ថ្នាក់​សិក្ខាសាលា
លោកុប្បត្តិ ១៩ ៖ « កុំ​ឲ្យ​មើល​មក​ក្រោយ​ឡើយ »


លោកុប្បត្តិ ១៩ ៖ « កុំ​ឲ្យ​មើល​មក​ក្រោយ​ឡើយ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់សម្រាប់​គ្រូ​បង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៦ )

« លោកុប្បត្តិ ១៩ ៖ ‹ កុំ​ឲ្យ​មើល​មក​ក្រោយ​ឡើយ › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់​សម្រាប់​គ្រូ​បង្រៀន​ថ្នាក់​សិក្ខាសាលា

លោកុប្បត្តិ ១៨–២៣ ៖ មេរៀន​ទី ២៦

លោកុប្បត្តិ ១៩

« កុំ​ឲ្យ​មើល​មក​ក្រោយ​ឡើយ »

'Then the Lord rained down sulfur and fire on Sodom and Gomorrah. It was sent down from the sky by the Lord. So he overthrew those cities and all that region, including all the inhabitants of the cities and the vegetation that grew from the ground. But Lotaas wife looked back longingly and was turned into a pillar of salt. (Genesis, Chapter 19, 24-26). Woodcut after a drawing by Julius Schnorr von Carolsfeld (German painter, 1794 - 1872) from my archive, published in 1877.'

ព្រះអម្ចាស់​តែងតែ​ខ្វល់ខ្វាយ​អំពី​ឥទ្ធិពល​អាក្រក់​ក្នុង​ជីវិត​របស់​យើង ។ សមាជិក​គ្រួសារ​របស់​ឡុត បាន​រង​ឥទ្ធិពល​អាក្រក់​ដែល​បាន​ឡោម​ព័ទ្ធ​ពួកគេ​នៅ​ក្នុងទីក្រុង​សូដុំម ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ចៀសវាង​ពី​ឥទ្ធិពល​អាក្រក់​ក្នុង​ជីវិត​របស់​ពួកគេ ដើម្បី​ឲ្យ​ពួកគេ​អាច​ធ្វើ​តាម​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​កាន់តែ​ពេញលេញ ។

ការរៀបចំ​ខ្លួន​របស់​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​ឥទ្ធិពល​ក្នុង​ជីវិត​របស់​ពួកគេ ឬ​ការល្បួង​ដែល​ពួកគេ​ប្រឈម​មុខ​ដែល​រារាំង​ពួកគេ​មិន​ឲ្យ​ធ្វើ​តាម​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​គិត​អំពី​មូលហេតុ​ដែល​ពួកគេ​ត្រូវ​ដក​ឧបសគ្គ​ទាំងនេះ​ចេញ​ពី​ជីវិត​របស់​ពួកគេ និង​របៀប​ដែល​ពួកគេ​អាច​ធ្វើ​កិច្ចការ​នោះ​បាន ។

សកម្មភាព​រៀនសូត្រ​ដែលអាច​មាន

ជម្រើស​តូចៗ​ដែល​មាន​ផលវិបាក​ធំ

អែលឌើរ ម៉ាស៊ីម៉ូ ឌី ហ្វីអូ នៃ​ពួកចិតសិប​នាក់​បាន​ចែកចាយ​សេចក្ដី​ពិត​ដ៏​សំខាន់​មួយ​អំពី​ឥទ្ធិពល​ដែល​ជម្រើស​របស់​យើង​អាច​មាន ៖

Official Portrait of Elder Massimo De Feo  Photographed March 2017.

ការសម្រេចចិត្ត​ដែល​យើង​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ ទោះជា​វា​តូច​ក្ដី ប៉ុន្តែ​វា​តែងតែ​មាន​ផល​ប៉ះពាល់​ពិត​ប្រាកដ និង​ផលវិបាក​ដ៏​ធំ​សម្រាប់​សេចក្ដី​ល្អ ឬ​​សេចក្ដី​អាក្រក់ ។ ( « Small Choices, Big Consequences » Ensign ខែ សីហា ឆ្នាំ ២០១៩ ទំព័រ ៣៤ )

  • តើ​គំរូ​មួយចំនួន​នៃ​ការជ្រើសរើស​តូចៗ​ដែល​យើង​ធ្វើ​ដែល​អាច​មាន​ផលវិបាក​ធំៗ​មាន​អ្វីខ្លះ ?

បើ​ចាំបាច់ សូម​ពិចារណា​ចែកចាយ​ឧទាហរណ៍​ពីរបី ដូចជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដែល​យើង​ប្រើ ប្រភេទ​មិត្តភក្ដិ​ដែល​យើង​ជ្រើសរើស ឬ​ការជ្រើសរើស​ដែល​យើង​ធ្វើ​ចំពោះ​ការសិក្សា​ព្រះគម្ពីរ ការចូលរួម​ព្រះវិហារ ឬ​ការអធិស្ឋាន ។ គំរូ​ផ្សេង​ទៀត​អាច​ទាក់ទង​កាន់តែច្រើន​ទៅនឹង​សិស្ស​របស់​អ្នក ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិភាក្សា​អំពី​របៀប​ដែល​ការជ្រើសរើស​ទាំងនេះ​អាច​មាន​ផលវិបាក​ដ៏​ធំ សម្រាប់​សេចក្ដី​ល្អ ឬ​អាក្រក់ ។

បន្ទាប់មក សូម​ចែកចាយ​ឃ្លា​ខាង​ក្រោម​នេះ​ដើម្បី​ជួយ​សិស្ស​ត្រៀម​ខ្លួន​ខាង​វិញ្ញាណ​សម្រាប់​មេរៀន​ថ្ងៃនេះ ។

សូម​គិត​អំពី​ការជ្រើសរើស​ដែល​អ្នក​កំពុងធ្វើ​នា​ពេល​បច្ចុប្បន្ន​ដែល​ជួយ​អ្នក​ឲ្យ​ធ្វើតាម​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​គិត​អំពី​ការជ្រើសរើស​ដែល​អាច​នាំ​អ្នក​ឲ្យ​ចាក​ចេញ​ពី​ទ្រង់​ទាំងទ្វេ​ផងដែរ ។ ពេល​អ្នក​សិក្សា​នៅថ្ងៃនេះ សូម​ផ្ដោត​ទៅ​លើ​ចំណាប់​អារម្មណ៍​ខាង​វិញ្ញាណ​ដែល​អ្នក​ទទួល​បាន​អំពី​របៀប​ដែល​អ្នក​អាច​ខិត​កាន់តែ​ជិត​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

ឡុត​បោះ​ត្រសាល​របស់​គាត់​ឆ្ពោះ​ទៅ​រក​ទីក្រុង សូដុំម

ព្រះគម្ពីរ​សញ្ញាចាស់​មាន​ដំណើររឿង​មួយ​អំពី​បុរស​ម្នាក់​ឈ្មោះ ឡុត ត្រូវ​ជា​ក្មួយប្រុស​របស់​អ័ប្រាហាំ ។ ឡុត និង​គ្រួសារ​របស់​គាត់​រស់នៅ​ទីក្រុង សូដុំម​ដែល​ត្រូវ​បាន​ស្គាល់​ថា មាន​ភាពទុច្ចរិត​ខ្លាំង​( សូម​មើល លោកុប្បត្តិ ១៣:១៣; ១៨:២០; អេសេគាល ១៦:៤៩–៥០; យូដាស ១:៧–៨ ) ។ វា​គឺជា​ការជ្រើសរើស​តូច​មួយ​ដែល​ហាក់​ដូច​ជា​បាន​នាំ​ឡុត និង​គ្រួសារ​របស់​គាត់​ឲ្យ​រស់​នៅក្នុង​ទីក្រុង​សូដុំម ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​ដឹង​អំពី​កាលៈទេសៈ​ដែល​នាំ​ឲ្យ​ឡុត រស់​នៅ​ក្នុង​ក្រុង សូដុំម ។ ការពន្យល់​ខាង​ក្រោម​នេះ​អាច​ត្រូវ​បាន​ប្រើ​តាម​ដែល​ចាំបាច់ ។

ក្រោយពី​អ័ប្រាហាំ ឡុត និង​ក្រុម​គ្រួសារ​របស់​ពួកគេ​បានផ្លាស់​លំនៅ​ពី​ស្រុក​អេស៊ីព្ទ ទៅ​ស្រុក​កាណាន នោះ​មាន​ការខ្វែង​គំនិត​គ្នា​រវាង​អ្នក​ចិញ្ចឹម​សត្វ​របស់​អ័ប្រាហាំ និង​អ្នក​ចិញ្ចឹម​សត្វ​របស់ ឡុត លើ​ដី​ចិញ្ចឹម​សត្វ​របស់​ពួកគេ ។ ដើម្បី​ជួយ​បញ្ចៀស​ការឈ្លោះ​ប្រកែក​គ្នា​ថែម​ទៀត អ័ប្រាហាំ និង ឡុត បាន​បំបែក​ក្រុមគ្រួសារ​របស់​ពួកគេ ហើយ​បានសម្រេចចិត្ត​រក​ទីកន្លែង​រស់នៅ​រៀងៗខ្លួន​( សូមមើល លោកុប្បត្តិ ១៣:៨–៩ ) ។

ជាជាង​អាន​ខគម្ពីរ​ខាងក្រោម​រួមគ្នា សិស្ស​អាច​អាន​វា​ជាមួយ​ដៃគូ ។ ដៃគូ​អាច​អាន​ខគម្ពីរ​ទាំងនេះ ហើយ​គូរ​រូបភាព​ដែល​បង្ហាញ​ពី​សកម្មភាព​របស់​ឡុត និង​អ័ប្រាហាំ ។

សូមអាន លោកុប្បត្តិ ១៣:១០–១៣, ១៨ ដោយ​រកមើល​ទីកន្លែង​ដែល​គ្រួសារ​នីមួយៗ​សម្រេច​ចិត្ត​រស់នៅ ។ ( នៅក្នុង​ខគម្ពីរ​ទាំងនេះ អាប់រ៉ាម សំដៅ​ទៅ​លើ​អ័ប្រាហាំ ។ ក្រោយមក ព្រះ​អម្ចាស់​បាន​ប្ដូរ​ឈ្មោះ​របស់​លោក​ទៅ​ជា​អ័ប្រាហាំ ដូច​ដែល​បាន​កត់​ត្រា​នៅក្នុង លោកុប្បត្ដិ ១៧:៥ ) ។

  • តើ​អ្នក​បានសង្កេតឃើញ​ភាពខុសគ្នា​អ្វីខ្លះ​រវាង​ការសម្រេច​ចិត្ត​របស់​គ្រួសារ​នីមួយៗ ?

  • តើ​ការសម្រេចចិត្ត​អ្វីខ្លះ​ដែល​មនុស្ស​ម្នាក់​អាច​ធ្វើ​នៅ​សព្វថ្ងៃ​នេះ ដែល​វា​អាច​ស្រដៀង​គ្នា​ទៅ​នឹង ឡុត បាន​បោះ​ត្រសាល​របស់​គាត់​ទៅ​រក​ទីក្រុង សូដុំម ? តើ​អ្នក​អាច​ផ្ដល់​ដំបូន្មាន​អ្វីខ្លះ​នៅក្នុង​ស្ថានភាព​ទាំងនេះ ?

ប្រសិន​បើ​សិស្ស​ពិបាក​គិត​អំពី​ការសម្រេចចិត្ត​សម័យ​ទំនើប​ដែល​ស្រដៀង​គ្នា​ទៅ​នឹង​ឡុត កំពុង​បោះ​ត្រសាល​របស់​គាត់​ទៅរក​ទីក្រុង​សូដុំម នោះ​អ្នក​អាច​ចែកចាយ​ឧទាហរណ៍​មួយ​ចំនួន បន្ទាប់​មក​អនុញ្ញាត​ឲ្យ​សិស្ស​ផ្តល់​ដំបូន្មាន​សម្រាប់​ស្ថានភាព​ទាំងនេះ ។ ឧទាហរណ៍​អាច​រួម​បញ្ចូល​ការប្រើ​ភាសា​មិន​ស្អាតស្អំ ការជ្រើសរើស​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដែល​មាន​មាតិកា​មិន​សមរម្យ ការបន្ទាប​បទដ្ឋាន​នៃ​ការស្លៀកពាក់ ឬ​ភាពថ្លៃថ្នូរ​ដើម្បី​ចូល​ចំណោម ឬ​ចំណាយ​ពេល​ជាមួយ​មិត្តភក្តិ​ដែល​មិន​គោរព​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ ។

ការបំផ្លាញ​ទីក្រុង​សូដុំម និង​កូម៉ូរ៉ា

ឡុត និង​គ្រួសារ​របស់​គាត់​មិន​បាន​បន្ត​រស់នៅ​ក្នុង​ត្រសាល​ដែល​ពួកគេ​បាន​បោះ​ឆ្ពោះ​ទៅ​ទីក្រុង​សូដុំម​នោះ​ទេ ។ នៅ​ទីបំផុត ពួកគេ​បាន​ផ្លាស់ ហើយ « នៅ ក្រុង​សូដុំម » ( លោកុប្បត្តិ ១៤:១២ បាន​បន្ថែម​ការគូស​បញ្ជាក់ ) ។

សិស្ស​អាចធ្វើ​សេចក្ដី​យោង​បទគម្ពីរ លោកុប្បត្តិ ១៤:១២ ជាមួយ​នឹង លោកុប្បត្ដិ ១៣:១២ នៅ​ក្នុង​គម្ពីរ​របស់​ពួកគេ ។ ប្រសិនបើ​សិស្ស​បាន​បង្កើត​គំនូរ​មួយ​នៅ​ដើម​មេរៀន អ្នក​ក៏​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​បច្ចុប្បន្នភាព​គំនូរ​របស់​ពួកគេ​ដើម្បី​ឆ្លុះបញ្ចាំង​ពី​ទីតាំង​ថ្មី​របស់​ឡុត​ផងដែរ ។

ពួក​អ្នកស្រុក​សូដុំម និង​ក្រុង​កូម៉ូរ៉ា​ដែល​នៅ​ជិត​នោះ​បាន​បដិសេធ​ព្យាការី​ដែល​ព្រះអម្ចាស់​បាន​ចាត់​ឲ្យ​មក​ព្រមាន​ពួកគេ ( សូមមើល Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ២០៣ ) ។ ដោយ​សេចក្តីមេត្តា​ករុណា​របស់​ទ្រង់ ព្រះអម្ចាស់​បាន​ចាត់​សារទូត​ទៅ​ទីក្រុង​សូដុំម​ដើម្បី​ព្រមាន​ឡុត និង​គ្រួសារ​របស់​គាត់​ឲ្យ​ចាកចេញ​មុន​ពេល​ទីក្រុង​នោះ​ត្រូវ​បាន​បំផ្លាញចោល ( សូមមើល លោកុប្បត្តិ ១៩:១២–១៣ ) ។ ពីព្រោះ​ប្រជាជន​នោះ​បាន​បដិសេធ​ពួក​ព្យាការី ហើយ​បាន​បន្ត​ក្នុង​សេចក្ដី​ទុច្ចរិត ពួកគេ​ត្រូវ​បាន​បំផ្លាញ​ចោល ។

សូមអាន លោកុប្បត្តិ ១៩:១៤–១៩, ២៤–២៦ ដោយ​រកមើល​របៀប​ដែល​ឡុត និង​គ្រួសារ​របស់​គាត់​បាន​ឆ្លើយតប​ទៅ​នឹង​ការណែនាំ​ឲ្យ​ចាកចេញ​ពី​ទីក្រុង​នោះ​ឲ្យ​បាន​ឆាប់​រហ័ស ។

  • តើ​អ្នក​ចាប់​អារម្មណ៍​អ្វីខ្លះ​នៅក្នុង​ខគម្ពីរ​ទាំង​នេះ ? ហេតុអ្វី ?

  • តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​អ្នក​អ្វីខ្លះ​អំពី​ព្រះអម្ចាស់ ?

អ្នក​ក៏​គួរ​សួរ​សិស្ស​ពី​អ្វី​ដែល​ពួកគេ​កំពុង​រៀន ដែល​អាច​ជួយ​មនុស្ស​ម្នាក់​ដែល​មាន​អារម្មណ៍​ថា​វា​មិន​អីទេ​ដើម្បី​ចូលរួម​ក្នុង​ទង្វើ​ទុច្ចរិត​ដ៏​តូច​មួយ​នោះ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​មូលហេតុ​ដែល​ភរិយា​របស់​ឡុត​បាន​ប្រែ​ក្លាយ​ជា « បង្គោល​អំបិល » ( ខទី ២៦ ) វា​អាច​ជួយ​ពន្យល់​ថា ភរិយា​របស់​ឡុត​ប្រហែល​ជា​មិន​គ្រាន់​តែ​ក្រឡេក​មើល​ក្រោយ​ប៉ុណ្ណោះ​ទេ តែ​ប្រហែល​ជា​បាន​ត្រឡប់​ទៅ​ទីក្រុង សូដុំម​វិញ ( សូមមើល លូកា ១៧:២៨–៣២ ) ។ អ្នក​ក៏​អាច​ចែកចាយ​សេចក្តី​ថ្លែងការណ៍​ដូច​ខាង​ក្រោម​ដោយ​ប្រធាន ជែហ្វ្រី អ័រ ហូឡិន ផង​ដែរ ។

ប្រធាន ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ចែកចាយ​ហេតុផល​ដែល​អាច​មាន ដែល​ភរិយា​របស់​ឡុត​បាន​ប្រែ​ទៅជា « បង្គោល​អំបិល » ( ខទី ២៦ ) ៖

Official Portrait of Elder Jeffrey R. Holland.  Photographed January 2018.

តាមមើល​ទៅ អ្វី​ដែល​ភរិយា​របស់ ឡុត បានធ្វើខុស​គឺថា នាង​មិនគ្រាន់តែ គិតចង់ ត្រឡប់​ក្រោយ​វិញនោះទេ គឺ​នាង​មាន​បំណងប្រាថ្នា​ចង់ ត្រឡប់ ទៅវិញ​តែម្តង ។ …

វា​អាច​ទៅរួច​ដែល​ថា​ភរិយា​របស់​ឡុត ងាក​ត្រឡប់​មើល​ក្រោយ​ដោយ​ការអាក់អន់​ចិត្ត​នឹង​ព្រះអម្ចាស់​ចំពោះអ្វី​ដែល​ទ្រង់​បានបង្គាប់​ឲ្យ​នាង​បោះបង់​ចោល​នោះ ។ ( « Remember Lot’s Wife » [ ការ​ប្រជុំ​ធម្មនិដ្ឋាន​នៅ​សាកលវិទ្យាល័យ​ព្រិកហាំ​យ៉ង់​នៅថ្ងៃ​ទី ១៣ ខែ មករា ឆ្នាំ ២០០៩ ] ទំព័រ ២ នៅលើ​គេហទំព័រ speeches.byu.edu )

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ពិភាក្សា​សំណួរ​ខាងក្រោម​ជាមួយ​ដៃគូ ឬ​ក្រុម​តូច​មួយ មុន​ពេល​ពួកគេ​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ។

  • តើ​សេចក្ដីពិត​មួយ​ចំនួន​អ្វីខ្លះ​ដែល​អ្នក​រៀន​មកពី​ដំណើរ​រឿង​របស់​ឡុត និង​គ្រួសារ​របស់​គាត់ ដែល​អាច​អនុវត្ត​ចំពោះ​ស្ថានភាព​ដែល​អ្នក​ប្រឈម​មុខ​ក្នុង​ជីវិត​របស់​អ្នក ?

    ដោយ​ប្រើ​ពាក្យ​សម្តី​ផ្ទាល់​ខ្លួន សិស្ស​អាច​ស្វែងរក​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖

    ការអនុញ្ញាត​ឲ្យ​ឥទ្ធិពល​អាក្រក់​ចូលក្នុង​ជីវិត​របស់​យើង—សូម្បី​តែ​តូច​ក្ដី—ក៏វា​អាច​នាំ​យើង​ចេញពី​ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​ដែរ ។

    ក្នុង​នាម​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ យើង​គួរតែ​គេច​ចេញពី​អំពើទុច្ចរិត ហើយ​កុំ​បែរ​មើល​ក្រោយ​ឡើយ ។

    ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់ និង​ទទួល​អារម្មណ៍​ពី​សារៈសំខាន់​នៃ​សេចក្តីពិត​ទាំងនេះ សូម​ពិចារណា​ពិភាក្សា​សំណួរ​ដូច​ខាងក្រោម ។

  • តើ​អ្វី​អាច​ជួយ​អ្នក​ឲ្យ​ស្គាល់​ពី​ឥទ្ធិពល​តូចតាច ដែល​នឹង​នាំ​អ្នក​ចេញ​ឆ្ងាយ​ពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ?

  • តើ​ព្រះអង្គ​សង្គ្រោះ​អាច​ជួយ​យើង​ឲ្យ​ទុក​ចោល​កំហុស​អតីតកាល​របស់​យើង ហើយ​ឈាន​ទៅ​មុខ​ដោយ​សេចក្ដី​ជំនឿ​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​បទពិសោធន៍​ដែល​ពួកគេ​មាន​ដែល​ទាក់ទង​នឹង​សេចក្ដី​ពិត​ដែល​អ្នក​កំពុង​ពិភាក្សា ។ អ្នក​ក៏​អាច​ចែកចាយ​អំពី​បទពិសោធន៍​របស់​អ្នក​ផ្ទាល់​ផងដែរ ។

អនុវត្ត​វា​នៅ​ក្នុង​ជីវិត​របស់អ្នក

ដើម្បី​ជួយ​សិស្ស​អនុវត្ត​សេចក្ដីពិត​ដែល​ពួកគេ​បានសិក្សា សូមដាក់​បង្ហាញ​នូវ​ការណែនាំ និង​សំណួរ​ដូច​ខាងក្រោម​នេះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​ការបំផុស​គំនិត​ពី​ព្រះ​ដើម្បី​ទទួល​ស្គាល់​ការផ្លាស់ប្ដូរ​ដែល​ទ្រង់​ចង់​ឲ្យ​ពួកគេ​ធ្វើ ។

សូម​គិត​ពី​សកម្មភាព​ដែល​អ្នក​បាន​ទទួល​ការបំផុស​គំនិត​ឲ្យ​ធ្វើ ដោយសារ​តែអ្វី​ដែល​អ្នក​បានសិក្សា​នៅថ្ងៃ​នេះ ។ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក សូម​សរសេរ​ផែនការ​មួយ​សម្រាប់​អ្វី​ដែល​អ្នក​នឹង​ធ្វើ និង​ពេល​ណា​ដែល​អ្នក​នឹង​ធ្វើ​វា ។ បើចាំបាច់ សំណួរ​ខាង​ក្រោម​អាច​ជួយ​អ្នក​បង្កើត​ផែនការ​មួយ ៖

  • តើ​អ្វីខ្លះ​ទៅ​ដែល​ទំនង​ជា​ការ​សម្រេចចិត្ត​តូចតាច​ដែល​អ្នក​កំពុង​ធ្វើ​នា​ពេល​បច្ចុប្បន្ន​នេះ ដែល​នៅទីបំផុត​អាច​នាំ​អ្នក​ចេញ​ពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ? តើ​អ្នក​នឹង​ធ្វើ​ការផ្លាស់ប្ដូរ​អ្វី​ខ្លះ ?

  • តើ​អ្នក​នឹង​ធ្វើ​អ្វីខ្លះ​ដើម្បី​ទុក​កំហុស​ពី​អតីតកាល​ចោល ហើយ​ឈាន​ទៅ​មុខ​ដោយ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ?

សូម​ពិចារណា​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​ដែលអ្នក​បាន​សិក្សា​នៅថ្ងៃនេះ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ធ្វើ​សកម្មភាព​តាម​ផែនការ​របស់​ពួកគេ ។