ថ្នាក់​សិក្ខាសាលា
បុព្វកថា​នៃ​សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់ សម្រាប់​គ្រូ​បង្រៀន​ថ្នាក់​សិក្ខាសាលា


« បុព្វកថា​នៃ​សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់ សម្រាប់​គ្រូ​បង្រៀន​ថ្នាក់​សិក្ខាសាលា » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« បុព្វកថា​នៃ​សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់ សម្រាប់​គ្រូ​បង្រៀន​ថ្នាក់​សិក្ខាសាលា » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

បុព្វកថា​នៃ​សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់ សម្រាប់​គ្រូ​បង្រៀន​ថ្នាក់​សិក្ខាសាលា

A woman teacher standing in front of a group of youth during a Sunday School class in Ghana.

គោលបំណង​នៃ​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​សាសនា​គឺ « ដើម្បី​ជួយ​យុវវ័យ និង​យុវមជ្ឈិមវ័យ​ឲ្យ​មាន​ការ​ប្រែចិត្តជឿ​កាន់​តែ​ខ្លាំង​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ទ្រង់ ហើយ​មាន​ភាពស័ក្តិសម​ដើម្បី​ទទួល​ពរជ័យ​ទាំងឡាយ​នៃ​ព្រះវិហារ​បរិសុទ្ធ ហើយ​រៀបចំ​ខ្លួន រៀបចំ​ក្រុមគ្រួសារ និង​អ្នក​ដទៃទៀត​សម្រាប់​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច ជាមួយ​នឹង​ព្រះវរបិតា​របស់​ពួកគេ​ដែល​គង់នៅ​ស្ថានសួគ៌ » ( « គោលបំណង​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​សាសនា » [ ឆ្នាំ២០២២ ] បណ្ណាល័យ​ដំណឹង​ល្អ ) ។

ដើម្បី​ជួយ​សម្រេច​គោលបំណង​នេះ សៀវភៅ​សិក្សា​នេះ​ផ្តល់​ឲ្យ​សិស្ស​នូវ​បទពិសោធន៍​នៃ​ការរៀនសូត្រ​ជាច្រើន​តាមរយៈ​មេរៀន​ពីរ​ប្រភេទ​ផ្សេងគ្នា ៖ មេរៀន​ព្រះគម្ពីរ​សញ្ញាចាស់ និង​មេរៀន​នៃ​ការរៀបចំ​ជីវិត ។ មេរៀន​ព្រះគម្ពីរ​សញ្ញាចាស់​ដែល​ត្រូវ​គ្នា​នឹង​បណ្តុំ​បទគម្ពីរ​បាន​គូស​បញ្ជាក់​ជា​រៀងរាល់​សប្តាហ៍​នៅក្នុង ចូរមក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ។ មេរៀន​នៃ​ការរៀបចំ​ជីវិត​ជួយ​សិស្ស​ឲ្យ​រៀន​ទាញយក​កម្លាំង​មកពី​ព្រះយេស៊ូវគ្រីស្ទ ហើយ​អនុវត្ត​តាម​ការបង្រៀន​របស់​ទ្រង់ ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​បញ្ហា​ប្រឈមមុខ​ទាំងឡាយ​ក្នុង​ជីវិត ។

តាមរយៈ​ការប្រើ​ការផ្ដល់យោបល់​ក្នុង​ការ​បង្រៀន​ដែលមាន​នៅក្នុង​មេរៀន​ទាំង​នេះ និងការ​ធ្វើតាម​ការណែនាំ​របស់​ព្រះវិញ្ញាណ នោះ​អ្នក​អាច​ជួយ​សិស្ស​ឲ្យ​ទាញយក​ព្រះចេស្ដា​នៃ​ព្រះយេស៊ូវគ្រីស្ទ នៅក្នុង​ទិដ្ឋភាព​ជាច្រើន​នៃ​ជីវិត​របស់​ពួកគេ ។ អ្នក​ក៏​នឹង​ជួយ​ពួកគេ​ឲ្យ​រៀបចំ​ខ្លួន​សម្រាប់​អនាគត​របស់​ពួកគេ​ដោយ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​ផងដែរ ។

សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​នេះ​មាន​នៅលើ​អនឡាញ​នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ​នៅ​ឯ​គេហទំព័រ ChurchofJesusChrist.orgដែល​អាច​ទាញយក​ជា ភី.ឌី.អែហ្វ. បាន ។ កំណែ​ដែល​បាន​បោះពុម្ព​នៃ សៀវភៅ​សិក្សា​នេះ​អាច​ត្រូវបាន​ស្នើសុំ​ពីអ្នក​សម្របសម្រួល ឬ​អ្នក​គ្រប់គ្រង​កម្មវិធី​ក្នុង​មូលដ្ឋាន​របស់​អ្នក ។

ឧបករណ៍​ទាំងឡាយ​ដែល​ជួយ​អ្នក​ឲ្យ​រៀបចំ​ខ្លួន​បង្រៀន

សម្រាប់​ទាំង​មេរៀន​ព្រះគម្ពីរ​សញ្ញាចាស់ និង​មេរៀន​នៃ​ការរៀបចំ​ជីវិត ឧបករណ៍​ខាងក្រោម​នឹង​ជួយ​អ្នក​ឲ្យ​រៀបចំ​ខ្លួន​បង្រៀន ។

ព្រះគម្ពីរ

ការសិក្សា​បណ្តុំ​បទគម្ពីរ​ដែល​មាន​មក​ជាមួយ ចូរ​មក​តាម​ខ្ញុំ គឺជា​វិធី​ដ៏​សំខាន់​មួយ​សម្រាប់​រៀបចំ​ដើម្បី​បង្រៀន​សិស្ស ។ មេរៀន​មាន​នៅក្នុង​សៀវភៅ​សិក្សា​នេះ​ត្រូវការ​គ្រូបង្រៀន​ដែល​ជា​អ្នក​ដែល​សិក្សា​ព្រះគម្ពីរ​ជាទៀងទាត់ ហើយ​ដែល​ស្វែងរក​ភាព​ជា​ដៃគូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ នៅពេល​អ្នក​ធ្វើ​ដូច្នេះ អ្នក​អាច​មាន​ទំនុកចិត្ត​ថា តាមរយៈ​ព្រះវិញ្ញាណ​របស់​ទ្រង់ ព្រះវរបិតាសួគ៌​នឹង​បំផុសគំនិត​អ្នក​អំពី​របៀប​ប្រើប្រាស់​សម្ភារ​ទាំងនេះ ដើម្បី​បំពេញ​តម្រូវការ​សិស្ស​របស់​អ្នក ។

ទិដ្ឋភាព​ទូទៅ

ទិដ្ឋភាព​ទូទៅ​គឺ​ត្រូវបាន​ផ្តល់​ជូន​នៅដើម​សប្តាហ៍​នីមួយៗ​នៃ​មេរៀន​ព្រះគម្ពីរ​សញ្ញាចាស់ និង​នៅ​ផ្នែក​នីមួយៗ​នៃ​មេរៀន​ការរៀបចំ​ជីវិត ។ ទិដ្ឋភាព​ទូទៅ​ទាំងនេះ​ផ្តល់​ព័ត៌មាន​មេរៀន​ជាក់លាក់​ដើម្បី​ជួយអ្នក​រៀបចំ​សម្ភារ​បង្រៀន​ជាមុន រួមមាន​ដូចខាង​ក្រោម ៖

  • គោលបំណង​មេរៀន ( ទាំង​នេះ​ក៏​ត្រូវ​បាន​បញ្ចូល​ជា​ប្រយោគ​ចុងក្រោយ​នៃ​បុព្វកថា​នៃ​មេរៀន​នីមួយៗ​ផងដែរ )

  • គំនិត​យោបល់​អំពី​ការរៀបចំ​សិស្ស

  • បញ្ជី​នៃ​មេរៀន​ដែល​មាន​ប្រើ​វត្ថុ សំណៅ​មេរៀន រូបភាព វីដេអូ ឬ​សម្ភារ​ផ្សេងៗ​ទៀត​ដែល​ប្រហែលជា​ត្រូវ​រៀបចំ​ទុកជាមុន

សូម​ស្វែងរក​ទិដ្ឋភាព​ទូទៅ​ប្រចាំ​សប្តាហ៍​សម្រាប់​មេរៀន​សប្តាហ៍​ក្រោយ​ដែល​អ្នក​នឹង​បង្រៀន ។

  • តើ​អ្នក​រកឃើញ​ព័ត៌មាន​អ្វីខ្លះ​នៅទីនេះ​ដែល​មាន​ប្រយោជន៍​សម្រាប់​អ្នក​ដើម្បី​ដឹងទុក​ជាមុន ?

  • តើ​អ្នក​អាចប្រើ​ព័ត៌មាន​នេះ​ដោយ​របៀបណា​នៅពេល​អ្នករៀបចំ​ខ្លួន​ដើម្បី​បង្រៀន ?

គន្លឹះ​ក្នុង​ការបង្រៀន

ទិដ្ឋភាព​ទូទៅ​នីមួយៗ​នៅ​ខាងដើម​មេរៀន​ព្រះគម្ពីរ​សញ្ញាចាស់ មាន​នូវ​គន្លឹះ​ក្នុង​ការបង្រៀន​ដែល​ពន្យល់​អំពី​ការអនុវត្ត ឬ​គោលការណ៍​ដែល​បាន​ណែនាំ​ចេញពី ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ៖ សម្រាប់​អ្នក​ទាំងអស់​ដែល​បង្រៀន​នៅ​គេហដ្ឋាន និង​សាសនាចក្រ ។ គន្លឹះ​ទាំងនេះ​ត្រូវបាន​គូសសម្គាល់​ដោយ​រូបតំណាង​នេះ ៖ រូបតំណាង​ថ្នាក់​សិក្ខាសាលា ។ នៅពេល​អ្នក​មាន​អារម្មណ៍​ថា​ត្រៀម​ខ្លួន​រួច​ហើយ សូម​ព្យាយាម​ធ្វើតាម​ការអនុវត្ដ និង​គោលការណ៍​ទាំងនេះ​នៅពេល​កំពុង​បង្រៀន ។ អ្នក​នឹង​សម្គាល់​ឃើញ​ថា​ការដាក់បញ្ចូល​ការ​ផ្ដល់យោបល់​ទាំងនេះ​អាច​ជួយ​ធ្វើឲ្យ​សមត្ថភាព​បង្រៀន​របស់​អ្នក​ប្រសើរឡើង ។

គន្លឹះ​ក្នុង​ការបង្រៀន​ភាគច្រើន​ចង្អុល​ទៅ​មេរៀន​ដែល​យក​គំរូ​តាម​ការអនុវត្ត ឬ​គោលការណ៍​ដែល​បាន​ណែនាំ ។ រូបតំណាង​ការបំពាក់បំប៉ន រូបតំណាង​ថ្នាក់​សិក្ខាសាលា នៅ​ក្នុង​មេរៀន​នេះ​រំលេច​ឧទាហរណ៍​អំពី​របៀប​ប្រើ​គន្លឹះ​នោះ ។ គន្លឹះ​ក្នុង​ការបំពាក់បំប៉ន​ទាំងនេះ​បង្ហាញ​ពី ជំនាញ​ការអភិវឌ្ឍ​គ្រូបង្រៀន​ដែល​អាច​ជួយ​អ្នក​ស្វែងយល់​បន្ថែម​អំពី​ការអនុវត្ត​ដែល​បាន​ណែនាំ ឬ​គោលការណ៍​ដែល​បាន​សង្កត់ធ្ងន់ ។ ការប្រើប្រាស់​ការអនុវត្ត និង​គោលការណ៍​ទាំងនេះ​អាច​ជួយ​អ្នក​ឲ្យ​អភិវឌ្ឍ​សមត្ថភាព​បង្រៀន​របស់​អ្នក ។

សូម​ពិនិត្យ​មើល​គន្លឹះ​ក្នុង​ការបង្រៀន​នៅក្នុង​ទិដ្ឋភាព​ទូទៅ​សម្រាប់​មេរៀន​ក្នុង​សប្តាហ៍​បន្ទាប់​ដែល​អ្នក​នឹង​បង្រៀន ។

  • តើ​អ្នក​អាច​អនុវត្ត​ការផ្ដល់យោបល់​ក្នុង​ការបង្រៀន​នេះ​ដោយ​របៀបណា ?

ការផ្ដល់​យោបល់​ស្តីពី​ល្បឿន​បង្រៀន

ទិដ្ឋភាព​ទូទៅ​ភាគច្រើន​សម្រាប់​ប្រភេទ​មេរៀន​នៃ​ការរៀបចំ​ជីវិត រួមមាន​ការផ្តល់​យោបល់​អំពី​ល្បឿន​បង្រៀន ។ យោបល់​ទាំងនេះ​ផ្ដល់​ជា​គំនិត​ថាតើ​មេរៀន​ទាំងនេះ​អាច​រួមបញ្ចូល​ទៅ​ត្រង់ណា​នៅ​ក្នុង​សេចក្ដី​ណែនាំ​ស្ដីពី​ល្បឿន​បង្រៀន ។ អ្នក​សម្របសម្រួល និង​អ្នក​គ្រប់គ្រង​កម្មវិធី​អាច​ប្រើការ​ផ្តល់យោបល់​ទាំងនេះ​នៅពេល​ពួកគេ​បង្កើត​សេចក្តីណែនាំ​អំពី​ល្បឿន​បង្រៀន​របស់​ពួកគេ ។

ឧទាហរណ៍ សូម​មើល​ការផ្តល់​យោបល់​អំពី​ល្បឿន​បង្រៀន​នៅ​ក្នុង​ទិដ្ឋភាព​ទូទៅ សម្រាប់​ការស្ថាបនា​ភាព​ខ្លួន​ទីពឹង​ខ្លួន ។

ការរៀបចំ​សិស្ស

ទិដ្ឋភាព​ទូទៅ​នីមួយៗ​មានរួម​នូវ​យោបល់​សម្រាប់​ការអញ្ជើញ​សិស្ស​ឲ្យ​រៀបចំ​គំនិត និង​ដួងចិត្ត​របស់​ពួកគេ​សម្រាប់​មេរៀន​នីមួយៗ​ផងដែរ ។ អ្នក​អាច​ពិនិត្យ​មើល​គំនិត​ទាំងនេះ​នៅ​ដើម​សប្តាហ៍ ហើយ​ជ្រើសរើស​ប្រកប​ដោយ​ការអធិស្ឋាន​នូវ​គំនិត​ដែល​អ្នក​មាន​អារម្មណ៍​ថា​នឹង​ជួយ​សិស្ស​របស់​អ្នក​បាន​ល្អបំផុត ។ អ្នក​មិន​ចាំបាច់​ប្រើ​គ្រប់​យោបល់​អំពី​ការរៀបចំ​សិស្ស​នោះ​ទេ ។ អ្នក​អាច​បត់បែន​វា ឬ​បង្កើត​គំនិត​ផ្ទាល់​ខ្លួន​របស់អ្នក ។ ការអញ្ជើញ​ដែល​បាន​ផ្តល់​យោបល់​ទាំងនេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ផ្តល់​ដល់​សិស្ស​យ៉ាង​ហោចណាស់​មួយ​ថ្ងៃ​មុន​បទពិសោធន៍​រៀន​សូត្រ​នេះ ។

សូម​ពិនិត្យមើល​គំនិត​សម្រាប់​ការរៀបចំ​សិស្ស​នៅក្នុង​ទិដ្ឋភាព​ទូទៅ​សម្រាប់​មេរៀន​ក្នុង​សប្តាហ៍​បន្ទាប់​ដែល​អ្នក​នឹង​បង្រៀន ។ សូម​ពិចារណា​ថា​គំនិត​មួយណា​ដែល​អ្នក​នឹង​ប្រើ កែសម្រួល ឬ​មិន​ប្រើ ។ ប្រសិនបើ​អ្នក​សម្រេច​ចិត្ត​អញ្ជើញ​សិស្ស​របស់​អ្នក​ឲ្យ​រៀបចំ​ខ្លួន តើ​អ្នក​នឹង​ចែកចាយ​គំនិត​រៀបចំខ្លួន​នេះ​ជាមួយ​ពួកគេ​ដោយ​របៀបណា ? ឧទាហរណ៍ អ្នក​អាច​ចែកចាយ​វា​ដោយ​ផ្ទាល់​មាត់ ឬ​បង្ហាញ​វា​នៅ​ចុងបញ្ចប់​ថ្នាក់​មុន ។ បើ​សមស្រប អ្នក​អាច​ផ្ញើ​វា​តាមរយៈ​កម្មវិធី Wise ឬ​កម្មវិធី​ផ្ញើសារ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

មេរៀន​នីមួយៗ​មាន​នូវ​គំនិត​ទាំងឡាយ​អំពី​របៀប​ដែល​អ្នក​អាច​ទទួល​បាន​បទពិសោធន៍​នៃ​ការរៀនសូត្រ ។ ដើម្បី​ឲ្យ​សិស្ស​របស់​អ្នក​មាន​បទពិសោធន៍​ល្អ​បំផុត​តាម​ដែល​អាច​ធ្វើទៅបាន សូម​ប្រើ​មាតិកា​នៃ​ផ្នែក​នេះ​ធ្វើ​ជា​ការណែនាំ​ជាជាង​ប្រើ​អត្ថបទ ។ ប្រសិនបើ​អ្នក​ទើបតែ​ចាប់ផ្តើម​ធ្វើ​ជា​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា វា​អាច​ជា​ការ​ល្អ​បំផុត​ក្នុង​ការ​ចាប់ផ្តើម​ដោយ​ការធ្វើតាម​សកម្មភាព​ការរៀនសូត្រ​ដែល​បាន​ផ្តល់​ជូន​ឲ្យ​បាន​ដិតដល់ ។ ជាមួយ​បទពិសោធន៍​កាន់តែ​ច្រើន អ្នក​នឹង​មាន​សមត្ថភាព​កាន់តែ​ខ្លាំង​ក្នុងការ​កែសម្រួល​មាតិកា​នៃ​សៀវភៅ​សិក្សា​នេះ​ឲ្យ​សមស្រប​បំផុត ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​សិស្ស​អ្នក ។

សកម្មភាព​រៀនសូត្រ​ដែល​បាន​ស្នើ​ជាច្រើន​នឹង​អញ្ជើញ​សិស្ស​ឲ្យ​ប្រើ​សៀវភៅ​កំណត់ហេតុ​ការសិក្សា ។ សៀវភៅ​កំណត់ហេតុ​ការសិក្សា​ជា ភី.ឌី.អែហ្វ. ដែល​សិស្ស​អាច​ប្រើ​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org/si/seminary/manuals ។ នៅ​កន្លែង​ដែល​មាន សិស្ស​ក៏​អាច​ប្រើ​មុខងារ​សៀវភៅ​កត់ត្រា​ក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ ដើម្បី​ឆ្លើយ​តប​នឹង​សំណួរ​សម្រាប់​ការជញ្ជឹងគិត​នៅ​ក្នុង​មេរៀន​ទាំងឡាយ ។

សេចក្ដី​ណែនាំ​អំពី​ការបង្រៀន

នៅក្នុង​មេរៀន​នេះ អ្នក​នឹង​សម្គាល់​ឃើញ​ប្រអប់​ដែល​មាន​សេចក្ដី​ណែនាំ​សម្រាប់​គ្រូបង្រៀន ។ សេចក្តី​ណែនាំ​ទាំងនេះ​ត្រូវបាន​រៀបរៀង​ឡើង​ដើម្បី​ជួយ​អ្នក​ឲ្យ​ចេះ​រៀបចំ និង​ប្រើប្រាស់​សកម្មភាព​រៀនសូត្រ​ដែល​បាន​ស្នើ​នៅក្នុង​មេរៀន ។ សេចក្ដីណែនាំ​ទាំងនេះ​អាច​ពន្យល់​អំពី​គោលបំណង​នៃ​សកម្មភាព​មេរៀន ឬ​ផ្តល់​យោបល់​អំពី​របៀប​បត់បែន​មាតិកា​មេរៀន​ដើម្បី​បំពេញ​តម្រូវការ​របស់​សិស្ស​ឲ្យ​កាន់តែប្រសើរ​ឡើង ។ យោបល់​ទាំងនេះ​អាច​រួមបញ្ចូល​វិធីសាស្រ្ត សំណួរ ឬ​សកម្មភាព​ផ្សេងៗ​ដែល​ជួយ​អ្នកឲ្យ​កែសម្រួល​មាតិកា និង​សកម្មភាព​តាម​ការចាំបាច់ ។

សូម​ពិនិត្យមើល​ឡើងវិញ​នូវ​សេចក្ដីណែនាំ​អំពី​ការបង្រៀន​មួយ​ចំនួន​នៅ​ក្នុង​មេរៀន​ដែល​អ្នក​នឹង​បង្រៀន​ក្នុង​ពេល​ឆាប់ៗ​នេះ ។

  • តើ​អ្នក​កត់​សម្គាល់​អ្វី​ខ្លះ​អំពី​របៀប​ដែល​សេចក្ដីណែនាំ​អំពី​ការបង្រៀន​ទាំង​នេះ​អាច​ជួយ​អ្នក​រៀបចំខ្លួន​ដើម្បី​បង្រៀន ?

ធនធាន​បន្ថែម​ទាំងឡាយ

មេរៀន​ភាគច្រើន​មាន​នូវ​ផ្នែក « ធនធាន​បន្ថែម​ទាំងឡាយ » នៅ​ចុងបញ្ចប់​នៃ​មេរៀន​នោះ ។ ផ្នែកនេះ​ដាក់បញ្ចូល​ព័ត៌មាន​ដែល​អាច​ជួយ​ឲ្យ​ការរៀនសូត្រ​កាន់តែ​មាន​ភាពស៊ីជម្រៅ ។ អ្នក​អាច​ស្វែងរក​សំណួរ​ដែល​សិស្ស​អាច​មាន និង​សេចក្តីថ្លែងការណ៍​ដោយ​ថ្នាក់​ដឹកនាំ​សាសនាចក្រ ដែល​អាច​ជួយ​ឆ្លើយតប​នូវ​សំណួរ​ទាំងនេះ ។ សេចក្ដីថ្លែងការណ៍​ទាំង​នេះ​ពី​ថ្នាក់ដឹកនាំ​សាសនាចក្រ​អាច​ដាក់បញ្ចូល​នៅក្នុង​មេរៀន​បាន ។ ផ្នែក​នេះ​គឺ​មានតែ​នៅក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹង​ល្អ ឬ​បណ្ណាល័យ​ដំណឹង​ល្អ​តាមអនឡាញ​នៅលើ​គេហទំព័រ ChurchofJesusChrist.orgប៉ុណ្ណោះ ។ ផ្នែក « ធនធាន​បន្ថែម​ទាំងឡាយ » មិន​បាន​ដាក់បញ្ចូល​នៅក្នុង​កំណែ ភី.ឌី.អែហ្វ. របស់​សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​នោះទេ ។

សូម​មើល​ថាតើ​មេរៀន​ដែល​អ្នក​បង្រៀន​បន្ទាប់​មាន​ដាក់​បញ្ជូល « ធនធាន​បន្ថែម​ទាំងឡាយ » ដែរ​ឬទេ ។

  • តើ​មាន​ធនធាន​នៅក្នុង​ផ្នែក​នេះ ដែល​អាច​មាន​អត្ថប្រយោជន៍​ក្នុង​ការចែកចាយ​ជាមួយ​សិស្ស​របស់​អ្នក​ដែរ​ឬទេ ?

សកម្មភាព​រៀនសូត្រ​បន្ថែម

ផ្នែកនេះ​ក៏​បាន​ដាក់បញ្ចូល​នៅចុង​បញ្ចប់​នៃ​មេរៀន​ផង​ដែរ ដែល​មាន​នូវ​គំនិត​បន្ថែម​សម្រាប់​ការទទួល​បាន​បទពិសោធន៍​នៃ​ការរៀនសូត្រ​ផងដែរ ។ សកម្មភាព​រៀនសូត្រ​ទាំងនេះ​រួម​មាន របៀប​ដើម្បី​បត់បែន​សកម្មភាព​បច្ចុប្បន្ន​ក្នុង​មេរៀន ឬ​របៀប​បង្រៀន​សម្ភារ ដែល​មិន​បាន​បញ្ចូល​ក្នុង​មេរៀន ។ សកម្មភាព​រៀនសូត្រ​បន្ថែម​មាន​នៅក្នុង​សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​លុះត្រាណា​តែ​អ្នក​កំពុង​ចូល​ប្រើវា​តាមរយៈ​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ ឬ​បណ្ណាល័យ​ដំណឹងល្អ​តាម​អនឡាញ​នៅលើ​គេហទំព័រ ChurchofJesusChrist.orgតែ​ប៉ុណ្ណោះ ។ ផ្នែក​នេះ​មិន​បាន​ដាក់បញ្ចូល​នៅក្នុង​កំណែ ភី.ឌី.អែហ្វ. នៃ​សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ទេ ។

ប្រសិនបើ​មេរៀន​បន្ទាប់​របស់​អ្នក​ដាក់បញ្ចូល​ផ្នែក « សកម្មភាព​រៀនសូត្រ​បន្ថែម » សូម​ពិនិត្យមើល​សកម្មភាព​ទាំងនេះ ។

  • តើ​មាន​អ្វី​ដែល​អ្នក​គិត​ថា​នឹង​មាន​អត្ថប្រយោជន៍​ដើម្បី​ប្រើ​ជាមួយ​សិស្ស​របស់​អ្នក​បន្ថែម​ពី​លើ ឬ​ជំនួស​ឲ្យ​សកម្មភាព​រៀនសូត្រ​ដែល​មាន​ក្នុង​ផ្នែក​សំខាន់​នៃ​មេរៀន​នេះ​ឬ​ទេ ?

មេរៀន​ព្រះគម្ពីរ​សញ្ញាចាស់ និង​មេរៀន​នៃ​ការរៀបចំ​ជីវិត

សិស្ស​គួរ​តែ​បាន​រៀន​ទាំង​មេរៀន​ព្រះគម្ពីរ​សញ្ញាចាស់ និង​មេរៀន​នៃ​ការរៀបចំ​ជីវិត​ពេញ​មួយ​ឆ្នាំ ។ ព័ត៌មាន​ខាងក្រោម​អាច​ជួយ​អ្នក​ឲ្យ​យល់​ពី​គោលបំណង​នៃ​មេរៀន​ផ្សេងៗ​គ្នា​នៅក្នុង​សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ។

មេរៀន​ព្រះគម្ពីរ​សញ្ញាចាស់

មេរៀន​ព្រះគម្ពីរ​សញ្ញាចាស់ ដែល​ត្រូវ​គ្នា​នឹង​បណ្តុំ​បទគម្ពីរ​ដែល​បាន​គូស​បញ្ជាក់​ជា​រៀងរាល់​សប្តាហ៍​នៅក្នុង ចូរមក​តាម​ខ្ញុំ ។ មេរៀន​ទាំង​នេះ​ផ្តល់​ឱកាស​ដល់​សិស្ស​ដើម្បី​មាន​បទពិសោធន៍​ការសិក្សា​ដ៏​ស៊ី​ជម្រៅ​អំពី​ព្រះបន្ទូល​របស់​ព្រះ​នៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ ។ មេរៀន​ការអនុវត្ត​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​មេរៀន​វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក គឺ​បាន​រួមបញ្ចូល​នៅក្នុង​ផ្នែក​មេរៀន​ព្រះគម្ពីរ​សញ្ញា​ចាស់​នៃ​សៀវភៅ​សិក្សា​នេះ ។

មេរៀន​ការអនុវត្ត​ចំណេះចំណាន​ខាង​គោលលទ្ធិ

មេរៀន​ការអនុវត្ដ​ចំណេះចំណាន​ខាងគោលលទ្ធិ មាន​បំណង​ជួយ​សិស្ស​ដើម្បី​ធ្វើ​កិច្ចការ​ឆ្ពោះ​ទៅរក​ការសម្រេចបាន​នូវ​លទ្ធផល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។ លទ្ធផល​ទាំងនេះ​រួម​មាន​ការជួយ​សិស្ស​ឲ្យ​ធ្វើ​ដូច​ខាងក្រោម ៖

រៀន និង​អនុវត្ត​គោលការណ៍​ដ៏ទេវភាព​ទាំងឡាយ​ដើម្បី​ទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ ។

ចេះចាំ​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ និង​គោលលទ្ធិ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​វគ្គ​បទគម្ពីរ​នោះ​បង្រៀន ។

ការចេះ​ស្ទាត់​វគ្គ​បទគម្ពីរ​ដែល​បានជ្រើសរើស និង​គោលលទ្ធិ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​វគ្គ​បទគម្ពីរ​ទាំងនេះ​បង្រៀន​មាន​ន័យ​ថា​សិស្ស​នឹង​អាច​ធ្វើ​ដូច​ខាង​ក្រោម ៖

ស្គាល់ ហើយ​យល់​អំពី​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។

ពន្យល់​គោលលទ្ធិ​បាន​ច្បាស់ៗ ដោយ​ប្រើ​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ដែល​ទាក់ទង​នានា ។

អនុវត្ត​តាម​គោលលទ្ធិ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ និង​គោលការណ៍​ទាំងឡាយ​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​នៅក្នុង​ការជ្រើសរើស​ប្រចាំ​ថ្ងៃ​របស់​ពួកគេ និង​ក្នុង​ការឆ្លើយតប​ចំពោះ​សំណួរ​ខាង​គោលលិទ្ធ បញ្ហា​ផ្ទាល់ខ្លួន​របស់​ពួកគេ បញ្ហា​សង្គម និង​បញ្ហា និង​សំណួរ​ទាក់ទង​នឹង​ប្រវត្ដិសាស្ដ្រ ។

ចងចាំ និង​ដឹង​ពី​ទីតាំង​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ ហើយ​ទន្ទេញ​ចាំ​ឃ្លា​បទគម្ពីរ​គន្លឹះ​ទាំងឡាយ ។

កម្មវិធី​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ អាច​ជួយ​សិស្ស​ឲ្យ​សម្រេច​បាន​លទ្ធផល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ កម្មវិធី​នេះ​ត្រូវបាន​រៀបចំ​ឡើង ដើម្បី​ជួយ​សិស្ស​ទន្ទេញ​ចាំ​សេចក្តីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នីមួយៗ ។ អ្នក​ប្រហែលជា​ចង់​ប្រើ​កម្មវិធី​នេះ​នៅក្នុង​ថ្នាក់ ហើយ​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ទាញយក​កម្មវិធី​នេះតាម​ឧបករណ៍​ផ្ទាល់​ខ្លួន​របស់​ពួកគេ ប្រសិន​បើ​អាច​ធ្វើ​បាន ។ មាន​កម្មវិធី​សម្រាប់​ឧបករណ៍ iOS និង Android ។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​គោលបំណង​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ សូមមើល « What Is Doctrinal Mastery? » ( ៣:៥៦ ) មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

3:56

រូបតំណាង​ថ្នាក់​សិក្ខាសាលាសម្រាប់​ព័ត៌មាន​បន្ថែម​អំពី​របៀប​ជួយ​សិស្ស​ឲ្យ​សម្រេច​បាន​លទ្ធផល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ សូមមើល​« ការបំពាក់បំប៉ន​ចំណេះចំណាន​ខាង​គោលលទ្ធិ » នៅ​ក្នុង ការបំពាក់បំប៉ន​កម្មវិធី​សិក្សា​ថ្នាក់សិក្ខាសាលា ។

មេរៀន​វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក

ការវាយតម្លៃ​គឺជា​ផ្នែក​សំខាន់​នៃ​ការរៀនសូត្រ ។ ឱកាស​ដើម្បី​ផ្អាក និង​ឆ្លុះបញ្ចាំង​ពី​ការរៀនសូត្រ​អាច​ជា​បទពិសោធន៍​វិជ្ជមាន​សម្រាប់​សិស្ស ។ ការ​វាយតម្លៃ​តាម​កាលកំណត់​អាច​លើកទឹកចិត្ដ​សិស្ស​នៅក្នុង​ការរីក​ចម្រើន និង​ការអភិវឌ្ឍ​ជាបន្ដ​បន្ទាប់​របស់​ពួកគេ​ដើម្បី​ក្លាយ​កាន់តែ​ដូចជា​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ តាមរយៈ​ការវាយ​តម្លៃ​ការរៀនសូត្រ​របស់​ពួកគេ សិស្ស​អាច​ក្លាយជា​អ្នក​ចូលរួម​យ៉ាងសកម្ម​ក្នុង​ដំណើរការ​សិក្សា និង​មាន​ការ​ទទួលខុសត្រូវ​បន្ថែមទៀត​ចំពោះ​ការរៀនសូត្រ​របស់ពួកគេ ។

មេរៀន​វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​ផ្តល់​ឲ្យ​សិស្ស​នូវ​ឱកាស​ដើម្បី ពន្យល់​គោលលទ្ធិ​គន្លឹះ ចេញពី​ព្រះគម្ពីរ​សញ្ញាចាស់​គិតពិចារណា​ពី​អារម្មណ៍ អាកប្បកិរិយា និង​បំណង​ប្រាថ្នា​របស់​ពួកគេ​ភ្ជាប់​ទំនាក់ទំនង​ទៅនឹង​ផែនការ​របស់​ព្រះវរបិតា​សួគ៌ និង​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ និង រំឭក​ផែនការ ឬ​គោលដៅ​នានា​ដែល​ពួកគេ​ខិតខំ​បំពេញ ដើម្បី​អនុវត្ត​នូវ​អ្វី​ដែល​ពួកគេ​កំពុង​រៀន និង​បង្កើន​ភាពជា​សិស្ស​នៃ​ព្រះយេស៊ូវគ្រីស្ទ​របស់​ពួកគេ​បាន​កាន់តែ​ខ្លាំងឡើង ។ មេរៀន​ទាំងនេះ​អាច​ជួយ​សិស្ស​ឲ្យ​ស្គាល់​ការរីកចម្រើន​របស់​ពួកគេ និង​ស្វែងរក​កត្តា​នានា​ដើម្បី​រីកចម្រើន​បន្ថែម​សម្រាប់​ពេល​អនាគត ។ សិស្ស​នឹង​ទទួល​បាន​ក្រេឌីត​សម្រាប់​វគ្គសិក្សា តាមរយៈ​ការចូលរួម​​រៀន​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​មួយ​មេរៀន​នៃ​មេរៀន​វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​នៅ​ពាក់​កណ្តាល​នៃ​វគ្គសិក្សា​នីមួយៗ ។

រូបតំណាង​ថ្នាក់​សិក្ខាសាលា សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​របៀប​អនុវត្ត​មេរៀន​វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក សូមមើល « ការបំពាក់​បំប៉ន​អំពី​ការវាយតម្លៃ » នៅក្នុង​ការបំពាក់​បំប៉ន​កម្មវិធី​សិក្សា​ថ្នាក់​សិក្ខាសាលា ។

មេរៀន​នៃ​ការរៀបចំ​ជីវិត

មេរៀន​នៃ​ការរៀបចំ​ជីវិត​ផ្ដល់​ដល់​សិស្ស​នូវ​ឱកាស​ដើម្បី​អនុវត្ដ​ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ​ចំពោះ​ចំណុច​ខាងក្រោម ៖

  • ទប់ទល់​នឹង​សំណួរ​ពិបាកៗ និង​ឧបសគ្គ​ក្នុង​កាលៈទេសៈ​នៃ​ជីវិត

  • ធ្វើ​ការជ្រើសរើស​ដ៏​បំផុស​គំនិត ដោយ​ប្រើ​ការបង្រៀន​របស់​ព្រះយេស៊ូវគ្រីស្ទ និង​ពួកព្យាការី​របស់​ទ្រង់ ។

  • ស្ថាបនា​ភាពខ្លួនទីពឹងខ្លួន​ដើម្បី​ចិញ្ចឹម​បីបាច់​ខ្លួន​ពួកគេ និង​គ្រួសារ​របស់​ពួកគេ ។

  • មានសុខភាព​ខាង​ផ្លូវកាយ និង​ខាងសតិអារម្ម៍​ល្អ​ជាង​មុន ។

  • ដាក់​ផែនការ​រៀបចំ​សម្រាប់​ការអប់រំ និង​ការងារ​នាពេល​អនាគត ។

  • អភិវឌ្ឍ​ជំនាញ​ដើម្បី​ជោគជ័យ​នៅ​សាលា ។

  • រៀបចំ​ខ្លួន​សម្រាប់​ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា និង​ការបម្រើ​ក្នុង​សាសនាចក្រ ។

  • រៀបចំ​ខ្លួន​ដើម្បី​ចុះ និង​រក្សា​សេចក្តី​សញ្ញា​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

សូម​ព្យាយាម​បង្រៀន​មេរៀន​នៃ​ការរៀបចំ​ជីវិត​ឲ្យ​បាន​ពីរ​មេរៀន​ជារៀងរាល់​សប្តាហ៍ ។ សប្តាហ៍​ខ្លះ​អ្នក​អាច​បង្រៀន​ច្រើន​ជាង​នេះ ហើយ​សប្ដាហ៍​ខ្លះ​ទៀត​អ្នក​អាច​បង្រៀន​តិច​ជាង ប៉ុន្តែ​ជា​មធ្យម​អ្នក​គួរ​តែ​ព្យាយាម​បង្រៀន​ពីរ​មេរៀន​ក្នុង​មួយ​សប្ដាហ៍​ឲ្យ​បាន​ញឹកញាប់​តាម​ដែល​អាច​ធ្វើទៅ​បាន ។ ការណ៍​នេះ​នឹង​ផ្ដល់​ឱកាស​ឲ្យ​សិស្ស​បាន​រៀន​គ្រប់​មេរៀន​ទាំងអស់​ក្នុង​អំឡុង​ឆ្នាំ​សិក្សា ។

សូម​ប្រាកដ​ថា​អ្នក​ទទួល​បាន​ច្បាប់​ចម្លង​នៃ​សេចក្តីណែនាំ​ស្តីពី​ល្បឿន​បង្រៀន ដែល​បាន​ផ្ដល់​ឲ្យ​អ្នក​ដោយ​អ្នក​សម្រប​សម្រួល ឬ​អ្នក​គ្រប់​គ្រង​កម្មវិធី​របស់​អ្នក ។

រូបតំណាង​ថ្នាក់​សិក្ខាសាលាសម្រាប់​ព័ត៌មាន​បន្ថែម​អំពី​មេរៀន​នៃ​ការរៀបចំ​ជីវិត សូមមើល « ការបំពាក់​បំប៉ន​អំពី​ការរៀបចំ​ជីវិត » នៅក្នុង​ការបំពាក់​បំប៉ន​កម្មវិធី​សិក្សា​ថ្នាក់​សិក្ខាសាលា ។