២០១៥
ដំឡូង​មួយ​ផ្លែ​សម្រាប់​អ្នក​គ្រូ
មករា 2015


ការបម្រើ​នៅ​ក្នុង​សាសនាចក្រ

ដំឡូង​មួយ​ផ្លែ​សម្រាប់​អ្នក​គ្រូ

អ្នកនិពន្ធ​​រស់​នៅ​ក្នុង​រដ្ឋយូថាហ៍ ស.រ.អា. ។

ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​មិន​ចាំបាច់​ធ្វើ​ការ​បម្រើ​ធំៗ​នៅ​គ្រប់​ពេល​នោះ​ទេ ។ សកម្មភាព​ដ៏​តូចតាច​មួយ​នៃ​សេចក្ដី​ស្រឡាញ់​ក៏​ជា​រឿង​ដ៏​ល្អ​ដែរ ។

រូបភាព
a red potato

រូបថតដោយ Feng Yu/iStock/Thinkstock

ក្នុង​នាម​ជា​គ្រូបង្រៀន​ថ្នាក់​មត្តេយ្យ​អស់ជាង 25 ឆ្នាំ ខ្ញុំ​បាន​ទទួល​របស់​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាច្រើន​ពី​សិស្ស​តូចៗ​របស់​ខ្ញុំ ។ សារខ្លី រូបគំនូរ និង វត្ថុតាមការ​ស្រមើស្រមៃ​គឺ​ជា​អំណោយ​ភាគ​ច្រើន​ដែល​ខ្ញុំ​បាន​ទទួល ។ ប៉ុន្តែ​កាល​ពី​ឆ្នាំ​មុន គឺជា​លើក​ទី​មួយ​ហើយ​ដែល​ខ្ញុំ​បាន​​ដំឡូង​មួយផ្លែ ។

មាន​កុមារី​ម្នាក់​ឈ្មោះ អិមម៉ា នាង​បាន​ដើរ​មក​តុ​ខ្ញុំ ហើយ​បាន​និយាយ​ដោយ​អង់អាច​ថា « ដំឡូង​មួយ​ផ្លែ​សម្រាប់​អ្នក​គ្រូ ដោយ​សារ​ខ្ញុំ​គ្មាន​ផ្លែប៉ោមជូន​អ្នក​គ្រូ​ទេ » ។ វា​គឺជា​ផ្លែ​ដំឡូង​ធំ​ល្មម ហើយ​ជូត​យ៉ាង​ស្អាតលើសដំឡូង​ឯទៀតៗ ។ ខ្ញុំ​បាន​អរគុណ​នាង ហើយ​ដាក់​វា​នៅ​លើ​តុ ។ ខ្ញុំ​បាន​ឃើញ​ភ្នែក​ធំៗ​ពណ៌​ខៀវ​របស់​អិមម៉ា ជះ​ពន្លឺ​ដោយ​មោទនភាព កាល​នាង​បាន​សម្លឹង​មើល​ដំឡូង​នោះ​ពេញ​មួយ​ថ្ងៃ ។

ក្រោយ​ពីថ្នាក់​រៀន​បាន​បញ្ចប់ កាលខ្ញុំ​ដើរ​ទៅ​តុ​របស់​ខ្ញុំ ខ្ញុំ​បាន​ឃើញ​ផ្លែ​ដំឡូង​នោះ​មាន​ទឹក​មុខ​ញញឹម​ដ៏​ទន់ភ្លន់ ។ កុមារ​មើល​ឃើញ​រឿង​នានា​ថា​ជា​រឿង​យ៉ាង​សាមញ្ញ ហើយ​ជាមួយ​នឹង​ផ្លែដំឡូង​នោះ អិមម៉ា បាន​បង្រៀន​ខ្ញុំ​ពី​រឿង​មួយ​ដ៏​សំខាន់ ។ ខ្ញុំ​បាន​ទុក​វា​នៅ​លើ​តុ​ខ្ញុំ​អស់រយៈ​ពេល​មួយ​សប្ដាហ៍ ដោយព្រោះតែ​វា​ជួយ​រំឭក​ដល់​ខ្ញុំ ។

ក្នុង​នាម​ជា​គ្រូ​បង្រៀន​សួរសុខទុក្ខ និង ជា​បង​ប្អូន​ស្ត្រីម្នាក់​ក្នុង​វួដ​ខ្ញុំ ខ្ញុំ​ចង់​បម្រើ​ដល់​អ្នកដទៃ ប៉ុន្តែ​ខ្ញុំ​តែង​រង់ចាំ « ឱកាស​បម្រើ​ធំៗ » ពីមុន​ខ្ញុំ​ចំណាយ​ពេល​ជួយ ។ ប្រសិនបើ​ខ្ញុំ​រវល់ ហើយ​មិន​អាច​ធ្វើ​ម្ហូប​បន្ថែម ឬ​ប្រសិនបើ​ខ្ញុំ​ចង់​ជូន​ផ្កា​ជា​អំណោយ​ពិសេស​មួយ ប៉ុន្តែ​មិន​អាច​ទៅ​ហាងផ្កា​បាន នោះ​ខ្ញុំ​បាន​បដិសេធ​នឹង​សំឡេង​តូចរហៀង​នៃ​ព្រះ​វិញ្ញាណ​ខ្សឹប​ប្រាប់​ថា​មាន​មនុស្ស​ម្នាក់​ដែល​ត្រូវការ​ការបម្រើ​របស់​ខ្ញុំ ។

ខ្ញុំ​បាន​តាំង​ចិត្ត​ថា « ខ្ញុំ​នឹង​ធ្វើ​រឿង​មួយ​នៅ​សប្ដាហ៍​នេះ ពេល​ខ្ញុំ​ទំនេរ » ។ « ថ្ងៃនេះ​គ្មាន​នរណា​ត្រូវការ​ខ្ញុំ​ទេ » ។

ចុះប្រសិនបើ​មាន​នរណា​ម្នាក់​ពិតជា​ត្រូវការ​ខ្ញុំ​វិញ​នោះ ? ចុះប្រសិនបើ​ខ្ញុំ​មិន​បាន​បដិសេធ​ការបំផុសគំនិត​ឲ្យ​ទៅ​លេង​នឹង​អ្នក​ជិត​ខាង​ដែល​មាន​វ័យចំណាស់​ម្នាក់ ឬ​ស្ត្រី​មេម៉ាយ​វ័យ​ក្មេង​ដែល​ទើបតែ បាត់បង់​ស្វាមីថ្មីៗ​វិញ​នោះ ?​ តើ​ខ្ញុំ​អាច​ជួយ ឬ​បម្រើ​បាន​ដែរ​ឬ​ទេ បើ​ទោះ​ជា​ខ្ញុំ​អាច​ផ្ដល់​ឲ្យ​បាន​តែ — « ដំឡូង​តូច​មួយ » ក្នុង​ពេល​នោះ​ក្ដី ?​

ខ្ញុំ​បាន​រៀន​នូវ​មេរៀន​ដ៏​អស្ចារ្យ​មួយ​ពី អិមម៉ា ថា​ខ្ញុំ​កំពុងតែខិតខំ​ទាំង​លំបាក​ដើម្បី​នឹង​អនុវត្ត​ទង្វើ​នោះ ។ ប្រសិនបើ​ខ្ញុំ​គ្មាន​ផ្លែ​ប៉ោម​ទេ​នោះ ខ្ញុំ​អាចឲ្យ​ជា​ដំឡូង​វិញ ហើយ​ខ្ញុំ​ត្រូវ​ធ្វើ​វា​ឥឡូវ​នេះ ។ ខ្ញុំ​មិន​ត្រូវចាំទាល់​តែធ្វើ​ម្ហូប ឬ​ធ្វើ​នំ​ក្រែម​ក្រូចឆ្មា ដែល​មាន​រសជាតិក្រូច​ដ៏​ពិសេស​របស់​ខ្ញុំ​នោះ​ទេ ខ្ញុំ​អាច​ទិញ​នំ​ឃុកគី​មួយ​ប្រអប់​ជំនួស​វិញ​ក៏​បាន ។ ខ្ញុំ​មិន​ចាំបាច់​ទៅ​ហាង​ទិញ​ផ្កា​ជាញឹកញាប់​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​អាច​ជួប​និយាយ​គ្នា​ក្នុង​ពេល​ខ្លី​មួយ​ដោយ​គ្មាន​ផ្កា​បាន ។ ការធ្វើ​ប័ណ្ណ​ជូនពរ​ដោយ​ខ្លួន​ឯង​ជា​ការ​ល្អ ប៉ុន្តែ​ការទូរសព្ទ​ទៅ​លេង​ក៏​ជា​ការល្អ​ផងដែរ ។ ខ្ញុំ​មិន​ចាំបាច់​មាន​កាយវិការ​នៃ​ការបម្រើ​ធំៗ​គ្រប់​ពេលវេលា​នោះ​ទេ ។ កាយវិការ​ដ៏​តូចតាច​មួយ​នៃ​សេចក្ដី​ស្រឡាញ់​ក៏​ជា​រឿង​ដ៏​ប្រពៃ​ដែរ ។

ឥឡូវនេះ ខ្ញុំ​យក​ផ្លែ​ដំឡូង​នោះ​មក​ផ្ទះ​ហើយ ប៉ុន្តែ​ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​មិន​ហូប​វា​ឡើយ ។ វា​ជួយ​រំឭក​ខ្ញុំ​គ្រប់​ពេល​ឲ្យ​បម្រើ កាល​ខ្ញុំ​បាន​ទទួល​ការបំផុសគំនិត ។ ឥឡូវនេះ ខ្ញុំ​ផ្ដល់​នូវ​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ជំនួស​ឲ្យ​ការរង់ចាំ​ដល់​ពេល​ក្រោយ ។ ដំឡូង​មួយ​ផ្លែ​សម្រាប់​អ្នក​គ្រូ ពិត​ជា​អំណោយ​ដ៏​វិសេសវិសាល​មែន ។