ព្រះគម្ពីរ
នីហ្វៃ ទី ៣ 13


ជំពូក​ទី ១៣

ព្រះ​យេស៊ូវ​បង្រៀន​ពួក​សាសន៍​នីហ្វៃ​នូវ​ការ​អធិស្ឋាន​ដល់​ព្រះ​អម្ចាស់ — ពួក​គេ​ត្រូវ​ប្រមូល​ទ្រព្យសម្បត្តិ​ទុក​នៅ​ស្ថានសួគ៌ — ពួក​ដប់​ពីរ​នាក់​ត្រូវ​បាន​បញ្ជា​កុំ​ឲ្យ​គិត​ដល់​វត្ថុ​ទាំង​ឡាយ​ខាង​សាច់ឈាម នៅ​ពេល​ពួក​គេ​ធ្វើ​ការងារ​បម្រើ — ចូរ​ប្រៀបធៀប​នឹង​គម្ពីរ​ម៉ាថាយ ៦។ ប្រមាណ​ជា​ឆ្នាំ ៣៤ គ.ស.។

ប្រាកដ​មែន យើង​ប្រាប់​ជា​ប្រាកដ​ថា យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ទាន​ដល់​អ្នក​ក្រខ្សត់ ប៉ុន្តែ ចូរ​ប្រយ័ត្ន កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ទាន​នៅ​មុខ​មនុស្ស​ឲ្យ​តែ​គេ​ឃើញ​ឡើយ បើ​ធ្វើ​ដូច្នោះ នោះ​អ្នក​រាល់​គ្នា​គ្មាន​រង្វាន់​នៅ​នឹង​ព្រះ​វរបិតា​នៃ​អ្នក ដែល​ទ្រង់​គង់នៅ​ស្ថានសួគ៌​ទេ។

ដូច្នេះ​កាលណា​អ្នក​ធ្វើ​ទាន នោះ​កុំ​ឲ្យ​ផ្លុំ​ត្រែ​នៅ​មុខ​អ្នក​ដូច​ពួក​មាន​ពុត​ដែល​ប្រព្រឹត្ត​នៅ​ក្នុង​សាលា​ប្រជុំ ហើយ​តាម​ផ្លូវ​ដើម្បី​ឲ្យ​បាន​មនុស្ស​លោក​សរសើរ​ខ្លួន​នោះ​ឡើយ។ យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា គេ​បាន​រង្វាន់​គេ​ហើយ។

ប៉ុន្តែ​កាលណា​អ្នក​ធ្វើ​ទាន នោះ​កុំ​ឲ្យ​ដៃ​ឆ្វេង​ដឹង​ការ​ដែល​ដៃ​ស្ដាំ​ធ្វើ​ឡើយ

ដើម្បី​ឲ្យ​ទាន​របស់​អ្នក​បាន​ស្ងាត់កំបាំង នោះ​ព្រះ​វរបិតា​នៃ​អ្នក ដែល​ទ្រង់​ទត​ឃើញ​ក្នុង​ទី​សម្ងាត់ ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក​នៅ​ទី​ប្រចក្ស​ច្បាស់។

ហើយ​កាលណា​អ្នក​អធិស្ឋាន​កុំ​ឲ្យ​ធ្វើ​ដូច​មនុស្ស​មាន​ពុត ដែល​ចូលចិត្ត​ឈរ​អធិស្ឋាន​នៅ​ក្នុង​សាលា​ប្រជុំ ហើយ​នៅ​ជ្រុង​ផ្លូវ​ឲ្យ​មនុស្ស​លោក​ឃើញ​នោះ​ឡើយ។ យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា គេ​បាន​រង្វាន់​គេ​ហើយ។

តែ​ឯ​អ្នក កាលណា​អធិស្ឋាន នោះ​ត្រូវ​ឲ្យ​ចូល​ទៅ​ក្នុង​បន្ទប់ ហើយ​បិទទ្វារ រួច​អធិស្ឋាន​ដល់​ព្រះ​វរបិតា​នៃ​អ្នក​ដែល​ទ្រង់​គង់នៅ​ទី​លាក់​កំបាំង​ចុះ នោះ​ព្រះ​វរបិតា​នៃ​អ្នក​ដែល​ទត​ឃើញ​ក្នុង​ទី​លាក់កំបាំង ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក​នៅ​ទី​ប្រចក្ស​ច្បាស់។

តែ​កាលណា​អ្នក​អធិស្ឋាន នោះ​កុំ​ឲ្យ​ពោល​ពាក្យ​ឥត​ប្រយោជន៍​ផ្ទួនៗ ដូច​ពួក​សាសន៍​ដទៃ​ឡើយ ត្បិត​គេ​ស្មាន​ថា ព្រះ​ទ្រង់​នឹង​ស្ដាប់​គេ ដោយ​គេ​ពោល​ពាក្យ​ជាច្រើន។

ដូច្នេះ កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ដូច​គេ​ឡើយ ត្បិត​ព្រះ​វរបិតា​នៃ​អ្នក ទ្រង់​ជ្រាប​នូវ​របស់​អ្វី​ដែល​អ្នក​ត្រូវ​ការ មុន​ដែល​អ្នក​សូម​ផង។

ដូច្នេះ ចូរ​អធិស្ឋានបែប​យ៉ាង​នេះ​វិញ​ថា ៖ ឱ​ព្រះ​វរបិតា​នៃ​យើង​ខ្ញុំ ដែល​គង់នៅ​ស្ថានសួគ៌​អើយ សូម​ឲ្យ​ព្រះ​នាម​ទ្រង់​បាន​បរិសុទ្ធ។

១០សូម​ឲ្យ​ព្រះ​ហឫទ័យ​ទ្រង់​បាន​សម្រេច​នៅ​ផែនដី ដូច​នៅ​ស្ថានសួគ៌​ដែរ។

១១ហើយ​សូម​អត់​ទោស​សេចក្ដី​កំហុស​របស់​យើង​ខ្ញុំ ដូច​ជា​យើង​ខ្ញុំ​បាន​អត់​ទោស​ដល់​អស់​អ្នក​ដែល​ធ្វើ​ខុស​នឹង​យើង​ខ្ញុំ​ដែរ។

១២ហើយ​សូម​កុំ​នាំ​យើង​ខ្ញុំ​ទៅ​ក្នុង​សេចក្ដី​ល្បួង​ឡើយ តែ​សូម​ប្រោស​ឲ្យ​យើង​ខ្ញុំ​រួច​ផុត​ពី​សេចក្ដី​អាក្រក់​វិញ។

១៣ត្បិត​រាជ្យ ព្រះ​ចេស្ដា និង​សិរី​ល្អ​ជា​របស់​ផង​ទ្រង់​នៅ​អស់​កល្ប​ជានិច្ច។ អាម៉ែន។

១៤ត្បិត​បើ​អ្នក​រាល់​គ្នា​អត់​ទោស​ចំពោះ​ការ​រំលង​ច្បាប់ ដែល​មនុស្ស​លោក​ប្រព្រឹត្ត​ធ្វើ នោះ​ព្រះ​វរបិតា​នៃ​អ្នក​ដែល​គង់នៅ​ស្ថាន​សួគ៌ ទ្រង់​នឹង​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ

១៥តែ​បើ​អ្នក​រាល់​គ្នា​មិន​អត់​ទោស​ចំពោះ​ការ​រំលង​ច្បាប់​ឲ្យ​គេ​ទេ នោះ​ព្រះ​វរបិតា​នៃ​អ្នក ទ្រង់​ក៏​មិន​អត់​ទោស​ចំពោះ​ការ​រំលង​ច្បាប់ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ធ្វើ​ដែរ។

១៦ជា​ម្យ៉ាង​ទៀត កាលណា​អ្នក​រាល់​គ្នា​តម នោះ​កុំ​ឲ្យ​ធ្វើ​ទឹកមុខ​ក្រៀម​ដូច​ជា​មនុស្ស​មាន​ពុត​ឡើយ ត្បិត​គេ​ក្លែង​ទឹកមុខ​ស្រងូត​ឲ្យ​មនុស្ស​លោក​ឃើញ​ថា​គេ​តម។ យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា គេ​បាន​រង្វាន់​គេ​ហើយ។

១៧តែ​ឯ​អ្នក កាលណា​អ្នក​តម នោះ​ចូរ​ឲ្យ​លាប​គ្រឿងក្រអូប​នៅ​លើ​ក្បាល ហើយ​លប់​មុខ​ចេញ

១៨ដើម្បី​កុំ​ឲ្យ​មនុស្ស​លោក​ឃើញ​ថា អ្នក​តម​ឡើយ គឺ​ឲ្យ​ព្រះ​វរបិតា​នៃ​អ្នក ដែល​គង់នៅ​ទី​លាក់កំបាំង​បាន​ឃើញ​វិញ នោះ​ព្រះ​វរបិតា​នៃ​អ្នក​ដែល​ទ្រង់​ទត​ឃើញ​នៅ​ទី​លាក់កំបាំង ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក​នៅ​ទី​ប្រចក្ស​ច្បាស់។

១៩កុំ​ឲ្យ​ប្រមូល​ទ្រព្យសម្បត្តិ​ទុក​សម្រាប់​ខ្លួន​នៅ​ផែនដី ជា​កន្លែង​ដែល​មាន​កន្លាត និង​ច្រែះ​ស៊ី​បំផ្លាញ ហើយ​ចោរ​ទំ​លុះ​ប្លន់​នោះ​ឡើយ

២០តែ​ត្រូវ​ប្រមូល​ទ្រព្យសម្បត្តិ​ទុក​សម្រាប់​ខ្លួន​នៅ​ឯ​ស្ថានសួគ៌​វិញ ដែល​ជា​កន្លែង​គ្មាន​កន្លាត ឬ​ច្រែះ​ស៊ី​បំផ្លាញ​ឡើយ ក៏​គ្មាន​ចោរ​ទំ​លុះ ឬ​ប្លន់​ផង។

២១ពី​ព្រោះ​សម្បត្តិ​ទ្រព្យ​របស់​អ្នក ស្ថិតនៅ​កន្លែង​ណា នោះ​ចិត្ត​អ្នក​ក៏​នឹង​នៅ​កន្លែង​នោះ​ដែរ។

២២ឯ​ពន្លឺ​របស់​រូប​កាយ គឺជា​ភ្នែក ដូច្នេះ​បើ​ភ្នែក​អ្នក​ស្មោះស្ម័គ្រ​ទាំង​ស្រុង នោះ​រូប​កាយ​អ្នក​ទាំង​មូល​នឹង​បាន​ពោរពេញ​ដោយ​ពន្លឺ។

២៣តែ​បើ​ភ្នែក​អ្នក​អាក្រក់​វិញ នោះ​រូប​កាយ​អ្នក​ទាំង​មូល នឹង​បាន​ពោរពេញ​ដោយ​ភាព​ងងឹតសូន្យ។ ដូច្នេះ​បើ​ពន្លឺ​ដែល​នៅ​ក្នុង​ខ្លួន​អ្នក​ជា​សេចក្ដី​ងងឹត​ហើយ ចុះ​សេចក្ដី​ងងឹត​នោះ​នឹង​បាន​ជា​ខ្លាំង​អំបាលម៉ាន​ទៅ​ហ្ន៎។

២៤គ្មាន​អ្នក​ណា​អាច​នឹង​បម្រើ​ចៅហ្វាយ​ពីរ​នាក់​បាន​ទេ ត្បិត​អ្នក​នោះ​នឹង​ស្អប់​មួយ ហើយ​ស្រឡាញ់​មួយ ឬ​ស្មោះត្រង់​នឹង​មួយ ហើយ​មើល​ងាយ​មួយ។ អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​គោរព​ដល់​ព្រះ និង​ទ្រព្យសម្បត្តិ​ផង​បាន​ទេ។

២៥ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ព្រះ​យេស៊ូវ​ទ្រង់​មាន​ព្រះ​បន្ទូល​យ៉ាង​នេះ​ហើយ នោះ​ទ្រង់​បាន​ទត​មើល​ទៅ​ពួក​១២​នាក់​ដែល​ទ្រង់​បាន​រើស ហើយ​មាន​ព្រះ​បន្ទូល​ទៅ​កាន់​ពួក​គេ​ថា ៖ ចូរ​ចងចាំ​នូវ​ពាក្យ​ដែល​យើង​បាន​និយាយ​នេះ​ចុះ។ ត្បិត​មើល​ចុះ អ្នក​រាល់​គ្នា​ជា​អ្នក​ដែល​យើង​បាន​រើស​ដើម្បី​ធ្វើ​ការងារ​បម្រើ​ដល់​ប្រជាជន​នេះ។ ដូច្នេះ យើង​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ឲ្យ​ខ្វល់ខ្វាយ​នឹង​ជីវិត​ដែល​នឹង​បរិភោគ​អ្វី ឬ​រូប​កាយ​ដែល​នឹង​ស្លៀកពាក់​អ្វី​នោះ​ឡើយ។ ឯ​ជីវិត តើ​មិន​វិសេស​ជាង​ចំណីអាហារ ហើយ​រូប​កាយ តើ​មិន​វិសេស​ជាង​សំលៀកបំពាក់​ទេ​ឬ​អី?

២៦មើល​ចុះ ចូរ​ពិចារណា​ពី​សត្វ​ស្លាប​នៅ​លើ​អាកាស វា​មិន​សាប​ព្រោះ មិន​ច្រូតកាត់ ឬ​ប្រមូល​ដាក់​ក្នុង​ជង្រុក​ផង តែ​ព្រះ​វរបិតា​នៃ​អ្នក​ដែល​គង់នៅ​ស្ថានសួគ៌​ទ្រង់​ចិញ្ចឹម​វា។ ឯ​អ្នក​រាល់​គ្នា តើ​គ្មាន​តម្លៃ​លើស​ជាង​សត្វ​ទាំង​នោះ​ទេ​ឬ​អី?

២៧ចុះ​នៅ​ក្នុង​ពួក​អ្នក​រាល់​គ្នា តើ​មាន​អ្នក​ឯណា ដែល​អាច​នឹង​បន្ថែម​កម្ពស់​ខ្លួន​មួយ​ហត្ថ ដោយ​សារ​សេចក្ដី​ខ្វល់ខ្វាយ​បាន​ឬ​ទេ?

២៨ហើយ​ពី​ដំណើរ​សំលៀកបំពាក់ តើ​អ្នក​រាល់​គ្នា​ខំ​ខ្វល់ខ្វាយ​ធ្វើ​អី? ចូរ​រំពឹង​គិតតែ​ផ្កាឈូក​នៅ​ក្នុង​បឹង ដែល​វា​ដុះ​យ៉ាង​ដូច​ម្ដេច គឺ​វា​មិន​នឿយហត់​នឹង​ធ្វើ​ការ ឬ​ស្រាវ​រវៃ​ទេ

២៩តែ​យើង​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បីតែ​ហ្លួង​សាឡូម៉ូន ក្នុង​គ្រា​ដែល​មាន​គ្រប់​ទាំង​សេចក្ដី​រុងរឿង​របស់​ទ្រង់ នោះ​ទ្រង់​មិន​បាន​តែង​អង្គ​ដូច​ជា​ផ្កា​មួយ​នោះ​ផង។

៣០ហេតុ​ដូច្នោះ​ហើយ រីឯ​តិណជាតិ​ដែល​ដុះ​នៅ​វាល​ក្នុង​ថ្ងៃ​នេះ ហើយ​ថ្ងៃ​ស្អែក​ត្រូវ​គេ​ដុត​ក្នុង​ជើងក្រាន បើ​ព្រះ​ទ្រង់​តុបតែង​ស្មៅ​យ៉ាង​ដូច្នោះ នោះ​តើ​ទ្រង់​មិន​តុបតែង​ឲ្យ​អ្នក​រាល់​គ្នា លើស​ជាង​ទៅ​ទៀត​ទេ​ឬ​អី បើ​អ្នក​រាល់​គ្នា​មិនមែន​ជា​មនុស្ស​មាន​សេចក្ដី​ជំនឿ​តិច?

៣១ដូច្នេះ​កុំ​ឲ្យ​ខ្វល់ខ្វាយ​ថា តើ​ត្រូវ​បរិភោគ​អ្វី ឬ​ស្លៀកពាក់​អ្វី​នោះ​ឡើយ។

៣២ឯ​ព្រះ​វរបិតា​នៃ​អ្នក​រាល់​គ្នា ដែល​គង់នៅ​ស្ថានសួគ៌ ទ្រង់​ជ្រាប​ហើយ​ថា អ្នក​រាល់​គ្នា​ត្រូវ​ការ​នឹង​របស់​ទាំង​នោះ​ដែរ។

៣៣ចូរ​អ្នក​ស្វែងរក​នគរ​នៃ​ព្រះ និង​សេចក្ដី​សុចរិត​របស់​ទ្រង់​ជា​មុន​សិន ទើប​គ្រប់​របស់​ទាំង​នោះ​នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង។

៣៤ដូច្នេះ​កុំ​ឲ្យ​ខ្វល់ខ្វាយ​នឹង​ថ្ងៃ​ស្អែក​ឡើយ ពី​ព្រោះ​ថ្ងៃ​ស្អែក​នឹង​ខ្វល់ខ្វាយ​ចំពោះ​ការ​របស់​ថ្ងៃ​នោះ​ឯង។ សេចក្ដី​លំបាក​នៅ​ថ្ងៃ​ណា នោះ​គឺ​ល្មម​ត្រឹម​ថ្ងៃ​នោះ​ហើយ៕