ការហៅ​ក្នុង​បេសកកម្ម
៣. រៀនសូត្រ ហើយ​កែលម្អ


៣. រៀនសូត្រ ហើយ​កែលម្អ

រូបភាព
មរមន​សង្ខេប​ផ្ទាំង​ទាំងឡាយ

រៀន​ចេញ​ពី​បទពិសោធន៍​របស់​អ្នក នៅ​ពេល​អ្នក​ខិតខំ​ធ្វើតាម​វិធីបង្ការ​ទាំងនេះ ។ ដើម្បី​រៀន​សូត្រ ហើយ​កែលម្អ​បាន អ្នក​ត្រូវ​ប្រែចិត្ត ជា​កិច្ចការ​ដែល​នាំ​អ្នក​ទៅ​កាន់តែ​ជិត​ព្រះគ្រីស្ទ​នៅ​ពេល​អ្នក​ប្រើប្រាស់​ដង្វាយធួន​របស់​ទ្រង់ ។ នៅ​ពេល​អ្នក​បែរ​ទៅ​រក​ទ្រង់ ទ្រង់​នឹង​ជួយ​អ្នក​ឲ្យ​រីកចម្រើន ។ ទ្រង់​បាន​មាន​បន្ទូល​សន្យា​ថា « បើ​សិន​ជា [ កូនចៅ​របស់​យើង ] មក​រក​យើង នោះ​យើង​នឹង​បង្ហាញ​ដល់​ពួក​គេ​នូវ​ភាព​ទន់ខ្សោយ​របស់​ពួក​គេ ។ … គុណ​របស់​យើង​មាន​គ្រប់​គ្រាន់​សម្រាប់​មនុស្ស​ទាំង​អស់ ដែល​បន្ទាប​ខ្លួន​នៅ​ចំពោះ​យើង ត្បិត​បើ​សិន​ជា​ពួក​គេ​បន្ទាប​ខ្លួន​នៅ​ចំពោះ​យើង ហើយ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​យើង លំដាប់​នោះ យើង​នឹង​ធ្វើ​ឲ្យ​អ្វី​ដែល​ទន់ខ្សោយ​ក្លាយ​ទៅ​ជា​ខ្លាំង​ពូកែ​ចំពោះ​ពួក​គេ​វិញ » ( អេធើរ ១២:២៧ ) ។ ព្រះ​នឹង​ជួយ​អ្នក​ឲ្យ​រៀន​សូត្រ ហើយ​កែលម្អ​ចេញ​ពី​កំហុស​កាល​ពី​មុនៗ​របស់​អ្នក ដើម្បី​អ្នក​អាច​ពង្រឹង​ភាពរឹងមាំ​យក​ឈ្នះ​លើ​ភាពទន់ខ្សោយ​បាន ។ តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ព្រះ​អភ័យទោស ហើយ​បំភេ្លច​កំហុស​ពី​អតីតកាល​ទាំង​អម្បាលម៉ាន ។

រូបភាព
អែលឌើរ​អ្នកផ្សព្វផ្សាយសាសនា​ពីរ​នាក់​ជាមួយ​យុវវ័យ​មួយ​ក្រុម

នៅ​ពេល​អ្នក​ឃើញ​ថា​ខ្លួន​អ្នក​កំពុង​ត្រូវបាន​ល្បួង​ឲ្យ​ប្រើប្រាស់​បច្ចេកវិទ្យា​មិន​ត្រឹមត្រូវ អ្នក​អាច​រៀន​ចេញ​ពី​បទពិសោធន៍​របស់​អ្នក​ដោយ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ជម្រើស​នានា​ដែល​អ្នក​ធ្វើ និង លទ្ធផល​នានា​ដែល​អ្នក​បាន​បង្កើត​ឡើង ។ កត់ត្រា​បទពិសោធន៍ និង អារម្មណ៍​របស់​អ្នក​នៅ​ក្នុង​ទិនានុប្បវត្តិ ។ រៀន​ស្គាល់​លំនាំ​នៅ​ក្នុង​គំនិត អារម្មណ៍ ឬ ឥរិយាបថ​របស់​អ្នក ដែល​ធ្វើ​ឲ្យ​អ្នក​មាន​ភាពលំបាក​ក្នុង​ការប្រើ​បច្ចេកវិទ្យា​ដោយ​សុចរិត ។ អ្នក​អាច​ចៀសវាង​ពី​ការល្បួង​ដោយ​ការចៀសវាង​ពី​លំនាំ​ទាំងនេះ ។ ឧទាហរណ៍ អ្នក​អាច​ឃើញ​ថា ខ្លួន​អ្នក​កាន់តែ ត្រូវបាន​រំខាន​ដោយ​ឧបករណ៍​ចល័ត​របស់​អ្នក នៅ​ពេល​អ្នក​គ្មាន​ផែនការ​សំខាន់ៗ និង ជាក់លាក់​ប្រចាំ​ថ្ងៃ​ទេ​នោះ ។ តាមរយៈ​ការជ្រើសរើស​ដាក់​ផែនការ​ធ្វើ​សកម្មភាព​សំខាន់ៗ​ជានិច្ច នោះ​អ្នក​នឹង​ត្រូវបាន​រំខាន​ដោយ​ឧបករណ៍​ចល័ត​របស់​អ្នក​កាន់តែ​តិច ។

ដៃគូ និង អ្នក​ដឹកនាំ​ក្នុង​បេសកកម្ម ក៏​នឹង​ជួយ​អ្នក​ឲ្យ​រៀនសូត្រ ហើយ​កែលម្អ​ដែរ ។ ចូរ​ចាំ​ថា ទោះជា​បច្ចាមិត្ត​ប្រើប្រាស់​ការលាក់កំបាំង និង ការនៅ​ដាច់​ដោយ​ឡែក​ដើម្បី​ដឹកនាំ​មនុស្ស​ទៅ​ក្នុង​ភាពងងឹត​ក្ដី ព្រះអម្ចាស់​មាន​បន្ទូល​លើក​ទឹកចិត្ត​យើង​ឲ្យ​ស្វែងរក​ពន្លឺ​តាមរយៈ​ភាពទៀងត្រង់ និង សេចក្ដីពិត ។ ការបង្កើត​ទំនាក់ទំនង​រឹងមាំ សុចរិត​ជាមួយ​ដៃគូ​អ្នក និង សមាជិក​ក្នុង​មណ្ឌល​បេសកកម្ម​របស់​អ្នក គឺ​ជា​ការការពារ​មួយ​ដ៏​ប្រសើរ​បំផុត ហើយ​វា​អនុញ្ញាត​ឲ្យ​អ្នក​បង្កើត​វប្បធម៌​នៃ​ឥរិយាបថ​សុចរិត និង ពេញ​ដោយ​គោលបំណង ។

រូបភាព
ស៊ិស្ទើរ​អ្នក​ផ្សព្វផ្សាយ​សាសនា​ពីរ​នាក់​កំពុង​សិក្សា​ដោយ​ប្រើ tablet

តាមរយៈ​ការជ្រើសរើស​ដាក់​ផែនការ​ធ្វើ​សកម្មភាព​សំខាន់ៗ​ជានិច្ច នោះ​អ្នក​នឹង​ត្រូវបាន​រំខាន​ដោយ​ឧបករណ៍​ចល័ត​របស់​អ្នក​កាន់តែ​តិច ។