ព្រះគម្ពីរ
នីហ្វៃ ទី ៣ 28


ជំពូក​ទី ២៨

ពួក​សិស្ស​ប្រាំបួន​នាក់​ក្នុង​ដប់​ពីរ​នាក់​ប៉ងប្រាថ្នា ហើយ​បាន​សន្យា​ថា នឹង​បាន​គ្រង​មរតក​នៅ​ក្នុង​នគរ​ព្រះ​គ្រីស្ទ នៅ​ពេល​ពួក​គេ​ស្លាប់​ទៅ — ពួក​សាសន៍​នីហ្វៃ​ទាំង​បី​នាក់​ប៉ងប្រាថ្នា ហើយ​បាន​ប្រទាន​នូវ​អំណាច​ឲ្យ​ឈ្នះ​លើ​សេចក្ដី​ស្លាប់​ដើម្បី​រស់​នៅ​លើ​ផែនដី រហូត​ដល់​ពេល ព្រះ​យេស៊ូវ​ទ្រង់​យាង​មក​វិញ​ទៀត — ពួក​គេ​បាន​ប្រែ​រូប ហើយ​ឃើញ​កិច្ចការ​ទាំង​ឡាយ ដែល​ពុំ​ត្រូវ​ច្បាប់​នឹង​ប្រាប់​បាន​ឡើយ ហើយ​ឥឡូវ​ពួក​គេ​កំពុង​ធ្វើ​ការងារ​បម្រើ​នៅ​ក្នុង​ចំណោម​មនុស្ស​លោក។ ប្រមាណ​ជា​ឆ្នាំ ៣៤–៣៥ គ.ស.។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ព្រះ​យេស៊ូវ​ទ្រង់​មាន​ព្រះ​បន្ទូល​យ៉ាង​នេះ​ចប់​ហើយ នោះ​ទ្រង់​បាន​ប្រាប់​ពួក​សិស្ស​របស់​ទ្រង់​ម្ដង​ម្នាក់ៗ​ថា ៖ តើ​អ្នក​រាល់​គ្នា​ប្រាថ្នា​អ្វី​ពី​យើង បន្ទាប់​ពី​យើង​ទៅ​ជួប​ព្រះ​វរបិតា​វិញ?

ហើយ​ពួក​គេ​ទាំង​អស់ លើក​លែង​តែ​បី​នាក់​បាន​ទូល​ថា ៖ យើង​ខ្ញុំ​សូម​ប្រាថ្នា​ថា បន្ទាប់​ពី​យើង​ខ្ញុំ​បាន​រស់នៅ​អស់​អាយុ​មនុស្ស​ហើយ ហើយ​បាន​សម្រេច​ការងារ​បម្រើ ដែល​ព្រះ​អង្គ​ប្រគល់​ដល់​យើង​ខ្ញុំ​ហើយ នោះ​សូម​ឲ្យ​យើង​ខ្ញុំ​អាច​បាន​ទៅ​ឯ​នគរ​របស់​ព្រះ​អង្គ​យ៉ាង​ឆាប់​រហ័ស។

ហើយ​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​ពួក​គេ​ថា ៖ មាន​ពរ​ហើយ អ្នក​រាល់​គ្នា ពី​ព្រោះ​អ្នក​រាល់​គ្នា​ប្រាថ្នា​សូម​ការណ៍​នេះ​ពី​យើង ដូច្នេះ​បន្ទាប់​ពី​អ្នក​រាល់​គ្នា​មាន​អាយុចិតសិបពីរ​ឆ្នាំ​ហើយ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​មក​ឯ​យើង​នៅ​ឯ​នគរ​យើង ហើយ​អ្នក​រាល់​គ្នា​នឹង​បាន​សម្រាក​នៅ​ជាមួយ​នឹង​យើង។

កាល​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​ពួក​គេ​ហើយ នោះ​ទ្រង់​បែរ​ទៅ​រក​ពួក​សិស្ស​បី​នាក់​ទៀត ក៏​មាន​ព្រះ​បន្ទូល​ទៅ​ពួក​គេ​ថា ៖ តើ​អ្នក​រាល់​គ្នា​មាន​បំណង​ចង់​ឲ្យ​យើង​គួរ​ធ្វើ​អ្វី​ដល់​អ្នក ពេល​យើង​ទៅ​ជួប​ព្រះ​វរបិតា​វិញ?

ហើយ​ពួក​គេ​ព្រួយ​នៅ​ក្នុង​ចិត្ត ដោយ​ពុំ​ហ៊ាន​ទូល​ប្រាប់​ព្រះ​អង្គ​នូវ​អ្វី​ដែល​គេ​ប្រាថ្នា។

នោះ​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​ពួក​គេ​ថា ៖ មើល​ចុះ យើង​ដឹង​គំនិត​របស់​អ្នក​ហើយ គឺ​អ្នក​រាល់​គ្នា​ចង់​បាន​ការ​ដែល​យ៉ូហាន​ជា​ទី​ស្រឡាញ់​របស់​យើង ចង់​បាន​ពី​យើង កាលដែល​បាន​នៅ​ជាមួយ​នឹង​យើង​ក្នុង​ការងារ​បម្រើ​របស់​យើង គឺ​មុន​ពេល​យើង​ត្រូវ​ពួក​សាសន៍​យូដា​លើក​ឡើង​លើ​ឈើ​ឆ្កាង។

ដូច្នេះ មាន​ពរ​ដល់​អ្នក​រាល់​គ្នា​ជាង​នេះ​ទៅ​ទៀត ត្បិត​អ្នក​រាល់​គ្នា​នឹង​ពុំ​ត្រូវ​ភ្លក់​សេចក្ដី​ស្លាប់​ឡើយ ប៉ុន្តែ​អ្នក​រាល់​គ្នា​នឹង​រស់នៅ ដើម្បី​មើល​ឃើញ​គ្រប់​ទាំង​កិច្ចការ ដែល​ព្រះ​វរបិតា​ទ្រង់​នឹង​ធ្វើ​ចំពោះ​កូន​ចៅ​មនុស្ស រហូត​ដល់​អ្វីៗ​ទាំង​អស់​នឹង​បាន​បំពេញ​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ​វរបិតា គឺ​កាល​យើង​នឹង​យាង​មក​នៅ​ក្នុង​សិរី​ល្អ​របស់​យើង ដោយ​អំណាច​នៃ​ស្ថានសួគ៌។

ហើយ​អ្នក​រាល់​គ្នា​នឹង​ពុំ​រង​ទុក្ខ​នូវ​ការ​ឈឺ​ចាប់​នៃ​សេចក្ដី​ស្លាប់​ឡើយ ប៉ុន្តែ​កាល​យើង​យាង​មក​នៅ​ក្នុង​សិរី​ល្អ​របស់​យើង នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ផ្លាស់​ពី​ភាព​រមែង​ស្លាប់​ទៅ​អមតភាព តែ​ក្នុង​មួយ​ពព្រិច​ភ្នែក ហើយ​នៅ​ពេល​នោះ អ្នក​រាល់​គ្នា​នឹង​បាន​ពរ​នៅ​ក្នុង​នគរ​នៃ​ព្រះ​វរបិតា​យើង។

ហើយ​ម្យ៉ាង​ទៀត អ្នក​រាល់​គ្នា​នឹង​ពុំ​ឈឺ​ចាប់​សោះ នៅ​ពេល​អ្នក​រាល់​គ្នា​រស់​នៅ​ក្នុង​សាច់ឈាម ឬ​ព្រួយបារម្ភ​ឡើយ លើកលែង​តែ​ចំពោះ​អំពើ​បាប​ទាំង​ឡាយ នៃ​មនុស្ស​លោក​ប៉ុណ្ណោះ ហើយ​យើង​នឹង​ធ្វើ​គ្រប់​ការណ៍​ទាំង​នេះ ពី​ព្រោះ​មក​ពី​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​បាន ប្រាថ្នា​ពី​យើង ត្បិត​អ្នក​រាល់​គ្នា​ប្រាថ្នា​ចង់​នាំ​ព្រលឹង​មនុស្ស​មក​រក​យើង នៅ​ពេល​ពិភពលោក​ឈរ​នៅ។

១០ហើយ​ដោយ​ហេតុ​នេះ អ្នក​រាល់​គ្នា​នឹង​បាន​សេចក្ដី​អំណរ​ដ៏​ពោរពេញ ហើយ​អ្នក​រាល់​គ្នា​នឹង​អង្គុយ​នៅ​ក្នុង​នគរ​នៃ​ព្រះ​វរបិតា​យើង មែន​ហើយ សេចក្ដី​អំណរ​នៃ​អ្នក​រាល់​គ្នា​នឹង​បាន​ពោរពេញ ដូច​ជា​ព្រះ​វរបិតា​ទ្រង់​បាន​ប្រទាន​សេចក្ដី​អំណរ​ដ៏​ពោរពេញ​ដល់​យើង​យ៉ាង​នោះ​ដែរ ហើយ​អ្នក​រាល់​គ្នា​នឹង​បាន​ទៅ​ដូច​ជា​យើង ហើយ​យើង​បាន​ទៅ​ដូច​ជា​ព្រះ​វរបិតា ហើយ​ព្រះ​វរបិតា និង​យើង​គឺ​តែមួយ

១១ហើយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ធ្វើ​បន្ទាល់​អំពី​ព្រះ​វរបិតា និង​អំពី​យើង ហើយ​ព្រះ​វរបិតា ទ្រង់​ប្រទាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដល់​កូន​ចៅ​មនុស្ស​ដោយ​សារ​យើង។

១២ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ព្រះ​យេស៊ូវ​ទ្រង់​មាន​ព្រះ​បន្ទូល​យ៉ាង​នេះ​ចប់​ហើយ នោះ​ទ្រង់​ពាល់​ពួក​គេ​គ្រប់​គ្នា​ដោយ​ព្រះ​អង្គុលី​របស់​ទ្រង់ លើក​លែង​តែ​អ្នក​ទាំង​បី ដែល​នឹង​នៅ​លើ​ផែនដី រួច​ហើយ​ទ្រង់​ក៏​យាង​ចេញ​ទៅ។

១៣ហើយ​មើល​ន៏ ផ្ទៃ​មេឃ​ក៏​បើកចំហ ហើយ​ពួក​គេ​ត្រូវ​បាន​នាំ​ឡើង​ទៅ​ឯ​ស្ថានសួគ៌ ហើយ​បាន​ឃើញ ហើយ​បាន​ឮ​ការណ៍​ទាំង​ឡាយ ដែល​ពុំ​អាច​ប្រាប់​បាន​ឡើយ។

១៤គឺ​បាន​ហាម​មិន​ឲ្យ​ពួក​គេ​និយាយ ឬ​ក៏​ឲ្យ​អំណាច​ដល់​ពួក​គេ ដើម្បី​គេ​អាច​ប្រាប់​ការណ៍​ទាំង​ឡាយ ដែល​គេ​បាន​ឃើញ ហើយ​បាន​ឮ​នោះ​ឡើយ។

១៥ហើយ​ទោះ​ពួក​គេ​នៅ​ក្នុង​រូប​កាយ ឬ​ក៏​នៅ​ក្រៅ​រូប​កាយ​ក្ដី នោះ​ពួក​គេ​ពុំ​អាច​ប្រាប់​បាន​ទេ ត្បិត​មើល​ទៅ​ហាក់​ដូច​ជា​ពួក​គេ​មាន​ការ​ប្រែ​រូប ដែល​ពួក​គេ​បាន​ប្រែ​ពី​រូប​កាយ​ខាង​សាច់ឈាម​នេះ​ទៅ​ក្នុង​ស្ថានភាព​អមត​មួយ ដែល​បណ្ដា​ល​ឲ្យ​ពួក​គេ​អាច​ឃើញ​ការណ៍​ទាំង​ឡាយ​នៃ​ព្រះ​បាន។

១៦ប៉ុន្តែ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​បាន​ធ្វើ​ការងារ​បម្រើ​នៅ​លើ​ផ្ទៃ​ផែនដី​ទៀត ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ពួក​គេ​ពុំ​បាន​ធ្វើ​ការងារ​បម្រើ​ពី​ការណ៍​ទាំង​ឡាយ ដែល​គេ​បាន​ឮ ហើយ​បាន​ឃើញ​នោះ​ទេ ពី​ព្រោះ​មក​ពី​បញ្ញត្តិ​ដែល​បាន​ប្រទាន​ដល់​គេ​នៅ​លើ​ស្ថានសួគ៌។

១៧ហើយ​ឥឡូវ​នេះ ទោះ​ជា​ពួក​គេ​នៅ​ភាព​រមែង​ស្លាប់ ឬ​អមតភាព ចាប់​ពី​ថ្ងៃ​នៃ​ការ​ប្រែ​រូប នោះ​ខ្ញុំ​ពុំ​ដឹង​ទេ

១៨ប៉ុន្តែ​ខ្ញុំ​ដឹង​តែប៉ុណ្ណោះ​ថា គឺ​ស្រប​តាម​បញ្ជី​ដែល​បាន​ឲ្យ​មក — នោះ​ពួក​គេ​បាន​ចេញ​ទៅ​លើ​ផ្ទៃ​ផែនដី ហើយ​បាន​ធ្វើ​ការងារ​បម្រើ​ដល់​ប្រជាជន​ទាំង​អស់ បាន​បង្រួបបង្រួម​ឲ្យ​ចូល​ក្នុង​សាសនាចក្រ​នូវ​អស់​អ្នក​ណា​ដែល​ជឿ​ដល់​ពាក្យ​ផ្សាយ​របស់​គេ បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​ពួក​គេ ហើយ​អស់​អ្នក​ណា​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក នោះ​បាន​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ។

១៩ហើយ​ពួក​គេ​ត្រូវ​គេ​ចាប់​ដាក់​គុក ដោយ​ពួក​អ្នក​ដែល​ពុំ​នៅ​ក្នុង​សាសនាចក្រ។ ប៉ុន្តែ​គុក​ទាំង​ឡាយ​ពុំ​អាច​ឃុំ​ពួក​គេ​ទុក​បាន​ទេ ត្បិត​ត្រូវ​បែក​ចេញ​ជា​ពីរ។

២០ហើយ​ពួក​គេ​ត្រូវ​បោះ​ចោល​ទៅ​ក្នុង​ដី ប៉ុន្តែ​ពួក​គេ​បាន​វាយ​ដី​ដោយ​ព្រះ​បន្ទូល​នៃ​ព្រះ ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ ដរាប​ដល់​ពួក​គេ​បាន​រួច​ផុត​ពី​ជម្រៅ​ដី​មក ដោយ​ព្រះ​ចេស្ដា​របស់​ទ្រង់ ដូច្នេះ​ហើយ គេ​ពុំ​អាច​ជីក​រណ្ដៅ​ជ្រៅ​គ្រប់​គ្រាន់​ដើម្បី​ដាក់​អ្នក​ទាំង​នេះ​បាន​ទេ។

២១ពួក​គេ​ត្រូវ​បោះ​ចោល​ទៅ​ក្នុង​ឡ​ភ្លើង​បី​ដង តែ​ពុំ​មាន​គ្រោះថ្នាក់​អ្វី​ឡើយ។

២២ហើយ​ពួក​គេ​ត្រូវ​បោះ​ចោល​ទៅ​ក្នុង​រូង​សត្វ​សាហាវ​ពីរ​ដង ហើយ​មើល​ចុះ ពួក​គេ​បាន​លេង​ជាមួយ​នឹង​សត្វ​ទាំង​នោះ ដូច​ជា កូន​ក្មេង​លេង​ជាមួយ​នឹង​កូន​ចៀម​ដែល​នៅ​បៅ​ដោះ ដោយ​ពុំ​មាន​គ្រោះថ្នាក់​អ្វី​សោះ។

២៣ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ដោយ​ហេតុ​នេះ ទើប​ពួក​គេ​បាន​ដើរ​ទៅ​សព្វ​ក្នុង​ចំណោម​ប្រជាជន​នីហ្វៃ ហើយ​បាន​ផ្សាយ​ដំណឹង​ល្អ​នៃ​ព្រះ​គ្រីស្ទ​ដល់​គ្រប់​ប្រជាជន​នៅ​លើ​ផ្ទៃ​ផែនដី ហើយ​ពួក​គេ​បាន​ប្រែចិត្ត​ជឿ​ដល់​ព្រះ​អម្ចាស់ ហើយ​ចូលរួម​ក្នុង​សាសនាចក្រ នៃ​ព្រះ​គ្រីស្ទ ម្ល៉ោះ​ហើយ ប្រជាជន​នៅ​ក្នុង​តំណ​នោះ​បាន​ទទួល​ពរ ស្រប​តាម​ព្រះ​បន្ទូល​នៃ​ព្រះ​យេស៊ូវ​មែន។

២៤ហើយ​ឥឡូវ​នេះ ខ្ញុំ មរមន សូម​បញ្ចប់​នូវ​ការ​និយាយ​អំពី​ការណ៍​ទាំង​នេះ​មួយ​រយៈ​សិន​ចុះ។

២៥មើល​ចុះ ខ្ញុំ​បម្រុង​តែ​នឹង​កត់​ឈ្មោះ​ពួក​អ្នក​ដែល​ពុំ​ត្រូវ​ភ្លក់​សេចក្ដី​ស្លាប់ ប៉ុន្តែ​ព្រះ​អម្ចាស់ ទ្រង់​បាន​ហាមឃាត់​ខ្ញុំ ហេតុ​ដូច្នេះ​ហើយ ខ្ញុំ​ពុំ​កត់​ឈ្មោះ​ពួក​គេ​ទេ ត្បិត​ពួក​គេ​ត្រូវ​បាន​លាក់​ពី​មនុស្ស​លោក។

២៦ប៉ុន្តែ​មើល​ចុះ ខ្ញុំ​បាន​ឃើញ​ពួក​គេ ហើយ​ពួក​លោក​បាន​ធ្វើ​ការងារ​បម្រើ​ដល់​ខ្ញុំ។

២៧ហើយ​មើល​ចុះ ពួកលោក​នឹង​នៅ​ក្នុង​ចំណោម​ពួក​សាសន៍​ដទៃ តែ​ពួក​សាសន៍​ដទៃ​នឹង​ពុំ​ស្គាល់​ពួក​គេ​ឡើយ។

២៨ហើយ​ពួក​គេ​នឹង​នៅ​ក្នុង​ចំណោម​ពួក​សាសន៍​យូដា​ដែរ តែ​ពួក​សាសន៍​យូដា​នឹង​ពុំ​ស្គាល់​ពួក​គេ​ឡើយ។

២៩ហើយ​ហេតុការណ៍​នឹង​កើត​ឡើង​ថា កាលណា​ព្រះ​អម្ចាស់​ទ្រង់​ទត​ឃើញ​ថា​សម​នៅ​ក្នុង​ប្រាជ្ញា​របស់​ទ្រង់ ដែល​ពួក​គេ​នឹង​ធ្វើ​ការ​ងារ​បម្រើ​ដល់​ពូជ​អំបូរ​ដែល​ខ្ចាត់​ព្រាត់​ទាំង​អស់​នៃ​អ៊ីស្រាអែល និង​ដល់​គ្រប់​ទាំង​សាសន៍ គ្រប់​ពូជ​មនុស្ស គ្រប់​ភាសា និង​គ្រប់​ទាំង​ប្រជាជន ហើយ​នឹង​នាំ​ព្រលឹង​ពួក​គេ​ជាច្រើន​មក​រក​ព្រះ​យេស៊ូវ ដើម្បី​ឲ្យ​សេចក្ដី​ប្រាថ្នា​របស់​គេ​បាន​បំពេញ និង​ដោយ​សារ​ព្រះ​ចេស្ដា​នៃ​ព្រះ ដែល​បរិវត្ត​ដែល​នៅ​ក្នុង​ពួក​គេ។

៣០ហើយ​ពួក​គេ​ហាក់​បី​ដូច​ជា​ពួក​ទេវតា​នៃ​ព្រះ ហើយ​បើ​សិន​ជា​ពួក​គេ​នឹង​អធិស្ឋាន​ដល់​ព្រះ​វរបិតា​ដោយ​នូវ​ព្រះ​នាម​ព្រះ​យេស៊ូវ នោះ​ពួក​គេ​អាច​បង្ហាញ​ខ្លួន​ដល់​អ្នក​ណា​ក៏​ដោយ ដែល​ឃើញ​ថា​ល្អ​ដល់​គេ។

៣១ហេតុ​ដូច្នេះ​ហើយ មាន​កិច្ចការ​ដ៏​មហិមា និង​ដ៏​អស្ចារ្យ​ទាំង​ឡាយ​ដែល​ពួក​គេ​នឹង​បាន​ធ្វើ​ឡើង​មុន​ថ្ងៃ​ដ៏​ធំ​ដែល​កំពុងតែ​មក​ដល់ កាល​គ្រប់​ទាំង​មនុស្ស​ត្រូវ​ឈរ​យ៉ាង​ពិត​ប្រាកដ ចំពោះ​វេទិកា​ជំនុំ​ជំរះ​នៃ​ព្រះ​គ្រីស្ទ

៣២មែន​ហើយ សូម្បីតែ​នៅ​ក្នុង​ចំណោម​ពួក​សាសន៍​ដទៃ ក៏​នឹង​មាន​កិច្ចការ​មួយ​ដ៏​មហិមា និង​ដ៏​អស្ចារ្យ ដែល​ពួក​គេ​ធ្វើ​ឡើង​ដែរ​នៅ​មុន​ថ្ងៃ​ជំនុំ​ជំរះ។

៣៣ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​មាន​គ្រប់​ទាំង​បទគម្ពីរ ដែល​ប្រាប់​អំពី​ដំណើរ​រឿង​ដ៏​អស្ចារ្យ​នៃ​ព្រះ​គ្រីស្ទ នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា ស្រប​តាម​ព្រះ​បន្ទូល​នៃ​ព្រះ​គ្រីស្ទ ការណ៍​ទាំង​នោះ​ប្រាកដជា​នឹង​មក​ដល់។

៣៤ហើយ​វេទនា​ដល់​អ្នក​ណា ដែល​មិន​ព្រម​ប្រុង​ស្ដាប់​តាម​ព្រះ​បន្ទូល​នៃ​ព្រះ​យេស៊ូវ ព្រម​ទាំង​ដល់​ពួក​អ្នក​ដែល​ទ្រង់​បាន​រើស ហើយ​ចាត់​ឲ្យ​ទៅ​ក្នុង​ចំណោម​ពួក​គេ​ផង ត្បិត​អស់​អ្នក​ណា​ដែល​ពុំ​ទទួល​យក​ព្រះ​បន្ទូល​នៃ​ព្រះ​យេស៊ូវ និង​ពាក្យ​ពេចន៍​នៃ​ពួក​អ្នក​ដែល​ទ្រង់​បាន ចាត់​ឲ្យ​ទៅ​នោះ មាន​ន័យ​ថា ពុំ​ទទួល​ទ្រង់​សោះ ដូច្នេះ​ហើយ ទ្រង់​នឹង​ពុំ​ទទួល​ពួក​គេ​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់​ដែរ។

៣៥ហើយ​បើ​សិន​ជា​ពួក​គេ​ពុំ​បាន​កើត​មក​ទេ នោះ​ទុកជា​ការ​ប្រសើរ​ជាង។ ត្បិត​តើ​អ្នក​រាល់​គ្នា​យល់​ថា អ្នក​រាល់​គ្នា​អាច​កម្ចាត់​សេចក្ដី​យុត្តិធម៌​នៃ​ព្រះ​ដែល​ត្រូវ​ជំទាស់ ដែល​ត្រូវ​មនុស្ស​ជាន់​ឈ្លី​នៅ​ក្រោម​ជើង ដើម្បី​ឲ្យ​មាន​សេចក្ដី​សង្គ្រោះ​កើត​ឡើង​បាន​ឬ?

៣៦ហើយ​ឥឡូវ​នេះ មើល​ចុះ នៅ​ពេល​ខ្ញុំ​និយាយ​អំពី​ពួក​អ្នក​ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​រើស មែន​ហើយ គឺ​មាន​បី​នាក់ ដែល​ត្រូវ​បាន​នាំ​ឡើង​ទៅ​ឯ​ស្ថានសួគ៌ នោះ​ខ្ញុំ​ពុំ​ដឹង​ជា​ពួក​គេ​បាន​លាង​ពី​ភាព​រមែង​ស្លាប់​ទៅ​អមតភាព​ឬ​អត់​ទេ —

៣៧ប៉ុន្តែ​មើល​ចុះ ចាប់​តាំង​ពី​ខ្ញុំ​បាន​សរសេរ​មក នោះ​ខ្ញុំ​បាន​សូម​សួរ​ដល់​ព្រះ​អម្ចាស់ ហើយ​ទ្រង់​បាន​សម្ដែង​ប្រាប់​ដល់​ខ្ញុំ​ថា ចាំបាច់​ត្រូវ​តែ​មាន​ការ​ផ្លាស់​ប្ដូរ​ដល់​រូប​កាយ​ទាំង​ឡាយ​របស់​ពួក​គេ បើ​ពុំ​នោះ​សោត​ទេ ពួក​គេ​នឹង​ត្រូវ​ភ្លក់​សេចក្ដី​ស្លាប់

៣៨ដូច្នេះ​ដើម្បី​កុំ​ឲ្យ​ពួក​គេ​អាច​ភ្លក់​សេចក្ដី​ស្លាប់ នោះ​មាន​ការ​ផ្លាស់​ប្ដូរ​មួយ បាន​នាំ​មក​ដល់​រូប​កាយ​ទាំង​ឡាយ​របស់​ពួក​គេ ដើម្បី​កុំ​ឲ្យ​ពួក​គេ​ឈឺ​ចាប់ ឬ​ព្រួយបារម្ភ លើក​លែង​តែ​ព្រួយបារម្ភ​ជំនួស​អំពើ​បាប​ទាំង​ឡាយ នៃ​មនុស្ស​លោក​ប៉ុណ្ណោះ។

៣៩ឥឡូវ​នេះ ការ​ផ្លាស់​ប្ដូរ​នេះ​ពុំ​ស្មើ​នឹង​ការ​ផ្លាស់​ប្ដូរ​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់​ឡើយ តែមាន​ការ​ផ្លាស់​ប្ដូរ​មួយ​បាន​ធ្វើ​ឡើង​ដល់​ពួក​គេ ដរាប​ដល់​អារក្ស​សាតាំង​ពុំ​អាច​មាន​អំណាច​ទៅ​លើ​ពួក​គេ​បាន ដើម្បី​កុំ​ឲ្យ​វា​អាច​ល្បួង​ពួក​គេ ហើយ​ពួក​គេ​ត្រូវ បាន​ញែក​ចេញ​ជា​បរិសុទ្ធ​នៅ​ក្នុង​សាច់ឈាម ដែល​ធ្វើ​ឲ្យ​ពួក​គេ​ទៅ​ជា​បរិសុទ្ធ ហើយ​អំណាច​ទាំង​ឡាយ​នៅ​លើ​ផែនដី​ពុំ​អាច​ឃាត់​ឃាំង​ពួក​គេ​បាន​ឡើយ។

៤០ហើយ​ពួក​គេ​ស្ថិតនៅ​ក្នុង​ស្ថានភាព​នេះ រហូត​ដល់​ថ្ងៃ​ជំនុំ​ជំរះ​នៃ​ព្រះ​គ្រីស្ទ ហើយ​នៅ​ថ្ងៃ​នោះ ពួក​គេ​នឹង​បាន​ទទួល​ការ​ផ្លាស់​ប្ដូរ​មួយ​ធំ​ជាង​នេះ​ទៅ​ទៀត ហើយ​នឹង​បាន​ទទួល​ទៅ​ក្នុង​នគរ​នៃ​ព្រះ​វរបិតា នឹង​ពុំ​ចេញ​មក​វិញ​ទៀត​ឡើយ តែ​នឹង​នៅ​ជាមួយ​នឹង​ព្រះ​ដ៏​អស់​កល្ប​ជានិច្ច​នៅ​លើ​ស្ថានសួគ៌៕