សន្និសីទទូទៅ
ដំណើរ​ផ្ទាល់​ខ្លួន​នៃ​កូន​របស់​ព្រះ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២១


ដំណើរ​ផ្ទាល់​ខ្លួន​នៃ​កូន​របស់​ព្រះ

ក្នុង​នាមជា​កូនចៅ​នៃ​សេចក្ដីសញ្ញា​របស់​ព្រះ យើង​ស្រឡាញ់ គោរព បីបាច់ ការពារ និង​ស្វាគមន៍​វិញ្ញាណ​ទាំងនោះ​ដែល​កំពុង​មក​ពី​ពិភព​មុន​ជីវិត​នេះ ។

យើង​ម្នាក់ៗ​បាន​ប៉ះទង្គិច​ដោយ​រោគរាតត្បាត​ទូទាំង​ពិភពលោក កាលដែល​គ្រួសារ និង​មិត្តភក្ដិ​ទាំងឡាយ​បាន​ចាកចេញ​ពី​ជីវិត​រមែង​ស្លាប់​ដោយ​មិន​បាន​រំពឹងទុក ។ សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប្រាប់​មនុស្ស​បី​នាក់​ដែល​យើង​នឹក​យ៉ាង​ខ្លាំង ដែល​តំណាង​ឲ្យ​មនុស្ស​ទាំងអស់​ដែល​យើង​ស្រឡាញ់​ខ្លាំង ។

រូបភាព
បងប្រុស និង​ បងស្រី សុនឌី

នេះ​គឺ​បងប្រុស ហ្វីលីប និង​បងស្រី​ ហ្គាមែន សុនឌី បងប្រុស សុនឌី បាន​បម្រើ​ជា​លោកអយ្យកោ​នៅ​ស្តេក ប្រេហ្សាវីល សាធារណ រដ្ឋប្រជាមានិត​កុងហ្គោ​នៅ​ពេល​លោក​បាន​ទទួល​មរណភាព ។ លោក​ជា​វេជ្ជបណ្ឌិត​មួយ​រូប ដែល​បាន​ចែកចាយ​ទេពកោសល្យ​របស់​លោក​ជាមួយ​មនុស្ស​ដទៃ​ទៀត ។​

រូបភាព
ក្លារ៉ា រូណូ ដឺ វីលឡារៀល

នេះ​គឺ​បងស្រី​ក្លារ៉ា រូណូ ដឺ វីលឡារៀល ពី​ទីក្រុង ថុលកាន ប្រទេស អេក្វាឌ័រ ។ គាត់​បាន ទទួល​ដំណឹងល្អ​ដែល​បាន​ស្តារឡើងវិញ​នៅ​អាយុ ៣៤ ឆ្នាំ ហើយ​ជា​អ្នកដឹកនាំ​ពេញ​ដោយ​ក្តីស្រឡាញ់​ម្នាក់ ។ គ្រួសារ​គាត់​បាន​ច្រៀង​ទំនុកតម្កើង​លា​គាត់​នូវ​បទ​ដែល​គាត់ ចូលចិត្តគឺ​បទ « ខ្ញុំ​ដឹង​ថា​ព្រះប្រោសលោះ​ខ្ញុំ​នៅរស់ » ។​

រូបភាព
រ៉េ ធូនូវ ​និង​ គ្រួសារ​របស់​គាត់

នេះ​គឺ​បងប្រុស រេ ធូនុយ ពី​រដ្ឋ​យូថាហ៍ ជាមួយ​នឹង​គ្រួសារ​ដ៏​ស្រស់ស្អាត​របស់​លោក ។ ភរិយា​របស់​លោក ជូលៀត បាន​និយាយ​ថា « ខ្ញុំ​ចង់​ឲ្យ [ កូនប្រុស​ខ្ញុំ ] [ ចងចាំ​ថា ប៉ា​របស់​ពួកគេ ] ដែល​តែងតែ​ព្យាយាម​ទុក​ព្រះ​ជា​អាទិភាព​ជានិច្ច » ។​

ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា « ចូរ​រស់នៅ​ជាមួយ​គ្នា​ដោយ​នូវ​សេចក្ដី​ស្រឡាញ់ រហូត​ដល់​អ្នក​ត្រូវ​យំសោក​ចំពោះ​ការ​បាត់បង់​នៃ​មនុស្ស​ដែល​ស្លាប់ » ។

ខណៈ​យើង​យំសោក យើង​ក៏​រីករាយ​នៅក្នុង​ដំណើរ​រស់​ឡើង​វិញ​នៃ​ព្រះអង្គ​សង្គ្រោះ​របស់​យើង​ផងដែរ ។ ដោយសារ​ទ្រង់ នោះ​មនុស្ស និង​មិត្តភក្ដិ​ជាទី​ស្រឡាញ់​របស់​យើង បន្ត​ដំណើរ​ដ៏​អស់កល្ប​របស់​ពួកគេ ។ ដូច​ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ បាន​ពន្យល់​ថា « យើង​មិន​អាច​បំភ្លេច​ពួកគេ​បាន​ទេ យើង​មិន​អាច​ឈប់​ស្រឡាញ់​ពួកគេ​បាន​ទេ ។ … ពួកគេ​បាន​ឈាន​ទៅ​មុខ យើង​កំពុង​តែ​ឈាន​ទៅ​មុខ យើង​កំពុង​រីក​លូតលាស់ កាលដែល​ពួកគេ​បាន​រីកលូតលាស់​ហើយ » ។ ប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៍​ថា « ទឹកភ្នែក​នៃ​ទុក្ខសោក​របស់​យើង … ក្លាយ​ទៅ​ជា​ទឹកភ្នែក​នៃ​ក្ដីរំភើប​វិញ » ។​

យើង​ដឹង​អំពី​ជីវិត​ពីមុន​កំណើត​នេះ ?

ទស្សនវិស័យ​អស់កល្ប​របស់​យើង មិន​ត្រឹម​តែ​ពង្រីក​ការយល់ដឹង​របស់​យើង​អំពី​ពួកអ្នក​ដែល​កំពុង​បន្ត​ដំណើរ​របស់​ពួកគេ​ហួស​ពី​ជីវិត​រមែង​ស្លាប់​នេះ​នោះ​ទេ ប៉ុន្តែ​ក៏​បើក​ការយល់ដឹង​របស់​យើង​អំពី​ពួកអ្នក​ដែល​ទើបតែ​ចាប់ផ្ដើម​ដំណើរ​របស់​ពួកគេ និង​ទើបតែ​កំពុង​ចូល​មក​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ​ផងដែរ ។

មនុស្ស​ម្នាក់ៗ​ដែល​មក​ផែនដី​នេះ គឺ​ជា​បុត្រា ឬ​បុត្រី​ដ៏​ពិសេស​របស់​ព្រះ ។​ ដំណើរ​ផ្ទាល់ខ្លួន​របស់​យើង​ពុំ​បាន​ចាប់ផ្ដើម​នៅពេល​ចាប់កំណើត​នោះទេ ។ មុន​ពេល​យើង​កើត​មក យើង​បាន​នៅ​ជាមួយ​គ្នា​ក្នុង​ពិភព​មួយ​នៃ​ការរៀបចំ ជា​កន្លែង​ដែល​យើង « បាន​ទទួល​មេរៀន​មុនដំបូង​នានា នៅ​ពិភព​នៃ​ពួក​វិញ្ញាណ » ។​ ព្រះយេហូវ៉ា​បាន​មាន​បន្ទូល​ទៅ​កាន់​យេរេមា​ថា « មុន​ដែល​អញ​បាន​ជប​បង្កើត​ឯង​នៅ​ក្នុង​ពោះ​ម្តាយ នោះ​អញ​ស្គាល់​ឯង​ហើយ កាល​មុន​ដែល​ឯង​សម្រាល​ចេញ​ពី​ផ្ទៃ​មក​នោះ​អញ​បាន​ញែក​ឯង​ជា​បរិសុទ្ធ​ផង » ។

មនុស្ស​ខ្លះ​អាច​ឆ្ងល់​ថា​បើ​ជីវិត​ចាប់ផ្ដើម ជាមួយ​នឹង​ការកកើត​នៃ​អំប្រ៊ីយ៉ុង ឬ​នៅពេល​ដែល​បេះដូង​ចាប់ផ្ដើម​លោត ឬ​នៅពេល​ដែល​ទារក​អាច​រស់នៅ​ខាងក្រៅ​ផ្ទៃ ប៉ុន្តែ​សម្រាប់​យើង វា​គ្មាន​ចម្ងល់​ទេ​ថា បុត្រី និង​បុត្រា​ខាង​វិញ្ញាណ​របស់​ព្រះ គឺ​ស្ថិត​នៅលើ​ដំណើរ​ផ្ទាល់​ខ្លួន​របស់​ពួកគេ ដោយ​មក​លើ​ផែនដី​ដើម្បី​ទទួល​រូបកាយ និង​ដកពិសោធន៍​ជីវិត​រមែង​ស្លាប់ ។

ក្នុង​នាមជា​កូនចៅ​នៃ​សេចក្ដីសញ្ញា​របស់​ព្រះ យើង​ស្រឡាញ់ គោរព បីបាច់ ការពារ និង​ស្វាគមន៍​វិញ្ញាណ​ទាំងនោះ​ដែល​កំពុង​មក​ពី​ពិភព​មុន​ជីវិត​នេះ ។

ការរួម​ចំណែក​ដ៏​អស្ចារ្យ​របស់​ស្ត្រី

សម្រាប់​ស្ត្រី​ម្នាក់ ការមាន​កូន​អាច​ជា​ការលះបង់​ដ៏​ធំធេង​ខាងរាងកាយ ខាង​ផ្លូវចិត្ត និង​ខាងសេដ្ឋកិច្ច ។ យើង​ស្រឡាញ់ និង​គោរព​ដល់​ស្ត្រី​ដ៏​អស្ចារ្យ​ទាំងឡាយ​នៃ​សាសនាចក្រ​នេះ ។ ដោយ​ភាពវៃឆ្លាត និង​ប្រាជ្ញា​បងប្អូន​រែក​បន្ទុក​នៃគ្រួសារ​របស់​បងប្អូន ។ បងប្អូន​ស្រឡាញ់ ។ បងប្អូន​បម្រើ ។ បងប្អូន​ពលិកម្ម ។ បងប្អូន​ពង្រឹង​សេចក្ដី​ជំនឿ ផ្ដល់​ការងារ​បម្រើ​ដល់​អ្នក​ដែល​ត្រូវការ​ជំនួយ និង​រួម​ចំណែក​យ៉ាង​ធំធេង​ដល់​សង្គម ។

ទំនួលខុសត្រូវ​ដ៏​ពិសិដ្ឋ​នៃ​ការការពារ​ជីវិត

ច្រើន​ឆ្នាំ​កន្លង​ទៅហើយ ដោយ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​ចំនួន​នៃ​ការរម្លូត​កូន​នៅក្នុង​ពិភពលោក ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​ថ្លែង​ទៅកាន់​ស្ត្រី​នៃ​សាសនាចក្រ​ជា​មួយ​ពាក្យ​ដែល​ពាក់ព័ន្ធ​សម្រាប់​យើង​នៅ​ថ្ងៃនេះ ។ លោក​បាន​មាន​ប្រសាសន៍​ថា « បងប្អូន​ដែល​ជា​ភរិយា និង​ម្ដាយ គឺជា​យុថ្កា​នៃ​គ្រួសារ ។ បងប្អូន​ផ្តល់​កំណើត​ដល់​កូន ។ នោះ​ជា​ទំនួល​ខុសត្រូវ​ដ៏​ធំធេង និង​ពិសិដ្ឋ​ខ្លាំង​ណាស់ ។ … តើ​អ្វី​កំពុង​កើត​ឡើង​ចំពោះ​ការដឹងគុណ​របស់​យើង​ចំពោះ​ភាពបរិសុទ្ធ​នៃ​ជីវិត​មនុស្ស ? ការរម្លូត​កូន​គឺជា​អំពើ​អាក្រក់ ឃោរឃៅ ហើយ​ពិត​ជា​គួរស្អប់ខ្ពើម ដែល​កំពុង​តែ​រាលដាល​នៅ​ពាសពេញ​ផែនដី ។ ខ្ញុំ​សូម​អង្វរ​ដល់​ស្ត្រី​នៃ​សាសនាចក្រ​នេះ សូម​ចៀស​ពី​វា សូម​ឈរ​ពីលើ​វា នៅ​ឲ្យ​ឆ្ងាយ​ពី​ស្ថានភាព​សម្របសម្រួល​ទាំងនោះ ដែល​ធ្វើ​ឲ្យ​វា​មើល​ទៅ​គួរ​ឲ្យ​ប្រាថ្នា​ចង់បាន ។ ប្រហែល​ជា​មាន​កាលៈទេសៈ​មួយ​ចំនួន​ដែល​វា​អាច​កើតឡើង ប៉ុន្តែ​វា​កម្រ​ណាស់ ។​១០ … បងប្អូន​គឺ​ជា​មាតា​នៃ​កូនចៅ​របស់​ព្រះ​ដែល​មាន​ជីវិត​ដ៏​ពិសិដ្ឋ ។ ការការពារ​ពួកគេ​គឺជា​ទំនួល​ខុសត្រូវ​ដែល​ព្រះ​បាន​ប្រទាន ដែល​មិន​អាច​ច្រានចោល​ទៅ​មួយឡែក​បាន​ឡើយ » ។​១១

អែលឌើរ ម៉ាកឺស ប៊ី ណាស បាន​ចែកចាយ​ជាមួយ​ខ្ញុំ នូវ​ដំណើររឿង​របស់​ស្ត្រី​អាយុ ៨៤ ឆ្នាំ​ជាទីស្រឡាញ់​ម្នាក់ ដែល​អំឡុង​ពេល​ការសម្ភាស​បុណ្យ​ជ្រមុជ​ទឹក​របស់​គាត់ « បាន​ទទួល​ស្គាល់​ពី​ការរម្លូតកូន​ម្នាក់ [ ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ ] » ។ គាត់​បាន​និយាយ​ទាំង​អារម្មណ៍​ក្តុក្តួល​ចេញ​ពី​ចិត្ត​ថា « ខ្ញុំ​បាន​រែក​បន្ទុក​នៃ​ការរម្លូត​កូន​នេះ​ជា​រៀងរាល់​ថ្ងៃ​នៃ​ជីវិត​ខ្ញុំ អស់​រយៈពេល សែសិប​ប្រាំមួយ ឆ្នាំ ។ … ទោះ​ខ្ញុំ​ធ្វើ​អ្វី​ក៏​ដោយ ក៏​មិន​អាច​បំភ្លេច​ការឈឺចាប់ និង​អារម្មណ៍​ខុសឆ្គង​នេះ​បាន​ទេ ។ ខ្ញុំ​អស់​សង្ឃឹម រហូត​ដល់​ខ្ញុំ​បាន​រៀន​ពី​ដំណឹង​ល្អ​ដ៏​ពិត​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំ​បាន​រៀន​ពី​របៀប​ដើម្បី​ប្រែចិត្ត … ហើយ​ខ្ញុំ​ត្រូវបាន​បំពេញ​ដោយ​ក្ដីសង្ឃឹម​ភ្លាម ។ នៅទីបំផុត ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​អាច​ទទួល​បាន​ការអភ័យទោស បើ​ខ្ញុំ​ប្រែចិត្ត​ពី​អំពើបាប​របស់​ខ្ញុំ​ដោយ​ពិត​ប្រាកដ​នោះ » ។១២

យើង​មាន​អំណរគុណ​ជា​អនេក​ចំពោះ​អំណោយទាន​នៃ​ការប្រែចិត្ត និង​ការអភ័យទោស​ដែល​បាន​មក​ពី​ព្រះ ។

តើយើង​អាច​ធ្វើ​អ្វី​ខ្លះ ?

តើ​អ្វី​ទៅ​ជា​ទំនួល​ខុសត្រូវ​របស់​យើង ក្នុងនាម​ជា​សិស្ស​ដ៏​សុខសាន្ត​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ? ចូរ​យើង​រស់នៅ​តាម​បទបញ្ញត្តិ​របស់​ព្រះ បង្រៀន​វា​ទៅ​កូនចៅ​របស់​យើង ហើយ​ចែកចាយ​វា​ជាមួយ​មនុស្ស​ដទៃ​ទៀត ដែល​យល់​ព្រម​ស្ដាប់ ។១៥ ចូរ​យើង​ចែកចាយ​អារម្មណ៍​ដ៏​ជ្រាលជ្រៅ​របស់​យើង​អំពី​ភាពបរិសុទ្ធ​នៃ​ជីវិត ជាមួយ​នឹង​អ្នក​ទាំងឡាយ​ដែល​ធ្វើ​ការសម្រេច​ចិត្ត​នៅក្នុង​សង្គម ។ ពួកគេ​ប្រហែល​ជា​មិន​ពេញ​ចិត្ត​នឹង​អ្វី​ដែល​យើង​ជឿ ប៉ុន្តែ​យើង​អធិស្ឋាន​ថា ពួកគេ​នឹង​យល់​កាន់តែ​ពេញលេញ​ពី​មូលហេតុ ដែល​សម្រាប់​យើង ការសម្រេច​ចិត្ត​ទាំងនេះ​គឺ​ល្អ​លើស​ពី​អ្វី​ដែល​មនុស្ស​ម្នាក់​ចង់​បាន​សម្រាប់​ជីវិត​ផ្ទាល់​ខ្លួន​របស់​គាត់ ។

ប្រសិន​បើ​ស្ត្រី​ម្នាក់​មាន​ផ្ទៃពោះ​ដោយ​មិន​បាន​រំពឹង​ទុក ចូរ​យើង​ឈោង​ទៅ​រក​នាង​ដោយ​ក្ដីស្រឡាញ់ ផ្តល់​ការលើក​ទឹកចិត្ត ហើយ​នៅពេល​នាង​ត្រូវការ ជំនួយ​ខាង​ហិរញ្ញវត្ថុ សូមជួយ​ដល់​ម្ដាយ​ម្នាក់នោះ​ដើម្បី​ឲ្យ​កូន​នាង​បាន​កើត​មក ហើយ​បន្ត​ដំណើរ​របស់​គេ​នៅក្នុង​ជីវិត​រមែង​ស្លាប់​នេះ ។​១៤

ភាពស្រស់ស្អាត់​នៃ​ការសុំកូនចិញ្ចឹម

ក្នុង​គ្រួសារ​យើង យើង​បាន​ទទួល​ពរជ័យ​មិន​អាច​វាស់វែង​បាន កាល​ពី​ជាង​ពីរ​ទសវត្សរ៍​មក​ហើយ យុវតី​អាយុ ១៦ ឆ្នាំ​ម្នាក់​បាន​ដឹង​ថា នាង​កំពុង​មាន​ផ្ទៃ​ពោះ ។ នាង និង​ឪពុក​កូន​នោះ​មិន​បាន​រៀបការ​ទេ ហើយ​ពួកគេ​ពុំ​អាច​ឃើញ​ផ្លូវ​ដើរ​ទៅមុខ​រួម​គ្នា​នោះ​ទេ ។ យុវតី​នោះ​ជឿ​ថា ជីវិត​កូន​ដែល​នាង​ពរពោះ​នោះ​មាន​តម្លៃ​ណាស់ ។ នាង​បាន​ផ្ដល់​កំណើត​ដល់​ទារិកា​ម្នាក់ ហើយ​បាន​អនុញ្ញាត​ឲ្យ​គ្រួសារ​សុចរិត​មួយ​ទទួល​យក​ទារិកា​នោះ​ទៅ​ចិញ្ចឹម​ជា​កូន​របស់​ពួកគេ​ផ្ទាល់ ។ សម្រាប់ ប្រាយស៍ និង ជូលីន ទារិកា​នោះ​គឺជា​ចម្លើយ​ដល់​ការអធិស្ឋាន​របស់​ពួកគេ ។ ពួកគេ​បាន​ដាក់​ឈ្មោះ​នាង​ថា អេមីលី ហើយ​បាន​បង្រៀន​នាង​ឲ្យ​ទុក​ចិត្ត​លើ​ព្រះវរបិតាសួគ៌​របស់​នាង និង​ព្រះរាជបុត្រា​របស់​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ ។

រូបភាព
អេមីលី​និង​គ្រីស្ទាន<nb/>។

អេមីលី​បាន​ធំ​ឡើង ។ យើង​មាន​អំណរគុណ​ណាស់ ដែល​អេមីលី និង​ចៅប្រុស​យើង គ្រីស្ទាន បាន​ស្រឡាញ់​គ្នា ហើយ​បាន​រៀបការ​នៅក្នុង​ដំណាក់​នៃ​ព្រះ ។ ឥឡូវ​នេះ អេមីលី និង​គ្រីស្ទាន មាន​កូនស្រី​តូច​ម្នាក់ ។

រូបភាព
អេមីលី​ជាមួយ​កូនស្រី<nb/>។

ថ្មីៗនេះ អេមីលី​បាន​សរសេរ​ថា « ឆ្លងកាត់​ការពរពោះប្រាំបួន​ខែ​ចុងក្រោយ​នេះ ខ្ញុំ​មាន​ពេល​សញ្ជឹង​គិត​ពី​ព្រឹត្តិការណ៍ [ នៃ ] កំណើត​របស់​ខ្ញុំ​ផ្ទាល់ ។ ខ្ញុំ​បាន​សញ្ជឹងគិត​ពី​ម្ដាយ​បង្កើត​របស់​ខ្ញុំ ដែល​ពរពោះ​ខ្ញុំកាល​គាត់​ទើបតែ​មាន​អាយុ ១៦ ឆ្នាំ​ប៉ុណ្ណោះ ។ កាលដែល​ខ្ញុំ​បាន​ដកពិសោធន៍​នូវ​ការឈឺចាប់ និង​ការផ្លាស់ប្ដូរ​ពេល​មាន​ផ្ទៃពោះ ខ្ញុំ​ពុំ​អាច​មិនគិត​ពី​ការពិបាក​​ដែល​ម្តាយ​ខ្ញុំ​មាន នៅ​ពេល​គាត់​មាន​អាយុ​តែ ១៦ ឆ្នាំ​នោះ​ទេ ។ … ទឹកភ្នែក​ហូរ​មក​សូម្បី​ឥឡូវ​នេះ កាលដែល​ខ្ញុំ​គិត​ពី​ម្ដាយ​បង្កើត​របស់​ខ្ញុំ គាត់​ដឹង​ថា គាត់មិន​អាច​ផ្ដល់​ដល់​ខ្ញុំ​នូវ​ជីវិត [ ដែល​គាត់​ប្រាថ្នា​ចង់​បាន​សម្រាប់​ខ្ញុំ ហើយ​ដោយ​មិន​អាត្មានិយម គាត់​បាន ] ឲ្យ​ខ្ញុំ​ទៅ​គេ​ចិញ្ចឹម ។ ខ្ញុំ​មិន​អាច​ស្ទង់​មើល​ពី​អ្វី​ដែល​គាត់​បានឆ្លងកាត់​ក្នុង​ពេល​ប្រាំបួន​ខែ​—នោះ ដោយ​ត្រូវ​គេ​មើល​មក​ជាមួយ​នឹង​ការវិនិច្ឆ័យ កាលដែល​រាងកាយ​របស់​គាត់​បាន​ផ្លាស់ប្ដូរ បទពិសោធន៍​វ័យ​ជំទង់​ដែល​គាត់​បាន​ខកខាន ដោយ​ដឹង​ថា ក្តី​ស្រឡាញ់​ក្នុង​ភាព​ជាម្តាយ​នឹង​ត្រូវ​បញ្ចប់​នៅពេល​សម្រាលកូន​ហើយ ត្រូវ​ឲ្យ​កូន​គាត់​ទៅនៅក្នុង​ដៃ​របស់​មនុស្ស​ម្នាក់​ផ្សេង​ទៀត ។ ខ្ញុំ​មាន​អំណរគុណ​ណាស់​ចំពោះ​ជម្រើស​មិន​អាត្មានិយម​របស់​គាត់ ដែល​ពុំ​បាន​ជ្រើសរើស​ប្រើ​សិទ្ធិ​ជ្រើសរើស​របស់​គាត់​ដក​យក​ជីវិត​របស់​ខ្ញុំ » ។ អេមីលី​បាន​បញ្ចប់​ថា « ខ្ញុំ​មាន​អំណរគុណ​ណាស់​ចំពោះ​ផែនការ​ដ៏​ទេវភាព​របស់​ព្រះវរបិតាសួគ៌ សម្រាប់​ឪពុក​ម្ដាយ​ដ៏​អស្ចារ្យ​របស់​ខ្ញុំ ដែល [ ស្រឡាញ់ និង​ថែទាំ ] ខ្ញុំ និង​សម្រាប់​ព្រះវិហារ​បរិសុទ្ធ ជា​កន្លែង​ដែល​យើង​អាច​ផ្សារភ្ជាប់​ទៅ​នឹង​ក្រុមគ្រួសារ​របស់​យើង​អស់កល្ប​ជានិច្ច » ។១៥

រូបភាព
រូប កូនក្មេង

ព្រះអង្គ​សង្គ្រោះ « យក​កូន​តូច​១ ដាក់​នៅ​កណ្តាល​ជំនុំ រួច​ទ្រង់​បី​វា មាន​ព្រះបន្ទូល​ទៅ​គេ​ថា អ្នក​ណា​ដែល​ទទួល​កូន​តូច [ ទាំងនេះ ] ដូច​ជា​កូន​នេះ ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ក៏​ឈ្មោះ​ថា​ទទួល​ខ្ញុំ »​១៦

នៅ​ពេល​ដែល​បំណង​ប្រាថ្នា​ដ៏​សុចរិត​មិន​ទាន់​ត្រូវ​បាន​គេ​ដឹង​នៅ​ឡើយ ។

ខ្ញុំ​សូម​បង្ហាញ​សេចក្ដី​ស្រឡាញ់ និង​ក្តីអាណិត​អាសូរ​ចំពោះ​គូ​ស្វាមី​ភរិយា​ដ៏​សុចរិត​ទាំងឡាយ ដែល​រៀបការ ហើយ​មិន​អាច​មាន​កូន ដូច​ដែល​ពួកគេ​បាន​ទន្ទឹង​ចាំ​យ៉ាង​អន្ទះសារ និង​ចំពោះ​ស្ត្រី និង​បុរស​ទាំងនោះ ដែល​ពុំ​មាន​ឱកាស​រៀបការ​តាម​ច្បាប់​របស់​ព្រះ ។ សុបិន​ដែល​មិន​មែន​ជា​ការពិត គឺ​ពិបាក​នឹង​យល់ បើ​មើល​ចេញ​ពី​ទស្សនវិស័យ​នៃ​ជីវិត​រមែង​ស្លាប់ ។ ក្នុង​នាម​ជា​អ្នកបម្រើ​របស់​ព្រះអម្ចាស់ ខ្ញុំ​សូម​សន្យា​នឹង​បងប្អូន​ថា ពេល​ដែល​បងប្អូន​ស្មោះត្រង់​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ និង​សេចក្ដី​សញ្ញា​របស់​បងប្អូន នោះ​បងប្អូន​នឹង​ទទួល​បាន​ពរជ័យ​តបស្នង​នៅក្នុង​ជីវិត​នេះ ព្រមទាំង​បំណង​ប្រាថ្នា​ដ៏​សុចរិត​របស់​បងប្អូន នៅក្នុង​ពេលវេលា​របស់​ព្រះអម្ចាស់ ។​១៧ អាច​មាន​សុភមង្គល​នៅក្នុង​ដំណើរ​នៃ​ជីវិត​រមែង​ស្លាប់​នេះ សូម្បី​នៅពេល​ដែល​ក្ដីសង្ឃឹម​ដ៏​សុចរិត​ទាំងអស់​របស់​យើង​មិន​ត្រូវបាន​ដឹងឮ​ក្ដី ។​១៨

បន្ទាប់​ពី​កើតមកហើយ កូនៗ​នៅ​បន្ត​ត្រូវការ​ជំនួយ​របស់​យើង ។ កូនៗ​ខ្លះ​ត្រូវការ​វា​យ៉ាង​ខ្លាំង ។ ជា​រៀងរាល់​ឆ្នាំ តាមរយៈ​ប៊ីស្សព​ដែល​ខ្វល់ខ្វាយ និង​ដង្វាយ​តម​អាហារ​ដ៏​សប្បុរស​របស់​បងប្អូន ព្រមទាំង​មូលនិធិ​មនុស្សធម៌ ជីវិត​កុមារ​រាប់​លាន​នាក់​បាន​ទទួល​ពរជ័យ ។ ថ្មីៗ​នេះ គណៈប្រធាន​ទីមួយ​បាន​ប្រកាស​ពី​ជំនួយ ២០ លាន​ដុល្លារ​បន្ថែម​ទៀត ដើម្បី​ជួយ​ដល់ អង្គការ យូនីសេហ្វ នៅក្នុង​កិច្ចខិតខំ​របស់​ពួកគេ ដើម្បី​ផ្ដល់​វ៉ាក់សាំង​ចំនួន​ពីរ​ពាន់​លាន​ដុស ។១៩ ព្រះ​ស្រឡាញ់​កូន​ក្មេង ។

ការសម្រេចចិត្ត​ដ៏​ពិសិដ្ឋ​ដើម្បី​មាន​កូន ។

វា​គួរ​ឲ្យ​បារម្ភ ដែល​មាន​ទារក​កើតមក​កាន់តែ​តិច សូម្បី​តែ​នៅក្នុង​ប្រទេស​ដែល​រីកចម្រើន​បំផុត​មួយ​ចំនួន​ក្តី ។​២០ « ព្រះ​បញ្ញត្តិ​របស់​ព្រះ​សម្រាប់​ឲ្យ​កូន​ចៅ​របស់​ទ្រង់​បង្កើត​កូន​ឲ្យ​ចម្រើន​ជាច្រើន​ឡើង ឲ្យ​មាន​ពាសពេញ​លើ​ផែន​ដី​នេះ​នៅ​តែ​ឲ្យ​ប្រតិបត្តិ​នៅ​ឡើយ » ។​២១ ពេលវេលា​ដើម្បី​មាន​កូន និង​ចំនួនកូន​ដែល​ត្រូវ​មាន គឺជា​ការសម្រេចចិត្ត​ដ៏​សម្ងាត់​ដែល​ត្រូវ​ធ្វើ​ឡើង​រវាង​ស្វាមី និង​ភរិយា និង​ព្រះអម្ចាស់ ។ ជា​មួយ​នឹង​សេចក្ដី​ជំនឿ និង​ការអធិស្ឋាន ការសម្រេច​ចិត្ត​ដ៏​ពិសិដ្ឋ​ទាំង​នេះ​អាច​ជា​បទពិសោធន៍​ដ៏​ស្រស់​បំព្រង និង​ប្រកប​ដោយ​វិវរណៈ​មួយ ។២២

ខ្ញុំ​សូម​ចែកចាយ​ដំណើររឿង​របស់​គ្រួសារ​ឡាំង មក​ពី​ប៉ែក​ខាង​ត្បូង​រដ្ឋ​កាលីហ្វ័រញ៉ា ។ បងស្រី រេបេកា ឡាំង សរសេរ​ថា

រូបភាព
គ្រួសារ លៀង

« នា​រដូវ​ក្ដៅ​ឆ្នាំ ២០១១ ជីវិត​ហាក់ដូច​ជា​ល្អ​ឥតខ្ចោះ​សម្រាប់​គ្រួសារ​យើង ។ យើង​មាន​ជីវិត​អាពាហ៍ពិពាហ៍​ដ៏​រីករាយ​ជាមួយ​នឹង​កូន​បួន​នាក់​របស់​យើង—អាយុ ៩, ៧, ៥ និង ៣ ឆ្នាំ ។ …

« ការមាន​ផ្ទៃពោះ និង​ការសម្រាល​កូន​របស់​ខ្ញុំ [ មាន ] ហានិភ័យ​ខ្ពស់ … [ ហើយ ] យើង​មាន​អារម្មណ៍​ថា​មាន​ពរជ័យ [ ណាស់ ] ដែល​មាន​កូន​បួន​នាក់ [ ដោយ​គិត​ថា ] គ្រួសារ​យើង​គឺ​ពេញលេញ​ហើយ ។ ក្នុង​ខែ តុលា ខណៈ​កំពុង​ស្ដាប់​សន្និសីទ​ទូទៅ ខ្ញុំ​បាន​ទទួល​អារម្មណ៍​ដ៏​ប្រាកដ​មួយ​ថា យើង​ត្រូវ​មាន​កូន​ម្នាក់​ទៀត ។ ពេល​ដែល ឡឺហ្គ្រេន និង​ខ្ញុំ​បាន​ពិចារណា ហើយ​អធិស្ឋាន … យើង​បាន​ដឹង​ថា ព្រះ​មាន​ផែនការ​ផ្សេង​សម្រាប់​យើង​ជាង​យើង​មាន​សម្រាប់​ខ្លួន​យើង ។

« បន្ទាប់​ពី​មាន​ផ្ទៃពោះ និង​ការសម្រាល​ដ៏​ពិបាក​មួយ​ទៀត យើង​ត្រូវ​បាន​ប្រទាន​ពរ​នូវ​កូនស្រី​ម្នាក់​ដ៏ស្រស់​ស្អាត ។ យើង​បាន​ដាក់​ឈ្មោះ​នាង​ថា ប្រីលលេ ។ នាង​ជា​អព្ភូតហេតុ​មួយ ។ មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​កំណើត​នាង ខណៈ​នៅក្នុង [ បន្ទប់​សម្ភព ] នៅឡើយ ខ្ញុំ​បាន​ឮ​សំឡេង​ដ៏​ប្រាកដ​របស់​ព្រះវិញ្ញាណ​ថា ‹ នៅ​មាន​ម្នាក់​ទៀត › ។

« បី​ឆ្នាំ​ក្រោយ​មក មាន​អព្ភូតហេតុ​មួយ​ទៀត គឺ ម៉ៃ ។ ប្រីលលេ និង ម៉ៃ ជា​អំណរ​ដ៏​អស្ចារ្យ​សម្រាប់​គ្រួសារ​យើង » ។ គាត់​បាន​បញ្ចប់​ថា « ការបើក​ចិត្ត​ចំពោះ​ការដឹកនាំ​របស់​ព្រះ ហើយ​ធ្វើតាម​ផែនការ​របស់​ទ្រង់​សម្រាប់​យើង នឹង​តែងតែ​នាំ​មក​នូវ​សុភមង្គល​ដែល​ធំធេង​ជាង … ការទុកចិត្ត​លើ​ការយល់ឃើញ​របស់​យើង​ផ្ទាល់ » ។​២៣

រូបភាព
ប្រីលលេ និង ម៊ៃ​លៀង

ព្រះអង្គ​សង្គ្រោះ​ស្រឡាញ់​កូន​ដ៏​មាន​តម្លៃ​ម្នាក់ៗ ។

« ហើយ​ទ្រង់​បាន​យក​កូន​ក្មេង​របស់​ពួក​គេ​ម្ដង​ម្នាក់ៗ ហើយ​បាន​ប្រទាន​ពរ​ដល់​ពួក​វា ។…

« ​ហើយ … ពួក​គេ​បាន​សម្លឹង​ទៅ​លើ​ផ្ទៃ​មេឃ ហើយ​ពួក​គេ​ឃើញ​ពួក​ទេវតា​ហោះ​ចុះ​មក​ពីស្ថាន​សួគ៌ … នៅ​កណ្តាល​ភ្លើង ហើយ [ ពួក​ទេវតា ] … ហែរ​ហម​ជុំ​វិញ​ពួក​កូន​ក្មេង​ទាំង​នោះ … ហើយ​ពួក​ទេវតា​បាន​ធ្វើ​ការ​បម្រើ​ដល់​ពួក​កូន​ក្មេង​ » ។២៤

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ដំណើរ​របស់​យើង​ផ្ទាល់ ក្នុង​នាម​ជា​បុត្រ​របស់​ព្រះ ពុំ​បាន​ចាប់ផ្ដើម​នៅ​ដង្ហើម​ដំបូង​ដែល​ចូល​ក្នុង​សួត​របស់​បងប្អូន​នោះ​ទេ ហើយ​វា​នឹង​មិន​បញ្ចប់​នៅពេល​បងប្អូន​ដក​ដង្ហើម​ចុងក្រោយ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ​ដែរ ។

សូម​យើង​ចងចាំ​ជានិច្ច​ថា កូន​វិញ្ញាណ​ម្នាក់ៗ​របស់​ព្រះ នឹង​មក​ផែនដី​នេះ​តាម​ដំណើរ​ផ្ទាល់​ខ្លួន​របស់​គាត់​ផ្ទាល់ ។២៥ ចូរ​យើង​ស្វាគមន៍​ពួកគេ ការពារ​ពួកគេ ហើយ​ស្រឡាញ់​ពួកគេ​ជានិច្ច ។ កាលដែល​បងប្អូន​ទទួល​យក​កូន​ដ៏​មាន​តម្លៃ​ទាំងនេះ​នៅក្នុង​ព្រះនាម​នៃ​ព្រះអង្គ​សង្គ្រោះ ហើយ​ជួយ​ពួកគេ​នៅក្នុង​ដំណើរ​ដ៏​អស់កល្ប​របស់​ពួកគេ ខ្ញុំ​សូម​សន្យា​ដល់​បងប្អូន​ថា ព្រះអម្ចាស់​នឹង​ប្រទានពរ​ដល់​បងប្អូន ហើយ​ចាក់​សេចក្ដី​ស្រឡាញ់ និង​ការយល់ព្រម​របស់​ទ្រង់​មក​លើ​បងប្អូន ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. សំបុត្រ​ឆ្លើយឆ្លង​ផ្ទាល់ខ្លួន ។

  2. សំបុត្រ​ឆ្លើយឆ្លង​ផ្ទាល់ខ្លួន ។ សូមមើល​« ខ្ញុំដឹងថាព្រះប្រោសលោះខ្ញុំនៅរស់ » ទំនុកតម្កើង លេខ​៧៦ ។

  3. សំបុត្រ​ឆ្លើយឆ្លង​ផ្ទាល់ខ្លួន ។

  4. គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៤៥ ។

  5. យ៉ូសែប ហ្វ៊ីលឌីង ស៊្មីធ នៅ ក្នុង Conference Report ខែ មេសា ឆ្នាំ ១៩១៦ ទំព័រ ៣ ។

  6. នៅក្នុង​Trent Toone « ‘A Fulness of Joy’: President Nelson Shares Message of Eternal Life at His Daughter’s Funeral » Church Newsថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០១៩ thechurchnews.com ។

  7. សូមមើល « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោកលើ​គេហទំព័រ​ChurchofJesusChrist.org ។

  8. គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:៥៦ ។

  9. យេរេមា ១:៥ ។ ព្រះគម្ពីរ​សញ្ញា​ថ្មី​ប្រាប់​អំពី​យ៉ូហាន​បាទីស្ទ​ដែល​មិនទាន់​កើត​កំពុង​បម្រះ​នៅក្នុង​ពោះ ពេល​ដែល​អេលីសាបិត​បាន​ជួប​ម៉ារី ដែល​កំពុង​តែ​ពរពោះ​ព្រះឱរស​ព្រះយេស៊ូវ ( សូមមើល លូកា ១:៤១ ។

  10. ទីតាំង​ផ្លូវការ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។

    « សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ជឿ​លើ​ភាព​បរិសុទ្ធ​នៃ​ជីវិត​មនុស្ស​លោក ។ ហេតុដូច្នេះ​ហើយ សាសនាចក្រ​ប្រឆាំង​នឹង​ការជ្រើស​យក​ឲ្យ​មាន​ការពន្លូត​កូន​សម្រាប់​ភាព​ងាយ​ស្រួល​ផ្ទាល់​ខ្លួន និង សង្គម ហើយ​សូម​ទូន្មាន​ដល់​សមាជិក​ខ្លួនកុំ​ឲ្យ​ដាក់ស្នើ ប្រព្រឹត្ត លើក​ទឹកចិត្ត បង់ប្រាក់ ឬ ចាត់ចែង​ឲ្យ​មាន​ការពន្លូត​កូន​ឡើយ ។

    « សាសនាចក្រ​អនុញ្ញាត​ឲ្យ​មាន​ករណី​លើកលែង​សម្រាប់​សមាជិក​របស់​ខ្លួន នៅពេល ៖

    « ការ​មាន​ផ្ទៃ​ពោះ​ដែល​ជា​លទ្ធផល​មកពី​ការ​ចាប់​រំលោភ ឬ​ការរួមភេទ​ជាមួយ​សាច់ញាតិ​ជិតដិត​ដោយ​បង្ខំ ឬ

    « គ្រូ​ពេទ្យ​មាន​សមត្ថភាព​កំណត់​ថា ជីវិត និង​សុខភាព​របស់​ម្តាយ​ស្ថិត​នៅក្នុង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ឬ

    « គ្រូ​ពេទ្យ​មាន​សមត្ថភាព កំណត់​ថា គត៌​មាន​ការ​ខ្វះខាត​ធ្ងន់ធ្ងរ ដែល​នឹង​មិន​អនុញ្ញាត​ឲ្យ​ទារក​អាច​រស់​បាន​ពេល​កើត ។

    « សាសនាចក្រ​បង្រៀន​សមាជិកខ្លួន​ថា ថ្វីបើ​មាន​ករណីលើកលែង​ដ៏​កម្រទាំង​នេះ​ក្ដី ក៏​ការពន្លូត​កូនមិន​ត្រូវ​ធ្វើ​ឡើង​ដោយ​ស្វ័យប្រវត្តិ​ដែរ ។ ការពន្លូត​កូន​គឺ​ជា​រឿង​មួយ​ដ៏​ធំ​បំផុត និង គប្បី​ត្រូវបាន​ពិចារណា ដរាប​ណា​បុគ្គល​ដែលពាក់ព័ន្ធ​បាន​ប្រឹក្សា​ជាមួយ​ពួក​អ្នក​ដឹកនាំ​សាសនាចក្រ​ក្នុង​មូលដ្ឋាន​របស់​ពួកគេ ហើយ​ទទួល​បាន​អារម្មណ៍​តាម​រយៈ​ការអធិស្ឋាន​ផ្ទាល់​ខ្លួន​ថា ការសម្រេច​ចិត្ត​របស់​ពួកគេ​ពិត​ជា​ត្រឹមត្រូវ​តែ​ប៉ុណ្ណោះ ។

    « សាសនាចក្រ មិន​បាន​គិត​ផ្តោត​សំខាន់​ឬ​ជំនាស់​ចំពោះ​សំណើច្បាប់ ឬ​ការធ្វើបាតុកម្ម​សាធារណៈ​ណាមួយ​ទាក់ទង​នឹង​ការរម្លូតកូន​កូន​ឡើយ » ( « Abortion » Newsroom, newsroom.ChurchofJesusChrist.org; សូមមើល​ផងដែរ General Handbook: Serving in The Church of Jesus Christ of Latter-day Saints, ៣៨.៦.១ ChurchofJesusChrist.org).សាសនាចក្រមិនបានអនុគ្រោះឬជំទាស់នឹងសំណើច្បាប់ឬការធ្វើបាតុកម្មសាធារណៈទាក់ទងនឹងការរំលូតកូនទេ» («ការរំលូតកូន»បន្ទប់ព័ត៌មាន។ , ChurchofJesusChrist.org) ។

  11. ហ្គរដុន ប៊ី ហ៊ិងគ្លី « Walking in the Light of the Lord »​Ensignខែ វិច្ឆិកា ឆ្នាំ ១៩៩៨ Liahona, ខែមករា ឆ្នាំ​១៩៩៩ ទំព័រ​១១៧ ។

    ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​ថ្លែង​ថា ៖

    « ការរម្លូត​កូន​គឺ​ជា​រឿង​ដ៏​អាក្រក់ ជា​រឿង​ទាបថោក ជា​រឿង​ដែល​នាំ​ឲ្យ​មាន​វិប្បដិសារី ភាពសោកសៅ និង​ការសោកស្តាយ​ដោយ​ចៀស​មិន​រួច ។

    « ខណៈ​ដែល​យើង​ប្រកាស​បដិសេធ​វា យើង​ធ្វើ​ការអនុញ្ញាត​ឲ្យ​មាន​កាលៈទេសៈ​បែបនោះ ដូចជា​ការ​មាន​ផ្ទៃ​ពោះ​ដែល​ជា​លទ្ធផល​មកពី​ការរួមភេទ​ជាមួយ​សាច់ញាតិ​ជិតដិត​ដោយ​បង្ខំ ឬ​ការ​ចាប់​រំលោភ នៅពេល​ដែល​ជីវិត ឬ​សុខភាព​របស់​ម្ដាយ​ត្រូវបាន​វិនិច្ឆ័យ​ដោយ​អ្នកមាន​អំណាច​ខាង​វេជ្ជសាស្ដ្រ​ថា​នឹង​រងគ្រោះថ្នាក់​ជា​ដំណំ ឬ​នៅពេល​ដែល​ទារក​នោះ​ត្រូវបាន​បញ្ជាក់​ដោយ​អ្នកមាន​អំណាច​ខាង​វេជ្ជសាស្ដ្រ​ថា​ទទួល​រងការខូចខាត​ជាខ្លាំង ដែល​នឹង​មិន​អាច​ឲ្យ​ទារក​នោះ​រស់​បាន ហួស​ពី​ការកើតមក​នោះ​ឡើយ ។

    « ប៉ុន្តែ​ករណី​បែបនេះ​កម្រ​មាន​ណាស់ ហើយ​កាលៈទេសៈ​បែបនេះ​ទំនង​ជា​មិន​កើតឡើង​ទេ ។ នៅក្នុង​កាលៈទេសៈ​ទាំងនេះ ពួក​អ្នក​ដែល​ប្រឈម​នឹង​សំណួរ ត្រូវបាន​ស្នើ​ឲ្យ​ប្រឹក្សា​នឹង​ថ្នាក់​ដឹកនាំ​ខាង​សាសនា​ក្នុង​មូលដ្ឋាន​របស់​ពួកគេ ហើយ​ឲ្យ​អធិស្ឋាន​ដោយ​ភាពស្មោះត្រង់​យ៉ាង​ខ្លាំង ទទួល​ការបញ្ជាក់​តាមរយៈ​ការអធិស្ឋាន​មុន​នឹង​ប្រព្រឹត្តិ​វា » ( « What Are People Asking about Us?Ensignខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ទំព័រ ៧១ Liahona, ខែ​មករា ឆ្នាំ​១៩៩៩ ទំព័រ ៨៣–៨៤ ) ។

  12. នែល អិល អាន់ឌើរសិន The Divine Gift of Forgiveness២០១៩ )ទំព័រ ២៥ ។

    ក្នុង​ឱកាស​មួយ​នៅក្នុង​ប្រទេស​បារាំង អំឡុង​ការសម្ភាស​បុណ្យ​ជ្រមុជ​ទឹក​មួយ ស្ត្រី​ម្នាក់​បាន​និយាយ​ជាមួយ​ខ្ញុំ​អំពី​ការពន្លូត​កូន​របស់​គាត់​ជាច្រើន​ឆ្នាំ​កន្លង​មក​ហើយ ។ ខ្ញុំ​មាន​អំណរគុណ​ចំពោះ​សេចក្ដី​ល្អ​របស់​គាត់ ។ គាត់​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។ ប្រហែល​មួយ​ឆ្នាំ​ក្រោយ​មក ខ្ញុំ​បាន​ទទួល​ទូរសព្ទ​មួយ ។ ស្ត្រី​ដ៏​ល្អ​នេះ ក្នុង​មួយ​ឆ្នាំ​តាំង​ពី​បុណ្យ​ជ្រមុជ​ទឹក​របស់​គាត់ ត្រូវបាន​បង្រៀន​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ គាត់​បាន​ទូរសព្ទ​មក​ដោយ​យំសោក​ថា « តើ​លោក​ចាំ ដែល … ខ្ញុំ​បាន​ប្រាប់​លោក​អំពី​ការពន្លូត​កូន​របស់​ខ្ញុំ​ជា​ច្រើន​ឆ្នាំ​មុន​ទេ ? ខ្ញុំ​មាន​អារម្មណ៍​សោកស្ដាយ​ចំពោះ​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ ។ ប៉ុន្តែ​[ ឆ្នាំ ]​កន្លង​មក​នេះ​បាន​ផ្លាស់ប្ដូរ​ខ្ញុំ ។ ដួងចិត្ត​ខ្ញុំ​បាន​បែរ​ទៅរក​ព្រះអង្គ​សង្គ្រោះ ។ … ខ្ញុំ​មាន​ការឈឺចាប់​ណាស់ ដោយ​ភាពធ្ងន់ធ្ងរ​នៃ​អំពើបាប​របស់​ខ្ញុំ ដែល​ខ្ញុំ​គ្មាន​ផ្លូវ​ដើម្បី​ស្ដារឡើង​វិញ​ទេ » ។

    ខ្ញុំ​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​ដ៏​មហិមា​របស់​ព្រះអម្ចាស់​ចំពោះ​ស្ត្រី​នេះ ។ ប្រធាន ប៊យដ៍ ឃេ ផាកកឺ បាន​មាន​ប្រសាសន៍​ថា « ការ​ស្ដារ​ឡើង​នូវ​អ្វី​ដែល​បងប្អូន​មិន​អាច​ស្ដារ​បាន ការព្យាបាល​របួស​ដែល​បងប្អូន​មិន​អាច​ព្យាបាល​បាន ការជួលជុល​អ្វី​បងប្អូន​បាន​ធ្វើ​ឲ្យ​បែកបាក់ និង​បងប្អូន មិន​អាច​ជួល​ជុល​បាន គឺ​ជា​គោល​បំណង​តែ​មួយ​គត់​នៃ​ដង្វាយ​ធួន​របស់​ព្រះ​គ្រីស្ទ ។ នៅ​ពេល​អ្នក​មាន​បំណងប្រាថ្នា​មោះមុត ហើយ​ថែមទាំង​មាន​ឆន្ទៈ​សង ‹ គេ​ឲ្យ​គ្រប់ › [ សូមមើល​ម៉ាថាយ ៥:២៥–២៦នោះ​ច្បាប់​នៃ​សំណង​មិន​អាច​ធ្វើ​អ្វី​អ្នក​បាន​ឡើយ ។ កាតព្វកិច្ច​របស់​បងប្អូន​ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​ព្រះអម្ចាស់ ។ ទ្រង់​នឹង​ដោះស្រាយ​រឿង​របស់​អ្នក » ( « The Brilliant Morning of ForgivenessEnsignខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ទំព័រ ១៩–២០ ) ។ ខ្ញុំ​បាន​អះអាង​ដល់​គាត់​នូវ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ ។ ព្រះអម្ចាស់​មិន​ត្រឹម​តែ​ដក​យក​អំពើ​បាប​របស់​គាត់​ប៉ុណ្ណោះ​ទេ ទ្រង់​ថែម​ទាំង​ពង្រឹង និង​បន្សុទ្ធ​វិញ្ញាណ​របស់​គាត់​ផងដែរ ។ ( សូមមើល នែល អិល អាន់ឌើរសិន The Divine Gift of Forgivenessទំព័រ ១៥៤–៥៦ ។

  13. ដាល្លិន អេក អូក « Protect the Children »​Liahonaខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ៤៣–៤៦ ។

  14. ការការពារ​ជីវិត​របស់​បុត្រី ឬ​បុត្រា​របស់​ព្រះ ក៏​ជា​ទំនួលខុសត្រូវ​របស់​ឪពុក​ផងដែរ ។ ឪពុក​គ្រប់រូប​មាន​ទំនួលខុសត្រូវ​ខាង​អារម្មណ៍ វិញ្ញាណ និង​ហរិញ្ញវត្ថុ ដើម្បី​ស្វាគមន៍ ស្រឡាញ់ និង​ថែទាំ​ដល់​កូន​ដែល​មក​ផែនដី ។

  15. សំបុត្រ​ឆ្លើយឆ្លង​ផ្ទាល់ខ្លួន ។

  16. ម៉ាកុស ៩:៣៦–៣៧ ។

  17. សូមមើល នែល អិល អាន់ឌើរសិន « A Compensatory Spiritual Power for the Righteousការប្រជុំធម្មនិដ្ឋាន Brigham Young University ថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០១៥ ) នៅ គេហទំព័រ speeches.byu.edu ។

  18. សូមមើល ដាល្លិន អេក អូក « The Great Plan of HappinessEnsignខែ វិច្ឆិកា ឆ្នាំ ១៩៩៣ ទំព័រ ៧៥ ។ សូមមើល​ផងដែរ រ័សុល អិម ណិលសុន « ChoicesEnsignខែ វិច្ឆិកា ឆ្នាំ ១៩៩០ ​ទំព័រ ៧៥ ។

  19. សូមមើល « Bishop Caussé Thanks UNICEF and Church Members for COVID-19 ReliefNewsroom ថ្ងៃទី ៥ ខែ មីនា ឆ្នាំ ២០២១ នៅគេហទំព័រ newsroom.ChurchofJesusChrist.org ។

  20. ឧទាហរណ៍ ប្រសិនបើ​សហរដ្ឋ​អាមេរិក​បាន​រក្សា​អត្រា​កំណើត​របស់​ខ្លួន​ក្នុង​ឆ្នាំ ២០០៨ នោះ គ្រាន់តែ ១៣ ឆ្នាំ​មុន នោះ​នឹង​មាន​ទារក ៥.៨ លាន​បន្ថែម​ទៀត​រស់នៅ​សព្វថ្ងៃ​នេះ ( សូមមើល Lyman Stone « 5.8 Million Fewer Babies: America’s Lost Decade in Fertility » Institute for Family Studies, ថ្ងៃទី ៣ ខែ កុម្ភៈ ឆ្នាំ ២០២១ ifstudies.org/blog/5–8-million-fewer-babies-americas-lost-decade-in-fertility ) ។

  21. ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោកនៅលើ​គេហទំព័រ ChurchofJesusChrist.org ។ ព្រះគម្ពីរ​កត់ត្រា​ថា « កូនចៅ​ជា​មរតក​មកពី​ព្រះយេហូវ៉ា » ( ទំនុកដំកើង ១២៧:៣ ។ សូមមើល រ័សុល អិម ណិលសុន « How Firm Our FoundationLiahonaខែ កក្កដា ឆ្នាំ ២០០២ សូមមើល​ផងដែរ ដាល្លិន អេក អូក « Truth and the PlanLiahonaខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ២៧ ។

  22. សូមមើល នែល អិល អាន់ឌើរសិន « ChildrenLiahonaខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ២៨ ។

  23. ការឆ្លើយឆ្លងផ្ទាល់ខ្លួន ថ្ងៃ​ទី ១០ ខែ មីនា ឆ្នាំ ២០២១ ។

  24. នីហ្វៃទី៣ ១៧:២១, ២៤

  25. « ជាក់ស្ដែង យើង​ទាំងអស់​គ្នា​ជា​អ្នក​ធ្វើ​ដំណើរ—ថែម​ទាំង​ជា​អ្នក​រុករក​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ​ទៀត​ផង ។ យើង​ពុំ​ទទួល​បាន​អត្ថប្រយោជន៍​នៃ​បទពិសោធន៍​ផ្ទាល់​ខ្លួន​ពី​មុន​មក​ទេ ។ យើង​ត្រូវតែ​ឆ្លងកាត់​ទឹក​ចោត​ដ៏​គ្រោះថ្នាក់ និង​ទឹក​ដែល​ច្របូក​ច្របល់​ក្នុង​ដំណើរ​ផ្ទាល់ខ្លួន​របស់​យើង​នៅលើ​ផែនដី » ( ថូម៉ាស អេស ម៉នសុន « The Bridge Builder »​Liahonaខែ វិច្ឆិកា ឆ្នាំ ២០០៣ ទំព័រ ៦៧ ) ។