ការហៅ​ក្នុង​បេសកកម្ម
សេចក្ដីផ្ដើម


សេចក្ដីផ្ដើម

ពេញ​មួយ​ប្រវត្តិសាស្ត្រ ព្រះ​បាន​ប្រើប្រាស់​ឧបករណ៍​ដ៏​ទេវភាព​ដើម្បី​ពង្រីក​ព្រះបំណង​ទ្រង់ ។ ឧទាហរណ៍ យូរីម និង ធូមីម បាន​ជួយ​នៅ​ក្នុង​ការបកប្រែ​ព្រះបន្ទូល​ព្រះ រីឯ​លីអាហូណា​បាន​ផ្ដល់​នូវ​ការដឹកនាំ​ដល់​លីហៃ និង ក្រុមគ្រួសារ​លោក នៅ​ពេល​ពួកគាត់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ដែនដី​សន្យា ។ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​ថ្លែង​អំពី​ឧបករណ៍​ដ៏​ទេវភាព​នៅ​ក្នុង​ជំនាន់​របស់​យើង​ថា « ខ្ញុំ​ជឿ​ថា ព្រះអម្ចាស់​ពិត​ជា​មាន​ព្រះទ័យ​ប្រទាន​ឲ្យ​យើង​នូវ​ការច្នៃប្រឌិត ដែល​យើង​ជា​មនុស្សលោក​នេះ​ពុំ​អាច​យល់​ដល់​បាន​ឡើយ » ( « When the World Will Be Converted » Ensign ខែ តុលា ឆ្នាំ ១៩៧៤ ទំព័រ ១០ ) ។ ចាប់តាំង​ពី​សុន្ទករថា​របស់​ប្រធាន ឃឹមបឹល មក មាន​ឧបករណ៍​ខាង​បច្ចេកវិទ្យា​ជា​ច្រើន​ត្រូវបាន​បង្កើត​ឡើង ដើម្បី​ពង្រីក​ព្រះ​បំណង​របស់​ព្រះអម្ចាស់ ហើយ​ឥឡូវ​នេះ អ្នក​អាច​ប្រើប្រាស់​ឧបករណ៍​ទាំងនេះ​នៅ​ក្នុង​កិច្ចការរបស់​អ្នក ។ អែលឌើរ អិល ថម ភែរី បាន​ប្រកាស​ថា « ឥឡូវនេះ អ្នកផ្សព្វផ្សាយសាសនា​ត្រូវបាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​អ៊ិនធើរណិត​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​របស់​ពួកគេ ។ … អ្នកផ្សព្វផ្សាយសាសនា​នឹង​ប្រើប្រាស់​កុំព្យូទ័រ​នៅ​ក្នុង​សាលាប្រជុំ និង អគារ​ដទៃទៀត​របស់​សាសនាចក្រ » ( « Missionary Work in the Digital Age » [ worldwide leadership training meeting ខែ មិថុនា ឆ្នាំ ២០១៣ ] lds.org/broadcasts ) ។

រូបភាព
លីហៃ និង ក្រុមគ្រួសារ​ជាមួយ​នឹង​លីអាហូណា

បច្ចេកវិទ្យា​ដែល​អ្នក​កំពុង​ទទួល​បាន​នា​ពេល​នេះ ត្រូវបាន​ផ្ដល់​ឲ្យ​ដើម្បី​ជួយ​អ្នក​នៅ​ក្នុង​ការបម្រើ​ដល់​ព្រះអម្ចាស់ ព្រោះ​ទ្រង់​កំពុង​ពន្លឿន​កិច្ចការ​របស់​ទ្រង់ ។ ទោះជា​បច្ចេកវិទ្យា​នេះ​ត្រូវបាន​បង្កើត​ឡើង​ដើម្បី​ធ្វើ​កិច្ចការ​ល្អ​ក្ដី សាតាំង​ព្យាយាម​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​ដើម្បី​ផ្សាយ​អំពី​សេចក្ដីអាក្រក់ ហើយ​ដើម្បី​ធ្វើ​ឲ្យ​កិច្ចការ​របស់​ព្រះអម្ចាស់​មាន​ភាពស្មុគស្មាញ ។ វា​មាន​សារៈសំខាន់​ណាស់​ដែល​អ្នក​ត្រូវ​ប្រើប្រាស់​ឧបករណ៍​ទាំងនេះ ឲ្យ​ស្រប​ទៅ​នឹង​គោលបំណង​ដែល វា​ត្រូវបាន​បង្កើត​ឡើង—ដើម្បី​សម្រេច​កិច្ចការ​នៃ​សេចក្ដីសង្គ្រោះ​ឲ្យ​បាន​កាន់តែ​មាន​ប្រសិទ្ធភាព ។ សៀវភៅ​នេះ​មាន​នូវ​វិធីបង្ការ​នានា ដែល​នឹង​ជួយ​អ្នក​ឲ្យ​ប្រើប្រាស់​ឧបករណ៍​ទាំងនេះ​យ៉ាង​ត្រឹមត្រូវ ដើម្បី​បំពេញ​គោលបំណង​អ្នក​ផ្សព្វផ្សាយសាសនា​របស់​អ្នក និង ពង្រីក​ព្រះ​បំណង​របស់​ព្រះអម្ចាស់​ក្នុង « [ ការ ] នាំ​ឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​មនុស្ស » ( ម៉ូសេ ១:៣៩ ) ។ វិធីបង្ការ​ទាំងនេះ​ក៏​នឹង​បំភ្លឺ​គំនិត​របស់​អ្នក​ទៅ​កាន់​របៀប​ផ្សេងៗ​ដ៏​បំផុសគំនិត​អំពី​ការប្រើប្រាស់​បច្ចេកវិទ្យា ដែល​នឹង​ពង្រឹង​សេចក្ដីជំនឿ​របស់​អ្នក​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ ព្រមទាំង​សេចក្ដីជំនឿ​របស់​មនុស្ស​ដែល​អ្នក​បម្រើ​ផងដែរ ។ វា​មាន​តួនាទី​ដូច​ជា​សោ​ចាក់​ទ្វារ​ព្រះវិហារបរិសុទ្ធ ដែល​បង្ការ​មិន​ឲ្យ​អ្វី​ដែល​មិន​បរិសុទ្ធ​អាច​ចូល​ទៅ​ក្នុង​គំនិត​របស់​អ្នក​បាន​ឡើយ ។ ប៉ុល​បាន​បង្រៀន​ថា « តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​អី ថា​ខ្លួន​អ្នក​រាល់​គ្នា​ជា​ព្រះវិហារ​នៃ​ព្រះ ហើយ​ថា ព្រះវិញ្ញាណ​នៃ​ព្រះ ទ្រង់​សណ្ឋិត​ក្នុង​អ្នក​រាល់​គ្នា ? » ( កូរិនថូសទី១ ៣:១៦ ) ។ វិធីបង្ការ​ទាំងនេះ​នឹង​ការពារ​អ្នក ហើយ​ជួយ​អ្នក​ឲ្យ​ចៀសវាង​ពី​ព័ត៌មាន និង បទពិសោធន៍​នាំ​ឲ្យ​ខូច​ប្រយោជន៍​នានា ដែល​បណ្ដាល​ឲ្យ​គ្មាន​ព្រះវិញ្ញាណ រួម​មាន​មាតិកា​ដែល​មិន​សមរម្យ​មាន​ដូចជា រូបអាសគ្រាម​ជាដើម ។ វា​ក៏​នឹង​ជួយ​អ្នក​ឲ្យ​ចៀសវាង​ពី​ការខ្ជះខ្ជាយ​ពេល​វេលា​ទៅ​លើ​សកម្មភាព​នានា​ដូចជា ហ្គេម ព័ត៌មាន កីឡា វីដេអូ និង ការប្រើប្រាស់​មិន​សមរម្យ​ផ្សេងៗ​ទៀត​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។ ការអនុវត្ត​តាម​គោលការណ៍​ទាំងនេះ​នឹង​បង្កើន​សមត្ថភាព​របស់​អ្នក ដើម្បី​ជួយ​មនុស្ស​ដទៃ ថែមទាំង​នឹង​ប្រទានពរ​ដល់​អ្នក​ពេញ​មួយ​ជីវិត​ផងដែរ ។

ចូរ​រៀន​ធ្វើតាម​វិធីបង្ការ​ទាំងនេះ​ឲ្យ​ក្លាយ​ជា​ទម្លាប់ ។ វិធីបង្ការ​ទាំងនេះ​នឹង​ជួយ​អ្នក​នៅ​ពេល​អ្នក​ព្យាយាម​ក្លាយ​ដូច​ព្រះគ្រីស្ទ ។ « ព្រះអង្គសង្គ្រោះ​បាន​បង្ហាញ​ផ្លូវ ។ ទ្រង់​បាន​ធ្វើ​ជា​គំរូ​ដ៏​ល្អ​ឥតខ្ចោះ ហើយ​ទ្រង់​បញ្ជា​យើង​ឲ្យ​ប្រែក្លាយ​ដូចជា​ទ្រង់ ( សូម​មើល នីហ្វៃទី៣ ២៧:២៧ ) » ( ប្រកាស​ដំណឹងល្អ​របស់​យើង ៖ មគ្គុទេសក៍​ចំពោះ​ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា [ ឆ្នាំ ២០០៤ ] ទំព័រ ១១៧ ) ។ ជម្រើស​ដែល​អ្នក​ធ្វើ​ឡើង​ទាក់ទង​នឹង​របៀប​ដែល​អ្នក​ប្រើប្រាស់​បច្ចេកវិទ្យា នឹង​ជួយ​អ្នក​ឲ្យ​ក្លាយ​ដូច​ព្រះអង្គសង្គ្រោះ ។ ចូរ​ពឹងផ្អែក​លើ​ព្រះគុណ—ដែល​ជា​ជំនួយ ឬ ភាពរឹងមាំ​បាន​ផ្ដល់​ឲ្យ​តាមរយៈ​ដង្វាយធួន​របស់​ព្រះគ្រីស្ទ—នៅ​ពេល​អ្នក​ព្យាយាម​ឲ្យ​ក្លាយ​ជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព​នៅ​ក្នុង​ព្រះហស្ត​របស់​ព្រះអម្ចាស់ ។

អ្នក​នឹង​រៀន ហើយ​តាំងចិត្ត​ធ្វើតាម​វិធីបង្ការ​ទាំងនេះ​ដោយ​ខ្លួន​អ្នក​ផ្ទាល់ ជាមួយ​ដៃគូ​របស់​អ្នក និង ជាមួយ​អ្នកផ្សព្វផ្សាយ​សាសនា​ដទៃៗ​ទៀត ។ អ្នក​ក៏​នឹង​រៀន​អំពី​ដំណើរការ​មួយ ដែល​នឹង​ជួយ​អ្នក​នៅ​ពេល​អ្នក​មាន​អារម្មណ៍​ទន់ខ្សោយ និង ងាយរងឥទ្ធិពល​ដែរ ។ ចូរ​អាន​ព័ត៌មាន​នេះ​ឲ្យ​បាន​ញឹកញាប់ ។ ចូរ​សិក្សា ពិចារណា ហើយ​អនុវត្ត​តាម​គោលការណ៍​ទាំងនេះ​រហូត​ដល់​វា​ក្លាយ​ទៅ​ជា​រឿង​មួយ​ធម្មតា​សម្រាប់​អ្នក​ក្នុង​ការគិត ហើយ​អនុវត្ត ។

រូបភាព
ក្បាច់​រចនា​លើ​ដៃទ្វារ​ព្រះវិហារបរិសុទ្ធ សលត៍ លេក

« ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ គឺ​ជា​ផែនការ​ដែល​យើង​អាច​ប្រែក្លាយ​ទៅ​ជា​កូនចៅ​នៃ​ព្រះ ដែល​យើង​គួរតែ​ប្រែក្លាយ ។ ស្ថានភាព​គ្មាន​ស្នាម​ប្រឡាក់ និង​ឥតខ្ចោះ​នេះ នឹង​ជាលទ្ធផល​ចេញមកពី​តំណ​ដ៏​ខ្ជាប់ខ្ជួន​នៃ​សេចក្ដីសញ្ញា ពិធីបរិសុទ្ធ និង​ទង្វើ​នានា បូក​រួម​ទាំង​ការ​ជ្រើសរើស​ត្រឹមត្រូវ ហើយ​នឹង​ចេញមកពី​ការ​ប្រែ​ចិត្ត​ដោយ​ឥតឈប់ឈរ » ( ដាល្លិន អេក អូក « The Challenge to Become » Ensign ខែ វិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ៣៣ ) ។