ព្រះយេស៊ូវគ្រីស្ទទ្រង់បានបង្ហាញរូបអង្គទ្រង់ដល់ប្រជាជននីហ្វៃ នៅពេលហ្វូងមនុស្សកំពុងតែប្រមូលគ្នានៅលើដែនដីបរិបូរណ៍ ហើយបានធ្វើការងារបម្រើពួកគេ ហើយដោយរបៀបនេះហើយ ដែលទ្រង់បានបង្ហាញរូបអង្គទ្រង់ដល់ពួកគេ។
មានរួមនៅក្នុងជំពូកទី ១១ ទៅ ២៦។
ជំពូកទី ១១
ព្រះវរបិតាធ្វើបន្ទាល់អំពីព្រះរាជបុត្រាដ៏ជាទីស្រឡាញ់របស់ទ្រង់ — ព្រះគ្រីស្ទទ្រង់លេចមក ហើយប្រកាសប្រាប់អំពីដង្វាយធួនរបស់ទ្រង់ — ប្រជាជនស្ទាបស្នាមរបួសទាំងឡាយនៅក្នុងបាតព្រះហស្ត និងព្រះបាទាទ្រង់ និងចំហៀង — ពួកគេស្រែកហូសាណា ទ្រង់ដាក់របៀបរបបនៃពិធីបុណ្យជ្រមុជទឹក — វិញ្ញាណនៃការទាស់ទែងគ្នាគឺជារបស់ផងអារក្ស — គោលលទ្ធិនៃព្រះគ្រីស្ទគឺថា មនុស្សលោកត្រូវជឿ ហើយត្រូវទទួលបុណ្យជ្រមុជទឹក ហើយទទួលព្រះវិញ្ញាណបរិសុទ្ធ។ ប្រមាណជាឆ្នាំ ៣៤ គ.ស.។
១ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា មានហ្វូងមនុស្សដ៏ធំមួយ គឺប្រជាជននីហ្វៃបានមករួមប្រជុំនៅជុំវិញព្រះវិហារបរិសុទ្ធ ដែលនៅលើដែនដីបរិបូរណ៍ ហើយពួកគេមានការងឿងឆ្ងល់ និងភ្ញាក់ផ្អើលទៅវិញទៅមក ហើយចង្អុលប្រាប់គ្នាទៅវិញទៅមកនូវការផ្លាស់ប្ដូរដ៏មហិមា និងអស្ចារ្យដែលបានកើតឡើង។
២ហើយពួកគេបាននិយាយគ្នាអំពីព្រះយេស៊ូវគ្រីស្ទ ដែលទីសម្គាល់បានប្រាប់អំពីការសុគតរបស់ទ្រង់។
៣ហើយហេតុការណ៍បានកើតឡើងថា នៅពេលពួកគេកំពុងតែនិយាយគ្នា អំពីរឿងនេះនៅឡើយ នោះពួកគេបានឮសំឡេងមួយ ហាក់បីដូចជាចេញមកពីលើមេឃ ហើយពួកគេបានក្រឡេកមើលជុំវិញខ្លួន ព្រោះពួកគេពុំយល់នូវសំឡេងដែលគេបានឮនោះឡើយ ហើយមិនមែនជាសំឡេងស្អក ឬជាសំឡេងខ្លាំងទេ ក៏ប៉ុន្តែទោះបីជាសំឡេងតូចក៏ដោយ គង់តែចាក់ទំលុះទៅក្នុងខ្លួនពួកគេ ដរាបដល់ធ្វើឲ្យខ្លួនប្រាណរបស់គេទាំងមូលញ័រចំប្រប់ មែនហើយ សំឡេងនោះបានជ្រួតជ្រាបទៅក្នុងព្រលឹងរបស់ពួកគេ ហើយធ្វើឲ្យចិត្តរបស់គេឆេះរោលរាល។
៤ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានឮសំឡេងនោះទៀត ប៉ុន្តែនៅតែពុំយល់សោះ។
៥ហើយពួកគេបានឮសំឡេងនោះជាលើកទីបីទៀត ហើយបានផ្ទៀងត្រចៀកស្ដាប់ ហើយភ្នែកគេសម្លឹងឆ្ពោះទៅសំឡេងនោះ ហើយគេបានសម្លឹងពុំដាក់ភ្នែកឆ្ពោះទៅលើមេឃ គឺជាទិសដែលសំឡេងនោះចេញមក។
៦ហើយមើលចុះ នៅលើកទីបី ទើបពួកគេយល់នូវសំឡេងដែលគេបានឮ ហើយសំឡេងនោះនិយាយទៅកាន់ពួកគេថា ៖
៧មើលន៏ បុត្រាដ៏ជាទីស្រឡាញ់របស់យើង ដែលយើងគាប់ចិត្តណាស់ ដែលបានតម្កើងដល់នាមរបស់យើង — ចូរស្ដាប់តាមបុត្រាយើងចុះ។
៨ហើយហេតុការណ៍បានកើតឡើងថា នៅពេលប្រជាជនយល់នូវពាក្យទាំងនោះហើយ នោះពួកគេបានសម្លឹងមើលទៅលើ ឆ្ពោះទៅលើមេឃទៀត ហើយមើលចុះ គេបានឃើញបុរសម្នាក់យាងចុះមកពីលើមេឃ ហើយទ្រង់ពាក់អាវវែងពណ៌ស ហើយទ្រង់យាងចុះមកឈរនៅកណ្ដាលពួកគេ ហើយហ្វូងមនុស្សទាំងមូលបានចោលភ្នែកទៅរកទ្រង់ ហើយគេពុំហ៊ានហើបមាត់និយាយគ្នាឡើយ ហើយគេក៏ពុំយល់ថា ការណ៍នេះមានន័យយ៉ាងណាដែរ ត្បិតពួកគេបានស្មានថា នេះជាទេវតាមួយអង្គ ដែលបានលេចមកឲ្យគេឃើញ។
៩ហើយហេតុការណ៍បានកើតឡើងថា ព្រះអង្គទ្រង់ហុចព្រះហស្តទ្រង់ទៅមុខ ហើយមានព្រះបន្ទូលទៅកាន់ប្រជាជនថា ៖
១០មើលចុះ យើងគឺព្រះយេស៊ូវគ្រីស្ទ ដែលពួកព្យាការីបានធ្វើបន្ទាល់ថា នឹងយាងមកឯលោកិយ។
១១ហើយមើលចុះ យើងជាពន្លឺ ហើយជាជីវិតនៃពិភពលោក ហើយយើងបានផឹកនូវពែងល្វីង ដែលព្រះវរបិតាបានប្រគល់ដល់យើង ហើយបានតម្កើងព្រះវរបិតាដោយបានទទួលមកដាក់លើខ្លួននូវបាបទាំងឡាយនៃមនុស្សលោក យើងបានធ្វើការនេះ ដោយបានស៊ូទ្រាំតាមព្រះហឫទ័យនៃព្រះវរបិតាចំពោះគ្រប់ការណ៍ទាំងអស់ ចាប់តាំងពីដើមដំបូងមក។
១២ហើយហេតុការណ៍បានកើតឡើងថា កាលព្រះយេស៊ូវទ្រង់មានព្រះបន្ទូលយ៉ាងនេះហើយ នោះហ្វូងមនុស្សទាំងមូលបានដួលទៅលើដី ត្បិតពួកគេនឹកឃើញថា រឿងនេះត្រូវបានព្យាករទុកជាមុននៅក្នុងចំណោមពួកគេថា ព្រះគ្រីស្ទនឹងបង្ហាញរូបអង្គទ្រង់ដល់ពួកគេ បន្ទាប់ពីព្រះអង្គយាងឡើងទៅស្ថានសួគ៌។
១៣ហើយហេតុការណ៍បានកើតឡើងថា ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលទៅកាន់ពួកគេថា ៖
១៤ចូរក្រោកឡើង ហើយមករកយើងចុះ ដើម្បីអ្នករាល់គ្នាអាចលូកដៃមកឯចំហៀងយើង និងដើម្បីអ្នករាល់គ្នាអាចស្ទាបនូវស្នាមដែកគោលនៅត្រង់ដៃ និងជើងយើង ដើម្បីឲ្យអ្នករាល់គ្នាអាចដឹងថា យើងគឺជាព្រះនៃសាសន៍អ៊ីស្រាអែល និងជាព្រះនៃផែនដីទាំងមូល ហើយត្រូវគេធ្វើគតជំនួសអំពើបាបទាំងឡាយនៃមនុស្សលោក។
១៥ហើយហេតុការណ៍បានកើតឡើងថា ហ្វូងមនុស្សបានដើរទៅមុខ ហើយបានលូកដៃទៅឯចំហៀងព្រះអង្គ ហើយបានស្ទាបស្នាមដែកគោលនៅត្រង់ព្រះហស្ត និងព្រះបាទារបស់ព្រះអង្គ ហើយពួកគេបានយ៉ាងនេះ គឺបានដើរទៅមុខម្ដងម្នាក់ៗរហូតដល់ទាំងអស់គ្នាបានទៅ ហើយបានឃើញដោយភ្នែកគេផ្ទាល់ ហើយបានស្ទាបដោយដៃគេផ្ទាល់ និងបានដឹងយ៉ាងជាក់ច្បាស់ និងបានធ្វើបន្ទាល់ថា គឺជាព្រះអង្គមែន ដែលពួកព្យាការីបានសរសេរទុកពីមុនថា ទ្រង់នឹងយាងមក។
១៦ហើយកាលគេទាំងអស់គ្នាបានដើរទៅមុខអស់ហើយ និងបានឃើញច្បាស់ដោយខ្លួនគេផ្ទាល់ នោះពួកគេក៏បន្លឺសំឡេងព្រមគ្នាថា ៖
១៧ហូសាណា! សូមឲ្យព្រះនាមនៃព្រះដ៏ខ្ពស់បំផុតបានប្រកបដោយព្រះពរ! ហើយពួកគេបានក្រាបចុះនៅទាបព្រះបាទានៃព្រះយេស៊ូវ ហើយបានថ្វាយបង្គំព្រះអង្គ។
១៨ហើយហេតុការណ៍បានកើតឡើងថា ទ្រង់បានមានព្រះបន្ទូលទៅកាន់នីហ្វៃ (ព្រោះនីហ្វៃនៅក្នុងចំណោមហ្វូងមនុស្ស) ហើយទ្រង់បានបញ្ជាឲ្យលោកចេញមក។
១៩ហើយនីហ្វៃក៏ក្រោកឡើង ហើយដើរទៅមុខ និងបានក្រាបចំពោះព្រះអម្ចាស់ ហើយបានថើបព្រះបាទាទ្រង់។
២០ហើយទ្រង់បានបញ្ជាឲ្យលោកក្រោកឈរឡើង ហើយលោកក៏ក្រោកឈរចំពោះព្រះអង្គ។
២១ហើយព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលទៅលោកថា ៖ យើងប្រទានដល់អ្នកនូវអំណាច ថាអ្នកត្រូវធ្វើបុណ្យជ្រមុជទឹកឲ្យប្រជាជននេះ នៅពេលយើងឡើងទៅស្ថានសួគ៌វិញ។
២២ហើយទ្រង់បានហៅអ្នកផ្សេងទៀត និងបានប្រាប់ទៅគេដូច្នោះដែរ ហើយទ្រង់បានប្រទានដល់ពួកគេនូវអំណាច ដើម្បីធ្វើបុណ្យជ្រមុជទឹក។ ហើយទ្រង់មានព្រះបន្ទូលទៅកាន់ពួកគេថា ៖ អ្នករាល់គ្នាត្រូវធ្វើបុណ្យជ្រមុជទឹកតាមរបៀបនេះ ហើយពុំត្រូវមានការប្រកែកគ្នា នៅក្នុងចំណោមអ្នករាល់គ្នាឡើយ។
២៣យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា អស់អ្នកណាដែលប្រែចិត្តពីអំពើបាបទាំងឡាយរបស់ខ្លួនតាមពាក្យរបស់អ្នក ហើយមានបំណងចង់ទទួលបុណ្យជ្រមុជទឹក ដោយនូវនាមយើង អ្នកត្រូវធ្វើបុណ្យជ្រមុជទឹកឲ្យពួកគេតាមរបៀបនេះ — មើលចុះ អ្នកត្រូវចុះទៅឈរក្នុងទឹក ហើយដោយនូវនាមយើង នោះអ្នកត្រូវធ្វើបុណ្យជ្រមុជទឹកឲ្យគេ។
២៤ហើយឥឡូវនេះ មើលចុះ នេះគឺជាពាក្យទាំងឡាយ ដែលអ្នកត្រូវនិយាយ ដោយហៅពួកគេតាមឈ្មោះ ហើយនិយាយថា ៖
២៥ដោយមានសិទ្ធិអំណាចដែលបានប្រទានដល់ខ្ញុំពីព្រះយេស៊ូវគ្រីស្ទ នោះខ្ញុំធ្វើបុណ្យជ្រមុជទឹកឲ្យអ្នកដោយនូវព្រះនាមព្រះវរបិតា និងព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ។ អាម៉ែន។
២៦ហើយបន្ទាប់មក អ្នកត្រូវពន្លិចគេនៅក្នុងទឹក ហើយងើបឡើងពីទឹកមកវិញ។
២៧ហើយតាមរបៀបនេះហើយ ដែលអ្នកត្រូវធ្វើបុណ្យជ្រមុជទឹកដោយនូវនាមយើង ត្បិតមើលចុះ យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា ព្រះវរបិតា និងព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ គឺជាព្រះតែមួយ ហើយយើងនៅក្នុងព្រះវរបិតា ហើយព្រះវរបិតាគង់នៅក្នុងយើង ឯព្រះវរបិតា និងយើង គឺតែមួយ។
២៨ហើយស្របតាមអ្វីៗ ដែលយើងបានបញ្ជាដល់អ្នក នោះអ្នកត្រូវធ្វើបុណ្យជ្រមុជទឹក ដោយរបៀបនេះហើយ។ ហើយមិនត្រូវមានការប្រកែកគ្នានៅក្នុងចំណោមអ្នករាល់គ្នា ដូចដែលធ្លាប់មានពីមុនមកឡើយ ហើយក៏មិនត្រូវមានការប្រកែកគ្នានៅក្នុងចំណោមអ្នករាល់គ្នាអំពីចំណុចទាំងឡាយ នៃគោលលទ្ធិរបស់យើង ដូចដែលធ្លាប់មានពីមុនមកដែរ។
២៩ត្បិតប្រាកដមែន យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា អស់អ្នកណាដែលមានវិញ្ញាណនៃការទាស់ទែងគ្នា គឺពុំមែនជារបស់ផងយើងទេ ប៉ុន្តែជារបស់ផងអារក្សវិញ ដែលជាបិតានៃការទាស់ទែងគ្នា ហើយវាចាក់រុកចិត្តមនុស្ស ឲ្យមានកំហឹងទាស់ទែងនឹងគ្នាទៅវិញទៅមក។
៣០មើលចុះ នេះពុំមែនជាគោលលទ្ធិរបស់យើងទេ ដែលចាក់រុកចិត្តមនុស្សឲ្យមានកំហឹងទាស់ទែងនឹងគ្នាទៅវិញទៅមក ប៉ុន្តែគោលលទ្ធិរបស់យើង គឺត្រូវលះបង់ការណ៍ទាំងនោះចោលវិញ។
៣១មើលចុះ ប្រាកដមែន យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា យើងនឹងប្រកាសប្រាប់អ្នក នូវគោលលទ្ធិរបស់យើង។
៣២ហើយនេះគឺជាគោលលទ្ធិរបស់យើង ហើយជាគោលលទ្ធិដែលព្រះវរបិតាបានប្រទានដល់យើង ហើយយើងធ្វើបន្ទាល់អំពីព្រះវរបិតា ហើយព្រះវរបិតាធ្វើបន្ទាល់អំពីយើង ហើយព្រះវិញ្ញាណបរិសុទ្ធធ្វើបន្ទាល់អំពីព្រះវរបិតា និងអំពីយើង ហើយយើងធ្វើបន្ទាល់ថា ព្រះវរបិតាទ្រង់បញ្ជាដល់មនុស្សទាំងអស់ ទោះនៅទីណាក៏ដោយ ឲ្យប្រែចិត្ត ហើយជឿដល់យើង។
៣៣ហើយអស់អ្នកណាដែលជឿដល់យើង ហើយទទួលបុណ្យជ្រមុជទឹក អ្នកនោះហើយដែលនឹងបានសង្គ្រោះ ហើយពួកគេនោះហើយដែលនឹងគ្រងនគរព្រះទុកជាមរតក។
៣៤ហើយអស់អ្នកណាដែលពុំជឿដល់យើង ហើយពុំទទួលបុណ្យជ្រមុជទឹកទេ នោះនឹងត្រូវជាប់ទោស។
៣៥ប្រាកដមែន យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា នេះជាគោលលទ្ធិរបស់យើង ហើយយើងធ្វើបន្ទាល់អំពីគោលលទ្ធិនេះពីព្រះវរបិតា ហើយអស់អ្នកណាដែលជឿដល់យើង ក៏ជឿដល់ព្រះវរបិតាផងដែរ ហើយចំពោះអ្នកនោះហើយដែលព្រះវរបិតាធ្វើបន្ទាល់អំពីយើង ត្បិតទ្រង់នឹងយាងមករកអ្នកនោះដោយភ្លើង និងដោយព្រះវិញ្ញាណបរិសុទ្ធ។
៣៦ម្ល៉ោះហើយ ព្រះវរបិតានឹងធ្វើបន្ទាល់អំពីយើង ឯព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើបន្ទាល់ដល់អ្នកនោះ អំពីព្រះវរបិតា និងអំពីយើង ត្បិតព្រះវរបិតា និងយើង និងព្រះវិញ្ញាណបរិសុទ្ធ គឺតែមួយ។
៣៧ហើយយើងប្រាប់អ្នករាល់គ្នាទៀតថា អ្នកត្រូវតែប្រែចិត្ត ហើយក្លាយទៅដូចជាកូនក្មេង ហើយទទួលបុណ្យជ្រមុជទឹកដោយនូវនាមយើង បើពុំនោះសោតទេ អ្នករាល់គ្នានឹងគ្មានមធ្យោបាយណា ដែលអាចទទួលនូវការណ៍ទាំងនេះបានឡើយ។
៣៨ហើយយើងប្រាប់អ្នករាល់គ្នាទៀតថា អ្នករាល់គ្នាត្រូវតែប្រែចិត្ត ហើយទទួលបុណ្យជ្រមុជទឹកដោយនូវនាមយើង ហើយក្លាយទៅដូចជាកូនក្មេង បើពុំនោះសោតទេ អ្នករាល់គ្នានឹងគ្មានមធ្យោបាយណា ដែលអាចគ្រងនគរព្រះទុកជាមរតកបានឡើយ។
៣៩ប្រាកដមែន យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា នេះគឺគោលលទ្ធិរបស់យើង ហើយអស់អ្នកណាដែលសង់នៅលើគោលលទ្ធិនេះ គឺសង់នៅលើថ្មដារបស់យើង ហើយទ្វារទាំងឡាយនៃស្ថាននរក នឹងពុំអាចឈ្នះលើអ្នកទាំងនោះបានឡើយ។
៤០ហើយអស់អ្នកណាដែលនឹងប្រកាសច្រើនជាង ឬតិចជាងនេះ ហើយតាំងថា វាជាគោលលទ្ធិរបស់យើង អ្នកនោះគឺមកពីអារក្សវិញ ហើយពុំបានសង់នៅលើថ្មដារបស់យើងទេ តែគេសង់នៅលើគ្រឹះខ្សាច់វិញ ហើយទ្វារទាំងឡាយនៃស្ថាននរកបើកចំហចាំទទួលមនុស្សបែបនេះ នៅពេលទឹកជន់ឡើង ហើយខ្យល់បក់ប៉ះទៅលើពួកគេ។
៤១ដូច្នេះ ចូរអ្នករាល់គ្នាចេញទៅឯប្រជាជននេះ ហើយប្រកាសប្រាប់ពាក្យទាំងឡាយ ដែលយើងបាននិយាយមក គឺទៅរហូតដល់ចុងផែនដី៕