ការហៅ​ក្នុង​បេសកកម្ម
វិធីបង្ការ​ទី ២


វិធីបង្ការ​ទី ២

ផ្ដោត​ទៅ​លើ​គោលបំណង​ផ្សព្វផ្សាយសាសនា​របស់​អ្នក

ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា « បើ​សិន​ជា​ភ្នែក​របស់​អ្នក​ស្មោះស្ម័គ្រ​ទាំង​ស្រុង​ទៅ​ចំពោះ​សិរី​ល្អ​របស់​យើង នោះ​រូប​កាយ​អ្នក​ទាំង​មូល​នឹង​បាន​ពោរ​ពេញ​ទៅ​ដោយ​ពន្លឺ ហើយ​នឹង​ពុំ​មាន​សេចក្ដី​ងងឹត​នៅ​ក្នុង​អ្នក​ឡើយ ហើយ​រូប​កាយ​នោះ​ដែល​បាន​ពោរ​ពេញ​ទៅ​ដោយ​ពន្លឺ យល់​គ្រប់​ទាំង​អស់ » ( គ. និង ស. ៨៨:៦៧ ) ។ ការមាន​ភ្នែក​របស់​អ្នក​ស្មោះស្ម័្រ​ទាំង​ស្រុង​ទៅ​ចំពោះ​សិរី​ល្អ​របស់​ព្រះ មាន​ន័យ​ថា ការផ្ដោត​អារម្មណ៍​ទាំងស្រុង​ទៅ​លើ​ព្រះបំណង​របស់​ព្រះ—ដែល​នោះ​ក៏​ជា​គោលបំណង​ផ្សព្វផ្សាយសាសនា​របស់​អ្នក​ដែរ ។

អ្វី​គ្រប់​យ៉ាង​ដែល​អ្នក​ធ្វើ—រួម​មាន​ទាំង​របៀប​ដែល​អ្នក​ប្រើប្រាស់​បច្ចេកវិទ្យា​ផ្សព្វផ្សាយ​ទាំងនេះ—គួរតែ​ផ្ដោត​សំខាន់​ទៅ​លើ​គោលបំណង​របស់​អ្នក គឺ​ត្រូវ « អញ្ជើញ​មនុស្ស​ដទៃ​មក​កាន់​ព្រះគ្រីស្ទ​ដោយ​ការ​ជួយ​ពួកគេ​ឲ្យ​ទទួល​ដំណឹង​ល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ តាមរយៈ​សេចក្ដី​ជំនឿ​នៅ​លើ​ព្រះគ្រីស្ទ និង ដង្វាយ​ធួន​របស់​ទ្រង់ ការប្រែ​ចិត្ត ពិធី​បុណ្យ​ជ្រមុជ​ទឹក ការទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ និង កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត » ( ប្រកាស​ដំណឹងល្អ​របស់​យើង ទំព័រ ១ ) ។ បំណងប្រាថ្នា​របស់​អ្នក​ក្នុង​ការចែកចាយ​ដំណឹងល្អ នឹង​ជួយ​អ្នក​ឲ្យ​ចៀសវាង​ពី​ការរំខាន ។

បើក​ឧបករណ៍​របស់​អ្នក​តែ​នៅ​ពេល​ដែល​អ្នក​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​ប៉ុណ្ណោះ ។ ពី​មុន​អ្នក​បើក​ឧបករណ៍​ចល័ត ឬ កុំព្យូទ័រ ឬ បើក app ណា​មួយ ចូរ​សម្រេច​ជាមួយ​ដៃគូ​របស់​អ្នក​អំពី​អ្វី​ដែល​អ្នក​នឹង​ធ្វើ ។ ចូរ​ពិចារណា​អំពី​ចំនួន​ម៉ោង​ដែល​អ្នក​នឹង​ប្រើ និង អំពី​របៀប​ដែល​សកម្មភាព​ទាំងនេះ​នឹង​ដឹកនាំ​ទៅ​រក​ការជួយ​មនុស្ស​ឲ្យ​អនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ប្រែចិត្ត ចុះ​សេចក្ដីសញ្ញា​នានា ហើយ​រក្សា​សេចក្ដីសញ្ញា​ទាំងនោះ ទទួល​អារម្មណ៍ ហើយ​ធ្វើតាម​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ។ ចូរ​ធ្វើតាម​សេចក្ដីណែនាំ​របស់​ប្រធាន​បេសកកម្ម​របស់​អ្នក ទាក់ទង​ទៅ​នឹង​សកម្មភាព​សមរម្យ​នៃ​ការប្រើប្រាស់​ឧបករណ៍​ឌីជីថល ។ បទពិសោធន៍​បាន​បង្ហាញ​ថា មនុស្ស​ដែល​ជួប​ប្រទះ​នឹង​មាតិកា​មិន​សមរម្យ​ញឹកញាប់​នៅ​លើ​អ៊ិនធើរណែត គឺ​នៅ​ពេល​ដែល​ពួកគេ​ចូល​មើល​គេហទំព័រ​នោះ​ធម្មតា ដោយ​គ្មាន​គោលបំណង​ជាក់លាក់​ក្នុង​គំនិត ។

រូបភាព
ស៊ិស្ទើរ​អ្នក​ផ្សព្វផ្សាយ​សាសនា​ពីរ​នាក់​កំពុង​បង្រៀន​ដោយ​ប្រើ tablet