2025
នៅពេល​ដែល​ការសាកល្បង​ហាក់​ដូចជា​ធំធេង​ពេក
ដើម្បី​កម្លាំង​នៃ​យុវជន ខែកក្កដា ឆ្នាំ២០២៥


នៅពេល​ដែល​ការសាកល្បង​ហាក់​ដូចជា ធំធេង​ពេក

ឧបសគ្គ​គឺជា​ផ្នែក​មួយ​នៃ​ជីវិត ។ ប៉ុន្តែ​ដោយ​មាន​ជំនួយ យើង​អាច​មើល​ទៅ​ឧបសគ្គ​ទាំងនោះ​តាមរយៈ​ទស្សន​របស់​ព្រះ ។

យុវនារី

ភ្នំ​ធិមផាណូហ្គូស គឺជា​ភ្នំ​មួយ​នៅ​រដ្ឋ​យូថាហ៍ សហរដ្ឋ​អាមេរិក ដែល​មាន​កម្ពស់ ១១,០០០ ហ្វីត ( ៣,៣៥៣ ម៉ែត្រ ) និង​ពោរពេញ​ដោយ​ទឹក​ធ្លាក់ ជញ្ជាំង​ថ្ម វាលស្មៅ និង​សត្វព្រៃ ។ ការឈរ​នៅ​ជើងភ្នំ​បែបនេះ​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​តូច ។ យើង​មិន​អាច​មើល​ឃើញ​អ្វី​ដែល​នៅ​ម្ខាង​ទៀត ឬ​ជុំវិញ​វា​ទេ ។ វា​អាច​មើល​ទៅ​ធំ​ពេក និង​មិន​អាច​ឆ្លងកាត់​បាន​ឡើយ ។

ទោះជា​យ៉ាងណា​ក៏​ដោយ បើ​យើង​បើកបរ​ឆ្ងាយ​ពី​ភ្នំ​ធិមផាណូហ្គូស​តែ ១០ នាទី នោះ​យើង​មើល​ឃើញ​វា​ខុស​ពី​នោះ ។ មើលពី​ខាង​នេះ ប្អូនៗ​អាច​កត់សម្គាល់​ឃើញ​ផ្លូវលំ និង​ផ្លូវ​ដែល​កាត់​ឆ្លង​ភ្នំ ។ ទាំងនេះ​បង្ហាញ​ថា ធ្លាប់​មាន​អ្នកដទៃ​នៅ​ទីនោះ​ពី​មុន​មក ហើយ​មាន​ផ្លូវ​ដែល​មាន​សុវត្ថិភាព​ឡើង​កាត់​ភ្នំ និង​ជុំវិញ​ភ្នំ​នោះ ។

ការសាកល្បង​នៅក្នុង​ជីវិត​របស់​ប្អូនៗ​ឥឡូវ​នេះ​អាច​មាន​អារម្មណ៍​បែបនោះ​ដែរ ។ ការប្រឈម​មុខ​នឹង​ឧបសគ្គ​ពិបាកៗ​ខ្លាំង​អាច​មាន​អារម្មណ៍​ដូច​ជា​សម្លឹង​មើល​ទៅ​ភ្នំ​ដ៏​ធំធេង​ដែល​ប្អូនៗ​មិន​អាច​មើល​ឃើញ​ពីលើ ឬ​សូម្បី​តែ​នៅជុំវិញ​វា​នោះទេ ។ ឧបសគ្គ​ទាំងនោះ​អាច​ហាក់​ដូចជា​ធំធេង​ពេក ហើយ​ប្រហែល​ជា​មិន​អាច​ឆ្លងកាត់​បាន ។ ការសាកល្បង​ទាំងនោះ​អាច​ធ្វើ​ឲ្យ​ប្អូនៗ​មាន​អារម្មណ៍​ថា​ខ្លួន​តូចទាប តានតឹង ភ័យខ្លាច ឬ​ឯកោ ។

ប៉ុន្តែ​នេះ​ជា​អ្វី​ផ្សេងទៀត​ដើម្បី​សាកល្បង ។ ថយ​ក្រោយ​មួយ​ជំហាន ហើយ​សាក​មើល​ទៅ​ការសាកល្បង​របស់​ប្អូនៗ​ពី​ទស្សន​ផ្សេង​វិញ—ទស្សន​របស់​ព្រះ ។

ជាមួយ​នឹង​ទស្សនវិស័យ​នេះ ប្អូនៗ​ក៏​អាច​ដឹង​ថា ប្អូនៗ​មិនត្រូវ​បាន​ទុក​ឲ្យ​នៅ​ម្នាក់ឯង​ដើម្បី​ដោះស្រាយ​បញ្ហា​របស់​ប្អូនៗ​នោះទេ ។ ប្អូនៗ​មាន​ព្រះវរបិតា​នៅ​ស្ថានសួគ៌​ដែល​ស្រឡាញ់​ប្អូនៗ ហើយ​នឹង​ជួយ​ប្អូនៗ ។ អ្នកដទៃ​ទៀត ជាពិសេស​ព្រះអង្គ​សង្គ្រោះ បាន​ឆ្លងកាត់​ពេលវេលា​ដ៏​លំបាក​ផង​ដែរ ។ ពួកគេ និង​ទ្រង់​ចង់​ផ្តល់​ដល់​ប្អូនៗ​នូវ​ការណែនាំ​ដែល​ប្អូនៗ​ត្រូវការ​ដើម្បី​យកឈ្នះ​ការសាកល្បង​របស់​ប្អូនៗ សូម្បីតែ​ការសាកល្បង​ដ៏​ធំធេង​ក្ដី ។

តើ​យើង​អាច​ផ្លាស់ប្តូរ​ទស្សន​របស់​យើង​ដោយ​របៀប​ណា ?

 ធ្វើតាម​ផែនការ​របស់​ព្រះវរបិតាសួគ៌ ។

ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​គំរូ​ដ៏​ឥតខ្ចោះ​របស់​យើង ។ គោលការណ៍​ដែល​ទ្រង់​បានបង្រៀន​គឺ​សាមញ្ញ មាន​អំណាច និង​ងាយស្រួល​យល់ ។ តើ​នោះ​មាន​ន័យ​ថា វា​តែងតែ​ងាយស្រួល​ក្នុងការ​ធ្វើតាម​ឬ ? ច្បាស់ណាស់​គឺ​អត់​ទេ ។ មិនមែន​ជានិច្ច​នោះទេ ។ ប៉ុន្តែ​រាល់ពេល​ដែល​យើង ពិតជា ធ្វើតាម​ទ្រង់​ដោយ​សេចក្តី​ជំនឿ នោះ​ទស្សន​របស់​យើង​ចាប់ផ្តើម​ផ្លាស់ប្តូរ ។ យើង​ចាប់ផ្ដើម​មើលទៅ​ឧបសគ្គ​ទាំងឡាយ​ថាជា​ឱកាស​ដើម្បី​ឈោង​ទៅ​ព្រះអង្គ​សង្គ្រោះ ជាជាង​ការមើល​ទៅ​វា​ថា​ជា​ការផ្ដន្ទាទោស ជា​អន្លង់ ឬ​ឧបសគ្គ​ដែល​ធ្វើ​ឲ្យ​យើង​ឃ្លាតឆ្ងាយ ។

 សូម​ទូល​សូម​ជំនួយ​ពី​ព្រះ ។

ព្រះ​គឺជា​ព្រះវរបិតាសួគ៌​របស់​ប្អូនៗ ។ ទ្រង់​ស្គាល់​ប្អូនៗ ស្រឡាញ់​ប្អូនៗ ហើយ​ត្រៀម​ព្រះកាយ​ជាស្រេច​ដើម្បី​ជួយ​ប្អូនៗ​ពេល​ណា​ដែល​ប្អូនៗ​ទូលសូម​ទ្រង់ ។ ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា « ទស្សនៈ​របស់​ព្រះអម្ចាស់​លើសលប់​ពី​ប្រាជ្ញា​រមែង​ស្លាប់​របស់​បងប្អូន ។ ការឆ្លើយតប​របស់ទ្រង់​ចំពោះ​ការអធិស្ឋាន​បងប្អូន​អាច​ធ្វើ​ឲ្យ​បងប្អូន​ភ្ញាក់ផ្អើល ហើយ​នឹង​ជួយ​បងប្អូន​ឲ្យ​គិត​ដល់​សេឡេស្ទាល » ។

នៅពេល​ដែល​ប្អូនៗ​អធិស្ឋាន ព្រះ​អាច​ជួយ​ប្អូនៗ​ឲ្យ​ឃើញ​អ្វីៗ​ដែល​ប្អូនៗ​មិន​អាច​មើល​ឃើញ​ឥឡូវ​នេះ ។ ទ្រង់​អាច​ណែនាំ​ប្អូនៗ​ឲ្យ​ឆ្លងកាត់​ការសាកល្បង​របស់​ប្អូនៗ ហើយ​ថែមទាំង​ប្រទាន​សេចក្ដី​សុខសាន្ត និង​កម្លាំង​ដល់​ប្អូនៗ​ទៀតផង កាលដែល​ប្អូនៗ​ធ្វើតាម​ទ្រង់ ។

 សុំ​ជំនួយ​ពី​អ្នកដទៃ ។

ព្រះវរបិតាសួគ៌​បាន​ដាក់​មនុស្ស​ល្អៗ​នៅក្នុង​ជីវិត​របស់​ប្អូនៗ​ដែល​អាច​ជួយ​ប្អូនៗ​បាន ។ នៅពេល​ដែល​ប្អូនៗ​កំពុង​ជួប​ការលំបាក​ជាមួយ​នឹង​ឧបសគ្គ​ដែល​ហាក់ដូច​ជា​កំពុង​លេច​ឡើង​នៅ​ចំពោះ​មុខ​ប្អូនៗ សូម​ពិចារណា​និយាយ​ជាមួយ​សមាជិក​គ្រួសារ​ដែល​ទុកចិត្ត មិត្តភក្តិ អ្នកដឹកនាំ​សាសនាចក្រ ឬ​ប៊ីស្សព​របស់​ប្អូនៗ ។

ការសូម​ដល់​អ្នកកាន់​បព្វជិតភាព​ដែល​ស័ក្តិសម​ដើម្បី​ផ្ដល់​ពរជ័យ​នៃ​ការលួងលោម និង​ការណែនាំ​គឺជា​វិធី​ដ៏​ល្អ​មួយ​ទៀត​ដើម្បី​មើល​ទៅ​ខ្លួនឯង និង​ជីវិត​តាមរយៈ​ទស្សន​របស់​ព្រះ ។

ការមើល​ឃើញ​ច្បាស់

ដូចជា​ភ្នំ​យក្ស​ដែល​ឈរ​នៅ​ខាងស្ដាំ​ផ្លូវ​របស់​ប្អូនៗ​ដែរ ពេលខ្លះ​ការសាកល្បង​របស់​ប្អូនៗ​អាច​មាន​អារម្មណ៍​ថា​ធំធេង​ពេក ។ ប៉ុន្តែ​ពេល​ដែល​ប្អូនៗ​រស់នៅ​តាម​ផែនការ​របស់​ព្រះ ហើយ​អនុញ្ញាត​ឲ្យ​ទ្រង់ និង​អ្នកដទៃ​ទៀត​ជួយ​ប្អូនៗ នោះ​ប្អូនៗ អាច មើល​ឃើញ​ឧបសគ្គ​របស់​ប្អូនៗ​មួយ​បែប​ផ្សេង​ទៀត ។

ប្អូនៗ​អាច​ឈាន​ថយក្រោយ​មួយ​ជំហាន ហើយ​មើល​ឃើញ​ថា មាន របៀប​មួយ​ដើម្បី​យកឈ្នះ​ការសាកល្បង​របស់​ប្អូនៗ ។ ព្រះយេស៊ូវ​គ្រីស្ទ​ប្រទាន​ផ្លូវ​មួយ​ដែល​ប្អូនៗ​អាច​ដើរ​បាន ។ មិន​ថា​ការសាកល្បង​របស់​ប្អូនៗ​ធំធេង​ប៉ុនណា​ទេ ព្រះ​គឺ​ខ្លាំង​ជាង ។