សន្និសីទទូទៅ
ជណ្តើរ​នៃ​សេចក្តីជំនឿ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២២


ជណ្តើរ​នៃ​សេចក្តីជំនឿ

ការឥត​ជំនឿ​រារាំង​សមត្ថភាព​យើង​មិន​ឲ្យ​ឃើញ​អព្ភូតហេតុ ខណៈ​ដែល​ផ្នត់​គំនិត​នៃ​សេចក្តីជំនឿ​លើ​ព្រះអង្គ​សង្គ្រោះ បើកសោ​ឲ្យ​ទទួល​អំណាច​ទាំងឡាយ​ពី​ស្ថានសួគ៌ ។

តើ​ឧបសគ្គ​ក្នុង​ជីវិត​នឹង​ជះឥទ្ធិពល​ដល់​សេចក្តី​ជំនឿ​របស់​យើង​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្តេច ? ហើយ​តើ​សេចក្ដី​ជំនឿ​របស់​យើង​នឹង​មាន​ឥទ្ធិពល​អ្វីខ្លះ​ដល់​ក្តីអំណរ និង​ភាពសុខសាន្ត​ដែល​យើង​ឆ្លងកាត់​ក្នុង​ជីវិត​នេះ ?

នៅឆ្នាំ ១៩៧៧ ។ ពេល​ទូរសព្ទ​បាន​រោទិ៍​ឡើង ជាមួយ​នឹង​ដំណឹង​ដ៏​សោកសៅ​មួយ ។ ខារ៉ូលីន និង ដាក ធេបន៍ កំពុងរៀបចំ​ឥវ៉ាន់​ប្តូរ​ទីលំនៅ​ទៅ​ផ្ទះ​ថ្មី​របស់​ពួកគេ បន្ទាប់​ពី​បញ្ចប់​ការសិក្សា ។ កូរ៉ុម​អែលឌើរ​បាន​មក​ជួយ​លើក​ឥវ៉ាន់​ដាក់​លើ​ឡាន ។ ដាក បាន​មើលជា​លើក​ចុងក្រោយ ដើម្បី​ប្រាកដ​ចិត្ត​ថា ផ្លូវ​វា​ស្រឡះ​គ្មាន​​អ្វី ពី​មុន​ថយ​ឡាន​មក​ក្រោយ ។ អ្វី​ដែល​គាត់​មើល​ពុំ​ឃើញ​នោះ​គឺ​ជែននី កូនស្រី​តូច​របស់​គាត់ បាន​រត់​យ៉ាង​លឿន​មក​ចំ​ពី​ក្រោយ​ឡាន​ដែល​កំពុង​បើក​ថយ​ក្រោយ​នោះ ។ តែ​មួយ​រំពេច​សោះ ជែននី​កូនស្រី​ជា​ទីស្រឡាញ់​របស់​ពួកគេ​បាន​ស្លាប់ ។

តើ​មាន​អ្វី​កើត​ឡើង​បន្ទាប់​ទៀត ? តើ​ការឈឺចាប់​ដែល​ពួកគេ​មាន​យ៉ាង​ខ្លាំង និង​អារម្មណ៍​ដែល​នឹក​ស្មាន​មិន​ដល់​នៃ​ការបាត់បង់​នោះ បង្កើត​ជា​ការខ្វែង​គំនិត​គ្នា​ដែល​មិន​អាច​ផ្សះផ្សារ​បាន​រវាង ខារ៉ូលីន និង ដាក ឬ​មាន​របៀប​ណា​មួយ​ដែល​ចង​ភ្ជាប់​ចិត្ត​របស់​ពួកគេ​រួម​គ្នា ហើយ​ពង្រឹង​សេចក្តីជំនឿ​របស់​ពួកគេ​លើ​ផែនការ​របស់​ព្រះវរបិតាសួគ៌​វិញ ?

ផ្លូវ​នៃ​សេចក្តីវេទនា​របស់​ពួកគេ​វែង​ឆ្ងាយ និង​ឈឺចាប់​ជា​អនេក ប៉ុន្តែ​កម្លាំង​ខាង​វិញ្ញាណ​ប្រាប់​ពួកគេ​ថា​កុំ​ឲ្យ​អស់​សង្ឃឹម ប៉ុន្តែ « កាន់​ផ្លូវ [ ពួកគេ ] ឲ្យ​ខ្ជាប់ » វិញ ។ គូស្វាមី​ភរិយា​ដ៏អស្ចារ្យ​នេះ​បាន​ប្រែ​កាន់តែ​ដូច​ជា​ព្រះគ្រីស្ទ ។ មាន​ការតាំងចិត្ត​កាន់តែ​ខ្លាំង ។ មាន​សេចក្តី​អាណិត​អាសូរ​កាន់តែ​ច្រើន ។ ពួកគេ​បាន​ជឿថា ព្រះ​នឹង​ធ្វើ​ឲ្យ​សេចក្ដី​វេទនា​ទាំង​ឡាយ​របស់​ពួកគេ ក្លាយ​ទៅ​ជា​ផលប្រយោជន៍​ដល់​ពួកគេ​វិញ តាម​ពេលវេលា​របស់​ទ្រង់ ។

ទោះបី​ការឈឺចាប់ និង​ការបាត់បង់​នោះ​ពុំ​បាន និង​ពុំ​អាច​រលត់​បាត់​ទាំងស្រុង​ក្តី ក៏​ខារ៉ូលីន និង ដាក បាន​ទទួល​ការលួងលោម ដោយ​ការអះអាង​ថា តាមរយៈ​ការ​បន្ត​រឹងប៉ឹង​នៅលើ​ផ្លូវ​នៃ​សេចក្តី​សញ្ញា នោះ​ជែននី​ជា​ទីស្រឡាញ់​របស់​ពួកគេ​នឹង​ជា​កូន​របស់​ពួកគេ​ជា​រៀង​រហូត ។

គំរូ​របស់​ពួកគេ​បាន​ពង្រឹង​សេចក្តីជំនឿ​របស់​ខ្ញុំ​លើ​ផែនការ​របស់​ព្រះអម្ចាស់ ។ យើង​មើល​ពុំ​ឃើញ​រឿង​ទាំង​អស់​ទេ ។ ប៉ុន្តែ​ទ្រង់​អាច ។ ព្រះអម្ចាស់​មាន​បន្ទូល​ប្រាប់​យ៉ូសែប ស្ម៊ីធ នៅ​ក្នុង​គុក​លិបើទី​ថា « គ្រប់​ការណ៍​ទាំងនេះ​នឹង​ផ្ដល់​ការ​ពិសោធន៍​ដល់​អ្នក ហើយ​នឹង​ទៅជា​ការ​ល្អ​ដល់​អ្នក​ទៅវិញ ។ កូន​មនុស្ស​បាន​ចុះ​ទាប​ជាង​ការណ៍​ទាំងនោះ​ទៅទៀត ។ តើ​អ្នក​ធំ​ជាង​ទ្រង់​ឬ​អី ? »

ពេល​យើង​ទទួល​យក​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់ នោះ​ទ្រង់​នឹង​បង្រៀន​យើង​ពី​របៀប​ដើរ​ជាមួយ​ទ្រង់ ។ កាល​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង​នៅ​កោះ​តាហ៊ីទី គេ​បាន​សុំ​ខ្ញុំ​ឲ្យ​ប្រសិទ្ធពរ​ដល់​ទារក​ឈឺ​ម្នាក់ ។ យើង​បាន​ដាក់​ដៃ​របស់​យើង​លើ​ក្បាល​ទារក​នោះ ហើយ​ប្រសិទ្ធពរ​ឲ្យ​គាត់​បាន​ធូរ​ស្បើយ ។ សុខភាព​គាត់​បាន​ប្រសើរ​ឡើង ប៉ុន្តែ​ក្រោយ​មក គាត់​បាន​ធ្លាក់​ខ្លួន​ឈឺ​ម្តងទៀត ។ យើង​ប្រសិទ្ធពរ​ដល់​គាត់​ជា​លើក​ទីពីរ ប៉ុន្តែ​​លទ្ធផល​គឺ​ដូច​មុន​ដដែល ។ គេ​សុំ​ឲ្យ​យើង​ប្រសិទ្ធពរ​គាត់​ជា​លើក​ទីបី ។ យើង​បាន​ទូល​អង្វរ​ដល់​ព្រះអម្ចាស់​ថា សូម​សម្រេច​តាម​ព្រះហឫទ័យ​របស់​ទ្រង់​ចុះ ។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក វិញ្ញាណ​ទារក​តូច​នោះ​បាន​ត្រឡប់​ទៅ​ឯ​ផ្ទះ​សួគ៌ា​របស់​គាត់​វិញ ។

ប៉ុន្តែ​យើង​មាន​ភាពសុខសាន្ត ។ យើង​ចង់​ឲ្យ​ទារក​តូច​នោះ​នៅ​រស់រាន​មាន​ជីវិត ប៉ុន្តែ​ព្រះអម្ចាស់​ទ្រង់​មាន​ផែនការ​ផ្សេង​ទៀត ។ ការទទួល​យក​តាម​ព្រះហឫទ័យ​របស់​ទ្រង់ ដាក់​ក្នុង​ចិត្ត​យើង វា​គឺ​ជា​ចំណុច​ដ៏សំខាន់​ដើម្បី​រកឃើញ​ក្តីអំណរ ទោះ​ជា​កាលៈទេសៈ​របស់​យើង​បែប​ណា​ក៏​ដោយ ។

សេចក្តីជំនឿ​ដ៏​សាមញ្ញ​ដែល​យើងមាន​លើ​ព្រះយេស៊ូវ​គ្រីស្ទ ដូច​ពេល​ដំបូង​ដែល​យើង​ចាប់ផ្តើម​រៀន​អំពី​ទ្រង់ អាច​ស្ថិត​នៅ​ក្នុង​ចិត្ត​យើង ពេល​យើង​ជួប​នឹង​ឧបសគ្គ​ក្នុង​ជីវិត ។ សេចក្តីជំនឿ​របស់​យើង​លើ​ទ្រង់​អាច ​ដឹកនាំ​យើង​ឲ្យ​ឆ្លង​កាត់​ភាពស្មុគស្មាញ​ទាំងឡាយ​បាន​ក្នុង​ជីវិត ។ ប្រាកដ​ណាស់ យើង​នឹង​មើល​ឃើញ​ថា គឺ​មាន​ភាព​សាមញ្ញ​នៅ​ផ្នែក​ម្ខាង​ទៀត​នៃ​ភាព​ស្មុគស្មាញ​ក្នុង​ជីវិត នៅពេល​យើង​បន្ត « [ ខ្ជាប់ខ្ជួន ] នៅ​ក្នុង​ព្រះ​គ្រីស្ទ ដោយ​មាន​ការភ្លឺថ្លា​នៃ​សេចក្ដី​សង្ឃឹម​ដ៏​ឥត​ខ្ចោះ » ។

ចំណែក​នៃ​គោលបំណង​របស់​ជីវិត​គឺ​ប្រែក្លាយ​ថ្ម​ដែល​ធ្វើ​ឲ្យ​ជំពប់​ដួល​ទាំង​នេះ​ទៅ​ជា​ថ្ម​នៃ​កាំជណ្តើរ សម្រាប់​យើង​ឡើង​ជាន់​វិញ​ដែល​ខ្ញុំ​ឲ្យ​ឈ្មោះ​ថា « ជណ្តើរ​នៃ​សេចក្តីជំនឿ »—ជា​ជណ្តើរ ដោយសារ​វា​បង្ហាញ​ថា សេចក្តី​ជំនឿ​គឺ​មិន​ស្ថិតស្ថេរ ។ អាច​ឡើង ឬ​ចុះ អាស្រ័យ​លើ​ជម្រើស​ដែល​យើង​ធ្វើ ។

ពេល​យើង​ព្យាយាម​ស្ថាបនា​សេចក្តី​ជំនឿ​លើ​ព្រះអង្គ​សង្គ្រោះ នោះ​យើង​អាច​ពុំ​ទាន់​យល់​ទាំងស្រុង​នូវ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​ពួកយើង ហើយ​គោរព​បញ្ញតិ្ត​របស់​ទ្រង់ដោយ​យល់​ថា​វា​ជា​កាតព្វកិច្ច ។ កំហុស​អាច​ក្លាយជា​អ្នក​ជំរុញ​ចិត្ត​ចម្បង​របស់​យើង ជាជាង​សេចក្តី​ស្រឡាញ់ ។ ទំនាក់ទំនង​ពិតប្រាកដ​ជាមួយ​នឹង​ទ្រង់ អាច​ពុំ​ទាន់​បាន​ដក​ពិសោធន៍​នៅឡើយ ។

ពេល​យើង​ព្យាយាម​បង្កើន​សេចក្តីជំនឿ​របស់​យើង នោះ​យើង​អាច​យល់​ច្រឡំ​នឹង​អ្វី​ដែល​យ៉ាកុប​បាន​បង្រៀន ។ លោក​បាន​រំឭក​យើង​ថា « សេចក្តី​ជំនឿ​បើ​គ្មាន​ការប្រព្រឹត្ត​តាម នោះ​ឈ្មោះ​ថា​ស្លាប់​ហើយ » ។ យើង​អាច​នឹង​ជំពប់​ដួល បើ​យើង​គិត​ថា អ្វីៗ​គ្រប់​យ៉ាងគឺ​ពឹងផ្អែក​​លើ​ខ្លួន​យើងនោះ ។ ការពឹងលើ​ខ្លួនឯង​ជ្រុល​ពេក​អាច​រារាំង​សមត្ថភាព​យើង​ឲ្យ​ទទួល​បាន​អំណាច​ទាំងឡាយ​នៃ​ស្ថានសួគ៌ ។

ប៉ុន្តែ​ពេល​យើង​បោះ​ជំហាន​ឆ្ពោះ​ទៅ​រក​សេចក្តី​ជំនឿ​ពិត​ប្រាកដ​លើ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ផ្នត់​គំនិត​របស់​យើង​ចាប់ផ្តើម​ផ្លាស់ប្តូរ ។ យើង​ទទួល​ស្គាល់​ថា ការគោរព​ប្រតិបត្តិ និង​សេចក្ដី​ជំនឿ​លើ​ព្រះអង្គ​សង្គ្រោះ ធ្វើ​ឲ្យ​យើង​ស័ក្ដិសម​នឹង​មាន​ព្រះវិញ្ញាណ​របស់​ទ្រង់​គង់​នៅ​ជាមួយ​នឹង​យើង​ជា​ដរាប ។ ការគោរព​ប្រតិបត្តិ​លែង​ក្លាយ​ជា​ការរំខាន​ទៀត​ហើយ ប៉ុន្តែ​វា​ក្លាយ​ជា​ការចង់​ធ្វើតាម​ទៅ​វិញ ។១០ យើង​ទទួល​ស្គាល់​ថា ការគោរព​ប្រតិបត្តិ​តាម​បទបញ្ញត្តិ​របស់​ព្រះ​អនុញ្ញាត​ឲ្យ​ទ្រង់​ទុក​ព្រះទ័យ​លើ​យើង ។ ជាមួយ​នឹង​ការទុក​ព្រះទ័យ​របស់​ទ្រង់ នោះ​នឹង​មាន​ពន្លឺ​កាន់តែ​ខ្លាំង​ឡើង ។ ពន្លឺ​នេះ​ដឹកនាំ​ដំណើរ​របស់​យើង និង​អនុញ្ញាត​ឲ្យ​យើង​មើល​ឃើញ​កាន់​តែ​ច្បាស់​ពី​ផ្លូវ​ដែល​យើង​គួរ​ដើរ ។

ប៉ុន្តែ​មាន​ច្រើន​ជាង​នេះ​ទៀត ។ ពេល​សេចក្តី​ជំនឿ​របស់​យើង​លើ​ព្រះអង្គ​សង្គ្រោះ​កើន​ឡើង នោះ​យើង​សង្កេត​ឃើញ​មាន​ការផ្លាស់ប្តូរ​ដោយ​ស្ងាត់​មួយ ដែល​មាន​នូវ​ការយល់​ដឹង​ដ៏​ទេវភាព​អំពី​ទំនាក់ទំនង​របស់​យើង​ជា​មួយ​ព្រះ—ដែលរំកិល​​ម្ដង​បន្ដិចៗ​ពី​ចំណុច​ថា « តើ​ខ្ញុំ​ចង់​បាន​អ្វី​ខ្លះ ? » ទៅ​ជា « តើ​ព្រះ​សព្វ​ព្រះទ័យ​អ្វី​ខ្លះ ? » ដូច​ព្រះអង្គ​សង្គ្រោះ​ដែរ យើង​ចង់​ធ្វើ​តាម​ឃ្លា​ថា « កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​តាមតែ​ព្រះហឫទ័យ​ទ្រង់​វិញ » ។១១ យើង​ចង់​ធ្វើ​កិច្ចការ​របស់​ព្រះ និង​ធ្វើ​ជា​ឧបករណ៍​នៅក្នុង​ព្រះហស្ត​ទ្រង់ ។១២

ការរីកចម្រើន​របស់​យើង​គឺ​ជា​អ្វី​មួយ​ដែល​អស់កល្ប​ជានិច្ច ។ ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា មាន​អ្វី​ជា​ច្រើន​ដែល ព្រះវរបិតាសួគ៌​មាន​ព្រះហឫទ័យ​ចង់​ឲ្យ​យើង​ដឹង ។១៣ នៅពេល​យើង​រីកចម្រើន នោះ​យើង​យល់​កាន់តែ​ច្បាស់​នូវ​អ្វីដែល​ព្រះអម្ចាស់​បាន​បង្រៀន យ៉ូសែប ស្ម៊ីធ ៖ « ដ្បិត​បើសិនជា​អ្នក​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​យើង នោះ​អ្នក​នឹង​បាន​ទទួល​នូវ​ភាព​ពោរពេញ​របស់​ទ្រង់ ហើយ​បាន​តម្កើង​ក្នុង​យើង ដូច​ជា​យើង ហើយ យើង​ប្រាប់​អ្នក​ថា អ្នក​នឹង​បាន​ទទួល​ព្រះគុណ​ថែម​លើ​ព្រះគុណ » ។១៤

អាស្រ័យ​ទៅ​លើ​ការសម្រេច​ចិត្ត​របស់​យើង​ថា​តើ​យើង​បាន​ឡើង​ខ្ពស់ប៉ុណ្ណា​នៅ​លើ​ជណ្តើរ​នៃ​សេចក្តីជំនឿ​ ។ អែលឌើរ នែល អិល អាន់ឌើរសិន បាន​បង្រៀន​ថា « សេចក្តី​ជំនឿ​ពុំមែន​កើត​មកពី​ភាពចៃដន្យ​នោះទេ ប៉ុន្តែ​មកពី​ជម្រើស​វិញ » ។១៥ យើង​អាច​ជ្រើស​យក​ជម្រើស​នានា​ដែល​ចាំបាច់ ដើម្បី​បង្កើន​សេចក្ដី​ជំនឿ​របស់​យើង​លើ​ព្រះអង្គ​សង្គ្រោះ ។

សូម​ពិចារណា​ពី​ឥទ្ធិពល​នៃ​ជម្រើស​ដែល លេមិន និង លេមយួល បាន​ជ្រើស​ដើម្បី​ដើរ​ចុះ​ជណ្តើរ​នៃ​សេចក្តី​ជំនឿ ខណៈ​ដែល​នីហ្វៃ​ជ្រើសរើស​ដើរឡើង​កាន់​តែ​ខ្ពស់ ។ តើ​មាន​តំណាង​អ្វី​ដែល​ច្បាស់​ជាង​ភាព​ខុសគ្នា​រវាង​ការឆ្លើយ​តប​របស់​នីហ្វៃ​ដែល​ថា « ខ្ញុំ​នឹង​ទៅ ហើយ​ធ្វើ »១៦ ប្រឆាំង​នឹង​ចម្លើយ​របស់ លេមិន និង លេមយួល ដែល​ទើបតែ​បាន​ឃើញ​ទេវតា ហើយ​ឆ្លើយ​តប​ថា « តើ​ព្រះអម្ចាស់​ទ្រង់​នឹង​អាច​ប្រគល់​យ៉ាងណា​បាន ? »១៧

ការឥត​ជំនឿ​រារាំង​សមត្ថភាព​យើង​មិន​ឲ្យ​ឃើញ​អព្ភូតហេតុ ខណៈ​ដែល​ផ្នត់​គំនិត​នៃ​សេចក្តីជំនឿ​លើ​ព្រះអង្គ​សង្គ្រោះ បើកសោ​ឲ្យ​ទទួល​អំណាច​ទាំងឡាយ​ពី​ស្ថានសួគ៌ ។

ទោះបី​ពេល​សេចក្តីជំនឿ​របស់​យើង​ទន់ខ្សោយ​ក្តី ក៏​ព្រះហស្ត​របស់​ព្រះអម្ចាស់​នឹង​សន្ធឹង​មក​រក​យើង​ជានិច្ច​ដែរ ។១៨ ជាច្រើន​ឆ្នាំ​កន្លង​ទៅ ខ្ញុំ​បាន​ទទួល​ការចាត់តាំង​មួយ​ឲ្យ​រៀបចំ​ស្តេក​មួយ​ឡើង​វិញ​នៅ​ប្រទេស​នីហ្សេរីយ៉ា ។ កាលបរិច្ឆេទ​ត្រូវ​បាន​ផ្លាស់​ប្តូរ​ជាបន្ទាន់ ។ មាន​បុរស​ម្នាក់​នៅក្នុង​ស្តេក​​បាន​សម្រេច​ចិត្ត​មិន​នៅក្នុង​ទីក្រុង​ទេ សម្រាប់​កាលបរិច្ឆេទ​នៃ​សន្និសីទ​ដំបូង ។ គាត់​មិន​ចង់​នៅ ព្រោះ​ខ្លាច​គេ​ហៅ​គាត់ឲ្យ​ធ្វើជា​ប្រធាន​ស្តេក ។

ខណៈគាត់​ធ្វើដំណើរចេញទៅ នោះ​គាត់​បាន​ជួប​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​មួយ ប៉ុន្តែ​គាត់គ្មាន​គ្រោះថ្នាក់ដល់ជីវិត​ទេ ។ ការណ៍​នេះ​ធ្វើ​ឲ្យ​គាត់​ពិចារណា​ពី​មូលហេតុ​ដែល​គាត់​ត្រូវបាន​ទុក​ឲ្យ​រួច​ជីវិត ។ គាត់​បាន​គិត​ឡើងវិញ​ពី​ការសម្រេច​ចិត្ត​ដែល​គាត់​បាន​ធ្វើ​ពីមុន ។ គាត់​បាន​ប្រែចិត្ត ហើយ​បាន​ចូលរួម​យ៉ាង​រាបសា​នៅ​កាលបរិច្ឆេទ​សន្និសីទ​ថ្មី​មួយទៀត ។ ប្រាកដ​ណាស់ គាត់​ត្រូវបាន​ហៅ​ជា​ប្រធាន​ស្តេក​ថ្មី ។

អែលឌើរ នែល អេ ម៉ាក់ស្វែល បាន​បង្រៀន ៖ « មាន​តែ​ការសម្រប​ឆន្ទៈ​យើង​ទៅ​តាម​ព្រះទ័យ​របស់​ព្រះ​ប៉ុណ្ណោះ ទើប​អាច​រកឃើញ​សុភមង្គល​ពេញលេញ​បាន ។ លទ្ធិផលមក​ស្របតាមការប្រព្រឹត្ត » ។១៩

បន្ទាប់​ពី​ប្រព្រឹត្ត « ការណ៍​ទាំង​នេះ ដែល​នៅ​ក្នុង​អំណាច​យើង » នោះ​វា​ដល់​ពេល​ដើម្បី « ឈរ​នៅ​ស្ងៀម … ដើម្បី​ឃើញ​សេចក្ដី​សង្គ្រោះ​ពី​ព្រះ » ។២០ ខ្ញុំ​ឃើញ​ការណ៍​នេះ ខណៈ​បម្រើ​ជា​អ្នក​ផ្តល់​ការងារ​បម្រើ​ដល់​គ្រួសារ ម៉ាកខ័រមីក ។ ម៉ារី ខេយ ដែល​បាន​រៀបការ ២១ ឆ្នាំ​ បាន​បម្រើ​យ៉ាង​ស្មោះត្រង់​ក្នុង​ការហៅ​បម្រើ​របស់​គាត់ ។ ខេន ពុំមែន​ជា​សមាជិក​សាសនាចក្រ​ទេ ហើយ​ក៏​មិន​ចាប់​អារម្មណ៍​ចង់​ធ្វើ​ជា​សមាជិក​ដែរ ប៉ុន្តែ​ដោយ​ស្រឡាញ់​ភរិយា​គាត់ នោះ​គាត់​បាន​ជ្រើសរើស​ចូលរួម​ព្រះវិហារ​ជាមួយ​នាង ។

នៅ​ថ្ងៃ​អាទិត្យ​មួយ ខ្ញុំ​បាន​ទទួល​ការបំផុស​គំនិត​ឲ្យ​ចែកចាយ​ទីបន្ទាល់​របស់​ខ្ញុំ​ជាមួយ​ខេន ។ ខ្ញុំ​បាន​សួរ​គាត់ ថា​តើ​ខ្ញុំ​អាច​ចែកចាយ​ទីបន្ទាល់​បានដែរ​ឬទេ ។ ចម្លើយ​គាត់​គឺ​សាមញ្ញ ហើយ​ច្បាស់លាស់ ៖ « មិន​បាច់​ទេ អរគុណ​ហើយ » ។

ខ្ញុំ​​ឆ្ងល់ ។ ខ្ញុំ​មាន​អារម្មណ៍​បំផុស​គំនិត ហើយ​ខ្ញុំ​បាន​ព្យាយាម​ធ្វើ​តាម ។ វា​ល្បួង​ឲ្យ​សម្រេច​ចិត្ត​ថា ខ្ញុំ​បាន​ធ្វើ​ចំណែករបស់​​ខ្ញុំ​រួច​រាល់ហើយ ។ ប៉ុន្តែ​បន្ទាប់​ពី​ការអធិស្ឋាន និង​ការសញ្ជឹង​គិត​មក ខ្ញុំ​អាច​មើលឃើញ​ថា ទោះបី​បំណង​របស់​ខ្ញុំ​ត្រឹមត្រូវ​ក្តី ក៏​ខ្ញុំ​បាន​ពឹងផ្អែក​លើ​ខ្លួន​ឯង​ខ្លាំង​ជាងពឹងផ្អែក​លើ​ព្រះអម្ចាស់ដែរ​ ។

ក្រោយ​មក​ខ្ញុំ​បាន​ត្រឡប់​ទៅវិញ ប៉ុន្តែ​មក​ជាមួយ​ផ្នត់គំនិត​ផ្សេង ។ ខ្ញុំ​បាន​ទៅ​ដោយ​ធ្វើ​ជា​ឧបករណ៍​សាមញ្ញ​នៅក្នុង​ព្រះហស្ត​របស់​ព្រះអម្ចាស់ ដោយ​គ្មាន​បំណង​ណា​ផ្សេង​ទៀត ក្រៅ​ពី​ធ្វើ​តាម​ព្រះវិញ្ញាណ​ឡើយ ។ ជាមួយ​នឹង​ដៃគូ​ដ៏​ស្មោះត្រង់​របស់​ខ្ញុំ​គឺ ជើរ៉ល ខារដុន នោះ​យើង​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​របស់ ម៉ាក​ខ័រមីក ។

មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ខ្ញុំ​បាន​ទទួល​ការបំផុសគំនិត​ឲ្យ​អញ្ជើញ ជើរ៉ល ច្រៀង​បទ « ខ្ញុំ​ដឹង​ថា​ព្រះប្រោសលោះ​ខ្ញុំ​នៅរស់ » ។២១ គាត់​បាន​មើល​មក​ខ្ញុំ​ទាំង​ឆ្ងល់ ប៉ុន្តែ​ដោយ​មាន​សេចក្តីជំនឿ​លើ​សេចក្ដី​ជំនឿ​របស់​ខ្ញុំ នោះ​គាត់​ក៏​ច្រៀង ។ បន្ទប់​នោះ​ពោរពេញ​ដោយ​ព្រះវិញ្ញាណ​ដ៏​អស្ចារ្យ ។ ការបំផុស​គំនិត​នេះ​បាន​អញ្ជើញ ម៉ារី ខេយ និង គ្រីស្ទីន ដែល​ជា​កូនស្រី​របស់​ពួកគេ ឲ្យ​ចែកចាយ​ទីបន្ទាល់​របស់​ខ្លួន ។ កាល​ពួកគេ​បាន​ធ្វើ​ដូច្នោះ នោះ​ព្រះវិញ្ញាណ​បាន​ពោរពេញ​រឹតតែ​ខ្លាំងឡើង ។ ប្រាកដ​ណាស់ បន្ទាប់​ពី​ទីបន្ទាល់​របស់​គ្រីស្ទីន​មក ទឹក​ភ្នែក​បាន​ហូរ​ចុះ​លើ​ថ្ពាល់​ខេន ។២២

ព្រះ​បាន​គ្រប់គ្រង​ស្ថានភាព​នោះ ។ ដួងចិត្ត​មិន​គ្រាន់តែ​បាន​រំជួល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​ផ្លាស់ប្តូរ​ជា​រៀង​រហូត​ផងដែរ ។ ការឥត​ជំនឿ​រយៈពេល​ម្ភៃ​មួយ​ឆ្នាំ​បាន​រសាត់​ចេញ​បាត់ ដោយសារ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ មួយ​សប្តាហ៍​ក្រោយមក ខេន​បានទទួល​បុណ្យ​ជ្រមុជ​ទឹក ។ មួយ​ឆ្នាំ​ក្រោយ​មក ខេន និង ម៉ារី ខេយ បាន​ផ្សារភ្ជាប់​នៅក្នុង​ដំណាក់​របស់​ព្រះអម្ចាស់​សម្រាប់​ពេលនេះ និង​អស់កល្ប​ជានិច្ច ។

យើង​មាន​បទពិសោធន៍​រួមគ្នា​អំពី​អត្ថន័យ​នៃ​ការជំនួស​ឆន្ទៈ​យើង​ដោយ​ព្រះទ័យ​ព្រះ ហើយ​សេចក្តីជំនឿ​របស់​យើង​លើ​ទ្រង់​បាន​កើន​ឡើង ។

សូម​ពិចារណា​ចំពោះ​សំណួរ​មួយ​ចំនួន​នេះ​ដែល​បាន​លើក​ឡើង​ដោយ ​ព្យាការី​ដ៏​បរិសុទ្ធ​ទាំងឡាយរបស់​ព្រះ ពេល​បងប្អូន​ព្យាយាម​ឡើង​ជណ្តើរ​នៃ​សេចក្តី​ជំនឿ​របស់​ខ្លួន ៖

តើ​ខ្ញុំ​បាន​រលាស់​ចោល​នូវ​ការឆ្មើងឆ្មៃ​ហើយ​ឬ ?២៣

តើ​ខ្ញុំ​បាន​ទុក​កន្លែង​មួយ​ក្នុង​ចិត្ត​ខ្ញុំ​សម្រាប់​ព្រះបន្ទូល​នៃ​ព្រះ​ដែរ​ឬ​ទេ ?២៤

តើ​ខ្ញុំ​អនុញ្ញាត​ឲ្យ​សេចក្ដី​វេទនា​ទាំង​ឡាយ​របស់​ខ្ញុំ ក្លាយ​ទៅ​ជា​ផលប្រយោជន៍​ដល់​ខ្ញុំ​វិញ​ដែរ​ឬ​ទេ ?២៥

តើ​ខ្ញុំ​មាន​ឆន្ទៈ​ដាក់​ចិត្ត​ខ្ញុំឲ្យ​ស្របតាម​ព្រះហឫទ័យ​នៃ​ព្រះ​វរបិតា​ដែរ​ឬ​ទេ ?២៦

បើ​សិន​ជា​ខ្ញុំមាន​អារម្មណ៍​ចង់ច្រៀង​នូវ​ចម្រៀង​នៃ​សេចក្ដី​ស្រឡាញ់​ដែល​ប្រោស​លោះ តើ​ខ្ញុំ​អាចមាន​អារម្មណ៍បែប​នេះនៅ​ពេល​នេះដែរ​ឬទេ ?២៧

តើ​ខ្ញុំ​បាន​ទុក​ឲ្យ​ព្រះ​ឈ្នះ​នៅក្នុង​ជីវិត​ខ្ញុំ​ដែរ​ឬ​ទេ ?២៨

បើសិន​បងប្អូន​ឃើញ ផ្លូវ​បច្ចុប្បន្ន​របស់​បងប្អូន​កំពុង​ប្រឆាំងនឹង​សេចក្តី​ជំនឿ​របស់​បងប្អូន​លើ​ព្រះអង្គ​សង្គ្រោះ នោះ​សូម​រក​ផ្លូវ​ត្រឡប់​ទៅ​កាន់​ទ្រង់​វិញ ។ ភាព​តម្កើង​ឡើង​របស់​បងប្អូន និង​​​កូនចៅ​របស់​បងប្អូន​អាស្រ័យ​លើ​ចំណុច​នេះ ។

សូម​ឲ្យ​យើង​ដាំ​គ្រាប់​ពូជ​នៃ​សេចក្តីជំនឿ​កាន់តែ​ជ្រៅ​នៅក្នុង​ចិត្ត​របស់​យើង ។ សូម​ឲ្យ​យើង​បីបាច់​គ្រាប់​ពូជ​ទាំង​នេះ ពេល​យើង​ភ្ជាប់​ខ្លួន​យើង​ទៅ​នឹង​ព្រះអង្គ​សង្គ្រោះ តាមរយៈ​ការគោរព​សេចក្តីសញ្ញា ដែល​យើង​បាន​ចុះ​ជាមួយ​ទ្រង់ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕