ការហៅ​ក្នុង​បេសកកម្ម
វិធីបង្ការ​ទី ៣


វិធីបង្ការ​ទី ៣

មាន​ការលត់ដំ

នៅ​ក្នុង នីហ្វៃទី២ ២:២៦ លីហៃ​បង្រៀន​ថា « ហើយ​ពី​ព្រោះ​ពួកគេ​ត្រូវបាន​ប្រោសលោះ​ឲ្យ​រួច​ពី​ការធ្លាក់ ទើប [ កូនចៅ​មនុស្ស ] មាន​ឥស្សរភាព​រហូត​តទៅ ដោយ​ដឹង​ខុស និង​ត្រូវ ដើម្បី​ធ្វើ​សកម្មភាព​ដោយ​ខ្លួន​ឯង ហើយ​ពុំ​មែន​ទទួល​សកម្មភាព​ទេ » ។ ចូរ​ប្រើ​សិទ្ធិជ្រើសរើស​របស់​អ្នក​ដើម្បី​លត់ដំ ហើយ​ធ្វើ​ជម្រើស​សុចរិតៗ ទាក់ទង​ទៅ​នឹង​របៀប​ដែល​អ្នក​ប្រើប្រាស់​បច្ចេកវិទ្យា ។ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បាន​មាន​ប្រសាសន៍​ទាក់ទង​ទៅ​នឹង​ទំនាក់ទំនង​រវាង​សិទ្ធិជ្រើសរើស និង ការលត់ដំ​ថា « ការលត់ដំ​ខាង​សីលធម៌ គឺ​ជា​ការអនុវត្ត​ដ៏​ខ្ជាប់ខ្ជួន​នូវ​សិទ្ធិជ្រើសរើស​ដើម្បី​ជ្រើសរើស​ធ្វើ​ត្រូវ ព្រោះ​នោះ​ជា​រឿង​ត្រឹមត្រូវ ទោះជា​រឿង​នោះ​ជា​រឿង​ពិបាក​ក្ដី » ( « Moral Discipline » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ១០៥ ) ។ ដោយសារតែ​ការលត់ដំ​មាន​ទំនាក់ទំនង​យ៉ាង​ស្អិតរមួត​ជាមួយ​សិទ្ធិជ្រើសរើស ចូរ​ខិតខំ​ដោយ​មាន​មនសិការ​ដើម្បី​ជ្រើសរើស​យក​ការលត់ដំ នៅ​ពេល​ដែល​អ្នក​ប្រើប្រាស់​ឧបករណ៍​ចល័ត​នៅ​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​របស់​អ្នក ។

ចូរ​រឹតបន្តឹង​ការលត់ដំ​ដើម្បី​ប្រើប្រាស់​ឧបករណ៍​ចល័ត​តែ​នៅ​ពេល​ដែល​សម​នឹង​ប្រើ​ប៉ុណ្ណោះ ។ នៅ​ពេល​អ្នក​កំពុង​ជជែក​ជាមួយ​មនុស្ស​ដោយ​ប្រទល់​មុខ ចូរ​កុំ​បើក​មើល​សារ ឬ ទទួល​ទូរសព្ទ​ឲ្យ​សោះ ។ ចូរ​គ្រប់គ្រង​លើ​របៀប​ដែល​អ្នក​ប្រើប្រាស់​ឧបករណ៍​ទាំងនេះ ។ ចូរ​កុំ​ឲ្យ​វា​គ្រប់គ្រង​លើ​អ្នក​ឲ្យ​សោះ ។ អ្នក​អាច​នឹង​ស្គាល់​មនុស្ស​ដែល​ញៀន​ប្រើ​ឧបករណ៍​ចល័ត​របស់​ពួកគេ ។ ពួកគេ​ហាក់ដូចជា​ភ្លេច​ពី​បរិយាកាស​សង្គម​ជុំវិញ​ខ្លួន នៅ​ពេល​ពួកគេ​ផ្ញើសារ ហើយ​បើក​មើល​សារ លេង​ហ្គេម​វីដេអូ ឬ ធ្វើ​កិច្ចការ​ផ្សេងៗ​ទៀត​នៅ​លើ​ឧបករណ៍​របស់​ពួកគេ ។ ក្នុង​នាម​ជា​អ្នកផ្សព្វផ្សាយ​សាសនា ចូរ​កុំ​បណ្ដោយ​ឲ្យ​ខ្លួន​អ្នក​ត្រូវបាន​រំខាន​ដោយ​ឧបករណ៍​ចល័ត​ឡើយ ។ អែលឌើរ អិម រ័សុល បាឡឺដ បាន​បង្រៀន​ដូចនេះ ៖ « ឧបករណ៍​មាន​ក្នុង​ដៃ​ដូចជា smartphones គឺ​ជា​ពរជ័យ ប៉ុន្តែ​វា​ក៏​អាច​រំខាន​យើង​ពី​ការស្ដាប់​ឮ ‹ សំឡេង​តូច​រហៀង › ដែរ ។ វា​ត្រូវតែ​ធ្វើ​ជា​អ្នក​បម្រើ​យើង ពុំ​មែន​ធ្វើ​ជា​ចៅហ្វាយ​យើង​នោះ​ទេ » ( « ចូរ​បង្អង់​សិន ហើយ​ឲ្យ​បាន​ដឹង​ថា យើង​ជា​ព្រះ » [ ការប្រជុំធម្មនិដ្ឋាន​របស់​ប្រព័ន្ធ​អប់រំ​សាសនាចក្រ ថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ២០១៤ ] lds.org/broadcasts ) ។

រូបភាព
អែលឌើរ​អ្នក​ផ្សព្វផ្សាយ​សាសនា​ពីរ​នាក់​កំពុង​បង្រៀន​ដោយ​ប្រើ tablet