សន្និសីទទូទៅ
ព្រះអង្គសង្គ្រោះ​ផ្ទាល់​របស់​យើង
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២១


ព្រះអង្គសង្គ្រោះ​ផ្ទាល់​របស់​យើង

ដោយសារ​តែ​ការលះបង់​ដ៏​ធួន​របស់​ទ្រង់ ព្រះអង្គ​សង្គ្រោះ​មាន​អំណាច​ដើម្បី​សម្អាត​ ព្យាបាល និង​ពង្រឹង​យើងម្ដង​ម្នាក់ៗ ។

ខ្ញុំ​មាន​អំណរគុណ​ដែល​បាន​ជួប​បងប្អូន​នៅព្រឹក​បុណ្យអ៊ីស្ទើរ​ដ៏​អស្ចារ្យ​នេះ ។ ពេល​​ខ្ញុំ​គិតអំពី​បុណ្យ​អ៊ីស្ទើរ ​ខ្ញុំ​ចូលចិត្តនិយាយ​ក្នុង​ចិត្ត​នូវពាក្យ​ដែល​ទេវតា​បាន​និយាយ​ទៅកាន់​អស់អ្នក​ដែល​នៅឯ​ផ្នូរ​ក្នុង​សួនថា​« ហេតុ​អ្វី​បាន​ជា​មក​រក​ព្រះអង្គ​ដែល​មាន​ព្រះជន្ម​រស់​នៅ​ក្នុង​ទី​ខ្មោច​ស្លាប់​ដូច្នេះ ? ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ហើយ មិន​គង់​នៅ​ទី​នេះ​ទេ » ។ ខ្ញុំ​សូម​ថ្លែងទី​បន្ទាល់​ថា ព្រះយេស៊ូវ​នៃ​ណាសារ៉ែត​បានមាន​ព្រះជន្ម​ឡើងវិញ​ហើយ​ទ្រង់មាន​ព្រះជន្ម​នៅរស់ ។

តើអ្នក​រាល់​គ្នា​គិត​ពី​ព្រះគ្រីស្ទ​ដូច​ម្តេច ?

កាល​ពី​សាមសិបបួន​ឆ្នាំ​កន្លងទៅ ដៃគូ​ផ្សព្វផ្សាយសាសនា​របស់ខ្ញុំ និង​ខ្ញុំ បាន​បង្រៀន​បុរស​ឈ្លាសវៃ​ម្នាក់​ដែល​ជា​អ្នក​និពន្ធ​ឲ្យ​សារព័ត៌មាន​ក្នុង​ស្រុក​នៅទីក្រុង ដាវោ ប្រទេស​ហ្វីលីពីន ។ យើង​រីករាយក្នុង​ការបង្រៀន​គាត់ ​ព្រោះ​គាត់មាន​សំណួរ​ច្រើន​ តែ​គោរព​ជំនឿ​របស់យើង​ណាស់ ។ សំណួរ​ដែលគួរ​ឲ្យ​ចងចាំ​បំផុត​ដែលគាត់​បានសួរ​យើង​នោះគឺ ​« តើ​អ្នក​រាល់​គ្នា​គិត​ពី​ព្រះគ្រីស្ទ​ដូច​ម្តេច ? »​ យើង​ពិតជា​រីករាយ​ណាស់​ដែលបាន​ចែកចាយ​អារម្មណ៏​របស់យើង និង​បានថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ ក្រោយ​មក​គាត់​បាន​បោះពុម្ព​អត្ថបទ​មួយ​អំពី​ប្រធានបទ​ដូចគ្នា ​ដែលមាន​ពាក្យ និង​ឃ្លាដ៏​អស្ចារ្យ​អំពី​ព្រះអង្គ​សង្គ្រោះ ។ ខ្ញុំ​ចាំថា​ខ្ញុំមាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ប៉ុន្តែ​ពុំបំផុស​គំនិតទេ ។ វា​មាន​ព័ត៌មាន​ល្អ​ ប៉ុន្តែ​មាន​អារម្មណ៍ថា​ ភ្លេច​អ្វីមួយ និង​ខ្វះ​អំណាច​ខាងវិញ្ញាណ ។

បង្កើន​ការស្គាល់​ទ្រង់​ឲ្យ​កាន់តែ​ច្បាស់

« តើ​អ្នករាល់គ្នា​គិតពី​ព្រះគ្រីស្ទ​ដូចម្តេច ? » ខ្ញុំ​ដឹងថា​បើ​ខ្ញុំ​ស្គាល់ព្រះអង្គសង្គ្រោះ​សំខាន់​បាន​លឿន​ប៉ុណ្ណា នោះខ្ញុំមាន​សមត្ថភាព​ដើម្បី​ស្តាប់ទ្រង់បាន​ល្អ​ដូចជា​​ខ្ញុំ​ឆ្លើយតប​ផងដែរ ។ កាលពី​ប៉ុន្មាន​ឆ្នាំមុន​អែលឌើរ​ដេវីឌ អេ បែដណា​ បាន​សួរ​សំណួរ​ដូច​តទៅនេះ​ ក្នុង​​សុន្ទរកថា​របស់​លោកថា ៖ « តើ​យើង​គ្រាន់តែ​ដឹងពី​ព្រះអង្គ​សង្គ្រោះ​ ឬ​ក៏​យើង​ស្គាល់​ទ្រង់​កាន់តែ​ខ្លាំងឡើង ? តើ​យើង​មក​ស្គាល់​ព្រះអម្ចាស់​តាម​របៀបណា ? »​

ពេល​ខ្ញុំ​សិក្សា និង​ពិចារណា​ខ្ញុំ​បានដឹង​យ៉ាង​ច្បាស់ថា​អ្វី​ដែលខ្ញុំ​ដឹង​អំពី​ព្រះអង្គ​សង្គ្រោះ​មាន​ទម្ងន់​ច្រើន​ជាង ខ្ញុំ​ស្គាល់​ទ្រង់ដោយពិត ។ ​ពេលនោះ​ខ្ញុំ​បាន​សម្រេច​ចិត្តថា​ត្រូវ​ខិតខំ​​ស្គាល់​ព្រះអង្គថែមទៀត ។ ខ្ញុំ​មាន​អំណរគុណសម្រាប់​បទគម្ពីរ និង​ទីបន្ទាល់​របស់​ពួកសិស្ស ​ជា​បុរស និង​ស្ត្រី​ស្មោះ​ត្រង់​ក្នុង​សាសនាចក្រ​យើង ។ ការខិតខំ​របស់​ខ្ញុំ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បាន​នាំឲ្យ​ខ្ញុំ​សិក្សា​និង​ស្រាវជ្រាវជាច្រើន ។ ខ្ញុំ​អធិស្ឋាន​សូមឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បញ្ជូន​សារ​ទៅ​កាន់បងប្អូន​នៅថ្ងៃនេះ​ ឲ្យបាន​ច្រើន​ជាងពាក្យ​ដែលខ្ញុំ​បាន​រៀបរាប់ ។

ដំបូង ​យើង​ត្រូវ​ទទួល​ស្គាល់ថា​ការស្គាល់​ព្រះអង្គ​សង្គ្រោះ​គឺជា​ការស្វែងរក​ដ៏សំខាន់​បំផុត​នៅក្នុង​ជីវិត​របស់​យើង ។ វា​គួរតែមាន​អាទិភាព​លើសពី​អ្វីៗ​ផ្សេងទៀត ។

« នេះ​ជា​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច គឺ​ឲ្យ​គេ​បាន​ស្គាល់​ដល់​ទ្រង់​ដ៏​ជា​ព្រះ​ពិត​តែ​១ នឹង​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក​ផង » ។

« ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា​ ខ្ញុំ​ជា​ផ្លូវ​ ជា​សេចក្តី​ពិត ហើយ​ជា​ជីវិត បើ​មិន​មក​តាម​ខ្ញុំ នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះវរបិតា​បាន​ឡើយ » ។

« ខ្ញុំ​ជា​ពន្លឺ​លោកីយ៍ អ្នក​ណា​ដែល​តាម​ខ្ញុំ នោះ​មិន​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត​ឡើយ គឺ​នឹង​មាន​ពន្លឺ​នៃ​ជីវិត​វិញ » ។

ទីពី នៅពេល​យើង​បង្កើន​ការ​ស្គាល់​ព្រះអង្គ​សង្គ្រោះ​កាន់តែ​ច្បាស់ ​នោះ​បទគម្ពីរ និង​ពាក្យសម្ដី​​របស់​ពួកព្យាការី​នឹងកាន់តែ​មាន​អត្ថន័យ​ជ្រាលជ្រៅ​ចំពោះ​យើង​ ដែល​វា​ក្លាយ​ទៅជា​ពាក្យ​របស់​យើងផ្ទាល់​ផងដែរ ។ វា​ពុំមែន​និយាយចម្លង​ពាក្យសម្ដី ​អារម្មណ៍ និង​បទពិសោធន៍​របស់​អ្នកដទៃ​ទេ​ ប៉ុន្តែ​ជា​ការ​ស្គាល់​ដោយ​ខ្លួនយើង​ផ្ទាល់​តាមវិធី​ពិសេស​ផ្ទាល់ខ្លួន ​ដោយ​ការពិសោធន៍​ទៅលើ​ព្រះបន្ទូល​ទាំងឡាយ ​និងការ​ទទួលបាន​សាក្សី​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ដូច​ព្យាការី​អាលម៉ា​បាន​ប្រកាសថា​ ៖

« តើ​អ្នករាល់គ្នា​គិត​ស្មាន​ថា ខ្ញុំ​ដឹង​រឿង​ទាំងនេះ​ដោយ​ខ្លួន​ឯង​ឬ​អី ? មើល​ចុះ ខ្ញុំ​សូម​ធ្វើ​ទីបន្ទាល់​ដល់​អ្នករាល់គ្នា​ថា ខ្ញុំ​ដឹង​រឿង​ដែល​ខ្ញុំ​បាន​និយាយ​ទាំង​អម្បាល​ម៉ាន​នេះ​ថា​ជារឿង​ពិត ។ ហើយ​តើ​អ្នករាល់គ្នា​គិត​ស្មានថា ខ្ញុំ​ដឹង​រឿងទាំងនេះ​យ៉ាងប្រាកដ​ដូចម្ដេច ដែរ ?

« មើលចុះ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា រឿង​ទាំងនេះ​គឺ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​ព្រះ​ទ្រង់​បាន​ប្រាប់​ដល់​ខ្ញុំ ។ មើលចុះ ខ្ញុំ​បាន​តម​អាហារ ហើយ​បាន​អធិស្ឋាន​ជាច្រើន​ថ្ងៃ​ដើម្បី​ខ្ញុំ​អាច​ដឹង​នូវ​រឿង​ទាំងនេះ​ដោយ​ខ្លួន​ខ្ញុំ ។ ហើយ​ឥឡូវ​នេះ ខ្ញុំ​ដឹង​រឿង​ទាំងនោះ​ដោយ​ខ្លួន​ខ្ញុំ​ថា​ជា​រឿង​ពិត ព្រោះ​ព្រះអម្ចាស់​ដ៏​ជា​ព្រះ​ទ្រង់​បាន​សម្ដែង​ប្រាប់​ខ្ញុំ ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់ ហើយ​នេះ​គឺជា​វិញ្ញាណ​នៃ​វិវរណៈ​ដែល​មាន​នៅ​ក្នុង​ខ្លួន​ខ្ញុំ » ។

ទីបី ការបង្កើន​ការ​យល់ដឹង​ថា​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​អនុវត្ត​ចំពោះ​យើងផ្ទាល់ម្នាក់ៗ នឹង​ជួយយើង​ឲ្យ​ស្គាល់ទ្រង់ ។ ជា​ញឹកញាប់​វា​ងាយស្រួល​ដើម្បី​​យើងគិត និង​និយាយ​អំពី​ដង្វាយធួន​របស់​ព្រះគ្រីស្ទ​ជា​លក្ខណៈទូទៅ​ ជាជាង​ការស្គាល់​ពី​សារៈសំខាន់​​នៅក្នុង​ជីវិត​របស់​យើង​ផ្ទាល់ ។ ដង្វាយ​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​គឺនិរន្តរ៍ និង​អស់កល្ប​ជានិច្ច ​ហើយ​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ​ដែល​រាប់បញ្ចូល​អ្វីៗ​ទាំងអស់ ​ហើយ​អនុវត្ត​ចំពោះ​មនុស្ស​គ្រប់គ្នា នោះ​វាក៏​ជះឥទ្ធិពល​មកលើ​យើង​រៀងៗខ្លួន និងដោយ​ផ្ទាល់​ផងដែរ ។ ដោយសារ​តែ​ការលះបង់​ដ៏​ធួន​របស់​ទ្រង់ ព្រះអង្គ​សង្គ្រោះ​មាន​អំណាច​ដើម្បី​សម្អាត​ ព្យាបាល និង​ពង្រឹង​យើងម្ដង​ម្នាក់ៗ ។

បំណង​ប្រាថ្នា​តែមួយ​គត់​របស់​ព្រះអង្គ​សង្គ្រោះ គោលបំណង​តែ​មួយគត់​របស់​ព្រះអង្គ​តាំងពី​ដំបូងមក​គឺ ​ធ្វើតាម​ព្រះហឫទ័យ​របស់​ព្រះវរបិតា ។ ព្រះហឫទ័យ​របស់​ព្រះវរបិតា​គឺ​ឲ្យទ្រង់​ជួយ​ក្នុង ​« ការ ​[ នាំ ] ​ឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដល់​មនុស្ស »​ដោយ​ទ្រង់​ក្លាយជា​ « ព្រះ​ដ៏​ជា​ជំនួយ១​អង្គ​ហើយ ដែល​ទ្រង់​គង់​នៅ​ចំពោះ​ព្រះវរបិតា » ។១០ ហើយ​ទោះ​ « បើ​ទ្រង់​ជា​ព្រះរាជបុត្រា​ក៏​ដោយ គង់​តែ​ទ្រង់​បាន​រៀន​ស្តាប់​បង្គាប់ ដោយសារ​ការ​ដែល​ទ្រង់​រង​ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន​នោះ​ដែរ រួច​កាល​ទ្រង់​បាន​គ្រប់​លក្ខណ៍​ហើយ នោះ​ទ្រង់​បាន​ត្រឡប់​ជា​មេ​បង្កើត​នៃ​សេចក្តី​សង្គ្រោះ​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដល់​អស់​អ្នក​ណា​ដែល​ស្តាប់​បង្គាប់​ទ្រង់ » ។១១

« ហើយ​ទ្រង់​នឹង​យាង​ទៅ​ដោយ​រង​ការ​ឈឺ​ចាប់ និង​ទុក្ខ​វេទនា និង​ការ​ល្បួង​គ្រប់​បែប​យ៉ាង ។ …

ហើយ​ទ្រង់​នឹង​យក​ដាក់​លើ​រូបអង្គ​ទ្រង់​នូវ​សេចក្ដី​ស្លាប់ ដើម្បី​ទ្រង់​អាច​ស្រាយ​ចំណង​ទាំង​ឡាយ​នៃ​សេចក្ដី​ស្លាប់​ដែល​ចង​រាស្ត្រ​ទ្រង់ ហើយ…ទ្រង់​នឹង​ដាក់​លើ​រូប​អង្គ​ទ្រង់​នូវ​ជំងឺ​ឈឺ​ចាប់​របស់​ពួកគេ​ដើម្បី​ឲ្យ​ព្រះ​ហឫទ័យ​ទ្រង់​បាន​ពោរពេញ​ទៅ​ដោយ​សេចក្ដី​មេត្តា​ករុណា…ដើម្បី​ទ្រង់​អាច​ដឹង​ស្រប​តាម​សាច់ឈាម​ថា តើ​ត្រូវ​ជួយ​រាស្ត្រ​ទ្រង់​បែប​ណា​តាម​ជំងឺ​របស់​គេ ។

« … ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ស៊ូ​រង​ឈឺ​ចាប់ ស្រប​តាម​សាច់ឈាម ដើម្បី​ទ្រង់​អាច​យក​ដាក់​លើ​រូបអង្គ​ទ្រង់​នូវ​អំពើ​បាប​ទាំង​ឡាយ​របស់​រាស្ត្រ​ទ្រង់ ដើម្បី​ទ្រង់​អាច​លុប​ចោល​នូវ​អំពើ​រំលង​ទាំង​ឡាយ​របស់​គេ ស្រប​តាម​ព្រះ​ចេស្ដា​នៃ​ការ​ដោះ​លែង​របស់​ទ្រង់ » ។១២

ខ្ញុំ​សូម​ចែកចាយ​បទពិសោធន៍​ដ៏សាមញ្ញ​មួយ​ដែល​បង្ហាញ​ពីការ​តស៊ូ ​ដែល​ពេលខ្លះ​យើងត្រូវ​ឱបក្រសោប​យក​លក្ខណៈ​​ផ្ទាល់​នៃ​ដង្វាយធួន​របស់​ព្រះអម្ចាស់ ។

ជាច្រើន​ឆ្នាំ​កន្លង​ទៅ តាម​ការអញ្ជើញ​របស់​អ្នកដឹកនាំ​របស់ខ្ញុំ​ នោះ​ខ្ញុំ​បាន​អាន​ព្រះគម្ពីរ​មរមន​ពីដើម​ដល់​ចប់ ហើយ​បានគូស​ចំណាំខខ្លះៗ​ដែល​យោង​ទៅលើ​ដង្វាយធួន​របស់​ព្រះអម្ចាស់ ។ អ្នកដឹកនាំ​ខ្ញុំ ​ក៏បាន​អញ្ជើញ​ខ្ញុំ​ឲ្យធ្វើការ​សង្ខេប​ឲ្យបាន​មួយទំព័រ​នូវ​អ្វីដែល​ខ្ញុំ​បានរៀន ។ ខ្ញុំ​បាន​សួរ​ខ្លួនឯង​ថា « មួយ​ទំព័រ​ឬ ? ប្រាកដ​ណាស់​វា​ងាយ​ស្រួលទេ » ។ ទោះ​យ៉ាងណា​ខ្ញុំ​មាន​ការភ្ញាក់​ផ្អើល​ខ្ញុំ​ ពេលឃើញ​ថា​កិច្ចការ​នេះពិត​ជាលំបាក​ខ្លាំងណាស់​ ហើយ​ខ្ញុំ​ក៏បាន​បរាជ័យ​ផងដែរ ។

តាំង​ពីពេល​នោះមក ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​បរាជ័យ ​ពីព្រោះ​ខ្ញុំ​ពុំ​បានយល់​ឲ្យច្បាស់ និង​​មាន​ការសន្និដ្ឋាន​មិន​ត្រឹមត្រូវ ។ ទីមួយ ខ្ញុំ​រំពឹងទុក​ថា​ការសង្ខេប​នឹង​ជម្រុញ​ចិត្ត​ដល់​មនុស្ស​គ្រប់គ្នា ។ សេចក្ដី​សង្ខេប​គឺ​សម្រាប់​ខ្ញុំ​ វាពុំមែន​សម្រាប់​នរណា​ម្នាក់​ផ្សេង​ទៀត​ទេ ។ វា​សម្រាប់​ទាញ​ចំណាប់​អារម្មណ៍ និង​ចេតនារម្មណ៍​របស់ខ្ញុំ អំពី​ព្រះអង្គសង្គ្រោះ និង​អ្វី​ដែល​ទ្រង់​បានធ្វើ​សម្រាប់​ខ្ញុំ​ ដូច្នេះ​រាល់ពេល​ខ្ញុំ​អាន ​វា​នាំ​​ឲ្យ​មានបទពិសោធន៍​ខាងវិញ្ញាណ​ផ្ទាល់ខ្លួនយ៉ាង​អស្ចារ្យ​ចាក់ក្នុងចិត្ត​​ផងដែរ ។

ទីពីរ ខ្ញុំ​រំពឹង​ថា​ការសង្ខេប​មាន​លក្ខណៈ​ធំធេង និង​ល្អិតល្អន់ ​ហើយ​មានពាក្យ​ និងឃ្លា​ពិបាកៗ ។ វា​ពុំមែន​មក​ពីពាក្យ​ពិបាកៗ​នោះទេ ។ វាជាការប្រកាស​ពីជំនឿ​​ច្បាស់លាស់ និង​សាមញ្ញ ។ « ដ្បិត​ព្រលឹង​ខ្ញុំ​ត្រេកអរ​ចំពោះ​ការ​ច្បាស់លាស់ ដ្បិត​ដោយ​របៀប​នេះ ហើយ​ដែល​ព្រះអម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​បាន​ធ្វើ​កិច្ចការ​នៅក្នុង​ចំណោម​កូនចៅ​មនុស្ស ។ ដ្បិត​​ព្រះអម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​បាន​ប្រទាន​ពន្លឺដល់​យោបល់ » ។១៣

ទីបី ខ្ញុំ​រំពឹង​ថាវា​ល្អឥត​ខ្ចោះ​ ជា​សេចក្តី​សង្ខេបមួយ​ដើម្បី​បញ្ចប់​គ្រប់យ៉ាង—សេចក្តី​សង្ខេប​ចុងក្រោយ​ដែល​មិនអាច និង​មិន​គួរ​បន្ថែម—ជំនួស​ឲ្យ​ការងារ​ដែល​កំពុង​រីកចម្រើនទេ ​ខ្ញុំ​អាច​បន្ថែម​ពាក្យ​នៅទីនេះ ឬ​ឃ្លាមួយ​នៅទីនោះ​ កាល​ដែល​ការយល់​ដឹង​របស់ខ្ញុំ​អំពី​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​កាន់តែ​ចម្រើន​ឡើង​ ។

ទីបន្ទាល់ និង​ការអញ្ជើញ

កាល​ខ្ញុំ​នៅ​ជា​យុវជន ខ្ញុំ​រៀន​បាន​ច្រើន​ពីការ​សន្ទនា​ជាមួយ​ប៊ីស្សព​របស់ខ្ញុំ ។ ក្នុង​ឆ្នាំដ៏ក្មេងខ្ចី​ទាំង​នោះ​ ខ្ញុំបាន​រៀន​ស្រឡាញ់​ពាក្យ​ទាំងនេះ​ពី​បទ​ចម្រៀង​ទំនុកតម្កើង​ដែល​ខ្ញុំ​ចូលចិត្ត ៖

ខ្ញុំ​ឆ្ងល់យ៉ាង​អស្ចារ្យ​នូវ​ក្ដីស្នេហ៍​ព្រះ​គ្រីស្ទ​ឲ្យដល់ខ្ញុំ

ទាំង​ឆ្ងល់​ចំពោះ​ព្រះគុណ​ដែល​ព្រះអង្គ​បានប្រទាន​ដល់ខ្ញុំ

ខ្ញុំ​ញ័រ​កាយា​ដោយ​ដឹង​ថា ទ្រង់​សុគត​ជំនួស​ខ្ញុំ

ថា​ទ្រង់​បាន​រង​ទុក្ខ​ហូរ​លោហិត​សុគត​ជំនួស​ខ្ញុំ

ឱ ! ជា​ការ​ដ៏​សែន​អស្ចារ្យ​ដែល​ទ្រង់​យល់​ដល់​ខ្ញុំ

ទាំង​សុគត​ជំនួស​ខ្ញុំ !

ឱ ! ជា​ការ​ដ៏​អស្ចារ្យ ដ៏​អស្ចារ្យ​ដល់ខ្ញុំ !១៤

ព្យាការី​មរ៉ូណៃ​បាន​អញ្ជើញ​យើង​ថា ​« ហើយ​ឥឡូវ​នេះ ខ្ញុំ​ចង់​ទូន្មាន​អ្នក​រាល់​គ្នា​ឲ្យ​ស្វែងរក​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​ពួក​ព្យាការី និង​ពួក​សាវក​បាន​សរសេរ​មក​នេះ » ។១៥

ប្រធាន​ រ័សុល អិម ណិលសុន បាន​សន្យា​ថា « ប្រសិនបើ [ យើង ] ចាប់ផ្ដើម​រៀន អ្វីៗទាំងអស់ដែល [ យើង ] អាច​រៀនអំពីព្រះយេស៊ូវគ្រីស្ទ… សមត្ថភាព​ [ របស់យើង ] ដើម្បី​ងាក​ចេញ​ពីអំពើបាប​នឹង​ចម្រើន​ឡើង ។ បំណងប្រាថ្នា [ របស់​យើង ] ដើម្បី​រក្សា​បទបញ្ញត្តិ​នឹង​ចម្រើន​ឡើង » ។១៦

នៅ​ថ្ងៃ​អាទិត្យ​បុណ្យ​អ៊ីស្ទើរ​នេះ ​ដូចដែល​ព្រះអង្គ​សង្រ្គោះ​បាន​ចេញពី​ផ្នូរថ្ម​ សូម​ឲ្យ​យើង​ភ្ញាក់​ពីការ​លង់លក់​ខាងវិញ្ញាណ​របស់យើង ​ហើយ​ងើបឡើង​ចេញពី​ភាព​នៃការសង្ស័យ​ ភាពច្របូក​ច្របល់​នៃ​ការភ័យខ្លាច​ ចេញពី​មោទនភាព​ដែលធ្វើឲ្យ​យើងស្រវាំង​មើលអ្វី​មិន​ច្បាស់ និង ភាពមិន​ស្កប់ស្ក​ល់ ។ ព្រះយេស៊ូវគ្រីស្ទ និង ព្រះវរបិតាសួគ៌​នៅរស់ ។ ខ្ញុំ​សូមថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីស្រឡាញ់​ដ៏​ឥត​ខ្ចោះ​របស់​ពួក​ទ្រង់​មាន​ចំពោះ​យើង ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕