សន្និសីទទូទៅ
តើ​ព្រះអង្គ​សង្គ្រោះ​របស់​យើង​បាន​ធ្វើ​អ្វីខ្លះ​សម្រាប់​យើង ?
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២១


តើ​ព្រះអង្គ​សង្គ្រោះ​របស់​យើង​បាន​ធ្វើ​អ្វីខ្លះ​សម្រាប់​យើង ?

ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​អ្វីៗ​ទាំង​អស់​ដែលចាំបាច់​សម្រាប់ការធ្វើ​ដំណើរនៅក្នុង​ជីវិត​រមែង​ស្លាប់របស់​យើង ឆ្ពោះ​ទៅ​កាន់​ជោគវាសនា​ដែល​បាន​គ្រោងទុកនៅ​ក្នុង​ផែនការ​របស់​ព្រះវបិតា​សួគ៌​របស់​យើង ។

នៅ​ក្នុង​ការប្រជុំ​ពេល​ល្ងាច​ថ្ងៃ​សៅរ៍​នៅ​សន្និសិទ​ស្តេក​មួយ​កាល​ពី​ច្រើន​ឆ្នាំ​កន្លង​ទៅ ខ្ញុំ​បាន​ជួប​ស្រី្ត​ម្នាក់​ដែល​បាន​និយាយ​ថា មិត្ត​ភក្តិ​របស់​នាង​បាន​សូម​នាងឲ្យ​ត្រឡប់​មក​ព្រះវិហារ​វិញ ក្រោយពី​នាងបាន​អសកម្ម​អស់​ជា​ច្រើន​ឆ្នាំ ប៉ុន្តែ​នាងពុំ​គិត​ឃើញ​ពីហេតុផលដែល​នាង​គួរ​តែ​ត្រឡប់​មកព្រះវិហារវិញ​នោះទេ ។ ដើម្បី​លើក​ទឹក​ចិត្ត​ដល់នាង ខ្ញុំ​បាន​និយាយ​ថា « ពេលប្អូន​គិត​ពិចារណាពី​អ្វីៗ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​សម្រាប់​ប្អូន នោះ​ប្អូន​នឹង​មាន​ហេតុផល​ជាច្រើន​ដើម្បី​ត្រឡប់មកដើម្បី​ថ្វាយបង្គំ និង​បម្រើ​ទ្រង់វិញ » ។ ខ្ញុំ​មាន​ការភ្ញាក់​ផ្អើល​ណាស់​នៅ​ពេល​ឮ​នាង​ឆ្លើយ​ថា « តើ​ទ្រង់​បាន​ធ្វើ​អ្វី ខ្លះ​សម្រាប់​ខ្ញុំ​ ? »

រូបភាព
ការយាងមក​ជា​លើក​ទីពីរ

តើ​ព្រះយេស៊ូវគ្រីស្ទបាន​ធ្វើ​អ្វី​ខ្លះ​សម្រាប់យើង​ម្នាក់ៗ ? ទ្រង់​បាន​ធ្វើ​អ្វីៗ​ទាំង​អស់​ដែលចាំបាច់​សម្រាប់ការធ្វើ​ដំណើរនៅក្នុង​ជីវិត​រមែង​ស្លាប់របស់​យើង ឆ្ពោះ​ទៅ​កាន់​ជោគវាសនា​ដែល​បាន​គ្រោងទុកនៅ​ក្នុង​ផែនការ​របស់​ព្រះវបិតា​សួគ៌​របស់​យើង ។ ខ្ញុំ​នឹង​និយាយ​ពី​គោលការណ៍​ចំនួន​បួន​ដែល​បង្ហាញ​ពី​ផែនការ​នោះ ។ នៅ​ក្នុង​គោលការណ៍​នីមួយៗ​ទាំងនេះ ព្រះ​រាជ​បុត្រា​បង្កើត​តែមួយ​របស់​ទ្រង់​គឺ ព្រះយេស៊ូវគ្រីស្ទ គឺជា​តួអង្គ​សំខាន់ ។ ការជំរុញ​ចិត្ត​ទាំងអស់​នេះ​គឺ « សេចក្ដី​ស្រឡាញ់​នៃ​ព្រះ ដែល​មាន​សាយ​សព្វ​នៅ​ក្នុង​ចិត្ត​នៃ​កូន​ចៅ​មនុស្ស ហេតុ​ដូច្នោះ​ហើយ នោះ​គឺជា​សេចក្ដី​ស្រឡាញ់ ដែល​គួរ​ឲ្យ​ប្រាថ្នា​ដ៏​លើសលប់​ជាង​អ្វីៗ​ទាំង​អស់ » ( នីហ្វៃ​ទី ១ ១១:២២ ) ។

I.

នៅមុនថ្ងៃ​អាទិត្យ​បុណ្យ​អ៊ីស្ទើរ វា​គឺ​ជា​ពេលដ៏​ល្អដែល​ត្រូវ​និយាយដំបូងគេ​ពី​ដំណើរ​រស់ឡើង​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ដំណើររស់ឡើង​វិញ​ពី​សេចក្តី​ស្លាប់​គឺ​ជា​កត្តាដ៏​ចាំបាច់​ផ្ទាល់ខ្លួន​ដែល​ធានា​ដល់​សេចក្តីជំនឿ​របស់​យើង ។ វា​បន្ថែម​អត្ថន័យ​ដល់​គោលលទ្ធិ​របស់​យើង បន្ថែម​ការលើក​ទឹកចិត្ត​ដល់​អាកប្បកិរិយា និង​បន្ថែម​សេច​ក្តី​សង្ឈឹម​ចំពោះ​អនាគត​របស់​យើង ។

ដោយ​សារ​យើង​ជឿ​លើ​ការរៀបរាប់​របស់​ព្រះគម្ពីរ​ប៊ីប និង​ព្រះគម្ពីរ​មរមន​អំពី​ដំណើររស់​ឡើង​វិញ​ដ៏​ពិតប្រាកដ​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​ក៏​ទទួលយក​ការបង្រៀន​តាម​ព្រះគម្ពីរ​ជា​ច្រើន​ទៀត​ថា ការរស់ឡើង​វិញ​ស្រដៀង​គ្នា​នេះ​នឹង​កើត​មាន​ចំពោះ​មនុស្ស​នៃ​ជីវិត​រមែង​ស្លាប់​ទាំងអស់​ដែល​ធ្លាប់​បាន​រស់នៅលើ​ផែនដី​នេះ​ផងដែរ ។ ដូច​ព្រះយេស៊ូវ​បាន​បង្រៀន​ថា « ដោយ​ព្រោះ​ខ្ញុំ​រស់ នោះ​អ្នក​រាល់​គ្នា​នឹង​រស់​ដែរ » ( យ៉ូហាន ១៤:១៩ ) ។ ហើយ​សាវក​របស់​ទ្រង់​បាន​បង្រៀន​ថា « នោះ​ពួក​ស្លាប់​នឹង​រស់​ឡើង​វិញ មិន​ពុក​រលួយ​ទៀត​ឡើយ » និង « រូបកាយ​ដែល​តែងតែ​ស្លាប់​នេះ បាន​ប្រដាប់​ដោយ​សេចក្តី​មិន​ចេះ​ស្លាប់​វិញ » ( កូរិនថូស​ទី​១ ១៥:៥២, ៥៤ ) ។

រូបភាព
ការ​មាន​ព្រះជន្ម​ឡើងវិញ

ប៉ុន្តែ​ដំណើររស់ឡើង​វិញ​មិន​ត្រឹមតែ​ធានា​ថា​យើង​នឹង​បាន​អមតភាព​ប៉ុណ្ណោះ​នោះទេ ។ ការរស់ឡើង​វិញនេះ ផ្លាស់​ប្តូរ​របៀប​ដែល​យើង​គិត​អំពី​ជីវិត​រមែង​ស្លាប់ ។

ដំណើររស់​ឡើង​វិញ​ផ្ដល់​ដល់​យើង​នូវ​ទស្សនវិស័យ និង កម្លាំង​ដើម្បី​តស៊ូ​នឹង​ឧបសគ្គ​ក្នុង​ជីវិត​រមែងស្លាប់​នេះ​ដែល​យើង​ម្នាក់ៗ និងមនុស្ស​ដែល​យើង​ស្រឡាញ់​ត្រូវ​ប្រឈម ។ ការរស់ឡើង​វិញ​ផ្តល់​ឲ្យ​យើង​នូវ​របៀប​ថ្មី​មួយ​ដើម្បី​គិត​អំពី​ភាពទន់ខ្សោយ​ខាង​រាងកាយ ស្មារតី ឬ​ខាង​សតិអារម្មណ៍ ដែល​យើង​មាន​តាំងពី​កំណើត ឬ​ទទួលបាន​នៅក្នុង​ជីវិត​រមែងស្លាប់​នេះ ។ វា​ផ្តល់​ដល់​យើង​នូវ​កម្លាំង​ដើម្បី​តស៊ូ​នឹង​ការសោកសៅ ការបរាជ័យ និង​ការខូចចិត្ត ។ ពីព្រោះតែ​យើង​ម្នាក់ៗ​ត្រូវបាន​អះអាង​ពី​ការរស់ឡើងវិញ នោះ​យើង​ដឹង​ថា ភាពទន់ខ្សោយ​នៃ​ជីវិត​រមែងស្លាប់ និង​ការប្រឆាំង​ទាំងនេះ​គឺ​គ្រាន់តែ​មួយរយៈ​ប៉ុណ្ណោះ !

ដំណើររស់ឡើង​វិញ​នេះ​ផ្ដល់​ឲ្យ​យើង​នូវ​ការលើកទឹក​ចិត្ត​ដ៏​មាន​អានុភាព​ដើម្បី​គោរព​តាម​ព្រះបញ្ញតិ្ត​របស់​ព្រះ​អំឡុង​ជីវិត​រមែងស្លាប់​របស់​យើង។ ពេល​យើង​រស់​ឡើង​វិញ​ពី​សេចក្តី​ស្លាប់ ហើយ​ធ្វើ​ដំណើរ​ទៅ​កាន់​ការជំនុំ​ជម្រះ​ចុង​ក្រោយ​ដែល​បាន​ព្យាករទុក យើង​ចង់​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ដើម្បីទទួលពរជ័យ​ដ៏​វិសេស​បំផុត​ដែល​បាន​សន្យា​ដល់​អស់​អ្នក​ដែល​បានរស់​ឡើង​វិញ ។ ។

រូបភាព
យើង​អាច​រស់នៅ​ជា​ក្រុមគ្រួសារ​អស់កល្បជានិច្ច<nb/>។

លើស​ពី​នេះ​ទៀត​នោះ ការសន្យា​ដល់​ដំណើរ​រស់ឡើង​វិញ​អាច​រួមមាន​ទាំង​ឱកាស​ដើម្បី​រស់នៅ​ជាមួយ​សមាជិក​គ្រួសារ​យើង—ស្វាមី ភរិយា កូនៗ ឪពុក​ម្ដាយ និង​កូនចៅ​ជំនាន់​ក្រោយ—គឺ​ជា​ការលើកទឹកចិត្ត​ដ៏​មាន​អានុភាព​ដើម្បី​បំពេញ​ការទទួល​ខុសត្រូវ​របស់​គ្រួសារ​យើង​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ ។ វា​ក៏​ជួយ​យើង​ឲ្យ​រស់នៅ​ជាមួយ​គ្នា​ដោយ​នូវ​សេចក្ដី​ស្រឡាញ់​នៅ​ក្នុង​ជីវិត​នេះ ហើយ​វា​ជួយ​លួងលោម​យើង​ចំពោះ​ការស្លាប់​របស់​មនុស្ស​ជាទី​ស្រឡាញ់​របស់​យើង​ផងដែរ ។ យើង​ដឹង​ថា​ការបែក​គ្នា​ក្នុង​ជីវិត​រមែង​ស្លាប់​ទាំង​នេះ​គ្រាន់តែ​បណ្តោះ​អាសន្ន​ប៉ុណ្ណោះ ហើយ​យើង​សង្ឃឹមថា​នឹង​មាន​ការជួបជុំ និង​ការស្វាគមន៏​ដ៏​រីករាយ​នាពេល​អនាគត ។ ដំណើររស់ឡើង​វិញ​ផ្តល់​ដល់​យើង​នូវ​សេចក្តី​សង្ឈឹម និង​កម្លាំង​ដើម្បី​មាន​ភាពអត់ធ្មត់​នៅពេល​យើង​រង់ចាំ ។ ការរស់​ឡើង​វិញ​ក៏​រៀបចំ​យើង​ឲ្យ​មាន​សេចក្តីក្លាហាន និង​ភាពថ្លៃថ្នូរ​ដើម្បី​ប្រឈមមុខ​នឹង​សេចក្ដី​ស្លាប់​របស់​យើង​ផ្ទាល់​ផងដែរ—ទោះបី​ជា​ការ​ស្លាប់​ដែល​យើង​ហៅថា​ការស្លាប់​ទាំង​វ័យ​ក្មេង​ក្តី ។

ឥទ្ធិពល​នៃ​ដំណើររស់ឡើងវិញ​ទាំងអស់​នេះ​គឺជា​ផ្នែក​មួយ​នៃ​ចម្លើយ​ចំពោះ​សំណួរ​ដែល​បាន​សួរ​ដំបូង​ថា « តើ​ទ្រង់​បាន​ធ្វើ​អ្វីសម្រាប់ខ្ញុំ​ ? »

II.

សម្រាប់​ពួកយើង​ភាគច្រើន ឱកាស​ដើម្បី​ទទួល​បាន​ការអភ័យ​ទោស​ពី​អំពើបាប​របស់​យើង​គឺ​ជា​អត្ថន័យ​ដ៏​សំខាន់​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ដោយ​ការថ្វាយបង្គំ យើង​ច្រៀង​ដោយ​ការគោរព​ថា ៖

ព្រះ​លោហិត​ដ៏​វិសេស​ទ្រង់​ហូរ

ហើយ​ទ្រង់​បាន​លះ​បង់​ឲ្យ

ការបូជា​គ្មាន​ទោស​ជំនួស​បាប

និង​សង្គ្រោះ​ដល់​លោកិយ ។ ។

ព្រះអង្គ​សង្គ្រោះ និង​ព្រះប្រោសលោះ​យើង​បាន​ស៊ូទ្រាំ​នូវ​ការរងទុក្ខដែល​យើង​មិន​អាច​យល់​បាន​ដើម្បី​ពលិកម្ម​សម្រាប់​អំពើបាប​របស់​មនុស្ស​ទាំងអស់​ដែល​នឹង​ប្រែចិត្ត ។ ពលិកម្ម​ដ៏​ធួន​នេះ បាន​ថ្វាយ​នូវ​អ្វី​ដែល​ល្អ​បំផុត​កូនចៀម​ឥតខ្ចោះ​ឥត​ស្លាក​ស្នាម​សម្រាប់​អំពើអាក្រក់​ដ៏​ហួសប្រមាណ​ជា​អំពើ​បាប​នៃ​ពិភពលោក​ទាំងមូល ។ ពលិកម្ម​ដ៏​ធួន​នេះ​បានបើកទ្វារ​ឲ្យ​យើង​ម្នាក់ៗ​បាន​ជ្រះស្អាត​ពី​អំពើ​បាប​របស់​យើង​ផ្ទាល់ ដើម្បី​យើង​អាច​ត្រឡប់ទៅ​ទីវត្តមាន​របស់​ព្រះវរបិតា​ដ៏​អស់កល្បជានិច្ច​របស់​យើង​វិញ ។ ឱកាស​នេះ​គឺ​មាន​សម្រាប់កូន​ទាំងអស់​របស់​ព្រះ ។ ដោយ​ការថ្វាយបង្គំ យើង​ច្រៀង​ដោយ​ការគោរព​ថា ។

ខ្ញុំ​ស្ងប់ស្ងែង​ដែល​ទ្រង់​បានយាង​ចុះពី​បល្ល័ង្គ​ឧត្តម

ដើម្បី​សង្គ្រោះ​ព្រលឹង​ដ៏កាច​ឆ្មើងឆ្មៃ​ដូច​រូបខ្ញុំ

ដែល​ទ្រង់​មានព្រះទ័យ​ស្រឡាញ់​ដល់​មនុស្ស​ដូច​ជា​ខ្ញុំ ។

ឥទ្ធិពល​ដ៏​អស់ស្ចារ្យ និង​មិន​អាច​យល់បាន​នៃ​ដង្វាយធួន​របស់ ព្រះយេស៊ូវគ្រីស្ទ គឺ​ដោយសារ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​យើង​ម្នាក់ៗ ។ ដង្វាយ​ធួន​របស់​ទ្រង់​បញ្ជាក់​ពី​ការប្រកាស​របស់​ទ្រង់​ថា « តម្លៃ​នៃ​ព្រលឹង​ទាំង​ឡាយ »—គ្រប់​ជីវិត​រមែង​ស្លាប់—« គឺ​មហិមា​ណាស់​ចំពោះ​ព្រះនេត្រ​នៃ​ព្រះ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៨:១០ ) ។ នៅក្នុង​ព្រះគម្ពីរ​ប៊ីប ព្រះយេស៊ូវ​គ្រីស្ទ បាន​ពន្យល់​ទាក់ទង​នឹង​សេចក្តី​ស្រឡាញ់​របស់ ព្រះវបិតា​ថា « ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក​ដល់​ម្ល៉េះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះ​រាជ​បុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា នោះ​មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ » ( យ៉ូហាន ៣:១៦ ) ។ នៅ​ក្នុង​វិវរណៈ​សម័យ​ទំនើប ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះប្រោសលោះ​របស់​យើង បាន​ប្រកាស​ថា ទ្រង់ស្រឡាញ់​មនុស្ស​លោក​ដល់​ម្ល៉េះ​បាន​ជា​ទ្រង់​ប្រទាន​ជីវិត​របស់​ទ្រង់​ផ្ទាល់​ដើម្បី​ឲ្យ​អស់​អ្នក​ណា​ដែល​ជឿ​អាច​ត្រឡប់​ទៅ​ជា​កូនព្រះ » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៣៤:៣ ) ។

តើ​មាន​អ្វី​អស្ចារ្យ​ជាង​ការដែល​ថា ព្រះគម្ពីរ​មរមន​គឺ​ជា សក្ខីបទ​មួយ​ទៀត​អំពី​ព្រះ​គ្រីស្ទ នោះ ដែល​សន្និដ្ឋាន​ដោយ​ការបង្រៀន​ដើម្បី​បាន​« ល្អ​ឥត​ខ្ចោះ » ហើយ « បរិសុទ្ធ​នៅ​ក្នុង​ព្រះគ្រីស្ទ » យើងត្រូវ​តែ « ស្រឡាញ់​ព្រះ​ឲ្យ​អស់​ពី​សមត្ថភាព អស់​ពី​គំនិត និង​អស់​ពី​កម្លាំង [ របស់​យើង ] » ( មរ៉ូណៃ ១០:៣២–៣៣ ) ។ ផែនការ​របស់​ទ្រង់​បាន​បង្កើតឡើង​ដោយ​សេចក្តី​ស្រឡាញ់ ហេតុដូច្នោះហើយ ក៏​ត្រូវ​ទទួល​ដោយ​សេចក្តី​ស្រឡាញ់​ដែរ ។

III.

តើ​មាន​អ្វីខ្លះ​ទៀត​ដែល​ព្រះអង្គ​សង្គ្រោះ យេស៊ូវគ្រីស្ទ បាន​ធ្វើ​សម្រាប់​យើង ? តាម​រយៈ​ការបង្រៀន​ពី​ព្យាការី​របស់​ទ្រង់ និង​តាម​រយៈ​ការងារបម្រើរបស់​ទ្រង់​ផ្ទាល់ ព្រះយស៊ូវ បាន​បង្រៀន​យើង​នូវ​ផែនការ​នៃ​សេចក្តី​សង្គ្រោះ ។ ផែនការ​នេះ​រួម​មាន ការ​បង្កបង្កើត គោល​បំណង​នៃ​ជីវិត​នេះ ភាពចាំបាច់​នៃ​ភាពផ្ទុយ និង​អំណោយ​ទាន​នៃ​សិទ្ធិ​ជ្រើសរើស ។ ទ្រង់​ក៏​បាន​បង្រៀន​យើង​នូវ​បទបញ្ញត្តិ និង​សេចក្តី​សញ្ញា​ដែល​យើង​ត្រូវ​តែ​ប្រតិបត្តិតាម ព្រម​ទាំង​ពិធីបរិសុទ្ធ​ទាំងឡាយ​ដែល​យើង​ត្រូវ​តែ​ដកពិសោធន៍​ដើម្បី​នាំ​យើង​ត្រឡប់​ទៅ​កាន់​ឪពុកម្តាយ​សួគ៌​របស់​យើង​វិញ​ផងដែរ ។

រូបភាព
ទេសនកថា​នៅ​លើ​ភ្នំ

ក្នុង​ព្រះគម្ពីរ​ប៊ីប យើង​អាន​ការបង្រៀន​របស់​ទ្រង់​ថា ៖ « ខ្ញុំ​ជា​ពន្លឺ​លោកីយ៍ ៖ អ្នក​ណា​ដែល​តាម​ខ្ញុំ នោះ​មិន​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត​ឡើយ គឺ​នឹង​មាន​ពន្លឺ​នៃ​ជីវិត​វិញ » ( យ៉ូហាន ៨:១២ ) ។ ហើយ​ក្នុង​វិវរណៈ​សម័យ​ទំនើប យើង​អាន​ថា « មើល​ចុះ យើង​ជា ព្រះយេស៊ូវគ្រីស្ទ … ជា​ពន្លឺ​ដែល​ពុំ​អាច​លាក់​នៅ​ក្នុង​សេចក្តី​ងងឹត​បាន​ឡើយ » ( គោលទ្ធិ និង​សេចក្តី​សញ្ញា ១៤:៩ ) ។ បើ​សិនបើ​យើង​ធ្វើ​តាម​ការបង្រៀន​របស់​ទ្រង់ នោះ​ទ្រង់​នឹង​បំភ្លឺ​ផ្លូវ​របស់យើង​ក្នុង​ជីវិត​នេះ ហើយ​ធានា​នូវ​ជោគ​វាសនា​យើង​នៅ​ជីវិត​ក្រោយ ។

ពីព្រោះ​ទ្រង់​ស្រឡាញ់​យើង ទ្រង់​ជំរុញ​យើង​ឲ្យ​ផ្តោត​លើ​ទ្រង់ ជំនួស​លើ​រឿង​នៃ​ពិភពលោក​រមែង​ស្លាប់​នេះ​នោះទេ ។ ក្នុង​ទេសនកថា​ដ៏​អស្ចារ្យ​ពី​នំបុ័ង​នៃ​ជីវិត ព្រះយេស៊ូវ​បាន​បង្រៀន​ថា យើង​ពុំ​គួរ​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ដែល​ចាប់អារម្មណ៍​បំផុត​លើ​អ្វីៗ​ខាង​លោកិយ—ជា​អ្វីៗ​ដែល​ផ្គត់ផ្គង់​ជីវិត​នៅ​លើ​ផែនដី​នេះ ប៉ុន្តែ​ពុំ​បីបាច់​ចំពោះ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​នោះ​ឡើយ ។​ ដូច​ដែល​ព្រះយេស៊ូវ បាន​អញ្ជើញ​យើង​ម្តង​ហើយ ម្តង​ទៀតៗ​ថា « ចូរ​មក​តាម​ខ្ញុំ » ។

IV.

ជាចុងក្រោយ ព្រះគម្ពីរ​មរមន បង្រៀន​ថា ដោយជា​ផ្នែក​មួយ​នៃ​ដង្វាយ​ធួន​របស់​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ ៖ « [ បាន ] រងការឈឺចាប់ និង​ទុក្ខវេទនា និង​ការល្បួង​គ្រប់​បែប​យ៉ាង ហើយ​ទ្រង់​ធ្វើ​យ៉ាង​នេះ​ក៏​ដើម្បី​ឲ្យ​បាន​បំពេញ​នូវ​ពាក្យ​ទាំងឡាយ​ដែល​បាន​ចែង​ទុក​មក​ថា ទ្រង់​នឹង​លើក​ដាក់​មក​លើ​ខ្លួន​ទ្រង់​នូវ​ការឈឺចាប់ និង​ជំងឺ​ទាំងឡាយ​របស់​រាស្ត្រ​ទ្រង់ » ។ ( អាលម៉ា ៧:១១ ) ។

ហេតុអ្វី​បាន​ជា​ព្រះអង្គ​សង្រ្គោះរងការឈឺចាប់​នូវ​ការសាកល្បង​ក្នុង​ជីវិត​នេះ « គ្រប់​បែប​យ៉ាង » ? អាលម៉ា​បាន​ពន្យល់​ថា​« ទ្រង់​នឹង​ដាក់​លើ​រូប​អង្គ​ទ្រង់​នូវ​ជំងឺ​ឈឺចាប់​របស់​ពួកគេ ដើម្បី​ឲ្យ​ព្រះហឫទ័យ​ទ្រង់​បាន​ពោរពេញ​ទៅដោយ​សេចក្ដី​មេត្តា​ករុណា​ស្របតាម​សាច់ឈាម ដើម្បី​ទ្រង់​អាច​ដឹង​ស្របតាម​សាច់ឈាម​ថា​តើ​ត្រូវ​ជួយរាស្ត្រ​ទ្រង់​បែប​ណា​តាម​ជំងឺ​របស់​គេ [ ដែល​មាន​ន័យថា ដើម្បី​សម្រាល និង​ជួយ ] » ( អាលម៉ា ៧:១២ ) ។

រូបភាព
ព្រះគ្រីស្ទនៅក្នុងសួនច្បារគែតសេម៉ានី

ព្រះអង្គ​សង្គ្រោះ​យើង​ដឹង និង​ស្គាល់​ពី​ការល្បួង​របស់​យើង ការលំបាក​របស់​យើង ការពុះពារ​របស់​យើង ការខូចចិត្ត​របស់​យើង និង ការរងទុក្ខ​របស់​យើង ពីព្រោះ​ទ្រង់​ស្ម័គ្រ​ព្រះទ័យ​ដក​បទពិសោធន៍​ការណ៍​ទាំង​នោះ ដែល​ជា​ផ្នែក​មួយ​​នៃ​ដង្វាយធួន​របស់​ទ្រង់ ។ បទគម្ពីរ​ផ្សេង​ទៀត​ក៏​បញ្ជាក់​ពី​រឿង​នេះ​ដែរ ។ ព្រះគម្ពីរ​សញ្ញា​ថ្មី​ប្រកាស​ថា « ដែល​ទ្រង់​បាន​រងទុក្ខ​លំបាក​ទាំង​ត្រូវ​សេចក្តី​ល្បួង នោះ​ទ្រង់​ក៏​អាច​នឹង​ជួយ​ដល់​អស់​អ្នក​ដែល​ត្រូវ​សេចក្តី​ល្បួង​បាន​ដែរ » ( ហេព្រើរ ២:១៨ ) ។ អេសាយ​ក៏​បាន​បង្រៀន​ផងដែរ​ថា « កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ ដ្បិត​យើង​នៅ​ជាមួយ​នឹង​ឯង … យើង​នឹង​ចម្រើន​កម្លាំង​ដល់​ឯង អើ យើង​នឹង​ជួយ​ឯង » ( អេសាយ ៤១:១០ ) ។ អស់​អ្នក​ដែល​រងទុក្ខ​គ្រប់យ៉ាង​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ គួរតែ​ចាំថា​ព្រះអង្គ​សង្គ្រោះ​ក៏​បាន​ឆ្លងកាត់​ការឈឺចាប់​បែប​នេះ​ផងដែរ ហើយ​ថា​តាម​រយៈ​ដង្វាយធួន​របស់​ទ្រង់ នោះ​ទ្រង់​ប្រទាន​កម្លាំង​ឲ្យ​យើង​ម្នាក់ៗ​អាច​ទ្រាំទ្រ​នឹង​ទុក្ខលំបាក​នេះ​បាន ។

ព្យាការី យ៉ូសែប​ស្ម៊ីធ បាន​សង្ខេប​អ្វី​ទាំង​អស់​នេះ​នៅ​ក្នុង​មាត្រា​ទី​បី នៃ​មាត្រា​នៃ​សេចក្តី​ជំនឿ ៖ « យើង​ខ្ញុំ​ជឿ​ថា តាម​រយៈ​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ នោះ​មនុស្ស​លោក​ទាំងអស់​អាច​បាន​សង្គ្រោះ ដោយសារ​ការគោរព​តាម​ក្រឹត្យវិន័យ និង​ពិធីបរិសុទ្ធ​ទាំងឡាយ​នៃ​ដំណឹងល្អ » ។

ប្អូនស្រីរូប​នោះ​បាន​សួរ​ថា « តើ​ព្រះយេស៊ូវគ្រីស្ទបាន​ធ្វើ​អ្វី​ខ្លះ​សម្រាប់​ខ្ញុំ ? » នៅ​ក្រោម​ផែនការ​នៃ​ព្រះវបិតា​សួគ៌​របស់​យើង ទ្រង់ « បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី » ( គោលទ្ធិ និង​សេចក្តី​សញ្ញា ១៤:៩ )​ដើម្បី​ឲ្យ​យើង​ម្នាក់ៗ​អាច​ដកពិសោធន៍​ក្នុងជីវិត​រមែង​ស្លាប់​នេះ ដែល​ចាំបាច់​ដើម្បី​ស្វែងរក​ជោគ​វាសនា​ទេវភាព​របស់​យើង ។ ដោយជា​ផ្នែក​មួយ​នៃ​ផែនការ​របស់​ព្រះវរបិតា នោះ​ដំណើរ​រស់​ឡើង​វិញ​របស់ ព្រះយេស៊ូវគ្រីស្ទ បាន​យក​ឈ្នះ​សេចក្តី​ស្លាប់​ដើម្បី​ធានា​ឲ្យ​យើង​ម្នាក់ៗ​បាន​នូវ​អតមភាព ។ ពលិកម្ម​ដ៏​ធួន​របស់ ព្រះយេស៊ូវគ្រីស្ទ ផ្តល់​ឲ្យ​យើង​ម្នាក់ៗ​នូវ​ឱកាស​ដើម្បី​ប្រែចិត្ត​ពី​អំពើ​បាប​របស់​យើង ហើយ​ត្រឡប់​ទៅ​ផ្ទះ​សួគ៌ា​របស់​យើង​វិញ​ដោយ​ស្អាតស្អំ ។ បទបញ្ញត្តិ​និង​សេចក្តី​សញ្ញា​របស់​ទ្រង់ បង្ហាញ​ផ្លូវ​ដល់​យើង ហើយ​បព្វជិតភាព​របស់​ទ្រង់ ផ្តល់​សិទ្ធិ​អំណាច​ដើម្បី​ធ្វើ​ពិធីបរិសុទ្ធ​ទាំង​ឡាយ​ដែល​ចាំបាច់​ដើម្បី​ឈាន​ដល់​ជោគវាសនា​នោះ ។ ហើយ​ព្រះអង្គ​សង្គ្រោះ​របស់​យើង​បាន​ស្ម័គ្រ​ព្រះទ័យ​មក​ដកពិសោធន៍​រាល់​ការឈឺចាប់ និង​ទុក្ខព្រួយ​ក្នុង​ជីវិត​រមែង​ស្លាប់​ទាំងអស់ ដើម្បី​ទ្រង់​អាច​ដឹង​ពី​របៀប​ពង្រឹង​យើង​កាល​ដែល​យើង​មាន​ទុក្ខលំបាក ។

រូបភាព
ព្រះយេស៊ូវ​គ្រីស្ទ

ព្រះយេស៊ូវគ្រីស្ទ បាន​ធ្វើ​អ្វីៗ​ទាំង​អស់​នេះ ពីព្រោះ​ទ្រង់​ស្រឡាញ់​កូន​ទាំងអស់​របស់​ព្រះ ។ សេចក្តី​ស្រឡាញ់​គឺ​ជា​កម្លាំងជំរុញ​សម្រាប់​អ្វីៗ​ទាំងអស់ ហើយ​កម្លាំង​ជំរុញ​នេះ​មាន​តាំងពី​ដើម​ដំបូង​មក​ហើយ ។ ព្រះ​បាន​ប្រាប់​យើង​ក្នុង​វិវរណៈ​សម័យ​ទំនើប​ថា « ទ្រង់​បាន​បង្កើត​មនុស្ស​ជា​ប្រុស ជាស្រី ឲ្យ​ដូច​ជា​រូប​របស់​ទ្រង់ … ហើយ​បាន​ប្រទាន​ព្រះបញ្ញត្តិ​ទាំងឡាយ​ដល់​ពួកគេថា ពួកគេ​គប្បី​បម្រើ​ទ្រង់ » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ២០:១៨–១៩ ) ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ពី ការណ៍​ទាំង​នេះ ហើយ​អធិដ្ឋាន​ថា យើង​នឹង​ចងចាំ​នូវ​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​សម្រាប់​យើង​ម្នាក់ៗ និង​ថា​យើង​នឹង​ស្រឡាញ់ ហើយ​បម្រើ​ទ្រង់ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕