ថ្នាក់​សិក្ខាសាលា
កូរិនថូស ទី១ ១២


កូរិនថូស ទី១ ១២

អំណោយទាន​ខាង​វិញ្ញាណ

រូបភាព
យុវជន និង យុវនារី​មួយក្រុម​រីករាយ​ជុំគ្នា នៅ​ពេល​ពួកគេ​ទៅលេង​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង ។

ប៉ុល​បាន​សរសេរ​ទៅ​ពួកបរិសុទ្ធ​នៅ​ក្រុង​កូរិនថូស ដើម្បី​ជួយ​ពួកគេ​ឲ្យ​ស្គាល់​ពី​តម្រូវការ​របស់​ពួកគេ​ដើម្បី​រួបរួម​នៅក្នុង​ព្រះគ្រីស្ទ ។ គាត់​បាន​បង្រៀន​ថា ប្រសិនបើ​សមាជិក​ទាំងអស់​នឹង​ស្គាល់ ហើយ​ប្រើប្រាស់​អំណោយ​ទាន​ខាង​វិញ្ញាណ​ដែល​ពួកគេ​បាន​ទទួល​ពី​ព្រះអម្ចាស់ នោះ​ពួកគេ​អាច​ដូចជា​ផ្នែក​ផ្សេងៗ​នៃ​រូបកាយ​ដែល​ធ្វើការ​រួមគ្នា​ដោយ​សាមគ្គីភាព ។ មេរៀន​នេះ​ មាន​គោលបំណង​ជួយ​អ្នក​ឲ្យ​ស្គាល់​អំណោយទាន​ខាង​វិញ្ញាណ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​អ្នក​ ដើម្បី​អ្នក​ផ្ដល់​ពរ​ដល់​អ្នកដទៃ និង​ពង្រឹង​សាសនាចក្រ​របស់​ទ្រង់ ។

ការទទួល​អំណោយ

  • តើ​អំណោយ​ដ៏​មាន​អត្ថន័យ​មួយ​ដែល​អ្នក​បាន​ទទួល​គឺ​ជា​អ្វី ?

  • តើ​អំណោយ​នេះ​ជះ​ឥទ្ធិពល​អ្វី​ខ្លះ​ដល់​ជីវិត​របស់​អ្នក ? តើ​វា​អនុញ្ញាត​ឲ្យ​អ្នក​ធ្វើ​អ្វី​បាន​ខ្លះ ?

  • តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា​ ចំពោះ​អ្នក​ដែលបាន​ផ្តល់​អំណោយ​ដល់​អ្នក ?

នៅពេល​អ្នក​សិក្សា កូរិនថូស ទី១ ១២ អ្នក​នឹង​រៀន​អំពី​អំណោយទាន​ខាង​វិញ្ញាណ​ដែល​ព្រះវរបិតាសួគ៌​ប្រទាន​ដល់​បុត្រាបុត្រី​របស់​ទ្រង់ ។ សូម​រកមើល​មូលហេតុ​ដែល​ទ្រង់​ប្រទាន​អំណោយទាន​ទាំង​នេះ ហើយ​ស្វែងរក​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ជួយ​អ្នក​រក​ឃើញ​អំណោយទាន​ដែល​បាន​ប្រទាន​ឲ្យ​អ្នក ។

ព្រះអម្ចាស់​ប្រទាន​អំណោយទាន​ខាង​វិញ្ញាណ​ដល់​យើង

« អំណោយទាន​ខាង​វិញ្ញាណ​ គឺ​ជា​ពរជ័យ ឬ​លទ្ធភាព​ដែល​ត្រូវបាន​ប្រទាន​ឲ្យ​ដោយ​ព្រះ​ដល់​បុត្រាបុត្រី​របស់​ទ្រង់ តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ » ( ប្រធានបទ​ដំណឹងល្អ« Spiritual Gifts » topics.ChurchofJesusChrist.org ) ។

សូម​រៀន​អំពី​អំណោយទាន​ខាង​វិញ្ញាណ​ដោយ​អាន កូរិនថូស ទី១ ១២:៣–១១ ។ ( សូម​កត់សម្គាល់​ថា​ពាក្យ « ដោយ​មុខៗ » ខ​ទី ១១ មាន​ន័យ​ថា « រៀងៗ​ខ្លួន » ឬ « មួយ​ម្តងៗ » ) ។

  • តើ​មាន​អំណោយទាន​ខាង​វិញ្ញាណ​ណា​ខ្លះ ដែល​បាន​រៀបរាប់​នៅក្នុង​ខគម្ពីរ​ទាំងនេះ ?

មាន​អំណោយទាន​ខាង​វិញ្ញាណ​ផ្សេងៗ​គ្នា​ជាច្រើន ។ ដើម្បី​រៀន​អំពី​អំណោយទាន​ខាង​វិញ្ញាណ​ផ្សេង​ទៀត សូម​អាន មរ៉ូណៃ ១០:៨–១៨; គោលលទ្ធិ និង​សេចក្តីសញ្ញា ៤៦:១១–២៦ និង​សេចក្ដីថ្លែងការណ៍​ដូច​តទៅ​នេះ​ ដោយ​អែលឌើរ ម៉ាវីន ជេ អាស្តុន ( ឆ្នាំ ១៩១៥–១៩៩៤ ) ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
រូបថតរបស់ ម៉ាវីន ជេ អាស្តុន ។

ខ្ញុំ​សូម​លើក​ឡើង​អំពី​អំណោយទាន​មួយ​ចំនួន​ដែល​មិន​តែង​តែ​បង្ហាញ​ឲ្យ​ឃើញ ឬ​គួរ​ឲ្យ​កត់​សម្គាល់​នោះ​ទេ ប៉ុន្តែ​វា​សំខាន់​ខ្លាំង​ណាស់ … ៖ អំណោយទាន​នៃ​ការសួរ អំណោយទាន​នៃ​ការស្តាប់ អំណោយទាន​នៃ​ការឮ និង​ការប្រើ​សំឡេង​តូចរហៀង អំណោយទាន​នៃ​ការយំ អំណោយទាន​នៃ​ការចៀសវាង​ជម្លោះ … អំណោយទាន​នៃ​ការស្វែងរក​អ្វី​ដែល​សុចរិត អំណោយទាន​នៃ​ការមិន​កាត់​សេចក្តី​គេ អំណោយទាន​នៃ​ការស្វែងរក​ព្រះ​សម្រាប់​ការណែនាំ … អំណោយទាន​នៃ​ការខ្វល់ខ្វាយ​ចំពោះ​អ្នកដទៃ អំណោយទាន​នៃ​ការអាច​សញ្ជឹងគិត អំណោយទាន​នៃ​ការអធិស្ឋាន អំណោយទាន​នៃ​ការថ្លែង​ទីបន្ទាល់​ដ៏​អស្ចារ្យ​មួយ ។

( សូមមើល ម៉ាវិន ជេ អាស្តុន « There Are Many Gifts » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៧ ទំព័រ ២០ )

  • តើ​នរណា​ខ្លះ ដែលព្រះអម្ចាស់​ប្រទាន​ពរ​​ជាមួយ​នឹង​អំណោយទាន​ខាង​វិញ្ញាណ​ទាំងនេះ ?

  • តើ​ការណ៍​នេះ​ជួយ​អ្នក​ឲ្យ​យល់​អ្វីខ្លះ​អំពី​ព្រះអម្ចាស់ ?

សេចក្តីពិត​មួយ​ដែល​អ្នក​អាច​ដឹង​នោះ​គឺ​ថា ព្រះអម្ចាស់​ប្រទាន​ដល់​សមាជិក​ម្នាក់ៗ​នៃ​សាសនាចក្រ​របស់​ទ្រង់​យ៉ាង​ហោច​ណាស់​នូវ​អំណោយទាន​ខាង​វិញ្ញាណ​មួយ ដើម្បី​ប្រទាន​ពរ​ដល់​អ្នក​ដទៃ ។

សូម​សញ្ជឹង​គិត​ថា តើ​អំណោយទាន​ខាង​វិញ្ញាណ​អ្វី ​ដែល​អ្នក​ដឹង​ថា ព្រះ​បាន​ប្រទាន​ដល់​អ្នក ។ ប្រសិនបើ​អ្នក​មាន​ការលំបាក​ក្នុង​ការស្គាល់​អំណោយទាន​ខាង​វិញ្ញាណ​របស់​អ្នក សូម​ទៅសួរ​ឪពុកម្តាយ ឬ​អ្នក​ដឹកនាំ ។ ពរ​របស់​លោក​អយ្យកោ​របស់​អ្នក​ អាច​បង្ហាញ​ពី​អំណោយទាន​ខាង​វិញ្ញាណ​មួយ​ចំនួន​របស់​អ្នក​ផងដែរ ។

១. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​ នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ពេល​ដឹង​ថា​ទ្រង់​ទាំង​ទ្វេ​បាន​ប្រទាន​ពរ​ដល់​អ្នក​នូវ​អំណោយទាន​ខាង​វិញ្ញាណ​មួយ ?

  • តើ​ការដឹង​ថា អ្នក​ត្រូវ​បាន​ប្រទាន​ឲ្យ​នូវ​អំណោយទាន​ខាង​វិញ្ញាណ ជះ​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​របៀប​ដែល​អ្នក​មើល​មក​អត្តសញ្ញាណ​ដ៏​ទេវភាព​របស់​អ្នក ?

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា ព្រះ​ប្រទាន​អំណោយទាន​ខាង​វិញ្ញាណ​ដល់​សមាជិក​សាសនាចក្រ​គ្រប់​រូប ពុំ​មែន​តែ​សមាជិក​ពីរបី​នាក់​នោះ ?

ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​យើង​ផ្ដល់​ពរ​ដល់​គ្នាទៅ​វិញ​ទៅមក

សូម​អាន កូរិនថូស ទី១ ១២:១៤–២០ ដើម្បី​ស្វែងរក​ការប្រៀបធៀប​ដែល​ប៉ុល​បាន​ប្រើ​ ដើម្បី​ជួយ​យើង​ឲ្យ​ស្គាល់​ពី​សារៈសំខាន់​នៃ​ការរួម​ចំណែក​របស់​យើង​ម្នាក់ៗ ។

  • ​នៅក្នុង​វគ្គ​បទគម្ពីរ​នេះ​ តើ​ប៉ុល​ប្រៀបធៀប​សាសនាចក្រទៅ​នឹង​អ្វី ? តើ​ការប្រៀបធៀប​នេះ​បង្រៀន​អ្នក​អ្វី​ខ្លះ​អំពី​អំណោយទាន​ខាង​វិញ្ញាណ ?

  • តើ​អ្នក​ធ្លាប់​បាន​ទទួល​ពរជ័យ​តាមរយៈ​អំណោយទាន​ខាង​វិញ្ញាណ​របស់​អ្នកដទៃ​ដែរ​ឬទេ ?

ដើម្បី​យល់​ពី​គំរូនៃ​បុគ្គល​ម្នាក់​ដែល​បាន​ចែកចាយ​អំណោយទាន​ខាង​វិញ្ញាណ​របស់​ពួកគេ​ជាមួយ​អ្នកដទៃ អ្នក​អាច​មើល​វីដេអូ « With All Your Heart » ( ៣:២៦ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.orgដែល​ប្រាប់​អំពី​យុវជន​ម្នាក់​ដែល​ត្រូវ​បាន​ហៅ​ឲ្យ​ប្រើ​អំណោយទាន​ពី​ព្រះអម្ចាស់​ ដែល​គាត់​ទើប​តែ​បាន​ស្គាល់​អំណោយទាន​នោះ ។ នៅពេល​អ្នក​មើល សូម​យក​ចិត្ត​ទុក​ដាក់​លើ​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​អំពី​របៀប​ដែល​អ្នក​អាច​ប្រើ​អំណោយទាន​របស់​អ្នក​ ដើម្បី​ផ្តល់​ពរ​ដល់​អ្នកដទៃ ។

សូម​សញ្ជឹង​គិត​ពី​របៀប​ដែល​អំណោយទាន​ខាង​វិញ្ញាណ​ ដែល​អ្នក​ត្រូវ​បាន​ប្រទាន​ឲ្យ​បាន​ផ្តល់​ពរ​ដល់​អ្នក និង​របៀប​ដែល​អ្នក​អាច​ប្រើ​វា​ដើម្បី​ផ្តល់​ពរ​ដល់​គ្រួសារ វួដ ឬ​សាខា​របស់​អ្នក និង​អ្នកដទៃ​ទៀត ។ អ្នក​អាច​ចង់​កត់ត្រា​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក​នូវ​ចំណាប់​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​អំពី​អំណោយទាន​របស់​អ្នក ។

២. សូម​ឆ្លើយ​សំណួរ​ពីរ ឬច្រើន​ខាង​ក្រោម​នេះ ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​អ្នក​គិត​ថា ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​អ្នក​យល់​ដឹង​អ្វី​ខ្លះ​អំពី​ខ្លួន​អ្នក​ផ្ទាល់ និង​អំណោយទាន​ខាង​វិញ្ញាណ​របស់​អ្នក ?

  • តើ​អ្នក​នឹង​ផ្តល់​ការលើក​ទឹកចិត្ត​អ្វី​ដល់​អ្នក​ដែល​មាន​អារម្មណ៍​ថា ពួកគេ​គ្មាន​អំណោយទាន​ខាង​វិញ្ញាណ ?

  • តើ​អំណោយទាន​ខាង​វិញ្ញាណ​អ្វី​ដែល​អ្នក​ប្រាថ្នា​ចង់​បាន ? តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ស្វែង​រក​អំណោយទាន​នោះ ? ( ព្រះអម្ចាស់​បាន​អញ្ជើញ​យើង​ឲ្យ​ស្វែងរក​អំណោយទាន​ខាង​វិញ្ញាណ សូមមើល កូរិនថូស ទី១ ១២:៣១; ១៤:១; គោលលទ្ធិ និង​សេចក្តីសញ្ញា ៤៦:៧–៩ ) ។

  • តើ​មាន​វិធី​អ្វីខ្លះ ​ដែល​អ្នក​អាច​ប្រើ​អំណោយ​ទាន​ខាង​វិញ្ញាណ​របស់​អ្នក​ដើម្បី​ផ្តល់​ពរ​ដល់​អ្នកដទៃ ? តើ​វា​នឹង​ជួយ​អ្នក​ឲ្យ​ប្រែ​ក្លាយ​កាន់​តែ​ដូច​ព្រះអង្គសង្គ្រោះ​យ៉ាង​ដូច​ម្ដេច ?

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ទេ ?

តើ​ខ្ញុំ​អាច​ប្រើ​អំណោយទាន​ខាង​វិញ្ញាណ​របស់​ខ្ញុំ​ ដើម្បី​បម្រើ​អ្នក​ដទៃ​ដោយ​របៀប​ណា ?

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែល​កាល​នោះ​ជា​គណៈប្រធាន​ទីមួយ បាន​ចែកចាយ​ពី​របៀប​ដែល​យើង​អាច​ធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវគ្រីស្ទ ៖

រូបភាព
រូបថត​ផ្លូវការ​​របស់​អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ឆ្នាំ ២០០៦ ។ ត្រូវបាន​ហៅ​បម្រើ​ជា​ទីប្រឹក្សា​ទីពីរ​ក្នុង​គណៈប្រធាន​ទីមួយ នៅ​ថ្ងៃ​ទី ៣ ខែ កុម្ភៈ ឆ្នាំ ២០០៨ ។ រូបថត​ផ្លូវការ​នៅក្នុង​ឆ្នាំ ២០០៨ ជំនួស​រូបថត​​ដែល​បាន​ថត​នៅក្នុង​ឆ្នាំ ២០០៤ ។

នៅពេល​ខ្ញុំ​គិត​ពី​ព្រះអង្គសង្គ្រោះ ជារឿយៗ​ខ្ញុំ​បាន​ស្រមៃ​ពី​ទ្រង់​ដោយ​មាន​ព្រះហស្ដ​លូក​មក លួងលោម ព្យាបាល ប្រទានពរ និង​ស្រឡាញ់ ។ ហើយ​ទ្រង់​តែងតែ​មាន​បន្ទូល ជាមួយ​គេ ពុំ​ដែល មើល​ងាយមនុស្ស​ឡើយ ។ ទ្រង់​ស្រឡាញ់​អ្នក​រាបសា និង​ទន់ទាប ហើយ​យាង​ទៅ​ជាមួយ​នឹង​ពួកគេ ដោយ​ធ្វើ​ការងារ​បម្រើ​ដល់​ពួកគេ ហើយ​ផ្ដល់​សេចក្ដីសង្ឃឹម និង​សេចក្តីសង្គ្រោះ ។ 

នោះ​គឺ​ជា​អ្វី​ដែល​ទ្រង់​បាន​ធ្វើ អំឡុង​ពេល​ព្រះជន្ម​រមែង​ស្លាប់​របស់​ទ្រង់ វា​គឺ​ជា​អ្វី​ដែល​ទ្រង់​នឹង​ធ្វើ ប្រសិនបើ​ទ្រង់​នឹង​គង់នៅ​ក្នុង​ចំណោម​យើង​សព្វ​ថ្ងៃនេះ ហើយ​វា​គឺ​ជា​អ្វី​ដែល​យើង​គួរ​ធ្វើ​ក្នុង​នាម​ជា​សិស្ស​របស់​ទ្រង់ និង​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។… 

នៅពេល​យើង​ធ្វើ​តាម​គំរូ​ដ៏​ល្អ​ឥតខ្ចោះ​របស់​ទ្រង់ នោះ​ដៃ​របស់​យើង​អាច​ប្រែក្លាយ​ទៅ​ជា​ព្រះហស្ដ​របស់​ទ្រង់ ភ្នែក​របស់​យើង​ក្លាយ​ជា​ព្រះនេត្រ​របស់​ទ្រង់ ហើយ​ដួងចិត្ត​របស់​យើង​ក្លាយ​ជា​ព្រះទ័យ​របស់​ទ្រង់ ។

( ឌៀថើរ អេហ្វ អុជដូហ្វ « You Are My Hands » Liahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៦៨ )

អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បានបង្រៀន ៖

រូបភាព
រូបថត​​ផ្លូវការ​របស់​អែលឌើរ ដាវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ ឆ្នាំ ២០២០ ។

យើង​ទទួល​អំណោយទាន​ខាង​វិញ្ញាណ​ ដើម្បី​ផ្តល់​ពរ​ដល់​មនុស្ស​ផ្សេង​ទៀត ។ ប្រសិន​បើ​យើង​ប្រាថ្នា​ចង់​បាន​អំណោយទាន​ ដោយ​សារ​យើង​ចង់​បាន នោះ​យើង​ប្រហែល​ជា​នឹង​មិន​ទទួល​បាន​វា​ទេ ។ នៅពេល​យើង​ព្យាយាម​​បម្រើ​អ្នកដទៃ​ស្រប​តាម​ការបង្រៀន​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​ត្រូវបាន​ប្រទានពរ​ឲ្យ​មាន​អំណោយទាន​ខាង​វិញ្ញាណ ហើយ​បង្កើន​សមត្ថភាព​ឲ្យ​ធ្វើ​ការបម្រើ​​នោះ​បាន ។

( ដេវីឌ អេ បែដណា នៅក្នុង « Understanding Heavenly Father’s Plan » ChurchofJesusChrist.org/prophets-and-apostles/unto-all-the-world/understanding-heavenly-fathers-plan )

តើ​ខ្ញុំ​អាច​ធ្វើ​ដូចម្តេច ប្រសិនបើ​ខ្ញុំ​មិន​ដឹង​ថា ខ្ញុំ​មាន​អំណោយទាន​ខាង​វិញ្ញាណ​ដ៏​សំខាន់​មួយផងនោះ ?

ការទូន្មាន​ពី​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​អាច​រក​ឃើញ​នៅ​ក្នុង​វីដេអូ « Songs Sung and Unsung » ( ចាប់ពី​នាទី​ទី ០:៥៧ ដល់​នាទី​ទី ២:៥៧ ) ។ វីដេអូ​នេះ​មាន​នៅគេហទំព័រ ChurchofJesusChrist.org ។

អែលឌើរ ចន ស៊ី ភីងគ្រី ជុញ្ញ័រ ក្នុង​ពួក​ចិតសិប​នាក់​ បាន​ចែកចាយ​ឧទាហរណ៍​មួយ​អំពី​បងស្រី​ម្នាក់​ដែល​រៀន​ថា គាត់​មាន​អំណោយទាន​ខាង​វិញ្ញាណ​ដែល​គាត់​បាន​មើល​រំលង ៖

រូបភាព
រូបភាព​ផ្លូវការ​របស់ អែលឌើរ ចន ស៊ី ភីងគ្រី ជុញ្ញ័រ ។ បានថត​នៅ​ខែ មីនា ឆ្នាំ ២០១៧ ។

ថ្ងៃ​មួយ​មាន​បងស្រី​ដែល​បាក់​ទឹក​ចិត្ត​ម្នាក់​បាន​ទូល​អង្វរ​ថា « ឱ​ព្រះអម្ចាស់​អើយ តើ​ការងារបម្រើ​ផ្ទាល់​​របស់​ខ្ញុំ​ម្ចាស់​គឺ​ជា​អ្វី​ទៅ ? » ទ្រង់​បាន​តប​ថា « សូម​យក​ចិត្ត​ទុក​ដាក់​លើ​មនុស្ស​ដទៃ » ។ វា​គឺ​ជា​អំណោយទាន​ខាង​វិញ្ញាណ ! ចាប់​តាំង​ពី​ពេល​នោះ​មក គាត់​បាន​រកឃើញ​អំណរ​ជាប្រចាំ ក្នុងការ​យកចិត្ត​ទុកដាក់​លើ​អស់​អ្នក​ដែល​ត្រូវបាន​គេ​បំភ្លេច​ចោល​ ហើយ​ព្រះ​បាន​ធ្វើការ​តាមរយៈ​គាត់​ដើម្បី​ប្រទាន​ពរ​ដល់​មនុស្ស​ជាច្រើន ។ ទោះបី​អំណាយទាន​ខាង​វិញ្ញាណ​មួយ​ចំនួន ​ពុំ​ធ្វើ​ឲ្យ​យើង​លេចធ្លោ​​នៅ​ក្នុង​បទដ្ឋាន​នៃ​ពិភពលោក​នេះ​ក្តី ប៉ុន្តែ​វា​មាន​ភាព​ចាំបាច់​ចំពោះ​ព្រះ និង​កិច្ចការ​របស់​ទ្រង់ ។

( ចន ស៊ី ភីងគ្រី ជុញ្ញ័រ « I Have a Work for Thee » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៣៣–៣៤ )

តើ​ខ្ញុំ​គួរ​ធ្វើ​ដូចម្តេច នៅពេល​ខ្ញុំ​មាន​អារម្មណ៍​ថា​ គ្មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​បំពេញ​កិច្ចការ​របស់​ខ្ញុំ​ក្នុង​សាសនាចក្រ ?

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែល​កាល​នោះ​នៅក្នុង​គណៈប្រធាន​ទីមួយ​បាន​បង្រៀន ៖

រូបភាព
រូបថត​ផ្លូវការ​​របស់​អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ឆ្នាំ ២០០៦ ។ ត្រូវបាន​ហៅ​បម្រើ​ជា​ទីប្រឹក្សា​ទីពីរ​ក្នុង​គណៈប្រធាន​ទីមួយ នៅ​ថ្ងៃ​ទី ៣ ខែ កុម្ភៈ ឆ្នាំ ២០០៨ ។ រូបថត​ផ្លូវការ​នៅក្នុង​ឆ្នាំ ២០០៨ ជំនួស​រូបថត​​ដែល​បាន​ថត​នៅក្នុង​ឆ្នាំ ២០០៤ ។

អ្នក​អាច​នឹង​មាន​អារម្មណ៍​ថា មាន​មនុស្ស​ផ្សេង​ទៀត​ដែល​មាន​សមត្ថភាព ឬ​មាន​បទពិសោធន៍​ច្រើន​ជាង ដែល​អាច​បំពេញ​ការហៅ និង​ការចាត់តាំង​របស់​អ្នក​បាន​ប្រសើរ​ជាង​អ្នក ប៉ុន្តែ​ព្រះអម្ចាស់​បាន​ប្រទាន​ការទទួល​ខុសត្រូវ​នេះ​ដល់​អ្នក​ ដោយសារ​ហេតុផល​មួយ ។ ប្រហែល​ជា ​មាន​មនុស្ស និង​ដួងចិត្ត​ជាច្រើន​ ដែល​មាន​តែ​អ្នក​ប៉ុណ្ណោះ​ដែល​អាច​ឈោង​ទៅ​ជួយ​បាន ។ ប្រហែល​ជា​គ្មាន​នរណា​ម្នាក់​ផ្សេងទៀត ​អាច​ធ្វើ​វា​តាម​របៀប​ដូចគ្នា​នោះ​បាន​ឡើយ ។

( ឌៀថើរ អេហ្វ អុជដូហ្វ « Lift Where You Stand » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៥៦)