ថ្នាក់​សិក្ខាសាលា
កូរិនថូស ទី១ ១០


កូរិនថូស ទី១ ១០

ការចៀសផុត​ពី​ការល្បួង

រូបភាព
ជីវិត​របស់ ចន ប្រហែលជា​ខុសគ្នា​ខ្លាំង​ណាស់ ប្រសិនបើ​គាត់​មិនមាន​ភាពក្លាហាន​ក្នុង​ការចាកចេញ​ពី​ពិធី​ជប់លៀង​នៅ​ល្ងាច​មួយ​ក្នុង​ប្រទេស​ជប៉ុន​នោះ​ទេ ។

តើ​អ្នក​ធ្លាប់​ប្រាថ្នា​ថា​ អ្នក​អាច​ចៀសផុត​ពី​ការល្បួង​ដែល​អ្នក​ប្រឈម​មុខ​ដែរ​ឬ​ទេ ? សាវក​ប៉ុល​បាន​បង្រៀន​គោលការណ៍​ដ៏​មាន​តម្លៃ​មួយ​ ដែល​អាច​ជួយ​យើង នៅពេល​យើង​ប្រឈម​មុខ​នឹង​ការល្បួង ។ គោល​បំណង​នៃ​មេរៀន​នេះ​ គឺ​ជួយ​អ្នក​ឲ្យ​ពឹង​ផ្អែក​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ​ដើម្បី​យក​ឈ្នះ​ការល្បួង ។

ការល្បួង

រូបភាព
មេដែក​ពណ៌​ក្រហម​ស្រូប​ដុំដែក​ពណ៌ប្រាក់​ នៅលើ​ផ្ទៃ​​ពណ៌ខៀវ

ប្រសិនបើ​អាច​ធ្វើ​បាន សូម​រក​មេដែក និង​ដែក ហើយ​គិត​អំពី​របៀប​ដែល​អ្នក​អាច​ប្រើ​វា ដើម្បី​ពន្យល់​ពី​គោលគំនិត​នៃ​ការទប់ទល់​នឹង​ការល្បួង ។

សូម​អាន​សេចក្ដីថ្លែងការណ៍​ខាង​ក្រោម​ដោយ​អែលឌើរ អូលីសេស សូរ៉េស ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ឬ​មើល​វីដេអូ « Seek Christ in Every Thought » ចាប់​ពី​នាទី​ទី ២:៤៤ ដល់​នាទី​ទី ៣:២៣ ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

រូបភាព
រូបថត​ផ្លូវការ​​របស់ អែលឌើរ អូលីសេស សូរ៉េស ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។

និយាយ​ជា​ពាក្យ​ប្រៀបធៀប ការងាក​ទៅ​រក​ការល្បួង ​គឺ​ប្រៀប​បាន​ទៅ​នឹង​ការកាន់​ដែក​ដើរទៅ​រក​មេដែក​ដូច្នោះ​ដែរ ។ ថាមពល​មើល​មិន​ឃើញ​របស់​មេដែក​ស្រូប​យក​វត្ថុ​ដែល​មាន​ជាតិ​លោហៈ ហើយ​ទាញ​លោហៈ​នោះ​ឲ្យ​ទៅ​ជាប់​នឹង​វា ។ មេដែក​បាត់បង់​ថាមពល​របស់​វា នៅ​ពេល​ដែល​វត្ថុ​ដែល​មាន​ជាតិ​លោហៈ​នៅ​ឆ្ងាយ​ពី​វា ។ ដូច្នេះ​ហើយ ពេល​យើង​មិន​ចុះចូល​នឹង​ការល្បួង នោះ​វា​រសាយ​បាត់ ហើយ​ថាមពល​របស់​វាឈប់មាន​មក​លើ​គំនិត និង​ចិត្ត​របស់​យើងហើយ វា​ប្រៀប​ដូច​ជា​មេដែក​ដែល​មិន​អាច​មាន​ឥទ្ធិពល​មក​លើ​លោហៈ​ដែល​នៅ​ឆ្ងាយដូច្នោះ​ដែរ ហេតុដូច្នេះ​ហើយ វា​គ្មាន​ឥទ្ធិពល​លើ​សកម្មភាព​របស់​យើង​បាន​ឡើយ ។

( អូលីសេស សូរ៉េស « Seek Christ in Every Thought » Liahonaខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៨៣ )

នៅពេល​អ្នក​សិក្សា កូរិនថូស ទី១ ១០ សូម​ស្តាប់​ការបំផុសគំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​នឹង​ជួយ​អ្នក​ដឹង​ពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ទប់ទល់​នឹង​ការល្បួង​ដែល​អ្នក​ប្រឈម​មុខ ។

គោលបំណង​មួយ​នៃ​ព្រះគម្ពីរ​ គឺ​ជួយ​យើង​ឲ្យ​រៀន​ពី​ជីវិត និង​ការតស៊ូ​របស់​អ្នក​ដែល​បាន​ចែកឋាន​ទៅ​ហើយ ( សូម​មើល កូរិនថូស ទី១ ១០:៦, ១១; មរមន ៩:៣១ ) ។ ដូច​ដែល​បាន​កត់ត្រា​នៅក្នុង កូរិនថូស ទី១ ១០ ប៉ុល​បាន​ប្រើ​គំរូ​នៃ​ការឆ្លង​កាត់​សមុទ្រ​ក្រហម​របស់​សាសន៍​អ៊ីស្រាអែល និង​ការធ្វើ​ដំណើរ​ក្នុង​ទីរហោស្ថាន នៅពេល​លោក​រំឭក​ពួកកូរិនថូស​អំពី​របៀប​ដែល​ព្រះអម្ចាស់​គង់​ជាមួយ​សាសន៍​អ៊ីស្រាអែល​ក្នុង​ការធ្វើ​ដំណើរ​របស់​ពួកគេ ( សូមមើល កូរិនថូស ទី១ ១០:១–៤ ) ។

សូម​កត់ចំណាំ​នូវ​អ្វី​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​សម្រាប់​សាសន៍​អ៊ីស្រាអែល និង​ព្រះបរមងារ​ដែល​បាន​ប្រើ​ ដើម្បី​ពិពណ៌នា​អំពី​ទ្រង់​នៅ​ក្នុង ខទី ៤ ។

  • តើ​អ្នក​អាច​រៀន​អ្វី​ខ្លះ​​ អំពី​ព្រះអង្គសង្គ្រោះចេញ​មក​ពី​ព្រះបរមងារ​ដែល​ប៉ុល​បាន​ប្រើ​នៅ​ក្នុង ខទី ៤ ?

ទោះ​ជា​ព្រះអម្ចាស់​បាន​ជួយ​ជ្រោមជ្រែង​សាសន៍​អ៊ីស្រាអែល​ដោយ​អព្ភូតហេតុ​ក៏​ដោយ ក៏នៅ​ពេល​ខ្លះ ពួកគេ​បាន​ចុះចាញ់​នឹង​ការល្បួង​ដែរ ។ សូម​អាន កូរិនថូស ទី១ ១០:៥–១១ ដោយ​រកមើល​ការល្បួង​ដែល​បណ្តាល​ឲ្យ​សាសន៍​អ៊ីស្រាអែល​ងាក​ចេញ​ពី « ថ្មដា​ខាង​ព្រលឹង​វិញ្ញាណ » របស់​ពួកគេ ​គឺ​ព្រះយេស៊ូវគ្រីស្ទ ។

  • តើ​អ្នក​គិត​ថា​ស្ថានភាព​របស់​យើង​ស្រដៀង​នឹង​សាសន៍​អ៊ីស្រាអែល​តាម​របៀប​ណា​ខ្លះ ?

  • តើ​យុវវ័យ​ប្រឈមមុខ​នឹង​ការល្បួង​ជា​ទូទៅ​អ្វីខ្លះ ដែល​អាច​នឹង​ធ្វើ​ឲ្យ​ពួកគេ​ងាក​ចេញ​ពី​ព្រះអង្គសង្គ្រោះ ?

សូម​គិត​អំពី​ការល្បួង​ដែល​អ្នក​កំពុង​ប្រឈម​មុខ​នា​ពេល​បច្ចុប្បន្ន និង​របៀប​ដែល​វា​មានអានុភាព​ខ្លាំង​ដើម្បី​បង្វែរ​អ្នក​ចេញ​ពី « ថ្មដា » គឺ​ព្រះយេស៊ូវគ្រីស្ទ ។ សូម​គិត​អំពី​របៀប​ដែល​ជីវិត​របស់​អ្នក​នឹង​ទទួល​ឥទ្ធិពល ប្រសិនបើ​អ្នក​អាច​យក​ឈ្នះ​លើ​ការល្បួង​ទាំងនេះ ។

ព្រះអង្គសង្គ្រោះ​នឹង​ជួយ​យើង​ឲ្យ​យក​ឈ្នះ​លើ​ការល្បួង

សូម​ចាំ​ថា ការកំពុង​ត្រូវបាន​ល្បួង​មិនមែន​ជា​អំពើបាប​ទេ ប៉ុន្តែ​ការចុះចាញ់​នឹង​ការល្បួង​ទើប​ជា​អំពើបាប ។ សូម​អាន កូរិនថូស ទី១ ១០:១២–១៤ ដោយ​ស្វែងរក​គោលការណ៍​ដែល​អាច​ជួយ​អ្នក​ឲ្យ​យក​ឈ្នះ​លើ​ការល្បួង ។

១. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​ នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​ព្រះ​សន្យា​ថា​ទ្រង់​នឹង​ធ្វើ​អ្វី​ខ្លះ ដើម្បី​ជួយ​អ្នក​ឲ្យ​យក​ឈ្នះ​លើ​ការល្បួង ?

  • តើ​ពាក្យ និង​ឃ្លា​អ្វីខ្លះ​នៅក្នុង​ខគម្ពីរ​ទាំងនេះ​ ពិពណ៌នា​អំពី​អ្វី​ដែល​ព្រះ​រំពឹង​ឲ្យ​យើង​ធ្វើ នៅពេល​យើង​ប្រឈមមុខ​នឹង​ការល្បួង ?

  • តើ​គោលការណ៍​អ្វី​ខ្លះ ដែល​អ្នក​បាន​រកឃើញ ?

អ្នក​ប្រហែល​ជា​បាន​រកឃើញ​គោលការណ៍​មួយ​ដូច​ជា ព្រះ​នឹង​ប្រទាន​ផ្លូវ​មួយ​សម្រាប់​យើង​ដើម្បី​ចៀសផុត​ពី​ការល្បួង ប៉ុន្តែ​យើង​ត្រូវ​តែ​ជ្រើសរើស​ញែក​ខ្លួន​យើង​ចេញ​ពី​ការល្បួង​សិន ។

តាមរយៈ​ព្រះគម្ពីរ និង​តាមរយៈ​ព្យាការី​សម័យ​បច្ចុប្បន្ន​របស់​ទ្រង់ នោះ​ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​យើង​អំពី​របៀប​ដើម្បី​យក​ឈ្នះ​លើ​ការល្បួង ។ សូម​អាន​បទគម្ពីរ​ខាង​ក្រោម និង​សេចក្តីថ្លែងការណ៍​ប្រកប​ដោយ​ការព្យាករណ៍ ដោយ​រកមើល​អ្វី​ដែល​អ្នក​អាច​ធ្វើ​ ដើម្បី​ងាក​ទៅ​រក​ព្រះអង្គសង្គ្រោះ ហើយ​ចៀសផុត​ពី​ការល្បួង ។ អ្នក​អាច​នឹង​ចង់​ភ្ជាប់​វា​ទៅ កូរិនថូស ទី១ ១០:១២–១៤ ។

  • អាលម៉ា ១៣:២៨–២៩

  • នីហ្វៃ ទី​៣ ១៨:១៥, ១៨–២០

  • ហេព្រើរ ៤:១៥–១៦កំណត់​ចំណាំ ៖ សង្ឃ​ជាន់ខ្ពស់​ដែល​បាន​ថ្លែង​ក្នុង​ខគម្ពីរ​ទាំងនេះ ​គឺ​សំដៅ​លើ​ព្រះយេស៊ូវគ្រីស្ទ )

  • ប្រធាន ហិនរី ប៊ី អាវរិង ក្នុង​គណៈប្រធាន​ទីមួយ ៖

    រូបភាព
    រូបថត​ផ្លូវការ​​របស់​ប្រធាន ហិនរី ប៊ី អាវរិង ដែល​បាន​ថត​នៅ​ឆ្នាំ ២០១៨ ។

    សេចក្តីជំនឿ​របស់​យើងទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ​ នាំ​យើង​ទៅរក​ការប្រែចិត្ត និង​ដើម្បី​រក្សា​បទបញ្ញត្តិ​របស់​ទ្រង់ ។ យើង​គោរព​តាម ហើយ​យើង​ទប់ទល់​នឹង​ការល្បួង​ដោយ​ធ្វើ​តាម​ការបំផុស​គំនិត​ទាំងឡាយ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ ។ យូរៗទៅ ធម្មជាតិ​របស់​យើង​នឹង​ផ្លាស់ប្តូរ ។ យើង​នឹង​ក្លាយ​ទៅ​ជា​ក្មេង​តូច ស្តាប់​បង្គាប់​ព្រះ និង​មាន​សេចក្ដីស្រឡាញ់​កាន់​តែ​ខ្លាំង ។ ការផ្លាស់ប្ដូរ​នោះ ប្រសិនបើ​យើង​ធ្វើ​អស់​ពី​សមត្ថភាព​ដែល​យើង​ត្រូវ​រក្សា​វា នោះ​នឹង​ធ្វើ​ឲ្យ​យើង​មាន​លក្ខណៈ​គ្រប់គ្រាន់ ​ដើម្បី​រីករាយ​នឹង​អំណោយ​ទាន​ដែល​មក​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ បន្ទាប់មក​យើង​នឹង​មាន​សុវត្ថិភាព​នៅ​លើ​ថ្មដា​តែ​មួយ​គត់ ។

    ( ហិនរី ប៊ី អាវរិង « As a Child » Liahonaខែ ឧសភា ឆ្នាំ ២០០៦ ទំព័រ ១៦ )

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​ពី​បទគម្ពីរ​ទាំងនេះ និង​សេចក្តីថ្លែងការណ៍​នេះ ​ដែល​ជំរុញ​ចិត្ត​អ្នក​ឲ្យ​ងាក​ទៅរក​ព្រះអង្គសង្គ្រោះ​ ដើម្បី​គេចចេញ​ពី​ការល្បួង ?

  • តើ​មាន​វិធី​ណា​ខ្លះ​ដែល​ព្រះ​នឹង​ប្រទាន​ផ្លូវមួយ​ដើម្បី​គេចចេញ​ពី​ការល្បួង ?

  • តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ ដើម្បី​ស្គាល់ និង​ប្រើ​ការគេចចេញ​ដែល​ព្រះ​ប្រទាន​ឲ្យ ?

សូម​ឆ្លើយ​សំណួរ​ពីរ ឬ​ច្រើន​ខាង​ក្រោម​នេះ ។

  • សូម​សរសេរ កូរិនថូស ទី១ ១០:១៤ ឡើង​វិញ ដោយ​បញ្ចូល​ឈ្មោះ​របស់​អ្នក​តាម​ក្រោយ « ឱ ​ពួក​ស្ងួនភ្ងា​ខ្ញុំ​អើយ » ហើយ​ជំនួស « ការថ្វាយ​បង្គំ​រូប​ព្រះ » ដោយ​ការល្បួង​មួយ​ដែល​អ្នកកំពុង​ជួប​ប្រទះ ។

  • សូម​កត់ត្រា​បទពិសោធន៍​មួយ​ដែល​ព្រះអង្គសង្គ្រោះ ​បាន​ជួយ​អ្នក​ឲ្យ​គេចចេញ​ពី​ការល្បួង ។ តើ​បទពិសោធន៍​នេះ​ អាច​ជួយ​អ្នក​ឲ្យ​គេចចេញ​ពី​ការល្បួង​បច្ចុប្បន្ន​របស់​អ្នក​ដោយ​របៀប​ណា ?

  • សូម​កត់ត្រា​ជំហាន​ជាក់លាក់​ដែល​អ្នក​នឹង​ធ្វើ ដើម្បី​ពឹង​ផ្អែក​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ទប់ទល់​នឹង​ការល្បួង​ដែល​អ្នក​កំពុង​ប្រឈម​មុខ ។

សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ។ អ្នក​មិន​ចាំបាច់​ចែកចាយ​ការល្បួង​ជាក់លាក់​របស់​អ្នក​ទេ ។

២. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​ នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖ អ្នក​មិន​ចាំបាច់​ចែកចាយ​ការល្បួង​ជាក់លាក់​របស់​អ្នក​ទេ ។

  • តើ​អ្នក​បាន​រៀន ឬ​ទទួល​អារម្មណ៍​អ្វី​ខ្លះ​អំពី​ព្រះអង្គសង្រ្គោះ នៅពេល​អ្នក​សិក្សា កូរិនថូស ទី១ ១០ ?

  • តើ​ការណ៍​នេះ​ជួយ​អ្នក​ឲ្យ​គេចចេញ​ពី​ការល្បួង​ដែល​អ្នក​ប្រឈម​មុខ​ដោយ​របៀប​ណា ?

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ទេ ?

តើ​ព្រះយេស៊ូវគ្រីស្ទ និង​ព្រះវិញ្ញាណ​បរិសុទ្ធ ​អាច​ជួយ​ខ្ញុំ​ឲ្យ​យក​ឈ្នះ​លើ​ការល្បួង​ដោយ​របៀប​ណា ?

អែលឌើរ អូលីសេស សូរ៉េស ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

រូបភាព
រូបថត​ផ្លូវការ​​របស់ អែលឌើរ អូលីសេស សូរ៉េស ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។

ការវាយតប​ប្រឆាំង​នឹង​ការល្បួង ​ត្រូវការ​ភាពឧស្សាហ៍​ព្យាយាម និង​សេចក្តីស្មោះត្រង់​ពេញ​មួយ​ជីវិត ។ ប៉ុន្តែ សូម​ដឹងថា ព្រះអម្ចាស់​គឺត្រៀម​ព្រះកាយ​ដើម្បី​ជួយ​យើង​នៅក្នុង​កិច្ច​ខិតខំ​ផ្ទាល់ខ្លួន​របស់​យើង​ជានិច្ច ហើយ​សន្យា​ប្រទាន​ពរជ័យ​ដ៏​អស្ចារ្យ ប្រសិន​បើ​យើង​តស៊ូ​ដល់​ទីបញ្ចប់ ។…

បងប្អូន​ប្រុសស្រី​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ពេល​យើង​ពឹងផ្អែក​ទៅលើ​ថ្មដា​នៃ​សេចក្តីសង្រ្គោះ ជា​អង្គសង្រ្គោះ​នៃ​ព្រលឹង​របស់​យើង … នោះ​សមត្ថភាព​ដើម្បី​គ្រប់គ្រង​គំនិត​របស់​យើង​នឹង​ចម្រើនឡើង​យ៉ាង​ខ្លាំង ។ ខ្ញុំ​អាច​អះអាង​នឹង​បងប្អូន​ថា ភាព​ចាស់​ទុំ​ខាង​វិញ្ញាណ​របស់​យើង​នឹង​ចម្រើន​ឡើង​យ៉ាង​ខ្លាំង ដោយ​ធ្វើ​ឲ្យ​ដួង​ចិត្ត​យើង​ផ្លាស់ប្ដូរ ហើយ​ធ្វើ​ឲ្យ​យើង​កាន់​តែ​ដូច​ជា​ព្រះយេស៊ូវគ្រីស្ទ ។ លើសពី​នេះ​ទៅ​ទៀត ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​មានកាន់​តែ​ជិតស្និទ្ធ ហើយ​នឹង​បន្ត​ស្ថិតនៅ​ក្នុង​ជីវិត​របស់​យើង​ជានិច្ច ។ បន្ទាប់​មក ការល្បួង​របស់​ខ្មាំង​សត្រូវ​នឹង​បាត់បង់​អំណាច​របស់​វា​បន្តិច​ម្តងៗ ដែល​ជា​លទ្ធផល ធ្វើ​ឲ្យ​យើងជីវិត​កាន់​តែ​រីករាយ និង​កាន់​តែ​បរិសុទ្ធ ។

សម្រាប់​ជន​ទាំងឡាយ​ណា ដែល​បាន​ធ្លាក់​ក្នុង​ការល្បួង ហើយ​កំពុង​តែ​ធ្វើ​សកម្មភាព​ទុច្ចរិត ទោះបី​ក្នុង​ហេតុផល​ណា​ក៏​ដោយ ខ្ញុំ​សូម​បញ្ជាក់​ដល់​អ្នកថា អ្នក​អាច​ត្រឡប់​មកវិញ​បាន នៅ​ក្នុង​ព្រះគ្រីស្ទ​យើង​មាន​ក្តីសង្ឃឹម ។

( អូលីសេស សូរ៉េស « Seek Christ in Every Thought » Liahonaខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៨៣–៨៤ )

អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរនាក់​បានបង្រៀន ៖

រូបភាព
រូបថត​ផ្លូវការ​​របស់​អែលឌើរ ឃ្វីនថិន អិល ឃុក ។ លោកត្រូវបាន​ហៅ​ឲ្យ​បម្រើ​នៅក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​នៅថ្ងៃទី ៦ ខែ តុលា ឆ្នាំ ២០០៧ ។

គោលការណ៍​មួយ​នៃ​ការរីកចម្រើន​ដ៏​អស់​កល្បជានិច្ច​គឺ​ ការអនុវត្តន៍​ការគ្រប់គ្រង​ខ្លួន​ឯង និង​ការរស់នៅ​ដោយ​សុចរិត ជួយពង្រឹង​សមត្ថភាព​យើង​ដើម្បី​ទប់ទល់​នឹង​ការល្បួង ។ នេះ​ជា​ការពិត ​ទាំង​រឿង​ខាង​វិញ្ញាណ និង​ខាង​សាច់​ឈាម ។ …

ជា​ផ្នែក​នៃ​ផែនការ​ដ៏​ទេវភាព​នៃ​ព្រះ យើង​ត្រូវ​បាន​ប្រទាន​ពរ​ឲ្យ​មាន​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ … ទ្រង់​ក៏​ជា​សំឡេង​នៃ​ការព្រមាន​ទាស់​នឹង​អារក្ស និង​ជា​សំឡេង​នៃ​ការការពារ​ទាស់​នឹង​គ្រោះថ្នាក់​ផងដែរ ។ ពេល​យើង​ធ្វើ​នាវាចរណ៍​លើ​សមុទ្រ​ជីវិត នោះ​ការធ្វើ​តាម​ការបំផុសគំនិត​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​គឺ​ចាំបាច់​ណាស់ ។ ព្រះវិញ្ញាណ​នឹង​ជួយ​យើង​ឲ្យ​ចៀសផុត​ពី​ការល្បួង និង​គ្រោះ​ថ្នាក់​នានា ហើយ​លួងលោម ព្រម​ទាំង​ដឹកនាំ​យើង​ឆ្លងកាត់​ឧបសគ្គ​ទាំងឡាយ ។

( ឃ្វីនថិន អិល ឃុក « Shipshape and Bristol Fashion: Be Temple Worthy—in Good Times and Bad Times » Liahonaខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៤១–៤២ )

តើ​ខ្ញុំ​អាច​រៀបចំ​ទុក​ជា​មុន​ដោយ​របៀប​ណា ដើម្បី​គេចចេញ​ពី​ការល្បួង ?

ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( ឆ្នាំ ១៨៩៥–១៩៨៥ ) បាន​បង្រៀន ៖

រូបភាព
រូបគំនូរ​​របស់ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ។

ការសម្រេច​ចិត្ត​ត្រឹមត្រូវ គឺ​ងាយ​ធ្វើ​ណាស់ នៅ​ពេល​យើង​សម្រេច​ចិត្ត​​​យ៉ាង​ល្អ​ទុក​ជា​មុន ដាក់វាជា​គោលដៅ​សំខាន់​នៅ​ក្នុង​គំនិត ពេលធ្វើ​ដូចនេះ ​វា​ជួយ​មិន​ឲ្យ​មាន​ការថប់​អារម្មណ៍ [ អំឡុង​ពេល​ត្រូវ​សម្រេច​ចិត្ត ] នៅ​ពេល​យើង​នឿយហត់ ឬ​ត្រូវ​ល្បួង​យ៉ាង​ខ្លាំង​នោះ ។ …

ចូរ​ដាក់​វិន័យ​ខ្លួនឯង​ដើម្បី​កុំ​ឲ្យ​អ្នក​​​ត្រូវ​សម្រេច​ចិត្ត ហើយត្រូវ​សម្រេច​ចិត្ត​ឡើង​វិញ​អំពី​អ្វី​ដែល​អ្នក​នឹង​ធ្វើ នៅ​ពេល​អ្នក​ជួប​នឹង​ការល្បួង​ដដែលៗ​ម្ដង​ហើយ​ម្ដង​ទៀត ។ អ្នក​ត្រូវ​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ តែ​ម្ដង​ប៉ុណ្ណោះ ! …

ពេល​វេលា​ដែល​ត្រូវ​ចេញ​ឲ្យ​ឆ្ងាយ​ពី​ផ្លូវ​របស់​អារក្ស​ គឺ​ជាពេល​មុន​ដែល​ផ្លូវ​នោះ​ចាប់ផ្ដើម ។ រឿង​អាថ៌​កំបាំង​នៃ​ជីវិត​ល្អ ​គឺការ​ការពារ និង​ការទប់ស្កាត់ ។ ជន​ទាំងឡាយ​ណា​ដែល​បណ្ដោយ​ខ្លួន​ទៅ​តាម​អារក្ស ជា​ធម្មតា​គឺ​ជា​ជន​ដែល​បាន​ដាក់​ខ្លួន​​ឲ្យ​នៅ​ក្នុង​ស្ថានភាព​ងាយ​រង​គ្រោះ ។

ការបង្រៀន​របស់​ប្រធាន​សាសនាចក្រ ៖ ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល [ ឆ្នាំ ២០០៦ ] ទំព័រ ១០៨–១០៩ )