ថ្នាក់​សិក្ខាសាលា
វាយ​តម្លៃ​ការរៀនសូត្រ​របស់​អ្នក ទី ៨


វាយ​តម្លៃ​ការរៀនសូត្រ​របស់​អ្នក ទី ៨

រ៉ូម ១–១៦; កូរិនថូស ទី១ ១–៧

រូបភាព
សិស្ស​កំពុង​និយាយ​នៅក្នុង​ថ្នាក់​សិក្ខាសិលា

មេរៀន​នេះ​មាន​គោល​បំណង​ជួយ​អ្នក​ឲ្យ​វាយ​តម្លៃ​គោល​ដៅ​ទាំង​ឡាយ​ដែល​អ្នក​បាន​ដាក់ និង​ការ​រីក​ចម្រើន​ផ្ទាល់​ខ្លួន​ដែល​អ្នក​បាន​ដក​ពិសោធន៍​ក្នុង​អំឡុង​ពេល​ការ​សិក្សា​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​របស់​អ្នក ។

ការប្រែក្លាយ​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ

  • ប្រសិន​បើ​អ្នក​អាច​ធ្វើ​ដំណើរ​ទៅ​កន្លែង​ថ្មី​មួយ​នោះ តើ​អ្នក​នឹង​ចង់​ទៅ​ទី​ណា ?

  • ពេល​កំពុង​ធ្វើ​ដំណើរ ហេតុអ្វី​ចាំបាច់​ត្រូវ​វាយតម្លៃ​ថា តើ​អ្នក​នៅតែ​ធ្វើ​ដំណើរ​ត្រូវ​ទិស​ដៅ​ដែរ​ឬ​ទេ ? តើ​មាន​អ្វី​កើត​ឡើង​ប្រសិនបើ​អ្នក​មិន​បាន​វាយតម្លៃ ?

វា​សំខាន់​ក្នុង​ការវាយតម្លៃ​ដំណើរ​ខាង​វិញ្ញាណ​របស់​យើង​ផងដែរ ។ ប្រធាន អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ពី​សារៈ​សំខាន់​នៃ​ការធ្វើ​កិច្ចការ​ឆ្ពោះ​ទៅ​រក​គោលដៅ​ខាង​វិញ្ញាណ បន្ទាប់​មក​បាន​បន្ថែម​ថា ៖

រូបភាព
រូប​ថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់​ប្រធាន​អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ឆ្នាំ ២០០៤ ។

ខ្ញុំ​បាន​ឃើញ​ថា ដើម្បី​បន្ត​ផ្តោតចិត្ត​ទុកដាក់ … នោះ​ខ្ញុំ​ត្រូវតែ​ចំណាយ​ពេល​ជា​ទៀងទាត់​សួរ​ខ្លួន​ខ្ញុំ​ថា « តើ​ខ្ញុំ​ធ្វើ​បាន​ប៉ុន​ណា​ហើយ ? »

វា​ដូច​ជា​ការសម្ភាសន៍​មួយ​ផ្ទាល់ខ្លួន ជា​ឯកជន​ជាមួយ​ខ្លួន​ឯង ។ …

អំឡុង​ពេល​សប្តាហ៍​ខាង​មុខ​នេះ សូម​ឆ្លៀត​ពេល​ពិនិត្យ​មើល​ឡើង​វិញ​នូវ​គោលដៅ និង​ផែនការ​ជីវិត​របស់​អ្នក ហើយ​​ប្រាកដ​ថា​វា​ស្រប​ជាមួយ​នឹង​ផែនការ​នៃ​សុភមង្គល​ដ៏​មហិមា​របស់​ព្រះវរបិតា​សួគ៌​យើង ។ ប្រសិនបើ​បងប្អូន​ត្រូវប្រែចិត្ត ហើយ​ផ្លាស់ប្តូរ នោះ​ចូរ​ពិចារណា​ធ្វើ​វា​ភ្លាម​ទៅ ។ …

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា គ្មាន​គោលដៅ​នៅក្នុង​ជីវិត​រមែង​ស្លាប់​ណា ប្រសើរ​ជាង​គោលដៅ​ដើម្បី​ទៅ​រស់នៅ​អស់កល្ប​ជានិច្ច​ជាមួយ​ព្រះ​មាតាបិតា​សួគ៌​យើង និង​ព្រះអង្គ​សង្គ្រោះ​ជា​ទីស្រឡាញ់​របស់​យើ​ង​គឺ​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ​ឡើយ ។ ប៉ុន្តែ​វា​លើស​ពី​គោលដៅ របស់​យើង ទៅ​ទៀត—វា​ក៏​ជា​គោលដៅ របស់​ទ្រង់​ទាំង​ទ្វេ ផងដែរ ។ ទ្រង់​ទាំង​ទ្វេ​មាន​សេចក្តី​ស្រឡាញ់​ដ៏​ឥត​ខ្ចោះ​ចំពោះ​ពួកយើង ច្រើន​ជាង​អ្វី​ដែល​យើង​អាច​ដឹង​ទៅ​ទៀត ។ ទ្រង់​ទាំង​ទ្វេ​គាំទ្រ​យើង​ទាំងស្រុង យ៉ាង​ពេញលេញ និង​ដ៏នៅ​អស់កល្ប​ជានិច្ច ។ យើង​គឺ​ជា​កិច្ចការ​របស់​ទ្រង់​ទាំង​ទ្វេ ។ សិរីល្អ​របស់​យើង​គឺ​ជា​សិរីល្អ​របស់​ទ្រង់​ទាំង​ទ្វេ ។ លើស​ពី​អ្វី​ផ្សេង​ទៀត ទ្រង់​ទាំង​ទ្វេ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ទៅ​ផ្ទះ ។

( អិម រ៉ាសុល បាឡឺត « Return and Receive » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៦៤–៦៥ )

សូម​ចំណាយ​ពេល​ពីរ​បី​នាទី​ដើម្បី​សួរ​ខ្លួន​ឯង​នូវ​សំណួរ​ខាង​ក្រោម​នេះ ដូច​ជា​អ្នក​កំពុង​ធ្វើ​កិច្ច​សម្ភាសន៍​ផ្ទាល់ខ្លួន និង​ឯកជន​មួយ​ជាមួយ​ខ្លួន​ឯង​ផ្ទាល់ ។ សូម​ពិចារណា​សរសេរ​ចម្លើយ​របស់​អ្នក​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ។

  • តើ​ខ្ញុំ​បាន​ធ្វើ​អ្វីខ្លះ​នា​ពេល​ថ្មីៗ​នេះ ដើម្បី​ទទួល​បាន​ទីបន្ទាល់​អំពី​សេចក្ដីពិត​ជាក់លាក់​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ? តើ​ខ្ញុំ​កំពុង​រៀន​អ្វីខ្លះ​អំពី​ការទទួល​វិវរណៈ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ? ( អ្នក​ប្រហែល​ជា​បាន​ចំណាយ​ពេល​ខ្លះ​ដើម្បី​ពិចារណា​អំពី​ចំណុច​នេះ នៅពេល​សិក្សា កូរិនថូស ទី១ ២ ) ។

  • តើ​ខ្ញុំ​មាន​គោលដៅ​អ្វី​ខ្លះ ដើម្បី​ចូល​ទៅ​កាន់តែ​ជិត​ព្រះអង្គ​សង្គ្រោះ ហើយ​ក្លាយ​ជា​សិស្ស​របស់​ទ្រង់ ? តើ​ខ្ញុំ​ទទួល​បាន​ជោគជ័យ​អ្វី​ខ្លះ ? តើ​ខ្ញុំ​ជួប​ឧបសគ្គ​អ្វី​ខ្លះ ? តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វីខ្លះ ដើម្បី​ស្វែងរក​ជំនួយ​ពី​ព្រះអម្ចាស់ ហើយ​បន្ត​រីកចម្រើន​លើ​ដំណើរ​ខាង​វិញ្ញាណ​របស់​ខ្ញុំ ?

ការពន្យល់​អំពី​ព្រះគុណ​របស់​ព្រះយេស៊ូវគ្រីស្ទ

ដើម្បី​ជួយ​អ្នក​វាយ​តម្លៃ​ការយល់​ដឹង​របស់​អ្នក​អំពី​សេចក្ដីពិត​នៃ​ដំណឹងល្អ​ដ៏​សំខាន់​មួយ​ដែល​អ្នក​បាន​សិក្សា​នា​ពេល​ថ្មីៗ​នេះ សូម​ធ្វើ​សកម្មភាព​ដូច​ខាង​ក្រោម ៖

សូម​ស្រមៃ​ថា​អ្នក​បាន​ទាក់ទង​ពួក​អ្នកផ្សព្វផ្សាយ​សាសនា ។ ពួកគេ​កំពុង​បង្រៀន​មនុស្ស​ម្នាក់​ដែល​មាន​អាយុ​ស្របាល​នឹង​អ្នក ដែល​ពិបាក​យល់​អំពី​ព្រះគុណ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ពួកអ្នកផ្សព្វផ្សាយ​សាសនា​បាន​សុំ​ឲ្យ​អ្នក​ទៅ​ជាមួយ​ពួកគេ​ នៅ​ការណាត់​ជួប​បង្រៀន​លើក​ក្រោយ​របស់​ពួកគេ ដើម្បី​អ្នក​អាច​ចែកចាយ​អ្វី​ដែល​អ្នក​ដឹង​អំពី​ព្រះគុណ​របស់​ព្រះអង្គសង្គ្រោះ និង​ពី​របៀប​ដែល​ការធ្វើតាម​ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រទានពរ​ដល់​ជីវិត​របស់​អ្នក ។

សូម​ចំណាយ​ពេល​ស្រាវជ្រាវ​បទគម្ពីរ​ទាំងឡាយ​បន្តិច ដើម្បី​ស្វែងរក​ខគម្ពីរ និង​សេចក្តីពិត​ដែល​អាច​ជួយ​បាន ។ ការអាន​ខគម្ពីរ​មួយ​ចំនួន​ខាង​ក្រោម​អាច​មាន​ប្រយោជន៍ ៖

១. សូម​បំពេញ​សកម្មភាព​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ៖

  1. សូម​សរសេរ​ពី​របៀប​ដែល​អ្នក​នឹង​ពន្យល់​ពី​ព្រះគុណ​របស់​ព្រះអង្គសង្គ្រោះ​តាម​គំនិត​របស់​អ្នក​ផ្ទាល់ ។

  2. ដោយ​ប្រើ​ព្រះគម្ពីរ​ពី​រ៉ូម សូម​ចែកចាយ​សេចក្ដីពិត​មួយ​អំពី​ព្រះគុណ​របស់​ព្រះអង្គសង្គ្រោះ និង​របៀប​ដែល​យើង​អាច​ទទួល​ព្រះគុណ​ក្នុង​ជីវិត​របស់​យើង ។ សូម​ពិចារណា​ដាក់​បញ្ជូល​ពី​របៀប​ដែល​ការ​ដឹង​អំពី​សេចក្ដីពិត​ទាំងនេះ​បាន​នាំ​អ្នក​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះអង្គសង្គ្រោះ ។

ការ​បង្កើន​បំណង​ប្រាថ្នា​របស់​អ្នក​ដើម្បី​រួបរួម​នៅក្នុង​ព្រះគ្រីស្ទ

សាមគ្គីភាព​គឺ​ជា​គោលគំនិត​សំខាន់​មួយ​ទៀត​នៅក្នុង​សំបុត្រ​របស់​ប៉ុល​ទៅកាន់​ពួក​រ៉ូម និង​ពួក​កូរិនថូស ។

២. សូម​បំពេញ​ឃ្លា​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  1. សូម​ស្វែងរក​ខគម្ពីរ​ដែល​អ្នក​បាន​សិក្សា​នៅក្នុង រ៉ូម ឬ កូរិនថូស ទី១ ដែល​បាន​បង្រៀន​អ្នក​នូវ​សេចក្តីពិត​ដ៏​មាន​អត្ថន័យ​អំពី​ការរួបរួម​ជាមួយ​អ្នកដទៃ​នៅក្នុង​ព្រះគ្រីស្ទ ។ ឧទាហរណ៍​ខ្លះ​អាច​រក​ឃើញ​នៅក្នុង រ៉ូម ១២:១០–២១; ១៤:១០–១៣, ១៩; ១៥:១–៧ និង​នៅ​ក្នុង កូរិនថូស ទី១ ១:១០–១៣; ៣:៣–៩ ។ តើ​ខគម្ពីរ​ដែល​អ្នក​បាន​ជ្រើសរើស បង្រៀន​សេចក្ដីពិត​អ្វី​ខ្លះ?

  2. សូម​គិត​អំពី​គ្រា​មួយ​ដែល​អ្នក​បាន​ជួប​ប្រទះ​នូវ​អ្វី​ដែល​ប៉ុល​បង្រៀន​នៅ​ក្នុង​ខគម្ពីរ​ដែល​អ្នក​បាន​ជ្រើសរើស ។ តើ​អ្នក​គិត​ថា​អ្វី​បាន​រួម​ចំណែក​ច្រើន​បំផុត​ក្នុង​ការ​ខិតខំ​របស់​អ្នក​ដើម្បី​រួបរួម​ក្នុង​ព្រះគ្រីស្ទ ?

  3. សូម​ឆ្លើយ​សំណួរ​ពីរ​នៃ​សំណួរ​ខាង​ក្រោម​នេះ ៖

    • តើ​អ្វី​ជា​ភាព​ខុស​គ្នា​រវាង​ការ​ធ្វើ​ការ​ល្អ​ជាមួយ​គ្នា និង​ការ​រួបរួម​គ្នា​តាម​រយៈ​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ?

    • ហេតុអ្វី​សេចក្តី​ពិត​ដែល​អ្នក​បាន​ជ្រើសរើស​ក្នុង​ចំណុច មាន​អត្ថន័យ​ចំពោះ​អ្នក ?

    • ក្នុង​ខែ​ចុង​ក្រោយ​នេះ តើ​អ្នក​បាន​បង្កើន​ការយល់​ដឹង​របស់​អ្នក​អំពី​សាមគ្គីភាព និង​មាន​បំណង​ប្រាថ្នា​ចង់​រួបរួម​ជាមួយ​អ្នកដទៃ​ដោយ​របៀបណា ?

    • តើ​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ​ដើម្បី​កាន់តែ​មាន​សាមគ្គីភាព​ជាមួយ​អ្នក​ដទៃ​ក្នុង​ព្រះគ្រីស្ទ ?

    • តើ​អ្នក​ប្រឈម​មុខ​នឹង​បញ្ហា​អ្វី​ខ្លះ ពេល​អ្នក​ខិតខំ​ប្រែ​កាន់​តែ​រួបរួម​គ្នា​ជាមួយ​អ្នក​ដទៃ ?

សូម​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ជួយ​អ្នក​ឲ្យ​ដឹង​ពី​វិធី​ដែល​ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​អ្នក​រួបរួមគ្នា​កាន់តែ​ខ្លាំង​ជាមួយ​អ្នកដទៃ​នៅក្នុង​ព្រះគ្រីស្ទ ។ សូម​ស្វែងរក​វិវរណៈផងដែរ អំពី​វិធី​យក​ឈ្នះ​លើ​បញ្ហា​ប្រឈម​ទាំងឡាយ​ដែល​អ្នក​អាច​ជួប​ប្រទះ ។

សូម​បន្ត​ឆ្ពោះ​ទៅ​មុខ​លើ​ដំណើរ​ខាង​វិញ្ញាណ​របស់​អ្នក ដោយ​ចូល​ទៅ​កាន់​តែ​ជិត​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ដឹង​ថា ទ្រង់​ទាំង​ទ្វេ​ស្រឡាញ់​អ្នក ហើយ​ត្រៀម​ជា​ស្រេច​ដើម្បី​ជួយ​អ្នក​ក្នុង​ការខិតខំ​ប្រឹងប្រែង​របស់​អ្នក ។