បន្ទាប់ពី ជីវិត នេះ
ចម្លើយចំពោះសំណួរមួយចំនួន
ផែនការរបស់ព្រះវរបិតាសួគ៌អាចផ្តល់ដល់យើងនូវទស្សនវិស័យ និងភាពសុខសាន្តអំពីជីវិតបន្ទាប់ពីការស្លាប់ ។
រចនារូបភាពដោយថូម៉ាស អាលណត
តើនឹងមានអ្វីកើតឡើងបន្ទាប់ពីយើងស្លាប់ទៅ ?
នេះប្រហែលជាសំណួរ ចម្បង នៅក្នុងសាសនាទាំងអស់ ។ ចម្លើយដែលយើងទទួលបានតាមរយៈព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់គឺមានឥទ្ធិពលណាស់ ។ ជីវិតនេះមិនមែនជាចុងបញ្ចប់នោះទេ ។ ដោយសារព្រះយេស៊ូវគ្រីស្ទបានមានព្រះជន្មរស់ឡើងវិញ នោះវិញ្ញាណរបស់យើងនឹងរួមគ្នាជាមួយរាងកាយរបស់យើងវិញ ហើយយើងទាំងអស់គ្នានឹងបានរស់ឡើងវិញនៅថ្ងៃណាមួយ ។
ជាការពិតណាស់ មានព័ត៌មានលម្អិតផ្សេងទៀតអំពីជីវិតបន្ទាប់ពីការស្លាប់ដែលមានសម្រាប់យើង តាមរយៈវិវរណៈសម័យទំនើបដែលអាចឆ្លើយសំណួរផ្សេងទៀតដែលយើងអាចមាន ។ នេះជាសំណួរមួយចំនួនបែបនេះ ជាមួយនឹងចម្លើយខ្លីៗមួយចំនួន ។
តើរាងកាយវិញ្ញាណមានលក្ខណៈដូចម្តេច ?
វិញ្ញាណគឺជាធាតុម៉្យាង លើកលែងតែ « ម៉ត់ ឬសុទ្ធសាធជាង » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣១:៧ ) ។ រាងកាយវិញ្ញាណមើលទៅដូចជារាងកាយមនុស្សពេញវ័យ ។
តើពិភពវិញ្ញាណនៅឯណា ?
តើមានអ្វីកើតឡើងនៅក្នុងពិភពវិញ្ញាណ ?
ក្នុងចំណោមអ្វីៗផ្សេងទៀត វិញ្ញាណដែលបានទទួលយកដំណឹងល្អត្រូវបានរៀបចំឲ្យផ្សព្វផ្សាយដំណឹងល្អដល់វិញ្ញាណដែលមិនបានទទួលយកដំណឹងល្អ ។ វិញ្ញាណទាំងនោះអាចជ្រើសរើសទទួលយក ឬបដិសេធដំណឹងល្អ ។
តើរាងកាយដែលរស់ឡើងវិញមានលក្ខណៈដូចម្តេច ?
រាងកាយដែលរស់ឡើងវិញមិនអាចស្លាប់បានទេ គឺសាច់ និងឆ្អឹង ហើយល្អឥតខ្ចោះ ។ រាងកាយទាំងនោះមានសិរីរុងរឿង និងស្រស់ស្អាត ។ « មិនមានអ្វីដែលស្រស់ស្អាតជាងបុរស ឬស្ត្រីដែលបានរស់ឡើងវិញឡើយ ។
តើមានអ្វីកើតឡើងនៅក្នុងនគរសេឡេស្ទាល ?
អ្នកដែលនៅក្នុងលំដាប់ខ្ពស់បំផុតនៃនគរសេឡេស្ទាលក្លាយដូចជាព្រះវរបិតាសួគ៌របស់យើង ហើយទទួលបានបទពិសោធន៍នៃភាពពេញលេញនៃសេចក្តីអំណរ ។ ពួកគេទទួលបានអ្វីៗទាំងអស់ដែលព្រះវរបិតាមាន ។ ពួកគេចូលរួមក្នុងកិច្ចការ និងសិរីរុងរឿងរបស់ទ្រង់ ។ ពួកគេត្រូវបានផ្សារភ្ជាប់នៅក្នុងអាពាហ៍ពិពាហ៍សម្រាប់ភាពអស់កល្បជានិច្ច ហើយឥឡូវនេះរស់នៅក្នុងក្រុមគ្រួសារដ៏អស់កល្បជានិច្ច ដោយមានកូនវិញ្ញាណដ៏អស់កល្បជានិច្ចរបស់ពួកគេផ្ទាល់ ។
ចុះបើមនុស្សដែលមិនដែលរៀបការក្នុងជីវិតនេះវិញនោះ ?
ព្រះវរបិតាសួគ៌គឺពេញដោយសេចក្ដីយុត្តិធម៌ និងសេចក្ដីមេត្តាករុណាដ៏ឥតខ្ចោះ ។ « ព្រះអម្ចាស់បានសន្យាថា នៅឯភាពអស់កល្បជានិច្ច នឹងគ្មានពរជ័យណាមួយត្រូវបានបដិសេធចំពោះបុត្រាបុត្រីរបស់ទ្រង់ដែលបានគោរពតាមបទបញ្ញត្តិ ដែលស្មោះត្រង់ចំពោះសេចក្ដីសញ្ញារបស់ពួកគេ និងចង់បានអ្វីដែលត្រឹមត្រូវឡើយ » ។
ឪពុកម្តាយរបស់ខ្ញុំត្រូវបានផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ ប៉ុន្តែឥឡូវនេះពួកគាត់បានលែងលះគ្នា ។ តើខ្ញុំត្រូវបានផ្សារភ្ជាប់ទៅនឹងអ្នកណា ?
ប្អូនៗអាច « បានកើតនៅក្នុងសេចក្ដីសញ្ញា » ( នោះគឺកើតបន្ទាប់ពីឪពុកម្តាយរបស់ប្អូនៗបានផ្សារភ្ជាប់នៅក្នុងព្រះវិហារ ) ឬប្អូនៗប្រហែលជាត្រូវបានផ្សារភ្ជាប់ទៅឪពុកម្តាយរបស់ប្អូនៗនៅក្នុងព្រះវិហារបរិសុទ្ធបន្ទាប់ពីពួកគាត់បានផ្សារភ្ជាប់ជាមួយគ្នាទៅវិញទៅមកហើយ ។ ក្នុងករណីទាំងពីរនេះ ពរជ័យរបស់ប្អូនៗនៅតែមាន ទោះបីជាឪពុកម្តាយរបស់ប្អូនៗជ្រើសរើសលែងលះគ្នា និងលុបចោលការផ្សារភ្ជាប់របស់ពួកគាត់ក៏ដោយ ។
ជម្រើសរបស់ឪពុកម្តាយរបស់ប្អូនៗមិនប៉ះពាល់ដល់ពរជ័យរបស់ប្អូនៗទេ ។ អ្វីដែលសំខាន់គឺប្អូនៗបន្តស្មោះត្រង់ និងស្វែងរកពរជ័យនៃព្រះវិហារបរិសុទ្ធដោយខ្លួនឯង ។ ទាក់ទងនឹងទំនាក់ទំនងគ្រួសាររបស់ប្អូនៗ ប្អូនៗគួរតែ « ទុកចិត្តលើព្រះអម្ចាស់ ហើយស្វែងរកការលួងលោមពីទ្រង់ » ដោយដឹងថា « ព្រះវរបិតាសួគ៌នឹងធានាថាមនុស្សម្នាក់ៗទទួលបានគ្រប់ពរជ័យដែលជាបំណងប្រាថ្នា និងជម្រើសរបស់ពួកគេ » ។
តើមានអ្វីកើតឡើងចំពោះមនុស្សដែលស្លាប់ដោយការធ្វើអត្តឃាត ?
យើងមិនដឹងថា មានអ្វីកើតឡើងចំពោះអ្នកដែលស្លាប់ដោយការធ្វើអត្តឃាតនោះទេ ហើយយើងមិនអាចវិនិច្ឆ័យពួកគេបានទេ ( ដូចជាយើងមិនអាចវិនិច្ឆ័យមនុស្សទាំងអស់ដែរ នៅទីបំផុត ) ។ « ទោះបីជាមានការខិតខំដ៏ខ្លាំងក្លាពីអ្នកជាទីស្រឡាញ់ ថ្នាក់ដឹកនាំ និងអ្នកជំនាញក្តី ក៏ការធ្វើអត្តឃាតមិនអាចការពារបានជានិច្ចដែរ ។ …
« វាមិនមែនជារឿងត្រឹមត្រូវទេដែលមនុស្សម្នាក់បញ្ចប់ជីវិតរបស់គាត់ ឬនាងខ្លួនឯងនោះ ។ ទោះជាយ៉ាងណាក្តី មានតែព្រះប៉ុណ្ណោះទើបអាចធ្វើការវិនិច្ឆ័យលើគំនិត សកម្មភាព និងកម្រិតនៃការទទួលខុសត្រូវរបស់មនុស្សម្នាក់បាន ( សូមមើល សាំយូអែល ទី១ ១៦:៧; គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៧:៩ ) ។ …
« អស់អ្នកដែលបាត់បង់មនុស្សជាទីស្រឡាញ់ព្រោះតែអត្តឃាត អាចស្វែងរកក្តីសង្ឃឹម និងការព្យាបាលតាមរយៈព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ » ។