ថ្នាក់​សិក្ខាសាលា
ការអនុវត្ត​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ២ ៖ ការយល់ដឹង​ពី​គោលលទ្ធិ និង​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ


« ការអនុវត្ត​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ២ ៖ ការយល់ដឹង និង​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៦ )

« ការអនុវត្ត​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ២ ៖ ការយល់ដឹង និង​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

លោកុប្បត្តិ ១៨–២៣ ៖ មេរៀន​ទី ២៨

ការអនុវត្ត​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ២

ការយល់ដឹង​ពី​គោលលទ្ធិ និង​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ

A group of youth sitting at desks in a Seminary class.  There are scriptures open on their desks.

ចំណេះចំណាន​ខាង​គោលលទ្ធិ​អាច​ជួយ​សិស្ស​ឲ្យ​ស្ថាបនា​គ្រឹះ​សម្រាប់​ជីវិត​របស់​ពួកគេ​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​អំពី​សេចក្តីពិត​ដែល​បានបង្រៀន​នៅក្នុង​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ ហើយ​អនុវត្ត​តាម​គោលការណ៍​ដ៏​ទេវភាព​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ ។

ការរៀបចំ​ខ្លួន​របស់​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ​ដែល​ពួកគេ​ចង់​ស្វែងយល់​កាន់តែ​ច្បាស់ ។ បន្ទាប់​មក សូម​អញ្ជើញ​ពួកគេ​ឲ្យ​សិក្សា​វគ្គនោះ ជញ្ជឹងគិត​អំពី​អត្ថន័យ​របស់​វា ហើយ​ពិចារណា​ពី​មូលហេតុ​ដែល​គោលលទ្ធិ​ដែល​បាន​បង្រៀន​នោះ​មាន​សារៈសំខាន់ ។

សកម្មភាព​រៀនសូត្រ​ដែលអាច​មាន

ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ យល់ដឹង

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ជញ្ជឹងគិត​ពីគ្រា​មួយ​ដែល​ពួកគេ​មាន​ការលំបាក​ក្នុង​ការរៀន​សូត្រ ឬ​ធ្វើ​អ្វី​មួយ​ថ្មី ។ ឧទាហរណ៍​អាច​រួមបញ្ចូល​ការរៀន​ភាសា​ថ្មី ការហាត់​ឧបករណ៍ ឬ​ការលេង​កីឡា ។ សិស្ស​អាច​ចែកចាយ​អ្វី​ដែល​ជួយ​ពួកគេ​ឲ្យ​រៀន និង​យក​ឈ្នះ​លើ​បញ្ហា​ប្រឈម​នៃ​ការរៀន​អ្វី​ថ្មី ។ ប្រសិនបើ​សិស្ស​មិន​បាន​ចែកចាយ​ទេ អ្នក​អាច​បន្ថែម​ថា វា​អាច​មាន​អត្ថប្រយោជន៍​ដើម្បី​អត់ធ្មត់ និង​ចៀសវាង​ការប្រៀបធៀប​ការរីកចម្រើន​របស់​អ្នក​ជាមួយ​អ្នក​ដទៃ ។

ដូចគ្នា​នេះ​ដែរ ការរៀនសូត្រ​ជំនាញ​ថ្មី​អាច​ជា​ការពិបាក ភាសា​នៃ​បទគម្ពីរ ជួនកាល​អាច​ធ្វើ​ឲ្យ​ពួកគេ​ពិបាក​យល់ ។

  • តើ​មាន​អ្វីខ្លះ​ដែល​បាន​ជួយ​អ្នក ឬ​អ្នក​ដទៃ​ទៀត​យល់​កាន់តែ​ច្បាស់​អំពី​ភាសា​នៃ​បទគម្ពីរ ?

របៀប​មួយ​ដើម្បី​បង្កើន​ការយល់ដឹង​របស់​យើង​អំពី​វគ្គ​បទគម្ពីរ គឺ​ត្រូវ​សិក្សា​បទគម្ពីរ​ដោយ​យកចិត្ត​ទុកដាក់ ដោយ​ប្រើ​ឧបករណ៍​សិក្សា​ព្រះគម្ពីរ​ដើម្បី​ស្វែងយល់ និង​បញ្ជាក់​ពី​ភាសា និង​អត្ថន័យ ។

សូម​ពន្យល់​ថា នៅក្នុង​មេរៀន​ផ្នែក​នេះ សិស្ស​នឹង​មាន​ឱកាស​យល់​កាន់តែ​ស៊ីជម្រៅ​អំពី​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ ដែល​ពួកគេ​បានសិក្សា​រហូត​មក​ដល់​ពេល​នេះ នៅក្នុង​ឆ្នាំ​នេះ ។ អ្នក​អាច​បង្ហាញ​សេចក្តីយោង​ចំណេះចំណាន​ខាង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​សញ្ញាចាស់​ចំនួន​ប្រាំមួយ​ដំបូង និង​ឃ្លា​បទគម្ពីរ​គន្លឹះ ដែល​មាន​នៅក្នុង ឯកសារគោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២២ ) ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ​ដែល​ពួកគេ​ចង់​ស្វែងយល់​បន្ថែម ។

សម្រាប់​សកម្មភាព​សិក្សា​នេះ សិស្ស​អាច​ធ្វើការ​រៀងៗខ្លួន ឬ​ជា​ក្រុម​តូចៗ​ជាមួយ​សិស្ស​ផ្សេង​ទៀត​ដែល​បាន​ជ្រើសរើស​វគ្គបទគម្ពីរ​ដូច​គ្នា ។ សូម​ពិចារណា​បង្ហាញ​ការណែនាំ​ខាងក្រោម ។

  1. សូម​អាន​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​យឺតៗ និង​ដោយ​យកចិត្ត​ទុកដាក់ ដោយ​ការអញ្ជើញ​យាង​ព្រះវិញ្ញាណ​បរិសុទ្ធ​ដោយ​ការអធិស្ឋាន ដើម្បី​ជួយ​បង្កើន​ការយល់ដឹង​របស់​អ្នក ។ គូសចំណាំ​ពាក្យ ឬ​ឃ្លា​ណាមួយ​ដែល​អ្នក​រកឃើញ​ថា​មាន​អត្ថន័យ ។

  2. សូម​សរសេរ​សំណួរ​ណា​មួយ​ដែល​អ្នក ឬ​អ្នក​ដទៃ​ទៀត​អាច​មាន​អំពី​ភាសា ឬ​អត្ថន័យ​នៃ​ខគម្ពីរ​នោះ ។

  3. សូម​ប្រើ​ឧបករណ៍​សិក្សា​ព្រះគម្ពីរ​ដែល​មាន​ដើម្បី​ស្វែងរក​និយមន័យ ការបញ្ជាក់​ន័យ សេចក្តីយោង​ឆ្លង សេចក្តីថ្លែងការណ៍​ពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ ឬ​ព័ត៌មាន​ណា​ផ្សេង​ទៀត​ដែល​អាច​បន្ថែម​ការយល់ដឹង​ពី​ខគម្ពីរ ឬ​ពាក្យ ឬ​ឃ្លា​ដែល​អ្នក​បានគូសចំណាំ ។

  4. ពិភាក្សា​ពី​អ្វី​ដែល​វគ្គបទគម្ពីរ​បង្រៀន​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ ។ អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​វា​សំខាន់​សម្រាប់​ក្មេង​ជំទង់​ដើម្បី​ដឹង និង​យល់​ពី​វគ្គបទគម្ពីរ​នេះ ?

ឧទាហរណ៍​នៃ​លំនាំ​ការសិក្សា​បទគម្ពីរ​នេះ សូមមើល​វីដេអូ « Analyzing a Passage » ( ៨:១២ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

8:12

បើ​មាន​ពេលវេលា​គ្រប់គ្រាន់ សិស្ស​អាច​ចែកចាយ​ជាមួយ​អ្នកដទៃ​នូវ​អ្វី​ដែល​ពួកគេ​បានរកឃើញ និង​របៀប​ដែល​វា​បង្កើន​ការយល់ដឹង​របស់​ពួកគេ​អំពី​វគ្គបទគម្ពីរ​នេះ ។ ម៉្យាងទៀត សិស្ស​អាច​អនុវត្ត​ពន្យល់​ពី​គោលលទ្ធិ​នៃ​វគ្គបទគម្ពីរ​ដល់​ដៃគូ ដោយ​ប្រើ​ការយល់ដឹង​បន្ថែម​ដែល​ពួកគេ​ទទួល​បាន​តាមរយៈ​សកម្មភាព​សិក្សា​នេះ ។

អ្នក​អាច​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ប្រើ​បច្ចេកទេស​ទាំងនេះ​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​សិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​របស់​ពួកគេ ។

ពេញ​មួយ​ថ្ងៃ សូម​ពិចារណា​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ដែល​អ្នក​បានជ្រើសរើស ដោយ​រកមើល​ចំណាប់​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​បង្រៀន​អ្នក​ពី​របៀប​ដែល​បទគម្ពីរ​នោះ​អាច​ផ្ដល់​ពរ​ដល់​ជីវិត​របស់​អ្នក ។

រៀន និង​អនុវត្ត​តាម​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ

ចំណែក​នៅសល់​នៃ​មេរៀន​នេះ​ផ្តោត​ទៅលើ​ការជួយ​សិស្ស​ឲ្យ​អនុវត្ត​តាម​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ ទៅនឹង​ស្ថានភាព​ដែល​ទាក់ទង ។ មុនពេល​បន្ត វា​អាច​មាន​អត្ថប្រយោជន៍​ដើម្បី​អញ្ជើញ​សិស្ស​ឲ្យ​រំឭក​ឡើងវិញ​នូវ​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ។ សកម្មភាព​រំឭកឡើងវិញ​ដែលបាន​ណែនាំ​នេះ​មាន​នៅក្នុង​ផ្នែក​មួយ​នៃ​ឧបសម្ព័ន្ធ​ដែលមាន​ចំណងជើង​ថា « សកម្មភាព​រំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ឡើងវិញ » ។ ការពិពណ៌នា​អំពី​គោលការណ៍​ទាំងឡាយ​មាន​នៅក្នុង​កថាខណ្ឌ​ទី ៥–១២ នៃ​ផ្នែក « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » នៅក្នុង ឯកសារ​គោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២២ ) ។

សូម​ចាំ​ថា មេរៀន​អនុវត្ត​ចំណេះចំណាន​ខាង​គោលលទ្ធិ មិន​មែន​ចង់​ណែនាំ​ពី​មាតិកា​ថ្មី​នោះ​ទេ ។ មេរៀន​អនុវត្ត​ចំណេះចំណាន​ខាង​គោលលទ្ធិ​ផ្ដល់​ឱកាស​ដល់​សិស្ស​ដើម្បី​រំឭក​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន​ឡើងវិញ អនុវត្ត​ការពន្យល់​ពី​អ្វី​ដែល​បានរៀន ហើយ​អនុវត្ត​វា​ទៅ​នឹង​សាច់រឿង​ដែល​ទាក់ទង ។ ការណ៍​នេះ​អាច​បង្កើន​សមត្ថភាព​របស់​សិស្ស​ដើម្បី​ចងចាំ និង​ប្រើ​គោលការណ៍​នៃ​គោលលទ្ធិ​សំខាន់ៗ​ក្នុង​ជីវិត​របស់​ពួកគេ ។

ដើម្បី​ជួយ​សិស្ស​អនុវត្ត​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ សូម​ពិចារណា​បង្ហាញ​សាច់រឿង​ដូច​ខាងក្រោម​នេះ ។ អ្នក​អាច​បត់បែន​សាច់រឿង​លម្អិត​ឲ្យ​សមស្រប​តាម​តម្រូវការ​នៃ​សិស្ស​របស់អ្នក​បំផុត ។

ជំនួស​ឲ្យ​សាច់រឿង​នេះ អ្នក​អាច​ប្រើ​វីដេអូ​នេះ​បាន « Find Answers through Jesus » ( ១:០៤ ) ។

1:4

មិត្ត​របស់​អ្នក​អេនឌី បានចែកចាយ​ថា គាត់​មាន​អារម្មណ៍​មិន​ពេញចិត្ត​នឹង​ជីវិត​របស់​គាត់​នោះ​ទេ ។ គាត់​បានចំណាយ​ពេល​ច្រើន​នៅ​លើ​ទូរសព្ទ លេង​ហ្គេម​វីដេអូ និង​ដើរលេង​ជាមួយ​មិត្តភក្តិ ប៉ុន្តែ​គាត់​យល់​ថា គាត់​មិន​មាន​ពេល​ច្រើន​សម្រាប់​ព្រះ ឬ​គ្រួសារ​របស់​គាត់​នោះ​ទេ ។ ថ្មីៗ​នេះ គាត់​ងឿងឆ្ងល់​ថា តើជីវិត​របស់​គាត់​មាន​គោលបំណង និង​អត្ថន័យ​ជាង​អ្វី​ដែល​គាត់​កំពុង​ឆ្លងកាត់​ពេល​បច្ចុប្បន្ន​នេះ​ឬ​យ៉ាងណា ។

សូម​បង្ហាញ​នៅលើ​ក្ដារខៀន​នូវ​គោលការណ៍​ចំនួន​បី​នៃ​ការទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ និង​សំណួរ​ដូច​ខាងក្រោម​នេះ ។ សូម​ពិចារណា​ចាត់​សិស្ស​ជា​ក្រុម​តូចៗ ឲ្យ​ពិភាក្សា​អំពី​គោលការណ៍ និង​របៀប​ដែល​ពួកគេ​អាច​តំណាង​ឲ្យ​គោលការណ៍​ទាំងនោះ​ដោយ​ផ្ទាល់ភ្នែក ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​បង្កើត​កូន​សៀវភៅ ឬ​ប័ណ្ណប្រកាស ដែល​អាច​ជួយ​នរណា​ម្នាក់​ឲ្យ​ប្រើ​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ដើម្បី​ដោះស្រាយ​កង្វល់​របស់​ពួកគេ ។ អ្នក​អាច​ចែក​ក្រដាស និង​សម្ភារ​សិល្បៈ​ផ្សេងៗ ។ សិស្ស​អាច​បត់​ក្រដាស​នោះ​ជា​បី​ផ្នែក ហើយ​បង្ហាញ​ពី​គោលការណ៍​មួយ​នៅលើ​ផ្នែក​នីមួយៗ​នៃ​កូន​សៀវភៅ​នោះ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​មាន​ភាពច្នៃប្រឌិត​ក្នុង​ការបង្ហាញ​ពី​គោលការណ៍​ទាំងបី​នេះ ។

ប្រសិនបើ​ចាំបាច់ សំណួរ​ខាងក្រោម​នេះ​អាច​ជួយ​សិស្ស​យល់​កាន់តែ​ច្បាស់​អំពី​របៀប​អនុវត្ត​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ ។ សូម​ចាំ​ថា សកម្មភាព​នេះ​គឺ​មាន​គោលបំណង​ផ្តល់​ឱកាស​ឲ្យ​សិស្ស​អនុវត្ត​ការចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បានរៀន ។ ខណៈ​ដែល​អ្នក​ជា​គ្រូបង្រៀន អ្នក​អាច​ជួយ​សម្រប​សម្រួល​ការពិភាក្សា​របស់​ពួកគេ និង​ផ្តល់​ជំនួយ​តាម​តម្រូវការ សូម​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​បង្កើត​បរិយាកាស​មួយ ដែល​សិស្ស​អាច​ដឹកនាំ​ការពិភាក្សា ។

ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ

  • តើ​ការរក្សា​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ អាច​មាន​អត្ថប្រយោជន៍​ក្នុង​ស្ថានភាព​នេះ​យ៉ាង​ដូចម្ដេច ?

ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព

  • តើ​វគ្គ​ចំណេះចំណាន​ខាងគោលលទ្ធិ សេចក្ដីយោង​បទគម្ពីរ​ផ្សេង​ទៀត ឬ​សេចក្ដី​ថ្លែងការណ៍​ពី​ថ្នាក់ដឹកនាំ​សាសនាចក្រ​ណាមួយ​ខ្លះ ដែល​អាច​មាន​អត្ថ​ប្រយោជន៍​ដល់​អេនឌី និង​ស្ថានភាព​របស់​គាត់ ?

សូម​ពិចារណា​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ប្រើ​បណ្ណាល័យ​ដំណឹងល្អ​ដើម្បី​ស្វែងរក​ប្រភព​បី ឬ​ជា​ច្រើន​ទៀត ដែល​ពួកគេ​នឹង​ណែនាំ​ឲ្យ​អេនឌី​សិក្សា ។ ប្រសិនបើ​សិស្ស​ត្រូវការ​ជំនួយ សូម​ស្វែងរក​សេចក្តីយោង​បទគម្ពីរ នោះ​អ្នក​អាច​ផ្ដល់​ខគម្ពីរ​ដូចជា លោកុប្បត្តិ ១២:១–៣; ម៉ូសេ ១:៦, ៣៩; ម៉ូសេ ៦:២៦–៣៣ និង អ័ប្រាហាំ ៣:២២–២៣ ។

ធ្វើ​សកម្មភាព​ដោយ​សេចក្តី​ជំនឿ

  • តើ​មាន​រឿង​ជាក់លាក់​អ្វីខ្លះ​ដែល​អេនឌី​អាច​ធ្វើ​ដើម្បី​មើលឃើញ​ពី​អត្ថន័យ និង​គោលបំណង​ដ៏​ធំ​នៃ​ជីវិត​របស់​គាត់ ?

    សូម​ផ្តល់​ឱកាស​ដល់​សិស្ស​ឲ្យ​ចែកចាយ​ប័ណ្ណប្រកាស ឬ​កូន​សៀវភៅ​របស់​ពួកគេ​ជាមួយ​ក្រុម​ផ្សេង​ទៀត ។

    ដើម្បី​បញ្ចប់​ថ្នាក់ អ្នក​អាច​ផ្តល់​ឱកាស​ដល់​សិស្ស​ឲ្យ​ឆ្លើយតប​សំណួរ​ដូច​ខាងក្រោម​នេះ ដូចជា​ការពិភាក្សា ឬ​កត់ត្រា​គំនិត​របស់​ពួកគេ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។

  • តើ​ការយល់ដឹង​អ្វីខ្លះ​ដែល​អ្នក​រកឃើញ​ថា​មាន​អត្ថន័យ​កាល​ដែល​អ្នក​បានសិក្សា​នៅ​ថ្ងៃនេះ ?

  • តើ​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​អាច​ជួយ​អ្នក​ចូល​កាន់តែ​ជិត​ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្ដេច ?