តោះយើងនិយាយអំពី លុយកាក់ !
ពិសេសជាងនេះទៀត សូមអានអំពីពេលដែលព្រះយេស៊ូវបានបង្រៀនអំពីលុយ ។
រចនារូបភាពដោយ អាលីហ្សា ភីធើរសិន
ព្រះយេស៊ូវមានព្រះបន្ទូលអំពីលុយនៅក្នុងព្រះគម្ពីរជាច្រើនដង ។
តើធ្លាប់ឮ « ទ្រព្យសម្បត្តិនៅឯស្ថានសួគ៌ » ( ម៉ាថាយ ៦:២០ ) រឿងប្រៀបប្រដូចអំពីប្រាក់ ( ម៉ាថាយ ២៥:១៤–៣០ ) ឬ « ចូរនាំយកដង្វាយមួយភាគក្នុងដប់ទាំងអស់មកដាក់ក្នុងឃ្លាំងចុះ » ( ម៉ាឡាគី ៣:១០ ) ឬទេ ? តោះយើងរំឭកឡើងវិញ !
តម្រូវការ ទល់នឹង ការចង់បាន
ព្រះយេស៊ូវជ្រាបថាមានរឿងជាច្រើនដែលប្អូនៗ ត្រូវការ ( ឧទាហរណ៍ អាហារ) និង ចង់បាន ( ឧទាហរណ៍ ហ្គេម ) ។ ទ្រង់បង្រៀនថា « ត្រូវប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួន នៅឯស្ថានសួគ៌វិញ ដែលជាកន្លែងគ្មានកន្លាត ឬច្រែះស៊ីបំផ្លាញឡើយ » ( ម៉ាថាយ ៦:១៩–២១ ) ។ របស់ភាគច្រើនដែលទិញដោយលុយ គឺគង់តែសឹករេចរឹលទៅវិញ ដូច្នេះត្រូវគិតគូរអំពីអ្វីដែលប្អូនៗទិញ ។
ប្អូនៗអាចគិតគូរអំពីលុយដោយប្រុងប្រយ័ត្ន ពេលដែលប្អូនៗបែងចែក តម្រូវការរបស់ប្អូនៗ ចេញពី ការចង់បាន របស់ប្អូនៗ ។ គិតខ្លួនឯងថា « តើខ្ញុំទិញរបស់នេះដោយសារតែខ្ញុំ ត្រូវការ វា ឬដោយសារតែខ្ញុំ ចង់បាន វា ? » ប្រសិនបើប្អូនៗមិនប្រាកដទេ សូមព្យាយាមរង់ចាំមួយខែសិន បន្ទាប់ពីពេលវេលានោះកន្លងផុតទៅ សូមសួរសំណួរទាំងនោះម្តងទៀត ។ ដោយការធ្វើបែបនេះ ប្អូនៗអាចចៀសវាងការទិញរបស់ដោយចំណង់ និងព្យាយាមធ្វើឲ្យអ្នកដទៃទៀតស្ងើចសរសើរ ។ ផ្ទុយទៅវិញ ប្អូនៗនឹងធ្វើការសម្រេចចិត្តដ៏ឆ្លាតវៃអំពីពេលដែលត្រូវសន្សំ និងពេលណាដែលត្រូវចំណាយលុយ ។
ការប្រើលុយដើម្បីផ្ដល់ពរដល់អ្នកដទៃ
នៅក្នុងរឿងប្រៀបប្រដូចអំពីប្រាក់ ព្រះយេស៊ូវរៀបរាប់អំពីចៅហ្វាយដែលឲ្យលុយក្នុងចំនួនខុសៗគ្នា ( ហៅថា « ប្រាក់ » ) ដល់បាវបម្រើបីនាក់ ។ បាវបម្រើពីរនាក់បានបង្កើនប្រាក់ដែលពួកគេបានទទួលទ្វេដង ហើយបាវបម្រើម្នាក់កប់លុយរបស់គាត់ ។ នៅពេលដែលចៅហ្វាយត្រឡប់មកវិញ គាត់សប្បាយចិត្តជាមួយនឹងបាវបម្រើពីរនាក់ដែលបានបង្កើនប្រាក់របស់ពួកគេ ហើយមិនសប្បាយចិត្តទេជាមួយអ្នកបម្រើដែលមិនបានធ្វើដូច្នោះ ( សូមមើល ម៉ាថាយ ២៥:១៤–៣០ ) ។
ដូចជាចៅហ្វាយក្នុងរឿងប្រៀបប្រដូចនោះបានប្រគល់ប្រាក់ដល់បាវបម្រើរបស់គាត់ដែរ ពេលព្រះប្រទានពរដល់ប្អូនៗជាលុយ ទ្រង់រំពឹងថា ប្អូនៗនឹងប្រើហិរញ្ញវត្ថុរបស់ប្អូនៗដើម្បីផ្ដល់ពរដល់ខ្លួនឯង និងអ្នកដទៃទៀត ។ កាលដែលប្អូនៗថែទាំអ្នកដទៃទៀត ប្អូនៗបំពេញតាមព្រះបញ្ញត្តិរបស់ព្រះយេស៊ូវឲ្យ « ស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង » ( ម៉ាកុស ១២:៣១ ) ។
វាមិនអីទេក្នុងការទិញរបស់ល្អៗ ប៉ុន្តែប្អូនៗគួរតែពិចារណាពីតម្រូវការរបស់ខ្លួនឯង និងអ្នកដទៃមុនពេលប្អូនៗទិញ ។ កាលដែលប្អូនៗគិតអំពីតម្រូវការរបស់អ្នកដទៃ ព្រះនឹងជួយប្អូនៗឲ្យដឹងពីរបៀបប្រើលុយដើម្បីផ្ដល់ពរដល់មនុស្សដែលនៅក្នុងជីវិតរបស់ប្អូនៗ ។
ពរជ័យទាំងឡាយសម្រាប់ដង្វាយមួយភាគក្នុងដប់
ប្រសិនបើប្អូនៗព្រួយបារម្ភថា ប្អូនៗនឹងមិនមានលុយគ្រប់គ្រាន់ដោយសារតែប្អូនៗថ្វាយដង្វាយមួយភាគក្នុងដប់ សូមអានពាក្យលួងលោមទាំងនេះមកពីព្រះ ៖ « ចូរនាំយកដង្វាយ១ភាគក្នុង១០ទាំងអស់មកដាក់ក្នុងឃ្លាំងចុះ … ហើយល្បងលយើងឥឡូវ បើយើងមិនបើកទ្វារស្ថានសួគ៌ ដើម្បីចាក់ព្រះពរមកលើឯង ដែលនឹងគ្មានកន្លែងល្មមទុកបានទេ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ » ( ម៉ាឡាគី ៣:១០ ) ។ ប្រសិនបើប្អូនៗថ្វាយដង្វាយមួយភាគក្នុងដប់របស់ប្អូនៗ ព្រះនឹងប្រទានពរដល់ប្អូនៗច្រើនជាងដែលប្អូនៗអាចស្រមៃបាន !
ប្អូនៗប្រហែលជាមិនបានទទួលពរជ័យតាមបែបខាងសាច់ឈាម—ប្អូនៗប្រហែលជាមិនមានលុយដែលប្អូនៗចង់មានដើម្បីទិញអាវថ្លៃដែលប្អូនៗចូលចិត្ត ដូច្នេះប្អូនៗប្រហែលជាត្រូវពន្យារពេលបំពេញការសប្បាយភ្លាមៗ ។ ប៉ុន្តែព្រះអម្ចាស់នឹងប្រទានពរដល់ប្អូនៗ ។ យូរៗទៅ ប្អូនៗនឹងឃើញថា វាកាន់តែងាយស្រួលក្នុងការថ្វាយដង្វាយមួយភាគក្នុងដប់ ហើយស្មារតីរបស់ប្អូនៗនឹងកាន់តែមានភាពធន់នឹងការបារម្ភផ្នែកហិរញ្ញវត្ថុដែលប្អូនៗមាន ។
ព្រះនឹងជួយប្អូនៗ
សូមទុកចិត្តលើប្រសាសន៍របស់ប្រធាន រ័សុល អិម ណិលសុន ៖ « សមត្ថភាពរបស់ព្រះអង្គសង្គ្រោះក្នុងការជួយបងប្អូនពុំមានដែនកំណត់នោះទេ » ( សន្និសីទទូទៅ ខែតុលា ឆ្នាំ២០២៤ [ លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២៤ ទំព័រ ១២២ ] ) ។ ដោយការប្រើលុយរបស់ប្អូនៗដោយមានភាពគិតគូរដើម្បីបំពេញតម្រូវការរបស់ប្អូនៗ ថែទាំអ្នកដទៃ និងថ្វាយដង្វាយមួយភាគក្នុងដប់របស់ប្អូនៗ នោះប្អូនៗនឹងរកឃើញនូវសេចក្តីស្រឡាញ់ដ៏កាន់តែជ្រាលជ្រៅចំពោះព្រះ និងអ្នកដទៃទៀត ព្រមទាំងការដឹងគុណចំពោះអ្វីដែលប្អូនៗមាន ។