ថ្នាក់​សិក្ខាសាលា
កូរិនថូស ទី១ ១១


កូរិនថូស ទី១ ១១

តួនាទី​ដ៏​ពិសេស និង​ដ៏​ទេវភាព​របស់​បុរស និង​ស្ដ្រី

រូបភាព
យុវជន និង យុវនារី​មួយក្រុម​កាន់ដៃ​គ្នា​ជា​រង្វង់​ ហើយ​ញញឹម​ដាក់​គ្នា​ដើម្បី​លើក​ទឹក​ចិត្ត​គ្នា​ទៅវិញ​ទៅមក ។

ពេល​បន្ត​ការ​ណែនាំ និង​ការ​លើក​ទឹកចិត្ត​របស់​លោក​ដល់​ពួកបរិសុទ្ធ​នៅ​ក្រុង​កូរិនថូស ប៉ុល​បាន​បង្រៀន​ថា បុរស និង​ស្ត្រី​ ត្រូវ​ធ្វើ​ការ​ជាមួយ​គ្នា និង​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក នៅពេល​ពួកគេ​ធ្វើ​តាម​ព្រះអម្ចាស់ ។ គោលបំណង​នៃ​មេរៀន​នេះ ​គឺ​ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​ពី​មូលហេតុ​ដែល​បុរស និង​ស្ត្រី​ត្រូវការ​គ្នាទៅវិញទៅមក ដើម្បី​ទទួល​បាន​ពរជ័យ​ខ្ពស់​បំផុត​នៅក្នុង​ផែនការ​របស់​ព្រះវរបិតា​សួគ៌ ។

តួនាទី​របស់​ស្ត្រី និង​បុរស

រូបភាព
គូស្វាមី​ភរិយា​មួយគូ​ ជិះកង់់កែបពីរ​ហាត់ប្រាណ​ពេលព្រឹក ។

សូម​ពិចារណា​សំណួរ​ខាង​ក្រោម​ នៅពេល​អ្នក​មើល​រូបភាព​ក្រុម​ជិះកង់​កែប​ពីរ ។

  • តើ​ជំនាញ ឬ​សមត្ថភាព​អ្វីខ្លះ​ ដែល​ត្រូវការ​ដើម្បី​ជួយ​ក្រុម​នេះ​ឲ្យ​ជោគជ័យ ?

  • តើ​ភាពខុសគ្នា​រវាង​បុគ្គល​ម្នាក់ៗ​ អាច​ពង្រឹង​ភាព​ជា​ដៃ​គូ​របស់​ពួកគេ និង​ជួយ​ពួកគេ​ឲ្យ​សាមគ្គីគ្នា​យ៉ាង​ដូចម្តេច ?

នៅ​ពេល​អ្នក​សិក្សា កូរិនថូស ទី១ ១១ សូម​សញ្ជឹង​គិត​អំពី​របៀប​ដែល​បុរស និង​ស្ត្រី​ អាច​ធ្វើ​ការ​រួមគ្នា​ដោយ​សុចរិត​ក្នុង​នាម​ជា​ដៃគូ​ស្មើភាព​គ្នា ដើម្បី​បំពេញ​តួនាទី​ដែល​បាន​ចាត់តាំង​ដ៏​ទេវភាព​របស់​ពួកគេ ហើយ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

នៅ​ក្នុង កូរិនថូស ទី១ ១១:១–១៦ ប៉ុល​បាន​ថ្លែង​អំពី​ទំនៀមទម្លាប់​សង្គម​ក្នុង​ចំណោម​ពួក​កូរិនថូស​នៅ​ជំនាន់​របស់​លោក ដែល​មិន​ស្រប​តាម​ទស្សនៈ​របស់​ព្រះអម្ចាស់​លើ​តួនាទី​ដ៏​ទេវភាព​របស់​បុរស និង​ស្ត្រី ។ វា​ជា​រឿង​សំខាន់​ដែល​មិន​ត្រូវ​ច្រឡំ​ទំនៀមទម្លាប់​ទាំង​នេះ​ជាមួយ​នឹង​សេចក្តីពិត​ដែល​ប៉ុល​កំពុង​បង្រៀន​ទេ ។

តាមរយៈ​សាវក​ប៉ុល ព្រះអម្ចាស់​បាន​បើក​សម្ដែង​សេចក្ដីពិត​អស់​កល្ប​អំពី​តួនាទី​ដ៏​ទេវភាព​របស់​បុរស និង​ស្ត្រី​នៅក្នុង កូរិនថូស ទី១ ១១:១១–១២ ។

សូម​អាន កូរិនថូស ទី១ ១១:១១–១២ ដោយ​ស្វែងរក​សេចក្ដីពិត​ដែល​អ្នក​រៀន​អំពី​ ព្រះ បុរស និង​ស្ត្រី ។

ស្ត្រី និង​បុរស​នៅក្នុង​ភាពជា​ដៃ​គូ​ពេញ​លេញ​ជាមួយ​ព្រះអម្ចាស់

នៅ​ក្នុង កូរិនថូស ទី១ ១១:១១ យើង​រៀន​ថា ទាំង​បុរស និង​ស្ត្រី​គឺ​មាន​សារៈសំខាន់​នៅក្នុង​ផែនការ​របស់​ព្រះវរបិតា​សួគ៌ ។

កូរិនថូស ទី១ ១១:១១ គឺ​ជា​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​មួយ ។ សូម​ពិចារណា​គូស​ចំណាំ​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ តាម​របៀប​ដែល​ងាយ​សម្គាល់​ ដើម្បី​អ្នក​អាច​រក​ឃើញ​វា​ដោយ​ងាយ ។ អ្នក​នឹង​រៀន​អនុវត្ត​តាម​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នេះ​នៅក្នុង​មេរៀន​បន្ទាប់ ។

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ​ មក​ពី​ការប្រកាស​អំពី​ក្រុមគ្រួសារ និង​ពី​សមាជិក​ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ដោយ​រកមើល​វិធី​នានា​ដែល​បុរស និង​ស្ត្រី​ មាន​សារៈសំខាន់​នៅក្នុង​ផែនការ​របស់​ព្រះវរបិតា​សួគ៌ ។

ចេញ​មក​ពី​ការប្រកាស​អំពី​គ្រួសារ យើង​អាន ៖

សុភមង្គល​នៅ​ក្នុង​ជីវិត​គ្រួសារ​ អាច​កើត​មាន​ឡើង នៅ​ពេល​ធ្វើ​តាម​ការបង្រៀន​របស់​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ។ អាពាហ៍ពិពាហ៍ និង​គ្រួសារ​​ជោគជ័យ គឺ​ត្រូវ​ស្ថាបនា និង​ថែរក្សា​នៅក្នុង​គោលការណ៍​នៃ​សេចក្តី​ជំនឿ ការអធិស្ឋាន ការប្រែចិត្ត ការអភ័យទោស ការគោរព​គ្នា សេចក្តី​ស្រឡាញ់ សេចក្តី​មេត្តា​ករុណា ការងារ និង​កម្មវិធី​កម្សាន្ដ​ល្អៗ​នានា ។ តាម​ការតាក់តែង​ដ៏​ទេវភាព​នេះ ឪពុក​ត្រូវបាន​ចាត់​ឲ្យ​ធ្វើ​ជា​អ្នក​ដឹកនាំ​នៅក្នុង​គ្រួសារ​របស់​ខ្លួន​ដោយ​សេចក្ដីស្រឡាញ់ និង​សេចក្ដីសុចរិត ហើយ​មាន​ភារកិច្ច​ក្នុងការផ្គត់ផ្គង់​សេចក្ដី​ត្រូវការ​ក្នុង​ជីវិត ព្រមទាំង​ការពារ​ក្រុមគ្រួសារ​ខ្លួន​ផង ។ ម្តាយ​មាន​ភារកិច្ច​សំខាន់​ដើម្បី​ថែរក្សា​បីបាច់​កូន​ចៅ​របស់​ខ្លួន ។ នៅ​ក្នុង​ការទទួល​ខុស​ត្រូវ​ដ៏​ពិសិដ្ឋ​ទាំង​នេះ ​ឪពុក និង​ម្តាយ​មាន​កាតព្វកិច្ច​ដើម្បី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ដៃ​គូ​ស្មើ​ភាព​គ្នា ។

( « ក្រុមគ្រួសារ ៖ ការ​ប្រកាស​ដល់​ពិភពលោក » ChurchofJesusChrist.org )

ប្រធាន អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

រូបភាព
រូបថត​ផ្លូវការ​​របស់​ប្រធាន អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ឆ្នាំ ២០០៤ ។

នៅក្នុង​ផែនការ​ប្រគល់​បព្វជិតភាព​ដ៏​អស្ចារ្យ​របស់​ព្រះវរបិតា​សួគ៌​យើង បុរស​មាន​ទំនួល​ខុសត្រូវ​ដ៏​សំខាន់​ក្នុង​ការគ្រប់គ្រង​បព្វជិតភាព តែ​ពួកគេ​ពុំ​មែន​ជា​បព្វជិតភាព​នោះ​ទេ ។ បុរស​ស្ត្រី​មាន​តួនាទី​ខុស​គ្នា តែ​មាន​តម្លៃ​ស្មើ​គ្នា ។ ដូចជា​ស្ត្រី​មិន​អាច​មាន​កូន​បាន​ឡើយ ​បើ​គ្មាន​បុរស ដូច្នេះ​បុរស​ក៏​មិន​អាច​អនុវត្ត​អំណាច​ពេញ​លេញ​នៃ​បព្វជិតភាព​ដើម្បី​បង្កើត​គ្រួសារ​អស់​កល្ប​មួយ​បាន​ឡើយ បើ​គ្មាន​ស្ត្រី​នោះ ។ … ក្នុង​ទស្សវិស័យ​ដ៏​នៅ​អស់​កល្ប​ជានិច្ច​នោះ ​ទាំង​អំណាច​បង្កើត​ជីវិត និង​អំណាច​បព្វជិតភាព ​ត្រូវ​បាន​ប្រើប្រាស់ ​ទាំង​ស្វាមី និង​ភរិយា ។

( អិម រ័សុល បាឡឺដ « This Is My Work and Glory » Liahonaខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ១៩ )

អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បានបង្រៀន ៖

រូបភាព
រូបថត​​ផ្លូវការ​របស់​អែលឌើរ ដាវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ ឆ្នាំ ២០២០ ។

ការរួមគ្នា​ជាពិសេសនៃ​សមត្ថភាព​ខាង​វិញ្ញាណ រូបកាយ គំនិត និង​ចិត្ត​រវាង​បុរស និង​ស្ត្រី​ គឺជា​កត្តា​ដ៏​ចាំបាច់​ដើម្បី​ធ្វើ​ឲ្យ​ផែនការ​នៃ​សុភមង្គល​កើត​មាន​ឡើង ។ « ក្នុង​ព្រះអម្ចាស់ នោះ​បុរស​មិន​មែន​ជា​ឥត​ទីពឹង​អាស្រ័យ​ដល់​ស្ត្រី​ឡើយ ហើយ​ស្ត្រី​ក៏​មិន​មែន​ជា​ឥត​ពឹង​អាស្រ័យ​ដល់​បុរស​ដែរ » ( កូរិនថូស ទី១ ១១:១១ ) ។ បុរស និង​ស្ត្រី​ គឺមាន​បំណង​រៀន​សូត្រ​ពីគ្នា ​ពង្រឹង ​ឲ្យ​ពរជ័យ និង​បំពេញ​ឲ្យគ្នា​ទៅ​វិញ​ទៅ​មក ។

( ដេវីដ អេ បែដណា « We Believe in Being Chaste » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៤១–៤២ )

១. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​ នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • ហេតុអ្វី​អ្នក​គិត​ថា​នៅក្នុង​ផែនការ​របស់​ព្រះវរបិតា​សួគ៌ បុត្រា និង​បុត្រី​របស់​ទ្រង់ ​សម្រេច​បាន​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច​ជាមួយ​គ្នា ?

  • តើ​ការណ៍​នេះ​បង្ហាញ​ពី​សេចក្តីស្រឡាញ់ និង​ការគោរព​របស់​ព្រះវរបិតា​សួគ៌​ចំពោះ​ទាំង​ស្ត្រី និង​បុរស​ដោយ​របៀបណា ?

  • តើ​ការយល់​ដឹង​អំពី​សេចក្តី​ពិត​ទាំង​នេះ​ អាច​ជួយ​អ្នក​យ៉ាងដូច​ម្តេច នៅពេល​អ្នក​ប្រឈម​មុខ​នឹង​ទស្សនៈ​ផ្ទុយ​គ្នា​អំពី​តួនាទី និង​ទំនួល​ខុស​ត្រូវ​របស់​បុរស និង​ស្ត្រី ?

  • តើ​អ្នក​អាច​អនុវត្ត​សេចក្ដីពិត​ទាំងនេះ​អំពី​ស្ត្រី និង​បុរស​ក្នុង​ជីវិត​របស់​អ្នក​ដោយ​របៀបណា ( ឧទាហរណ៍ នៅផ្ទះ ក្នុង​ព្រះវិហារ​ជាមួយ​យុវជន ឬ​យុវនារី ហើយ​នៅពេល​អ្នក​រៀបចំ​សម្រាប់​ជីវិត​គ្រួសារ​នា​ពេល​អនាគត​របស់​អ្នក ) ?

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ទេ ?

ចុះ​ប្រសិនបើ​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់​មិន​រៀបការ ឬ​គ្មាន​កូន ?

អ្នក​ខ្លះ​អាច​នឹង​បារម្ភ ឬ​ឆ្ងល់​អំពី​របៀប​ដែល​ផែនការ​របស់​ព្រះវរបិតា​សួគ៌​សម្រាប់​ទាំង​ស្ត្រី និង​បុរស ​អាច​ត្រូវ​បាន​បំពេញ​ចំពោះអ្នក​ដែល​មិន​រៀបការ ឬ​​គ្មានកូន ។ ដោយ​ក្តី​មេត្តា​ដ៏​ខ្លាំង​ក្លា ប្រធាន ប៊យដ ខេ ផាកកឺ ( ឆ្នាំ ១៩២៤–២០១៥ ) ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​ បាន​ថ្លែង​នូវ​ពាក្យ​លួងលោម​ទាំង​នេះ ៖

រូបភាព
រូបថត​ផ្លូវការ​​របស់​អែលឌើរ ប៊យដ ខេ ផាកកឺ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ​ឆ្នាំ ២០០០ ។ បាន​ទទួល​មរណភាព​នៅ​ថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ ២០១៥ ។

អ្នក​ទាំងឡាយ​ដែល​ពុំ​រៀបការ ឬ​ពុំ​មាន​កូនចៅ​ គឺ​ពុំ​ត្រូវ​បាន​ឃាត់ឃាំង​ពី​ពរជ័យ​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដែល​ពួកគេ​ស្វែងរក​នោះ​ទេ ប៉ុន្តែ​ឥឡូវ​នេះ​វា​ហួស​ពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ ។ …

ការទូល​អង្វរ​ដោយ​ទឹក​ភ្នែក និង​ការប្រាថ្នា​ក្នុង​ទី​ស្ងាត់​របស់​អ្នក នឹង​រំជួល​ដួង​ព្រះទ័យ​របស់​ព្រះវរបិតា និង​ព្រះរាជ​បុត្រា ។ អ្នក​នឹង​ទទួល​បាន​ការបញ្ជាក់​ដោយ​ផ្ទាល់​មួយ​មក​ពី​ទ្រង់​ថា ជីវិត​របស់​អ្នក​នឹង​បាន​ពេញ​លេញ ហើយ​ថា​គ្មាន​ពរជ័យ​សំខាន់​ណា​មួយ​នឹង​បាត់បង់​ឡើយ ។

ក្នុង​នាម​ជា​អ្នក​បម្រើ​ម្នាក់​របស់​ព្រះអម្ចាស់ ​ក្នុង​តំណែង​ដែល​ខ្ញុំ​ត្រូវ​បាន​តែងតាំង ខ្ញុំ​សូម​សន្យា​នឹង​អ្នក​ទាំងឡាយ​ដែល​ស្ថិត​ក្នុង​ស្ថានភាព​នោះ​ថា អ្វី​ដែល​សំខាន់​ដល់​សេចក្ដីសង្គ្រោះ និង​ភាពលើក​តម្កើង​របស់​អ្នក​ នឹង​កើត​មាន​មក​លើ​អ្នក​ក្នុង​ពេល​កំណត់​មួយ ។

( ប៊យដ៍ ឃេ ផាកកឺ «The Witness » Liahona ខែឧសភា ឆ្នាំ ២០១៤ ទំព័រ ៩៥ )

ហេតុ​អ្វី​សាតាំង​ចង់​ឲ្យ​យើង​បែង​ចែក​ជា​បុរស និង​ស្ត្រី ?

ប្រធាន ជីន ប៊ី ប៊ីងហាំ អតីត​ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ​បាន​បង្រៀន ៖

រូបភាព
រូបភាព​ផ្លូវការ​របស់ ស៊ីស្ទើរ ជីន ប៊ី ប៊ីងហាំ ។ បានថត​នៅ ឆ្នាំ ២០១៧ ។

ពួកសត្រូវ​បាន​ទទួល​ជោគជ័យ​គួរសម​ក្នុង​គោលដៅ​របស់​វា ដើម្បី​បំបែកបំបាក់ ​បុរស និង​ស្ដ្រី​ ជា​ការប៉ុនប៉ង​ដើម្បី​យកឈ្នះ​លើ​ព្រលឹង​របស់​យើង ។ លូស៊ីហ្វើរ​ដឹង​ថា បើ​វា​អាច​បំផ្លាញ​សាមគ្គី​ភាព​រវាង​បុរស និង​ស្ដ្រី បើ​វា​អាច​បំភាន់​យើង​ទាក់ទង​នឹង​គុណតម្លៃ​ដ៏​ទេវភាព និង​ការទទួល​ខុសត្រូវ​ក្នុង​សេចក្ដី​សញ្ញា​របស់​យើង​បាន នោះ​វា​នឹង​មាន​ជោគជ័យ​ក្នុង​ការបំផ្លាញ​ក្រុម​គ្រួសារ ដែល​ជា​ផ្នែក​ដ៏​សំខាន់​នៃ​ភាពអស់កល្ប​ជានិច្ច ។

សាតាំង​ញុះញង់​ឲ្យ​មាន​ការប្រៀបធៀប ដែល​ជា​ឧបករណ៍​មួយ​ដើម្បី​បង្កើត​ឲ្យ​មាន​អារម្មណ៍​ខ្ពស់​ជាង ឬ​អន់​ជាង ដោយ​លាក់​សេចក្ដីពិត​ដ៏​អស់កល្ប​ជានិច្ច​មួយ​ថា ភាពខុសគ្នា​ពី​ធម្មជាតិ​របស់​បុរស និង​ស្ដ្រី​ គឺ​ត្រូវបាន​ប្រទាន​មក​ពី​ព្រះ ហើយ​មាន​តម្លៃ​ស្មើគ្នា ។ វា​បាន​ប៉ុនប៉ង​ដើម្បី​បន្ទាប​ការរួម​ចំណែក​របស់​ស្ដ្រី​ ទាំង​នៅក្នុង​គ្រួសារ និង​ក្នុង​សង្គម​ស៊ីវិល ហេតុដូច្នេះ​ វាបាន​បន្ថយ​ឥទ្ធិពល​លើក​ស្ទួយ​របស់​ពួកគេ​សម្រាប់​សេចក្ដី​ល្អ ។ គោលដៅ​របស់​វា​ គឺ​ដើម្បី​បង្កើន​ការប្រជែង​យក​អំណាច ជាជាង​ការអបអរ​នឹង​ការរួម​ចំណែក​ដ៏​ពិសេស​មួយ​របស់​បុរស និង​ស្ដ្រី​ក្នុង​ការបំពេញ​ឲ្យ​គ្នា​ទៅវិញ​ទៅមក ហើយ​រួម​ចំណែក​ឲ្យ​មាន​សាមគ្គីភាព ។

( ជីន ប៊ី ប៊ីងហាំ « United in Accomplishing God’s Work » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៦០–៦១ )