២០១៥
មាគ៌ា​ឆ្ពោះ​ទៅ​រក​គ្រួសារ​ដ៏​និរន្តរ
មករា 2015


គេហដ្ឋាន និង ក្រុម​គ្រួសារ​របស់​យើង

មាគ៌ា​ឆ្ពោះ​ទៅរក​គ្រួសារ​ដ៏​និរន្តរ

អ្នក​និពន្ធ​មក​ពី​រដ្ឋ​អាឡាស្កា ស.រ.អា. ហើយ​កំពុង​បម្រើ​បេសកកម្ម​នៅ​ប្រទេស​តុងហ្គា ។

កាល​ពួកគេ​បាន​ប្រែចិត្ត​ជឿ​រួច​ហើយ​នោះ គ្រួសារ អាកៅអូឡាស បាន​តាំងចិត្ត​ទៅ​ព្រះវិហារ​បរិសុទ្ធ ។

រូបភាព
The Road to a Forever Family

រចនា​រូបភាព​ដោយ ជេមស៍ អិល ចនសិន រូបថត​ទទួល​បាន​សិទ្ធិ​អនុញ្ញាត​ជា​ផ្លូវការ​មក​ពី​អ្នក​និពន្ធ

នៅ​ព្រឹក​ថ្ងៃអាទិត្យ​មួយ បន្ទាប់​ពី​ផឹក​សុរា​ជាមួយ​មិត្តភក្ដិ​ជិត​ពេញ​មួយ​យប់ ស៊ីអូប៉េ អាកៅអូឡា នៅ​ប្រទេស​តុងហ្គា បាន​ត្រឡប់​មក​ផ្ទះ​វិញ គាត់​បាន​ឃើញ​គ្រួសារ​មួយ​ក្រុម ស្លៀក​សម្លៀក​បំពាក់​យ៉ាង​ស្អាតបាត​សម្រាប់​ថ្ងៃ​អាទិត្យ ។ ពួកគេ​បាន​ដើរ​ទាំង​និយាយ និង​សើច​​យ៉ាងក្អាកក្អាយ​ជាមួយ​គ្នា ។ ស៊ីអូប៉េ បាន​ងឿង​ឆ្ងល់​ថា តើ​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​ពួកគេ​រីករាយ​យ៉ាង​នេះ ដូច្នេះ​គាត់​ក៏​បាន​ដើរតាម​ពួកគេ​ដើម្បី​ដឹង​ថា​តើ​ពួកគេ​ទៅ​ណា ។

ស៊ីអូប៉េ បាន​ឃើញ​គ្រួសារ​នោះ​ចូល​ក្នុង​អគារ​មួយ​របស់​សាសនាចក្រ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ គាត់​បាន​មើល​តាម​បង្អួច កាល​អ្នកដទៃ​ទៀត​បាន​មក​ដល់ ។ សុភមង្គល​បាន​បង្ហាញ​នៅ​លើ​ផ្ទៃមុខ​របស់​ពួកគេ កាល​ក្រុមគ្រួសារ​បាន​អង្គុយ​ជុំ​គ្នា ហើយ​ច្រៀង​ចម្រៀង​ថ្វាយ​បង្គំ ។

គំនិត​របស់ ស៊ីអូប៉េ បាន​គិត​ទៅ​ដល់​ភរិយា​គាត់​ឈ្មោះ លីអ៊ូ ។ សេចក្ដី​ស្រឡាញ់​ដែល​ពួកគេ​ធ្លាប់​មាន​កាល​ពី​រៀបការ​ថ្មីថ្មោង​បានរលាយ​សាបសូន្យ​អស់ ។ ស៊ីអូប៉េ ចង់​បាន​សេចក្ដី​ស្រឡាញ់​នោះ​មក​វិញ ។ ​គាត់​បាន​ប្រញាប់ប្រញាល់​ទៅ​ផ្ទះ ហើយ​ប្រាប់​ភរិយា​គាត់​ថា គាត់​បាន​រក​ឃើញ​វិធី​ដើម្បី​ជួយ​គ្រួសារ​ពួកគេ​ឲ្យ​ទទួល​បាន​ជោគជ័យ ៖ ពួកគេ​ត្រូវតែ​ចូលរួម​នឹង​សាសនាចក្រ ។

នៅ​ថ្ងៃ​ដដែល​នោះ ស៊ីអូប៉េ បាន​ទៅ​ផ្ទះ​របស់​ប៊ីស្សព​ក្នុង​ភូមិ​របស់​គាត់ ។ ប៊ីស្សព​បាន​ស្គាល់ ស៊ីអូប៉េ ដោយ​ធ្លាប់​ឃើញ​គាត់​ស្រវឹង​ស្រា​ដើរ​តាម​ផ្លូវ ។ កាល​ពួកគេ​បាន​និយាយ​គ្នា ស៊ីអូប៉េ អាច​មើល​ឃើញ​ភាពសង្ស័យនៅ​លើ​ទឹកមុខ​ប៊ីស្សព ប៉ុន្តែ​គាត់ជឿជាក់ គាត់​បាន​ប្រាប់​ដល់​ប៊ីស្សព​ដោយ​ភាពអង់អាច​ថា គាត់​ចង់​ទទួល​បុណ្យ​ជ្រមុជទឹក ។ ប៊ីស្សព បាន​ផ្អាក​និយាយ រួច​បាន​អញ្ជើញ ស៊ីអូប៉េ ឲ្យ​ចូលមក​ក្នុង ហើយ​ចាប់ផ្ដើម​បង្រៀន​គាត់​ពី​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

លីអ៊ូ ដំបូង​មាន​ការ​ស្ទាក់ស្ទើរ ប៉ុន្តែ​នៅ​ចាំមើល កាល​ស្វាមី​នាង​បាន​ផ្លាស់ប្ដូរ​ទៅ​រក​ភាពប្រសើរ​បន្ដិច​ម្ដងៗ ។ ស៊ីអូប៉េ បាន​ចំណាយ​ពេល​ច្រើន​ជាង​មុន​ជាមួយ​នឹង​កូនចៅ​ពួកគេ ហើយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​កាន់តែ​ច្រើន​ដល់​ភរិយា​គាត់ និង គ្រួសារ​តាមរយៈ​ទង្វើ​របស់​គាត់ ។ ​ដូច្នេះ លីអ៊ូ ក៏​បាន​ចាប់ផ្ដើម​រៀន​ពី​មេរៀន​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែរ ហើយ​មិន​យូរប៉ុន្មាន​ពួកគេ​ទាំងពីរ​បាន​ជ្រមុជទឹក ។

កាល​គម្រប់​ខួប​មួយ​ឆ្នាំ​នៃ​ពិធីបុណជ្រមុជទឹក​របស់​ពួកគេ​បាន​ខិត​ចូល​មក​ដល់ គ្រួសារ អាកៅអូឡា បាន​សម្លឹង​ឆ្ពោះ​ទៅ​ពរជ័យ​ដ៏​អស្ចារ្យ​នៃ​ព្រះវិហារ​បរិសុទ្ធ ។ ស៊ីអូប៉េ បាន​ពោល​ថា « ប្រសិនបើ​ពរជ័យ​ទាំងឡាយ​នៃ​ព្រះវិហារបរិសុទ្ធ​មាន​ភាពអស្ចារ្យ​លើស​ពី​ពរជ័យ​ដែល​យើង​បាន​ទទួល​ក្នុង​ពិធី​បុណ្យ​ជ្រមុជទឹក សូម​នឹក​ស្រមៃ​ទៅ​មើល ថា​តើ​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ​មាន​ភាពអស្ចារ្យ​យ៉ាង​ណា​ទៅ » ។ ទោះ​ជា​ពួកគេ​មាន​បំណង​ធ្វើ​ការ​ផ្សារភ្ជាប់​ក្ដី ក៏​ព្រះវិហារ​បរិសុទ្ធ​ក្នុង​ប្រទេស​តុងហ្គា កំពុង​ធ្វើការ​ជួសជុល​ដែរ ដូច្នេះ​ពួកគេ​ត្រូវ​រង់ចាំ​មួយ​ឆ្នាំ​ទៀត ឬ​ធ្វើ​ដំណើរទៅកាន់​​ព្រះវិហារ​បរិសុទ្ធ ដែល​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ក្នុង​ការធ្វើ​ដំណើរ​​គឺ ប្រទេស​នូវែលសេឡង់ ឬ​ប្រទេស​ហ្វីជី ។

គ្រួសារ​នេះ​បាន​គិត ហើយ​បាន​ខំ​អធិស្ឋាន​ពី​អ្វី​ដែល​ត្រូវ​ធ្វើ ។ នៅ​ទីបំផុត ពួកគេ​បាន​សម្រេចចិត្ត​យក​ប្រាក់កម្ចី​មួយ​ចំនួន​តូច ។ កាល​កំពុង​រង់ចាំ​ការអនុមតិ ធនាគារ​ដែល​ឲ្យ​ពួកគេ​ខ្ចី​ប្រាក់​នោះ ត្រូវ​ភ្លើង​ឆេះ​បំផ្លិច​បំផ្លាញ​អស់ ។ ប្រាក់កម្ចី​ទាំងអស់​ត្រូវ​ពន្យារពេល​រហូត​ដល់​ឆ្នាំ​ក្រោយ ។

ស៊ីអូប៉េ និង លីអ៊ូ បាន​មាន​អារម្មណ៍​បាក់​ទឹក​ចិត្ត ។ ពួកគេ​បាន​អង្គុយ​ជុំ​គ្នា​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ​តូច​មួយ​របស់​ពួកគេ ហើយ​បាន​អធិស្ឋាន​សូម​ឲ្យ​មាន​អព្ភូតហេតុ​មួយ​កើត​ឡើង ។ កាល​ពួកគេ​បាន​អធិស្ឋាន ហើយ​បាន​ប្រឹក្សា​រួមគ្នា ចម្លើយ​មួយ​បាន​កើតមាន ៖ ស៊ីអូប៉េ បាន​ពោល​ថា « ខ្ញុំ​បាន​ឃើញ​នៅ​ក្នុង​គំនិត​របស់​ខ្ញុំ​ថា រថយន្ត​សម្រាប់​គ្រួសារ​កំពុង​តែ​ញញឹម​ដាក់​យើង ហើយ​ខ្ញុំ​ដឹង​ថា នេះ​ជា​ចម្លើយ​ចំពោះ​ការអធិស្ឋាន​របស់​យើង » ។ លុះស្អែកឡើង ពួកគេ​បាន​លក់​រថយន្ត​នោះ ហើយ​បាន​ទិញ​សំបុត្រ​យន្តហោះ​ទៅ​ប្រទេស​ហ្វីជី​សម្រាប់​គ្រួសារ​ពួកគេ​ប្រាំ​នាក់ ។

ពួកគេ​បាន​ទៅ​ដល់​ទីក្រុង​ណាឌី ប្រទេស​ហ្វីជី ទាំង​យប់​ជ្រៅ ដោយ​មាន​កូន​បី​នាក់​កំពុង​ដេក​លក់ ហើយ​ផ្លូវក៏​វែងឆ្ងាយ​ដែល​ពួកគេ​ត្រូវ​ធ្វើ​ដំណើរ​ដើម្បី​ទៅ​កាន់​ព្រះវិហារ​​បរិសុទ្ធ នៅ​ទីក្រុង​ស៊ូវ៉ា ។ លីអ៊ូ បាន​ពោល​ថា « ខ្ញុំ​បាន​រៀន​ថា កាលណា​យើង​ព្យាយាម​ខិត​ទៅ​ជិត​ដំណាក់​របស់​ព្រះអម្ចាស់​កាន់តែ​ខ្លាំង នោះ​សាតាំង​ក៏​ខំ​ធ្វើ​ឲ្យ​យើង​ចុះចាញ់​ពី​មុន​យើង​ទទួលបាន​ពរជ័យ​នោះ​ដែរ » ។

កាល​កំពុង​អង្គុយ​ក្នុង​អាកាសយានដ្ឋាន​ខំ​គិត​ពី​អ្វី​ដែល​ពួកគេ​ត្រូវ​ធ្វើ​បន្ទាប់​ទៀត មាន​ស្ត្រី​ម្នាក់​បាន​ជួយ​ពួកគេ​រៀបចំ​វ៉ាលី និង​រថយន្ត​ទៅ​ទីក្រុង​ស៊ូវ៉ា​នៅ​ថ្ងៃ​ស្អែក​ក្នុង​តម្លៃ​ធម្មតា ។ ពួកគេ​បាន​មាន​អារម្មណ៍​ថា ព្រះ​បាន​បញ្ជូន​ទេវតា​មក​ជួយ​ពួកគេ ។

លុះស្អែកឡើង ពួកគេ​បាន​ទៅ​ដល់​ព្រះវិហារ​បរិសុទ្ធ​នោះ ។ លីអ៊ូ បាន​ពោល​ថា « កាល​យើង​ចូល​ទៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ខ្ញុំ​មាន​អារម្មណ៍​សុខសាន្ត ហើយ​ស្ងប់​នៅ​ក្នុង​ចិត្ត » ។ « ក្នុង​មួយ​ជីវិត​ខ្ញុំ ខ្ញុំ​មិន​ធ្លាប់​ឃើញ​កន្លែង​ស ហើយ​ស្អាត ដូចជា​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ពី​មុន​មក​ឡើយ ។ មាន​គំនិត​មួយ​បាន​ផុស​ចេញ​មក ៖ ប្រសិនបើ​ព្រះវិហារ​បរិសុទ្ធ​គឺ​ជា​ដំណាក់​មួយ​ដែល​ធ្វើ​ឡើង​ដោយ​មនុស្ស ហើយ​វា​ស្រស់​ស្អាត​យ៉ាង​នេះ ចុះ​បើ​ដំណាក់​ដែល​ព្រះវរបិតាសួគ៌​បាន​សន្យា​ប្រទាន​ឲ្យ​យើង​វិញ​នឹង​មាន​ភាពអស្ចារ្យ​យ៉ាង​ណា​ទៅ ! »

បទពិសោធន៍​របស់​ពួកគេ​ឮនៅ​ក្នុង​ព្រះវិហារបរិសុទ្ធ​គឺ​ជា​ការ​ផ្លាស់ប្ដូរ​មួយ​ដ៏​ធំ​សម្រាប់​គ្រួសារ​នេះ ។ លីអ៊ូ បាន​ពោល​ថា « ក្នុង​អំឡុង​ពេល​ដែល​យើង​នៅ​ប្រទេស​ហ្វីជី ខ្ញុំ​ទទួល​អារម្មណ៍​នូវ​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​ចំពោះ​យើង ។ កាល​យើង​ជ្រើស​ធ្វើ​តាម​ទ្រង់ ទ្រង់​ពិត​ជាថែទាំយើង » ។

ពរជ័យ​ដ៏​អស្ចារ្យ​ចេះ​តែ​បន្ត​កើត​មាន​សម្រាប់​គ្រួសារ​អាកៅអូឡា បន្ទាប់ពី​ពួកគេ​បាន​ត្រឡប់​មក​ផ្ទះ​វិញ ។ ទាំង ស៊ីអូប៉េ និង លីអ៊ូ បាន​ទទួល​អាហារូបករណ៍​សម្រាប់​មហាវិទ្យាល័យ ទទួលបាន​សញ្ញាបត្រ​ផ្នែក​បង្រៀន ហើយ​បាន​ធ្វើការ​នៅ​វិទ្យាល័យ​លីអាហូណា ។

កាល​កំពុង​បង្រៀន ពួកគេយកចិត្តទុកដាក់ចំពោះកុមារ​ដែល​ត្រូវការ​កន្លែង​ស្នាក់​នៅ ។ ពេល​ខ្លះ​មាន​ក្មេង​ម្នាក់ ពេលខ្លះទៀត ពីរ​ទៅ​បី​នាក់ កុមារ​បាន​ចាប់ផ្ដើម​គោះ​ទ្វារ​របស់​ស៊ីអូប៉េ និង លីអ៊ូ ។ ហើយ​ស៊ីអូប៉េ និង លីអ៊ូ បាន​ឲ្យ​ពួកគេ​ចូល​មក​ក្នុង ។ ឥឡូវនេះ ផ្ទះ​ដ៏​តូច​របស់​ពួកគេ​មាន​មនុស្ស​ដល់​ទៅ 20 នាក់ ។ ពួកគេ​មាន​កូន « ចិញ្ចឹម » ប្រាំ​នាក់​ផ្សេង​ទៀត​ដែល​បាន​ចេញ​ទៅ​រៀន​នៅ​មហា​វិទ្យាល័យ ឬ​ទៅ​បម្រើ​បេសកកម្ម ។

រូបភាព
photo of a family standing together in front of chapel

ស៊ីអូប៉េ និង លីអ៊ូ ដឹង​ថា កុមារទាំងនេះ​នឹង​ធំ ហើយ​រីកចម្រើន កាល​ពួកគេ​ទទួលបាន​សេចក្ដី​ស្រឡាញ់ និង​ការលត់ដំ​នៅ​ក្នុង​ជីវិត​ពួកគេ ។ អ្នក​ដែល​មិនមែន​ជា​សមាជិក​សាសនាចក្រ​បាន​ឱប​ក្រសោប​យក​ដំណឹងល្អ ហើយ​ឥឡូវនេះ​មាន​បំណង​ប្រាថ្នា​ចង់​បម្រើ​បេសកកម្ម ។ ស៊ីអូប៉េ និង​លីអ៊ូ ហៅ​កុមារ​ទាំងអស់​ដែល​ស្ថិត​ក្រោម​ការមើល​ថែ​ពួកគេ​ថា ជាកូន របស់​ពួកគេ ហើយ​ក្មេង​ទាំងនោះ​ក៏​ហៅ លីអ៊ូ និង ស៊ីអូប៉េ ថា​ជា​ឪពុក និង ​ម្ដាយ​ផងដែរ ។ គ្រួសារ​អាកៅអូឡា ដឹង​ថា​ពួកគេ​មាន​ពរជ័យ​យ៉ាង​ច្រើន ហើយ​ពួកគេ​រីករាយ​ដើម្បី​ចែកចាយ​ពរជ័យ​ទាំងនេះ​ជាមួយ​អ្នកដទៃ ។