សន្និសីទទូទៅ
បន្ទប់​ក្នុង​ផ្ទះ​សំណាក់
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២១


បន្ទប់​ក្នុង​ផ្ទះ​សំណាក់

នៅ​បុណ្យអ៊ីស្ទើរនេះ ព្រះយេស៊ូវគ្រីស្ទ​អញ្ជើញ​យើង​ឲ្យ​ប្រែក្លាយ​ដូចជា​ទ្រង់ ធ្វើ​ជា​សាសន៍​សាម៉ារី​ចិត្តល្អ ដើម្បី​ធ្វើ​ឲ្យ​ផ្ទះ​សំណាក់​របស់ទ្រង់ ( សាសនាចក្រ​របស់​ទ្រង់ ) ជាជម្រក​សម្រាប់​មនុស្ស​ទាំងអស់ ។

បងប្អូន​ប្រុសស្រី​ជាទីស្រឡាញ់ ទោះបី​ជា​ឪពុកខ្ញុំ​បាន​ទទួលមរណភាព​អស់ ២០ ឆ្នាំ​កន្លងទៅ​ហើយ​ក្តី ក៏​ខ្ញុំ​នៅតែ​នឹក​ឪពុកខ្ញុំ​នៅពេល​ខ្លះ​ដែរ ។ ការរស់ឡើង​វិញ​របស់​ព្រះគ្រីស្ទ​នៅ​ថ្ងៃអាទិត្យ​អ៊ីស្ទើរ​ធ្វើ​ឲ្យ​ខ្ញុំ​អាច​ជួប​ពុក​ខ្ញុំ​ម្តងទៀត ។

ពេល​ខ្ញុំ​កំពុង​រៀន​ថ្នាក់​បណ្ឌិត​នៅ​ប្រទេស​អង់គ្លេស ឪពុក​ខ្ញុំ​បាន​មក​លេង ។ លោក​ពុក​ដឹង​ចិត្ត​ខ្ញុំថា ខ្ញុំ​នឹក​ផ្ទះ ។

ពុក​ខ្ញុំ​ចូលចិត្ត​ដំណើរផ្សង​ព្រេង ប៉ុន្តែ​លោក​មិន​ចូលចិត្ត​អាហារ​ប្លែក​នោះទេ ។ ទោះ​ប្រទេស​បារាំង​ល្បី​ខាង​ម្ហូប​ក្តី ក៏​លោក​បាន​មាន​ប្រសាសន៍ថា « តោះ ទៅ​ហូប​ម្ហូប​ចិន » វិញ ។ ដោយបម្រើ​ជា​លោក​អយ្យកោ​អស់រយៈពេល​យ៉ាងយូរ​នៅក្នុង​សាសនាចក្រ ពុក​​ខ្ញុំ​មាន​ភាព​ខាងវិញ្ញាណ និង​ការអាណិត​អាសូរ ។ នៅយប់​មួយ កាលដែល​សំឡេង​សារ៉ែន​រថយន្ត​សង្រ្គោះ​បន្លឺ​ខ្លាំងៗ​ពេញ​ទីក្រុង​ប៉ារីស លោក​បាន​មាន​ប្រសាសន៍​ថា « ហ្គើរីត សំឡេង​យំ​នោះ​គឺជា​សំឡេង​ឈឺចាប់​របស់​ប្រជាជន​នៅ​ទីក្រុង​នេះ​ហើយ » ។

ក្នុង​ការ​ធ្វើ​ដំណើរ​នោះ ខ្ញុំ​មាន​អារម្មណ៍​ពី​ការទួញយំ និង​ការឈឺចាប់​ផ្សេងទៀត ។ យុវនារី​ម្នាក់​កំពុង​លក់​ការ៉េមលើ​រទេះ​រុញ​តូច​មួយ ។ ឯនំ​បំពង់​​គឺ​តូច ប៉ុន​នឹង​ការ៉េម​មួយ​វែក​ប៉ុណ្ណោះ ។ មិនដឹង​មាន​រឿង​អ្វី​កើតឡើង​ទេ មាន​បុរស​មាឌ​ធំ​ម្នាក់​ឈ្លោះ​ជាមួយ​យុវនារី​រូប​នោះ ។ គាត់​បាន​ច្រាន​រទេះ​របស់​នាង​ឲ្យ​រលំ ទាំង​ស្រែក ហើយ​រុញ​នាង ហើយ​បាន​គ្រវែង​នំ​បំពង់​នាង​ចោល​អស់ ។ ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​បានឡើយ កាល​ដែល​បុរស​នោះ​យកជើងជាន់​បំបែក​នំ​បំពង់​នោះ ។ ខ្ញុំ​នៅ​ចាំ​រូបភាព​របស់​យុវនារី​រូបនោះ​លុតជង្គង់​នៅលើ​ផ្លូវ ព្យាយាម​​រើស​កម្ទេច​នំ​បំពង់​ ទាំង​ទឹក​ភ្នែក​នៃ​ការឈឺចាប់​ហូរ​កាត់​លើ​ផ្ទៃមុខ​របស់​នាង ។ រូបភាព​នាង​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ដល់​ទង្វើ​​អសប្បុរស មិន​ខ្វល់ខ្វាយ ការយល់​ខុស ដែល​យើង​ធ្វើ​ដាក់​គ្នា​ជារឿយៗ​ផងដែរ ។

នៅ​ថ្ងៃ​រសៀល​ផ្សេងទៀត ជិត​ទីក្រុង​ប៉ារីស ពុក​ខ្ញុំ និង​ខ្ញុំ​បាន​ទៅ​លេង​ព្រះវិហារ​កាតូលិក​ដ៏​ធំ​មួយ​នៅ​ឯ​ឆាត្រឺ ។ លោក ម៉ាលកុម មៀលឺ ដែល​ជា​អ្នកជំនាញ​អន្ដរជាតិ​ម្នាក់​ខាង​ព្រះវិហារ​កាតូលិក បាន​រៀបរាប់ពី​បង្អួច​កញ្ចក់​ពណ៌​ចំនួន​បី​នៅ​ឆាត្រឺ ។ គាត់​ប្រាប់​ថា បង្អួច​នីមួយៗ​មាន​ដំណើររឿង​របស់​វា ។

បង្អួច​ទីមួយ បង្ហាញ​ពី​លោកអ័ដាម និង​នាង​អេវ៉ា​កំពុង​ចាកចេញ​ពី​សួន​អេដែន ។

បង្អួច​ទីពីរ រៀបរាប់​ពី​រឿង​ប្រៀប​ប្រដូច​​អំពី​សាសន៍​សាម៉ារី​ចិត្ត​ល្អ ។

បង្អួច​ទីបី ពិពណ៌នា​ពី​ការយាង​មក​ជា​លើកទីពីរ​របស់​ព្រះអម្ចាស់ ។

ពេល​មើល​បង្អួច​កញ្ចក់​ពណ៌​ទាំងបី​នេះ​ចូលគ្នា វាអាច​ពិពណ៌នា​ពី​ដំណើរ​អស់កល្បជានិច្ច​របស់​យើង ។ វា​អញ្ជើញ​យើង​ឲ្យ​ស្វាគមន៍​មនុស្ស​ទាំងអស់​ចូល​មក​ដំណាក់​របស់​ទ្រង់ ។​

រូបភាព
បង្អួច​នៅ​ព្រះវិហារ​កាតូលិក​នៅ​ឆាត្រឺ

iStock.com/digitalimagination

ដូចជា​លោក​អ័ដាម និង​នាង​អេវ៉ា​ដែរ យើង​មកកាន់​​ពិភពលោក​ដែល​ពេញ​ដោយ​ទុក្ខលំបាក និង​ការសាកល្បង ។​

រូបភាព
បង្អួច​នៅ​ព្រះវិហារ​កាតូលិក​នៅ​ឆាត្រឺ

iStock.com/digitalimagination

នៅ​លើ​ផ្លូវ​ដ៏​ស្មុគស្មាញ​របស់​យើង​ទៅកាន់​ក្រុង​យេរីខូរ យើង​ត្រូវគេ​វាយប្រហារ រងរបួស ហើយ​ទុក​ឲ្យ​ឈឺចាប់ ។

ទោះបី​ជា​យើង​ត្រូវ​ជួយ​គ្នា​ក៏ដោយ ក៏​ជា​ញឹកញាប់​យើង​ឆ្លង​ទៅ​ផ្លូវ​ផ្សេង ដោយ​​ហេតុផល​ណាមួយ ។

តែដោយ​ក្តី​អាណិត​អាសូរ នោះ​សាសន៍​សាម៉ារី​ចិត្ត​ល្អ​បាន​ឈប់ ហើយ​រុំ​របួស​ឲ្យ​យើង​ដោយប្រើ​ស្រា និង​ប្រេង ។ និមិត្តរូប​នៃ​ពិធីសាក្រាម៉ង់ និង​ពិធីបរិសុទ្ធ​ដទៃ​ទៀត ស្រា និង​ប្រេង ចង្អុល​យើង​ទៅ​កាន់​ការព្យាបាល​ខាងវិញ្ញាណ​នៅ​ក្នុង​ព្រះយេស៊ូវគ្រីស្ទ ។​ សាសន៍​សាម៉ារី​ចិត្ត​ល្អ​លើក​យើង​ដាក់​លើ​សត្វលា​របស់​ទ្រង់ ឬ​ដូច​ក្នុង​ដំណើររឿង​នៅលើ​កញ្ចក់​ពណ៌​នេះ ទ្រង់​លី​យើង​លើ​ស្មា​ទ្រង់ ។ ទ្រង់​នាំ​យើង​ទៅ​កាន់​ផ្ទះ​សំណាក់ ដែល​អាច​តំណាង​ឲ្យ​សាសនាចក្រ​របស់​ទ្រង់ ។ នៅផ្ទះ​សំណាក់នោះ សាសន៍​សាម៉ារី​ចិត្ត​ល្អ បាននិយាយ​ថា « សូមមើល​ថែ​គាត់ …នោះ​ដល់​ខ្ញុំ​មក​វិញ ខ្ញុំ​នឹង​សង​អ្នក » ។ ជានិមិត្តរូប​​អំពី​ព្រះអង្គសង្គ្រោះ​របស់​យើង​ សាសន៍​សាម៉ារី​ចិត្តល្អ​សន្យា​ថា​នឹង​ត្រឡប់​មកវិញ លើក​នេះ​មក​វិញ​ដោយ​ព្រះចេស្តា និង​សិរីរុងរឿង ។

រូបភាព
បង្អួច​នៅ​ព្រះវិហារ​កាតូលិក​នៅ​ឆាត្រឺ

iStock.com/digitalimagination

នៅ​បុណ្យអ៊ីស្ទើរនេះ ព្រះយេស៊ូវគ្រីស្ទ​អញ្ជើញ​យើង​ឲ្យ​ប្រែក្លាយ​ដូចជា​ទ្រង់ ធ្វើ​ជា​សាសន៍​សាម៉ារី​ចិត្តល្អ ដើម្បី​ធ្វើ​ឲ្យ​ផ្ទះ​សំណាក់​របស់ទ្រង់ ( សាសនាចក្រ​របស់​ទ្រង់ ) ជាជម្រក​សម្រាប់​មនុស្ស​ទាំងអស់​ជ្រក​ពី​ទុក្ខលំបាក និង​ព្យុះ​ជីវិត ។ យើង​រៀបចំ​ខ្លួន​សម្រាប់​ការយាងមក​ជាលើក​ទីពីរ​ដែល​បាន​សន្យា​របស់​ទ្រង់ កាលណា​យើង​ធ្វើ​ចំពោះ « អ្នក​តូច​បំផុត »ដូចជា​យើង​នឹង​ធ្វើ​ចំពោះ​ទ្រង់​រាល់ថ្ងៃ​ដែរ ។ « អ្នក​តូច​បំផុត » គឺ​យើង​ម្នាក់ៗ ។

កាល​ដែល​យើង​មក​ផ្ទះ​សំណាក់​ជាមួយ​សាសន៍​សាម៉ារី​ចិត្តល្អ យើង​រៀន​រឿង​ប្រាំ​យ៉ាង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ខ្លួន​របស់​យើង ។

ដំបូង យើង​ម្នាក់ៗ​​មក​កាន់​ផ្ទះសំណាក់​នៅពេលនេះ​ដោយមាន​ចំណុច​ទន់ខ្សោយ និង​ភាព​មិនល្អ​ឥតខ្ចោះ ។ ប៉ុន្តែ យើង​ទាំងអស់គ្នា​មាន​អ្វីមួយ​ចាំបាច់​ត្រូវ​បរិច្ចាគ ។ ជា​ញឹកញាប់ ដំណើរ​ត្រឡប់​ទៅ​ព្រះ​វិញរបស់យើង​​គឺ​ស្ថិតនៅលើ​សាមគ្គីភាព ។ យើង​ចូលរួម​ចំណែក កាល​យើង​មាន​សាមគ្គីភាព​ក្នុង​សហគមន៍—មិនថា​យើង​កំពុង​ប្រឈម​នឹង​ជំងឺ​រាតត្បាត ខ្យល់ព្យុះ ភ្លើង​ឆេះព្រៃ គ្រោះរាំងស្ងួត ឬ​បំពេញ​តម្រូវការ​ប្រចាំ​ថ្ងៃ​ដោយ​ស្ងប់ស្ងៀម​នោះ​ទេ ។ យើង​ទទួល​ការបំផុសគំនិត កាល​ដែល​យើង​ប្រឹក្សា​ជាមួយគ្នា ស្ដាប់​គ្នា ​រួមទាំង​​បងប្អូន​ស្រី​ម្នាក់ៗ និង​ព្រះវិញ្ញាណ​ផងដែរ ។

កាលណា​ដួងចិត្ត​យើង​ផ្លាស់ប្តូរ ហើយ​យើង​ទទួល​ព្រះ​ភ័ក្ត្រ​របស់​ទ្រង់​នៅ​ក្នុង​ទឹកមុខ​របស់​យើងនោះ​យើង​ឃើញ​ទ្រង់ និង​ខ្លួន​ឯងនៅ​ក្នុង​សាសនាចក្រ​របស់​ទ្រង់ ។ នៅក្នុង​ទ្រង់ យើង​រកឃើញ​ភាពច្បាស់លាស់ ពុំមែន​ជា​ការបែកបាក់​គ្នា​នោះទេ ។ នៅក្នុង​ទ្រង់ យើង​រកឃើញ​បុព្វហេតុ​ដើម្បី​ធ្វើ​ល្អ មូលហេតុ​ដើម្បី​ធ្វើ​ល្អ និង​បង្កើន​សមត្ថភាព​ដើម្បី​ប្រែក្លាយ​ជា​មនុស្ស​កាន់តែ​ប្រសើរ​ឡើង ។ នៅក្នុង​ទ្រង់ យើង​រកឃើញ​សេចក្តីជំនឿ​ដែល​កាន់ខ្ជាប់ខ្ជួន បោះបង់​ភាព​អាត្មានិយម ការយកចិត្ត​ទុកដាក់​នឹង​ការផ្លាស់ប្តូរ ហើយ​ទុកចិត្ត​លើ​ព្រះ ។ នៅក្នុង​ផ្ទះសំណាក់​របស់ទ្រង់ យើង​រកឃើញ និង​ពង្រឹង​ទំនាក់ទំនង​របស់​យើង​ផ្ទាល់​ជាមួយ​ព្រះ​ជា​ព្រះវរបិតា និង​ព្រះយេស៊ូវ​គ្រីស្ទ​ ។

ទ្រង់​ទុកចិត្ត​យើង​ឲ្យ​ធ្វើ​ឲ្យ​ផ្ទះ​សំណាក់​របស់​ទ្រង់​ក្លាយ​ជា​ផ្ទះសំណាក់​ ជា​ទីកន្លែង​ដែល​ទ្រង់​ចង់​ឲ្យ​បាន​បែបនោះ ។ កាល​ដែល​យើង​ថ្វាយ​ទេព​កោសល្យ និង​ការខិតខំ​អស់​ពី​សមត្ថភាព​របស់​យើង នោះ​អំណោយទាន​ខាង​វិញ្ញាណ​របស់​យើង១០ក៏​ត្រូវបាន​ពង្រឹង និង​ប្រទាន​ពរជ័យ​ដែរ ។

អ្នកបកប្រែ​ភាសា​អេស្ប៉ាញ​ម្នាក់​បាន​ប្រាប់​ខ្ញុំថា « អែលឌើរ ហ្គង ខ្ញុំ​បាន​ដឹង​ដោយ​ព្រះវិញ្ញាណ​នូវ​អ្វី​ដែល​អែលឌើរ​បម្រុង​នឹង​មាន​ប្រសាសន៍ ដូច្នេះ​ខ្ញុំ​អាច​បកប្រែ​បាន » ហើយ​បងប្រុស​ដ៏​ស្មោះត្រង់​រូប​នេះ​បាន​បន្ដ​ថា « ដោយ​អំណោយទាន​ខាង​ភាសា » ។

អំណោយ​ទាន​នៃ​សេចក្តី​ជំនឿ និង​ការបញ្ជាក់​កើតមាន និង​បើក​សម្ដែង​ខុសៗគ្នា ក្នុង​ស្ថានភាព​ខុសៗគ្នា ។ បងស្រី​ជា​ទីស្រឡាញ់​ម្នាក់​ទទួល​បាន​ការលួងលោម​ខាង​វិញ្ញាណ កាល​ដែល​ស្វាមី​របស់​គាត់​បាន​ទទួល​មរណភាព ដោយសារ​ជំងឺ​កូវីដ-១៩ ។ គាត់​បាន​ពោល​ថា « ខ្ញុំ​ដឹងថា ស្វាមី​ជា​ទីស្រឡាញ់​របស់​ខ្ញុំ និង​ខ្ញុំ​នឹង​នៅ​ជាមួយ​គ្នា​ម្តងទៀត » ។ ក្នុង​ស្ថានភាព​កូវីដផ្សេង បងស្រី​ជាទី​ស្រឡាញ់​ម្នាក់​ទៀត បាន​ប្រាប់​ថា « ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​គួរតែ​ទូល​អង្វរ​ទៅ​ព្រះអម្ចាស់ និង​វេជ្ជបណ្ឌិត​ឲ្យ​ទុកពេល​ឲ្យ​ស្វាមី​របស់​ខ្ញុំ​​បន្តិច​ទៀត​ » ។

ទីពីរ ទ្រង់​អង្វរ​យើង​ឲ្យ​ធ្វើ​ផ្ទះសំណាក់​របស់ទ្រង់​ជា​កន្លែង​នៃ​ព្រះ​គុណ និង​ទូលំទូលាយ ជា​កន្លែង​ដែល​មនុស្ស​គ្រប់គ្នា​អាច​ជួបជុំ​គ្នា​ ហើយ​មាន​កន្លែង​សម្រាប់​មនុស្ស​ទាំងអស់ ។ ក្នុង​នាម​ជា​ពួក​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ យើង​​ស្មើភាព​គ្នា ពុំមាន​ក្រុម​ណា​ពុំសូវ​សំខាន់​ឡើយ ។

មនុស្ស​ទាំងអស់​គ្នា​ត្រូវបាន​ស្វាគមន៍​ឲ្យ​ចូលរួម​ការប្រជុំ​សាក្រាម៉ង់ ការប្រជុំ​ថ្ងៃ​អាទិត្យ​ផ្សេងៗ​ ក៏​ដូចជា​ព្រឹត្តិការណ៍​ខាង​សង្គម​ផងដែរ ។១១ យើង​ថ្វាយ​បង្គំ​ព្រះអង្គ​សង្រ្គោះដោយគារវភាព​ ដោយ​គិតគូរ និង​យកចិត្ត​ទុកដាក់​ចំពោះ​គ្នា ។ យើង​មើល និង​ទទួល​ស្គាល់​មនុស្ស​ម្នាក់ៗ ។ យើង​ញញឹម អង្គុយជិត​អ្នក​ដែល​អង្គុយ​តែឯង រៀនស្គាល់​ឈ្មោះ ដោយ​រួមទាំង​អ្នក​ប្រែចិត្ត​ជឿថ្មី បងប្អូន​ប្រុសស្រី​ដែល​​មក​សកម្ម​វិញ យុវនារី និង​យុវជន ព្រមទាំង​កុមារ​ម្នាក់ៗ​ផងដែរ ។

សូមស្រមៃ​ថា​យើង​ជា​ពួកគាត់​វិញ យើង​ស្វាគមន៍​មិត្តភក្តិ អ្នក​មក​លេង អ្នក​ផ្ទេរ​ចូល​ថ្មី បុគ្គល​រវល់​ដែល​មាន​អ្វីៗ​ជាច្រើន​ត្រូវ​ដោះស្រាយ ។ យើង​ទួញសោក អរ​រីករាយ ហើយ​ជួយ​គាំទ្រ​គ្នា​ទៅវិញ​ទៅមក ។ នៅពេល​យើង​ខកខាន​អ្វីមួយ ហើយ​ប្រញាប់ប្រញាល់ មិន​ដឹង​ខ្លួន ពូកែរិះគន់ ឬ​រើសអើង នោះ​យើង​ស្វែងរក​ការអភ័យទោស​ពី​គ្នា​ទៅវិញ​ទៅមក ហើយ​ធ្វើ​ឲ្យ​បាន​ប្រសើរ​ជាង​មុន ។

គ្រួសារ​មួយ​មក​ពី​ប្រទេស​អាហ្វ្រិក ដែល​ឥឡូវ​នេះ​រស់នៅ​សហរដ្ឋ​អាមេរិក បាន​មាន​ប្រសាសន៍ថា « តាំង​ពី​ថ្ងៃដំបូង សមាជិក​សាសនាចក្រ​មានភាព​រួសរាយ​រាក់ទាក់ និង​ស្វាគមន៍​ណាស់ ។ សមាជិក​គ្រប់គ្នា​ធ្វើ​ឲ្យ​យើង​ទទួល​អារម្មណ៍​ដូចជា​យើង​កំពុងនៅ​ស្រុកកំណើត​ដូច្នោះដែរ ។ គ្មាន​នរណា​ម្នាក់​មើលងាយ​យើង​ឡើយ » ។ ឪពុក​រូបនោះ​បាន​ថ្លែង​ថា « ព្រះគម្ពីរ​ប៊ីប​បង្រៀន​ថា ផលផ្លែ​ដំណឹងល្អ​កើតពី​មែកធាង​ដំណឹងល្អ » ។ ឪពុក និង​ម្តាយ​រូបនោះ​បាន​បន្តថា « ហើយ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា ។ យើង​ចង់​ឲ្យ​កូនប្រុស​ស្រី​របស់​យើង​ធំឡើង​ដូចជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំងនោះ​ដែរ » ។ បងប្អូន​ប្រុស​ស្រី សូម​យើង​ស្វាគមន៍​មនុស្ស​ទាំងអស់​យ៉ាង​កក់ក្ដៅ ឲ្យ​ចូលក្នុង​ផ្ទះសំណាក់​របស់ទ្រង់ ។

ទីបី នៅក្នុង​ផ្ទះសំណាក់​របស់ទ្រង់ យើង​រៀន​ថា សេចក្តី​ល្អ​ឥតខ្ចោះ​គឺ​នៅក្នុង​ព្រះ​យេស៊ូវគ្រីស្ទ ពុំមែន​នៅក្នុង​ភាព​ឥតខ្ចោះ​នៃ​ពិភពលោក​នេះ​ទេ ។ តម្រង​ដាក់​ឲ្យ​ល្អឥតខ្ចោះ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម « អ៊ីនស្ដាក្រាម » ដែល​មិន​ពិត និង​មិន​ប្រាកដ​និយម​ក្នុង​ពិភពលោក​នេះ អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​មិន​ល្អ​គ្រប់គ្រាន់ ហើយ​ញៀន​នឹង​ការអូស ការចូលចិត្ត ឬ​ការឲ្យ​បេះដូង ។ ផ្ទុយទៅវិញ ព្រះអង្គសង្គ្រោះ​ព្រះ​យេស៊ូវ​របស់​យើង​ញ្ញាណ​ដឹង​អ្វីៗ​ទាំងអស់​ពី​យើង ដែល​យើង​មិន​ចង់​ឲ្យ​នរណា​ម្នាក់​ទៀត​ដឹង ហើយ​ទ្រង់​នៅ​តែ​ស្រឡាញ់​យើង ។ ​ដំណឹងល្អ​របស់​​ទ្រង់​គឺជា​ដំណឹងល្អ​នៃ​ឱកាស​ទីពីរ និងទីពីរ​ ដែល​អាច​ធ្វើឡើង​ដោយ​ពលិកម្ម​ធួន​របស់​ទ្រង់ ។១២ ទ្រង់​អញ្ជើញ​យើង​ម្នាក់ៗ​ឲ្យ​ធ្វើ​ជា​សាសន៍​សាម៉ារី​ល្អ មិន​សូវ​វិនិច្ឆ័យគ្នា ហើយ​កាន់តែ​អភ័យទោស​ដល់​ខ្លួន​ឯង និង​ដល់​គ្នា​ទៅវិញទៅមក ទោះជា​យើង​ព្យាយាម​កាន់តែ​ពេញលេញ​ដើម្បី​រក្សា​បទបញ្ញត្តិ​របស់ទ្រង់ ។

កាល​ដែល​យើង​ជួយ​អ្នកដទៃ គឺ​ដូចជា​យើង​ជួយ​ខ្លួន​យើង​ដូច្នោះ​ដែរ ។ ខ្ញុំ​ស្គាល់​គ្រួសារ​មួយ​ដែល​រស់នៅ​ជាប់​ផ្លូវ​ដ៏​មមាញឹកមួយ ។ អ្នក​ធ្វើដំណើរ​ជាច្រើន​តែងតែ​ឈប់​សួរ​រកផ្លូវ ។ នៅព្រឹក​ព្រលឹម​មួយ​នោះ គ្រួសារ​នេះ​បាន​ឮ​សំឡេង​គោះ​ទ្វារ​ខ្លាំងៗ​មួយ ។ ដោយ​នឿយហត់ និង​ព្រួយបារម្ភ មិន​ដឹង​ជា​នរណា​មក​គោះទ្វារ​ទាំង​ម៉ោង ២:០០ ព្រឹក នោះ​ពួកគាត់​បាន​គិតថា សូម​លើក​នេះ​ម្តង​ចុះ សូម​ទៅ​រក​អ្នក​ផ្សេង​ជួយ​ទៅ ។ កាល​ដែល​សំឡេង​គោះទ្វារ​នោះ​នៅតែ​បន្ត ពួកគាត់​បាន​ឮថា « ភ្លើងឆេះ—ភ្លើង​កំពុង​ឆេះ​ក្រោយ​ផ្ទះ​របស់​បងឯង​ហើយ ! » ។ សាសន៍​សាម៉ារី​ចិត្ត​ល្អ​ជួយ​គ្នា​ទៅវិញ​ទៅមក ។

ទីបួន នៅក្នុង​ផ្ទះសំណាក់​របស់ទ្រង់ យើង​ក្លាយជា​ផ្នែក​មួយ​នៃ​សហគមន៍​ដំណឹងល្អ​ដែល​ផ្តោត​លើ​ព្រះ​យេស៊ូវគ្រីស្ទ បោះយុថ្កា​ក្នុង​សេចក្តីពិត​ដែល​បាន​ស្ដារ​ឡើងវិញ ព្យាការី និង​សាវក​ដែល​នៅរស់ ព្រម​ទាំង​សក្ខីបទ​មួយ​ទៀត​នៃ​ព្រះយេស៊ូវ​គ្រីស្ទ—ព្រះគម្ពីរ​មរមន ។ ទ្រង់​នាំ​យើង​ទៅ​ផ្ទះ​សំណាក់​របស់ទ្រង់ និង​ដំណាក់​របស់​ទ្រង់​ផងដែរ—គឺ​ព្រះវិហារ​បរិសុទ្ធ ។ ដូចជា​បុរស​រងរបួស​នៅលើ​ផ្លូវ​ទៅ​ក្រុង​យេរីខូរ​ដែរ ដំណាក់​របស់​ព្រះអម្ចាស់​គឺជា​កន្លែង​ដែល​សាសន៍​សាម៉ារី​ចិត្តល្អ​អាច​សម្អាត និង​ស្លៀកពាក់​ឲ្យ​យើង រៀបចំ​យើង​ដើម្បី​ត្រឡប់​ទៅ​ទី​វត្តមាន​របស់​ព្រះ​វិញ ហើយ​បង្រួបបង្រួម​យើង​ជាមួយ​គ្រួសារ​អស់កល្ប​ជានិច្ច​របស់​ព្រះ ។ ព្រះវិហារបរិសុទ្ធ​របស់ទ្រង់​បើក​ទទួល​មនុស្ស​ទាំងអស់ ដែល​រស់នៅ​តាម​ដំណឹងល្អ​របស់ទ្រង់​ដោយ​សេចក្តីជំនឿ និង​ការគោរពប្រតិបត្តិ ។

ការរីករាយ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​រួមមាន​នូវ​ការរួបរួម​ក្នុង​ដំណឹងល្អ ទោះ​មាន​កេរ្តិ៍តំណែល វប្បធម៌ ភាសា និង​ជំនាន់​ចម្រុះ​ជាច្រើន​ក្ដី ។ នៅ​ឯ​ពិធី​បើក​សម្ពោធ​ការដ្ឋាន​សាងសង់​ព្រះវិហារ​បរិសុទ្ធ ថៃលឺវាល យូថាហ៍ យុវជន​ឈ្មោះ ម៉ាក ហាកឃឺ អាយុ ១៧ ឆ្នាំ​បាន​ចែកចាយ​ពី​កេរ្តិ៍ដំណែល​នៃ​គ្រួសារ​ដែល​បាន​ចាប់ផ្តើម​សេចក្ដី​ជំនឿ តាំង​ពី​ប្រាំមួយ​ជំនាន់​មុន ដោយ​ជីតាលា​របស់​គាត់ ដែល​មាន​ឈ្មោះថា យ៉ូសែប ហាកឃឺ និង​ភរិយា​របស់​លោក ឈ្មោះថា ស៊ូសាណា ស្នេធ ។ នៅក្នុង​ដំណឹងល្អ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​ដែល​បាន​ស្តារឡើងវិញ យើង​ម្នាក់ៗ​អាច​ក្លាយ​ជា​បណ្តាញ​ដ៏​រឹងមាំ​នៅក្នុង​តំណ​ជំនាន់​គ្រួសារ​របស់​យើង ។

ចុងក្រោយ​ ចំណុចទីប្រាំ យើង​អរ​រីករាយ​ដែល​ព្រះ​ស្រឡាញ់​បុត្រាបុត្រី​របស់ទ្រង់ ទោះជា​យើង​​មាន​ជីវប្រវត្តិ និង​កាលៈទេសៈ​ខុសៗគ្នាក្តី នៅ​គ្រប់​អស់​ទាំង​សាសន៍ គ្រប់​ពូជ​អំបូរ គ្រប់​ភាសា ឲ្យ​មាន​កន្លែង​ស្នាក់​អាស្រ័យ​ក្នុង​ផ្ទះសំណាក់​ទ្រង់​គ្រប់ៗគ្នា ។

ជាង ៤០ ឆ្នាំ​មក​នេះ សមាជិក​សាសនាចក្រ​មាន​លក្ខណៈ​ចម្រុះ​ពូជសាសន៍​កាន់តែ​ខ្លាំង​ឡើង ។ ចាប់តាំង​ពី​ឆ្នាំ ១៩៩៨ មក សមាជិក​សាសនាចក្រ​ជាច្រើន​គឺជា​អ្នក​រស់នៅ​ក្រៅ​សហរដ្ឋ​អាមេរិក និង​កាណាដា ។ នៅ​ត្រឹម​ឆ្នាំ ២០២៥ យើង​ប៉ាន់ស្មាន​ថា សមាជិក​សាសនាចក្រ​ដែល​រស់នៅ​អាមេរិក​ឡាទីន មាន​ចំនួន​ស្មើនឹង​សមាជិក​នៅ​សហរដ្ឋ​អាមេរិក និង​កាណាដា​ដែរ ។ ការប្រមូល​កូនចៅ​ដ៏​ស្មោះត្រង់​របស់​លោក​ឪពុក លីហៃ គឺជា​ការបំពេញ​ការព្យាករ ។ ពួកបរិសុទ្ធ​ដ៏​ស្មោះត្រង់ រួមទាំង​ទីតាំង​ដែល​ពួក​អ្នក​ត្រួសត្រាយ​ផ្លូវ​បាន​ស្នាក់​នៅ បន្ដ​ជា​ប្រភព​នៃ​ការលះបង់ និង​ការបម្រើ​សម្រាប់​សាសនាចក្រ​ទូទាំង​ពិភពលោក​ដដែល ។

ផងដែរ សមាជិក​សាសនាចក្រ​មជ្ឈិមវ័យ​ភាគច្រើន​ឥឡូវនេះ​ពុំរៀបការ មេម៉ាយ ឬ​លែងលះ ។ រឿង​នេះ​គឺជា​ការផ្លាស់ប្តូរ​ដ៏​សំខាន់ ។ ការផ្លាស់ប្តូរ​នេះ​កើតមាន​ចំពោះ​បងប្អូន​ស្រ្តី​ក្នុង​សមាគម​សង្រ្គោះ​ជាង​ពាក់កណ្តាល និង​បងប្អូន​ប្រុស​នៃ​បព្វជិតភាព​​ជាង​ពាក់កណ្តាល ។ គន្លង​ប្រជាសាស្ដ្រ​នេះ​កើតឡើង​ក្នុង​សាសនាចក្រ​ទូទាំង​ពិភពលោក​ចាប់​តាំង​ពី​ឆ្នាំ ១៩៩២ ហើយ​ក្នុង​សាសនាចក្រ​នៅ​សហរដ្ឋ​អាមេរិក និង​កាណាដា ចាប់​ពី​ឆ្នាំ ២០១៩ ។

គោលជំហរ​របស់​យើង​ចំពោះ​ព្រះអម្ចាស់ និង​ក្នុង​សាសនាចក្រ​របស់​ទ្រង់ មិន​ទាក់ទង​នឹង​ស្ថានភាព​អាពាហ៍ពិពាហ៍​របស់យើងនោះ​ទេ ប៉ុន្តែ​​ជា​សិស្សដ៏​ក្លាហាន​ និង​ស្មោះត្រង់​របស់ព្រះយេស៊ូវ​គ្រីស្ទ ។១៣ មជ្ឈិមវ័យ​ចង់​ឲ្យ​គេ​ឃើញ​ថា​ខ្លួន​ជា​មជ្ឈិមវ័យ ហើយ​មាន​ការទទួល​ខុសត្រូវ និង​ការចូលរួម​ក្នុងនាម​ជា​មជ្ឈិមវ័យ ។ សិស្ស​របស់​ព្រះ​យេស៊ូវគ្រីស្ទ​មកពី​គ្រប់ទីកន្លែង គ្រប់ទម្រង់ ទំហំ ពណ៌សម្បុរ អាយុ ម្នាក់ៗ​មានទេពកោសល្យ បំណង​ប្រាថ្នា​ដ៏​សុចរិត និង​សមត្ថភាព​ដ៏​ធំធេង​ដើម្បី​ផ្តល់ពរជ័យ និង​បម្រើ ។ យើង​ព្យាយាម​ជា​ប្រចាំ​ដើម្បី​ធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ​ដោយ​ជំនឿ​ទៅរក​ការ​ប្រែចិត្ត ១៤និង​អំណរ​ដ៏​យូរអង្វែង ។

អំឡុង​ជីវិត​នេះ នៅពេល​ខ្លះ​យើង​រង់ចាំ​ព្រះអម្ចាស់ ។ យើង​អាច​នឹង​មិន​ទាន់​ទៅ​ដល់​អ្វី​ដែល​យើង​សង្ឃឹម និង​ប្រាថ្នា​ចង់បាន​នៅពេល​អនាគត​នៅឡើយ ។ ស្ត្រី​ដ៏​លះបង់​​ម្នាក់​បាន​មាន​ប្រសាសន៍​​ថា « ការរង់ចាំ​ពរជ័យ​របស់​ព្រះអម្ចាស់​ដោយ​ស្មោះត្រង់​គឺជា​របៀប​រស់នៅ​ដ៏​បរិសុទ្ធ​មួយ ។ វា​មិន​ត្រូវ​បាន​បំពេញ​ដោយ​ការអាណិត ការក្អេងក្អាង ឬ​ការវិនិច្ឆ័យ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅវិញ ដោយ​ការគោរព​ដ៏​ពិសិដ្ឋ​វិញ » ។១៥ សម្រាប់​ពេលនេះ ដែល​យើង​រស់នៅ​ឥឡូវ​នេះ ពុំ​មាន​ន័យ​ថា យើង​រង់ចាំ​ឲ្យ​ជីវិត​ចាប់ផ្ដើម​ទេ ។

អេសាយ បាន​សន្យា​ថា « អស់​អ្នក​ណា​ដែល​សង្ឃឹម​ដល់​ព្រះយេហូវ៉ា​វិញ នោះ​នឹង​មាន​កម្លាំង​​ចម្រើន​ជានិច្ច គេ​នឹង​ហើរ​ឡើង​ទៅ​លើ​ដោយ​ស្លាប ដូច​ជា​ឥន្ទ្រី គេ​នឹង​រត់​ទៅ​ឥត​ដែល​ហត់ ហើយ​នឹង​ដើរ​ឥត​ដែល​ល្វើយ​ឡើយ។ » ។១៦

សាសន៍​សាម៉ារី​ល្អ​របស់​យើង សន្យា​ថា​នឹងត្រឡប់មកវិញ ។ អព្ភូតហេតុ​ជា​ច្រើន​កើតឡើង នៅ​ពេល​យើង​មើល​ថែ​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​ដែល​ទ្រង់​ធ្វើ ។ នៅ​ពេល​យើង​មក​ដោយ​ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប ១៧ យើង​អាច​ស្វែងរក​សំឡេង​នៅ​ក្នុង​ព្រះយេស៊ូវគ្រីស្ទ អោបក្រសោប​នៅ​ក្នុង​ព្រះហស្ត​នៃ​ការយោគយល់​របស់​ទ្រង់​ដោយ​សុវត្ថិភាព ។១៨ ពិធីបរិសុទ្ធដ៏ពិសិដ្ឋ​ផ្ដល់សេចក្ដីសញ្ញា​ជា​កម្មសិទ្ធ និង « អំណាច​នៃសេចក្ដីល្អ » ១៩ដើម្បី​ញែក​ចេញ​បំណងចិត្ត​ និងសកម្មភាព​ខាងក្រៅ​ឲ្យ​បរិសុទ្ធ ។ ដោយ​ព្រះទ័យ​ល្អ​ជាទីស្រឡាញ់​ និង​ការ​អត់ធ្មត់របស់​ទ្រង់ នោះ​សាសនាចក្រ​របស់ទ្រង់​ក្លាយជា​ផ្ទះ​សំណាក់​របស់​យើង ។

កាល​យើង​ត្រៀម​បន្ទប់​នៅក្នុង​ផ្ទះសំណាក់​ទ្រង់ ហើយ​ស្វាគមន៍​មនុស្ស​ទាំងអស់ នោះ​សាសន៍​សាម៉ារី​ចិត្តល្អ​របស់​យើង អាច​ព្យាបាល​យើង​ឲ្យ​រួច​ពី​បញ្ហា​ស្មុគស្មាញ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​យើង ។ ដោយ​ក្តី​ស្រឡាញ់ ឥតខ្ចោះ ព្រះវរបិតា​និង​ព្រះរាជបុត្រា​របស់​ទ្រង់​គឺ ព្រះយេស៊ូវគ្រីស្ទ​សន្យា​ថា« ភាព​សុខសាន្ដ​នៅ​ក្នុង​ពិភលោក​នេះ និង​ជីវិត​អស់កល្បជានិច្ច​ដែល​នៅ​បរលោក​នាយ » ២០— « យើង​នៅ​ទីណា នោះ​អ្នក​នឹង​នៅ​ទី​នោះ​ដែរ » ២១ ខ្ញុំ​ធ្វើ​ជា​សាក្សី​ដ៏​មាន​អំណរគុណ ហើយ​ថ្លែង​ទីបន្ទាល់​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕