ថ្នាក់​សិក្ខាសាលា
កូរិនថូស ទី១ ១៥: ១៣–២៨


កូរិនថូស ទី១ ១៥:១៣–២៨

« តែ​ឥឡូវ​នេះ ព្រះគ្រីស្ទ​ទ្រង់​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ​ជា​ពិត »

រូបភាព
រូបគំនូរ​របស់​ព្រះយេស៊ូវគ្រីស្ទ​កំពុង​ទតមើល​ទៅ​លើ​មេឃ​ដោយ​លើក​ព្រះហស្ត​ទ្រង់​ឡើង ។ ទ្រង់​គង់​នៅ​ក្បែរ​ផ្នូរ​ដែល​គេ​បញ្ចុះ​ទ្រង់ ។

សូម​ស្រមៃ​មួយ​ភ្លែត​ថា បើព្រះយេស៊ូវគ្រីស្ទ​មិន​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ទេនោះ ។ តើ​វា​មាន​ន័យ​យ៉ាង​ណា​សម្រាប់​ពិភពលោក​នេះ ? សម្រាប់​អ្នក​ផ្ទាល់ ? ហេតុអ្វី​ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះគ្រីស្ទ​មាន​សារៈ​សំខាន់​ខ្លាំងដូច្នេះ ? នៅពេល​ពួកបរិសុទ្ធ​នៅ​ក្រុង​កូរិនថូស​ចោទ​សួរ​សេចក្ដីពិត​អំពី​ការមាន​ព្រះជន្ម​រស់​ឡើង​វិញ នោះ​ប៉ុល​បាន​សរសេរ​ទៅ​ពួកគេ​អំពី​អត្ថន័យ​នៃ​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះអង្គសង្គ្រោះ​សម្រាប់​ពួកគេ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់ និង​ដឹងគុណ​កាន់តែ​ខ្លាំង​ឡើង​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ ដោយសារ​តែ​ការឈ្នះ​លើ​សេចក្ដីស្លាប់​របស់​ទ្រង់ ។

ជំនាន់​ដែល​ផ្លាស់ប្ដូរ​ប្រវត្តិសាស្ត្រ

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ចែកចាយ​សំណួរ​មួយ​ដែល​លោក​ធ្លាប់​បាន​ស្រាវជ្រាវ ។ សូមមើល « Behold the Man! » ចាប់ពី​នាទី​ទី ១:៣៧ ដល់​នាទី​ទី ២:៣១ ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ឬ​អាន​សេចក្តីថ្លែងការណ៍​ខាងក្រោម ។

រូបភាព
រូបថត​ផ្លូវការ​​របស់​អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ឆ្នាំ ២០០៦ ។ ត្រូវបាន​ហៅ​បម្រើ​ជា​ទីប្រឹក្សា​ទីពីរ​ក្នុង​គណៈប្រធាន​ទីមួយ នៅ​ថ្ងៃ​ទី ៣ ខែ កុម្ភៈ ឆ្នាំ ២០០៨ ។ រូបថត​ផ្លូវការ​នៅក្នុង​ឆ្នាំ ២០០៨ ជំនួស​រូបថត​​ដែល​បាន​ថត​នៅក្នុង​ឆ្នាំ ២០០៤ ។

ថ្មីៗ​នេះ ខ្ញុំ​បាន​សួរ​នៅលើ​អ៊ីនធឺណិត​ថា « តើ​ជំនាន់​ណា​ដែល​មាន​ការ​ផ្លាស់ប្ដូរ​បំផុត​នៅក្នុង​ដំណើរ​ប្រវត្តិសាស្ត្រ ? »

ចម្លើយ​មាន​ច្រើន ចាប់​ផ្ដើម​ពី​រឿង​គួរ​ភ្ញាក់ផ្អើល និង​ចម្លែក​រហូត​ដល់​គំនិត​ជ្រៅជ្រះ និង​ជំរុញ​ឲ្យ​មាន​ការគិត ។ នៅក្នុង​ចម្លើយ​ទាំង​នោះ​រួមមាន ជំនាន់​ដែល​ផ្កាយ​ព្រះអង្គារ​ក្នុង​បុរេប្រវត្តិ​បាន​ធ្លាក់​ទៅលើ​ឧបទ្វីប យូកាន់តា ឬ​នៅ​ក្នុង​ឆ្នាំ ១៤៤០ ចនហានណេស ហ្គូធិនប៊ើក បាន​បញ្ចប់​ការបោះ​ពុម្ពផ្សាយ​របស់​គាត់ ហើយ​ជាក់ស្ដែង​នៅ​ឆ្នាំ ១៩០៣ នៅពេល​បងប្អូន​ប្រុស​ត្រកូល​រ៉ាយ បាន​បង្ហាញ​ថា មនុស្ស​ពិតជា​អាច​ហោះហើរ​បាន ។

ប្រសិនបើ​ជា​សំណួរ​ដូចគ្នា​នេះ​ត្រូវ​បាន​សួរ​មក​កាន់​បងប្អូន តើ​បងប្អូន​នឹង​ឆ្លើយ​យ៉ាងដូច​ម្តេច ?

( ឌៀថើរ អេហ្វ អុជដូហ្វ « Behold the Man! » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ១០៧–១០៨ )

  • តើ​ជំនាន់​ណា​ដែល​អ្នក​នឹង​និយាយ​ថា មាន​ការផ្លាស់ប្ដូរ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ ? ហេតុអ្វី ?

អែលឌើរ អុជដូហ្វ បាន​ចែកចាយ​ព្រឹត្តិការណ៍​ដែល​លោក​មាន​អារម្មណ៍​ថា​បាន​ផ្លាស់ប្តូរ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ ។ សូម​មើល « Behold the Man! » ចាប់ពី​នាទី​ទី ៤:២០ ដល់​នាទី​ទី ៤:៥៥ ឬ​អាន​សេចក្ដីថ្លែងការណ៍​ខាង​ក្រោម ។

រូបភាព
រូបថត​ផ្លូវការ​​របស់​អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ឆ្នាំ ២០០៦ ។ ត្រូវបាន​ហៅ​បម្រើ​ជា​ទីប្រឹក្សា​ទីពីរ​ក្នុង​គណៈប្រធាន​ទីមួយ នៅ​ថ្ងៃ​ទី ៣ ខែ កុម្ភៈ ឆ្នាំ ២០០៨ ។ រូបថត​ផ្លូវការ​នៅក្នុង​ឆ្នាំ ២០០៨ ជំនួស​រូបថត​​ដែល​បាន​ថត​នៅក្នុង​ឆ្នាំ ២០០៤ ។

មាន​ព្រឹត្តការណ៍​ជាច្រើន​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​មក​លើ​ជោគវាសនា​នៃ​ជាតិ​សាសន៍ និង​ប្រជាជន ។ ប៉ុន្តែ​នៅពេល​ប្រមូល​ផ្ដុំ​វា​ជាមួយ​គ្នា នោះ​វា​ពុំ​អាច​ប្រៀបផ្ទឹម​បាន​ទៅ​នឹង​សារៈសំខាន់​នៃ​អ្វី​ដែល​បាន​កើតឡើង​នៅ​ព្រឹក​អ៊ីស្ទើរ​ដំបូង​នោះ​ទេ ។

តើ​អ្វី​ដែល​ធ្វើ​ឲ្យ​ការពលិកម្ម​ដ៏​និរន្តរ៍ និង​ការមាន​ព្រះជន្ម​រស់​ឡើងវិញ​របស់​ព្រះយេស៊ូវគ្រីស្ទ ជា​ពឹ្រត្តិការណ៍​ដ៏​សំខាន់​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ—ដែល​មាន​ឥទ្ធិពល​ជាង​សង្គ្រាម​លោក គ្រោះ​ចង្រៃ​បំផ្លិចបំផ្លាញ និង​ការរកឃើញ​ខាង​វិទ្យាសាស្ត្រ​ដែល​ផ្លាស់ប្ដូរ​ជីវិត​នោះ ?

( ឌៀថើរ អេហ្វ អុជដូហ្វ « Behold the Man! » Liahona ឧសភា ឆ្នាំ ២០១៨ ទំព័រ ១០៨ )

  • ហេតុអ្វី​អ្នក​គិត​ថា ដង្វាយធួន និង​ការមាន​ព្រះជន្ម​រស់​ឡើងវិញ​របស់​ព្រះអង្គសង្គ្រោះ​គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ ?

  • ហេតុអ្វី​ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ​មាន​សារៈសំខាន់​ចំពោះ​អ្នក ?

ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ

ប៉ុល​បាន​សរសេរ​ទៅ​ពួកបរិសុទ្ធ​នៅ​ក្រុង​កូរិនថូស​ដើម្បី​កែតម្រូវ​ចំពោះ​ជំនឿ​ក្លែងក្លាយ​ដែល​បាន​កើត​ឡើង​ថា​គ្មាន​ដំណើរ​រស់​ឡើង​វិញ​នោះ ។ នៅពេល​អ្នក​សិក្សា​ពាក្យ​របស់​លោក សូម​បង្កើត​តារាង​ស្រដៀង​នឹង​តារាង​ខាងក្រោម​ដើម្បី​កត់ត្រា​សេចក្ដីលម្អិត និង​សេចក្ដីពិត​ពី​ព្រះគម្ពីរ ព្រម​ទាំង​ការបំផុស​គំនិត​ដែល​អ្នក​ទទួល​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ការធ្វើ​ដូច្នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​បទគម្ពីរ មាន​បទពិសោធន៍​រៀន​សូត្រ​ដ៏​មាន​អានុភាព និង​ធ្វើ​ឲ្យ​សេចក្តីស្រឡាញ់​របស់​អ្នក​មានកាន់តែ​ស៊ី​ជម្រៅ និង​មាន​ការយល់​ដឹង​អំពី​ព្រះអង្គសង្គ្រោះ និង​ការឈ្នះ​លើ​សេចក្ដីស្លាប់​របស់​ទ្រង់ ។

១. សូម​គូរ និង​បំពេញ​តារាង​ខាង​ក្រោម​នេះ​ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

ប្រសិន​បើ​ព្រះយេស៊ូវគ្រីស្ទ​ មិន​បាន​មាន​ព្រះជន្ម​រស់​ឡើងវិញ​ទេ​នោះ …

ដោយសារ​ព្រះយេស៊ូវគ្រីស្ទ​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ …

សូម​អាន កូរិនថូស ទី១ ១៥:១៣–១៩ ។ សូមបន្ថែម​សេចក្តីថ្លែងការណ៍​ពីរ ឬ​បី​ទៅ​ផ្នែក​ខាង​ឆ្វេង​នៃ​តារាង​របស់​អ្នក ដោយ​ផ្អែក​ទៅ​លើ​អ្វី​ដែល​អ្នក​បាន​រៀន​ពី​ខគម្ពីរ​ទាំងនេះ ។

  • តើ​អ្នក និង​អ្នក​ដទៃ​ទៀត​នឹង​ទទួល​រង​ឥទ្ធិពល​យ៉ាង​ណា ប្រសិនបើ​ព្រះយេស៊ូវ​មិន​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ទេនោះ​ ?

កូរិនថូស ទី១ ១៥:២០–២២ គឺ​ជា​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​មួយ ។ សូម​ពិចារណា​គូស​ចំណាំ​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​តាម​របៀប​ដែល​ងាយ​សម្គាល់ ដើម្បី​អ្នក​អាច​រក​ឃើញ​វា​ដោយ​ងាយ ។ អ្នក​នឹង​រៀន​បន្ថែម​អំពី​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នេះ​នៅ​ក្នុង​មេរៀន​ក្រោយ ។

ឥឡូវ​សូម​អាន កូរិនថូស ទី១ ១៥:២០–២២ ។ សូម​រក​មើល​អ្វី​ដែល​នឹង​កើត​ឡើង ​ដោយសារ​តែ​ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ សូម​បន្ថែម​វា​ទៅ​ជួរ​ឈរ​ខាង​ស្តាំ​នៃ​តារាង​របស់​អ្នក ។ សូម​កត់ចំណាំ​ថា « ផល​ដំបូង » នៅក្នុង ខទី ២០ សំដៅ​លើ​ព្រះយេស៊ូវគ្រីស្ទ​ជា​បុគ្គល​ដំបូង​គេ​ដែល​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ ។

  • តើ​ប៉ុល​គូស​បញ្ជាក់​ថា​នឹង​មាន​អ្វី​កើត​ឡើង ដោយសារ​ព្រះយេស៊ូវ​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ​នោះ ?

វគ្គ​បទគម្ពីរ​នេះ​ជួយ​យើង​ឲ្យ​យល់​ថា ដោយសារ​ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​មនុស្ស​គ្រប់​រូប​នឹង​បាន​រស់​ឡើង​វិញ​ផងដែរ ។ សេចក្តី​ស្លាប់​កើត​មាន​លើ​មនុស្ស​ទាំងអស់ ដោយសារ​ការធ្លាក់​របស់​អ័ដាម និង អេវ៉ា ។ ព្រះយេស៊ូវគ្រីស្ទ​បាន​យក​ឈ្នះ​លើ​ផលលំបាក​នេះ​សម្រាប់​មនុស្ស​ទាំងអស់​ វាជា​អំណោយ​ដែលឥត​គិត​ថ្លៃ ។

សូម​ឈប់​បន្តិច ហើយ​គិត​អំពី​អ្វី​ដែល​អំណោយ​នៃ​ការរស់​ឡើង​វិញ​ជា​សកល​នេះ​អាច​បង្រៀន​អ្នក​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

  • តើ​ការយកឈ្នះ​លើ​សេចក្ដីស្លាប់​ខាង​រូបកាយ​របស់​ព្រះអង្គសង្គ្រោះ​សម្រាប់​មនុស្ស​ទាំងអស់ ​បង្រៀន​អ្នក​អ្វី​ខ្លះ​អំពី​ទ្រង់ ?

ប្រសិនបើ​អាច សូមមើល « #Hallelujah—An Easter Message about Jesus Christ » ( ២:១៣ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។ សូម​រកមើល ហើយ​ធ្វើ​បញ្ជី​នៅក្នុង​ជួរ​ឈរ​ខាង​ស្ដាំ​នៃ​តារាង​របស់​អ្នក​ពី​របៀប​ដែល​អ្នក​អាច​ទទួល​បាន​ពរជ័យ ដោយសារ​ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះអង្គសង្គ្រោះ ។ « ហាលេលូយ៉ា » គឺ​ជា​ការនិយាយ​មួយ​ដែល​មាន​ន័យ​ថា « ចូរ​អ្នក​សរសើរ​ដល់​ព្រះអម្ចាស់ » ( សូមមើល Bible Dictionary « Hallelujah » ) ។

  • តើ​អ្នក​បាន​រៀន​អ្វី​ពី​វីដេអូ​នេះ ដែល​ធ្វើ​ឲ្យ​អ្នក​ចង់​ថ្វាយ​ការសរសើរ​ដល់​ព្រះអម្ចាស់ ?

សូម​គិត​ត្រឡប់​ទៅ​សំណួរ​ពី​ខាង​ដើម​មេរៀន ៖ « ហេតុអ្វី​ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​សំខាន់​ចំពោះ​អ្នក ? »

  • តើ​ចម្លើយ​របស់​អ្នក​ចំពោះ​សំណួរ​នោះ​ ជះ​ឥទ្ធិពល​យ៉ាង​ណា​ចំពោះ​អ្វី​ដែល​អ្នក​បាន​សិក្សា​ថ្ងៃ​នេះ ?

  • សូម​អ្នក​ស្រមៃ​មើល​ថា តើ​អ្នក​នឹង​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​ព្រះយេស៊ូវគ្រីស្ទ នៅពេល​ទ្រង់​ប្រទាន​ជីវិត​ថ្មី​ដល់​អ្នក និង​មនុស្ស​ជា​ទីស្រឡាញ់​របស់​អ្នក ?

អត្ថន័យ​នៃ​ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់ចំពោះ​យើង

ថ្នាក់​ដឹកនាំ​សាសនាចក្រ​សម័យ​បុរាណ និង​សម័យ​ទំនើប​ បាន​ថ្លែង​ទីបន្ទាល់​អំពី​ការឈ្នះ​លើ​សេចក្ដីស្លាប់​របស់​ព្រះអង្គសង្គ្រោះ​ មាន​អត្ថន័យ​សម្រាប់​យើង ។

សូមអាន កូរិនថូស ទី១ ១៥:៥១–៥៨, អាលម៉ា ១១:៤២–៤៤ និង​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​ដោយ​អែលឌើរ ផល វី. ចនសុន ក្នុង​ពួកចិតសិប​នាក់ ដែល​កូនស្រី​របស់​លោក​បាន​ស្លាប់​ដោយសារ​ជំងឺ​មហារីក ។ សូម​បន្ថែម​ព័ត៌មាន​លម្អិត​សំខាន់ៗ​ដែល​អ្នក​ឃើញ​ទៅ​ក្នុង​តារាង​របស់​អ្នក ។ សូម​ចំណាំ​ថា « មិន​ពុក​រលួយ​ទៀត​ឡើយ » ( កូរិនថូស ទី​១ ១៥:៥២ ) មាន​ន័យ​ថា​បន្ត​ទៅ​ជា​រៀង​រហូត ហើយ​មិន​ពុក​ផុយ​ឡើយ ។

រូបភាព
អែលឌើរ ផល វី ចនសុន ក្នុង​កូរ៉ុម​នៃ​ពួក​ចិតសិប​នាក់​ បាន​ថតរូប​ផ្លូវការក្នុង​ឆ្នាំ ២០២១ ។

យើង​ម្នាក់ៗ​មាន​នូវ​ដែន​កំណត់​នៃ​រូបកាយ ផ្លូវចិត្ត និង​សតិអារម្មណ៍​ព្រមទាំង​ភាពទន់ខ្សោយ ។ ឧបសគ្គ​ទាំង​នេះ … នៅ​ទីបំផុត​នឹង​ត្រូវ​បាន​ដោះ​ស្រាយ ។ បញ្ហា​ទាំង​នេះ​នឹង​មិន​ធ្វើ​ឲ្យ​យើង​ឈឺចាប់​ឡើយ បន្ទាប់​ពី​យើង​បាន​រស់​ឡើងវិញ ។​…

… យើង​ដឹង​ថា [ ព្រះគ្រីស្ទ ] អាច​ធ្វើ​ឲ្យ​យើង​ជា​សះ​ស្បើយ មិន​ថា​មាន​អ្វី​ឈឺ​ចាប់​ក្នុង​ចិត្ត​យើង​នោះ​ទេ ។ យើង​ដឹង​ថា​ទ្រង់ « នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក​ពី​ភ្នែក [ របស់​យើង ] ចេញ និង​គ្មាន​សេចក្តីស្លាប់ ឬ​សេចក្តី​សោក​សង្រេង ឬ​សេចក្តី​យំ​ទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ » [ វរណៈ ២១:៤ ] ។

( ផល វី. ចនសុន « And There Shall Be No More Death » Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ១២២–២៣ )

សូម​ពិនិត្យ​មើល​តារាង​របស់​អ្នក​ឡើង​វិញ ។ សូម​សញ្ជឹង​គិត​ថា​អ្វី​ដែល​អ្នក​បាន​កត់ត្រា ​ជះ​ឥទ្ធិពល​លើ​អារម្មណ៍​របស់​អ្នក​ចំពោះ​ព្រះយេស៊ូវគ្រីស្ទដោយ​របៀបណា ។

  • តើ​ការប្រើ​តារាង​នេះ​បាន​ជួយ​ដល់​ការសិក្សា​របស់​អ្នក​យ៉ាង​ដូចម្ដេច ?

  • តើ​អ្វី​ដែល​អ្នក​បាន​កត់ត្រា​ជះ​ឥទ្ធិពល​លើ​សេចក្ដីស្រឡាញ់​ដែល​អ្នក​មាន​ចំពោះ និងមក​ពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច ?

ដើម្បី​បញ្ចប់​ការសិក្សា​របស់​អ្នក សូមពិចារណា​មើល « I Know That My Redeemer Lives » ( ៥:២៥ ) ឬ​អាន​ទំនុក​បទ « ខ្ញុំ​ដឹង​ថា​ព្រះ​ប្រោសលោះ​ខ្ញុំ​នៅ​រស់ » ( ទំនុក​តម្កើង ល.រ.៧៦ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

នៅ​ផ្នែក​ខាង​ក្រោម​នៃ​តារាង​របស់​អ្នក សូម​សរសេរ​អ្វី​ដែល​អ្នក​បាន​រៀន ឬ​ទទួល​អារម្មណ៍​នៅ​ថ្ងៃ​នេះ ដែល​មាន​អត្ថន័យ​បំផុត​សម្រាប់​អ្នក និង​ហេតុផល ។

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ទេ ?

តើ​ចំណេះ​ដឹង​អំពី​អំណាច​នៃ​ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះគ្រីស្ទ​អាច​ជះ​ឥទ្ធិពល​មក​លើ​ខ្ញុំ​យ៉ាង​ដូចម្ដេច ?

ប្រធាន ដាល្លិន អេក អូក ក្នុង​គណៈប្រធាន​ទីមួយ​បាន​ពន្យល់ ៖

រូបភាព
រូបថត​ផ្លូវការ​​របស់​ប្រធាន ដាល្លិន អេក អូក ដែល​បាន​ថត​នៅ ខែ មីនា ឆ្នាំ ២០១៨ ។

ការធានា​ថា​ ការរស់​ឡើង​វិញ​នឹង​រួម​បញ្ចូល​ឱកាស​មួយ​ដើម្បី​នៅ​ជាមួយ​សមាជិក​គ្រួសារ​របស់​យើង—គឺ​ស្វាមី ភរិយា ឪពុកម្ដាយ បងប្អូន​ប្រុសស្រី កូន និង​ចៅ—គឺ​ជា​ការលើក​ទឹកចិត្ត​ដ៏​ខ្លាំង​មួយ​សម្រាប់​យើង​ក្នុង​ការបំពេញ​ទំនួល​ខុស​ត្រូវ​ក្នុង​គ្រួសារ​របស់​យើង​ក្នុង​ជីវិត​រមែង​ស្លាប់ ។ វា​ជួយ​យើង​រស់នៅ​ជាមួយ​គ្នា​នៅ​ក្នុង​សេចក្ដីស្រឡាញ់​នៅ​ក្នុង​ជីវិត​នេះ ​ដើម្បី​ចូលរួម​ក្នុង​ការរួបរួម និង​ទំនាក់ទំនង​នៅ​ជីវិត​ក្រោយ​ដោយ​អំណរ ។

( ដាល្លិន អេក អូក « Resurrection » Liahona ខែ ឧសភា ឆ្នាំ ២០០០ ទំព័រ ១៦ )

សូម​ពិចារណា​មើល « Sunday Will Come » ( ២:៣១ ) សម្រាប់​ការយល់​ដឹង​បន្ថែម ។ វីដេអូ​នេះ​មាន​នៅគេហទំព័រ ChurchofJesusChrist.org ។

តើ​ដង្វាយ​ធួន និង​ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះអង្គសង្គ្រោះ​ជួយ​ដល់​ការបាត់បង់​ដែល​យើង​ជួប​ប្រទះ​ក្នុង​ជីវិត​រមែង​ស្លាប់​យ៉ាង​ដូចម្ដេច ?

សូម​មើល « Come What May, and Love It » ចាប់ពី​នាទី​ទី ៨:២៣ ដល់​នាទី​ទី ៩:១២ ដែល​អែលឌើរ យ៉ូសែប ប៊ី វើតលីន ( ឆ្នាំ ១៩១៧–២០០៨ ) ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​ពន្យល់​អំពី​របៀប​ដែល​ព្រះអង្គសង្គ្រោះ​ ជួយ​យើង​ជាមួយ​នឹង​ការបាត់បង់​ដែល​យើង​ជួប​ប្រទះ​នៅក្នុង​ជីវិត​រមែង​ស្លាប់ ។ វីដេអូ​នេះ​មាន​នៅគេហទំព័រ ChurchofJesusChrist.org ។

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

រូបភាព
រូបថត​ផ្លូវការ​​របស់​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ។ បានថត​នៅ​ខែ មីនា ឆ្នាំ ២០២០ ។

ព្រះអង្គសង្គ្រោះ​ធ្វើ​ឲ្យ​គ្រប់​យ៉ាង​ត្រឹមត្រូវ ។ គ្មាន​ភាពអយុត្តិធម៌​ក្នុង​ជីវិត​រមែង​ស្លាប់​នៅ​គង់វង្ស​ឡើយ សូម្បី​តែ​សេចក្ដីស្លាប់​ក៏​មិន​គង់វង្ស​ដែរ ដ្បិត​ទ្រង់​ប្រោស​ជីវិត​ឲ្យ​រស់​ឡើង​វិញ ។ គ្មាន​ការខូចខាត អសមត្ថភាព ភាពក្បត់ ឬ​ការរំលោភ​បំពាន​ណា​ដែលបាន​កើត​មាន នឹង​គ្មាន​ការទូទាត់​នៅ​ទីបំផុត​នោះឡើយ គឺ​ព្រោះ​តែ​សេចក្ដីយុត្តិធម៌ និង​សេចក្ដីមេត្តា​ករុណា​ទ្រង់ ។

( ឌី ថត គ្រីស្តូហ្វឺសិន « The Resurrection of Jesus Christ » Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ១១២ )

តើ​មនុស្ស​គ្រប់​គ្នា​នឹង​រស់​ឡើង​វិញ​ក្នុង​ពេល​តែ​មួយ​ដែរ​ឬ​ទេ ?

« ប៉ុល​បាន​ពន្យល់​ថា ដំណើរ​រស់​ឡើង​វិញ​ធ្វើ​តាម​យថានុក្រម ឬ​លំដាប់​ត​គ្នា​ដែល​បាន​បង្កើត​ឡើង ( សូមមើល កូរិនថូស ទី១ ១៥:២៣ ) ។ …

« ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​អង្គ​ដំបូង​ដែល​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ ។ ភ្លាមៗ​បន្ទាប់​ពី​ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់ នោះ​មាន​ពួកបរិសុទ្ធ​សុចរិត​ដែល​បាន​ងើប​ឡើង​ពី​ផ្នូរ ( សូមមើល ម៉ាថាយ ២៧:៥២–៥៣ ) ។ នៅ​ពេល​ការយាង​មក​ជា​លើក​ទី​ពីរ នោះ​ដំណើរ​រស់​ឡើង​វិញ​នឹង​បន្ត​ជាមួយ​នឹង​ការចេញ​មក​របស់​ពួកបរិសុទ្ធ​សុចរិត​ផ្សេង​ទៀត ដែល ‹ ជា​របស់​ផង​ព្រះគ្រីស្ទ ក្នុង​កាល​ដែល​ទ្រង់​យាង​មក › ( កូរិនថូស ទី១ ១៥:២៣ ) ។ តាមរយៈ​វិវរណៈ​ថ្ងៃ​ចុងក្រោយ យើង​ដឹង​ថា មនុស្ស​ទាំងនេះ​នឹង​ទទួល​បាន​នគរ​សេឡេស្ទាល [ សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦:៥០–៧០; ៨៨:៩៧–៩៨ ] ។ បន្ទាប់មក​ការរស់​ឡើង​វិញ​នឹង​កើត​មាន​ដល់​អស់​អ្នក​ដែល​នឹង​ទទួល​បាន​សិរីល្អ​ទេរេសទ្រាល [ សូម​មើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦:៧១–៧៩; ៨៨:៩៩ ] ។ នៅ​ចុង​សហសវត្សរ៍ នោះ​ពួកអ្នក​ដែល​រស់​ឡើង​វិញ​បន្ទាប់​នោះ ​គឺ​ពួកអ្នក​ដែល​នឹង​គ្រង​នូវ​សិរីល្អ​នៃ​ទេឡេស្ទាល [ សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦:៨១–៨៦; ៨៨:១០០–១០១ ] ។ ទីបំផុត ដំណើរ​រស់​ឡើង​វិញ​នឹង​ត្រូវ​បាន​បញ្ចប់​ដោយ​ការកើត​ឡើង​មក​នៃ… ‹ ពួក​កូន​អន្តរធាន › ដែល​នឹង​មិន​ទទួល​បាន​លំដាប់​នៃ​សិរីល្អ​អ្វី​ទេ ប៉ុន្តែ​នឹង ‹ វិល​ទៅ​កន្លែង​គេ​វិញ ដើម្បី​ត្រេកអរ​ចំពោះ​អ្វី​ដែល​ពួកគេ​ព្រម​ទទួល ពី​ព្រោះ​ពួកគេ​មិន​ព្រម​ត្រេកអរ​ចំពោះ​អ្វី ដែល​ពួកគេ​អាច​ទទួល​បាន​នោះ​ឡើយ › [ សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៣១–៣៩, ៤៣–៤៤; ៨៨:២៨–៣២, ៣៥, ១០១–១០២ ] » ( សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី​សម្រាប់​សិស្ស [ ឆ្នាំ ២០១៤ ] ទំព័រ ៣៨៥ ) ។

វិញ្ញាណ​ទាំង​នោះ​ដែល​បះបោរ​នៅ​មុន​ជីវិត​រមែង​ស្លាប់ ហើយ​មិន​បាន​ទទួល​រូបកាយ​រមែង​ស្លាប់​ នឹង​មិន​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​នឹង​រស់​ឡើង​វិញ​ទេ ( សូម​មើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦:៣២–៣៩ ) ។