២០១៥
ភាពក្លាហាន​ដើម្បី​រៀបការ
មករា 2015


ភាពក្លាហានដើម្បីរៀបការ

អ្នកនិពន្ធ​រស់នៅ​ទីក្រុង ស្តុកខុល ប្រទេស​ស៊ុយអែត ។

ខ្ញុំ​បាន​រៀន​ប្រើ​សិទ្ធិជ្រើសរើស​របស់​ខ្ញុំ​ដើម្បី​ធ្វើ​សកម្មភាព​ជា​ជាង​ទទួល​រងនូវ​អំពើ កាល​ខ្ញុំ​បាន​ធ្វើ​ការសម្រេចចិត្ត​ដ៏​សំខាន់​បំផុត​នៅ​ក្នុង​ជីវិត​ខ្ញុំ ។

រូបភាព
Two fingers together depicting a bride and groom, photographed against a red background Hands with faces drawn on the fingers and hearts hovering above.

ខាង​ឆ្វេង ៖ រចនា​រូបថត​ដោយ ហ្គាលីណា ប៉េស្សកូវ៉ា ខាងស្ដាំ ៖ រចនា​រូបថត​ដោយ Olena Kyrian/iStock/Thinkstock

នៅ​ពេល​ខ្ញុំ​បាន​បញ្ចប់​បេសកកម្ម ហើយ​ត្រឡប់​ទៅ​ប្រទេស​កំណើត​ខ្ញុំ​នៅ​ស៊ុយអែត​វិញ ខ្ញុំ​មាន​ចិត្តរសប់រសល់​ស្មុគស្មាញ​អស់រយៈពេល​យ៉ាងយូរ​ជាមួយ​នឹង​ជំហាន​បន្ទាប់​ទៀត​ក្នុង​ជីវិត​ខ្ញុំ — អាពាហ៍ពិពាហ៍​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ព្រះវិញ្ញាណ​បាន​បញ្ជាក់​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​ត្រូវតែ​ចាប់ផ្ដើម​គ្រួសារ​ខ្ញុំ​ដើម្បី​ក្លាយ​ទៅ​ជា​មនុស្ស​ដែល​ខ្ញុំ​ត្រូវ​ប្រែក្លាយ ។ ខ្ញុំ​បាន​ផ្ដោតយក​ចិត្តទុកដាក់​យ៉ាង​ខ្លាំង​ថា តើ​រឿង​នេះ​គឺជា​ការ​សម្រេចចិត្ត​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​យ៉ាងដូចម្ដេច​ទៅ ទោះជា​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​បានរកឃើញ​ដៃគូ​ដ៏​អស់កល្ប ហើយ​ថា​ព្រះអម្ចាស់​បាន​អនុញ្ញាត ចំពោះ​ការជ្រើសរើស​របស់​ខ្ញុំ​ក៏​ដោយ សេចក្ដី​ជំនឿ​របស់​ខ្ញុំ​នៅតែមាន​ភាពស្ទាក់ស្ទើរ ។ មិត្តស្រី​របស់​ខ្ញុំ​ឈ្មោះ អេវីលីណា និង​ខ្ញុំ​បាន​រើស​ពេល​សម្រាប់​ការ​ផ្សារ​ភ្ជាប់​របស់​យើង​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ បាន​កក់​កន្លែង​សម្រាប់​រាត្រីក្រេបទឹកឃ្មុំ ហើយ​បាន​ទិញ​ចិញ្ចៀន​ភ្ជាប់​ពាក្យ​ពីមុន​យើង​ភ្ជាប់ពាក្យ​ទៅ​ទៀត — រឿង​ទាំងអស់នេះ​កើត​ឡើង ដោយសារ​ខ្ញុំ​ខ្លាច​ក្នុង​ការ​តាំងចិត្ត​ដើម្បី​រៀបការ ។ ខ្ញុំ​ចង់​ឲ្យ​ព្រះវរបិតាសួគ៌បង្គាប់ដល់​ខ្ញុំ​ឲ្យ​រៀបការ​នឹង អេវីលីណា ដោយសារ​ខ្ញុំ​ខ្លាច​ក្នុង​ការទទួលខុសត្រូវ​ចំពោះ​ការ​សម្រេចចិត្ត​នោះ ក្នុង​ករណី​ដែល​អាពាហ៍ពិពាហ៍​របស់​យើង​អាច​ត្រូវ​បាន​បញ្ចប់ ។ ការ​ភ័យខ្លាច និង ការអធិស្ឋាន​ខុស​បានធ្វើ​ឲ្យ​ខ្ញុំគាំងតក់ស្លុត​ចំពោះ​ការសម្រេច​ចិត្ត​ដ៏​សំខាន់​ដែលនៅតែគ្របបាំងលើ​ខ្ញុំ ។

សិទ្ធិជ្រើសរើស — របៀប​របស់​ព្រះអម្ចាស់

នៅទីបំផុត ការ​បំផុសគំនិត​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ធ្វើ​ឲ្យ​មានការ​ផ្លាស់ប្ដូរគំនិត កាល​ខ្ញុំ​បើក​អាន​នៅ​​ក្នុង​គោលលទ្ធិ និង សេចក្ដីសញ្ញា 58:26–29៖ « ត្បិត​មើល​ចុះ មិនសម​ឲ្យ​យើង​ត្រូវបញ្ជា​នូវ​គ្រប់​អ្វីៗ​ទាំងអស់​ទេ ត្បិត​អ្នកណា​ដែល​ត្រូវ​គេ​បង្ខំ​នូវ​គ្រប់​អ្វីៗ​ទាំងអស់ អ្នក​នោះ​មាន​ឈ្មោះ​ថា ជា​បាវ​ [ខ្ជិលច្រអូស ] ។ …

« … មនុស្ស​លោក​ត្រូវ​ឧស្សាហ៍​ចូលរួម​ក្នុង​ប្រយោជន៍​ល្អ ហើយ​ប្រព្រឹត្ត​អ្វីៗ​ជាច្រើន​តាម​បំណង​ចិត្ត ហើយ​នាំមក​នូវ​សេចក្ដី​សុចរិត​ដ៏​ច្រើន

« ត្បិតអំណាច​គឺមាន​នៅ​ក្នុង​ខ្លួន​គេ ម៉្លោះហើយ ពួកគេ​ជា​ភ្នាក់ងារ​ចំពោះ​ខ្លួន​ផ្ទាល់ ។ …

« ប៉ុន្តែ​អ្នក​ណា​ដែល​មិន​ប្រព្រឹត្ត​អ្វី​សោះ​ឡើយ ទាល់តែ​អ្នក​នោះ​ត្រូវបាន​បញ្ជា ហើយ​ទទួល​បញ្ញត្តិ​នោះ​ដោយ​ចិត្ត​សង្ស័យ ហើយ​កាន់​តាម​ដោយ​ចិត្ត​ខ្ជិលច្រអូស អ្នក​នោះ​ឈ្មោះ​ថា​ជាប់​ទោស​ហើយ » ។

កាល​ខ្ញុំ​រិះគិត​ពី​បទគម្ពីរ​ទាំងនេះ ខ្ញុំ​ទទួលបាន​នូវការ​យល់ដឹង​ពី​តួនាទី​នៃ​សិទ្ធិជ្រើសរើស​នៅ​ក្នុង​ផែនការ​នៃ​ព្រះ​វរបិតាសួគ៌​យើង ដែល​បាន​ផ្លាស់ប្ដូរ​ការគិត​របស់​ខ្ញុំ ហើយ​ផ្ដល់​ឲ្យ​ខ្ញុំ​នូវ​ភាព​ក្លាហាន​ដើម្បី​ឆ្ពោះ​ទៅ​មុខ ។​ អែលឌើរ រីឆាដ ជី ស្កត ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ថា ប្រសិន​បើ​យើង​ទទួលបាន​ការ​ដឹកនាំ​ដ៏​បំផុសគំនិត​ដោយ​គ្មាន​ការខិតខំ​ផ្ទាល់ខ្លួន​របស់​យើង​ទេ​នោះ យើង​នឹង​បាត់បង់​នូវ « ការរីកចម្រើន​ផ្ទាល់ខ្លួន​ដ៏​ចាំបាច់ » ដែល​កើត​មាន « កាល [ យើង ] មាន​ការពិបាក​ដើម្បី​រៀន​ពី​របៀប​ទទួល​បាន​ការដឹកនាំ​ពី​ព្រះវិញ្ញាណ » ។1

អំណាច​ដើម្បី​ឆ្ពោះ​ទៅ​មុខ

ក្រោយមក ខ្ញុំ​បាន​តាំងចិត្ត​អនុវត្ត​សេចក្ដី​ជំនឿ​ខ្ញុំ ហើយ​ធ្វើ​ការ​សម្រេចចិត្ត​មួយ ហើយ​ព្រះអម្ចាស់​បាន​ប្រទាន​ពរ​ខ្ញុំ​ជាមួយ​នឹង​ភាពជឿជាក់​លើ​សមត្ថភាព​ខ្ញុំ​ដើម្បី​សម្រេចចិត្ត ។ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​គួរតែ « ធ្វើ​រឿងឲ្យ​បាន​ច្រើន ។ … ហើយ​ធ្វើ​អ្វីៗជាច្រើន​តាម​បំណងចិត្ត​ [ របស់​ខ្ញុំ ] » — រួមបញ្ចូល​ទាំងការ​ភ្ជាប់​ពាក្យ​ដែរ ។ ព្រះអម្ចាស់​លើក​ទឹកចិត្ត​យើង​ឲ្យ​ប្រើ​អំណាច​របស់​យើង​ជា​ភ្នាក់ងារ​ដើម្បី​គ្រប់គ្រង​ខ្លួន​យើង ។ ការ​ប្រើ​អំណាច​នេះ​គឺជា​កត្តា​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ជីវិត​របស់​យើង ។

ខ្ញុំ​ជឿ​ថា ព្រះអម្ចាស់​មាន​ព្រះទ័យ​ចង់​ឃើញ​យើង​អនុវត្ត​សិទ្ធិជ្រើសរើស​របស់​យើង​ជាងការ​ឃើញ​យើង​ធ្វើ​ការ​សម្រេចចិត្ត​ដ៏​ល្អ​ឥតខ្ចោះ​ជានិច្ច​នោះ ។ ប៉ុន្តែ​ទ្រង់​បាន​ប្រទាន​ឲ្យ​យើង​នូវ​មធ្យោបាយ​ចាំបាច់​ដើម្បី​ធ្វើ​ការសម្រេចចិត្ត​ត្រឹមត្រូវ ជា​ពិសេស​នៅ​ពេល​ត្រូវសម្រេចចិត្ត​រៀបការ​នឹង​នរណា​ម្នាក់​នោះ ។ ដូច​ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( 1895–1985 ) បាន​បង្រៀន​ថា « អារម្មណ៍​មិន​ត្រូវ​កំណត់​នូវ​ការសម្រេចចិត្តទាំងស្រុងនោះ​ទេ ប៉ុន្តែ​គំនិត និង ដួងចិត្ត​វិញ​ទេ​តើ ដែល​បាន​ពង្រឹង​ដោយ​ការតមអាហារ ការអធិស្ឋាន និង ការ​គិតពិចារណា​ដ៏​ហ្មត់ចត់ ដែល​នឹង​ផ្ដល់​ឱកាស​មួយ​ដ៏​ល្អ​បំផុត​សម្រាប់​សុភមង្គល​ក្នុង​អាពាហ៍ពិពាហ៍ ។ វា​នាំ​មក​ជាមួយ​នូវ​ការលះបង់ ការ​ចែករំលែក និង ទាមទារ​ឲ្យ​មាន​ការមិនខ្វាយខ្វល់​ពី​ខ្លួន​ឯង » ។2

យើង​ក៏​មាន​នូវ​ការណែនាំ​ក្នុង​បទគម្ពីរ​អំពី​របៀប​ទទួលបាន​ការ​បញ្ជាក់​ខាង​វិញ្ញាណ​ផងដែរ ៖ « អ្នក​ត្រូវ​សិក្សា​ក្នុង​គំនិត​របស់​អ្នក រួចហើយ អ្នក​ត្រូវ​សូម​ដល់​យើង បើសិនជា​ត្រឹមត្រូវ នោះ​យើង​នឹង​បណ្ដាល​ឲ្យ​ទ្រូង​របស់​អ្នក​ខ្មួលខ្មាញ់​ខាង​ក្នុង ហេតុដូច្នោះ​ហើយ អ្នក​នឹង​មាន​អារម្មណ៍​ថា ការណ៍​នោះ​ត្រឹមត្រូវ ។

« ប៉ុន្តែ​បើសិនជាការណ៍​នោះ​មិន​ត្រឹមត្រូវ​វិញ នោះ​អ្នក​នឹង​ពុំ​មាន​អារម្មណ៍​យ៉ាង​ដូច្នោះ​ឡើយ ប៉ុន្តែ​អ្នក​នឹង​អាប់គំនិត » ( គ. និង ស. 9:8–9 ) ។ ប៉ុន្តែ ពុំ​មែន​យើង​ទាំងអស់គ្នា​សុទ្ធ​តែ​ទទួល​បាន​ភាពខ្មួលខ្មាញ់​នៅ​ក្នុង​ទ្រូង​របស់​យើង​ជា​ចម្លើយ នៃ​ការ​បញ្ជាក់​ខាង​វិញ្ញាណ​របស់​ព្រះអម្ចាស់​នោះ​ទេ ។ យើង​ម្នាក់ៗ​ត្រូវតែ​រៀន​ស្គាល់​ពី​របៀប​ជាក់លាក់​របស់​យើង​នៃ​ការទទួលបាន​ការ​បញ្ជាក់​ទាំងនេះ ។​3 ដោយ​ការធ្វើ​តាម​គំរូ​នេះ យើង​នឹង​ទទួលបាន​សេចក្ដី​ជំនឿ​ក្នុង​សមត្ថភាព​របស់​យើង​ដើម្បី​ធ្វើការ​ជ្រើសរើស ។

ព្រះវរបិតាសួគ៌​បាន​ជ្រាប​ពី​សេចក្ដី​ត្រូវការ​នៃ​ដួងចិត្ត ព្រលឹង និង គំនិត​របស់​ខ្ញុំ ។ ទ្រង់​បាន​ប្រទាន​សេចក្ដីពិត​ទាំងនេះ ដែល​ធ្វើ​ឲ្យ​អាកប្បកិរិយា ចិត្ត និង គំនិត​របស់​ខ្ញុំ​ផ្លាស់ប្តូរ​ទាំងស្រុង ។ អេលីវីណា និង ខ្ញុំ​បាន​រៀបការ ។ ឥឡូវនេះ រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ យើង​បាន​រីករាយ​នឹង​ជីវិត​គ្រួសារ​ដ៏​មាន​សុភមង្គល ហើយ​យើង​មាន​កូន​បី​នាក់​ដ៏​ស្រស់​ស្អាត ។ ខ្ញុំ​មាន​អំណរគុណ​ជា​ខ្លាំង​ចំពោះ​ព្រះអម្ចាស់​សម្រាប់​ទីបន្ទាល់​របស់​ខ្ញុំ​អំពី​សិទ្ធិជ្រើសរើស និង តួនាទី​របស់​វា​ក្នុង​ការ​ធ្វើកា​រសម្រេចចិត្ត​ដ៏​សំខាន់បំផុត​នៅ​ក្នុង​ជីវិត ។

កំណត់​ចំណាំ

  1. អែលឌើរ រីឆាត ជី ស្កត « To Acquire Spiritual Guidance » Liahona, ែ វិច្ឆិកា ឆ្នាំ 2009 ទំព័រ 7 ។

  2. ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល « Oneness in Marriage » Liahona, ខែ តុលា ឆ្នាំ 2002 ទំព័រ 36 ។

  3. សូម​មើល​ផងដែរ គោលលទ្ធិ និង សេចក្ដី​សញ្ញា 8:2–3