ដើម្បី​កម្លាំង​នៃ​យុវជន
ជំនួយ និង​ការណែនាំ​សម្រាប់​អនាគត​របស់​ក្មួយៗ
ដើម្បី​កម្លាំង​នៃ​យុវជន ខែកក្កដា ឆ្នាំ២០២៥


ជំនួយ និង ការណែនាំ សម្រាប់ អនាគត របស់​ក្មួយៗ

ជីវិត​មិន​តែងតែ​ដើរតាម​ផែនការ​របស់​ក្មួយៗ​នោះ​ទេ ប៉ុន្តែ​ការពឹងផ្អែក​លើ​ព្រះអម្ចាស់​នឹង​ផ្លាស់ប្តូរ​ជីវិត​របស់​ក្មួយៗ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ។

បុរស​ដែល​មាន​សញ្ញាសួរ និង​បង្គោល​ស្លាកសញ្ញា

ពេលខ្លះ​វា​អាច​ហាក់​ដូចជា​ពិភពលោក​ពោរពេញ​ទៅដោយ​ភាពមិន​ច្បាស់លាស់ ។ ក្មួយៗ​ប្រហែល​ជា​ឆ្ងល់​ថា​តើ​មាន​អ្វី​កើតឡើង​ចំពោះ​អនាគត​របស់​ក្មួយៗ ។ ខ្ញុំ​ក៏​បានមាន​អារម្មណ៍​ដូចគ្នា​ដែរ ។

ឪពុក​ម្តាយ​របស់​ខ្ញុំ និង​ខ្ញុំ​បាន​ចូលរួម​ក្នុង​សាសនាចក្រ​នៅពេល​ខ្ញុំ​មាន​អាយុ ១៦ ឆ្នាំ ។ នៅពេល​នោះ ខ្ញុំ​អៀន​ខ្លាំង​ណាស់ ។ បន្ទាប់ពី​ចូលរួម​ជាមួយ​សាសនាចក្រ ខ្ញុំ​មាន​ទំនុកចិត្ត​ជាង​មុន ។ ខ្ញុំ​បាន​រៀន​ថា​ខ្លួនខ្ញុំ​ជា​នរណា ខ្ញុំ​មក​ពី​ណា ហេតុអ្វី​បានជា​ខ្ញុំ​នៅ​ទីនេះ និង​កន្លែង​ដែល​ខ្ញុំ​នឹង​ទៅ​បន្ទាប់ពី​ជីវិត​នេះ ។

ពេលនោះ​ខ្ញុំ​បាន​ដឹង​ថា ទោះបីជា​ខ្ញុំ​មិន​ដឹង​ច្បាស់​ថា​តើ​ខ្ញុំ​នឹង​ធ្វើ​អ្វីខ្លះ​នៅក្នុង​ជីវិត​របស់​ខ្ញុំ​ក្ដី ក៏​មាន​ជំនួយ និង​ការណែនាំ​ដើម្បី​ដឹកនាំ​ខ្ញុំ​ទៅកាន់​អនាគត​ដ៏​អស្ចារ្យ​ដែរ ។

វា​ក៏​ដូច​គ្នា​ដែរ​សម្រាប់​ក្មួយៗ !

ការណែនាំ​មកពី​ព្យាការី

ខ្ញុំ​មាន​អាយុ ១៧ ឆ្នាំ នៅពេល​ដែល​ព្យាការី ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( ឆ្នាំ១៨៩៥–១៩៨៥ ) បាន​ទៅ​ទស្សនកិច្ច​នៅ​កូរ៉េ​ខាងត្បូង​ក្នុង​ឆ្នាំ១៩៧៥ ។ ខ្ញុំ​បានឃើញ​លោក​នៅក្នុង​ការប្រជុំ​មួយ​ដែល​យុវជន​កូរ៉េ​ប្រហែល ៤០០នាក់​បាន​ប្រមូលផ្តុំ​គ្នា​ដើម្បី​ស្តាប់​សំឡេង​របស់​លោក ។

ប្រធាន ឃឹមបឹល បាន​ចែកចាយ​ពី​របៀប​ដែល​លោក​បាន​សិក្សា​បទគម្ពីរ និង​អធិស្ឋាន​ជា​រៀងរាល់​ថ្ងៃ​តាំងពី​គាត់​នៅ​ក្មេង ។ លោក​បាន​មាន​ប្រសាសន៍​អំពី​សារៈសំខាន់​នៃ​ការកំណត់​អាទិភាព ។ លោក​បាន​មាន​ប្រសាសន៍​ថា យើង​គួរតែ​ចូលរួម​ថ្នាក់​សិក្ខាសាលា រៀបចំ​សម្រាប់​បេសកកម្ម និង​អាពាហ៍ពិពាហ៍​អស់កល្ប​ជានិច្ច និង​ខិតខំ​ឆ្ពោះ​ទៅរក​សេចក្ដី​សង្គ្រោះ ។ លោក​ក៏​បាន​ថ្លែង​ទីបន្ទាល់​របស់​លោក​ផងដែរ ។

ពាក្យ​សម្ដី​របស់​ព្យាការី​បានបំភ្លឺ​ការគិត​របស់​ខ្ញុំ ។ ខ្ញុំ​រៀន​នៅ​វិទ្យាល័យ ប៉ុន្តែ​ខ្ញុំ​មិន​ចាប់​អារម្មណ៍​លើ​កិច្ចការ​សាលា​ទេ ។ ខ្ញុំ​ចូលចិត្ត​កីឡា​ណាស់ ! ខ្ញុំ​លេង​បាល់ទាត់​នៅពេល​ណា​ដែល​ខ្ញុំ​មាន​ឱកាស ហើយ​ជា​ញឹកញាប់​លេង​បាល់ទាត់​ជំនួស​ឲ្យ​ការសិក្សា​វិញ ។ ខ្ញុំ​មិនមែន​ជា​សិស្ស​ល្អ​ទេ ។ បន្ទាប់ពី​បាន​ស្តាប់​ព្យាការី ខ្ញុំ​នៅតែ​រីករាយ​នឹង​បាល់ទាត់ ប៉ុន្តែ​ខ្ញុំ​បាន​សម្រេច​ចិត្ត​កំណត់​អាទិភាព​មួយ​ចំនួន ។

ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​សិក្សា ។ ខ្ញុំ​នឹង​បម្រើ​បេសកកម្ម ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ និង​មាន​គ្រួសារ​ដ៏​រីករាយ​មួយ ។ ខ្ញុំ​ដឹង​ថា ប្រសិនបើ​ខ្ញុំ​ចង់​មាន​អនាគត​ដ៏​ល្អ​នេះ ខ្ញុំ​នឹង​ត្រូវ​ធ្វើ​តាម​ព្យាការី—មិន​ថា​យ៉ាងណា​ក៏ដោយ ។

ជាមួយ​នឹង​ឱកាស និង​បញ្ហា​ប្រឈម​ទាំងអស់​ដែល​ក្មួយៗ​នឹង​ប្រឈមមុខ ក្មួយៗ​នឹង​មិន​អី​ទេ នៅពេល​ក្មួយៗ​ធ្វើតាម​ការណែនាំ​ដែល​ព្យាការី​នៅរស់​ផ្ដល់​ឲ្យ ។

បេសកកម្ម​មិន​ច្បាស់លាស់

ខ្ញុំ​បាន​តាំងចិត្ត​បម្រើ​បេសកកម្ម ប៉ុន្តែ​ក៏​មាន​កាតព្វកិច្ច​តម្រូវ​ឲ្យ​បម្រើ​កងទ័ព​ផងដែរ​នៅក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង ។ បន្ទាប់ពី​រៀន​ចប់​វិទ្យាល័យ យុវជន​ជាច្រើន​បាន​ចូលបម្រើ​កងទ័ព បំពេញ​ការបម្រើ​ដែល​ជាកាតព្វកិច្ច​របស់​ពួកគេ ហើយ​បន្ត​ការអប់រំ​ភ្លាមៗ និង​រកការងារ​ធ្វើ ។ វា​ជា​ការលំបាក​ដែល​ត្រូវ​លះបង់​ពីរឆ្នាំ​ទៀត​ដើម្បី​បម្រើ​បេសកកម្ម ។ ពេលនោះ មាន​ពួកអែលឌើរ​ជា​ជនជាតិ​កូរ៉េ​តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ ។

នៅពេល​ដែល​ខ្ញុំ​មាន​អាយុ ១៩ ឆ្នាំ ខ្ញុំ​បាន​រក្សា​ការតាំងចិត្ត​របស់​ខ្ញុំ ហើយ​បាន​រៀបចំ និង​ផ្ញើ​ឯកសារ​ដាក់ពាក្យ​បម្រើបេសកកម្ម​របស់​ខ្ញុំ ។ ខ្ញុំ​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​នៅ​ក្នុង​បេសកកម្ម​កូរ៉េ ប៊ូសាន ។ មួយ​ឆ្នាំ​ក្រោយ​មក ខ្ញុំ​ត្រូវបាន​តម្រូវ​ឲ្យ​ចូល​បម្រើ​កងទ័ព ។ ខ្ញុំ​សោកស្តាយ​ណាស់​ដែល​ខ្ញុំ​ត្រូវ​បញ្ឈប់​បេសកកម្ម​របស់​ខ្ញុំ ។

នៅពេល​ដែល​ខ្ញុំ​បាន​បញ្ចប់​ការបម្រើ​កងទ័ព​របស់​ខ្ញុំ​បី​ឆ្នាំ​ក្រោយ​មក ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​មិន​ទាន់​បានបញ្ចប់​បេសកកម្ម​របស់​ខ្ញុំ​នៅឡើយ​ទេ ។ មនុស្ស​គ្រប់​គ្នា​បាន​ប្រាប់​ខ្ញុំ​ថា « អ្នក​បាន​បម្រើ​បេសកកម្ម​រួច​ហើយ ។ ព្រះអម្ចាស់​យល់​ពី​ស្ថានភាព​របស់​អ្នក ដូច្នេះ​ការបម្រើ​តែ​មួយឆ្នាំ​គឺ​មិន​អី​ទេ » ។

ខ្ញុំ​បាន​សួរ​មិត្តល្អ​របស់​ខ្ញុំ​នៅ​ថ្នាក់​សិក្ខាសាលា​ពី​អ្វី​ដែល​ខ្ញុំ​គួរ​ធ្វើ ។ នាង​បាននិយាយ​ថា នាង​ដឹង​ថា​ខ្ញុំ​នឹង​បម្រើ​បេសកកម្ម​របស់​ខ្ញុំ​មួយ​ឆ្នាំ​ទៀត ។ ការជឿទុកចិត្ត​របស់​នាង​បាន​ផ្តល់​ឲ្យ​ខ្ញុំ​នូវ​ទំនុកចិត្ត និង​ការបញ្ជាក់​ដើម្បី​បម្រើ​បន្ថែម​ទៀត ។ ខ្ញុំ​បានបម្រើ​ឆ្នាំ​ទីពីរ​នៃ​បេសកកម្ម​របស់​ខ្ញុំ​នៅក្នុង​បេសកកម្ម​កូរ៉េ​សេអ៊ូល ។ នៅពេល​ដែល​ខ្ញុំ​បាន​បញ្ចប់ ខ្ញុំ​មាន​អាយុ ២៥ ឆ្នាំ ។ ក្រោយមក​ខ្ញុំ​បាន​រៀបការ​ជាមួយ​មិត្ត​ម្នាក់​នោះ ហើយ​យើង​បាន​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ឡាអ៊ីអេ ហាវ៉ៃ ។

បទពិសោធន៍​នេះ​បាន​បង្រៀន​ខ្ញុំ​ថា យើង​នឹង​មិន​អី​ទេ ទោះបី​ជា​អ្វីៗ​មិនកើត​ឡើង​តាម​របៀប​ដែល​យើង​បានរៀបចំ​ក៏​ដោយ ។ នៅពេល​ដែល​ផែនការ និង​ចក្ខុវិស័យ​របស់​ក្មួយៗ​ត្រូវគ្នា​នឹង​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់​សម្រាប់​ក្មួយៗ នោះ​ទ្រង់​នឹង​ជួយ​ក្មួយៗ​ក្នុង​ការសម្រេចចិត្ត​ក្នុង​ជីវិត​របស់​ក្មួយៗ ។

អនាគត​ដ៏​អស្ចារ្យ​គឺ​អាច​ធ្វើ​ទៅ​បាន

ពេល​នៅ​ជា​យុវវ័យ​ម្នាក់ ទោះបីជា​ខ្ញុំ​មិន​ប្រាកដ​ថាតើ​ខ្ញុំ​នឹង​មាន​ជីវិត​បែបណា​ក៏​ដោយ ខ្ញុំ​បាន​ឃើញ​ថា ការដាក់​អ្វីៗ​ខាង​វិញ្ញាណ​ជា​អាទិភាព គឺជា​គន្លឹះ​សម្រាប់​ភាពជោគជ័យ—មិន​ត្រឹមតែ​នៅក្នុង​ជីវិត​នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​នៅក្នុង​ជីវិត​ដែល​នឹង​មកដល់​ផងដែរ ។

នៅពេល​ក្មួយៗ​បាន​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក ក្មួយៗ​បាន​ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ នៅពេល​ដែល​ក្មួយៗ​ផ្តោតលើ​ការបំផុសគំនិត​ដែល​ក្មួយៗ​ទទួល​បាន ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ការពារ​ក្មួយៗ និង​ណែនាំ​ក្មួយៗ​ឲ្យ​ទៅ​តាម​ផ្លូវ​ដែល​ត្រឹមត្រូវ ។ ក្មួយៗ​ក៏​នឹង​មាន​អារម្មណ៍​ថា មាន​ការលួងលោម និង​ភាពសុខសាន្ត​ផងដែរ ។

នៅពេល​ក្មួយៗ​រៀបចំ​សម្រាប់​អនាគត​របស់​ក្មួយៗ សូម​កុំ​ភ្លេច ៖

  • សិក្សា​ព្រះគម្ពីរ ។

  • បន្ដ​អធិស្ឋាន ។

  • ធ្វើ​តាម​ព្យាការី ។

  • ពឹងផ្អែក​លើ​ព្រះអម្ចាស់​ជានិច្ច ។

ពេល​ខ្ញុំ​មាន​អាយុ​ប្រហែល​ក្មួយៗ ខ្ញុំ​បាន​រៀន​អំពី​ចរិតលក្ខណៈ និង​គុណលក្ខណៈ​របស់​ព្រះអង្គ​សង្គ្រោះ និង​របៀប​ដែល​ខ្ញុំ​អាច​ក្លាយ​កាន់តែ​ដូច​ជា​ទ្រង់ ។ ទ្រង់​ល្អ​ឥតខ្ចោះ ។ ខ្ញុំ​មិន​អាច​ក្លាយ​ដូច​ជា​ទ្រង់​ទាំងស្រុង​ទេ​នៅក្នុង​ជីវិត​នេះ ប៉ុន្តែ​ខ្ញុំ​ព្យាយាម​អស់​ពី​សមត្ថភាព​របស់​ខ្ញុំ ហើយ​ខ្ញុំ​ធ្វើ​បាន​កាន់តែ​ប្រសើរ​ឡើង ។

ខ្ញុំ​ដឹងថា ព្រះ​យេស៊ូវ​គ្រីស្ទ​មាន​ព្រះជន្មរស់ ។ ដោយសារ​ទ្រង់ ខ្ញុំ​មាន​សេចក្តីសង្ឃឹម​ដ៏​អស្ចារ្យ​សម្រាប់​អនាគត—ហើយ​ក្មួយៗ​ក៏​អាច​ធ្វើ​បាន​ដែរ !