ថ្នាក់​សិក្ខាសាលា
កូរិនថូស ទី១ ១–៤


កូរិនថូស ទី១ ១–៤

ព្រះយេស៊ូវគ្រីស្ទ ៖ គ្រឹះ​ដ៏​ខ្ជាប់ខ្ជួន​របស់​យើង

រូបភាព
ព្រះវិហារ​បរិសុទ្ធ អាប៉ូឡូ ក្រុង​កូរិនថូស សាងសង់​ប្រហែល ៦០០ ឆ្នាំ មុន. គ.ស. សំណង់​នេះ​នឹង​ជា​សំណង់​ដ៏​មាន​តម្លៃ​បំផុត​មួយ​នៅ​ក្រុង​កូរិនថូស​ក្នុង​ជំនាន់​របស់​ប៉ុល ។ ព្រះវិហារ​បរិសុទ្ធ និង​ទីសក្ការៈបូជា​រូបភាព​របស់​អាទិទេព​ក្លែងក្លាយ​មាន​ពាសពេញ​ពិភពលោក​ក្រិក-រ៉ូម ហើយ​សមាជិក​សាសនាចក្រ​នៅ​ទីក្រុង​នានា ដូចជា​ក្រុង​កូរិនថូស​នឹង​បានឃើញ​រូបភាព​នេះ​ជារៀងរាល់​ថ្ងៃ ។ ប៉ុល​សង្កេតឃើញ​ថា មុនពេល​ពួកបរិសុទ្ធ​នៅ​ក្រុង​កូរិនថូស​បាន​ប្រែចិត្ត​ជឿ ពួកគេ​ត្រូវ​បាន​គេនាំ​យក​ទៅ​កាន់​រូបព្រះ​ដែល [ គ ] ទាំងនេះ ដូច​ដែល [ ពួកគេ ] ត្រូវបាន​ដឹកនាំ​ដែរ ( កូរិន. ទី១ ១២:២ ) ។

សូម​គិត​អំពី​ឥទ្ធិពល​អវិជ្ជមាន​ដែល​ការ​ទាស់ទែង ភាពឆ្មើងឆ្មៃ ការ​បង្រៀន​មិន​ពិត និង​អំពើ​អសីលធម៌​ដែល​មាន​លើ​ពិភពលោក​សព្វ​ថ្ងៃ​នេះ ។ សមាជិក​នៃ​សាសនាចក្រ​សម័យ​ដើម​ដែល​រស់នៅ​ក្រុង​កូរិនថូស​បាន​តស៊ូ​ជាមួយ​នឹង​បញ្ហាប្រឈម​ដូចគ្នា​ទាំងនេះ ។ ពេល​កំពុង​ផ្សាយ​នៅ​ក្រុង​អេភេសូរ​អំឡុង​ដំណើរ​ទៅ​ផ្សាយ​សាសនា​ជា​លើក​ទី​បី សាវកប៉ុលបាន​សរសេរ​ទៅកាន់​ពួក​បរិសុទ្ធនៅ​ក្រុង​កូរិនថូសដើម្បី​ពង្រឹង និង​រំឭក​ពួកគេ​ឲ្យ​ពឹងផ្អែក​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់​ពី​របៀប​ដែល​កាស្ថាបនា​ជីវិត​របស់​យើង​នៅ​លើ​គ្រឹះ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាច​ជួយ​យើង​ឲ្យ​យកឈ្នះ​លើបញ្ហា​ប្រឈម​នានា​ខាង​លោកិយ​បាន ។

ការ​បន្ត​មាន​សេចក្តី​ស្មោះត្រង់​នៅក្នុង​កាលៈទេសៈ​លំបាក

សូម​ស្រមៃ​ថា មិត្ត​ជិត​ស្និទ្ធ​ម្នាក់​ដែល​រស់​នៅ​ក្នុង​ទីក្រុង​ផ្សេង​គ្នា​ផ្ញើ​សារ​មក​អ្នក​ដូច​ខាង​ក្រោម ៖

« វា​ពិតជា​លំបាក​ណាស់​ដែល​ត្រូវ​ហ៊ុមព័ទ្ធ​ដោយ​ឥទ្ធិពល​អវិជ្ជមាន​គ្រប់​ទីកន្លែង ។ មនុស្ស​ជា​ច្រើន​នៅ​ទីនេះ​មិន​កាន់​តាម​បទបញ្ញត្តិ​ទេ ហើយ​ពួកគេ​ខ្លះ​រិះគន់​សាសនាចក្រ ។ ខ្ញុំស្គាល់​បុគ្គល​ផ្សេងទៀត​ដែល​បាន​បាត់បង់​ទីបន្ទាល់​របស់​ពួកគេ​ក្នុង​ស្ថានភាពស្រដៀង​គ្នា ហើយ​ខ្ញុំ​មិន​ចង់​ឲ្យ​វា​កើតឡើង​ចំពោះ​ខ្ញុំទេ ។ តើ​មាន​ដំបូន្មានអ្វី​ទេ ? »

  • តើ​អ្នក​នឹង​និយាយ​ទៅ​កាន់​មិត្តភក្តិ​របស់​អ្នក​យ៉ាង​ដូចម្តេច ?

  • តើ​ឥទ្ធិពល​អវិជ្ជមាន និង​គ្រោះថ្នាក់​អ្វីខ្លះ​ដែល​អ្នក​បាន​កត់​សម្គាល់​ពី​កន្លែង​ដែល​អ្នក​រស់នៅ ?

  • តើ​ការ​ជះ​ឥទ្ធិពល​ទាំង​នេះ​ធ្វើ​ឲ្យ​វា​មាន​ការ​លំបាក​យ៉ាង​ណា​ខ្លះ​ក្នុង​ការ​រក្សា​ភាព​ស្មោះ​ត្រង់​នឹង​សេចក្ដី​ជំនឿ​របស់​អ្នក ?

នៅពេល​អ្នក​សិក្សា​មេរៀននេះ សូម​គិត​អំពី​ថាតើ​អ្នក​ស្មោះត្រង់​ប៉ុនណា នៅ​ពេល​ប្រឈម​មុខ​នឹង​បញ្ហា​ប្រឈម​ខាងលោកិយ ឬ​ឥទ្ធិពល​អវិជ្ជមាន ។ សូម​ស្វែងរក​ការណែនាំ​តាម​រយៈព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ដឹង​ពី​របៀប​ពង្រឹង​គ្រឹះ​របស់​អ្នកទៅលើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​រក​មើល​សេចក្ដីពិត​ដែល​អាច​ជួយ​អ្នកឲ្យ​យកឈ្នះ​លើ​បញ្ហា​ប្រឈម​របស់អ្នក ។ នៅ​ក្នុង​ដំណើរ​ទៅ​ផ្សាយ​សាសនា​ជា​លើក​ទី​ពីរ​របស់​លោក សាវក​ប៉ុល​បាន​ផ្សាយ​ដំណឹង​ល្អ​នៅ​ក្រុង​កូរិនថូស​ជិត​ពីរ​ឆ្នាំ ( សូម​មើល កិច្ចការ ១៨:១–១៨ ) ហើយ​បាន​រៀបចំ​សាខា​នៃ​សាសនាចក្រ​នៅ​ទីនោះ ។ ( ដើម្បី​ស្វែងរក​ទីតាំង​ក្រុង​កូរិនថូស សូម​មើល​ក្នុង​ផែនទី​នៃ​ព្រះគម្ពីរ​ប៊ីប​ផែនទី​ទី ១៣ « ដំណើរ​របស់​សាវក​ប៉ុល​ទៅ​ផ្សាយ​សាសនា » ) ។ កូរិនថូស​ជា​កន្លែង​ជួញដូរកម្ម​ដ៏​សម្បូរ​បែប និង​ជា​រាជធានី​របស់​សាសន៍​រ៉ូម ខេត្តអ៊ើខាយើ ។ ប្រជាជន​ជាច្រើន​នៅ​ក្រុង​កូរិនថូស​បាន​ថ្វាយបង្គំ​រូប​ព្រះ ហើយ​ជា​មនុស្ស​អសីលធម៌ ។ អ្នក​ខ្លះ​ក៏​មាន​ការ​បែក​បាក់ និង​ឈ្លោះ​ប្រកែក​គ្នា​ដែរ ។ ក្នុង​បរិយាកាស​នេះ ការ​រក្សា​ភាព​ស្មោះត្រង់​ចំពោះ​ដំណឹង​ល្អ​របស់​ព្រះអង្គ​សង្គ្រោះ​ បាន​ក្លាយ​ជា​ការ​លំបាក​សម្រាប់​សមាជិក​នៃសាសនាចក្រ​ជាច្រើន ។ នៅពេល​ប៉ុល​បាន​សរសេរ​ទៅ​ពួក​បរិសុទ្ធនៅ​ក្រុង​កូរិនថូស​ដើម្បី​ជួយ​ពួកគេ​ឲ្យ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពួកគេ លោក​បាន​ថ្លែង​អំពី​គ្រឹះ​ដែល​លោក​បាន​រៀប​សម្រាប់​ពួកគេ ។

សូមអាន កូរិនថូស ទី១ ២:១–៥ និង កូរិនថូស ទី១ ៣:១០–១១ ដោយរក​មើល​ឃ្លា​ដែល​ពិពណ៌នា​អំពី​គ្រឹះនេះ ។

  • តើ​អ្នក​គិត​ថា ការ​ស្ថាបនា​គ្រឹះ​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ​មាន​ន័យ​បែបណា ?

នៅក្នុង​ព្រះគម្ពីរ​មរមន ហេលេមិន​ក៏​បាន​ជំរុញ​កូន​ប្រុស​របស់​លោក​ឲ្យ​ស្ថាបនា​នៅលើ​គ្រឹះ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ផងដែរ ។ សូមអាន ហេលេមិន ៥:១២ ដោយ​រកមើល​ពរជ័យ​ដែល​ហេលេមិន​បានសន្យា ។

  • តើ​អ្នក​អាច​ចែកចាយ​អ្វី​ជាមួយ​មិត្ត​របស់​អ្នក​ពី​ខគម្ពីរ​ទាំងនេះ ដែល​អាច​មាន​សារៈប្រយោជន៍ ?

សេចក្តីពិតមួយ​ដែលយើងអាច​រៀនពី​ព្រះគម្ពីរ​ទាំងនេះ គឺថា នៅពេល​ដែលយើង​កសាងគ្រឹះ​នៃ​ជីវិត​របស់យើង​នៅលើ​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​យកឈ្នះលើ​ការជះ​ឥទ្ធិពល​របស់សាតាំង និង​បញ្ហា​ប្រឈម​នានា​ខាងលោកិយ​បាន ។

  • តើ​អ្នក​ដឹង ទទួល​អារម្មណ៍ ឬ​ជឿ​អ្វី​ខ្លះ​អំពី​ព្រះអង្គ​សង្គ្រោះ ដែល​ជួយ​អ្នក​ឲ្យ​ចង់​មាន​ទ្រង់​ជា​គ្រឹះ​របស់​អ្នក ?

១. សូមឆ្លើយ​ដូចតទៅ​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • សូម​គូររូប​ផ្ទះ ឬ​អគារសាមញ្ញមួយ​​ដែល​មានមូលដ្ឋាន ឬ​គ្រឹះ​ដ៏​រឹងមាំ ។ នៅជុំវិញផ្ទះ សូមសរសេរ​បញ្ហា​ប្រឈមមួយចំនួន ឬ​ឥទ្ធិពល​អវិជ្ជមានដែលអ្នក​កំពុង​ប្រឈមមុខ ។

  • នៅ​ក្នុង ឬ​ជុំវិញ​គ្រឹះនោះ សូម​សរសេរ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​ពឹង​ផ្អែក​ជីវិត​របស់​អ្នក​ទៅ​លើ​ព្រះអង្គ​សង្គ្រោះ ។

  • សូម​ឆ្លើយសំណួរខាងក្រោម ៖ តើសកម្មភាព​ទាំងនេះ​បាន​ជួយអ្នកដោយរបៀបណា ឬតើវា​អាចជួយ​អ្នក​យ៉ាងដូចម្តេច នៅពេលអ្នកប្រឈមមុខនឹងបញ្ហា​ប្រឈម ឬ​ការជះ​ឥទ្ធិពល​អវិជ្ជមាន ?

នៅក្នុងសំបុត្ររបស់ប៉ុលទៅកាន់ពួក​កូរិនថូស លោក​បាននិយាយអំពីបញ្ហាជាច្រើន ហើយបាន​បង្រៀន​ពីរបៀប​ដែលព្រះអង្គសង្គ្រោះ និងដំណឹងល្អ​របស់​ទ្រង់​មានអានុភាព ដើម្បីជួយពួក​កូរិនថូស​ឲ្យ​យកឈ្នះ​លើ​បញ្ហា​ប្រឈម​របស់ពួកគេ ( សូមមើល កូរិនថូស ទី១ ១:២៣–២៤ ) ។ សកម្មភាពខាងក្រោមផ្តោតលើបញ្ហាពីរ​ក្នុង​ចំណោម​បញ្ហា​ទាំង​នោះ ។ សូមអានជម្រើសខាងក្រោម ហើយជ្រើសរើសបញ្ហា​មួយ​ដែល​មានន័យ​បំផុត​សម្រាប់​អ្នក​ដើម្បី​សិក្សា ។

២. សូម​បំពេញ​សកម្មភាព​មួយ​ដូច​ខាង​ក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ៖

ជម្រើស ក ៖ ការបែកបាក់ និងការឈ្លោះប្រកែកគ្នា

បញ្ហា​ប្រឈម​មួយ​ដែល​ពួក​បរិសុទ្ធ​នៅ​ក្រុង​កូរិនថូស​បាន​ពុះពារគឺ​ការទាស់ទែង​គ្នា ។ ការ​បែកបាក់​គ្នា​ត្រូវបាន​បង្កើតឡើង​មួយ​ផ្នែក​ដោយសារ​ពួក​គេ​បាន​ជឿ​ថា ឋានៈ​របស់​ពួកគេ​នៅ​ក្នុង​សាសនាចក្រ​គឺ​ត្រូវ​បាន​កំណត់​ដោយ​បុគ្គល​សំខាន់​ដែល​បានធ្វើបុណ្យ​ជ្រមុជទឹក​ឲ្យ​ពួក​គេប៉ុណ្ណោះ ( សូមមើល កូរិនថូស ទី១ ១:១២ ) ។

នៅជិត​នឹង​រូប​គំនូរផ្ទះរបស់អ្នក អ្នក​ប្រហែល​ជា​ចង់​សរសេរ​នូវ​របៀប​ណា​មួយ​ក៏ដោយ​ដែល​អ្នក​ប្រឈមមុខ​នឹង​ការបែកបាក់ ឬ​ការ​ឈ្លោះប្រកែក​គ្នានៅក្នុងវួដ គ្រួសារ ឬ​សហគមន៍របស់អ្នក ។

  • តើ​មាន​ផល​វិបាក​អ្វី​ខ្លះ​នៃ​ការ​បែក​បាក់​គ្នា និង​ការទាស់​ទែង​គ្នា ?

សូមអាន កូរិនថូស ទី១ ១:១០–១៣ និង កូរិនថូស ទី១ ៣:៣–៩ ដោយ​រកមើល​ពី​របៀប​ដែល​ប៉ុល​កំពុង​ព្យាយាម​ជួយ​ប្រជាជន​ឲ្យ​ស្ថាបនា​នៅ​លើ​គ្រឹះ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

  • តើអ្នកបានឃើញអ្វីខ្លះនៅក្នុងខគម្ពីរទាំងនេះ ដែលអាច​ជួយមនុស្សឲ្យ​យកឈ្នះលើការបែកបាក់ និង​ការឈ្លោះ​ប្រកែកគ្នា ?

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា ការស្ថាបនា​ជីវិត​របស់​អ្នក​លើ​ព្រះយេស៊ូវគ្រីស្ទ​ជួយ​អ្នក​ឲ្យ​រួបរួម និង​មិន​សូវ​ទាស់ទែង​ជាមួយ​មនុស្ស​នៅ​ជុំវិញ​អ្នក ?

ជម្រើស ខ ៖ ប្រាជ្ញា​របស់​លោកិយ

មនុស្ស​ជាច្រើន​ដែល​រស់នៅ​ក្រុង​កូរិនថូស​បាន​ឲ្យ​តម្លៃទៅលើប្រាជ្ញាខាង​លោកិយ ។ សារ​លិខិតរបស់​ព្រះមែស៊ី ​ដែល​ត្រូវ​បាន​គេ​ឆ្កាង​មិន​មាន​ន័យ​ចំពោះ​​ពួកសាសន៍​យូដា និង​សាសន៍​ដទៃ​ឡើយ ។ នៅក្នុងពិភពរបស់​សាសន៍​រ៉ូម ការដាក់ទណ្ឌកម្មដែល​ជា​ការឆ្កាង​តំណាងឲ្យ​ភាពអាម៉ាស់ និងការបរាជ័យ ។ គំនិត​នៃ​ការ​រងទុក្ខ​ដោយ​ស្ម័គ្រ​ព្រះទ័យ​សម្រាប់​អ្នក​ដទៃ​គឺ​ជា « សេចក្តី​ល្ងង់ល្ងើ » ចំពោះ​សាសន៍​ក្រិក ( កូរិនថូស ទី១ ១:២៣ ) ។ សម្រាប់សាសន៍​យូដា ព្រះមែស៊ី​ដែលសុគតលើឈើឆ្កាងគឺជា « ហេតុ​នាំ​ឲ្យ​រវាត​ចិត្ត » ( កូរិនថូស ទី១ ១:២៣ ) ពីព្រោះ​ពួកគេ​រំពឹង​ថា ព្រះមែស៊ី​នឹង​យក​ឈ្នះ​សត្រូវ​របស់​ពួកគេ ។

សូមអាន កូរិនថូស ទី១ ១:១៧–២៥ ដោយ​រកមើល​ពី​របៀប​ដែល​ប៉ុល​បានឆ្លើយតប​ចំពោះ​អាកប្បកិរិយា​ទាំងនេះ ។

នៅ​ចំណុច​ណាមួយតាមរយៈ​រូប​គំនូរ​ផ្ទះ​របស់អ្នក សូម​សរសេរ​របៀប​ដែល​ប្រាជ្ញា​នៃ​ពិភពលោក​អាច​ជះឥទ្ធិពល ឬ​ប្រឈម​នឹង​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ។

  • ហេតុអ្វី​បាន​ជា​មនុស្ស​មួយ​ចំនួន​ប្រហែល​ជា​មិន​យល់ ឬ​ដឹងគុណ​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់​នៅ​សព្វថ្ងៃនេះ ?

  • តើ​ការផ្លាស់ប្ដូរ​អ្វីខ្លះ​អាច​នឹង​កើតឡើង នៅពេល​មនុស្ស​ម្នាក់​មក​ស្គាល់ ហើយ​មាន​អារម្មណ៍​ថា​ព្រះអង្គ​សង្គ្រោះ​មាន​ព្រះចេស្ដា​ពិតប្រាកដ​នៅក្នុង​ជីវិត​របស់​ពួកគេ ? ( សូមមើល កូរិនថូស ទី១ ១:២៤ ) ។

  • តើ​ការស្ថាបនា​ជីវិត​របស់​អ្នក​នៅលើ​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់​អាច​ជួយ​អ្នក​បាន​យ៉ាង​ដូចម្ដេច នៅពេល​ប្រឈមមុខ​នឹង​គំនិត​ខាង​លោកិយ​ដ៏​លំបាកៗ ?

ការកសាង​ជីវិត​របស់​យើង​នៅលើ​ព្រះយេស៊ូវគ្រីស្ទ

សូម​ចំណាយពេលពីរបីនាទី​ដើម្បីវាយតម្លៃជីវិត​ផ្ទាល់ខ្លួន​របស់អ្នក ។ តើ​អ្នក​បាន​ស្ថាបនា​គ្រឹះ​របស់​អ្នក​លើ​ព្រះយេស៊ូវ​គ្រីស្ទ​តាម​របៀប​ណា​ខ្លះ ? តើអ្នកចង់កែលម្អតាមរបៀបណាខ្លះ? តើ​ការស្ថាបនា​ជីវិត​របស់​អ្នក​ឲ្យ​កាន់តែ​ខ្លាំង​ឡើង​នៅលើ​ព្រះអង្គសង្គ្រោះ​យេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់​អាច​ជួយ​អ្នក​ឲ្យ​ប្រឈមមុខ​នឹង​បញ្ហា​ប្រឈម​ផ្ទាល់ខ្លួន និង​ឥទ្ធិពល​អវិជ្ជមាន​របស់​អ្នក​ដោយ​របៀបណា ? សូម​ពិចារណា​កត់ត្រា​គំនិត និង​គោលដៅ​របស់​អ្នក​នៅក្នុងសៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ទេ ?

ហេតុអ្វី​ខ្ញុំ​គួរតែ​ស្ថាបនា​គ្រឹះ​របស់​ខ្ញុំ​នៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ?

អែលឌើរ ឈី ហុង ( សេម) វុង នៃ​ពួក​ចិតសិប​នាក់​បាន​ប្រកាស ៖

រូបភាព
រូបថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់​អែលឌើរ ឈី ហុង ( សាំ ) វុង ។ បាន​ថត​នៅ​ខែ មីនា ឆ្នាំ ២០១៧ ។

បើ​យើង​ស្ថាបនា​គ្រឹះ​របស់​យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​មិន​អាច​រលំ​បាន​ឡើយ ។ កាល​យើង​ស៊ូទ្រាំ​ដល់​ទីបញ្ចប់​ដោយ​ភាពស្មោះត្រង់ នោះ​ព្រះ​នឹង​ជួយ​យើង​ឲ្យ​ស្ថាបនា​ជីវិត​របស់​យើង​នៅលើ​ថ្មដា​របស់​ទ្រង់ « ហើយ​ទ្វារ​នៃ​ស្ថាននរក​នឹង​មិន​ដែល​យកឈ្នះ [ យើង ] ឡើយ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០:៦៩ ) ។ យើង​ប្រហែលជា​ពុំ​អាច​ផ្លាស់ប្តូរ​អ្វី​ទាំងអស់​ដែល​នឹង​កើតឡើង​បាន​ឡើយ ប៉ុន្តែ​យើង​អាច​ជ្រើសរើស​របៀប​ដែល​យើង​រៀបចំ​ខ្លួន​សម្រាប់​អ្វី​ដែល​នឹង​កើតឡើង​នោះ ។

( ឈី ហុង [ សេម ] វុង « They Cannot Prevail; We Cannot Fall » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៩៨ )