២០១៥
ហ្វូងសត្វ​អំពិលអំពែក
មករា 2015


ការ​ពិចារណា

ហ្វូងសត្វអំពិលអំពែក

អ្នកនិពន្ធ​​រស់​នៅ​រដ្ឋ ផ្លរីដា ស.រ.អា. ។

តើ​យើង​កំពុង​ផ្ដោត​លើ​រង្វាន់​ដ៏​នៅ​អស់កល្ប​ជានិច្ច — ឬ​អ្វី​មួយ​ផ្សេង​ទៀត​ដែរ​ឬ​ទេ ?

រូបភាព
Illustration of a fireflies in the night sky

រចនារូបភាព ដោយ ស៊ូប៉ានសា វ៉ង់វីរៈផាប

ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​បាន​ធ្វើការ​នៅ​តំបន់បុរាណ​វត្ថុ​វិទ្យា​មួយ ដែល​មាន​ឈ្មោះ​ថា អាគូអាតេកា ដែល​មាន​ទីតាំង​នៅ​ក្នុង​តំបន់​ដាច់​ស្រយាល​ដ៏​ស្រស់​ស្អាត​មួយ​របស់​ប្រទេស​ក្វាតេម៉ាឡា ដោយ​ត្រូវ​ធ្វើ​ដំណើរ​តាម​ទូក​ឆ្លង​កាត់​ទន្លេ​ប៉េតិចបាទុនដែលបត់បែន ។

មាន​ល្ងាច​មួយ ខ្ញុំ​បាន​ត្រឡប់​ទៅ​អាគូអាតេកា​វិញ​ជាមួយ​នឹង​ពួក​បុរាណ​វិទូ​មួយ​ចំនួន បន្ទាប់ពី​ចំណាយ​ពេល​ពេញ​មួយ​ថ្ងៃ​នៅ​តំបន់​ក្បែរ​នោះ ។ កាល​យើង​ធ្វើ​ដំណើរ​តាម​ទូក​ឆ្ពោះ​ទៅ​កាន់​ទន្លេ​នោះ ដោយ​មាន​ឮ​តែ​សំឡេង​ម៉ាស៊ីន និង សំឡេង​សត្វ​ល្អិត​យំ ខ្ញុំ​បាន​ទម្រេត​ខ្លួន​ទៅ​លើ​ទូក ដោយ​រីករាយ​នឹង​ការធ្វើ​ដំណើរ​ដ៏​សុខសាន្ត ហើយ​គ្មាន​ពន្លឺ​ព្រះចន្ទ ជា​យប់​ដែល​មាន​ផ្ទៃ​មេឃ​ស្រឡះ​ខុស​ពី​ធម្មតា ។ កាល​ទូក​ធ្វើ​ដំណើរ​តាម​ទន្លេ​នោះដែលមានផ្លូវ​បត់បែន ខ្ញុំ​បាន​ព្យាយាម​ផ្ដោត​អារម្មណ៍​ខ្ញុំ​មើល​តាម​ទិស​ផ្កាយ​រះ​នៅ​ភាគ​ខាង​ជើង ។ ពេល​ខ្លះ ផ្កាយ​រះ​នៅ​ភាគ​ខាង​ជើង​នោះ ត្រូវបាន​បិទបាំង​ដោយ​ស្រមោល​ដ៏​ខ្មៅ​ងងឹត​របស់​ដើមឈើ​ដែល​ដុះតម្រៀប​តាម​មាត់​ទន្លេ ប៉ុន្តែ​វា​តែង​លេច​មក​វិញ​ជានិច្ច ។

នៅ​ត្រង់​ផ្លូវ​បត់​មួយ​ក្នុង​ទន្លេ​នោះ ផ្កាយ​រះ​នៅ​ភាគ​ខាង​ជើង​នោះ​បាន​បាំង​ដោយ​ចុងឈើ​ជា​ថ្មី​ម្ដង​ទៀត ។ កាល​ទូក​បាន​បត់​ទៅ​ភាគ​ខាង​ត្បូង ភ្លាមនោះ​ខ្ញុំ​បាន​ឃើញ​វា​ម្ដង​ទៀត ដោយ​មាន​អារម្មណ៍​ដូចជា​ទាហាន​ជើងទឹក​កាល​ពី​សម័យ​មុន ហើយ​មាន​មោទនភាព​ពី​សមត្ថភាព​ខ្ញុំ​ក្នុង​ការ​ផ្ដោតអារម្មណ៍ ។ ប៉ុន្តែ​បន្ទាប់​ពី​មើល​វា​បាន​មួយ​នាទី ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​បាន​មើល​ច្រឡំ ៖ ខ្ញុំ​មិន​បាន​មើល​ឃើញ​ផ្កាយ​រះ​នៅ​ភាគ​ខាង​ជើង ឬ​ផ្កាយ​ណា​មួយ​នោះ​ទេ ។ ខ្ញុំ​កំពុង​មើល​សត្វ​អំពិលអំពែក ។

នៅ​ពេល​នោះ​ទើប​ខ្ញុំ​បាន​ដឹង​ថា « ផ្កាយ » ជាច្រើន​ដែល​នៅ​ខាង​លើ​ខ្ញុំ​នោះ​គឺ​ជា​ហ្វូង​សត្វអំពិលអំពែក ដែល​កំពុង​ហោះហើរ​សំកាំង​នៅ​លើ​វេហា​នា​យប់​ដ៏​សែនមនោរម្យ ។ រឿង​ដ៏​អស្ចារ្យ​គឺ​ថា ពន្លឺ​ភ្លឺចិញ្ចែងនៃ​ហ្វូងសត្វអំពិលអំពែក​ជា​ច្រើន​ស្ទើរ​តែ​ដូចគ្នា​នឹង​ពន្លឺផ្កាយ និងកញ្ចុំផ្កាយ​ដែល​មាន​ចម្ងាយ​ដ៏​វែង​ឆ្ងាយ​ដែរ ហើយ​ការ​ជិះទូក​បត់បែន​តាម​ទន្លេ​នោះ​ងាយ​នឹង​ធ្វើ​ឲ្យ​វត្ថុ​ទាំងពីរ​នេះ​ច្រឡំ​គ្នា​ណាស់ ។

« តើ​ខ្ញុំ​អាច​មើល​ច្រឡំ​សត្វអំពិលអំពែកដ៏​​តូច​មួយ​ក្បាល​ថា ជាផ្កាយមួយដ៏ធំបានយ៉ាង​​ដូចម្ដេច​ទៅ ? » ខ្ញុំ​មាន​ការងឿង​ឆ្ងល់ ។ ចម្លើយ​គឺ​ច្បាស់​ថា ៖ គឺ​វា​អាស្រ័យ​ទៅ​លើ​ទស្សនៈ ។ ពន្លឺ​ព្រិចៗ​នៃ​ហ្វូង​សត្វ​អំពិលអំពែក​ស្រដៀងគ្នា​ទៅ​នឹង​ពន្លឺផ្កាយ ដរាបណា​ហ្វូង​សត្វ​អំពិលអំពែក​ហើរ​ពី​លើ​ក្បាល​ខ្ញុំ​ពីរ​ទៅ​បី​ម៉ែត្រ រី​ឯ​ផ្កាយ​វិញ​មាន​ចម្ងាយ​ដ៏​ឆ្ងាយ ។ ចំពោះ​ទស្សនៈ​ខ្ញុំ វត្ថុ​ទាំង​ពីរ​នេះ​ស្ទើរតែ​ស្រដៀង​គ្នា​បេះ​បិទ ។

ដូច​ជា​ហ្វូង​សត្វ​អំពិលអំពែក​ដែរ ការល្បួង និង ការសាកល្បងហាក់ដូចជា​ធំ​ក្រៃ លែង ដោយសារ​វា​ស្ថិត​នៅ​ជិត​បង្កើយ ។ ដូចគ្នា​នេះ​ដែរ ពរជ័យ​ដែល​បាន​សន្យា​ប្រៀប​បាន​ទៅ​នឹង​ផ្កាយ​អាច​ត្រូវបាន​គេ​មើល​ឃើញ​ថា​នៅ​ដ៏​សែន​ឆ្ងាយ​អនេក ។

ការ​ខ្វះនូវ​ការមើលឃើញវែងឆ្ងាយ​ខាង​វិញ្ញាណ​របស់​យើង អាច​ទទួល​បាន​នូវ​លទ្ធផល​ជា​ច្រើន ។ កាលណារង្វាន់មើល​ទៅ​កាន់តែឆ្ងាយ យើង​ក៏ត្រូវ​បានល្បួងកាន់តែច្រើន​ឲ្យគិត​ថាយើងអាច​ពន្យារពេលនៃការ​ប្រែចិត្ត​របស់​យើង ហើយ​នៅ​តែបាន​ត្រឡប់​ទៅ​ព្រះវរបិតាសួគ៌ដើម្បី​ទទួលកេរមរតក​ដ៏អស់កល្ប​របស់​យើង​ ( សូមមើល អាលម៉ា 34:33–34 ) ។ យើង​ប្រហែល​ជា​ចាប់ផ្ដើម​សង្ស័យ​ពី​រង្វាន់​អស់កល្ប​ជានិច្ច​នោះ ឬ​សម្រេចចិត្ត​ថា ការប្រព្រឹត្ត​តាម​មនុស្ស​ខាង​សាច់ឈាម​នៅ​ពេល​នេះ​ពិតជា​សប្បាយ​ជាង​ការ​រង់ចាំ​ពរជ័យ ដែល​នឹង​កើត​មាន​នៅ​ពេល​ក្រោយ​ដ៏​យូរ​នោះ ។ យើង​ប្រហែល​ជា​ភ័យខ្លាច​ចំពោះ​ភាពស្មុគស្មាញ​ឥត​ឈប់ឈរ​ដ៏​យូរ​ទាស់នឹង​អំពើបាប ឬ​ខ្វះ​នូវ​សេចក្ដីជំនឿ​ថា ព្រះអង្គ​សង្គ្រោះនឹង​ជួយ​យើង​ឲ្យ​ទប់ទល់​ការវាយប្រហារ​របស់​សាតាំង ។

ម្ដងម្កាល យើង​ទាំងអស់គ្នា​បាត់បង់​នូវ​ទស្សនៈ​អស់កល្ប​ជានិច្ច​របស់​យើង រឿងដ៏​សំខាន់​គឺ​ត្រូវ​ពង្រឹង​វា​ជា​ថ្មី ឲ្យ​បាន​កាន់តែ​ឆាប់​កាន់​តែ​ល្អ ។ ទោះជា​ពិភពលោក​នេះ​អាច​នឹង​ផ្ដល់​នូវ​រង្វាន់​ដែល គួរ​ឲ្យ​រំជើបរំជួល ក្លែង​ក្លាយយ៉ាងណាក្ដី យើង​អាច​មើល​ទៅ​ព្រះយេស៊ូវគ្រីស្ទ កាល​យើង​ដើរ​លើ​ផ្លូវ​បត់បែន​នៃ​ជីវិត ហើយ​ទុកចិត្ត​ថា ទ្រង់​ពិត​ជា « ប្រទាន​រង្វាន់​ដល់​អស់​អ្នក​ដែល​ស្វែងរក​ទ្រង់ » ( ហេព្រើរ 11:6 ) ។

វា​កន្លង​ទៅ​ជា​ច្រើន​ឆ្នាំ​ ហើយ ចាប់តាំង​ពី​ខ្ញុំ​បាន​ជិះ​ទូក​នៅ​តាម​ដងទន្លេ​នោះ ប៉ុន្តែ​រហូត​មក​ដល់​សព្វថ្ងៃ​នេះ កាល​ខ្ញុំ​ប្រឈមមុខ​នឹងការ​ល្បួង ខ្ញុំ​បាន​រំឭក​ខ្លួន​ឯង​ថា « វា​គ្រាន់តែ​ជា​សត្វ​អំពិលអំពែក​មួយ​ក្បាល​ប៉ុណ្ណោះ » ។​