សន្និសីទទូទៅ
ការរត់​តម្រង់ទៅ​ឯ​ទី
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២១


ការរត់​តម្រង់ទៅ​ឯ​ទី

វា​មិនមែន​អាស្រ័​យទៅលើ​អ្វី​ដែល​យើង​ឆ្លងកាត់​ក្នុង​ជីវិត​នោះទេ តែវា​អាស្រ័យ​ទៅលើ​អ្វី​ដែល​យើង​នឹង​ប្រែក្លាយ​វិញ​ទេតើ ។

នៅ​ពេល​ខ្ញុំ​អាន​គម្ពីរ​កិច្ចការ និង​សំបុត្រ​របស់​ប៉ុល ខ្ញុំភ្ញាក់​ផ្អើល​យ៉ាងខ្លាំង​ពី​របៀប​ដែល​ប៉ុល ត្រូវ​បាន​ជំរុញ​ដោយ​សេចក្តី​ស្រឡាញ់ និង​ការ​ដឹងគុណ​ក្នុង​ការបម្រើ ការបង្រៀន និង​ការថ្លែង​ទីបន្ទាល់​អំពី​ព្រះ​យេស៊ូវគ្រីស្ទ ។ តើ​បុគ្គល​រូប​​​នេះ​អាច​បម្រើ​ដោយ​សេចក្ដី​ស្រឡាញ់ និង​ការដឹងគុណ​បែបនេះ​យ៉ាង​ដូចម្តេច ជា​ពិសេស​បើ​គិត​ពី​ការរងទុក្ខ​ដ៏​ធំ​របស់គាត់ ? តើ​មាន​អ្វី​ដែល​ជំរុញប៉ុល​ឲ្យ​ធ្វើ​ការបម្រើ ? « ទាំង​រត់​តម្រង់​ទៅ​ឯទី ដើម្បី​ឲ្យ​បាន​រង្វាន់​នៃ​ការងារ​ដ៏​ខ្ពស់​របស់​ព្រះ​ក្នុង​ព្រះ​គ្រីស្ទយេស៊ូវ » ។

ដើម្បី​រត់តម្រង់​ទៅ​ឯ​ទី គឺ​ត្រូវ​បន្ត​ស្មោះត្រង់​នៅលើ « ផ្លូវ​តូច ហើយ​ចង្អៀត​នោះ​ដែល​នាំ​ទៅឯ​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច »ជាមួយ​ព្រះអង្គ​សង្រ្គោះ​ និង​ព្រះ​វរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌​របស់​យើង ។ ប៉ុល​ចាត់ទុក​ការរងទុក្ខ​របស់​លោក​ជា « សេចក្តីមិន​គួរ​ប្រៀប​ផ្ទឹម​នឹង​សិរីល្អ​ដែល​នឹង​បើក​សម្តែង​មក​ឲ្យ​យើង​រាល់​គ្នា​ឃើញ​នោះ​ទេ » ។ សំបុត្រ​របស់​ប៉ុល​ទៅកាន់​ភីលីព ដែល​លោក​បាន​សរសេរ ​ពេល​លោក​ជាប់​គុក គឺ​ជា​សំបុត្រ​នៃ​អំណរ និង​ក្តី​រីករាយ​ដ៏​លើស​លប់ និង​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​យើង​ទាំង​អស់​គ្នា ជា​ពិសេស​នៅ​ក្នុង​គ្រា​លំបាកនៃ​ភាព​មិន​ប្រាកដ​ប្រជា​នេះ ។ យើង​ត្រូវ​មាន​សេចក្តី​ក្លាហាន​ដូចជា​ប៉ុល ៖ « ហើយ​ខ្ញុំ​ក៏​រាប់​គ្រប់​ទាំង​អស់​ទុក​ដូច​ជា​ខាត​ដែរ ដោយ​ព្រោះ​សេចក្តី​ដែល​ប្រសើរ​ជាង គឺ​ដោយ​ស្គាល់​ព្រះ​គ្រីស្ទយេស៊ូវ ជា​ព្រះ​អម្ចាស់​នៃ​ខ្ញុំ ដែល​ដោយ​យល់ដល់​ទ្រង់ ​ខ្ញុំ​បាន​ខាត​គ្រប់​ទាំង​អស់ ហើយ​បានរាប់ទាំងអស់​ទុក​ដូច​ជា​សំរាម ប្រយោជន៍​ឲ្យ​បាន​ព្រះ​គ្រីស្ទ​វិញ » ។

ខណៈដែល​យើង​មើល​​ទៅការងារបម្រើ​របស់​ប៉ុល នោះ​យើង​ទទួលបាន​ការបំផុសគំនិត និង​ការលើកស្ទួយ​ដោយ « ប៉ុល​ជា​ច្រើន​រូប » ​នៅក្នុង​សម័យ​យើង ដែល​បាន​បម្រើ បង្រៀន និង​ថ្លែង​ទីបន្ទាល់​ដោយ​ក្តី​ស្រឡាញ់ និង​អំណរគុណ​នៅ​កណ្តាល​ឧបសគ្គ​ដែល​ពួកគេ​កំពុង​ជួបប្រទះ​នៅក្នុង​ជីវិត​ និង​នៅក្នុង​ជីវិត​របស់​មនុស្ស​ជាទីស្រឡាញ់​របស់ពួកគេ​ ។ បទពិសោធន៍​មួយ​ដែល​ខ្ញុំ​មាន​កាលពីប្រាំបួន​ឆ្នាំ​កន្លងទៅ បាន​ជួយ​ខ្ញុំ​ឲ្យ​ស្គាល់​ពី​សារៈសំខាន់​នៃ​ការរត់តម្រង់​ទៅ​ឯ​ទីនោះ ។

នៅក្នុង​ឆ្នាំ ២០១២ កាល​​ខ្ញុំ​បាន​ឈាន​ជើង​ចូល​ទៅក្នុងការ​ប្រជុំ​​ថ្នាក់ដឹកនាំសម្រាប់​សន្និសីទទូទៅ​​ជា​លើក​ដំបូង ខ្ញុំ​មិន​អាច​ទប់​អារម្មណ៍​ភ័យខ្លាច និង​ភាព​ខ្វះខាត​បាន​​ទេ ។ នៅក្នុង​គំនិត​ខ្ញុំ​មាន​សំឡេង​មួយ​និយាយ​ដដែលៗថា « ឯង​មិនស័ក្ដិសម​នឹង​ក្រុម​នេះ​ទេ ! វា​ជា​កំហុស​ដ៏​ធំមួយ ! » កាលខ្ញុំ​កំពុង​​ព្យាយាមដើរ​រក​កន្លែង​អង្គុយ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​ឃើញ​ខ្ញុំ ។ លោក​បាន​ដើរ​មកជួប​ខ្ញុំ ហើយ​មាន​ប្រសាសន៍ថា « អែតវើត រីករាយ​ដែល​បាន​ជួបប្អូន​នៅទីនេះ » ហើយ​លោក​បាន​ទះមុខ​ខ្ញុំ​តិចៗ ។ ខ្ញុំ​មាន​អារម្មណ៍​ដូចជា​ទារក​ម្នាក់​ដូច្នោះ ! សេចក្តី​ស្រឡាញ់ និង​ការទទួល​យក​របស់​លោក​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​កក់ក្តៅ និង​ជួយ​ខ្ញុំ​ឲ្យ​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​មានចំណែក​មួយ​នឹង​គេដែរ ជា​ស្មារតីនៃភាពជា​បងប្អូនប្រុស ។ នៅ​ថ្ងៃ​បន្ទាប់ ខ្ញុំ​សង្កេត​ឃើញថា អែលឌើរ ហូឡិន បាន​ទះ​មុខ​របស់​អែលឌើរ ដាល្លិន អេក អូក ដែល​ជា​រៀមច្បង​របស់​លោក​តិចៗដោយ​កក់ក្ដៅ ! ​ដូច​ដែល​លោក​បាន​ធ្វើ​ចំពោះ​ខ្ញុំ​កាលពីថ្ងៃមុន​ ។

នៅគ្រា​នោះ ខ្ញុំ​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​របស់​ព្រះ តាមរយៈ​បុរស​ទាំងនេះ​ដែល​យើង​គាំទ្រ​ជា​ពួក​ព្យាការី ពួក​អ្នក​មើល​ឆុត និង​ពួក​អ្នក​ទទួល​វិវរណៈ ។ តាមរយៈ​សណ្តានចិត្តល្អ សកម្មភាព​ធម្មតាៗ​របស់​គាត់ អែលឌើរ ហូឡង់ បាន​ជួយ​ខ្ញុំ​យក​ឈ្នះ​ការគិត​តែ​ពី​ខ្លួនឯង និង​អារម្មណ៍​នៃភាព​ខ្វះខាតរបស់​ខ្ញុំ ។ លោក​បាន​ជួយ​ខ្ញុំ​ផ្តោតទៅ​លើ​កិច្ចការ​ពិសិដ្ឋ និង​រីករាយ ដែល​ខ្ញុំ​ត្រូវបាន​ហៅ—ឲ្យ​នាំ​ព្រលឹង​ទាំងឡាយ​មក​រក​ព្រះគ្រីស្ទ ។ លោកក៏​ដូចជា ប៉ុល ពី​សម័យ​បុរាណ​ដែរ ត្រូវបាន​តែងតាំង​ដើម្បី​រត់​តម្រង់​ទៅ​ឯ​ទី ។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះគឺ ប៉ុល កំពុង​ដាស់​តឿន​យើង​ឲ្យ​ឈាន​ទៅ​មុខ ខណៈ​ដែល​កំពុងហៅ​យើង​ឲ្យ​បំភ្លេច​ពី​អ្វី​ដែល​បាន​កន្លង​ហួស​ទៅ—ការ​ភ័យខ្លាច​ពី​អតីត​កាល ការ​ផ្តោត​អារម្មណ៍​ពី​អតីត​កាល ការបរាជ័យ​ពី​អតីត​កាល និង​ភាព​សោកសៅ​ពី​អតីតកាលរបស់​យើង ។ លោក​បាន​អញ្ជើញ​យើង ​ដូចគ្នា​នឹង​ព្យាការី​ជា​ទីស្រឡាញ់​របស់​យើង​ដែរ​គឺ ប្រធាន រ័សុល អិម ណិលសុន ឲ្យ​ « ទៅ​កាន់​របៀប​កាន់តែថ្មី និង​កាន់តែ​បរិសុទ្ធ​ » ។ សេចក្តី​សន្យា​របស់​ព្រះ​អង្គសង្រ្គោះ​គឺ​មាន​ពិតប្រាកដ​មែន ៖ « ព្រោះ​អ្នក​ណា​ដែល​ចង់​ឲ្យ​រួច​ជីវិត នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​បាត់​ជីវិត​ដោយ​ព្រោះ​​ខ្ញុំ នោះ​នឹង​បាន​ជីវិត​វិញ » ។

នៅក្នុង​សុន្ទរកថា​នៃ​សន្និសីទ​ទូទៅ​ដំបូង​របស់​ខ្ញុំ ខ្ញុំ​បាន​ចែកចាយ​បទពិសោធន៍​មួយ​ពី​ម្តាយ​ខ្ញុំ​បង្រៀន​ខ្ញុំ​ឲ្យ​ធ្វើការ​នៅ​ក្នុង​ចម្ការ ។ គាត់​បាន​មាន​ប្រសាសន៍ថា « កុំ​មើល​ក្រោយ​ឡើយ » ។ « ចូរ​មើល​ទៅ​មុខ​នូវ​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​បន្ដ​ទៀត​វិញ ! » ។

នៅ​ជិត​ចុង​បញ្ចប់​នៃ​ជីវិត​របស់​គាត់ គាត់​បាន​រស់នៅ​ជាមួយ នូមី និង​ខ្ញុំ កាល​គាត់​បាន​ពុះពារ​នឹង​ជំងឺ​មហារីក ។ នា​យប់​មួយ ខ្ញុំ​បាន​ឮ​សំឡេង​គាត់​យំ​នៅក្នុង​បន្ទប់​ដេករបស់​គាត់ ។ គាត់ឈឺចាប់ខ្លាំង​ណាស់ សូម្បីតែ​បន្ទាប់​ពី​បាន​ពិសារ​ថ្នាំ​ម៉ុលហ្វីន​ប្រចាំ​ថ្ងៃ​ចុងក្រោយ​របស់​គាត់​ទើបតែ​បាន​ពីរ​ម៉ោង​​ក៏​ដោយ ។

ខ្ញុំ​បាន​ចូល​ក្នុង​បន្ទប់​គាត់ ហើយ​បាន​យំ​ជាមួយ​គាត់ ។ ខ្ញុំ​បាន​អធិស្ឋាន​ឮៗ​សូម​ឲ្យ​គាត់​បាន​ធូរស្រាល​ពី​ការឈឺចាប់​របស់​គាត់​ភ្លាមៗ ។ ហើយ​បន្ទាប់មក គាត់​បាន​ធ្វើ​រឿង​ដដែលៗ ដូចជា​គាត់​បាន​ធ្វើ​នៅ​ឯ​ចម្ការកាល​ពីជាច្រើន​ឆ្នាំ​កន្លង​ទៅ ៖ គាត់​ឈប់ ហើយ​បង្រៀន​ខ្ញុំ​នូវ​មេរៀន​មួយ ។ ខ្ញុំ​មិន​អាច​បំភ្លេច​ទឹកមុខ​​គាត់​នៅ​គ្រា​នោះ​បាន​ឡើយ ៖ ទឹកមុខ​ទន់ខ្សោយ ភិតភ័យ និង​ឈឺចាប់​យ៉ាងខ្លាំង កាល​សម្លឹង​មើល​ទៅ​កូន​ប្រុស​ដ៏​គួរ​ឲ្យ​អាណិត​របស់​គាត់ ។ គាត់​ញញឹម​ទាំង​ទឹកភ្នែក ដោយ​សម្លឹង​មើលមុខ​ខ្ញុំ ហើយ​បាន​មាន​ប្រសាសន៍ថា « វា​មិន​អាស្រ័យ​ទៅ​លើ​កូន ឬ​នរណា​ម្នាក់​ឡើយ ប៉ុន្តែវា​អាស្រ័យ​ទៅ​លើ​ព្រះ ថាតើ​ការឈឺចាប់​នេះ​នឹង​បាន​ធូរស្រាល​ឬ​អត់​នោះ » ។

ខ្ញុំ​បាន​អង្គុយ​ចុះ​ដោយ​ស្ងាត់ស្ងៀម ។ គាត់​ក៏​អង្គុយ​ដោយ​ស្ងាត់ស្ងៀម​ដែរ ។ ​ខ្ញុំ​នៅ​ចាំទិដ្ឋភាព​នោះ​យ៉ាង​ច្បាស់ ។ នៅយប់​នោះ ព្រះអម្ចាស់​បាន​បង្រៀន​មេរៀន​មួយ​ដែល​ខ្ញុំ​នឹង​ចងចាំ​ជា​និច្ច​តាមរយៈ​ម្តាយ​របស់ខ្ញុំ ។ នៅពេល​ម្ដាយ​ខ្ញុំ​បាន​បង្ហាញ​ពី​ការ​ធ្វើតាម​ព្រះទ័យ​របស់​ព្រះ ខ្ញុំ​ចាំ​ពី​មូលហេតុ​ដែល​ព្រះ​យេស៊ូវគ្រីស្ទ​រងទុក្ខ​នៅ​សួនច្បារ​គែតសេម៉ានី និង​នៅលើ​ឈើឆ្កាង នៅឯ​ភ្នំ គាល់កូថា ។ ទ្រង់​បាន​មាន​បន្ទូល ៖ « មើលចុះ យើង​បាន​ប្រទាន​ដល់អ្នក​រាល់​គ្នា​នូវ​ដំណឹងល្អ ​[ របស់​យើង ] ហើយ​នេះគឺជា​ដំណឹងល្អ​ដែល​យើង​បាន​ប្រទាន​ដល់​អ្នករាល់​គ្នា គឺ​យើង​បាន​មក​ឯ​លោកិយ​នេះ ដើម្បី​ធ្វើ​តាម​ព្រះហឫទ័យ​នៃ​ព្រះវរបិតា​របស់​យើង ពី​ព្រោះ​ព្រះវរបិតា​របស់​យើង​ទ្រង់​បានចាត់​ឲ្យ​យើង​មក » ។

រូបភាព
ព្រះគ្រីស្ទនៅក្នុងសួនច្បារគែតសេម៉ានី

ខ្ញុំ​គិត​ដល់នូវសំណួរ​ដ៏​បំផុស​គំនិត​របស់​ព្យាការី​ជា​ទីស្រឡាញ់​របស់​យើង គឺ​​ប្រធាន ណិលសុន កាល​ពី​សន្និសីទ​ទូទៅ​ឆ្នាំមុន ។ ប្រធាន ណិលសុន បាន​សួរ ៖ « តើ បងប្អូន ស្ម័គ្រចិត្ត​ទុក​ឲ្យ​ព្រះ​ឈ្នះ​នៅ​ក្នុង​ជីវិត​របស់​បងប្អូន​ដែរ​ឬទេ ? តើ បងប្អូនស្ម័គ្រចិត្ត​ទុក​ឲ្យ​ព្រះ​មាន​ឥទ្ធិពល​ដ៏​ខ្លាំង​បំផុត​នៅ​ក្នុង​ជីវិត​របស់​បងប្អូន​ដែរ​ឬ​ទេ ? … តើ​បងប្អូន​នឹង​អនុញ្ញាតឲ្យ​សំឡេង​របស់ទ្រង់​មាន … អាទិភាព​លើស​សំឡេង​ដទៃ​ដែរ​ឬ​ទេ ? តើបងប្អូន ស្ម័គ្រចិត្តដើម្បី​ទុកឲ្យ​ព្រះទ័យ​ទ្រង់​គ្រប​លើ​ចិត្ត​របស់​បងប្អូន​ដែរ​ឬ​ទេ ? ម្ដាយ​ខ្ញុំ​នឹង​ឆ្លើយ​ដោយ​រំភើបចិត្ត ប៉ុន្តែ​យ៉ាងរឹងមាំ​ថា « យល់ព្រម » ហើយ​សមាជិក​ស្មោះត្រង់​ដទៃ​ទៀត​នៃ​សាសនាចក្រ​នៅ​ទូទាំង​ពិភពលោក​ក៏​នឹង​ឆ្លើយ​ដោយ​រំភើបចិត្ត ប៉ុន្តែ​យ៉ាងរឹង​មាំ​ដែរថា « យល់ព្រម » ។ សូម​អរគុណ​ប្រធាន ណិលសុន សម្រាប់​សំណួរដ៏​បំផុសគំនិត និង​លើកស្ទួយ​ទាំងនេះ ។

ថ្មីៗ​នេះ ខ្ញុំ​បាន​សន្ទនា​ជាមួយ​ប៊ីស្សព នៅ ព្រីតូរីយ៉ា អាហ្វ្រិក​ខាង​ត្បូង ដែល​គាត់បាន​បញ្ចុះ​សព​ភរិយា និង​កូនស្រី​វ័យ​កណ្តាល​របស់​គាត់​នៅ​ក្នុង​​ថ្ងៃ​តែ​មួយ ។ ជីវិត​របស់​ពួកគាត់​ត្រូវបាន​ឆក់​យក​ដោយ​ការ​រាតត្បាត​នៃ​វីរុស​កូរ៉ូណា ។ ខ្ញុំ​បាន​សួរ​សុខទុក្ខ​គាត់ ។ ចម្លើយ​របស់​ប៊ីស្សព ធីឌឌី ថាប៊ីធី បាន​ពង្រឹង​ការ​តាំងចិត្ត​របស់​ខ្ញុំ ឲ្យធ្វើ​តាម​ប្រសាសន៍ ​និង​ដំបូន្មាន​ពី​ព្យាការី អ្នក​មើល​ឆុត និង​អ្នក​ទទួល​វិវរណៈ​របស់​ព្រះ​អម្ចាស់ ។ ប៊ីស្សព ថាប៊ីធី បាន​ឆ្លើយថា សេចក្តី​សង្ឃឹម និង​ការលួងលោម​តែងតែ​មាន​ជានិច្ច ដោយ​ការ​ដឹងថា ព្រះ​អង្គ​សង្គ្រោះ​បាន​លើក​ដាក់​លើ​ព្រះអង្គ​ទ្រង់​នូវ​ការឈឺចាប់​របស់​រាស្រ្ត​ទ្រង់ ថា​ទ្រង់​ដឹង​ពី​របៀប​ដើម្បី​ជួយ​យើង ។១០ គាត់​បាន​ថ្លែង​ទីបន្ទាល់​ដោយ​សេចក្ដីជំនឿ​ដ៏​រឹងមាំ​ថា « ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ជា​ផែនការ​នៃ​សុភមង្គល » ។ បន្ទាប់មក គាត់​បាន​សួរ​សំណួរ​មួយ​ដល់​ខ្ញុំ​ថា « តើ​នេះ​មិនមែន​ជា​អ្វី​ដែល​ព្យាការី​របស់​យើង​បាន​ព្យាយាម​បង្រៀន​យើង​កាល​ពី​សន្និសីទ​មុន​ទេ​ឬ​អី ? »

ខណៈ​ដែល​ឧបសគ្គ​នៃ​ជីវិត​រមែង​ស្លាប់​នឹង​ធ្លាក់​មកលើ​យើង​ម្នាក់ៗ តាម​របៀប​ផ្សេងៗគ្នា សូម​ឲ្យ​យើង​ផ្តោត​ទៅលើ​គោលដៅ​នៃ « [ ការ ] រត់​តម្រង់​ទៅ​ឯ​ទី » ​របស់​យើង ដែល​ជា « រង្វាន់​នៃ​ការងារ​ដ៏ខ្ពស់​របស់​ព្រះ » ។១១

ការអញ្ជើញ​ដ៏​រាបសា​របស់​ខ្ញុំ​ចំពោះ​បងប្អូន​ទាំងអស់​គ្នា​គឺ​កុំបោះបង់​ឡើយ ! យើង​ទាំងអស់​គ្នា​ត្រូវ​បាន​ហៅឲ្យ « ​ចោល​អស់​ទាំង​បន្ទុក និង​អំពើ​បាប ដែល​រុំ​យើង​ជុំវិញ​ជា​ងាយ​ម្ល៉េះ​នោះចេញ ហើយ​ត្រូវ​រត់​ក្នុង​ទីប្រណាំង ដែល​នៅ​មុខ​យើង » ។១២

វា​មិនមែន​អាស្រ័​យទៅលើ​អ្វី​ដែល​យើង​ឆ្លងកាត់​ក្នុង​ជីវិត​នោះទេ តែវា​អាស្រ័យ​ទៅលើ​អ្វី​ដែល​យើង​នឹង​ប្រែក្លាយ​វិញ​ទេតើ ។ មាន​អំណរ​នៅក្នុង​ការរត់​តម្រង់​​ទៅ​ឯ​ទី​នោះ ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា ទ្រង់​ដែល​បាន​យកឈ្នះ​អ្វីៗ​ទាំងអស់ នឹង​ជួយ​យើង​ឲ្យ​យក​ឈ្នះ​ផងដែរ កាលយើង​ធ្វើ​តាម​ទ្រង់ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។