ថ្នាក់​សិក្ខាសាលា
កូរិនថូស ទី១ ២


កូរិនថូស ទី១ ២

ការយល់ដឹង​អំពី​រឿង​ខាងវិញ្ញាណ

រូបភាព
ក្រុមថត​រូប​របស់​ប៊ី.វាយ.យូ. ស្តី្រ​ពីរនាក់​និយាយ​គ្នា ។

តើ​គំនិត​ខាង​លោកិយ​អ្វី​ខ្លះ​ដែល​នៅ​ជុំវិញ​អ្នក​ដែល​ជួនកាល​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​យល់​ដឹង​ពី​សេចក្តីពិត​នោះ ? ពួកបរិសុទ្ធ​នៅ​ក្រុង​កូរិនថូស​បាន​ច្របូកច្របល់​ដោយ​គំនិត​ខាង​លោកិយ ហើយ​សាវក​ប៉ុល​បាន​ព្យាយាម​ជួយ​ពួកគេ​ឲ្យ​ឃើញ​ពី​របៀប​ដែល​ពួកគេ​អាច​រៀន​ពី​សេចក្ដីពិត​ខាង​វិញ្ញាណ​ដ៏យូរ​អង្វែង​បាន ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​យាងអញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ជួយ​អ្នក​ឲ្យ​រៀន​អំពី​ការណ៍​ទាំងឡាយ​ខាង​វិញ្ញាណ ។

« សូម​ប្រាប់​ខ្ញុំ​ថាតើ​លោក​ដឹង ដោយ​របៀប​ណា »

ប្រធាន ប៊យដ៍ ឃេ ផាកកឺ ( ឆ្នាំ ១៩២៤–ឆ្នាំ ២០១៥ ) ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ចែក​ចាយ​ដំណើរ​រឿង​ដូច​តទៅ​នេះ ៖

រូបភាព
រូប​ថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់​អែលឌើរ ប៊យដ៍ ឃេ ផាកកឺ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ឆ្នាំ ២០០០ ។ បាន​ទទួល​មរណភាព​នៅ​ថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ ២០១៥ ។

ខ្ញុំ​បាន​ជិះ​យន្តហោះ​ជាមួយ​នឹង​អ្នក​មិន​ជឿ​លើ​ព្រះ​ម្នាក់ ដែល​បាន​បង្ហាញ​ការឥតជំនឿ​របស់​គាត់​ថា​មិន​មាន​ព្រះ ដូច្នេះ​ខ្ញុំ​ក៏​បាន​ថ្លែង​ទីបន្ទាល់​របស់​ខ្ញុំ​ទៅ​កាន់​គាត់​ភ្លាមៗ ។ ខ្ញុំ​បាន​ថ្លែង​ថា « លោក​យល់​ខុស​ហើយ » តាម​ពិត​គឺ « មាន​ព្រះ​មែន ។ ខ្ញុំ ដឹង ថា​ទ្រង់​មាន​ព្រះជន្ម​រស់ ! »

គាត់​បាន​ជំទាស់​ថា « លោក​មិន ដឹងនោះ​ទេ ។ គ្មាន​នរណា​ម្នាក់ ដឹង អំពីរឿង​នោះ​ទេ ! លោក​មិន​អាច ដឹង នោះ​ទេ ! » នៅ​ពេល​ខ្ញុំ​ឈប់​តប បុរស​ឥត​ជឿ​លើ​ព្រះ​រូប​នោះ​ដែល​ជា​មេធាវី បាន​ចោទ​សួរ​នូវ​សំណួរ​មួយ​ដ៏​ពិបាក​បំផុត​អំពី​ប្រធានបទ​ទីបន្ទាល់ ។ គាត់​បាន​និយាយ​ដោយ​ចំអក និង​មើលងាយ​ថា « អ៊ីចឹង លោក​និយាយ​ថា​លោក​ដឹង ។ សូម​ប្រាប់​ខ្ញុំ​ថាតើ​លោក​ដឹង ដោយ​របៀប​ណា » ។

( ប៊យដ៍ ឃេ ផាកកឺ « The Candle of the Lord » Ensign ខែ មករា ឆ្នាំ ១៩៨៣ ទំព័រ ៥១ )

  • តើ​អ្នក​បាន​ឃើញ​សំណួរ​បែប​នេះ​ក្នុង​ពិភពលោក​សព្វ​ថ្ងៃ​នេះ​ដោយ​របៀប​ណា ?

  • តើ​អ្នក​អាច​ឆ្លើយតប​ទៅនឹង​សំណួរ​របស់​បុរស​នោះ​ដោយ​របៀបណា ?

នៅពេល​អ្នក​សិក្សា សូម​សញ្ជឹង​គិត​ពី​របៀប​ដែល​អ្នក​យល់​ច្បាស់​ពី​របៀប​រៀន​សេចក្ដីពិត​នានាខាង​វិញ្ញាណ និង​ស្វែងរក​ការយល់ដឹង​ដែល​អាច​ជួយ​អ្នក​ឲ្យ​រៀន​បន្ថែម​ទៀត ។

ការរៀនពី​សេចក្តីពិត​ខាង​វិញ្ញាណ

ពួកបរិសុទ្ធ​នៅ​ក្រុង​កូរិនថូស​បានច្របូកច្របល់​គំនិត និង​ការអនុវត្ត​ខាង​លោកិយ ជាមួយ​នឹង​ការរស់នៅ​តាម​ដំណឹងល្អ ។ ជាលទ្ធផល ពួកគេ​បាន​ធ្វើ​ការជ្រើសរើស​មិនល្អ​ជាច្រើន ។ ប៉ុល​បាន​សរសេរ​ទៅ​ពួកគេ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​យល់​ពី​របៀប​រៀន​អំពី​រឿងខាង​វិញ្ញាណ ។

សូមអាន កូរិនថូស ទី១ ២:៩–១៤ ដោយ​ស្វែងរក​ការយល់ដឹងដែលអាចជួយយើងឲ្យ​រៀនពីសេចក្តីពិត​នានា​ខាងវិញ្ញាណ ។

សូម​កំណត់ចំណាំ​ថា « មនុស្សខាងសាច់ឈាម » នៅក្នុង ខទី ១៤ គឺជា « ជន​ណាមួយ​ដែល​ជ្រើសរើស​ដើម្បី​នៅ​ក្រោម​ឥទ្ធិពល​នៃ​តណ្ហា សេចក្ដី​ប៉ងប្រាថ្នា សេចក្ដី​ស្រេក​ឃ្លាន និង​និស្ស័យ​ខាង​សាច់ឈាម ជាជាង​នៅ​ក្រោម​ការដាស់​តឿន​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ » ( សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « មនុស្ស​ខាង​សាច់ឈាម » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ។

  • តើខ ឬឃ្លា​ណា​ដែល​អ្នក​ចាប់​អារម្មណ៍ ? តើ​អ្នកចូលចិត្ត​អ្វី​ខ្លះ​អំពី​ខ ឬ​ឃ្លា​ទាំងនោះ ?

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​អំពី​ព្រះវរបិតាសួគ៌ និង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​អ្នក​នៅក្នុង ខទី ៩ ?

  • តើ​សេចក្ដីពិត​អ្វី​ខ្លះ​ដែល​អ្នក​បាន​រកឃើញ​អំពី​របៀប​ដែល​ព្រះវរបិតាសួគ៌​បើក​សម្ដែង​ចំណេះដឹង​ដល់​បុត្រា​បុត្រី​របស់​ទ្រង់ ?

សេចក្តីពិតមួយដែលបានបង្រៀននៅក្នុងខគម្ពីរទាំងនេះ​គឺថា យើងអាចដឹង និងយល់ពីរឿងរបស់ព្រះបានតែ​តាមរយៈ​ព្រះវិញ្ញាណ​របស់ទ្រង់ប៉ុណ្ណោះ ។

ឧទាហរណ៍​ពី​របៀប​មិន​យល់​ពី​ការរៀន​​សេចក្ដីពិត​ខាងវិញ្ញាណ ដែល​អាច​ធ្វើ​ទៅ​បាន សូម​អាន​នូវ​អ្វី​ដែល​បានកើត​ឡើង​នៅពេល​ដែល​ប្រធាន ផាកកឺ បាន​ព្យាយាម​ពន្យល់​ពី​របៀប​ដែល​លោក​ដឹង​ថា​ព្រះ​មាន​ពិត​មែន ទៅកាន់​បុរស​នៅ​លើ​យន្តហោះ​ដែល​មិន​ជឿថា​មានព្រះ ៖

រូបភាព
រូប​ថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់​អែលឌើរ ប៊យដ៍ ឃេ ផាកកឺ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ឆ្នាំ ២០០០ ។ បាន​ទទួល​មរណភាព​នៅ​ថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ ២០១៥ ។

នៅ​ពេល​ខ្ញុំ​ប្រើ​ពាក្យ ព្រះវិញ្ញាណ និង សាក្សី បុរស​នោះ​បាន​តប​ថា « ខ្ញុំ​ពុំ​យល់​អ្វី​ដែល​លោក​ចង់​និយាយ​ទេ » ។ ពាក្យ ការអធិស្ឋាន ការញែកដឹង និង សេចក្តីជំនឿ ពុំ​មាន​ន័យ​អ្វី​សម្រាប់​គាត់​បន្តិច​សោះ​ឡើយ ។

( ប៊យដ៍ ឃេ ផាកកឺ « The Candle of the Lord » Ensign ខែ មករា ឆ្នាំ ១៩៨៣ ទំព័រ ៥១ )

ការរៀនសូត្រ​ដោយ​ព្រះវិញ្ញាណ

១. សូម​បង្កើតបញ្ជីនៃសេចក្តីពិតនានានៅក្នុងសៀវភៅ​កំណត់​ហេតុ​ការ​សិក្សា​របស់​អ្នក​ដូច​ដែល​បាន​ណែនាំ​ក្នុង​កថាខណ្ឌ​ខាងក្រោម ។ បន្ទាប់មក សូម​ឆ្លើយសំណួរពីរដែលមាន​នោះ ។

នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក សូម​រាយ​បញ្ជី​សេចក្ដីពិត​ខាង​វិញ្ញាណ​មួយ​ចំនួន​ដែល​អ្នក​បាន​រៀន​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សូមរាយបញ្ជីសេចក្ដីពិត​មួយចំនួនដែលអ្នកចង់ទទួលបាន​ជា​សាក្សី ។ ឧទាហរណ៍​មួយ​ចំនួន​អាច​រួម​មាន​ដូច​តទៅ ៖ ព្រះវរបិតាសួគ៌​គឺ​ពិត ហើយ​ស្រឡាញ់​ខ្ញុំ ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះអង្គសង្គ្រោះ​របស់​ខ្ញុំ ហើយ​យ៉ូសែប ស្ម៊ីធ គឺជា​ព្យាការី​របស់​ព្រះ ។

សូម​ជ្រើសរើសសេចក្ដីពិត​មួយក្នុង​ចំណោម​សេចក្ដីពិត​នានា​ដែលអ្នកបានរកឃើញ ហើយឆ្លើយដូចខាងក្រោម ៖

  • តើពិភពលោកនឹងប្រាប់អ្នកឲ្យ​រកឃើញសេចក្ដីពិត​អំពីប្រធានបទនេះដោយរបៀបណា ?

  • តើ​អ្នក​បាន​ធ្វើ​អ្វី ឬ​អ្នក​អាច​ធ្វើ​អ្វី​បាន ដើម្បី​ដឹង​ពី​សេចក្ដីពិត​នេះ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ?

ប្រសិនបើ​អ្នក​ចង់​ស្វែងយល់​បន្ថែម​អំពី​ការរៀន​សេចក្ដីពិត​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ សូម​ពិចារណា​សិក្សា​ធនធាន​មួយចំនួន​ខាងក្រោម​នេះ ៖

ការជួយ​អ្នក​ដទៃ​ឲ្យ​រៀនសូត្រ​ដោយ​ព្រះ​វិញ្ញាណ

សូមអានខាងក្រោម​នេះដើម្បីបញ្ចប់​រឿង​របស់ប្រធាន ផាកកឺ ។ នៅពេល​បុរស​នៅលើ​យន្តហោះ​បាន​បដិសេធ​ការពន្យល់​របស់​ប្រធាន ផាកកឺ នោះ​ប្រធាន ផាកកឺ បានមាន​អារម្មណ៍​​បំផុស​គំនិត​ឲ្យ​សុំ​បុរស​នោះ​​ពិពណ៌នា​អំពី​រសជាតិ​អំបិល ៖

រូបភាព
រូប​ថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់​អែលឌើរ ប៊យដ៍ ឃេ ផាកកឺ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ឆ្នាំ ២០០០ ។ បាន​ទទួល​មរណភាព​នៅ​ថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ ២០១៥ ។

ប្រាកដណាស់ បន្ទាប់​ពី​បាន​ព្យាយាម​បីបួន​ដង គាត់​មិន​អាច​ពន្យល់​បាន​នោះ​ទេ ។ លោក​ពុំ​អាច​ប្រើ​ពាក្យ​សម្ដី​ដើម្បី​ពន្យល់​នោះទេ សូម្បីតែ​បទពិសោធន៍​ដ៏​សាមញ្ញ​មួយ​នៃ​ការ​ភ្លក់​រសជាតិ​អំបិល​​ក្ដី ។ ខ្ញុំ​បាន​ថ្លែង​ទីបន្ទាល់​ដល់​គាត់​ម្ដង​ទៀត ហើយ​ពោល​ថា « ខ្ញុំ​ដឹង​ថា​មាន​ព្រះមែន ។ លោក​បាន​ចំអក​ដល់​ទីបន្ទាល់​នោះ ហើយ​ពោល​ថា ប្រសិន​បើ​ខ្ញុំ ពិតជា ដឹង​មែន នោះ​ខ្ញុំ​នឹង​អាច​ប្រាប់​លោក​ពី របៀប ដ៏​ជាក់លាក់​ដែល​ខ្ញុំ​ដឹង​ហើយ ។ សម្លាញ់អើយ ប្រសិន​បើ​និយាយ​ខាង​វិញ្ញាណ ខ្ញុំ​ធ្លាប់​ភ្លក់​អំបិល ។ ខ្ញុំ​មិន​អាច​បង្រៀន​លោកដោយ​ពាក្យ​សម្ដី​ពី​របៀប​ដែល​ចំណេះ​ដឹង​នេះ​បាន​កើត​ឡើង​លើស​ពី​អ្វី​ដែល​លោក​អាច​ប្រាប់​ខ្ញុំ​ពី​រសជាតិ​អំបិល​បាន​ឡើយ ។ ប៉ុន្តែ​ខ្ញុំ​សូម​និយាយ​ទៅ​កាន់​លោក​ថា មាន​ព្រះ​ពិត​មែន ! ទ្រង់​ពិត​ជា​មាន​ព្រះ​ជន្ម​រស់ ! ហើយ​កុំ​ដោយសារ​តែ​លោក​មិន​ដឹង នោះ​សូម​លោក​កុំ​ព្យាយាម​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​មិន​ដឹង​ឲ្យ​សោះ ព្រោះ​ខ្ញុំ​ពិត​ជា​ដឹង​មែន ! » …

ចាប់​តាំង​ពី​ថ្ងៃ​មាន​បទពិសោធន៍​នោះ​មក ខ្ញុំ​ពុំ​ដែល​ខ្មាស់​អៀន ឬ​អាម៉ាស់ ដោយសារ​ខ្ញុំ​ពុំ​អាច​ពន្យល់​ជា​ពាក្យ​សម្ដីនូវ​អ្វីៗ​ដែល​ខ្ញុំ​ដឹង​ខាង​វិញ្ញាណនោះឡើយ ។

( ប៊យដ៏ ឃេ ផាកកឺ « The Candle of the Lord » Ensign ខែ មករា ឆ្នាំ ១៩៨៣ ទំព័រ ៥២ )

២. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ៖

  • ហេតុអ្វី​បាន​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​ជា​ប្រភព​នៃ​ចំណេះដឹង​ល្អ​ជាង​ប្រាជ្ញា និង​ការ​វែកញែក​នៃ​ពិភពលោក ?

  • តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ស្វែងរក​ចំណេះដឹង​ពី​ព្រះវរបិតាសួគ៌ ?

សូមពិចារណាសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សា​របស់អ្នកនូវអ្វីដែលអ្នកចង់ធ្វើ ដើម្បីបន្តរៀនសេចក្តីពិត​ដោយ​ព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ។

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ទេ ?

តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​រៀន​រឿង​ខាង​វិញ្ញាណ ?

អែលឌើរ ប៉ុល វី ចនសុន នៃ​ពួក​ចិតសិប​នាក់​បាន​ថ្លែង ៖

រូបភាព
អែលឌើរ ផល វី ចនសុន នៃ​កូរ៉ុម​នៃ​ពួក​ចិតសិប​នាក់​បាន​ថតរូប​ផ្លូវការ​ពាក់​កណ្ដាល​ខ្លួន​នៅឆ្នាំ ២០២១ ។

ចម្លើយ​ទៅ​នឹង​សំណួរ​ខាង​វិញ្ញាណ ត្រូវ​បាន​ផ្ដល់​ដល់​បុគ្គល​ទាំងឡាយ ដែល​គ្មាន​ភាព​រឹង​ទទឹង​នៅ​ក្នុង​ដួង​ចិត្ត អ្នក​ដែល​សូម​ដោយ​សេចក្ដី​ជំនឿ ដោយ​ជឿ​ថា​ពួកគេ​នឹង​ទទួល​បាន ព្រមទាំង​អ្នក​ដែល​ព្យាយាម​គោរព​ប្រតិបត្តិ​តាម​ព្រះ​បញ្ញត្តិ​ទាំងឡាយ ។

( ប៉ុល វី ចនសុន « A Pattern for Learning Spiritual Things » [ ការចាក់ផ្សាយ​តាម​ប្រព័ន្ធ​ផ្កាយ​រណប​នៃ​ថ្នាក់​សិក្ខាសាលា និង ថ្នាក់​វិទ្យាស្ថាន​សាសនា ថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០១២ ] នៅលើ​គេហទំព័រ broadcasts.ChurchofJesusChrist.org )

តើ​របស់​ដូច​ជា​វិធីសាស្ត្រ​វិទ្យាសាស្ត្រ និង​តក្កវិជ្ជា​តែ​មួយ​មុខ​អាច​ត្រូវ​បាន​ប្រើ​ដើម្បី​ឲ្យ​យើង​យល់​ពី​សេចក្ដីពិត​នានានៃ​ដំណឹងល្អ​បាន​ដែរ​ឬទេ ?

ប្រធាន ដាល្លិន អេក អូក ក្នុង​គណៈប្រធាន​ទី​មួយ​បាន​ថ្លែង ៖

រូបភាព
រូបថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់​ប្រធាន ដាល្លិន អេក អូក ដែល​បាន​ថត​នៅ ខែ មីនា ឆ្នាំ ២០១៨ ។

នៅ​ពេល​យើង​ស្វែងរក​សេចក្ដីពិត​អំពី​សាសនា យើង​គួរតែ​ប្រើ​វិធីសាស្ត្រ​ខាង​វិញ្ញាណ​ដែល​សមរម្យ​សម្រាប់​ការស្រាវជ្រាវ​នោះ ៖ ការអធិស្ឋាន សាក្សី​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ការសិក្សា​ព្រះគម្ពីរ ព្រមទាំង​ប្រសាសន៍​របស់​ព្យាការី​សម័យ​ទំនើប ។ ខ្ញុំ​តែងតែ​ក្រៀមក្រំ នៅ​ពេល​ឮ​នរណា​ម្នាក់​ដែល​ប្រាប់​ថា គេ​បាន​បាត់បង់​សេចក្ដីជំនឿ​ខាង​សាសនា​ដោយសារតែ​ការបង្រៀន​របស់​លោកិយ ។ អ្នក​ទាំងឡាយ​ដែល​ធ្លាប់​មាន​ទស្សនៈ​ខាង​វិញ្ញាណ អាច​រងទុក្ខ​មក​ពី​ការដាក់ទោស​ខ្លួន​ឯង​ថា​មាន​ភាពងងឹត​ងងល់​ខាង​វិញ្ញាណ ។ ដូចប្រធាន ហិនរី ប៊ី អាវរិង បាន​មាន​ប្រសាសន៍​ថា « បញ្ហា​របស់​ពួកគេ​មិន​ស្ថិត​នៅ​លើអ្វី​ដែល​ពួក​គេ​គិត​ថា​ពួកគេ​អាច​ឃើញ​នោះ​ទេ វា​ស្ថិត​នៅ​លើ​អ្វី​ដែល​ពួកគេ​មិន​ទាន់ឃើញ » [ ហិនរី ប៊ី អាវរិង To Draw Closer to God: A Collection of Discourses ( ឆ្នាំ ១៩៩៧ ) ទំព័រ ១៤៣ ] ។

វិធីសាស្ត្រ​បែប​វិទ្យាសាស្ត្រ​ដឹកនាំ​យើង​ទៅ​រក​អ្វី​មួយ​ដែល​យើង​ហៅ​ថា​សេចក្ដីពិត​ខាង​វិទ្យាសាស្ត្រ ។ ប៉ុន្តែ « សេចក្តីពិត​ខាង​វិទ្យាសាស្ត្រ » ពុំ​មែន​ជា​គោលបំណង​ពេញលេញ​នៃ​ជីវិត​ទេ ។ អ្នក​ទាំងឡាយ​ដែល​ពុំ​រៀន « ដោយ​សារការសិក្សា និង​ដោយសារ​សេចក្ដី​ជំនឿ​ផង » ទេ ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១១៨ ) នោះ​នឹង​កំណត់​ព្រំដែន​នៃ​ការយល់ដឹង​របស់​ខ្លួន​អំពី​សេចក្ដីពិត​ឲ្យនៅ​ត្រឹម​តែ​អ្វី​ដែល​ពួកគេ​អាច​បញ្ជាក់​បាន​តាមរយៈ​មធ្យោបាយ​បែប​វិទ្យាសាស្ត្រ​ប៉ុណ្ណោះ ។ ការធ្វើ​ដូចនេះ​ដាក់​កម្រិត​ក្លែងបន្លំ​ទៅ​លើ​ការខិតខំ​ស្វែងរក​សេចក្ដីពិតរបស់​ពួកគេ ។

( ដាល្លិន អេក អូក « Truth and the Plan » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ២៥ )

តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ប្រាស្រ័យទាក់ទង​សេចក្ដីពិត​មក​ខ្ញុំ​ដោយ​របៀបណា ?

អែលឌើរ រីឆាដ ជី ស្កត ( ឆ្នាំ ១៩២៨–ឆ្នាំ ២០១៥ ) ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បានថ្លែង ៖

រូបភាព
រូប​ថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់​អែលឌើរ រីឆាដ ជី ស្កត ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ឆ្នាំ ២០០៤ ។ បាន​ទទួល​មរណភាព​នៅ​ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០១៥ ។

អ្នក​អាច​រៀន​អ្វី​ដែល​សំខាន់​​តាមរយៈ​អ្វីដែល​អ្នក​បាន និង​ឃើញ ហើយ​លើស​ពី​នេះ​ទៅ​ទៀតនោះ​តាមរយៈ អារម្មណ៍ របស់​អ្នក ដូចដែល​បាន​បំផុស​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ បុគ្គលជាច្រើនកំណត់ការរៀនសូត្ររបស់ពួកគេជា​ចម្បង​ទៅលើ​តែ​អ្វីដែល​ពួកគេបាន អាន ។ ចូរ​មាន​ប្រាជ្ញា​ឡើង ។ សូម​អភិវឌ្ឍជំនាញនៃការរៀនផងដែរដោយអ្វីដែលអ្នក ឃើញ និងជាពិសេសតាមរយៈអ្វីដែលព្រះវិញ្ញាណបរិសុទ្ធ​បំផុសឲ្យ​អ្នកទទួល អារម្មណ៍ ។ ដោយដឹងខ្លួន និងព្យាយាមរៀនសូត្រតាមអ្វីដែលអ្នកទទួល​អារម្មណ៍ ។ សមត្ថភាពរបស់អ្នកដើម្បីធ្វើដូច្នេះនឹងរីកធំធាត់ឡើង​តាមរយៈការអនុវត្តម្តងហើយម្តងទៀត ។ សេចក្តីជំនឿ និងការខិតខំប្រឹងប្រែងសំខាន់ៗ គឺតម្រូវឲ្យ​រៀន​តាម​អ្វី​ដែល​អ្នក​ទទួល​អារម្មណ៍​មក​ពី​ព្រះវិញ្ញាណ ។ សូម​ជំនួយបែប​នោះ​ដោយ​សេចក្ដី​ជំនឿ ។ សូម​រស់នៅដើម្បីឲ្យ​មានភាពស័ក្ដិសមចំពោះ​ការណែនាំបែបនេះ ។

( រីឆាដ ជី ស្កត « How to Learn by the Spirit » New Era ខែ កញ្ញា ឆ្នាំ ២០១៤ ទំព័រ ៤៨ )