ថ្នាក់​សិក្ខាសាលា
លោកុប្បត្ដិ ២២ ៖ និមិត្តរូប​អំពី​ព្រះយេស៊ូវ​គ្រីស្ទ


« លោកុប្បត្ដិ ២២ ៖ និមិត្តរូប​អំពី​ព្រះយេស៊ូវ​គ្រីស្ទ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៦ )

« លោកុប្បត្ដិ ២២ ៖ និមិត្តរូប​អំពី​ព្រះយេស៊ូវ​គ្រីស្ទ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

លោកុប្បត្តិ ១៨–២៣ ៖ មេរៀន​ទី ២៧

លោកុប្បត្តិ ២២

និមិត្តរូប​អំពី​ព្រះយេស៊ូវ​គ្រីស្ទ

Abraham and Isaac. Abraham looking toward the heavens with a knife in his hand.  Isaac laying on the alter.  The Gospel in the Old Testament (Religious Tract Society, 1908).

ចិត្តគំនិត​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​យើង​ប្រហែល​ជា​មិន​អាច​យល់​បាន​ពេញលេញ​នូវ​ព្រះបញ្ញត្តិ​ដ៏​គួរ​ឲ្យ​សោកសៅ​ដែល​ព្រះ​បាន​ប្រទាន​ដល់​អ័ប្រាហាំ ឲ្យ​បូជា​កូន​ប្រុស​របស់​លោក​គឺ​អ៊ីសាក​ឡើយ ។ យ៉ាកុប​ដែល​ជា​ព្យាការី​សាសន៍​នីហ្វៃ​បាន​បង្កើន​ការយល់ដឹង​របស់​យើង​អំពី​និមិត្ត​សញ្ញា​ដ៏​មាន​ឥទ្ធិពល​នៃ​បទបញ្ញត្តិ​នេះ នៅពេល​លោក​បាន​បង្រៀន​ថា ការបូជា​នោះ​គឺជា « និមិត្តរូប​អំពី​ព្រះ និង​ព្រះរាជ​បុត្រា​បង្កើត​តែមួយ​របស់​ទ្រង់ » ( យ៉ាកុប ៤:៥ ) ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​ទទួល​សេចក្ដីស្រឡាញ់​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​មាន​ចំពោះ​ពួកគេ ។

ការរៀបចំ​ខ្លួន​របស់​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​បទគម្ពីរ​មួយ​ដែល​ពួកគេ​រកឃើញ​ដែល​បាន​ជួយ​ពួកគេ​ឲ្យ​ស្គាល់​សេចក្ដី​ស្រឡាញ់​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​មាន​ចំពោះ​យើង ។ សូម​ឲ្យ​ពួក​គេ​ត្រៀម​ខ្លួន​ចែកចាយ​វា​នៅក្នុង​ថ្នាក់​រៀន ។

សកម្មភាព​រៀនសូត្រ​ដែលអាច​មាន

សេចក្តី​ស្រឡាញ់​របស់ព្រះ

សូម​ពិចារណា​ចាប់ផ្តើម​មេរៀន​នេះ​ដោយ​ចែកចាយ​សេចក្តីថ្លែង​ការណ៍​ខាងក្រោម​នេះ ។

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែល​កាល​នោះ​ជាសមាជិក​ម្នាក់​នៅក្នុង​គណៈប្រធាន​ទីមួយ​បានពិពណ៌នា​អំពី​សេចក្ដី​ស្រឡាញ់​ដែល​ព្រះវរបិតា​សួគ៌មាន​ចំពោះ​បុត្រាបុត្រី​របស់​ទ្រង់ ៖

19:44
Official portrait of Elder Dieter F. Uchtdorf of the Quorum of the Twelve Apostles, 2006.Called as Second Counselor in the First Presidency, 3 February 2008.Made official portrait in 2008 replacing portrait taken in 2004.

សូម​គិត​ពី​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​បំផុត​ដែល​អ្នក​អាច​ស្រមៃឃើញ ។ ឥឡូវ​នេះ សូម​គុណ​សេចក្ដីស្រឡាញ់​នោះ​នឹង​ចំនួន​អនន្ត—នោះ​គឺជា​រង្វាស់​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​អ្នក ។

ព្រះ​មិន​បាន​ទតមើល​តែ​សំបកក្រៅ​នោះ​ទេ ។ ខ្ញុំ​ជឿជាក់​​ថា ទ្រង់​មិន​ខ្វល់​ឡើយ ទោះជា​យើង​រស់នៅ​ក្នុង​វិមាន ឬ​ខ្ទម ទោះជា​យើង​មាន​រូបរាង​សង្ហា ឬ​មិន​ស្រស់ស្អាត ទោះបី​ជា​យើង​ជា​មនុស្ស​ល្បីឈ្មោះ ឬ​គ្មាន​កេរ្តិ៍ឈ្មោះ​ក្ដី ។ ទោះ​ជា​យើង​គ្មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ក្ដី ក៏​ព្រះ​ស្រឡាញ់​យើង​អស់​ពី​ព្រះទ័យ​ទ្រង់​ដែរ ។ ទោះ​ជា​យើង​មិន​បាន​ល្អ​ឥតខ្ចោះ ក៏​ព្រះ​ស្រឡាញ់​យើង​យ៉ាង​ល្អ​ឥតខ្ចោះ​ដែរ ។ ទោះជា​យើង​មាន​អារម្មណ៍​ថា​វង្វេង​ផ្លូវ ហើយ​គ្មាន​ត្រីវិស័យ​នាំ​ផ្លូវ​ក្ដី ក៏​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ឱបក្រសោប​យើង​ទាំងស្រុង​ដែរ ។ ( « The Love of God » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ២២ )

  • បន្ថែម​ពីលើ​ពាក្យ​ដែល​ប្រធាន អុជដូហ្វ បាន​ប្រើ តើមាន​ពាក្យ ឬ​ឃ្លា​ណាខ្លះ​ផ្សេងទៀត​ដែល​អ្នក​អាចប្រើ​ដើម្បី​ពិពណ៌នា​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះចំពោះ​យើង ?

ដើម្បី​ជួយ​សិស្ស​ធ្វើ​ឲ្យ​មេរៀន​សមស្រប​ទៅនឹង​ជីវិត​របស់​ពួកគេ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ពិចារណា​ថា​តើ​ពួកគេ​មាន​អារម្មណ៍ ឬ​ទទួល​ស្គាល់​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ដែល​មាន​ចំពោះ​ពួកគេ​ញឹកញាប់​ប៉ុនណា ។ អ្នក​ក៏​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ពិចារណា​អំពី​សំណួរ​ដែល​ពួកគេ​មាន​នាពេល​បច្ចុប្បន្ន​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតា​សួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ​ផង​ដែរ ។

សូម​លើក​ទឹកចិត្ត​សិស្ស​នៅពេល​ពួកគេ​សិក្សា​នៅថ្ងៃ​នេះ ឲ្យយក​ចិត្ត​ទុកដាក់​ទៅលើ​ចំណាប់​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​អាច​ជួយ​ពួកគេ​ឲ្យ​ទទួល​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

ការបើកសម្ដែង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ

ព្រះគម្ពីរ​មាន​ការបង្រៀន​ជាច្រើន​ដែល​រៀបរាប់​អំពី​សេចក្ដី​ស្រឡាញ់​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​មាន​ចំពោះ​យើង ។ គំរូ​មួយ​គឺ​នៅក្នុង យ៉ូហាន ៣:១៦ ។

សូម​អាន យ៉ូហាន ៣:១៦ ដោយ​រកមើល​ការបើកបង្ហាញ​ដ៏​អស្ចារ្យ​បំផុត​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌ ។

តើ​អ្នក​នឹង​សង្ខេប​អ្វី​ដែល​អ្នក​បានរកឃើញ​ដោយ​របៀបណា ?

សិស្ស​អាច​ចែកចាយ​អ្វី​មួយ​ដូច​ជា ព្រះវរបិតាសួគ៌​បានបង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​យើង​តាមរយៈ​ការលះបង់​ព្រះរាជបុត្រា​របស់​ទ្រង់​គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។

  • តើ​ពលិកម្ម​ធួន​របស់​ព្រះអង្គ​សង្គ្រោះ​បង្ហាញ​ពី​សេចក្ដីស្រឡាញ់​ដែល​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​មាន​ចំពោះ​យើង​យ៉ាង​ដូចម្ដេច ?

អ័ប្រាហាំ​ត្រូវ​បាន​បង្គាប់​ឲ្យ​បូជា​កូន​ប្រុស​របស់​លោក

សូម​ពន្យល់​ថា នៅ​ថ្ងៃ​នេះ​សិស្ស​នឹង​សិក្សា​អំពី​ដំណើរ​រឿង​មួយ​ដែល​អាច​បង្រៀន​យើង​អំពី​សេចក្ដី​ស្រឡាញ់​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​បានបង្ហាញ​តាមរយៈ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ។

សូម​ពិចារណា​បង្ហាញ​រូបភាព​ខាងក្រោម​នេះ ។

The Old Testament prophet standing beside an altar.  Abraham's son Isaac is strapped to the altar.  Abraham is holding a dagger in the air as he prepares to sacrifice Isaac. An angel is appearing before Abraham and commanding him to not sacrifice his son.
  • តើ​អ្នក​ដឹង​អ្វីខ្លះ​អំពី​បទពិសោធន៍​នេះ​ក្នុង​ជីវិត​របស់​អ័ប្រាហាំ និង​អ៊ីសាក ?

បន្ទាប់ពី​សិស្ស​ចែកចាយ​ចម្លើយ​របស់​ពួកគេ សូម​ពន្យល់​ដូចខាង​ក្រោម​នេះ ។

ដំណើររឿង​របស់​អ័ប្រាហាំ និង​អ៊ីសាក​អាច​បង្រៀន​យើង​អំពី​សេចក្ដី​ស្រឡាញ់​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្ហាញ​ចំពោះ​យើង​តាមរយៈ​ពលិកម្ម​ធួន​របស់​ព្រះអង្គ​សង្គ្រោះ ។

សូម​អាន យ៉ាកុប ៤:៥ ដោយ​រកមើល​អ្វី​ដែល​យ៉ាកុប​បានបង្រៀន​អំពី​ដំណើររឿង​នេះ ។

  • តើ​អ្នក​បាន​រកឃើញ​អ្វីខ្លះ ?

នៅពេល​សិស្ស​សិក្សា​អំពី​ដំណើររឿង​របស់​អ័ប្រាហាំ និង​អ៊ីសាក នៅក្នុង លោកុប្បត្ដិ ២២ សូម​អញ្ជើញ​ពួកគេ​ឲ្យ​យក​ចិត្ត​ទុកដាក់​ទៅលើ​អ្វី​ដែល​ដំណើររឿង​នេះ​អាច​បង្រៀន​ពួកគេ​ជា​និមិត្តរូប​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

ដើម្បី​ឲ្យ​សិស្ស​រៀបចំខ្លួន​បែបនេះ សូម​ពិចារណា​បង្កើត​ជា​ជួរ​ឈរ​ពីរ​នៅ​លើ​ក្ដារខៀន ។ ចំណងជើង​ជួរឈរ​ទីមួយ អ័ប្រាហាំ និង​អ៊ីសាក និង​ជួរឈរ​មួយទៀត ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ អ្នក​ក៏​អាច​អញ្ជើញ​សិស្ស​ឲ្យ​បង្កើត​តារាង​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ​ផងដែរ ។

សិស្ស​អាច​បំពេញ​សកម្មភាព​សិក្សា​ខាងក្រោម​ដោយ​ខ្លួនឯង ឬ​ជាមួយ​ដៃ​គូ ។ សូម​ពិចារណា​ចែកចាយ​ឧទាហរណ៍​មួយ​ពី​តារាង​ដែល​បានបំពេញ ( ដែល​មាន​នៅពេល​ក្រោយ​ក្នុង​មេរៀន​នេះ ) មុន​ពេល​សិស្ស​ចាប់ផ្ដើម​ការសិក្សា​របស់​ពួកគេ ។

សូនអាន​ប្រកបដោយ​ការអធិស្ឋាន លោកុប្បត្តិ ២២ ៖ ១–១៤ ដោយ​រកមើល​ភាពស្រដៀង​គ្នា​ទៅ​នឹង​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ គូសចំណាំ​នូវ​ឃ្លា​បទគម្ពីរ​ដែល​មាន​អត្ថន័យ ។ សូម​កត់ត្រា​គំនិត​របស់​អ្នក​អំពី​អ្វី​ដែល​ឃ្លា​ទាំងនេះ​បង្រៀន​អ្នក​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

តារាង​ខាងក្រោម​នេះ​មាន​ឧទាហរណ៍​ពី​ការយល់ដឹង​ដែល​សិស្ស​អាច​រកឃើញ​ខណៈ​ដែល​ពួកគេ​សិក្សា​ដំណើររឿង​នេះ ។ តាម​តម្រូវការ អ្នក​អាច​ប្រើ​គំរូ​ទាំងនេះ​ដើម្បី​ជួយ​សិស្ស​ក្នុង​ការសិក្សា​របស់​ពួកគេ ។ ឧទាហរណ៍ អ្នក​អាច​ចែកចាយ​ការយល់ដឹង​អំពី​ស្រុក​ម៉ូរីយ៉ា ( សូមមើល លោកុប្បត្តិ ២២ ៖ ២ ) មុន ឬ​ក្រោយពេល​សិស្ស​សិក្សា ។

អ័ប្រាហាំ និង អ៊ីសាក

ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ

លោកុប្បត្តិ ២២ ៖ ២, ១២——« កូន​ឯង​តែ ១ »

ព្រះយេស៊ូវ​គ្រីស្ទ គឺជា​ព្រះ​រាជ​បុត្រា​ទ្រង់​តែ ១ របស់​ព្រះ​វរបិតាសួគ៌ ( សូមមើល យ៉ូហាន ៣:១៦ ) ។

លោកុប្បត្តិ ២២ ៖ ២—« ស្រុក​ម៉ូរីយ៉ា »

« តាម​ប្រពៃណី​ទីកន្លែង​នេះ​ត្រូវ​គេ​ស្គាល់​ថា​ជា​កន្លែង​ដែល អ័ប្រាហាំ​បូជា​អ៊ីសាក​គឺ … នៅក្នុង​តំបន់​ដូចគ្នា​ដែល​ព្រះវរបិតា​នឹង​ធ្វើ​យញ្ញបូជា​នៃ​ព្រះរាជបុត្រា​របស់​ទ្រង់ » ( Old Testament Student Manual កំណែទី ៣ [ ឆ្នាំ ២០០៣ ] ទំព័រ ៧៧ ) ។

លោកុប្បត្តិ ២២:២—« ដង្វាយ​ដុត »

ដង្វាយ​ដុត​គឺ​ជា​ទម្រង់​នៃ​ការបូជា​សត្វ ។ ការបូជា​សត្វ​គឺជា​និមិត្តរូប​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ( សូមមើល ម៉ូសេ ៥:៤–៧ ) ។

លោកុប្បត្តិ ២២:៦—« យក​ឧស​ដែល​សម្រាប់​ដង្វាយ​ដុត​ដាក់​ឲ្យ​អ៊ីសាក​ជា​កូន​លី »

ព្រះគ្រីស្ទ​បាន​លី​ឈើឆ្កាង​របស់​ទ្រង់ ( សូម​មើល យ៉ូហាន ១៩:១៦–១៨ ) ។

លោកុប្បត្តិ ២២:៧–៨—« កូន​ចៀម​ដែល​សម្រាប់​ជា​ដង្វាយ​ដុត នោះ​ព្រះ​ទ្រង់​នឹង​ផ្គត់ផ្គង់​ឲ្យ »

ព្រះវរបិតាសួគ៌​បានចាត់​ព្រះបុត្រា​របស់​ទ្រង់ ជាកូន​ចៀម​នៃ​ព្រះ ជា​ពលិកម្ម​ធួន ( សូមមើល យ៉ូហាន ១:២៩ ) ។

លោកុប្បត្តិ ២២:៩—« ចង​អ៊ីសាក​ជា​កូន​ដាក់​លើ​ឧស នៅ​លើ​អាសនា »

ព្រះគ្រីស្ទ​ត្រូវ​បាន​គេ​ដំ​ដែកគោល​ភ្ជាប់​នឹង​ឈើឆ្កាង ( សូមមើល នីហ្វៃទី១ ១១:៣៣ ) ។

បន្ទាប់ពី​សិស្ស​មាន​ពេល​សិក្សា​ហើយ សូម​ទុក​ឱកាស​ឲ្យ​ពួកគេ​ចែកចាយ​នូវ​អ្វី​ដែល​ព្រះវិញ្ញាណ​បាន​បង្រៀន​ពួកគេ នៅ​ពេល​ពួកគេ​សិក្សា​ខគម្ពីរ​ទាំង​នេះ ។ អ្នក​អាច​សួរ​សំណួរ​ដូចខាងក្រោម ជា​ផ្នែក​មួយ​នៃ​ការពិភាក្សា​នេះ ។

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​ដំណើរ​រឿង​អំពី​អ័ប្រាហាំ និង​អ៊ីសាក ?

  • តើ​និមិត្តសញ្ញា​មួយចំនួន​អ្វីខ្លះ​អំពី​ព្រះ​វរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​មាន​អត្ថន័យ​បំផុត​ចំពោះ​អ្នក ? ហេតុអ្វី ?

សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​ខ្ញុំ

សូម​ទុក​ឱកាស​ឲ្យ​សិស្ស​ជញ្ជឹងគិត​ពី​សេចក្ដី​ស្រឡាញ់​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​មាន​ចំពោះ​ពួកគេ ។ ដើម្បី​រៀបចំ​ឲ្យ​ពួកគេ​ជញ្ជឹងគិត អ្នក​អាច​ច្រៀង ឬ​ស្តាប់​ទំនុក​តម្កើង​មួយ​ដែល​ផ្តោត​ទៅ​លើ​សេចក្ដី​ស្រឡាញ់​នោះ ដូច​ជា​« ព្រះ​ស្នេហ៍​យើង​ទើប​ចាត់​បុត្រា​ទ្រង់ »​( ទំនុកតម្កើង ល.រ ១១១) ។

អ្នក​ក៏​អាច​ឲ្យ​សិស្ស​យោង​ទៅ​សេចក្ដី​ថ្លែង​ការណ៍​មកពី​ប្រធាន ដាល្លិន អេក អូក​នៅ​ក្នុង​ធនធាន​បន្ថែម​ទាំងឡាយ​ផងដែរ ។

  • តើ​ការ​ចងចាំ​សេចក្ដី​ស្រឡាញ់​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​មាន​ចំពោះ​អ្នក​អាច​ជះ​ឥទ្ធិពល​លើ​ជីវិត​របស់​អ្នក​យ៉ាងដូចម្ដេច ?

  • តើអ្វីខ្លះ​ដែល​បានជួយ ឬ​អាចជួយ​អ្នក​ឲ្យ​ទទួល​អារម្មណ៍​នូវ​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ?

សូម​បញ្ចប់​មេរៀននេះ​ដោយ​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន និង​អារម្មណ៍​ដែល​ពួកគេ​មាន​នៅ​ថ្ងៃ​នេះ​អំពី​សេចក្ដី​ស្រឡាញ់​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​មាន​ចំពោះ​ពួកគេ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​កត់ត្រា​គំនិត និង​ចំណាប់​អារម្មណ៍​ខាង​វិញ្ញាណ​របស់​ពួកគេ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។ សូម​ពិចារណា​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​សេចក្ដី​ស្រឡាញ់​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​មាន​ចំពោះ​យើង​ម្នាក់ៗ ។ សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ស្វែងរក​បទពិសោធន៍​ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​ទទួល​អារម្មណ៍​នូវ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​ពួកគេ​យ៉ាង​ខ្ជាប់ខ្ជួន ។