សន្និសីទទូទៅ
នេះ​គឺ​ជា​ពេល​វេលា​របស់​យើង !
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២១


នេះ​គឺ​ជា​ពេល​វេលា​របស់​យើង !

ព្រះ​បាន​ចាត់​យើង​មក​ទី​នេះ នៅ​ពេល​នេះ ក្នុង​វេលា​ដ៏​សំខាន់​នេះ​ក្នុង​ប្រវត្តិសាស្ត្រ ។

នៅក្នុង​ឆ្នាំ ​១៩៧៨ ខ្ញុំ​បាន​ឈរ​នៅ​ទីលាន​បាល់ឱបក្នុង​ពហុកីឡាដ្ឋាន​ដែល​មាន​អ្នកគាំទ្រ​ចូល​រួម​ចំនួន ៦៥០០០ នាក់ ។ នៅ​ពី​មុខ​ខ្ញុំ​មាន​គូ​ប្រជែង​ធំៗ​ជាច្រើន​ដែល​មើល​ទៅ​ដូច​ជា​ពួកគេ​ចង់​កាត់​ក្បាល​ខ្ញុំ​ចេញ​អញ្ចឹង ។ វា​គឺ​ជា​ការប្រកួត​លើក​ទី​មួយ​របស់​ខ្ញុំ​ធ្វើជា​​ខ្សែ​ការពារ​នៅ​ក្នុង​ការប្រកួត​បាល់ឱប​ថ្នាក់​ជាតិ ហើយ​យើង​កំពុង​លេង​ដណ្តើម​ពាន​រង្វាន់​ជើង​ឯកសម្រាប់ Super Bowl ។ និយាយ​តាម​ត្រង់ ខ្ញុំ​បាន​សួរ​ខ្លួន​ឯង​ថា​តើ​ខ្ញុំ​លេង​ល្អ​គ្រប់គ្រាន់​ដើម្បី​ចូលទីលានឬទេ ។ ខ្ញុំ​បាន​ថយ​ក្រោយ​ដើម្បី​ចោល​បាល់​ដំបូង​ទៅ​កាន់​មិត្ត​រួម​ក្រុម ហើយ​ពេល​ដែល​ខ្ញុំ​បាន​ចោល​បាល់​ទៅ​ហើយ​នោះ ខ្ញុំ​ត្រូវ​បាន​គេ​រត់បុក​​ខ្លាំង​ជាង​ពេល​ណាៗ​ទាំងអស់ ។ ពេល​ដួលដេក​នៅ​ក្រោម​​ពួកអត្តពលិក​មាឌ​ធំៗ​ទាំង​នោះ ខ្ញុំ​បាន​ឆ្ងល់​ថា តើ​ខ្ញុំ​កំពុង​ធ្វើ​អ្វី​នៅ​ទីនោះ ។ ខ្ញុំ​ត្រូវ​ធ្វើ​ការសម្រេច​ចិត្ត​មួយ ។ តើ​ខ្ញុំ​នឹង​ អនុញ្ញាត​ឲ្យ​ការសង្ស័យ​ឈ្នះ​ខ្ញុំ ឬតើ​ខ្ញុំ​នឹង​ស្វែងរក​ភាពក្លាហាន និង​កម្លាំង​ដើម្បី​បន្ត​បោះ​ជំហាន​ទៅ​មុខ​ទៀត ?

រូបភាព
ដំណាក់កាល​លើក​ទីមួយ

សារព័ត៌មាន ពាក់ព័ន្ធ

ពេល​នោះ​ខ្ញុំ​មិន​​ដឹង​ថា ​បទពិសោធន៍​នេះ​នឹង​រៀបចំ​ខ្ញុំ​សម្រាប់​ឳកាស​ជាច្រើន​នា​ពេល​អនាគត​ទេ ។ ខ្ញុំ​ត្រូវរៀន​ថា ខ្ញុំ​អាច​​រឹងមាំ និង​ក្លាហាន​នៅពេល​ប្រឈមមុខ​នឹង​ស្ថានភាព​ដ៏​លំបាក​ទាំងឡាយ ។

ការប្រកួត​បាល់ឱប​មួយ​អាច​មិន​សូវ​សំខាន់​ដូច​ជា​ឧបសគ្គ​ដែល​បងប្អូន​នឹង​ប្រឈមមុខ​នោះ​ទេ ។ ក្នុង​ករណី​ភាគច្រើន វាពុំ​មាន​កីឡាដ្ឋាន​ដែល​ពេញ​ដោយ​មនុស្ស​កំពុង​មើល​នោះ​ទេ ។ ប៉ុន្តែ​ការសម្រេច​ចិត្ត​ដ៏អង់អាច​​របស់​បងប្អូន​នឹង​មាន​នូវ​ផល​ប៉ះពាល់​ដ៏​អស់កល្ប ។

ប្រហែល​ជា​យើង​ពុំ​តែងតែ​មាន​អារម្មណ៍​អាច​ឈ្នះ​ទៅ​នឹង​ឧបសគ្គ​នោះ​ឡើយ ។ ប៉ុន្តែ​ព្រះវរបិតាសួគ៌​ទត​មក​យើង​ជា​អ្នកសាងសង់​ដែល​គ្មាន​ភាពភ័យខ្លាច​នៃ​នគរ​របស់​ទ្រង់ ។ នោះ​ហើយ​គឺ​ជា​មូលហេតុ​ដែល​ទ្រង់​បាន​ចាត់​យើងមក​ទីនេះ​ក្នុង​អំឡុង​ពេល​ដែល​មាន​ការសម្រេច​ចិត្ត​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ពិភព​លោក​នេះ ។ នេះ​គឺ​ជា​ពេល​វេលា​របស់​យើង !

សូម​ស្តាប់​នូវ​អ្វី​ដែល​ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​ភ្លាមៗ​បន្ទាប់​ពី​បាន​ក្លាយ​ជា​ប្រធាន​នៃ​សាសនាចក្រ ៖ « ព្រះអង្គ​សង្គ្រោះ និង​ព្រះ​ដ៏​ប្រោសលោះ​របស់​យើង ព្រះយេស៊ូវគ្រីស្ទ នឹង​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ​បំផុត​របស់​ទ្រង់​មួយ​ចំនួន​នៅ​ចន្លោះ​ពេល​នេះ និង​ពេល​ដែល​​ទ្រង់​យាង​មក​ម្ដង​ទៀត ។ យើង​នឹង​ឃើញ​ការ​បង្ហាញ​ដ៏​អស្ចារ្យ​ថា ព្រះ​ជា​ព្រះវរបិតា និង​ព្រះរាជបុត្រា​ស្ងួន​ភ្ញា​របស់​ទ្រង់​ព្រះយេស៊ូវគ្រីស្ទ​ធ្វើ​ជា​អធិបតី​លើ​សាសនាចក្រ​នេះ​ដោយ​ភាព​រុងរឿង និង​សិរីល្អ » ។ ( « Revelation for the Church, Revelation for Our LivesLiahonaខែ​ឧសភា ឆ្នាំ ​២០១៨, ទំព័រ​ ៩៦ ) ។

កិច្ចការ​ដ៏​អស្ចារ្យ​ឬ ? ការបង្ហាញ​ដ៏​អស្ចារ្យឬ ? តើ​ស្ថានភាព​នោះ​នឹង​ដូច​ជា​អ្វី​ទៅ ? តើ​យើង​នឹង​ដើរតួជា​អ្វី ហើយ​តើ​យើង​នឹង​ដឹង​នូវ​អ្វី​ដែល​ត្រូវ​ធ្វើ​យ៉ាង​ដូចម្តេច ? ខ្ញុំ​មិន​ដឹង​ពី​ចម្លើយ​ទាំងអស់​នោះ​ទេ ប៉ុន្ដែ​ខ្ញុំ​ដឹង​ថា​ព្រះអម្ចាស់​ត្រូវការ​ឲ្យ​យើង​ត្រៀម​ខ្លួន ! ការអនុវត្ត​អំណាច​បព្វជិតភាព​យ៉ាង​សក្តិសម​ពុំ​ដែល​មាន​សារៈ​សំខាន់​ខ្លាំង​ជាង​ពេល​នេះ​ទេ ។

តើ​យើង​ជឿ​លើ​ព្យាការី​របស់​ព្រះ​ដែរ​ទេ ? តើ​យើង​អាច​រកឃើញ និង​បំពេញ​ជោគ​វាសនា​របស់​យើង​បាន​ទេ ? បាទ យើង​អាច និង​បាទ យើង​ត្រូវ​តែ​អាច ពីព្រោះ​នេះ​គឺ​ជា​ពេល​វេលា​របស់​យើង !

នៅ​ពេល​យើង​ឮ​នូវ​រឿងរ៉ាវ​ពី​អ្នកបម្រើ​ដ៏​អស្ចារ្យ​របស់​ព្រះ​​ដែល​បាន​មក​ពី​មុន​យើង—ដូច​ជា ម៉ូសេ, ម៉ារា, មរ៉ូណៃ, អាលម៉ា, អេធើ, យ៉ូសែប, និង​អ្នក​ផ្សេង​ជាច្រើន​ទៀត—ពួកលោក​ហាក់​ដូច​ជា​សំខាន់​ខ្លាំង​ណាស់ ។ ប៉ុន្តែ​ពួកលោក​ពុំ​មាន​ភាព​ខុស​ប្លែក​ពី​ពួកយើង​ឡើយ ។ ពួកលោក​ក៏​ជា​មនុស្ស​ធម្មតា​ដែល​បាន​ប្រឈមមុខ​នឹង​ឧបសគ្គ​ទាំងឡាយ​ដែរ ។ ពួកលោក​បាន​ដាក់​ទី​ទុកចិត្ត​លើ​ព្រះ​អម្ចាស់ ។ ពួកលោក​បាន​ធ្វើ​ការសម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ​នៅ​ពេល​ដ៏​សំខាន់​ក្រៃលែង ។ ហើយ​ជាមួយ​នឹង​សេចក្តី​ជំនឿ​នៅ​លើ​ព្រះយេស៊ូវគ្រីស្ទ ពួកលោក​បាន​ធ្វើ​កិច្ចការ​ដែល​តម្រូវ​នៅ​ក្នុង​ជំនាន់​របស់​ពួកលោក ។

រូបភាព
ព្យាការី យូស្វេ

ហ្គូដសល

ពិចារណា​ពី​វីរៈបុរស យ៉ូស្វេ ​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ ។ លោក​គឺ​ជា​អ្នក​ដើរ​តាម​ដ៏​ស្មោះស្ម័គ្រ​របស់ ម៉ូសេ ជា​អ្នក​ដឹកនាំ​ម្នាក់​ដ៏​អស្ចារ្យ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ ។ បន្ទាប់​ពីម៉ូសេ​បាន​ស្លាប់​ទៅ វា​គឺ​ជា​ពេល​វេលា​របស់ យ៉ូស្វេ ។ លោក​ត្រូវ​បាន​ចាត់​ឲ្យ​ដឹកនាំ​កូនចៅ​អ៊ីស្រាអែល​ទៅកាន់​ដែនដី​សន្យា ។ តើ​គាត់​នឹង​ធ្វើ​តាម​របៀប​ណា ? យ៉ូស្វេ បាន​កើត និង​ចិញ្ចឹម​ធំ​ឡើង​ជា​ទាសករ​នៅ​ប្រទេសអេស៊ីព្ទ ។ លោក​ពុំ​មាន​សៀវភៅ​ក្បួនខ្នាត ឬ វីដេអូ​បង្រៀន​ដើម្បី​ជួយ​លោក​នោះ​ទេ ។ លោក​ក៏​ពុំ​មាន​សូម្បី​តែ​ទូរសព្ទ​ដៃទំនើប ! ប៉ុន្តែ​លោក​ពិត​ជា​មាន​ការសន្យា​នេះ​ពី​ព្រះអម្ចាស់ ៖

« យើង​នឹង​នៅ​ជា​មួយ​នឹង​ឯង ដូច​ជា​បាន​នៅ​ជា​មួយ​នឹង​ម៉ូសេ​ដែរ យើង​មិន​ដែល​ខាន​នឹង​ប្រោស​ឯង​ក៏​មិន​ដែល​បោះបង់​ចោល​ឯង​ឡើយ ។

« ចូរ​ឲ្យ​មាន​កំឡាំង និង​ចិត្ត​ក្លាហាន​ចុះ » ( យូស្វេ ១:៥–៦ ) ។

កាល​ខ្ញុំ​ទើប​បាន​ក្លាយ​ជា​ក្រុមចិតសិប​ថ្មី ​ពុំ​មាន​បទពិសោធន៍ ខ្ញុំ​បាន​ទទួល​ទូរសព្ទ​បន្ទាន់​មួយ​មក​ពី​ការិយាល័យ​របស់​គណៈប្រធាន​ទី​មួយ សុំ​ឲ្យ​ខ្ញុំ​នឹង​ធ្វើ​ជា​តំណាង​ឲ្យ​ព្យាការី​ទៅ​ជួប​យុវជន​ម្នាក់​នៅ​ឯ​មន្ទីរពេទ្យ—ភ្លាមៗ ។ យុវជន​នោះ​ឈ្មោះ ហ្សាក់ ។ គាត់​បាន​រៀបចំ​ដើម្បី​ក្លាយ​ជា​អ្នកផ្សាយសាសនា ប៉ុន្តែ​បាន​ជួប​គ្រោះថ្នាក់ និង​បាន​រង​របួស​ក្បាល​ធ្ងន់ធ្ងរ ។

នៅ​ពេល​​ខ្ញុំ​បើក​ឡាន​ទៅ​មន្ទីរពេទ្យ ខ្ញុំ​បាន​គិត​ភ្លាម​ថា​ តើ​ត្រូវ​និយាយ​អ្វី ។ ធ្វើ​កិច្ចការ​សម្រាប់​ព្យាការី—តើ​អ្នក​និយាយ​លេង​ទេ​ឬអី ? តើ​ខ្ញុំ​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​អ្វី ? តើ​ខ្ញុំ​នឹង​ជួយ​យុវជន​នេះ​ដោយ​របៀប​ណា ? តើ​ខ្ញុំ​មាន​សេចក្តី​ជំនឿ​គ្រប់គ្រាន់​ដែរ​ឬ​ទេ ? ការអធិដ្ឋាន​ដ៏​ក្លៀវក្លា និង​ចំណេះដឹង​ដែល​ខ្ញុំ​មាន​អំពី​សិទ្ធិ​អំណាច​នៃ​បព្វជិតភាព​ដ៏​បរិសុទ្ធ​បាន​ក្លាយ​ជា​យុថ្កា​របស់​ខ្ញុំ ។

ហ្សាក់ កំពុង​តែ​គេង​នៅលើ​គ្រែ​ក្នុង​មន្ទីរ​ពេទ្យ ​ពេល​ខ្ញុំ​ទៅ​ដល់ ។ អ្វីៗ​បាន​ត្រៀម​រួចរាល់​ ដើម្បី​​នាំ​គាត់​ចូល​ទៅ​បន្ទប់​វះកាត់​ ​ឲ្យ​វេជ្ជបណ្ឌិត​អាច​បន្ថយ​សម្ពាធ​លើ​ខួរក្បាល​របស់​គាត់ ។ ខ្ញុំ​បាន​ឃើញ​ម្តាយ​គាត់​ពោរ​ពេញ​ដោយ​ទុក្ខក្រៀមក្រំ​ និង​មិត្ត​ម្នាក់​ដែល​ពេញ​ដោយ​ភាពភ័យខ្លាច​ កំពុង​តែ​ឈរ​នៅ​ក្បែរ​នោះ ហើយ​ខ្ញុំ​បាន​ដឹង​យ៉ាង​ច្បាស់​ថា ហ្សាក់ ត្រូវការ​ការប្រសិទ្ធ​ពរពី​បព្វជិតភាព​ ។ មិត្ត​របស់​គាត់​ទើប​តែ​ទទួល​បាន​បព្វជិតភាពម៉ិលគីហ្សាដែក​ថ្មីៗ​នេះ ដូច្នេះ​ខ្ញុំ​បាន​សុំ​ឲ្យ​គាត់​ជួយ​ខ្ញុំ ។ ខ្ញុំ​មាន​អារម្មណ៍​នៃ​អំណាច​នៃ​បព្វជិតភាព​នៅ​ពេល​យើង​បាន​ប្រសិទ្ធិពរ ហ្សាក់ ដោយ​ចិត្ត​រាបសារ ។ បន្ទាប់​មក​គាត់​ត្រូវ​បាន​នាំ​យក​ទៅ​យ៉ាង​លឿន​សម្រាប់​ធ្វើ​ការវះកាត់ ហើយ​អារម្មណ៍​នៃ​ភាពសុខសាន្ត​មួយ​បាន​បញ្ជាក់​ថា ​ព្រះអង្គ​សង្គ្រោះ​នឹង​ដោះស្រាយ​អ្វីៗ​ទៅ​តាម​ប្រាជ្ញា​របស់​ទ្រង់ ។

បុគ្គលិក​ពេទ្យ​បាន​ធ្វើ​ការថត​កាំរស្មី​អ៊ិច​​ជាលើក​ចុងក្រោយ ពី​មុន​ការធ្វើ​ការវះកាត់​ដំបូង ។ ជា​ការភ្ញាក់​ផ្អើល បុគ្គលិក​ពេទ្យ​បាន​រកឃើញ​ថា ពុំ​បាច់​ធ្វើ​ការវះកាត់​នោះ​ទេ ។

បន្ទាប់​ការព្យាបាល​ច្រើន​មក ហ្សាក់​បាន​រៀន​ដើរ និង​និយាយ​ម្តង​ទៀត ។ គាត់​បាន​បម្រើ​បេសកកម្ម​យ៉ាង​ជោគជ័យ​មួយ ហើយ​ឥឡូវ​​មាន​គ្រួសារ​មួយ​ដ៏​ល្អ ។

ពិត​ប្រាកដ​ណាស់ នោះពុំ​មែន​ជា​លទ្ធផល​ដែល​តែងតែ​កើត​ឡើង​នោះ​ទេ ។ ខ្ញុំ​បាន​ផ្តល់​ពរជ័យ​បព្វជិតភាព​ផ្សេង​ទៀត​ដោយ​ជំនឿ​ដូច​គ្នា ហើយ​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់​គឺ​ពុំ​ផ្តល់​ឲ្យ​នូវ​ការព្យាបាល​ជា​សៈស្បើយ​នៅ​ក្នុង​ជីវិត​នេះ​ទេ ។ យើង​ទុកចិត្ត​លើ​ព្រះគោលបំណង​របស់​ទ្រង់ ហើយ​ទុក​លទ្ធផល​ថ្វាយ​ដល់​ទ្រង់ ។ យើង​មិន​អាច​ជ្រើសរើស​លទ្ធផល​ពី​សកម្មភាព​របស់​យើងជានិច្ច​នោះ​ទេ ប៉ុន្តែ​យើង​អាច​ជ្រើសរើស​​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​ធ្វើ​សកម្មភាព ។

បងប្អូន​ប្រហែល​​ជា​​មិន​ធ្លាប់​ត្រូវ​បាន​សុំ​ដោយ​គណៈប្រធាន​ទីមួយឲ្យ​ធ្វើ​ជា​តំណាង​ពួកគាត់​​ក្នុង​ស្ថានភាព​ដែល​គំរាមកំហែង​ដល់​អាយុ​ជីវិត​បែប​នេះ​ទេ ។ ប៉ុន្តែ​យើង​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​នូវ​រឿង​ដែល​ផ្លាស់ប្តូរ​ជីវិត​ក្នុង​នាម​ជា​តំណាង​នៃ​ព្រះអម្ចាស់ ។ ទ្រង់​នឹង​មិន​បង្ខំ​យើង​ឡើយ ។ នេះ​គឺ​ជា​ពេល​វេលា​របស់​យើង !

ពេត្រុស ជា​សាវក​ច្បង​​​របស់​ព្រះអង្គ​សង្គ្រោះ​បាន​ស្ថិត​នៅ​លើ​ទូក កាល​លោក​បាន​ឃើញ​ព្រះគ្រីស្ទ​យាង​លើ​ទឹក​នោះ ? គាត់​ចង់​ចូល​រួម​ជាមួយ​ទ្រង់​ដែរ ហើយ​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ថា « ចូរ​មក​ចុះ » ។ ដោយ​ភាព​ក្លាហាន និង​អព្ភូតហេតុ ពេត្រុស បាន​ចុះ​ពី​ទូក ហើយ​ចាប់ផ្តើម​ដើរ​ទៅ​កាន់​ព្រះអង្គ​សង្គ្រោះ ។ ប៉ុន្តែ​នៅ​ពេល​ពេត្រុស បាន​ផ្តោត​ចិត្ត​លើ​ខ្យល់​បក់​ជា​ខ្លាំង នោះ សេចក្តី​ជំនឿ​របស់​គាត់​បាន​ធ្លាក់​ចុះ ។ « គាត់​មាន​ចិត្ត​ភ័យ ហើយ​ដោយ​ព្រោះ​ចាប់​តាំង​លិច​ទៅ​បាន​ជា​គាត់​ស្រែក​ឡើង​ថា ព្រះអម្ចាស់​អើយ​សូម​ជួយ​សង្គ្រោះ​ទូលបង្គំ​ផង ។ ស្រាប់​តែ​ព្រះយេស៊ូវ ទ្រង់​លូក​ព្រះហស្ត​របស់​ទ្រង់​ទៅ​ចាប់​គាត់​ភ្លាម » ។ សូមមើល ម៉ាថាយ ១៤:២២–៣៣ ។

រូបភាព
ការឈោងចាប់របស់​ព្រះយេស៊ូវគ្រីស្ទ

ពេល​មាន​សេចក្តី​លំបាក​នៅ​ក្នុង​ជីវិត តើ​ការផ្តោត​យក​ចិត្ត​ទុកដាក់​របស់​យើង​ទៅទី​ណា ? សូម​ចងចាំ​ថា យើងតែងតែ​មាន​នូវ​ប្រភព​នៃ​កម្លាំង និង​ភាពក្លាហាន​មួយដែល​​អាច​ពឹងពាក់​​បាន​ ។ ព្រះហស្ត​របស់​ទ្រង់​លាតសន្ធឹង​មក រក​យើង​ដូច​ដែល​បាន​លាតសន្ធឹង​ទៅ​រក​ពេត្រុស​ដែរ ។ នៅ​ពេល​ដែល​យើង​ឈោង​ទៅ​រក​ទ្រង់ នោះ​ព្រះអង្គ​នឹង​ជួយ​សង្គ្រោះ​យើង​ដោយ​សេចក្តី​ស្រឡាញ់ ។ ពួក​យើង​គឺ​ជា​របស់​ទ្រង់ ។ ទ្រង់​បាន​មាន​បន្ទូល​ថា « កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​យើងបាន​លោះ​ឯង​ហើយ យើងបាន​ហៅ​ចំ​ឈ្មោះ​ឯង ឯង​ជា​របស់​ផង​អញ » ( អេសាយ ៤៣:១ ) ។ ទ្រង់​នឹង​ឈ្នះ​នៅ​ក្នុង​ជីវិត​របស់​បងប្អូន ប្រសិន​បើ​បងប្អូន​អនុញ្ញាត​ឲ្យ ។ ជម្រើស​នោះ​គឺជា​របស់​បងប្អូន ! ( សូមមើល រ័សុល អិម ណិលសុន « ទុក​ឲ្យ​ព្រះឈ្នះ »Liahonaខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៩២–៩៥ ) ។

នៅ​ចុង​បញ្ចប់​នៃ​ជីវិត​របស់​លោក យ៉ូស្វេ បាន​អង្វរ​ប្រជាជន​របស់​លោក​ថា « ចូរ​រើស​យក​ព្រះ​ណា​ដែល​ឯង​ចង់​គោរព​ប្រតិបត្តិ​តាម​នៅ ថ្ងៃ​នេះ​ចុះ … តែ​ឯ​យើង និង​ពួក​គ្រួ​យើង យើង​នឹង​គោរព​ប្រតិបត្តិ​ដល់ ព្រះយេហូវ៉ា តែ​មួយ​ប៉ុណ្ណោះ » ( យ៉ូស្វេ ២៤:១៥ ) ។ ពីព្រោះ​តែ​ជម្រើស​ដែល​គាត់​បាន​ជ្រើស​ដើម្បី​បម្រើ​ព្រះអម្ចាស់ នោះ​យ៉ូស្វេ​បាន​ក្លាយ​ជា​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ជំនាន់​របស់​លោក ។ មិត្ត​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ​ នេះ​គឺ​ជា​ពេល​វេលា​របស់​យើង​ហើយ ! ហើយ​ជម្រើសដែល​យើង​នឹង​បញ្ជាក់​ពី​ជោគវាសនា​របស់​យើង ( ថូម៉ាស អេស ម៉នសុន «Decisions Determine Destinyការប្រជុំ វិសេស​សាកល​វិទ្យាល័យ ព្រិកហាំ យ៉ង់ ថ្ងៃ​ទី ៦ ខែ វិច្ឆិកា ឆ្នាំ ២០០៥ ] speeches.byu.edu ) ។

ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​បម្រើ​ជា​ប៊ីស្សព យើង​មាន​បាវចនា​មួយ​នៅ​ក្នុង​វួដ​របស់​យើង ៖ ជម្រើស​ល្អ​ស្មើ​ហ្នឹង​សុភមង្គល—ដ៏​អស់កល្ប​ជានិច្ច ។ មាន​យុវវ័យ​ដើរ​កាត់​ខ្ញុំ​នៅ​ក្នុង​សាល​ប្រជុំ​​ដោយ​និយាយ​ថា « ប៊ីស្សព ខ្ញុំ​កំពុង​ធ្វើ​ការជ្រើសរើស​ល្អ ! » នោះ​ជា​ក្តី​សុបន្តិ​របស់​ប៊ីស្សព !

តើ​យើង​ចង់​មាន​ន័យ​ថា​ម៉េច​ « ជម្រើស​ល្អ » ហ្នឹង ? មាន​មនុស្ស​ម្នាក់​បាន​សួរ​ព្រះយេស៊ូវថា « តើ​បញ្ញត្តិ​ណា​ដែល​យ៉ាង​សំខាន់​បំផុត ? » ទ្រង់​បាន​ឆ្លើយ​ថា ៖

« ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង ។

នេះ​ជា​បញ្ញត្ត​យ៉ាង​សំខាន់​ទី​១ ។

« ហើយ​បញ្ញត្ត​ទី​២​ក៏​បែប​ដូច​គ្នា​គឺ​ថា ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង » ( ម៉ាថាយ ២២:៣៦–៣៩ ) ។

ខ្ញុំ​ពុំ​ដឹង​អំពី​បងប្អូន​ទេ ប៉ុន្តែ​ពេល​ខ្ញុំ​អាន​បញ្ញត្ត​ដ៏​សំខាន់​ទាំងពីរ​នេះ ខ្ញុំ​រកឃើញ​បញ្ញត្ត​ទី​៣ ដែល​បរិយាយ​ថា ៖ ចូរ​ស្រឡាញ់​ខ្លួន​ឯង ។

តើ​អ្នក​ធ្លាប់​គិត​ថា​ការស្រឡាញ់​ខ្លួន​ឯង​ជា​បញ្ញត្ត​មួយ​ដែរ​ឬ​ទេ ? តើ​យើង​ពិត​ជា​អាច​ស្រឡាញ់​ព្រះ និង​ស្រឡាញ់​បុត្រាបុត្រី​របស់​ទ្រង់​ទេ ប្រសិន​បើ​យើង​ពុំ​ស្រឡាញ់​ខ្លួន​យើង​ផង​ហ្នឹង ?

អ្នកដឹកនាំ​ដ៏​ឈ្លាសវៃ​ម្នាក់​នា​ពេល​ថ្មីៗ​នេះ បាន​ផ្តល់​ដំបូន្មាន​ដល់​បុរស​ម្នាក់​ដែល​ព្យាយាម​យក​ឈ្នះ​លើ​ជម្រើស​ដែល​មិន​ល្អ​អស់​ជាច្រើន​ឆ្នាំ ។ គាត់​មាន​អារម្មណ៍​ខ្មាស់​អៀន និង​សង្ស័យ​ថា តើ​គាត់​សម​នឹង​ទទួល​បាន​ការ​ស្រឡាញ់​ពី​នរណា​ម្នាក់​ដែរ​ទេ ។

អ្នកដឹកនាំ​គាត់​បានប្រាប់​គាត់​ថា « ព្រះអម្ចាស់​ស្គាល់​អ្នក ស្រឡាញ់​អ្នក ហើយ​រីករាយ ​[ ជាមួយ ] ​អ្នក និង​ជំហាន​ដ៏​ក្លាហាន​ដែល​អ្នក​កំពុង​តែ​ដើរ » ។ ប៉ុន្តែ​គាត់​បាន​បន្ថែម​ទៀត​ថា « [ អ្នក ] ត្រូវ​ស្តាប់​នូវ​បញ្ញត្ត​ឲ្យ​ស្រឡាញ់​ខ្លួន​ឯង ដូច្នេះ​អ្នក​អាច​ដឹង​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​របស់ [ ព្រះ ] និង​ស្រឡាញ់​អ្នក​ដទៃ » ។

នៅ​ពេល​ដែល​បងប្រុស​ដ៏​ល្អ​នេះ​បាន​ឮ​ដំបូន្មាន​នោះ គាត់​បាន​ឃើញ​ជីវិត​ដោយ​ភ្នែក​ថ្មី ។ ក្រោយ​មក​គាត់​មាន​ប្រសាសន៍​ថា « ខ្ញុំ​បាន​ចំណាយ​ពេល​ពេញ​មួយ​ជីវិត​ព្យាយាម​ស្វែងរក​ភាពសុខសាន្ត និង​ការទទួល​យក ។ ខ្ញុំ​បាន​ស្វែងរក​អ្វី​ទាំងនោះ​នៅ​កន្លែង​ខុស​ ។ មាន​តែ​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតា​សួគ៌ និង​ព្រះអង្គ​សង្គ្រោះ​ទេ​ដែល​ខ្ញុំ​អាច​ស្វែងរក​ការលួងលោម​បាន ។ ខ្ញុំ​ដឹង​ថា​ពួក​ទ្រង់​ចង់​ឲ្យ​ខ្ញុំ​ស្រឡាញ់​ខ្លួន​ឯង វា​គឺ​ពិត​ជា​វិធី​តែ​មួយ​គត់​ដែល​ខ្ញុំ​អាច​ទទួល​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​របស់​ពួកទ្រង់​សម្រាប់​ខ្ញុំ » ។

ព្រះវបិតា​សួគ៌​ចង់​ឲ្យ​យើង​ស្រឡាញ់​ខ្លួន​ឯង—ក៏​ពុំ​មែន​ចង់ឲ្យ​យើង​​ក្លាយ​ជា មនុស្ស​ឆ្មើងឆ្មៃ ឬ អាត្មានិយមឡើយ ប៉ុន្តែ​​ឲ្យ​យើង​ឃើញ​ខ្លួន​ឯង​តាម​របៀប​ដែល​ទ្រង់ទត​​ឃើញ​យើង ៖ យើងជា​បុត្រាបុត្រី​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះអង្គ ។ ពេល​សេចក្តី​ពិត​នេះ​បាន​កប់​ចុះ​ជ្រៅ​ក្នុង​បេះដូង​យើង សេចក្តី​ស្រឡាញ់​របស់​យើងចំពោះ​ព្រះ​ក៏​លូតលាស់​ឡើង​ដែរ ។ ពេលយើង​មើល​មក​ខ្លួន​ឯង​ដោយ​ការគោរព​ដ៏​ស្មោះ នោះ​​បេះដូង​របស់​យើង​បើក​ដើម្បី​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ដទៃ​តាម​របៀប​ដូច​គ្នា​នោះ​ដែរ ។ ពេល​យើង​កាន់តែ​ស្គាល់​តម្លៃ​ដ៏​ទេវភាព​របស់​ខ្លួន ​នោះយើង​នឹង​យល់​សេចក្តី​ពិត​ដ៏​ទេវភាព​នេះ​កាន់តែ​ប្រសើរ ៖ ថា​ព្រះ​បាន​បញ្ចូនយើង​មក​ទីនេះ ពេល​នេះ​នៅពេល​ដ៏​សំខាន់​នេះ ក្នុង​ប្រវត្តិសាស្ត្រ ដើម្បី​យើង​អាច​ធ្វើ​នូវ​អ្វី​ដែល​ល្អ​បំផុត​ជាមួយ​នឹង​ទេពកោសល្យ និង​អំណោយ​ទាន​ទាំងឡាយ​ដែល​យើង​មាន ។ នេះ​គឺ​ជា​ពេល​វេលា​របស់​យើង ! ( សូម​មើល រ័សុល អិម ណិលសុន « Becoming True Millennialsការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភព​លោក​សម្រាប់​ពួក​យុវមជ្ឈិមវ័យ ថ្ងៃ​ទី១០ ខែ មករា ឆ្នាំ ២០១៦ ] នៅ​គេហទំព័រ broadcasts.ChurchofJesusChrist.org ) ។

យ៉ូសែប ស្ម៊ីធ បាន​បង្រៀន​ថា គ្រប់​ព្យាការី​នៅ​គ្រប់​ជំនាន់ « ទន្ទឹង​រង់ចាំ​ដោយ​ចិត្ត​អំណរ​ដល់​ថ្ងៃ​ដែល​យើង​នឹង​រស់នៅ … ដែល​ពួកគេ​បាន​ច្រៀង និង​សរសេរ និង​ព្យាករ​អំពី​ជំនាន់​របស់​យើង​នេះ … យើង​ជា​រាស្ដ្រ​ដែល​ព្រះ​បាន​សព្វ​ព្រះទ័យ ​[ ជ្រើសរើស ] ដើម្បី​នាំ​មក​នូវ​សិរីល្អ​ថ្ងៃ​ចុងក្រោយ » ( Teachings of Presidents of the Church: Joseph Smith២០០៧ ], ទំព័រ ១៨៦ ) ។

ពេល​បងប្អូន​ប្រឈមមុខ​នឹង​ឧបសគ្គ​ប្រចាំ​ថ្ងៃ សូម​ចងចាំ​ពី​ការធានា​នេះ​ដែល​បាន​ផ្តល់​ឲ្យ​ដោយ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ៖ « មាន​អ្វី​ច្រើន​ណាស់​ស្ថិត​នៅ​លើ​ស្មារ​យើង ប៉ុន្តែ​វា​នឹង​ជា​បទពិសោធន៍​ដ៏​ជោគជ័យ និង​រុងរឿង ។ … ជោគជ័យ​ក្នុង​ការប្រកួត​ចុងក្រោយ​នេះ បាន​ធ្វើ​ការប្រកាស​រួច​រាល់​អស់​ហើយ ។ ជោគជ័យ​គឺ​ត្រូវ​បាន​កត់ត្រា​ទុក​រួច​ហើយ​…​នៅក្នុង​ព្រះគម្ពីរ ! » ( « Be Not Afraid, Only Believe »[ សុន្ទរកថា​ទៅ​កាន់ គ្រូ​បង្រៀន​ខាង​សាសនា​របស់​ប្រព័ន្ធ​អប់រំ​សាសនាចក្រ ថ្ងៃ​ទី ​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ] broadcasts.ChurchofJesusChrist.org ) ។

នៅចុងសប្តាហ៍ បុណ្យអ៊ីស្ទើរ ដ៏ ស្រស់ស្អាតនេះ ខ្ញុំ​សូម​ផ្ដល់​ការ​អញ្ជើញ​ឲ្យ​យើង​ទាំងអស់​គ្នា​អធិស្ឋាន​ដើម្បី​ទទួលស្គាល់ និង​ឱបក្រសោប​យក​តួនាទី​របស់​យើង​ម្នាក់ៗ នៅពេល​យើង​រៀបចំ​សម្រាប់​ថ្ងៃ​ដ៏​រុងរឿង នៅពេល​ដែលព្រះអង្គសង្គ្រោះ​យាងមក​ម្ដងទៀត ។ ព្រះអម្ចាស់​ស្រឡាញ់​យើង​ជាង​យើង​អាច​យល់​បាន ហើយ​ទ្រង់​នឹង​ឆ្លើយ​តប​ការ​អធិស្ឋាន​របស់​យើង ! យើង​នៅ​លើ​ទីលាន​បាល់​ឱប​ នៅ​ក្នុង​មន្ទីរពេទ្យ ឬ នៅ​​កន្លែង​ផ្សេង​​ទេ យើង​អាច​ជា​ផ្នែក​ដ៏​សំខាន់​នៃ​ព្រឹត្តការណ៍​ដ៏អស្ចារ្យ​ទាំងនេះ—ពីព្រោះ​នេះ​គឺ​ជា​ពេល​វេលា​របស់​យើង ! នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕