ការហៅ​ក្នុង​បេសកកម្ម
២. ជ្រើសរើស​ធ្វើ​សកម្មភាព


២. ជ្រើសរើស​ធ្វើ​សកម្មភាព

រូបភាព
ព្រះគ្រីស្ទ​យាង​នៅ​លើ​ផ្ទៃទឹក

នៅ​ពេល​អ្នក​ដឹង​ថា​ខ្លួន​អ្នក​កំពុង​មាន​អារម្មណ៍​ថា​ទន់ខ្សោយ ឬ ថា​អ្នក​កំពុង​តែ​ល្មើស​នឹង​វិធីបង្ការ​ណា​មួយ​ខាង​ក្រោម​នេះ ចូរ​សម្រេច​ចិត្ត​លើ​កិច្ចការ​ដែល​អ្នក​នឹង​ធ្វើ​ដើម្បី​ធ្វើតាម​វិធីបង្ការ​នោះ រួច​ជ្រើសរើស​ធ្វើ​សកម្មភាព​តាម​អ្វី​ដែល អ្នក​បាន​ដាក់​ផែនការ ។ ចូរ​សរសេរ​សកម្មភាព​ជាក់លាក់ទាំងឡាយ​ដែល​អ្នក​នឹង​ធ្វើ ដើម្បី​ធ្វើតាម​វិធីបង្ការ​នានា ហើយ​កាត់បន្ថយ​អារម្មណ៍​ទន់ខ្សោយ និង ងាយរងឥទ្ធិពល ។

ប្រសិនបើ​អ្នក​ត្រូវបាន​ល្បួង​ឲ្យ​ស្វែងរក​មាតិកា​ដែល​មិន​សមរម្យ​នៅ​លើ​អ៊ិនធើរណែត ឬ ធ្វើ​ទង្វើ​ដែល​ប្រាសចាក​ពី​វិធីបង្ការ​ទាំងនេះ អ្នក​អាច​ធ្វើ​សកម្មភាព​មួយ​ចំនួន​ដែល​នឹង​ជួយ​អ្នក​ឲ្យ​គ្រប់គ្រង​អារម្មណ៍​ទាំងនេះ​បាន ។ អនុវត្ដ​សកម្មភាព​ដែល​មាន​ប្រសិទ្ធភាព​ខ្លាំង​បំផុត​សម្រាប់​អ្នក ។ អ្នក​អាច​ពិចារណា​លើ​យោបល់​ខាង​ក្រោម​នេះ​ដើម្បី ៖

  • អធិស្ឋាន​ទូល​សូម​កម្លាំង និង ការការពារ​ប្រឆាំង​នឹង​ការល្បួង ។ ទូល​ព្រះវរបិតាសួគ៌​អំពី​អារម្មណ៍​របស់​អ្នក ។

  • ចែកចាយ រៀបរាប់ ហើយ​ជជែក​អំពី​អារម្មណ៍​របស់​អ្នក​ជាមួយ​ដៃគូ អ្នក​ដឹកនាំ​មណ្ឌល​បេសកកម្ម តំបន់​បេសកកម្ម ឬ ស៊ិស្ទើរ​ដែល​ជា​អ្នក​បំពាក់បំប៉ន ។ ចូរ​ចាំ​ថា « កុំ​ប្រឹក្សា​ជាមួយ​អ្នក​ផ្សព្វផ្សាយសាសនា​ដែល​មាន​ភេទ​ផ្ទុយ ទោះ​ជា [ ពួកគេ ] កំពុង​បម្រើ​នៅ​ក្នុង​មុខ​តំណែង​ជា​អ្នក​ដឹកនាំ​ក៏​ដោយ ។ ការនិយាយ​បែប​នោះ អាច​នាំ​ឲ្យ​មាន​ភាពមិនសមរម្យ​ដល់​អារម្មណ៍ និង ដល់​ទំនាក់ទំនង » ( ក្បួនច្បាប់​អ្នក​ផ្សព្វផ្សាយសាសនា ទំព័រ ៣៩ ) ។

  • ក្រោកឡើង ហើយ​ធ្វើការ ។ ចេញ​ដើរ​ជាមួយ​ដៃគូ​របស់​អ្នក ឬ ទៅ​ហាត់ប្រាណ ។

  • សូត្រ​បទគម្ពីរ ឬ ច្រៀង​ទំនុកតម្កើង​មួយ​ដែល​នឹង​ជួយ​អ្នក​ឲ្យ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ព្រះអង្គសង្គ្រោះ ។

  • បញ្ឈប់​អ្វី​ដែល​អ្នក​កំពុង​តែ​ធ្វើ បិទ​ភ្នែក ហើយ​ដក​ដង្ហើម​វែងៗ ហើយ​រាប់​ដល់​បួន ។ ធ្វើ​ដូចនេះ​រយៈពេល​បីពីរ​នាទី ។ កុំ​ត្រឡប់​ទៅ​ប្រើ​អ៊ិនធើរណែត​វិញ​ឡើយ លុះត្រាតែ​អ្នក​ចងចាំ​អំពី​គោលបំណង​របស់​អ្នក ហើយ​មាន​អារម្មណ៍​ធូរស្បើយ ថែមទាំង​មាន​ការផ្ដោត​អារម្មណ៍​ឡើង​វិញ​សិន ។

  • វាយតម្លៃ​លើ​ស្ថានភាព​ខាង​សាច់ឈាម​របស់​អ្នក ។ តើ​អ្នក​ត្រូវការ​ទឹក អាហារសម្រន់ ឬ ការសម្រាក​ខ្លះ​ទេ ? បំពេញ​តម្រូវការ​នានា​របស់​អ្នក ។

  • រំឭក​ឡើងវិញ​ដោយ​លម្អិត​អំពី​បទពិសោធន៍​ខាង​វិញ្ញាណ ឬ ទិដ្ឋភាព​ដ៏​គួរ​រីករាយ​ណាមួយ ដែល​អាច​ជួយ​អ្នក​ឲ្យ​សម្រាក​ខាង​ផ្លូវចិត្ត​មួយ ឬ​ពីរ​នាទី ។

  • សរសេរ​អ្វី​ដែល​អ្នក​មាន​អំណរគុណ​ឲ្យ​បាន​ប្រាំ ។

  • ចំណាយ​ពេល​ប្រាំ​នាទី រួច​សរសេរ​អារម្មណ៍​របស់​អ្នក​នៅ​ក្នុង​ទិនានុប្បវត្តិ ។

អាន Adjusting to Missionary Life ឡើង​វិញ ដើម្បី​បាន​គំនិត​បន្ថែម​ស្ដីពី​ការគ្រប់គ្រង​អារម្មណ៍ រួច​ដាក់​បញ្ចូល​គំនិត​ដែល​ទាក់ទង ទៅ​ក្នុង​ផែនការ​របស់​អ្នក ។ ចូល​មើល​វគ្គសិក្សា « វិធីបង្ការក្នុងការប្រើប្រាស់បច្ចេកវិទ្យា » ដែល​មាន​នៅ​លើ​អ៊ិនធើរណែត នៅ​ពេល​អ្នក​ដាក់​ផែនការ ។ ចែកចាយ​ផែនការ​នេះ​ជាមួយ​ដៃគូ អ្នក​ដឹកនាំ​ក្នុង​បេសកកម្ម និង ប្រធាន​បេសកកម្ម​របស់​អ្នក ។

រូបភាព
យុវនារី​ម្នាក់​មើល tablet ​នៅ​ក្នុង​ដៃ​របស់​អែលឌើរ​អ្នក​ផ្សព្វផ្សាយសាសនា

ធ្វើតាម​ផែនការ​ផ្ទាល់ខ្លួន​របស់​អ្នក​ដែល​បាន​ដាក់ នៅ​ពេល​អ្នក​ចាប់ផ្ដើម​មាន​អារម្មណ៍​ទន់ខ្សោយ និង ងាយរងឥទ្ធិពល ។