សន្និសីទទូទៅ
ខ្ជាប់ខ្ជួន​នៅ​កណ្ដាល​ខ្យល់ព្យុះ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២២


ខ្ជាប់ខ្ជួន​នៅ​កណ្ដាល​ខ្យល់ព្យុះ

នៅពេលមាន​ខ្យល់ព្យុះ​ក្នុង​ជីវិត​កើតឡើង បងប្អូន​អាច​នៅ​ខ្ជាប់ខ្ជួន​បាន ដោយសារ​បងប្អូន​កំពុង​ឈរ​នៅលើ​សិលា​នៃ​សេចក្ដី​ជំនឿ​របស់​បងប្អូន​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

បង​ប្អូន​ប្រុស​ស្រី​ជាទី​ស្រឡាញ់ យើង​មាន​ពរជ័យ​នៅ​ថ្ងៃនេះ ដែល​បាន​ស្ដាប់​អ្នកបម្រើ​ដ៏បំផុស​គំនិត​របស់​ព្រះ​ផ្ដល់​ការទូន្មាន និង​ពាក្យ​លើក​ទឹកចិត្ត ។ ពួកយើង​ម្នាក់ៗ មិន​ថា​យើង​នៅ​ទីណា​នោះ​ទេ សូមដឹង​ថា យើង​កំពុងរស់នៅ​ក្នុង​គ្រាដែល​កាន់​តែ​លំបាកខ្លាំងឡើង ។ ការអធិស្ឋាន​របស់​ខ្ញុំ​គឺ​ថា សូម​ឲ្យ​ខ្ញុំ​អាច​​ជួយ​បងប្អូន​ឲ្យ​ឈរ​យ៉ាង​ខ្ជាប់ខ្ជួន​នៅ​កណ្ដាល​ខ្យល់ព្យុះ​ដែល​យើង​ជួប​ប្រទះ ដោយ​​ដួងចិត្តសុខសាន្ដ ។​

កន្លែង​ដែល​ត្រូវ​ចាប់ផ្ដើម​គឺ​ត្រូវ​ចាំ​ថា យើង​ម្នាក់ៗ​គឺជា​បុត្រ​សំណព្វ​របស់​ព្រះ ហើយ​ថា​ទ្រង់​មាន​អ្នកបម្រើ​ដ៏បំផុស​គំនិត​ជាច្រើន ។ អ្នកបម្រើ​របស់​ព្រះ​ទាំងនោះ​បាន​មើលឃើញ​ជំនាន់ ដែល​យើង​កំពុង​រស់នៅ​នេះ ។ សាវក​ប៉ុល​បាន​សរសេរ​ទៅកាន់​ធីម៉ូថេ​ថា « ចូរ​ឲ្យ​ដឹង​ថា នៅ​ជាន់​ក្រោយ​បង្អស់ នឹង​មាន​គ្រា​លំបាក​ណាស់ » ។

គ្រប់​គ្នា​មាន​កែវភ្នែក​បាន​ឃើញ​ទីសម្គាល់​ក្នុង​សម័យ​នេះ ហើយ​មាន​ត្រចៀក​សម្រាប់​ស្តាប់​ប្រសាសន៍​របស់​ព្យាការី ដឹង​ថា​វា​គឺជា​ការពិត ។ ការលំបាក​នៃ​គ្រោះថ្នាក់​ដ៏ធំ​បំផុត​កើតមាន​ដល់​យើង ដោយសារ​កម្លាំង​នៃ​អំពើ​ទុច្ចរិត ។ កម្លាំង​ទាំងនោះ​កំពុង​តែ​កើនឡើង ។ វា​មិន​ងាយស្រួល​ឡើយ ប៉ុន្តែវា​​កាន់តែ​ពិបាកខ្លាំងឡើង ហើយដើម្បីគោរព​ដល់​សេចក្ដីសញ្ញា ​យើង​ត្រូវតែ​ចុះ និង​រក្សាដើម្បី​រស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

សម្រាប់​យើងទាំងអស់គ្នា​ណា​ដែល​ព្រួយ​បារម្ភចំពោះ​ខ្លួនឯង និងចំពោះ​មនុស្ស​ដែល​យើង​ស្រឡាញ់ នោះ​មាន​សេចក្ដី​សង្ឃឹម​នៅក្នុង​ការសន្យា​ដែល​ព្រះ​បាន​ប្រទាន​មក អំពី​កន្លែង​ដែល​មាន​សុវត្ថិភាព​នៅកណ្ដាល​ខ្យល់ព្យុះ​ខាងមុខ​នេះ ។

នេះ​គឺជា​ការពិពណ៌នា​អំពី​រូបភាព​នៃ​ទីកន្លែង​នោះ ។ វា​ត្រូវបាន​រៀបរាប់​ដោយ​ព្យាការី​ដែល​នៅរស់​ម្ដងហើយ​ម្ដង​ទៀត ។ ជា​គំរូដូច​ដែល​បានកត់ត្រា​នៅ​ក្នុង​ព្រះគម្ពីរ​មរមន ឪពុក​ដ៏​បំផុស​គំនិត និង​ប្រកប​ដោយ​សេចក្តីស្រឡាញ់​បាន​ប្រាប់​ដល់​កូនប្រុស​ទាំងឡាយ​របស់​លោក​ពី​របៀប​ដើម្បី​ពង្រឹង​ខ្លួនពួក​គេ​ឲ្យ​ឈរ​ដោយ​ខ្ជាប់ខ្ជួន​នៅ​ក្នុង​ព្យុះ​ភ្លៀង​នៅ​ពី​មុខ​ពួកគេ​ថា ៖​« ហើយ​ឥឡូវ​នេះ ឱ​កូនប្រុស​ទាំងឡាយ​របស់​ឪពុក​អើយ ចូរ​ចង​ចាំ​ចុះ ចូរ​ចង​ចាំ​ចុះ​ថា គឺ​នៅ​លើ​សិលា​នៃ​ព្រះ​ដ៏​ប្រោស​លោះ​នៃ​យើង គឺ​ព្រះគ្រីស្ទ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ដែល​កូន​ត្រូវ​សង់​គ្រឹះ​របស់​កូន ដើម្បី​កាលណា​អារក្ស​បញ្ចេញ​ខ្យល់​ដ៏​ខ្លាំងក្លា​របស់​វា​មក មែន​ហើយ ព្រួញ​របស់​វា​នៅ​ក្នុង​ខ្យល់​កួច មែន​ហើយ កាល​ណា​ព្រិល និងខ្យល់​ព្យុះ​កំណាច​ទាំងអស់​របស់​វា​បោក​បក់​មក​លើ​កូន នោះ​វា​នឹង​គ្មាន​អំណាច​មក​លើ​កូន​ឡើយ ដើម្បី​ទាញ​កូន​ចុះ​ទៅ​ក្នុង​ជង្ហុក​នៃ​សេចក្ដីវេទនា និង​ទុក្ខលំបាក​ដ៏​មិន​ចេះចប់​មិន​ចេះ​ហើយ ពី​ព្រោះ​មក​ពី​សិលា​ដែល​កូន​បាន​សង់​នៅ​លើ​នោះ ដែល​ជា​គ្រឹះ​ដ៏​ខ្ជាប់ខ្ជួន​មួយ ជា​គ្រឹះ​មួយ​បើសិន​ណា​មនុស្ស​សង់​នៅ​លើ​នោះ នោះ​ពួកគេ​មិន​អាច​រលំ​បាន​ឡើយ » ។

សេចក្ដី​វេទនា និង​ទុក្ខ​លំបាក​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ដែល​លោក​បាន​ថ្លែង​នេះ គឺជា​ឥទ្ធិពល​ដ៏អាក្រក់​នៃ​អំពើបាប បើ​យើង​មិន​ប្រែចិត្ត​ពី​អំពើបាប​ឲ្យបាន​ពេញលេញ​ទេ​នោះ ។ ខ្យល់ព្យុះ​ដ៏កំណាច​គឺជា​ការល្បួង និង​ការកើនឡើង​នៃ​ការវាយ​ប្រហារ​របស់​សាតាំង ។ វា​មិន​ដែល​សំខាន់​ខ្លាំង​ដូចពេល​ឥឡូវ​នេះ​ទេ ដែល​ត្រូវ​យល់ពី​របៀប​សង់​លើ​គ្រឹះ​ដ៏រឹងមាំ​នោះ ។ សម្រាប់​ខ្ញុំ ពុំមាន​កន្លែង​ណា​ដែលប្រសើរ​ជាង​ទេសនកថា​ចុងក្រោយ​របស់​ស្ដេច​បេនយ៉ាមីន​នោះ​ទេ ដែល​បាន​កត់ត្រា​នៅក្នុង​ព្រះគម្ពីរ​មរមន​ផងដែរ ។

ព្រះបន្ទូល​ក្នុងនាមជា​ព្យាការី​របស់​ស្ដេច​បេនយ៉ាមីន​អនុវត្ត​បាន​ចំពោះ​ពួកយើង​នៅ​ជំនាន់​យើង​នេះ ។ ទ្រង់​ជ្រាបដោយសារ​ទ្រង់​បាន​ដក​ពិសោធន៍​ការរន្ធត់​នៃ​សង្គ្រាម​ផ្ទាល់​ព្រះអង្គ ។ ទ្រង់​បាន​ការពារ​ប្រជាជន​របស់​ទ្រង់​នៅក្នុង​ការប្រយុទ្ធ ដោយ​ពឹងផ្អែក​លើ​ព្រះចេស្តា​នៃ​ព្រះ ។ ទ្រង់​បាន​ទតឃើញ​យ៉ាងច្បាស់​នូវ​អំណាច​ដ៏​ព្រៃផ្សៃ​របស់​លូស៊ីហ្វើរ​ក្នុង​ការល្បួង​ដើម្បី ព្យាយាម​យក​ឈ្នះ និង​បំបាក់​ទឹកចិត្ត​កូនចៅ​របស់​ព្រះ ។

ទ្រង់​បាន​អញ្ជើញ​ប្រជាជន​របស់​ទ្រង់ និង​យើង​ឲ្យ​សង់​នៅលើ​សិលា​នៃ​សុវត្ថិភាព​ដ៏រឹងមាំ​តែមួយ​គត់ ពោល​គឺ​ព្រះអង្គ​សង្គ្រោះ ។ ទ្រង់​បាន​បញ្ជាក់​ច្បាស់​ថា យើង​មាន​សេរីភាព​ក្នុង​ការជ្រើសរើស​រវាង​ត្រូវ និង​ខុស ប៉ុន្ដែ​យើង​មិន​អាច​ចៀសវាង​ពី​លទ្ធផល​នៃ​ជម្រើស​របស់​យើង​បាន​ទេ ។ ទ្រង់​បាន​មាន​បន្ទូល​ចំៗ និង​មុតៗ ព្រោះ​ទ្រង់​បាន​ជ្រាប​ពី​ទុក្ខសោក​ដែល​នឹង​កើតឡើង​ដល់​អស់​អ្នក​ដែល​មិន​ស្ដាប់ និង​គោរព​តាម​ការព្រមាន​របស់​ទ្រង់ ។

នេះ​គឺជា​របៀប​ដែល​ទ្រង់​បាន​រៀបរាប់​ពី​លទ្ធផល​ដែល​កើតមាន​បន្ទាប់ពី​ជម្រើស​របស់​យើង មិន​ថា​ការធ្វើតាម​ការបំផុស​នៃ​ព្រះវិញ្ញាណ ឬ​ការធ្វើតាមសារ​អាក្រក់​ដែល​មកពី​សាតាំង ដែល​មាន​បំណង​ល្បួង និង​បំផ្លាញ​យើង​នោះទេ ៖

« ដ្បិត​មើល​ចុះ មាន​ការវេទនា​មួយ​ត្រូវបាន​ដាក់​ដល់​ជន​ណា ដែល​ចុះ​ឈ្មោះ​គោរព​តាម​វិញ្ញាណ [ អាក្រក់ ] នោះ ព្រោះ​បើសិនជា​ជន​នោះ​ចុះ​ឈ្មោះ​គោរព​តាម​វា​មែន ហើយ​នៅតែ​ស្ដាប់​បង្គាប់ ហើយ​ស្លាប់​ទៅ​នៅក្នុង​បាប​របស់​ខ្លួន ជន​នោះ​នឹង​ផឹក​នូវ​សេចក្ដី​ជាប់​ទោស​ដល់​ព្រលឹង​របស់​ខ្លួន ព្រោះ​ជន​នោះ​នឹង​ទទួលទោស​ដ៏​អស់កល្ប​ជានិច្ច​សម្រាប់​ជា​ឈ្នួល​ដល់​ខ្លួន ដោយ​បាន​រំលង​ក្រឹត្យវិន័យ​នៃ​ព្រះ ដែល​ផ្ទុយ​នឹង​ការចេះដឹង​របស់​ខ្លួន ។ …

« ហេតុ​ដូច្នេះ​ហើយ បើសិនជា​ជន​នោះ​ពុំ​ប្រែចិត្ត​ទេ ហើយ​នៅ​ដូច្នោះ​តទៅ ហើយ​ស្លាប់​ទៅជា​ខ្មាំងសត្រូវ​ដល់​ព្រះ​ដែរ នោះ​សេចក្ដី​ទាមទារ​នៃ​សេចក្ដី​យុត្តិធម៌​ដ៏​ឧត្ដុង្គឧត្ដម​នឹង​ដាស់​ព្រលឹង​អមត​របស់​ជន​នោះ​ឲ្យ​គេ​ស្គាល់​នូវ​ទោស​របស់​ខ្លួន ដែល​ធ្វើឲ្យ​គេ​រួញ​ពី​វត្តមាន​នៃ​ព្រះអម្ចាស់ ហើយ​ធ្វើឲ្យ​ទ្រូង​របស់​គេ​ពោរពេញ​ទៅ​ដោយ​ទោសកំហុស និង​ការឈឺចាប់ និង​ទុក្ខព្រួយ ដូចជា​ភ្លើង​មួយ​ដែល​ពន្លត់​មិន​បាន ឯ​អណ្ដាត​ភ្លើង​នឹង​សន្ធោសន្ធៅ​ឡើង​ជា​រៀង​ដរាប​តទៅ » ។

ស្ដេច​បេនយ៉ាមីន​បាន​បន្ដ​មាន​បន្ទូល ៖ « ឱ​អស់​អ្នក​ដែល​ចាស់ និង​អ្នក​ដែល​ក្មេង និង​អ្នក​ដែល​តូច​ផង ដែល​អាច​យល់​ពាក្យ​របស់​យើង​អើយ ដ្បិត​យើង​បាន​និយាយ​ដោយ​ច្បាស់លាស់​ទៅកាន់​អ្នក ដើម្បី​ឲ្យ​អ្នករាល់គ្នា​យល់ យើង​សូម​ឲ្យ​អ្នករាល់គ្នា​ភ្ញាក់ឡើង ដើម្បី​ចងចាំ​នូវ​ស្ថានការណ៍​ដ៏​គួរឲ្យ​ខ្លាច​នៃ​អស់​អ្នកណា ដែល​បាន​ធ្លាក់​ទៅក្នុង​ការរំលង​ច្បាប់ » ។

សម្រាប់​ខ្ញុំ អំណាច​នៃ​ការព្រមាន​ឲ្យ​ប្រែចិត្ត​នោះ​បង្កើត​បានជា​រូបភាព​ក្នុង​គំនិត​ខ្ញុំ​អំពី​ពេលវេលា​ដ៏ខ្ជាប់ខ្ជួន​មួយ ដែល​បងប្អូន និង​ខ្ញុំ​នឹង​ត្រូវ​ឈរ​ចំពោះ​ព្រះភក្រ្ដ​ព្រះអង្គ​សង្គ្រោះ បន្ទាប់ពី​ជីវិត​នេះ​ទៅ ។ ដោយ​អស់ពីដួងចិត្តរបស់យើង យើងគ្រប់គ្នា គឺ​មិន​ចង់ចុះញមឡើយ ប៉ុន្ដែ​ចង់​ងើយ​មុខ​ឡើង​មើល​ទៅកាន់ទ្រង់ ឃើញ​ទ្រង់​ញញឹម ហើយ​ស្ដាប់​ទ្រង់​មាន​បន្ទូល​ថា « ប្រពៃ​ហើយ បាវ​ល្អ​ស្មោះត្រង់​អើយ … ចូរ​ឲ្យឯង [ ចូល​មក ] » ។

ស្ដេច​បេនយ៉ាមីន​បញ្ជាក់​យ៉ាងច្បាស់ ពី​របៀប​ដែល​យើង​អាច​ទទួល​បាន​សេចក្ដី​សង្ឃឹម​ដើម្បី​បាន​ស្ដាប់​បន្ទូល​ទាំងនោះ បើ​យើង​រកឃើញ​ផ្លូវ​នោះ​នៅក្នុង​ជីវិត​នេះ ដើម្បី​ផ្លាស់ប្ដូរ​និស្ស័យ​ធម្មជាតិ​របស់​យើង​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ នោះ​គឺជា​ផ្លូវ​តែមួយ​គត់​ដែល​យើង​អាច​សង់​នៅលើ​គ្រឹះ​ដ៏រឹងមាំ​នេះ​បាន ហើយ​បន្ដ​ឈរ​យ៉ាង​ខ្ជាប់ខ្ជួន​នៅ​ក្នុង​ពេល​មាន​ខ្យល់ព្យុះ​នៃ​ការល្បួង និង​ការសាកល្បង​នាពេល​ខាងមុខ ។ ស្ដេច​បេនយ៉ាមីន​ពិពណ៌នា​ពី​ការផ្លាស់ប្ដូរ​និស្ស័យ​ធម្មជាតិ​របស់​យើង​នោះ ដោយ​ប្រើ​ការប្រៀបធៀប​ដ៏​ល្អ​មួយដែល​តែងតែ​ប៉ះ​ដល់​ដួងចិត្ត​ខ្ញុំ​ជានិច្ច ។ វា​ត្រូវបាន​ប្រើ​ដោយ​ព្យាការី​សម្រាប់​សហស្សវត្សរ៍ និង​ដោយ​ព្រះអម្ចាស់​ទ្រង់​ផ្ទាល់ ។ ការប្រៀបធៀប​នេះ​គឺ ៖ យើង​ត្រូវតែ​ក្លាយ​ដូចជា​កូនក្មេង—ជា​កូនក្មេង​តូច​ម្នាក់ ។

សម្រាប់​មនុស្ស​មួយ​ចំនួន ការណ៍​នោះ​នឹង​មិន​ងាយ​ទទួល​យក​បាន​ទេ ។ ពួកយើង​ភាគច្រើន​ចង់​រឹងមាំ ។ យើង​អាច​មើលឃើញ​ថា ការធ្វើ​ដូចជា​កូនក្មេង​គឺជា​ភាពទន់ខ្សោយ ។ ឪពុក​ម្ដាយ​ភាគច្រើន​ទន្ទឹងរង់ចាំ​ថ្ងៃ​មួយ ដែល​កូនៗ​របស់​ពួកគេ​លែង​ប្រព្រឹត្ត​រឿងល្ងង់មិនដឹងអ្វី​​ដូច​ក្មេង​ទៀត ។ ប៉ុន្ដែ​ស្ដេច​បេនយ៉ាមីន និង​មនុស្ស​រមែង​ស្លាប់​ផ្សេងទៀត ដែល​បាន​យល់​ច្បាស់​ពី​អត្ថន័យ​នៃ​ការធ្វើជា​មនុស្ស​រឹងមាំ និង​មាន​សេចក្ដី​ក្លាហាន បាន​បញ្ជាក់​យ៉ាងច្បាស់​ថា ការក្លាយ​ដូចជា​កូនក្មេង​មិនមែន​ជា​ការប្រព្រឹត្ត​រឿង​ល្ងង់​មិន​ដឹងអ្វី​ដូច​ក្មេង​នោះ​ទេ ។ វា​គឺជា​ការក្លាយ​ដូចជា​ព្រះអង្គ​សង្គ្រោះ ដែល​បាន​អធិស្ឋាន​ទៅ​ព្រះវរបិតា​របស់​ទ្រង់​សូម​កម្លាំង​ដើម្បី​អាច​ធ្វើតាម​ព្រះទ័យ​របស់​ព្រះវរបិតា​ទ្រង់ ហើយ​ធួន​សម្រាប់​អំពើបាប​របស់​កូនចៅ​ទាំងអស់​របស់​ព្រះវរបិតា​ទ្រង់ រួចហើយ​បាន​ធ្វើ​សម្រេចតាមនោះ ។ និស្ស័យ​ធម្មជាតិ​របស់​យើង​ត្រូវតែ​ផ្លាស់ប្ដូរ ដើម្បី​ក្លាយ​ដូចជា​កូនក្មេង ដើម្បី​ទទួល​បាន​កម្លាំង​ដែល​យើង​ត្រូវការ ដើម្បី​បន្ដ​ឈរ​យ៉ាង​ខ្ជាប់ខ្ជួន និង​មាន​សេចក្ដី​សុខសាន្ដ​នៅគ្រា​ដ៏លំបាក​ខ្លាំង ។

នេះ​គឺជា​ការពិពណ៌នា​ដ៏​រំជួល​ចិត្ត​របស់​ស្ដេច​បេនយ៉ាមីន អំពី​របៀប​ដែល​ការផ្លាស់ប្ដូរ​នោះ​កើតមាន ៖ « ព្រោះ​មនុស្ស​ខាង​សាច់ឈាម​ជា​សត្រូវ​ដល់​ព្រះ ហើយ​មាន​មក​តាំងពី​ការធ្លាក់​នៃ​លោក​អ័ដាម​ម្ល៉េះ ហើយ​នឹង​នៅ​យ៉ាងនេះ​ជារៀង​ដរាប​តទៅ លើកលែងតែ​គេ​ព្រម​ធ្វើតាម​សេចក្ដី​ទូន្មាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​សម្រាត​ភាព​ខាង​សាច់ឈាម​ចេញ ហើយ​ក្លាយ​ទៅជា​អ្នកបរិសុទ្ធ​វិញ តាមរយៈ​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ​ដ៏ជា​ព្រះអម្ចាស់ ហើយ​ក្លាយ​ទៅ​ដូចជា​កូនក្មេង ងាយ​ប្រដៅ ស្លូតបូត ទាប​រាបសា អត់ឱន ពោរពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ ព្រម​ទទួល​នូវ​អ្វីៗ​ទាំងអស់ ដែល​ព្រះអម្ចាស់​ទ្រង់​ទត​ឃើញ​ថា​ល្អ ដូចជា​កូនក្មេង​ព្រម​ធ្វើតាម​ឪពុក​ខ្លួន​ដូច្នោះ » ។

យើង​ទទួល​បាន​ការផ្លាស់ប្ដូរ​នោះ នៅពេល​យើង​ចុះ និង​រំឭក​សេចក្ដីសញ្ញា​ជាមួយ​ព្រះ ។ ការណ៍​នោះ​នាំឲ្យ​មាន​អំណាច​នៃ​ដង្វាយធួន​របស់​ព្រះគ្រីស្ទ ដើម្បី​អនុញ្ញាត​ឲ្យ​មាន​ការផ្លាស់ប្ដូរ​នៅក្នុង​ដួងចិត្ត​យើង ។ យើង​អាច​មាន​អារម្មណ៍​នោះ រាល់ពេល​ដែល​យើង​ទទួលទាន​សាក្រាម៉ង់ ធ្វើ​ពិធីបរិសុទ្ធ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​បុព្វការីជន​ដែល​បាន​ចែកឋាន​ទៅ ថ្លែង​ទីបន្ទាល់​ជា​សាក្សី​អំពី​ព្រះអង្គ​សង្គ្រោះ ឬ​ថែទាំ​ដល់​មនុស្ស​ដែល​ខ្វះខាត​ក្នុងនាមជា​សិស្ស​របស់​ព្រះគ្រីស្ទ ។

នៅក្នុង​បទពិសោធន៍​ទាំងនោះ យើង​នឹង​ក្លាយ​ដូចជា​កូនក្មេង ដែល​មាន​សមត្ថភាព​ដើម្បី​ស្រឡាញ់ និង​ប្រតិបត្តិ​តាម ។ យើង​បន្ដ​ឈរ​នៅលើ​គ្រឹះ​ដ៏រឹងមាំ​នេះ ។ សេចក្ដី​ជំនឿ​របស់​យើង​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​នាំ​ឲ្យ​យើង​មាន​ការប្រែចិត្ត និង​កាន់តាម​បទបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ។ យើង​គោរព​តាម ហើយ​យើង​នឹង​ទទួល​បាន​អំណាច​ដើម្បី​ទប់ទល់​នឹង​ការល្បួង ហើយ​យើង​ទទួល​បាន​ភាពជា​ដៃគូ​នៃ​ព្រះវិញ្ញណ​បរិសុទ្ធ​ដូច​ដែល​បាន​សន្យា ។

និស្ស័យ​ធម្មជាតិ​របស់​យើង​ផ្លាស់ប្ដូរ​ដើម្បី​ក្លាយ​ដូចជា​កូនក្មេង​តូច​ម្នាក់ ដែល​គោរព​ប្រតិបត្តិ​តាម​ព្រះ និង​មាន​សេចក្ដី​ស្រឡាញ់​កាន់តែ​ខ្លាំង​ឡើង ។ ការផ្លាស់ប្ដូរ​នោះ​នឹង​ធ្វើឲ្យ​យើង​ស័ក្ដិសម​ដើម្បី​រីករាយ​នឹង​អំណោយទាន ដែល​កើតមាន​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ការមាន​ភាពជា​ដៃគូ​នៃ​ព្រះវិញ្ញាណ​នឹង​លួងលោម ដឹកនាំ និង​ពង្រឹង​យើង ។

ខ្ញុំ​បាន​ដឹង​ពី​អត្ថន័យ​មួយ​ចំនួនពី​​អ្វី​ដែល​ស្ដេច​បេនយ៉ាមីន​បាន​ប្រាប់ ពេល​ទ្រង់​មាន​បន្ទូល​ថា យើង​អាច​ក្លាយ​ដូចជា​កូនក្មេង​តូច​ម្នាក់​នៅ​ចំពោះ​ព្រះភក្រ្ដ​ព្រះ ។ ខ្ញុំ​បាន​រៀន​តាមរយៈ​បទពិសោធន៍​ជា​ច្រើន​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​បន្ទូល​ញឹកញាប់​បំផុត​ក្នុង​សំឡេង​ដ៏ស្ងប់ស្ងាត់ ស្ដាប់​បាន​ឮ​បំផុត​ពេល​ដួងចិត្ត​របស់​យើង​ស្លូតបូត និង​ងាយ​ប្រដៅ គឺ​ដូច​ជា​ដួងចិត្ត​របស់​កូនក្មេង​ដែរ ។ តាម​ពិត ការអធិស្ឋាន​ដែល​មាន​ប្រសិទ្ធភាព​គឺ « ខ្ញុំ​ចង់​បាន​ស្រប​តាម​អ្វី​ដែល​ទ្រង់​សព្វព្រះទ័យ។ សូម​គ្រាន់​តែ​ប្រាប់​ខ្ញុំ​ថា​នោះជា​អ្វី ។ ខ្ញុំ​នឹង​ធ្វើ​វា !

នៅពេលមាន​ខ្យល់ព្យុះ​ក្នុង​ជីវិត​កើតឡើង បងប្អូន​អាច​នៅ​ខ្ជាប់ខ្ជួន​បាន ដោយសារ​បងប្អូន​កំពុង​ឈរ​នៅលើ​សិលា​នៃ​សេចក្ដី​ជំនឿ​របស់​បងប្អូន​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ សេចក្ដី​ជំនឿ​នោះ​នឹង​ដឹកនាំ​បងប្អូន​ឲ្យ​ប្រែចិត្ត​ជារៀង​រាល់​ថ្ងៃ ហើយ​ខ្ជាប់ខ្ជួន​ក្នុង​ការរក្សា​សេចក្ដី​សញ្ញា ។ បន្ទាប់មក បងប្អូន​នឹង​ចងចាំ​ទ្រង់​ជានិច្ច ។ ហើយ​ពេល​បងប្អូន​ឆ្លងកាត់​ខ្យល់ព្យុះ​នៃ​សេចក្តីស្អប់ និង​អំពើ​ទុច្ចរិត នោះ​បងប្អូន​នឹង​មាន​អារម្មណ៍​នឹងនរ និង​ពេញ​ដោយ​ក្ដីសង្ឃឹម ។

លើសពី​នេះ បងប្អូន​នឹង​ឃើញ​ថា​ខ្លួនឯង​កំពុង​ជួយ​លើកស្ទួយ​អ្នកដទៃ ឲ្យ​ទៅ​ទីសុវត្ថិភាព​នៅលើ​សិលា​នោះ​ជាមួយ​បងប្អូន​ដែរ ។ សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​តែងតែ​ដឹកនាំ​ទៅរក​ក្ដីសង្ឃឹម​ដ៏ធំ និង​អារម្មណ៍​នៃ​សេចក្ដី​សប្បុរស​ទៅកាន់​អ្នកដទៃ​ជានិច្ច ដែល​ជា​សេចក្ដី​ស្រឡាញ់​ដ៏ពិត​ប្រាកដ​នៃ​ព្រះគ្រីស្ទ ។

ខ្ញុំ​សូម​ថ្លែងជា​សាក្សី​ដ៏មុតមាំ​របស់​ខ្ញុំ​ដល់​បងប្អូន​ថា ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រទាន​ដល់បងប្អូន​នូវ​ការអញ្ជើញ​ឲ្យ « ចូរ​មក​ឯ​ខ្ញុំ » ។ ទ្រង់​អញ្ជើញ​បងប្អូន ដោយ​សេចក្ដី​ស្រឡាញ់​ចំពោះ​បងប្អូន និង​មនុស្ស​ដែល​បងប្អូន​ស្រឡាញ់ ឲ្យ​មករក​ទ្រង់​ដើម្បី​បាននូវសេចក្ដី​សុខសាន្ត​នៅក្នុង​ជីវិត​នេះ និង​ជីវិត​អស់កល្ប​នៅក្នុង​លោក​ខាងមុខ ។ ទ្រង់​ញាណដឹង​យ៉ាង​ឥតខ្ចោះ​ពី​ខ្យល់ព្យុះ ដែល​បងប្អូន​នឹង​ជួប​ប្រទះ​នៅក្នុង​ការសាកល្បង​របស់​បងប្អូន ដែល​ជា​ផ្នែក​មួយ​នៃ​ផែនការ​នៃ​សុភមង្គល ។

ខ្ញុំ​សូម​អង្វរ​បងប្អូន​ឲ្យ​ទទួល​យក​ការអញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ ។ ដូចជាកូន​ក្មេង​ដ៏ស្លូតបូត និង​ពេញ​ដោយ​ក្ដីស្រឡាញ់ សូម​ទទួល​យក​ជំនួយ​របស់​ទ្រង់ ។ សូម​ចុះ និង​រក្សា​សេចក្ដីសញ្ញា​ដែល​ទ្រង់​ប្រទាន​មក​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ សេចក្ដីសញ្ញា​ទាំងនោះ​នឹង​ពង្រឹង​បងប្អូន ។ ព្រះអង្គ​សង្គ្រោះ​ញាណដឹង​ពី​ខ្យល់ព្យុះ និង​កន្លែង​ដែល​មាន​សុវតិ្ថភាព​នៅលើ​ផ្លូវ​ទៅ​ផ្ទះ​ ទៅរក​ទ្រង់ និង​ព្រះវរបិតាសួគ៌​យើង​វិញ ។ ទ្រង់​ស្គាល់​ផ្លូវ​នោះ ។ ទ្រង់​គឺជា​ផ្លូវ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដូច្នោះ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕