ថ្នាក់​សិក្ខាសាលា
កូរិនថូស ទី១ ១៣


កូរិនថូស ទី១ ១៣

« សេចក្ដី​សប្បុរស​មិន​ដែល​ផុត​ឡើយ »

រូបភាព
ព្រះយេស៊ូវ​ពាល់​ថ្ពាល់​ស្ត្រី​ម្នាក់​ដែល​កំពុង​អង្គុយ​លើ​ដី ។ ឈុតឆាក​ទាំងនេះ​រួមមាន ស្ត្រី​ដែល​មាន​ជំងឺ​ដើរឡើង​ទៅ​រក​ព្រះយេស៊ូវ​ដើម្បី​ប៉ះ​ព្រះពស្ដ​របស់​ទ្រង់ ហើយ​ព្រះយេស៊ូវ​លុត​ជង្គង់​ និង​មាន​បន្ទូល​ជាមួយ​ស្ត្រី​ដែល​អង្គុយ​នោះ ។ ព្រះយេស៊ូវ​ប៉ះ​មុខ​ស្ត្រី​ដែល​អង្គុយ ។

ព្រះយេស៊ូវគ្រីស្ទ​បាន​បង្ហាញ​សេចក្តីស្រឡាញ់​ដ៏​អស្ចារ្យ​ជា​រៀង​រាល់ថ្ងៃ​ក្នុង​ព្រះជន្ម​រមែង​ស្លាប់​របស់​ទ្រង់ ។ ទីបំផុត​ទ្រង់​បាន​បង្ហាញ​សេចក្ដីស្រឡាញ់​ដ៏​ឥតខ្ចោះ​របស់​ទ្រង់​ដោយ​ស្ម័គ្រ​ព្រះទ័យ​បូជា​ព្រះជន្ម​របស់​ទ្រង់​ដើម្បី​យើង ។ សាវក​ប៉ុល​បាន​សរសេរ​យ៉ាង​លម្អិត​អំពី​សេចក្ដី​ស្រឡាញ់​ដូច​ព្រះគ្រីស្ទ ឬ​សេចក្ដី​សប្បុរស និង​មូលហេតុ​ដែល​យើង​គួរ​ចង់​ទទួល​បាន​សេចក្ដី​ស្រឡាញ់​នោះ ។ គោលបំណង​នៃ​មេរៀន​នេះ​ជួយ​អ្នក​ឲ្យ​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​ដ៏​សុទ្ធសាធ​របស់​ព្រះយេស៊ូវគ្រីស្ទ​ចំពោះ​អ្នក និង​ដើម្បី​ជួយ​អ្នក​ឲ្យ​ស្វែងរក​អំណោយទាន​នៃ​សេចក្តីសប្បុរស​ ដើម្បី​ទទួល​នូវ​សេចក្តីស្រឡាញ់​នោះ​ចំពោះ​អ្នកដទៃ ។

ទំនាក់ទំនង​របស់​យើង​ជាមួយ​អ្នក​ដទៃ

សូម​គិត​ពី​នរណា​ម្នាក់​ដែល​អ្នក​ចង់​មាន​ទំនាក់ទំនង​ជាមួយ​ឲ្យ​បាន​កាន់តែ​ល្អ ។

  • ហេតុអ្វី​អ្នក​ចង់​ឲ្យ​ទំនាក់ទំនង​នេះ​បាន​ប្រសើរ​ឡើង ?

  • តើ​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ ដើម្បី​ជួយ​ដល់​ទំនាក់​ទំនង​នេះ ? តើ​អ្វី​ដែល​មាន​ប្រសិទ្ធភាព ? តើ​អ្វី​ដែល​គ្មាន​ប្រសិទ្ធភាព ?

  • តើ​អ្នក​គិត​ថា​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ខ្លាំង​ជាង​នេះ​ អាច​មាន​ឥទ្ធិពល​អ្វី​ដល់​ទំនាក់ទំនង​នោះ ?

នៅ​ពេល​អ្នក​សិក្សា កូរិនថូស ទី១ ១៣ សូម​រកមើល​វិធី​ដែល​អ្នក​អាច​ស្រឡាញ់​អ្នក​ដទៃ ​ដូច​ព្រះអង្គ​សង្គ្រោះ​ស្រឡាញ់​ដែរ ។ សូម​ស្វែងរក​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ដឹង​ពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ ដើម្បី​អនុវត្ត​អ្វី​ដែល​អ្នក​កំពុងរៀន​ចំពោះ​ស្ថានភាព​បច្ចុប្បន្ន​របស់​អ្នក ។

សេចក្តីស្រឡាញ់​ដ៏​សុទ្ធសាធ​របស់​ព្រះយេស៊ូវគ្រីស្ទ

បន្ទាប់​ពី​បង្រៀន​សមាជិក​សាសនាចក្រ​នៅ​ក្រុង​កូរិនថូស​អំពី​អំណោយទាន​ខាង​វិញ្ញាណ​រួចហើយ នោះ​សាវក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា លោក​នឹង​បង្ហាញ​ពួកគេ​នូវ « ផ្លូវ​មួយ​ដ៏​ប្រសើរ​លើស​លែង​ទៅ​ទៀត » ដើម្បី​រស់នៅ ( កូរិនថូស ទី១ ១២:៣១ ) ។ សូមអាន កូរិនថូស ទី១ ១៣:១–៣ ដោយ​ស្វែងរក​ផ្លូវ​ដ៏​ប្រសើរ​លើស​លែង​នេះ ។

  • តើ​អ្នក​ដឹង​អ្វី​ខ្លះ​អំពី​សេចក្ដី​សប្បុរស​ ដែល​ជួយ​អ្នក​ឲ្យ​យល់​ថា ​ហេតុអ្វី​វា​សំខាន់​ខ្លាំង​ដូច្នេះ ?

ព្រះគម្ពីរ​មរមន​អាច​ជួយ​យើង​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​សារៈសំខាន់​នៃ​សេចក្តីសប្បុរស ។ នៅ​ជិត​ចុង​បញ្ចប់​នៃ​កំណត់ត្រា​បុរាណ​នេះ មរ៉ូណៃ​បាន​បញ្ចូល​ពាក្យ​ខ្លះ​របស់​មរមន​ជា​ឪពុក​លោក ។ មរមន​បាន​គូស​បញ្ជាក់​ពី​ធាតុ​នៃ​សេចក្តី​សប្បុរស ហើយ​បាន​ផ្តល់​និយមន័យ​នៃ​សេចក្តីសប្បុរស ( សូមមើល មរ៉ូណៃ ៧:៤៣–៤៨ ) ។

សូម​អាន មរ៉ូណៃ ៧:៤៦–៤៧ ដោយ​ស្វែងរក​អ្វី​ដែល​អ្នក​អាច​រៀន​អំពី​សេចក្ដីសប្បុរស ។

  • តើ​សេចក្ដីពិត​អ្វី​ខ្លះ ​ដែល​អ្នក​រៀន​អំពី​សេចក្ដី​សប្បុរស​ពី​ខគម្ពីរ​ទាំងនេះ ?

ប្រធាន ដាល្លិន អេក អូក ក្នុង​គណៈប្រធាន​ទីមួយ​បាន​បង្រៀន ៖

រូបភាព
រូបថត​ផ្លូវការ​​របស់​ប្រធាន ដាល្លិន អេក អូក ដែល​បាន​ថត​នៅ ខែ មីនា ឆ្នាំ ២០១៨ ។

សេចក្ដី​សប្បុរស​គឺ​ជា « សេចក្តី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះ​គ្រីស្ទ » [ មរ៉ូណៃ ៧:៤៧ ] មិនមែន​ជា អំពើឡើយ ប៉ុន្តែ​ជា លក្ខខណ្ឌ ឬ​ស្ថានភាព​នៃ​ជីវិត ។ សេចក្ដី​សប្បុរស ​គឺ​ទទួល​បាន​តាមរយៈ​ភាពជោគជ័យ​នៃ​ទង្វើ​ដែល​បាន​មកពី​ការប្រែចិត្ត​ជឿ ។ សេចក្ដី​សប្បុរស​ គឺ​ជា​អ្វី​មួយ​ដែល​មនុស្ស​ម្នាក់​ប្រែ​ក្លាយ ។

( ដាល្លិន អេក អូក « The Challenge to Become » Ensign ខែ វិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ៣៤ ) 

  • តើ​សេចក្ដី​ថ្លែងការណ៍​របស់​ប្រធាន អូក បន្ថែម​ដល់​ការ​យល់​ដឹង​របស់​អ្នក​អំពី​សេចក្ដី​សប្បុរស​ដោយ​របៀប​ណា ?

ទាំង​ ប៉ុល ព្រះ​គម្ពីរ​សញ្ញា​ថ្មី និង មរមន នៅក្នុង​ព្រះគម្ពីរ​មរមន បាន​ប្រើ​ពាក្យ និង​ឃ្លា​ស្រដៀង​គ្នា ដើម្បី​ពិពណ៌នា​អំពី​សេចក្តីសប្បុរស ។ តាមរយៈ​ការ​យល់​ពី​ពាក្យ​សម្ដី​របស់​ពួកលោក នោះ​យើង​អាច​ដឹង​ពី​អ្វី​ដែល​ត្រូវ​ធ្វើ ហើយ​ទីបំផុត​ដឹង​ពី​របៀប​ក្លាយ​កាន់តែ​ដូចជា​ព្រះយេស៊ូវគ្រីស្ទ ។

១. សូម​បំពេញ​ជំហាន​នីមួយៗ​ក្នុង​សកម្មភាព​នេះ ហើយ​ឆ្លើយ​សំណួរ​បន្ទាប់​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការ​សិក្សា​របស់​អ្នក ៖

  1. សូម​អាន កូរិនថូស ទី១ ១៣:៤–៧មរ៉ូណៃ ៧:៤៥ ដោយ​រកមើល​ពី​របៀប​ដែល​សេចក្ដីសប្បុរស​ត្រូវ​បាន​ពិពណ៌នា ។

  2. សូម​ជ្រើសរើស​ពាក្យ ឬ​ឃ្លា​ពីរ ឬ​បី​ ដែល​ពិពណ៌នា​អំពី​សេចក្តីសប្បុរស ហើយ​សរសេរ​វា​នៅក្នុង​សៀវភៅ​កំណត់​ហេតុការ​សិក្សា​របស់​អ្នក ។

  3. នៅ​ក្បែរ​នឹង​ការពិពណ៌នា​នីមួយៗ សូម​សរសេរ​អត្ថន័យ​អំពី​សេចក្តី​សប្បុរស​ជា​ពាក្យសម្ដី​ផ្ទាល់​ខ្លួន​របស់​អ្នក ។ អ្នក​អាច​ប្រើ​ឧបករណ៍​សិក្សា​ណា​មួយ ​ដែល​អ្នកមាន​​ ។ ឧទាហរណ៍ អ្នក​អាច​ប្រើ​វចនានុក្រម​ដើម្បី​រកមើល​និយមន័យ​សម្រាប់​ពាក្យ​ដូចជា អត់ធន់អួត ។ សូម​សរសេរ​ផងដែរ​ថា​គុណសម្បត្តិ​​នេះ អាច​ជួយ​អ្នក​ឲ្យ​ក្លាយ​ដូចជា​ព្រះអង្គសង្គ្រោះ​ដោយរបៀបណា​ខ្លះ ។

  • តើ​អ្នក​រៀន​អ្វី​ខ្លះ​អំពី​ព្រះអង្គ​សង្គ្រោះ​ តាមរយៈ​ការពិពណ៌នា​ផ្សេងៗ​ដែល​អ្នក​បាន​សិក្សា ?

គំរូ​ដ៏​ល្អ​ឥតខ្ចោះ

ព្រះយេស៊ូវគ្រីស្ទ​ គឺជា​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ​នៃ​ការពិពណ៌នា​ទាំងអស់​អំពី​សេចក្តីសប្បុរស ។ ដោយ​ប្រើ​អ្វី​ដែល​អ្នក​បាន​សរសេរ​អំពី​សេចក្ដីសប្បុរស​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក សូម​គិត​អំពី​ឧទាហរណ៍​នៅក្នុង​ព្រះគម្ពីរ នៅពេល​ព្រះយេស៊ូវគ្រីស្ទ​បាន​បង្ហាញ​សេចក្ដីស្រឡាញ់​ដ៏​សុទ្ធសាធ​របស់​ទ្រង់​ ។ រូបភាព​ខាង​ក្រោម ​អាច​ជួយ​អ្នក​ភ្ជាប់​ព្រះអង្គ​សង្គ្រោះ​ទៅ​នឹង​ឃ្លា​ដែល​អ្នក​បាន​សិក្សា ។

រូបភាព
ព្រះយេស៊ូវ និង​ស្ត្រី​ដែល​ប្រព្រឹត្ត​សហាយ​ស្មន់ ទ្រង់ និង​នាង​កំពុង​លុត​ជង្គង់ ហើយ​នាង​កាន់​ព្រះហស្ត​ទ្រង់ ។ ឈុតឆាក​ទាំងនេះ​រួមមាន បុរស​ៗដែល​ខឹងសម្បា​យក​ស្ត្រី​រូប​នោះ​បោះ​ដួលទៅលើ​ដី ស្ត្រី​រូប​នោះ​ត្រូវបាន​មនុស្សឈរ​ហ៊ុំព័ទ្ធ ព្រះអង្គសង្គ្រោះ​លុត​ជង្គង់​នៅជិត​នាង ព្រះយេស៊ូវ​លើក​នាង​ឲ្យ​ក្រោក​ឈរ ហើយ​ព្រះអង្គសង្គ្រោះ​ឈរ​ជាមួយ​នាង ។
រូបភាព
រូបគំនូរ​របស់​ព្រះយេស៊ូវ​កំពុង​ឱប​ម៉ារា និង ម៉ាថា ។
រូបភាព
ព្រះយេស៊ូវ​កំពុង​ជិះ​កូនលា​ចូល​ទៅក្នុង​ក្រុង​យេរូសាឡិម ​ឆ្លងកាត់​មនុស្ស​ជាច្រើន​នាក់​ដែល​កាន់​មែកឈើ ។ ឈុតឆាក​ទាំងនេះ​រួមមាន ព្រះយេស៊ូវ​នៅ​ក្នុង​ហ្វូង​មនុស្សដែល​មើលស្ទើរតែ​មិន​ឃើញ​ រូបភាព​នៃ​ហ្វូង​មនុស្ស កុមារ​តូច​ៗ​មួយ​ចំនួន និង​ព្រះយេស៊ូវ​យាងកាត់​ហ្វូង​មនុស្ស ។
រូបភាព
ព្រះយេស៊ូវយាង​ត្រឡប់​ទៅ​សួនច្បារ​វិញ​ដើម្បី​អធិស្ឋានបន្ត​ ហើយ​ទទួលរង​នូវ​ការឈឺចាប់​យ៉ាង​ខ្លាំង ។
រូបភាព
ព្រះយេស៊ូវ​ត្រូវ​ឆ្កាង​នៅលើ​ឈើឆ្កាង​ចន្លោះ​មនុស្ស​អាក្រក់​ពីរនាក់ មានហ្វូង​មនុស្ស​នៅ​ខាងក្រោម​ដែល​កំពុងមើល ។ ឈុតឆាក​ទាំងនេះ​រួមមាន សារាយ​រំហួត​ដោត​ឈើ​ត្រូវបាន​ហុច​ថ្វាយ​ព្រះយេស៊ូវ ដោយ ទាហាន​រ៉ូម៉ាំង ទស្សនៈ​ផ្សេងគ្នា​អំពី​បុរស​ទាំង​បីនាក់​នៅ​លើ​ឈើឆ្កាង ពួកទាហាន​លេងល្បែង​ស៊ីសង និង​ហែកចែក​សម្លៀកបំពាក់​របស់​ទ្រង់ ព្រះយេស៊ូវ​យាង​ដោយ​ពាក់​មកុដ​បន្លា និង​គ្រប​ដណ្តប់​ដោយ​លោហិត និង លោក​កៃផា ។
  • តើ​ព្រះអង្គ​សង្គ្រោះ​បាន​បង្ហាញ​សេចក្តីសប្បុរស​ក្នុង​ស្ថានភាព​នីមួយៗ​ទាំងនេះដោយ​របៀប​ណា ?

  • តើ​អ្នក​បាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​នូវ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​អ្នក ឬ​អ្នក​ដទៃ​យ៉ាង​ដូចម្ដេច ?

  • តើ​ការគិត​អំពី​សេចក្តីស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​អ្នក​ជះ​ឥទ្ធិពល​លើ​អារម្មណ៍​របស់​អ្នក​ចំពោះ​ទ្រង់​យ៉ាង​ដូចម្ដេច ?

ការ​រស់នៅ​ក្នុង​ជីវិត​ប្រកប​ដោយ​សេចក្ដី​សប្បុរស

ព្យាការី​មរមន​បាន​បញ្ចប់​ការ​បង្រៀន​របស់​លោក​អំពី​សេចក្ដី​សប្បុរស ដោយ​មាន​ការ​អញ្ជើញ​ជា​បន្ទាន់​មួយ​ឲ្យ​ធ្វើ​តាម ។ សូម​អាន មរ៉ូណៃ ៧:៤៨ ​រកមើល​ការអញ្ជើញ​នេះ ។

  • តើ​ពាក្យ ឬ​ឃ្លា​អ្វី​ខ្លះ​ ដែល​ជួយ​អ្នក​ឲ្យ​យល់​ពី​អ្វី​ដែល​ត្រូវ​ធ្វើ​ដើម្បី​ទទួល​បាន​អំណោយ​ទាន​នៃ​សេចក្ដី​សប្បុរស ?

ពេញ​មួយ​ព្រះជន្ម​របស់​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ​បាន​បង្ហាញ​ថា នៅ​គ្រប់​ស្ថានភាព​ទាំងអស់ សេចក្ដី​សប្បុរស​អាច​ធ្វើ​ទៅ​បាន ។ សូម​ព្យាយាម​ស្រមៃ​មើល​ថា តើ​វា​នឹង​មាន​ឥទ្ធិពល​អ្វី​ខ្លះ​កើត​មានដល់​ជីវិត​របស់​អ្នក ប្រសិនបើ​អ្នក​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គសង្គ្រោះ​អំពី​សេចក្តីសប្បុរស​ក្នុង​គ្រប់​ស្ថានភាព​ទាំងអស់ ។ សូម​គិត​ពី​ទំនាក់ទំនង​ជាក់លាក់ ​ដែល​អ្នក​បាន​គិត​នៅពេល​ចាប់ផ្តើម​មេរៀន ។ សូម​ពិចារណា​អំពីការ​មាន​សេចក្ដីសប្បុរស​កាន់តែ​ច្រើន​នឹង​ផ្តល់​ពរ​ដល់​ទំនាក់ទំនង​នោះដោយ​របៀបណាខ្លះ ។

២. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ ដើម្បី​បង្ហាញ​ពី​សេចក្ដី​សប្បុរស​បន្ថែម​ទៀត ?

  • តើ​អ្នក​នឹង​ធ្វើ​អ្វី​ដើម្បី​បង្ហាញ​ព្រះវរបិតា​សួគ៌​ថា អ្នក​ប្រាថ្នា​ចង់​បាន​ជំនួយ​របស់​ទ្រង់ ?

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ទេ ?

តើ​យើង​អាច​បង្ហាញ​សេចក្ដី​សប្បុរស​ចំពោះ​អ្នកដទៃ​ដោយ​របៀប​ណា ?

អែលឌើរ ម៉ាវិន ជេ អាស្តុន ( ឆ្នាំ ១៩១៥–១៩៩៤ ) ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

រូបភាព
រូបថតរបស់ ម៉ាវីន ជេ អាស្តុន ។

សេចក្តីសប្បុរស​កើត​ឡើង ​នៅពេល​យើង​មាន​ចិត្ត​សប្បុរស​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក នៅពេល​យើង​មិន​វិនិច្ឆ័យ ឬ​ចាត់​ថ្នាក់​អ្នក​ដទៃ ពោល​គឺនៅពេល​យើង​គ្រាន់តែ​ទទួល​យក​គ្នា​ទៅវិញទៅមកយ៉ាង​សាមញ្ញ ឬ​ស្ងៀមស្ងាត់ ។ សេចក្ដី​សប្បុរស​គឺជា​ការទទួល​យក​ភាពខុសគ្នា ភាពទន់ខ្សោយ និង​ភាព​ខ្វះ​ចន្លោះ​របស់​នរណាម្នាក់ ​មាន​ភាពអត់ធន់​ដល់​នរណាម្នាក់​ដែល​មិន​គាំទ្រ​យើង ឬរារាំង​មិន​ឲ្យ​កំហឹង​ឆាប់​កើតឡើង នៅពេល​នរណាម្នាក់​មិន​ព្រម​ដោះស្រាយ​អ្វីមួយ​តាម​របៀប​ដែល​យើង​សង្ឃឹម​ចង់​បាន ។ សេចក្ដី​សប្បុរស​ជា​ការបដិសេធ​មិន​កេង​ចំណេញ​លើ​ភាពទន់ខ្សោយ​របស់​អ្នកដទៃ និង​ការមាន​ឆន្ទៈ​ក្នុង​ការអភ័យទោស​ដល់​នរណា​ម្នាក់​ដែល​បាន​ធ្វើ​ឲ្យ​យើង​ឈឺចាប់ ។ សេចក្ដី​សប្បុរស​គឺ​ជា​ការរំពឹង​ចង់​បាន​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​គ្នា​ទៅ​វិញ​ទៅ​មក ។

( ម៉ាវីន ជេ អាស្តុន « The Tongue Can Be a Sharp Sword » Ensign ខែ ឧសភា ឆ្នាំ ១៩៩២ ទំព័រ ១៩ )

ប្រធាន ថូម៉ាស អេស ម៉នសុន ( ឆ្នាំ ១៩២៧–២០១៨ ) បាន​បង្រៀន​អំពី​សេចក្ដី​សប្បុរស​នៅ​ក្នុង​សារលិខិត​សន្និសីទ​ទូទៅ​របស់​លោក « Charity Never Faileth » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២២–១២៥ ) ។ អ្នក​ប្រហែល​ជា​ចង់​មើល​វីដេអូ​នៃ​សារលិខិត​នេះ នៅលើ​គេហទំព័រ ChurchofJesusChrist.org ចាប់ពី​នាទី​ទី ១៥:០៥ ដល់​នាទី​ទី ១៧:២២ ។

ហេតុអ្វី​សេចក្ដី​សប្បុរស​ដែល​ជា​សេចក្ដីស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​មិន​ចេះ​ផុត​រលត់​ ?

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បានបង្រៀន ៖

រូបភាព
រូបថត​ផ្លូវការ​របស់ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ។ បានថត​នៅ​ខែ មករា ឆ្នាំ ២០១៨ ។

សេចក្ដី​សប្បុរសពិត … ត្រូវបាន​បង្ហាញ​យ៉ាង​ច្បាស់ និង​យ៉ាង​បរិសុទ្ធ​នៅក្នុង​សេចក្ដីស្រឡាញ់​ដ៏​ពិតប្រាកដ ដ៏​ខ្ពង់ខ្ពស់​បំផុត និង​ដ៏​ធួន​របស់​ព្រះគ្រីស្ទ​សម្រាប់​យើង ។ … វា​គឺ​ជា​សេចក្ដី​សប្បុរស—ជា​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​របស់​ទ្រង់​មាន​សម្រាប់​យើង—គឺ​ថាបើ​គ្មាន​វា​ទេ យើង​នឹង​គ្មាន​ជា​អ្វី​ទាំងអស់ គ្មាន​សង្ឃឹម គឺជា​បុរស និង​ស្ត្រី​ដែល​វេទនា​បំផុត ។ ពិតណាស់ ពួក​អ្នក​ដែល​មាន​សេចក្ដី​សប្បុរស នឹង​ទទួល​បាន​ពរជ័យ​នៃ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​នៅ​ថ្ងៃ​ចុងក្រោយ—ដង្វាយធួន ដំណើររស់​ឡើងវិញ ជីវិតដ៏​នៅ​អស់កល្ប​ជានិច្ច ការសន្យា​ដ៏​អស់កល្ប—ពិតណាស់ នឹង​បាន​ស្រួល​ទាំងអស់​ដល់​អ្នក​នោះ​ហើយ ។ …

ជីវិត​មាន​នូវ​ការភ័យ​ខ្លាច និង​បរាជ័យ ។ ពេលខ្លះ​អ្វីៗ​ខកខាន​មិន​បាន​ដល់​គោលដៅ ។ ជួនកាល​មនុស្ស​ខ្លះ​ធ្វើ​ឲ្យ​យើង​បរាជ័យ ឬ​​សេដ្ឋកិច្ច ឬ​ពាណិជ្ជកម្ម​ ឬ​រដ្ឋាភិបាល​ធ្វើ​ឲ្យ​យើង​បរាជ័យ​ ។ ប៉ុន្ដែ​មានរឿង​មួយ ​ទោះ​ក្នុងពេល​នេះ ឬ​ភាព​ដ៏​នៅ​អស់​កល្បជានិច្ចក្ដី គឺ មិន ​ដែលធ្វើ​ឲ្យ​យើង​បរាជ័យ​នោះឡើយ—គឺ​សេចក្ដីស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ ។

( ជែហ្វ្រី អ័រ ហូឡិន Christ and the New Covenant [ ឆ្នាំ ១៩៩៧ ] ទំព័រ ៣៣៦–៣៣៧ )