សន្និសីទទូទៅ
ហេតុអ្វី​ជា​ផ្លូវ​នៃ​សេចក្តីសញ្ញា
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២១


ហេតុអ្វី​ជា​ផ្លូវ​នៃ​សេចក្តីសញ្ញា

ភាព​ខុសគ្នា​នៃ​ផ្លូវ​សេចក្តី​សញ្ញា​គឺ​ជា​ភាពពិសេស និង​អស់កល្ប​ជានិច្ច ។

ក្នុង​ការងារ​បម្រើ​របស់​លោកទាំងមូល ប្រធាន រ័សុល អិម ណិលសុន បាន​សិក្សា ហើយ​បាន​បង្រៀន​អំពី​សេចក្តីសញ្ញា​របស់​ព្រះ​ជាមួយ​កូនចៅ​របស់​ទ្រង់ ។ លោក​គឺ​ជា​គំរូ​ដ៏​ថ្លៃថ្លា​នៃ​បុគ្គល​ដែល​ដើរ​នៅលើ​ផ្លូវ​នៃ​សេចក្តី​សញ្ញា​នេះ ។ នៅ​ក្នុង​សារលិខិត​ដំបូង​របស់​លោក​ក្នុង​នាម​ជា​ប្រធាន​សាសនាចក្រ ប្រធាន ណិលសុន បាន​ថ្លែង​ថា ៖

« ការតាំង​ចិត្ត​របស់​បងប្អូន​ដើម្បី​ធ្វើ​តាម​ព្រះអង្គសង្គ្រោះ​តាមរយៈ​ការ​ធ្វើ​សេចក្ដីសញ្ញា​ជាមួយ​ទ្រង់ បន្ទាប់​មក​រក្សា​សេចក្ដី​សញ្ញា​ទាំងនេះ នឹង​បើក​ទ្វារ​ទៅកាន់​ពរជ័យ​ និង​ឯកសិទ្ធិ​ខាង​វិញ្ញាណ​ទាំងអស់ ​ដែល​មាន​ចំពោះ​បុរស ស្ត្រី និង​កុមារ​នៅ​គ្រប់​ទីកន្លែង ។

« … ពិធីបរិសុទ្ធ​នៃ​ព្រះវិហារបរិសុទ្ធ និង​សេចក្តីសញ្ញា​ដែល​បងប្អូន​ធ្វើ​នៅ​ទី​នោះ គឺ​ជា​គន្លឹះ​ដើម្បី​ពង្រឹង​ជីវិត អាពាហ៍ពិពាហ៍ និង​គ្រួសារ​របស់បងប្អូន ព្រមទាំង​មាន​លទ្ធភាព​ដើម្បី​ទប់ទល់នឹង​ការវាយប្រហារ​ពី​មារសត្រូវ ។ ការថ្វាយបង្គំ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ និង​ការបម្រើ​របស់​បងប្អូន​នៅទីនោះ​សម្រាប់​ជីដូនជីតា​របស់​បងប្អូន នឹង​ប្រទាន​ពរ​ដល់​បងប្អូន​ឲ្យទទួល​បាន​វិវរណៈ​ផ្ទាល់ខ្លួន និង​ភាពសុខសាន្ត​កាន់តែ​ច្រើន ព្រមទាំង​ពង្រឹង​ការតាំងចិត្ត​របស់​បងប្អូន​ដើម្បី​ស្ថិត​នៅ​លើ​ផ្លូវ​នៃ​សេចក្តីសញ្ញា » ។

តើ​អ្វី​ទៅ​ជា​ផ្លូវ​នៃ​សេចក្តី​សញ្ញា ? វា​ជា​ផ្លូវ​មួយ​ដែល​នាំ​ទៅ​ដល់​នគរ​សេឡេស្ទាល​របស់​ព្រះ ។ យើង​ចាប់ផ្ដើម​ដើរ​លើ​ផ្លូវ​តាម​ច្រក​ទ្វារ​នៃ​ពិធី​បុណ្យ​ជ្រមុជទឹក ហើយ​បន្ទាប់​មក « ឈាន​ទៅ​មុខ​ដោយ​ខ្ជាប់ខ្ជួន​នៅ​ក្នុង​ព្រះគ្រីស្ទ ដោយ​មាន​ការភ្លឺថ្លា​នៃ​សេចក្ដីសង្ឃឹម​ដ៏​ឥត​ខ្ចោះ ហើយ​ដោយ​មានចិត្ត​ស្រឡាញ់​ព្រះ និង​មនុស្ស​គ្រប់រូប [ បទបញ្ញត្តិ​ធំ​ពីរ ] … កាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត » ។ នៅ​ក្នុង​ដំណើរ​លើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ( ហួស​ពី​ជីវិត​រមែង​ស្លាប់ ) យើង​ទទួល​គ្រប់​ពិធីបរិសុទ្ធ និង​សេចក្ដី​សញ្ញា​ដែល​ទាក់ទង​នឹង​សេចក្ដី​សង្គ្រោះ និង​ភាព​តម្កើង​ឡើង ។

ការប្តេជ្ញាចិត្ត​ធ្វើ​តាម​សេចក្តីសញ្ញា​ដ៏​សំខាន់​របស់​យើង​គឺ​ដើម្បី​ធ្វើ​តាម​ព្រះ​ទ័យ​របស់​ព្រះ « ហើយ​គោរព​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​ទ្រង់​ចំពោះ​អ្វីៗ​ទាំង​អស់ ដែល​ទ្រង់​នឹង​បញ្ជា​ដល់​ពួក​យើង » ។ ការធ្វើតាម​គោលការណ៍ និង​បទបញ្ញត្តិ​ទាំងឡាយ​នៃ​ដំណឹងល្អ​របស់​ព្រះ​យេស៊ូវគ្រីស្ទ​ជា​រៀងរាល់​ថ្ងៃ គឺ​ជា​ដំណើរ​ដ៏​មាន​សុភមង្គល និង​ស្កប់ស្កល់​បំផុត​នៅ​ក្នុង​ជីវិត ។ សម្រាប់​ហេតុផល​មួយ គឺ​មនុស្ស​ម្នាក់​ជៀសផុត​ពី​បញ្ហាធំ និង​ការសោកស្តាយ​ជា​ច្រើន​បាន ។ ខ្ញុំ​សូម​លើក​យក​ឧទាហរណ៍​ពី​កីឡា ។ នៅ​ក្នុង​កីឡា​វាយ​កូនបាល់ នៅ​ត្រង់​ចំណុច​មួយ​គេ​ហៅ​ថា កំហុស​កំសោយ ។ កំហុស​កំសោយ​នេះ កើតឡើង​នៅ​ពេល​វាយ​កូនបាល់​ត្រូវ​សំណាញ់ ឬ​វាយ​ខុស​ពីរ​ដង ពេល​កំពុង​វាយ​បាល់​ទៅ​គូ​ប្រជែង ។ កំហុស​កំសោយ​គឺ បណ្តាល​មកពី​កំហុស​របស់​កីឡាករ​ផ្ទាល់​មិន​មែន​ដោយសារ​មក​ពី គូ​ប្រជែង​ពូកែ​ជាង​ខ្លួន​នោះ​ទេ ។

ជា​ញឹកញាប់​បញ្ហា ឬ​ការប្រឈម​របស់​យើង​គឺ​ជា​ការធ្វើបាប​ខ្លួនឯង ដែល​បណ្តាល​មក​ពី​ការជ្រើសរើស​ខុស ឬ​យើង​អាច​និយាយ​ថា​បណ្តាល​មក​ពី « កំហុស​កំសោយ » ។ នៅ​ពេល​យើង​ព្យាយាម​ដើរ​នៅ​លើ​ផ្លូវ​នៃ​សេចក្តី​សញ្ញា នោះ​យើង​តែងតែ​ជៀសផុត​ពី « កំហុស​កំសោយ » ជា​ច្រើន ។ យើង​ជៀសផុត​ពី​ការញៀន​គ្រប់​ប្រភេទ ។ យើង​មិន​ធ្លាក់​ចូល​រណ្តៅ​នៃ​ការប្រព្រឹត្ត​មិន​ស្មោះត្រង់​ឡើយ ។ យើង​ឆ្លង​ផុត​ជ្រលង​នៃ​ភាព​អសីលធម៌ និង​ភាព​មិន​ស្មោះត្រង់ ។ ទោះជា​មនុស្ស ឬ​វត្ថុ​នោះ​មាន​ប្រជាប្រិយភាព​ក៏​ដោយ បើ​វា​បំផ្លាញ​រូបកាយ ហើយ​វិញ្ញាណ​របស់​យើង គឺ​យើង​ត្រូវតែនៅឲ្យឆ្ងាយ​ពី​មនុស្ស និង​វត្ថុ​ទាំងនោះ ។ យើង​ជៀសវាង​ការជ្រើសរើស​ដែល​ធ្វើ​ឲ្យ​អន្តរាយ ឬ​ខាតប្រយោជន៍​អ្នកដទៃ ហើយ​ទទួលបាន​ទម្លាប់​នៃ​ការលត់ដំ​ខ្លួនឯង និង​ការម្រើ​ជំនួសវិញ ។

មាន​គេ​ជឿ​ថា អែលឌើរ ជេ. ហ្គូលឌិន ឃឹមបឹល បាន​ប្រសាសន៍ថា « ខ្ញុំ​ប្រហែល​ជា​មិន​បានដើរ​នៅលើ​ផ្លូវ​តូច និង​ចង្អៀត [ ជានិច្ច ] នោះទេ ប៉ុន្តែ​ខ្ញុំ [ ព្យាយាម ] ឆ្លងកាត់​ផ្លូវតូច និង​ចង្អៀត​ឲ្យ​បាន​ញឹកញាប់​តាម​ដែល [ អាច ] ធ្វើបាន » ។ ក្នុង​គ្រា​លំបាក ខ្ញុំជឿជាក់​ថា​បងប្រុស ឃឹមបឹល នឹងយល់ស្របថា ការបន្តនៅ​លើ​ផ្លូវ​នៃ​សេចក្តីសញ្ញា មិន​គ្រាន់តែ​ជាការដើរ​ឆ្លងកាត់​ផ្លូវ​នៃ​សេចក្តី​សញ្ញា​ប៉ុណ្ណោះ​ទេ តែផ្លូវ​នៃ​សេចក្តីសញ្ញា​គឺជា​ក្តី​សង្ឃឹម​ដ៏ធំ​បំផុត​ដើម្បី​ជៀសផុត​ពី​ទុក្ខវេទនា ដែល​មិនអាច​ជៀសបានព្រមទាំង​ដោះស្រាយ​​បញ្ហា​ដែល ជៀស​មិន​រួចនៅក្នុង​ជីវិតដោយ​ជោគជ័យ ។

មនុស្ស​ខ្លះអាច​និយាយថា « ខ្ញុំ​អាច​ជ្រើសរើស​ត្រឹមត្រូវ​បាន ទោះបើមាន ឬ​គ្មាន​ពិធីបុណ្យ​ជ្រមុជ​ទឹកក្តី ខ្ញុំពុំ​ចាំបាច់​ត្រូវការ​សេចក្តីសញ្ញា​ដើម្បី​ក្លាយជា​បុគ្គល​គួរ​ឲ្យ​គោរព និង​ជោគជ័យ​នោះទេ » ។ ជាការពិតណាស់ មាន​មនុស្ស​ជាច្រើន​ដែល​មិន​បាន​ដើរ​នៅលើ​ផ្លូវ​នៃ​សេចក្តីសញ្ញា​ ប៉ុន្តែបាន​ឆ្លុះបញ្ចាំង​ពី​ការជ្រើសរើស និង​ការចូលរួម​ចំណែក​នៃ​អស់​អ្នក​ដែល​ដើរ​នៅលើ​ផ្លូវ​នោះ​ ។ បងប្អូន​អាច​និយាយថា ពួកគេ​ទទួល​ពរជ័យ​នៃ​ការ​ដើរ​លើ​ផ្លូវ​នៃ « សេចក្តី​សញ្ញា​ដ៏​ខ្ជាប់ខ្ជួន » ។ តើ​អ្វី​ជា​ភាព​ខុសគ្នា​នៃ​ផ្លូវ​នៃ​សេចក្តី​សញ្ញា ?

តាមពិតទៅ ភាព​ខុស​គ្នា​គឺ​មាន​សារៈសំខាន់​ពិសេស និង អស់កល្ប​ជានិច្ច ។ ភាពខុសគ្នា​រួមមាន​ទាំង​លក្ខណៈ​នៃ​ការគោរព​ប្រតិបត្តិ​របស់​យើង លក្ខណៈ​នៃ​ការតាំង​ព្រះទ័យ​របស់ព្រះ​ចំពោះ​យើង ជំនួយ​ដ៏​ទេវភាព​ដែល​យើង​ទទួល ពរជ័យ​ដែល​ជាប់​ទាក់ទង​ក្នុង​នាម​ជា​រាស្រ្ត​នៃ​សេចក្ដីសញ្ញា ហើយ​អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​មរតក​ដ៏​អស់កល្ប​ជានិច្ច​របស់​យើង ។

ការគោរព​ប្រតិបត្តិ​ដោយ​មាន​ការប្តេជ្ញាចិត្ត

ទីមួយ​គឺ​ជា​លក្ខណៈ​នៃ​ការគោរព​ប្រតិបត្តិ​ចំពោះ​ព្រះ ។ យើង​មិនត្រឹមតែ​មាន​បំណង​នោះ​ទេ គឺ​យើង​តាំង​ចិត្ត​យ៉ាងខ្លាំងក្លា ដើម្បី​រស់នៅ​តាម​គ្រប់​ទាំង​ព្រះ​បន្ទូល​ដែល​ចេញ​ពី​ព្រះឱស្ឋ​របស់​ព្រះ ។ ត្រង់​នេះ យើង​ធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូគ្រីស្ទ ដែល​តាមរយៈ​ការ​ទទួល​បុណ្យជ្រមុជទឹក « ទ្រង់​បង្ហាញ​ដល់​កូន​ចៅ​មនុស្ស​ថា ស្រប​តាម​សាច់​ឈាម ទ្រង់​បន្ទាប​ខ្លួន​ចំពោះ​ព្រះ​វរបិតា ហើយ​ធ្វើ​បន្ទាល់​ដល់​ព្រះ​វរបិតា​ថា ទ្រង់​នឹង​គោរព​ព្រះ​អង្គ ដោយ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​ព្រះ​អង្គ » ។

ជា​មួយ​​សេចក្ដីសញ្ញានានា​ យើង​មាន​បំណង​លើស​ពីការ​គ្រាន់​តែ​ជៀសផុត​ពី​កំហុស ឬ​មាន​ការ​ប្រុង​ប្រយ័ត្ន​នៅក្នុង​ការសម្រេច​ចិត្ត​របស់​យើង​ទៅទៀត ។ យើង​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ព្រះ​សម្រាប់​ការ​ជ្រើស​រើស និង​ជីវិត​របស់​យើង ។ យើង​លើក​ដាក់​លើ​ខ្លួន​យើង​នូវ​ព្រះនាម​របស់​ព្រះគ្រីស្ទ ។ យើង​ផ្ដោត​លើ​ព្រះគ្រីស្ទ—​មាន​ភាព​ក្លាហាន​នៅ​ក្នុង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ និង​អភិវឌ្ឍ​បុគ្គលិក​លក្ខណៈ​នៃ​ព្រះគ្រីស្ទ ។

ជាមួយ​សេចក្ដីសញ្ញា​នានា ការគោរព​ប្រតិបត្តិ​ចំពោះ​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ​ទៅ​ក្នុង​ព្រលឹង​យើង ។ ខ្ញុំ​ស្គាល់​ស្វាមី​ភរិយា​មួយ​គូ ​អំឡុង​ពេលទើប​រៀប​អាពាហ៍​ពិពាហ៍ថ្មីថ្មោង ​ស្ត្រី​ជា​ភរិយា​មិន​សកម្ម​នៅ​ក្នុង​សាសនាចក្រទេ ហើយ​ស្វាមី​ពុំ​មែន​ជា​សមាជិក​សាសនាចក្រដែរ ។ ខ្ញុំ​នឹង​ហៅ​ពួកគាត់​ថា ម៉ារី និង​ចន មិនមែន​ឈ្មោះពិត​របស់​ពួកគាត់​ទេ ។ ពេល​​ពួកគាត់​ចាប់ផ្ដើម​មាន​កូន នោះ​ម៉ារី​មាន​អារម្មណ៍​ថា​ត្រូវ​ចិញ្ចឹម​បីបាច់​ពួកគេ​ដូច​​បទគម្ពីរ​បាន​ចែង​ថា « តាម​ដំបូន្មាន និង​សេចក្ដី​ដាស់តឿន​របស់​ព្រះ​អម្ចាស់ » ។ ចន​ គាំទ្រ​គំនិត​នោះ ។ ម៉ារី បាន​ធ្វើ​ការ​លះបង់​ដ៏​សំខាន់​មួយ​ចំនួន​ដើម្បី​នៅ​ផ្ទះ​បង្រៀន​ដំណឹងល្អ​ជាប្រចាំ ។ នាង​ត្រូវ​ប្រាកដ​ថា គ្រួសារ​នេះ​ត្រូវ​ចាប់​យក​អត្ថប្រយោជន៍​ពី​ការ​ថ្វាយ​បង្គំ និង​សកម្មភាព​របស់​សាសនាចក្រ​ឲ្យ​បាន​ពេញ​លេញ ។ ម៉ារី និង ​ចន ​បាន​ក្លាយ​ជា​ឪពុកម្ដាយ​ដ៏​គំរូ ហើយ​កូនៗ​របស់​ពួកគាត់ ( ជា​ក្មេង​ប្រុស​ដែល​រពិស )​ បាន​រីកចម្រើន​​សេចក្ដី​ជំនឿ និង​ភក្ដីភាព​ចំពោះ​គោលការណ៍ និង​បទដ្ឋាន​ទាំងឡាយ​នៃ​ដំណឹងល្អ ។

ឪពុកម្ដាយ​របស់​ ចន ជា​ជីដូនជីតា​របស់​ក្មេង​ប្រុស​ទាំងនោះ មាន​ចិត្ត​រីករាយ​ចំពោះ​ជីវិត និង​សមិទ្ធិផល​ដ៏​ល្អ​របស់​ចៅប្រុស​​ពួកគាត់ ប៉ុន្តែ​ដោយសារ​តែ​ការ​ជំទាស់​ចំពោះ​សាសនាចក្រ នោះ​ពួកគាត់​បានចាត់ទុក​ថា ភាព​ជោគជ័យ​នេះ គឺកើត​ឡើង​ដោយសារ​តែ​ចន និង ម៉ារី គឺជា​ឪពុកម្តាយ​ដ៏​ល្អ ។ ទោះ​ ចន ​មិន​មែន​ជា​សមាជិក​សាសនាចក្រ​ក្ដី ក៏គាត់មិន​អនុញ្ញាត​ឲ្យ​ធ្វើការ​វាយតម្លៃ​​ដោយអយុត្តិធម៌​ឡើយ ។ គាត់​បាន​ប្រកាស​ថា ពួកគាត់​កំពុង​មើល​ឃើញ​ពី​ផល​ផ្លែ​នៃ​ការ​បង្រៀន​នៃ​ដំណឹងល្អ—អ្វី​ដែល​កូនៗ​របស់​គាត់​កំពុង​ដក​ពិសោធន៍​នៅ​ក្នុង​ព្រះវិហារ​ក៏​ដូចជា​អ្វី​ដែល​កំពុង​កើតឡើង​នៅ​ក្នុង​ផ្ទះ​ដែរ ។

ចន ផ្ទាល់​បាន​ទទួល​ឥទ្ធិពល​ពី​ព្រះវិញ្ញាណ សេចក្ដីស្រឡាញ់ និង​គំរូ​របស់​ភរិយា​គាត់ និង​ការ​ជំរុញ​ចិត្ត​របស់​ពួក​កូនប្រុស​គាត់ ។ លុះក្រោយ​មក គាត់​បាន​ជ្រមុជទឹក ហើយ​សមាជិក និង​មិត្ត​ភក្ដិ​ក្នុង​វួដ មាន​អំណរ​យ៉ាង​ខ្លាំង ។

ជីវិត​របស់​ពួកគាត់ និង​កូន​ៗ​ នៅ​តែ​ជួប​ឧបសគ្គ តែ​ម៉ារី និង​ចន​ បញ្ជាក់​ដោយ​ស្មោះ​ថា សេចក្ដី​សញ្ញា​នៃ​ដំណឹងល្អ​គឺជា​ឫស​គល់​នៃ​ពរជ័យ​របស់​ពួកគាត់ ។ ពួកគាត់​បានមើល​ឃើញ​បន្ទូល​របស់​ព្រះអម្ចាស់​ទៅ​កាន់ ​យេរេមា ​បាន​បំពេញ​នៅ​ក្នុង​ជីវិត​កូនៗ​របស់​ពួកគាត់ ក៏​ដូចជា​ក្នុង​ជីវិត​របស់​ពួកគាត់​ដែរ​ថា « យើង​នឹង​ដាក់​ក្រឹត្យវិន័យ​របស់​យើង​នៅ​ខាងក្នុង​ខ្លួន​គេ ទាំង​ចារឹក​ទុក​ក្នុង​ចិត្ត​គេ នោះ​យើង​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ ហើយ​គេ​នឹង​បានជា​រាស្ត្រ​របស់​យើង » ។

បាន​ចងភ្ជាប់​នឹង​ព្រះ

សំខាន់ ពិសេស​ទីពីរ គឺ​អំពី​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​គឺ​ទំនាក់ទំនង​របស់​យើង​ជាមួយ​នឹង​ព្រះអាទិទេព ។ សេចក្ដីសញ្ញា​ដែល​ព្រះ​ប្រទាន​ដល់​កូនចៅ​ទ្រង់​គឺ​លើស​ពី​ការ​ដឹកនាំ​យើង​ទៅ​ទៀត ។ ពួកគេ​ចង​ភ្ជាប់​នឹង​ទ្រង់ ហើយ​បាន​ចង់ភ្ជាប់​នឹង​ទ្រង់ នោះ​យើង​អាច​យក​ឈ្នះ​គ្រប់​ការណ៍​ទាំងអស់ ។

មាន​ម្ដង​នោះ ខ្ញុំ​បាន​អាន​អត្ថបទ​មួយ​របស់​អ្នក​សារព័ត៌មាន​ម្នាក់​ដែល​សរសេរ​ព័ត៌មាន​មិន​ត្រឹមត្រូវថា របៀប​ដែល​យើង​ធ្វើ​ពិធី​បុណ្យ​ជ្រមុជទឹក​សម្រាប់​មរណជន គឺ​ធ្វើ​ដោយ​​ការ​ជ្រមុជ​ដុំ​មីក្រូហ្វីល​ចូល​ទៅ​ក្នុង​ទឹក ។ រួច​ឈ្មោះ​ទាំងឡាយ​ដែល​លេច​ឡើង​នៅ​លើ​មីក្រូហ្វីល​នោះ​ត្រូវ​បាន​ចាត់​ទុក​ថា​បាន​ទទួល​បុណ្យ​ជ្រមុជទឹក​ហើយ ។ វិធីសាស្ត្រ​នោះ​នឹង​មាន​ប្រសិទ្ធភាព ប៉ុន្តែ​វា​បដិសេធ​តម្លៃ​ដ៏​ថ្លៃ​ថ្លា​របស់​ព្រលឹង​នីមួយៗ និង​សារៈសំខាន់​ដ៏​ចាំបាច់​នៃ​សេចក្ដីសញ្ញា​ផ្ទាល់​ខ្លួន​ជាមួយ​នឹង​ព្រះ ។

« [ ព្រះ​យេស៊ូវ ] មាន​ព្រះ​បន្ទូល … ៖ ចូរ​អ្នក​រាល់​គ្នា​ចូល​តាម​ទ្វារ​ចង្អៀត​ចុះ ដ្បិត​ទ្វារ​ចង្អៀត និង​ផ្លូវ​តូច​នាំ​ទៅ​ឯ​ជីវិត ហើយ​មាន​មនុស្ស​តិច​ណាស់​ដែល​រក​ផ្លូវ​នោះ​ឃើញ » ។១០ បើ​ប្រៀបធៀប​ទៅ ទ្វារ​នេះ​ចង្អៀត​ណាស់ដែល​មនុស្ស​អាច​ចូល​បាន​​ម្នាក់ម្តងៗ​ប៉ុណ្ណោះ ។ មនុស្ស​ម្នាក់ៗ​ធ្វើ​ការប្តេជ្ញា​ចិត្តរៀងៗ​ខ្លួន​ចំពោះ​ព្រះ ហើយ​ជាលទ្ធផល​ទទួលបាន​សេចក្តី​សញ្ញា​ផ្ទាល់ខ្លួន​ពីទ្រង់ ដោយ​នាម​នេះ ទើប​យើង​អាច​ពឹង​ផ្អែក​បាន​ទាំងស្រុង​សម្រាប់ពេលនេះ និង​រហូត​ដល់​អស់​កល្ប​ជានិច្ច ។ ជាមួយ​នឹង​ពិធីបរិសុទ្ធ និង សេចក្តីសញ្ញា « នោះ​អំណាច​នៃ​ព្រះ​ត្រូវ​បាន​បើកបង្ហាញ »​នៅ​ក្នុង​ជីវិត​របស់​យើង ។១១

ជំនួយ​ដ៏​ទេវភាព

ការណ៍​នេះ​ដឹកនាំ​យើង​ទៅ​រក​ការពិចារណា​ពី​ពរជ័យ​សំខាន់ ពិសេស​ទីបី អំពី​ផ្លូវ​នៃ​សេចក្ដីសញ្ញា ។ ព្រះ​ប្រទាន​អំណោយទាន​មួយ​ដ៏​មាន​តម្លៃ​បំផុត​ដើម្បី​ជួយ​ពួក​អ្នក​ចុះ​សេចក្ដីសញ្ញា​ ឲ្យក្លាយ​ជា​ពួក​អ្នក​គោរពតាម​សេចក្ដី​សញ្ញា​គឺ ៖ អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ អំណោយទាន​នេះ​គឺជា​សិទ្ធិ​ដើម្បី​ទទួល​បាន​ភាព​ជាដៃគូ ការការពារ និង​ការ​ដឹកនាំ​នៃព្រះវិញ្ញាណបរិសុទ្ធ ។១២ ក៏​ត្រូវបាន​ស្គាល់​ថា ជា​ព្រះ​ដ៏​ជា​ជំនួយ​ផង​ដែរ ព្រះវិញ្ញាណ​បរិសុទ្ធ « ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​សង្ឃឹម និង​សេចក្ដី​ស្រឡាញ់​ដ៏​ឥត​ខ្ចោះ » ។១៣ ទ្រង់ « ជ្រាប​គ្រប់​ទាំង​អស់ ហើយ​ធ្វើ​ទី​បន្ទាល់​ពី​ព្រះ​វរបិតា និង​ព្រះ​រាជ​បុត្រា » ។១៤ អស់​អ្នក​ដែល ឈរ​ធ្វើ ជា​សាក្សី​ដល់​ព្រះ ។ ១៥

យើង​ក៏​រក​ឃើញ​ពរជ័យ​ដ៏​ចាំបាច់​នៃ​ការ​អភ័យទោស និង​ការ​លាង​ជម្រះ​ពី​អំពើបាប​នៅ​លើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​ផង​ដែរ ។ ពរជ័យ​នេះគឺជា​ជំនួយ​ដែល​អាច​កើត​ឡើង​តែ​តាមរយៈ​ព្រះគុណ​របស់​ព្រះ ដែល​បាន​ធ្វើ​ឡើង​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ប៉ុណ្ណោះ ។ « ឥឡូវ​នេះ នេះ​គឺជា​បញ្ញត្តិ » ថា ៖ « ចូរ​ប្រែចិត្ត​ចុះ ឱ​អ្នក​រាល់​គ្នា​នៅ​ចុង​ផែនដី​អើយ ហើយ​ចូរ​មក​រក​យើង ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដោយ​នូវ​នាម​យើង​ចុះ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា អាច​បាន​ញែក​ចេញ​បរិសុទ្ធ ដោយ​ការ​ទទួល​នូវ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា អាច​ឈរ​ដោយ​គ្មាន​ទោស​នៅ​ចំពោះ​យើង​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ » ។១៦

ប្រមូល​ផ្ដុំ​ជាមួយ​នឹង​រាស្ត្រ​នៃ​សេចក្ដី​សញ្ញា

ទីបួន អស់​អ្នក​ដែល​ដើរ​នៅ​លើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា ក៏​រកឃើញ​ពរជ័យ​ដ៏​ពិសេស​នៅ​ក្នុង​ការ​ប្រមូល​ផ្ដុំ​ផ្សេងៗ​ដែល​ព្រះ​បាន​ចាត់ ។ ការ​ព្យាករ​អំពី​ការ​ប្រមូល​ផ្ដុំ​ដ៏​ពិត​ប្រាកដ​នៃ​វង្ស​អ៊ីស្រាអែល​ដែល​បាន​ខ្ចាត់ខ្ចាយ​ជា​យូរ​លង់​មក​ហើយ ទៅ​កាន់​ដែនដី​នៃ​កេរដំណែល​របស់ពួកគេ​វិញ​មាន​នៅ​គ្រប់​បទគម្ពីរ​ទាំងអស់ ។១៧ ការ​បំពេញ​រាល់ការ​ព្យាករ និង​ការ​សន្យា​ទាំងនោះ ឥឡូវ​នេះ​គឺ​កំពុង​ដំណើរ​ការ​ជាមួយ​នឹង​ការ​ប្រមូល​ផ្ដុំ​នៃ​រាស្ត្រ​​នៃ​សេចក្ដី​សញ្ញា ចូល​មក​ក្នុង​សាសនាចក្រ ជា​នគរ​ព្រះ​នៅ​លើ​ផែនដី ។ ប្រធាន ណិលសុន ពន្យល់​ថា « នៅពេល​យើង​និយាយ​អំពី ការប្រមូលផ្ដុំនោះ​យើង​និយាយ​ដោយ​សាមញ្ញ​អំពី​សេចក្ដីពិត​ជា​មូលដ្ឋាន​នេះ​ថា កូនចៅ …​របស់​ព្រះវរបិតាសួគ៌ ស័ក្ដិសម​នឹង​បាន​ដឹង​ពី​សារលិខិត​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ » ។១៨

ព្រះអម្ចាស់​បង្គាប់​ឲ្យ​សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ « ក្រោក​ឡើង ហើយ​បញ្ចាំង​ពន្លឺ​ចេញ​ទៅ ប្រយោជន៍​ឲ្យ​ពន្លឺ​របស់​អ្នក​អាច​បានទៅ​ជា​បមាណីយ​ដល់​សាសន៍​នានា … ប្រយោជន៍​ឲ្យ​ការ​ប្រមូល​គ្នា​មក​លើ​ដែនដី​ស៊ីយ៉ូន និង​មក​លើ​ស្តេក​ទាំង​ឡាយ​របស់​នា​ង អាច​បាន​ទៅ​ជា​ទី​ការពារ និង​ជាទី​ជ្រកកោន​ពី​ព្យុះសង្ឃរា និង​ពី​សេចក្ដី​ក្រោធ​ដែល​ឥត​លាយ​ក្នុង​កាល​បាន​ចាក់​មក​លើ​ផែនដី​ទាំង​មូល » ។១៩

មាន​នូវ​ការ​ប្រមូលផ្ដុំ​​រាស្ត្រ​នៃ​សេចក្ដីសញ្ញា​ទៅ​កាន់​ដំណាក់​នៃ​ការអធិស្ឋាន​នៅ​ថ្ងៃ​របស់​ព្រះអម្ចាស់ប្រចាំ​សប្ដាហ៍ផងដែរ ប្រយោជន៍​ឲ្យ​យើង​អាច « រក្សា​ខ្លួន [ យើង ] ឲ្យ​បាន​ពេញ​លេញ កុំ​ឲ្យ​ប្រឡាក់​ពី​លោកិយ » ។២០ វា​គឺជា​ការ​ប្រមូល​ផ្ដុំ​ដើម្បី​ទទួល​ទាន​នំប៉័ង និង​ទឹក​នៃ​ពិធី​សាក្រាម៉ង់ ដើម្បី​រំឭកចាំ​ពី​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ និង​ជាពេល « ដើម្បី​តម​អាហារ ហើយ​អធិស្ឋាន ហើយ​ពិគ្រោះ​គ្នា​​អំពី​សុខុមាល​ភាព​ដល់​ព្រលឹង [ របស់​យើង ] » ។២១ កាលពី​ក្មេង ខ្ញុំ​គឺជា​សមាជិក​សាសនាចក្រ​តែ​ម្នាក់​គត់​នៅ​ក្នុង​វិទ្យាល័យ​របស់​ខ្ញុំ ។ ខ្ញុំ​រីករាយ​នឹង​ការ​មាន​មិត្តភក្ដិ​ល្អៗ​នៅ​ក្នុង​សាលា ប៉ុន្តែ​ខ្ញុំ​ដឹង​ថា ខ្ញុំ​បាន​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​ប្រមូល​ផ្ដុំ​នៅ​ថ្ងៃ​ឈប់សម្រាក​ជារៀង​រាល់​សប្ដាហ៍នេះ​ដើម្បី​ធ្វើ​ឲ្យ​ជីវិតខាង​វិញ្ញាណ និង​ខាង​សាច់​ឈាម​របស់​ខ្ញុំ​មាន​ភាព​ស្រស់​ស្រាយ​ឡើង​វិញ ។ យើង​សោកស្ដាយ​ជា​ខ្លាំង​ចំពោះ​ការ​បាត់បង់​នូវ​ការ​ប្រមូល​ផ្ដុំ​នៃ​រាស្ត្រ​ក្នុង​សេចក្ដី​សញ្ញា​ជាប្រចាំ​នេះ នៅ​អំឡុង​ជំងឺរាតត្បាត​នា​ពេល​បច្ចុប្បន្ន ហើយ​យើង​ក៏​អន្ទះសា​ចាំ​ពេល​កាល​ដែល​យើង​អាច​ជួបជុំ​គ្នា​ម្តងទៀត​ដូច​ដើម ។

រាស្ត្រ​នៃ​សេចក្ដីសញ្ញា ក៏​ប្រមូល​ផ្ដុំ​គ្នា​ទៅ​ព្រះវិហារ​បរិសុទ្ធ ជា​ដំណាក់​របស់​ព្រះអម្ចាស់ ដើម្បី​ទទួល​ពិធី​បរិសុទ្ធ ពរជ័យ និង​វិវរណៈ​ថ្មីៗ​ដែល​មាន​នៅ​ទីនោះ ។ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​បង្រៀន​ថា « តើ​អ្វី​ជា​វត្ថុ​បំណង​នៃ​ការប្រមូល​ផ្តុំ …រាស្ត្រ​នៃ​ព្រះ​នៅ​គ្រប់​ជំនាន់​នៃ​មនុស្ស​លោក ? … គោលបំណង​ចម្បង​គឺ​ដើម្បី​សង់​ដំណាក់​មួយ​ថ្វាយ​ព្រះ​អម្ចាស់ ជាទី​ដែល​ទ្រង់​អាច​បើក​សម្ដែង​ដល់​រាស្ត្រ​ទ្រង់​នូវ​ពិធីបរិសុទ្ធ​នៃដំណាក់​របស់​ទ្រង់ និង​សិរីល្អ​នៃ​នគរ​របស់ទ្រង់ ហើយ​បង្រៀន​ពួកគេ​ពី​របៀប​នៃ​សេចក្ដី​សង្គ្រោះ ដ្បិត​មាន​ពិធី​បរិសុទ្ធ និង​គោលការណ៍​ជាក់លាក់​ដែល​ត្រូវធ្វើ​ឡើង​នៅ​ក្នុង​កន្លែង​មួយ ឬ ដំណាក់​ដែល​បាន​សង់​ឡើង​ក្នុង​គោលបំណង​នោះ​ពេល​វា​ត្រូវ​បាន​បង្រៀន ហើយ​បាន​អនុវត្ត » ។២២

ទទួល​បាន​ការ​សន្យា​នៃ​សេចក្ដីសញ្ញា

ជា​ទីបញ្ចប់ មាន​តែ​ការ​ដើរ​នៅ​លើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​ប៉ុណ្ណោះ ទើប​យើង​ទទួល​បាន​ពរជ័យ​នៃ អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប ជា​ពរជ័យ​ចុង​ក្រោយ​នៃ​សេចក្ដី​សង្គ្រោះ និង​ភាព​តម្កើង​ឡើង​ដែល​មាន​តែ​ព្រះ​ប៉ុណ្ណោះទើប​អាច​ប្រទាន​ឲ្យ​បាន ។២៣

ជារឿយៗ សេចក្ដី​យោង​បទគម្ពីរ​ស្តីពី​រាស្ត្រ​នៃ​សេចក្ដី​សញ្ញា មានន័យថា ពូជ​ពង្ស​របស់​អ័ប្រាហាំ ឬ « វង្ស​អ៊ីស្រាអែល » ។ ប៉ុន្តែ​រាស្ត្រ​នៃ​សេចក្ដី​សញ្ញា​ក៏​រាប់​បញ្ចូល​អ្នក​ដែល​ទទួល​ដំណឹងល្អនៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដែរ ។២៤ ប៉ុល​បាន​ពន្យល់ ៖

« ព្រោះ អស់ អ្នក ដែល បាន ទទួល បុណ្យ ជ្រមុជ ក្នុង ព្រះគ្រីស្ទ នោះ ឈ្មោះ ថា បាន ប្រដាប់ កាយ ដោយ ព្រះគ្រីស្ទ ហើយ ។…

« ហើយ​បើ​អ្នក​រាល់​គ្នា​ជា​របស់​ផង​ព្រះគ្រីស្ទ នោះ​ក៏​ពេញ​ជា​ពូជ​របស់​លោក​អ័ប្រាហាំ ហើយ​ក៏ជា​អ្នក​គ្រង​មរដក​តាម​សេចក្តី​សន្យា​ផង » ។២៥

អ្នក​ដែល​មាន​ភក្ដីភាព​ចំពោះ​សេចក្ដី​សញ្ញា​របស់​ពួកគេ ​« នឹង​ចេញ​មក​ក្នុង​ដំណើរ​រស់ឡើងវិញ​នៃ​មនុស្ស​សុចរិត » ។២៦ ពួកគេ​ត្រូវ « បាន​ធ្វើ​ឲ្យ​ល្អ​ឥត​ខ្ចោះ​តាម​រយៈ​ព្រះ​យេស៊ូវ​ដ៏​ជា​អ្នក​កណ្ដាល​នៃ​សេចក្ដី​សញ្ញា​ថ្មី ។ … ពួក​គេ​នេះ​ហើយ ដែល​មាន​រូប​កាយ​ខាង​សេឡេស្ទាល ដែល​មាន​រស្មី​ដូច​ជា​ព្រះ​អាទិត្យ គឺជា​សិរី​ល្អ​នៃ​ព្រះ​ដែល​ខ្ពស់​បំផុត​ជាង​អ្វីៗ​ទាំង​អស់ » ។២៧ « ហេតុ​ដូច្នោះ​ហើយ គ្រប់​ទាំង​អស់​ជា​របស់​ផង​ពួក​គេ ទោះ​ជា​មាន​ជីវិត ឬ​សេចក្ដី​ស្លាប់ ឬ​របស់​នៅ​ជំនាន់​សព្វ​ថ្ងៃ ឬ​ទៅ​មុខ​ក្ដី គឺ​គ្រប់​ទាំង​អស់​ជា​របស់​ផង​ពួក​គេ ហើយ​ពួក​គេ​ជា​របស់​ផង​ព្រះ​គ្រីស្ទ ហើយ​ព្រះ​គ្រីស្ទ ទ្រង់​ជា​របស់​ព្រះ » ។២៨

ចូរ​យើង​ត្រង​ត្រាប់​ស្ដាប់​ការអំពាវនាវ​របស់​ព្យាការី​ឲ្យ​បន្ត​នៅ​លើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​នេះ ។ នីហ្វៃ បាន​ឃើញ​យើង និង​ជំនាន់យើង ហើយ​បាន​កត់​ត្រា​ថា « ខ្ញុំ​នីហ្វៃ​បាន​ឃើញថា ព្រះចេស្ដា​នៃ​កូនចៀម​នៃ​ព្រះ បាន​យាងចុះ​មក​សណ្ឋិត​លើ​ពួកបរិសុទ្ធ​ក្នុង​សាសនាចក្រ​នៃ​កូនចៀម ហើយ​លើ​រាស្ត្រ​ដែល​នៅក្នុង​សេចក្ដីសញ្ញា​នៃ​ព្រះអម្ចាស់ ដែល​បាន​ខ្ចាត់​ខ្ចាយ​ពាសពេញ​លើ​ផ្ទៃ​ផែនដី ហើយ​ពួកគេ ប្រដាប់អាវុធ​ដោយ​សេចក្ដីសុចរិត និង​ដោយព្រះចេស្ដា​នៃព្រះ ដោយ​សិរីល្អដ៏​អស្ចារ្យ » ។២៩

ដោយ​នីហ្វៃ​« ហើយ​ព្រលឹង​ខ្ញុំ ក៏​ត្រេកអរ​ចំពោះ​សេចក្តីសញ្ញា ទាំងឡាយ​នៃ​ព្រះអម្ចាស់​ » ។៣០ នៅ​ថ្ងៃ​អាទិត្យ​នៃ​បុណ្យ​អ៊ីស្ទើរ​នេះ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់​គឺ​ជា​សេចក្ដី​សង្ឃឹម​របស់​យើង និង​ជា​ការអះអាង​ចំពោះ​អ្វីៗ​ដែល​បាន​សន្យា​នៅ​លើ​ផ្លូវ និង​ចុង​បញ្ចប់​នៃ​សេចក្ដីសញ្ញា ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕