ។ នៅពេល​អ្នក​បម្រើ​បេសកកម្ម នោះ​អ្នកដើរ​តួនាទី​ដ៏​សំខាន់នៅក្នុង​ព្រឹត្តការណ៍​ដែល​ពុំធ្លាប់មានពីមុនមកនេះ !

សម្រាប់​យុវនារី​ដែលមានលទ្ធភាព បេសកកម្ម​គឺជា​ឱកាស​ដ៏​មានអានុភាព​មួយផងដែរ តែ​វាជា​ ជម្រើស របស់​អ្នក ។ ពួកយើង ស្រឡាញ់ ស៊ីស្ទើរ​អ្នកផ្សព្វផ្សាយសាសនា​ ហើយស្វាគមន៍​ពួកគេ​ដោយ​អស់ពីចិត្ត ។ អ្វី​ដែលអ្នក​បាន​ធ្វើនៅក្នុងកិច្ចការនេះ គឺ​អស្ចារ្យណាស់ ! សូមអធិស្ឋាន​ដើម្បី​ដឹងថា តើព្រះអម្ចាស់​ឲ្យ​អ្នក​បម្រើ​បេសកកម្ម​ដែរ​ឬ​ទេ នោះ​ព្រះវិញ្ញាណបរិសុទ្ធ​នឹង​ឆ្លើយតប​ក្នុង​ដួងចិត្ត និង​គំនិត​អ្នក ។

មិត្តវ័យ​ក្មេង​ជា​ទីស្រឡាញ់​ខ្ញុំអើយ អ្នករាល់គ្នា​ម្នាក់ៗ មានតម្លៃ​ចំពោះ​ព្រះអម្ចាស់ ។ ទ្រង់​បាន​បម្រុង​អ្នកទុក​រហូតដល់ពេលនេះ ដើម្បី​ឲ្យអ្នក​ជួយ​ប្រមូលផ្ដុំ​អ៊ីស្រាអែល ។ ការ​សម្រេច​ចិត្ត​របស់​អ្នក​ក្នុង​ការ​បម្រើ​បេសកកម្ម មិន​ថា​ជា​អ្នក​ផ្សព្វផ្សាយដំណឹងល្អ ឬ​បេសកកម្ម​ផ្នែកសេវាកម្ម​​ទេ នឹង​ប្រទាន​ពរ​ដល់​អ្នក និង​មនុស្ស​ជា​ច្រើន​ទៀត ។ ពួកយើង​ក៏​សូម​ស្វាគមន៍​គូស្វាមីភរិយា​រៀមច្បង​ឲ្យ​បម្រើ​ផងដែរ នៅពេល​ដែល​ស្ថានភាព​អំណោយ​ផលរបស់​ពួកគេ ។ ការខិតខំ​របស់​ពួកគាត់​គឺ​មិនអាច​ជំនួស​បាន​ដោយ​ងាយ​នោះ​ទេ ។

អ្នក​ផ្សព្វផ្សាយសាសនា ទាំងអស់ បង្រៀន និង​ថ្លែង​ទីបន្ទាល់​អំពី​ព្រះអង្គសង្គ្រោះ ។ ភាពងងឹត​ខាង​វិញ្ញាណ​នៅ​ក្នុង​ពិភពលោក​ធ្វើ​ឲ្យ​ពន្លឺ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវការ​ច្រើន​ជាង​ពេល​ណា​ៗទាំងអស់ ។ មនុស្ស​គ្រប់​រូប​សម​នឹង​ទទួល​បាន​ឱកាស​ដើម្បី​ដឹង​អំពី​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិ​ញ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ មនុស្ស​គ្រប់រូប​សម​នឹង​ដឹង​ថា ពួកគេ​អាច​ស្វែងរក ក្តីសង្ឃឹម និង​ភាពសុខសាន្ដ​ដែល « [ ហួសលើស ] ពី​អស់​ទាំង​គំនិត » ។

សូម​ឲ្យ​សន្និសីទ​នេះ​ជា​គ្រា​នៃ​ភាពសុខសាន្ដ និង​ជា​អាហារ​ខាង​វិញ្ញាណ​សម្រាប់​បងប្អូន ។ សូម​ឲ្យ​បងប្អូន​ស្វែងរក និង​ទទួល​បាន​វិវរណៈ​ផ្ទាល់​ខ្លួន អំឡុង​សម័យ​ប្រជុំ​ទាំង​អស់​នេះ ខ្ញុំ​សូម​អធិស្ឋាន​នៅ​ក្នុង​ព្រះនាម​ដ៏ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕